Tag: ល្អៗ

  • គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    ចាប់ផ្ដើមពីវ័យកើតដំបូង រហូតចូលដល់បឋមវ័យ(6 ឆ្នាំដំបូង) កូនរបស់យើងនឹងមានវិវឌ្ឍនាការទាំងផ្នែករាងកាយ និងចិត្តគំនិតឆាប់រហ័សខ្លាំងណាស់ បើយើងអាចជួយបន្ថែមឱ្យកូនមានវិវឌ្ឍនាការដែលត្រឹមត្រូវ ស័ក្តិសមតាមវ័យរបស់គេបានទៀតផងនោះ នឹងរឹតតែធ្វើឱ្យកូនរបស់យើងក្លាយជាក្មេងដែលមានអាកប្បកិរិយា និងទង្វើដែលល្អ មានភាពឆ្លាតវៃខាងផ្នែកអារម្មណ៍ខ្ពស់ជាមិនខាន។

    យើងអាចជួយបន្ថែមវិវឌ្ឍនាការផ្សេងៗរបស់កូនបានតាមវិធី 4 យ៉ាងតទៅនេះ ៈ

    1 . ឱ្យកូនបានឃើញនូវអ្វីដែលល្អ

    កូនរបស់យើង(ទោះជាទើបនឹងកើតក្ដី)អាចរៀនយល់ដឹងនូវអ្វីដែលខ្លួនឯងមើលឃើញបាន។ ការមើលឃើញនេះ មានន័យរួមទាំងទង្វើមួយចំនួនរបស់ឪពុកម្ដាយ ឬអ្នកចិញ្ចឹមដែលធ្វើចំពោះកូនរបស់យើងផងដែរ ដោយទង្វើផ្សេងៗដែលក្មេងមើលឃើញនោះ គេនៅមិនទាន់អាចញែកបំបែកបានថា រឿងនោះជារឿងត្រឹមត្រូវ ឬស័ក្តិសមនោះទេ តែក្មេងនឹងជ្រួតជ្រាបនូវអ្វីដែលបានឃើញទាំងអស់ ហើយចុងក្រោយក៏នឹងក្លាយជាទង្វើរបស់កូនខ្លួនឯងតែម្ដង ដូចជា ក្មេងដែលមើលឃើញឪពុកម្ដាយចូលចិត្តច្រៀង មានអារម្មណ៍ល្អ ឬលេងតន្រ្តី នៅពេលកូនធំឡើង កូនក៏នឹងមានសេចក្ដីស្រឡាញ់ក្នុងផ្នែកតន្រ្តី មានផ្លូវចិត្តទន់ភ្លន់ ឬករណីដែលឪពុកម្ដាយ ឬអ្នកចិញ្ចឹមមិនចូលចិត្តញ៉ាំបន្លែ នៅពេលកូនធំឡើងក៏ច្រើនតែមិនញ៉ាំបន្លែដែរ។

