Tag: រោគា

  • វិធី 7 យ៉ាងបញ្ចុះជាតិស្ករ បន្ថយរោគា

    វិធី 7 យ៉ាងបញ្ចុះជាតិស្ករ បន្ថយរោគា

    ទោះជារសជាតិផ្អែមជួយបង្កើនភាពឈ្ងុយឆ្ងាញ់ដល់ម្ហូបអាហារក៏ដោយ តែបើបរិភោគក្នុងបរិមាណច្រើននឹងធ្វើឱ្យកើតរោគធាត់ រោគបេះដូង និងរោគលើសឈាមបាន ដូច្នេះវិធីងាយបំផុត និងឃើញលទ្ធផលល្អបំផុតក្នុងការសម្រកទម្ងន់ និងថាមពលគឺកាត់បន្ថយការទទួលទានស្ករចុះបន្តិចម្តងៗ ដូចជា បន្ថយបរិមាណស្ករនៅក្នុងទឹកតែ កាហ្វេ ឬអាចប្រើស្ករសិប្បនិមិត្ត និងចៀសវាងអាហារដែលមានស្ករច្រើន ដោយវិធីដូចខាងក្រោមនេះ៖

    1. កុំភ្លេចខ្លួនជឿពាក្យឃោសនាថា វាជា “ស្ករសុខភាព” ព្រោះមិនថាជាស្ករប្រភេទណាក៏ដោយ ក៏សុទ្ធតែផ្តល់នូវថាមពលស្មើគ្នាទាំងអស់ ។
    2. ទទួលទានផ្លែឈើជំនួសនំ ឬបង្អែម ព្រោះផ្លែឈើមានវិតាមីន សារធាតុរ៉ែ និងមានកាកសរសៃដែលជួយ ឬពន្យារការបឺតជ្រាបជាតិស្ករទៅក្នុងរាងកាយ និងខាបូហាយដ្រេតដែលជាមូលហេតុរបស់រោគធាត់ និងគួរចៀសវាងញ៉ាំទឹកផ្លែឈើកំប៉ុង ព្រោះនឹងទទួលបានជាតិស្ករលើសពីតម្រូវការ ។
    3. បន្ថយ ឬកម្ចាត់ខាបូហាយដ្រេតបំប្លែង ពពួកនំប៉័ង និងនំបេឃើរីដែលនឹងប្រែក្លាយទៅជាស្ករនៅក្នុងឈាមបានលឿនប្រហាក់ប្រហែលគ្នានឹងការញ៉ាំ គ្លុយខូសដែរ ក្រៅពីនេះខាបូហាយដ្រេតដែលសល់ពីការប្រើប្រាស់នឹងត្រូវប្រមូលសន្សំជា Triglyceride ជាខ្លាញ់ដែលរាងកាយរក្សាទុកជាស្បៀង ។
    4. ប្រយ័ត្នអាហារចម្អាបគ្មានជាតិខ្លាញ់ តាមរយៈការជឿខុសៗដែលថា បើអាហារគ្មានជាតិខ្លាញ់ នឹងមិនធ្វើឱ្យធាត់ទេការពិតវិញ អាហារគ្មានជាតិខ្លាញ់ នៅមានស្ករ និងបរិមាណកាឡូរីខ្ពស់ផងដែរ ។
    5. អានស្លាកណែនាំរបស់អាហារដើម្បីរកមើលជាតិស្ករ និងជាតិខ្លាញ់មិនល្អ សម្រាប់អ្នកដែលកើតរោគទឹកនោមផ្អែម អាចប្រើប្រាស់សារធាតុផ្អែមប្រភេទផ្តល់ថាមពលតិច ដែលច្រើនមានបញ្ជាក់នៅលើស្លាកអាហារថា “គ្មានជាតិស្ករ” ឬ “Sugar free” ។
    6. ប្រយ័ត្នការប្រើសារធាតុផ្តល់ជាតិផ្អែមសិប្បនិមិត្ត ឬសារធាតុជំនួសភាពផ្អែមច្រើនលើសកំណត់ ព្រោះអាចធ្វើឱ្យរាងកាយកើតមានភាពចង់ញ៉ាំស្ករ ឬខាបូហាយដ្រេតកាន់តែខ្លាំងឡើង ។
    7. គណនាបរិមាណជាតិស្ករដោយអានព័ត៌មានភោជនាហារដែលបង្ហាញពីបរិមាណជាតិស្ករទាំងអស់ជាក្រាម រួចចែកជា 4 នឹងបានស្មើនឹងចំនួនជាតិស្ករដែលយើងញ៉ាំចូលទៅជារង្វាស់ស្លាបព្រាកាហ្វេ៕