    2 . ឱ្យកូនបានឮនូវអ្វីដែលល្អ

    ពាក្យសម្ដីល្អៗ សំឡេងពីរោះៗទន់ភ្លន់ ទារកទើបនឹងកើតក៏អាចដឹងបានដែរ ជាពិសេសក្មេងក្នុងអំឡុងបឋមវ័យ(កើតដំបូង-6ឆ្នាំ) ក្មេងនឹងតាំងចិត្តស្ដាប់ និងមានអារម្មណ៍ឆាប់ចាំបានចំពោះសំឡេងផ្សេងៗ។ បើអ្នកណាដែលធ្លាប់ចិញ្ចឹមកូន នៅពេលកូនតូចអាយុបានប្រមាណ 3 – 4 ខែនឹងបានឃើញថា ពេលដែលយើងពកូនហើយនិយាយជាមួយកូន កូននឹងធ្វើមាត់ជីបអូចៗ កែវភ្នែកនឹងសម្លឹងចំមុខឪពុក ឬម្ដាយដែលកំពុងពគេ។ គេនឹងតាំងចិត្តស្ដាប់សំឡេងផ្សេងៗដែលបន្លឺមករកគេ ដូច្នេះ សំឡេង ឬពាក្យសម្ដីផ្សេងៗដែលមិនល្អ ជាពិសេសពាក្យលាន់មាត់ ពាក្យជេរបញ្ចោរដែលច្រើនតែជាពាក្យខ្លីៗ(1 – 2 ម៉ាត់)នឹងក្លាយជាពាក្យដែលក្មេងបឋមវ័យអាចចងចាំបានយ៉ាងងាយ ដូច្នេះបើមិនចង់ឱ្យកូននិយាយស្ដីអាក្រក់ស្ដាប់ ឪពុកម្ដាយ និងអាណាព្យាបាលត្រូវតែប្រយ័ត្នប្រយែង កុំប្រើពាក្យសម្ដីណាដែលមិនល្អឱ្យក្មេងបានឮ។ កុំគិតថា កូននៅតូច នៅមិនទាន់ស្ដាប់យល់ឱ្យសោះ ព្រោះក្មេងអាចចងចាំលក្ខណៈការបញ្ចេញសំឡេងខ្លីៗទាំងនោះ និងអាចនិយាយចេញមកដោយមិនដឹងពីអត្ថន័យបាន ដែលទម្រាំឪពុកម្ដាយដឹងថា កូនរបស់ខ្លួនធ្លាប់មាត់នឹងពាក្យសម្ដីអាក្រក់ ជេរបញ្ចោរទាំងនោះ អាចនឹងពិបាកកែកុនក៏ថាបានដែរ។

    3 . ឱ្យកូនលេង និងធ្វើកិច្ចការងារល្អៗ

    ក្មេងក្នុងបឋមវ័យច្រើនតែចូលចិត្តលេងដែលជាធម្មជាតិរបស់កុមារ។ ឪពុកម្ដាយដែលយល់ដឹងពីវិវឌ្ឍនាការរបស់កូនក៏អាចនឹងរកមើលកិច្ចការងារណា ឬការលេងណាដែលស៊ីគ្នាជាមួយនឹងអំឡុងអាយុរបស់កូនបានដែរ។ ក្រៅពីនោះ ការលេងរបស់កុមារនេះនឹងក្លាយជាការរៀនយល់ដឹងដែលជំរុញប្រព័ន្ធប្រសាទទាំង 5 របស់គេបានយ៉ាងល្អ។

    4 . ផ្ដល់ការអប់រំបង្ហាត់បង្រៀនកូនតាំងពីនៅក្មេង

    ក្មេងក្នុងអំឡុងបឋមវ័យ មានភាពចង់ដឹងចង់ឃើញគ្រប់ពេលវេលា គេនឹងមានភាពក្លៀវក្លាស្វាហាប់ក្នុងការរៀនយល់ដឹងគ្រប់អ្វីៗដែលនៅជុំវិញខ្លួន ដូច្នេះការអប់រំបង្ហាត់បង្រៀនគឺជារឿងចាំបាច់ណាស់ ដោយការបង្ហាត់បង្រៀននោះគួរជាការបង្ហាត់បង្រៀនក្នុងលក្ខណៈអធិប្បាយ មិនមែនជាការបញ្ជា ឬហាមនោះទេ។ ទោះជាក្មេងក្នុងវ័យនេះនៅមិនទាន់អាចយល់នូវអ្វីដែលឪពុកម្ដាយអធិប្បាយបានទាំងអស់ក៏ដោយ តែការអធិប្បាយឱ្យកូនបានស្ដាប់តាំងពីតូច ឬបណ្ដោយឱ្យគេបានសាកល្បងធ្វើដោយខ្លួនឯង(ជាកិច្ចការងារដែលមិនបង្កគ្រោះថ្នាក់) ហើយឪពុកម្ដាយនៅចាំណែនាំចង្អុលបង្ហាញថា ហេតុអ្វីបានក្លាយជាបែបហ្នឹង នឹងថ្វើឱ្យកុមារអាចរៀនយល់ដឹង និងយល់ច្បាស់បានយ៉ាងឆាប់រហ័សជាងការបង្ហាត់បង្រៀនបែបប្រើពាក្យសម្ដីតែម្យ៉ាង ដូចជា ការបង្ហាត់កូនឱ្យចេះដុសធ្មេញ ដោយប្រើសម្ភារប្រដូច ដូចជាធ្មេញក្លែងក្លាយជាដើម។ ឱ្យកូនបានហាត់កាន់ច្រាសដុសធ្មេញដោយខ្លួនឯង និងឪពុកម្ដាយចង្អុលបង្ហាញថា ហេតុអីបានត្រូវដុសធ្មេញ ហេតុអីបានត្រូវកាន់ច្រាសដុសធ្មេញបែបហ្នឹង និងដុសរបៀបម៉េច ជាដើម៕

  • ចំណេះដឹងថ្មីៗ ល្អៗ ដែល​ស្ត្រី​ទាំងអស់​គួរ​បានដឹង មុនពេល​សម្រេចចិត្ត​មានគភ៌

    ចំណេះដឹងថ្មីៗ ល្អៗ ដែល​ស្ត្រី​ទាំងអស់​គួរ​បានដឹង មុនពេល​សម្រេចចិត្ត​មានគភ៌

    ការសម្រេចចិត្ត​មានគភ៌(យក​បុត្រ) គឺជា​រឿង​មួយ​ដែល​ស្ត្រី​ទាំងឡាយ​បានគិត​គូរ ពិចារណា ហើយថែមទាំង​បាន​ពិភាក្សា​ជាមួយ​គូជីវិត(ស្វាមី) យ៉ាង​ល្អិតល្អន់​ច្បាស់លាស់​ហើយ​ទៀតផង។ ដូច្នេះ​ខាងក្រោម​តទៅ​នេះ​គឺជា​ចំណេះដឹងល្អៗដែល​ស្ត្រី​ទាំងឡាយ​គួរតែ​បានដឹង​ទុកជា​ចំណេះដឹង ​ដើម្បី​ដំណើរ​ជីវិត​ឱ្យ​បានល្អ​ក្នុងអំឡុងពេល​តាំង​គភ៌(រយៈពេល 9ខែ) ព្រោះថា នៅពេល​ស្ត្រី​មានគភ៌​មាន​សុខភាព​ល្អ​ទាំង​កាយ និង​ចិត្ត​នោះ កូន​សម្លាញ់​ដែល​នៅក្នុង​ផ្ទៃ​ក៏​នឹងមាន​សុខ​ភាពល្អ​ដូចគ្នា​ដែរ។

    1. ស្ត្រី​ធាត់ ប៉ះពាល់​ផ្លូវចិត្ត​ទារក
    ការតាមដាន​លទ្ធផល​ថយ​ទៅក្រោយ​វិញ​នៅលើ​មនុស្ស​ចំនួន2,303នាក់​ដែលមាន​អាយុ​ជា​មធ្យម20ឆ្នាំ និង​មាន​បុរស​ជិត​ពាក់កណ្ដាល​នោះ បាន​រកឃើញថា បន្ទាប់ពី​កាត់​ឥទ្ធិពល​រឿង​អាយុ​របស់​ម្ដាយ ការសិក្សា និង​ប្រាក់ចំណូល សភាវ​ជ្រៀតជ្រែក​នៅពេល​ប្រសូត​ចេញ​ហើយការដែល​ពួកគេ​មាន​ម្ដាយ​ធាត់ ឬ​មាន​ទម្ងន់​ខ្លួន​លើសពី​កំណត់​កម្រិត​មុនពេល​តាំង​គភ៌​នោះ បាន​បង្កើន​ភាព​ប្រថុយប្រថាន​ដល់​កូន​ដែល​អាច​នឹងមាន​អាការ​គិត ឬ​ធ្វើ​អ្វី​ផ្ដេសផ្ដាស់​នៅពេល​មាន​អាយុ20ឆ្នាំ​ឡើង រហូតដល់​ទៅ54%ឯណោះ។