  • ត្រៀមខ្លួនបន្តិចមុននឹងមានគភ៌…

    ត្រៀមខ្លួនបន្តិចមុននឹងមានគភ៌…

    ការរៀបចំផែនការគ្រួសារ គឺការត្រៀមខ្លួនទាំងស្វាមី និងភរិយាក្នុងការរស់នៅជាជីវិតគូជាមួយគ្នា ដោយសារតែទាំងពីរខាងមកពីក្រុមគ្រួសារដែលផ្សេងពីគ្នា ការរស់នៅផ្ទាល់ខ្លួនក៏ច្បាស់ជាមិនដូចគ្នាដែរ ទោះជាស្រឡាញ់គ្នាក្នុងអំឡុងពេលជាគូស្នេហ៍ខ្លាំងប៉ុនណាក៏ដោយ តែនៅពេលដែលអ្នកទាំងពីរត្រូវមករស់នៅរួមគ្នាស្ទើរតែពេញ 24ម៉ោងនោះ ធ្វើឱ្យទាំងពីរនាក់ត្រូវតែមានការសម្របសម្រួលខ្លួន និងរៀបផែនការជីវិតរួមគ្នា។ ក្រៅពីនោះ បើគូស្វាមីភរិយាណាចង់បានបុត្រភ្លាមៗក្រោយពេលរៀបការហើយ ការរៀបផែនការគ្រួសាររឹតតែមានភាពចាំបាច់ និងមានភាពសំខាន់ខ្លាំងទៅទៀត និងបើសិនជាគូស្នេហ៍ណាដែលមិនទាន់ត្រៀមខ្លួនក្នុងការមានបុត្រ ការរៀបផែនការគ្រួសារ ក៏អាចរាប់បានថា ជាបច្ច័យសំខាន់បំផុតក្នុងការធ្វើឱ្យការគ្រងជីវិតគូអាចរស់នៅរួមគ្នាយ៉ាងមានសេចក្ដីសុខយូរអង្វែងបានដែរ។ ថ្ងៃនេះអ្នកគ្រូ ឆវី នឹងមកណែនាំពីការរៀបចំផែនការគ្រួសារលើផ្នែកការមានបុត្រថា តើមានភាពសំខាន់យ៉ាងណាខ្លះ ដូចខាងក្រោម…។

    ការមានបុត្រនៅពេលដែលអ្វីៗត្រូវបានរៀបចំហើយនោះ អាចរាប់បានថា ជាការត្រៀមខ្លួនដ៏ល្អរបស់គ្រួសារ។ ការត្រៀមខ្លួនរៀបផែនការក្នុងការមានបុត្រ ត្រូវប្រកបដោយ 2ចំណុចធំៗ ៈ

    1 . ភាពត្រៀមរួចជាស្រេចលើផ្នែករាងកាយរបស់ឪពុកម្ដាយ

    សុខភាពគួរតែរឹងមាំទាំងពីរនាក់។ ទាំងឪពុក និងម្ដាយគួរត្រៀមរាងកាយឱ្យព្រមជាស្រេច ក្រៅពីនោះ គួរតែបានទទួលការពិនិត្យឈាមថា មិនមានកើតជំងឺ ឬរោគាអ្វីដែលអាចនឹងហុចផលប៉ះពាល់បន្តទៅដល់កូន។ បើអ្នកណាម្នាក់មានជំងឺ ឬរោគអ្វីមួយ គួរតែប្រឹក្សាគ្រូពេទ្យមុននឹងសម្រេចចិត្តមានបុត្រ ដើម្បីឱ្យកូនកើតមកមិនចាំបាច់ឈឺថ្កាត់ព្រោះតែឆ្លងរោគពីឪពុកម្ដាយ។ រោគដែលឪពុកម្ដាយសម័យថ្មីគួរតែត្រូវបានពិនិត្យមុនពេលចង់បានបុត្រនោះគឺ រោគលោហិត ប្រភេទ ថាឡាស់សេមៀរ( Thalassemia ជារោគខាងលោហិតដែលឆ្លងបន្តតាមពូជកំណើត) រួមទាំងជំងឺឆ្លងខាងផ្លូវភេទផ្សេងៗទៀត។