    យន្តការ​ដែល​នៅ​ពីក្រោយ​សម្ព័ន្ធភាព​នេះ​នៅ​មិនទាន់​ប្រាកដ​ច្បាស់​នៅឡើយ តែ​អាច​នឹង​ពាក់ព័ន្ធ​នឹង​ការដែល​ពួកគេ​មាន​ម្ដាយ​ធាត់​ ហើយ​បង្កើន​ភាព​ប្រថុយប្រថាន​ដល់​សភាវ​ជ្រៀតជ្រែក​នៅពេល​កើតជំងឺ​ពាក់ព័ន្ធ​នឹង​មេ​តា​បូ​លី​ហ្ស៊ឹ​ម និង​ម៉ូ​លី​គុល​ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​ក្លាយ​រលាកជាដើម។ ដូច្នេះហើយ​ទើប​ការត្រៀមខ្លួន​ធ្វើជា​អ្នក​ម្ដាយ ត្រូវ​ចាប់ផ្ដើម​តាំងពី​ពេលមុន​តាំង​គភ៌​ឯណោះ ហើយ​ភោជនាហារ​ក៏​រាប់​ថា​ជា​បច្ច័យ​មួយ​ដែល​នឹង​នាំ​ឆ្ពោះទៅរក​ការតាំង​គភ៌​ដែល​ទទួលបាន​ជោគជ័យ​ដែរ។

    2. តើ​អាយុ​មាន​ផលប៉ះពាល់​ដល់​ការតាំង​គភ៌​មែនឬ?
    សំណួរ : តើ​អាយុ​មាន​ផលប៉ះពាល់​ដល់​ការតាំង​គភ៌​មែនឬ? តើ​អ្វីដែល​គេ​តែង​និយាយថា បើ​មានកូន​ពេល​អាយុ​ច្រើន កូន​ប្រសូត​ចេញមក​ហើយ​អាច​នឹងមាន​សតិបញ្ញា​មិនសូវ​ល្អ(មិនសូវ​គ្រប់ទឹក) តើ​មែន​ឬទេ? ហើយ​ព្រោះ​អ្វី?
    ចម្លើយ : តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ដែល​តាំង​គភ៌​ក្រោយ​អាយុ35ឆ្នាំ​ឡើងទៅ មានឱកាស​កើត​បញ្ហា​ក្នុងការ​តាំង​គភ៌​ទាំង​លើ​ម្ដាយ និង​ទារក ច្រើនជាង​ស្ត្រី​ដែល​តាំង​គភ៌​ក្នុង​អាយុ​តិចជាង35ឆ្នាំ ហើយ​បញ្ហា​មួយទៀត​នោះ​ក៏​គឺ ភាព​រឹងប៉ឹង​មាំមួន​របស់​ទារក​ក្នុង​គភ៌ដូចជា មានឱកាស​ក្នុងការ​កើតមក​មានប​ញ្ហា​ខាងខួរក្បាល និង​រាងកាយ​បាន ដូច្នេះ​បើ​ស្ត្រី​ណា​ម្នាក់​តាំង​គភ៌​ក្រោយ​អាយុ35ឆ្នាំ​នោះ គ្រូពេទ្យ​នឹងធ្វើ​ការពិនិត្យ​ទឹកភ្លោះ ដើម្បី​វិនិច្ឆ័យ​ទារក​ក្នុង​គភ៌​ថា តើ​មាន​ភាពខុសប្រក្រតី​ខាង​ក្រូ​ម៉ូ​ហ្សូ​ម​ឬទេ?

    3. ចង់បាន​កូនភ្លោះ ប្រុស1 ស្រី1 តើ​អាចធ្វើ​បានទេ?
    សំណួរ : នាង​ខ្ញុំ​ចង់បាន​កូនភ្លោះ​បែប​ប្រុស1 ស្រី1 តើ​សម័យនេះ​អាចធ្វើ​បាន​ឬទេ?
    ចម្លើយ : ការ​មានកូន​ភ្លោះ ជាការ​តាំង​គភ៌​ដែល​មិន​ប្រក្រតី​តាម​ធម្មជាតិ ដែល​នឹងមាន​បញ្ហា​កើតឡើង​ជាច្រើន​ក្នុងអំឡុង​ការមើល​ថែទាំ​គភ៌ ដូច្នេះ​ប្រហែលជា​ពិបាក​ខ្លាំងណាស់​ដែល​នឹងមាន​លោកគ្រូ​ពេទ្យ​ណា​ម្នាក់​ធ្វើបាន​តាម​ស្តង់ដារ​ខាង​វេជ្ជសាស្ត្រ​អាច​ផ្ដល់​សេវាកម្ម​ដល់​អ្នកស្រី​បាន​តាម​តម្រូវការ​នេះ។ តែបើ​តាម​ទ្រឹស្ដី​វិញ គឺអាច​ធ្វើបាន​ដោយ​ការធ្វើ​បដិសន្ធិ​ខាងក្រៅ​រាងកាយ ដែល​គេ​ហៅថា​ទារក​បំពង់​កែវ និង​ពិនិត្យ​មើល
    ក្រូ​ម៉ូ​ហ្សូ​ម​ភេទ​ពេលដែល​នៅ​ជា​តួ​កំណើត មុននឹង​ដាក់ចូល​ទៅវិញ។ យ៉ាងណាក៏ដោយ ទោះជា​ដាក់ចូល​ទៅវិញ​មែន តែ​ប្រភេទ​ប្រុស1 ស្រី1នេះ​ក៏​មិនបាន​មានន័យថា ទាំងពីរ​នឹង​ចម្រើន​ធំធាត់ប៉ុនៗគ្នា​ដែរ អាច​នឹង​ស្វិត​មួយ ឬ​ស្វិត​ទាំងពីរ​ក៏មាន(ពិបាក​ថែទាំ) ហើយ​ថ្លៃ​ចាយវាយ​ដ៏​សែន​ថ្លៃ​កប់​ពពក​នោះ​ក៏​នឹង​ក្លាយជា​អាសា​ឥត​ការ​ទៅ​ដែរ។