    ក្រៅពីនោះស្រ្តីមានគភ៌គួរតែបានទទួលទានវីតាមីន ហ្វូលេត ឱ្យបានគ្រប់គ្រាន់ ព្រោះហ្វូលេតមានចំណែកជួយក្នុងការសាងផ្នែកប្រព័ន្ធប្រសាទរបស់កូន។ បើខ្វះហ្វូលេត ឱកាសដែលកូននឹងកើតមកពិការមានខ្ពស់គួរឱ្យពិចារណា។ ស្រ្តីជាភរិយាថ្មីថ្មោងដែលត្រៀមខ្លួនមានគភ៌ គួរតែទទួលទានហ្វូលេតឱ្យបានគ្រប់គ្រាន់មុនពេលតាំងគភ៌ ដោយអាចទទួលបានពីការញ៉ាំបន្លែស្លឹកបៃតង ដូចជា ខាត់ណា ប្រូខូលី រួមទាំងថ្លើមសត្វផងដែរ។ បើមិនប្រាកដក្នុងចិត្តថា នឹងបានទទួលហ្វូលេតគ្រប់ ឬយ៉ាងណានោះ គួរតែប្រឹក្សាជាមួយគ្រូពេទ្យជាមុន។

    2 .ភាពត្រៀមរួចជាស្រេចលើផ្នែកហិរញ្ញវត្ថុ និងពេលវេលា

    ការមានបុត្រ 1នាក់ ត្រូវចំណាយប្រាក់ និងពេលវេលាច្រើនឡើងក្នុងការមើលថែទាំ ទម្រាំនឹងកូនធំធាត់ឡើងរហូតអាចពឹងពាក់លើខ្លួនឯងបាន។ ការចាយវាយតាំងពីចាប់ផ្ដើមតាំងគភ៌ រហូតដល់ក្រោយប្រសូត ទាំងថ្លៃអាហារការហូបចុក សម្លៀកបំពាក់ វត្ថប្រើប្រាស់ រួមទាំងប្រាក់បម្រុងបន្ទាន់ដែលត្រូវត្រៀមទុកក្នុងករណីឈឺថ្កាត់ផង។ អ្វីទាំងអស់នេះសូមឱ្យលោកឪពុកអ្នកម្ដាយថ្មោងថ្មីត្រូវគិត និងត្រៀមឱ្យរួចជាស្រេច ក្រៅពីនោះ រឿងពេលវេលាដែលយើងអាចនឹងលះបង់ដល់កូនក្នុងការមើលថែទាំក៏ជារឿងមួយសំខាន់ខ្លាំងដែរ។ កំលោះ-ក្រមុំជាច្រើនគូមិនបានត្រៀមខ្លួនទុកជាមុន ដល់ពេលមានបុត្រ ក៏គ្មានពេលវេលាក្នុងការចិញ្ចឹមថែទាំ បណ្ដោយឱ្យក្លាយជាបន្ទុករបស់សាច់ញាតិ ឬមេដោះមកចិញ្ចឹមមើលថែជំនួស។ រឿងទាំងអស់នេះនឹងធ្វើឱ្យកូនកើតមកមិនបានទទួលសេចក្ដីស្រឡាញ់ និងភាពកក់ក្ដៅពីឪពុកម្ដាយតាមដែលគួរបានទទួល រួមទាំងការអភិវឌ្ឍផ្សេងៗដែលគួរតែបានទទួលការជំរុញអំពីឪពុកម្ដាយផ្ទាល់ផងនោះ នឹងធ្វើឱ្យក្មេងមានវិវឌ្ឍនាការយឺតយ៉ាវ និងមានសុខភាពផ្លូវចិត្តដែលយ៉ាប់យ៉ឺនជាងក្មេងដែលក្រុមគ្រួសារមានពេលវេលាឱ្យគ្នាទៅវិញទៅមក។

    ចំណែកឯវិធីការមើលថែទាំកូនពេលនៅក្នុងផ្ទៃ ឬក្រោយពេលប្រសូត ឪពុកម្ដាយអាចសិក្សារៀនសូត្រជាបណ្ដើរៗក្នុងអំឡុងពេលដែលភរិយាចាប់ផ្ដើមតាំងគភ៌បាន។ “បើគូស្វាមីភរិយាណាមានការត្រៀមខ្លួន និងរៀបចំផែនការគ្រួសារយ៉ាងល្អក្នុងរឿងទាំង 2ចំណុចខាងលើនោះហើយ ភាគច្រើននៅពេលកូនកើតមក បញ្ហាផ្សេងៗច្រើនតែអាចដោះស្រាយបានយ៉ាងងាយ”៕