    4. ផ្សែង និង​ក្លិន​បារី​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​គភ៌
    ក្នុងអំឡុងពេល​តាំង​គភ៌ ស្ត្រី​មានគភ៌​មិនគួរ​នៅ​ជិត​អ្នក​ជក់បារី​ជាដាច់ខាត ដើម្បី​ភាព​រឹងប៉ឹង​មាំមួន​របស់​ទារក​ក្នុង​ផ្ទៃ ព្រោះ​សារធាតុផ្សេងៗពី​ផ្សែង​បារី​ដែល​អ្នក​បាន​ស្រូប​ចូលទៅ​ដោយ​មិនបាន​ជក់​ដោយ​ខ្លួនឯង​នោះ មាន​ផលប៉ះពាល់​ខ្លាំង​ជាង​សេព​ដោយ​ខ្លួនឯង​ទៅទៀត ព្រោះ​វា​នឹងមាន​ផលប៉ះពាល់​ទាំង​លើ​ការ​ចម្រើន​ធំធាត់ និង​វិវឌ្ឍនាការ​របស់​ទារក​ក្នុង​គភ៌​យ៉ាងពិត​ប្រាកដ គ្រាន់តែ​ថា​តិច ឬ​ច្រើនតែ​ប៉ុណ្ណឹង​ឯង។ ក្រៅពីនេះ​នៅមាន​ការសិក្សា​ស្រាវជ្រាវ​នៅលើ​សត្វ​ពិសោធន៍​ដែល​បាន​រកឃើញថា បើសិន​ទទួលបាន​សារធាតុពុល​ពី​ផ្សែង​បារី នឹងធ្វើ​ឱ្យ​ងាយ​នឹង​កើត​សភាវ​រលូត​បុត្រ​ខ្លាំង​ឡើង មានឱកាស​ប្រសូត​បុត្រ​ដែល​មិន​សមប្រកប​មុនពេល​កំណត់ ឬ​ទារក​ក្នុង​គភ៌​អាច​នឹង​កើតមក​ពិការ​តាំងពី​កំណើត​ក៏មាន។ វិធី​ដែល​ល្អ អ្នក​គួរឱ្យ​ស្វាមី​របស់​អ្នក​ចេញទៅ​ជក់បារី​នៅ​ខាងក្រៅ​ផ្ទះ ក្នុង​កន្លែង​ដែល​ស្រឡះ និង​ហាម​ជក់បារី​នៅក្នុង​ផ្ទះ​ជាដាច់ខាត រួមទាំង​នៅក្នុង​រថយន្ត​ដែល​អ្នកជិះ​ជាមួយ​ទៀតផង។

    5. តើស្ត្រី​មានគភ៌​គេង​លក់​ស្រួល នឹងធ្វើ​ឱ្យ​ទារក​ក្នុង​គភ៌​គេង​លក់​ស្រួល​ដែរឬទេ?
    ការ​គេង​លក់​របស់​មាតា ក្រៅពី​នឹង​ជួយ​មិនឱ្យ​នឿយ​ល្វើយ​អស់កម្លាំង​ហើយ ក្នុងអំឡុងពេល​សម្រាក​គេង​លក់​នោះ​នៅ​ធ្វើឱ្យ​​ការហូរ​វិល​របស់​លោហិត​ក្នុង​រាងកាយ​ឆ្ពោះទៅរក​ស្បូន​ដំណើរការ​បានល្អ​ផងដែរ ធ្វើឱ្យ​ទារក​ក្នុង​គភ៌​បានទទួល​សារធាតុ​អាហារ និង​អុក​ស៊ី​ហែ្ស៊ន​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់​នឹង​តម្រូវការ​ក្នុងការ​ចម្រើន​ធំធាត់​ឡើង​នៅក្នុង​គភ៌។ ខណៈពេល​ជាមួយគ្នា នៅពេលដែល​ស្ត្រី​មានគភ៌​គេង​លក់​ស្រួល រាងកាយ​ក៏​នឹង​សម្រាក ផ្លូវចិត្ត​ក៏​នឹង​ធូរស្រាល​ដូចគ្នា ទារក​ពិតជា​នឹង​បានដឹង​តាំងពី​នៅក្នុង​គភ៌​អំពី​សេចក្ដីសុខ​របស់​មាតា​ដែល​កំពុង​ពពោះ ទារក​ក៏​នឹងមាន​សេចក្ដីសុខ​សប្បាយ​ទៅជា​មួយ​ដែរ ធ្វើឱ្យមាន​វិវឌ្ឍនាការ​ខួរក្បាល​ល្អ។ ដូច្នេះហើយ​ទើប​កុមារ​ដែល​កើតចេញពី​ម្ដាយ​ដែលមាន​សេចក្ដី​សុខកាយ​សប្បាយចិត្ត មិន​ធុញថប់​តានតឹង​ខឹង​ច្រើន និង​គេង​សម្រាក​បាន​គ្រប់គ្រាន់​ គឺជា​កុមារ​ដែល​ងាយស្រួល​ចិញ្ចឹម និង​មាន​សុខភាព​រឹងមាំ​ល្អ​ហ្នឹងឯង៕ (នៅមាន​ត)