Tag: រាងកាយ

  • ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

    ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

    អាការឈឺថ្កាត់បន្តិចបន្តួចសម្រាប់នារីៗទូទៅ ជារឿងដែលមិនមានគ្រោះថ្នាក់ ឬគួរឱ្យខ្លាចអ្វីនោះទេ គឺអាចមើលថែទាំខ្លួនឯងឱ្យជាឡើងវិញបានដោយការញ៉ាំថ្នាំបែបមិនចាំបាច់ពឹងគ្រូពេទ្យក៏បាន តែបើជានារីៗដែលកំពុងស្ថិតក្នុងអំឡុងពេលតាំងគភ៌ ហើយកើតមានអាការឈឺថ្កាត់ឡើងនោះ ការមើលថែទាំខ្លួននឹងត្រូវយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ខ្លាំងជាងមនុស្សទូទៅច្រើនណាស់។

    ព្រោះកូនតូចនៅក្នុងគភ៌កំពុងស្ថិតក្នុងអំឡុងពេលដែលប្រព័ន្ធការពារជំងឺមិនទាន់ជារឹងមាំប៉ុន្មានឡើយ ខ្លាចក្រែងថា ទារកក្នុងផ្ទៃនឹងមិនពេញលក្ខណៈ មានវិវឌ្ឍនាការចម្រើនធំធាត់មិនបានល្អ ដោយសារតែស្រ្តីមានគភ៌មានឱកាសឈឺថ្កាត់បានដោយងាយ។

    អាការឈឺថ្កាត់ ឬគ្រុនក្ដៅផ្សេងៗដែលកើតឡើង មិនគួរទិញថ្នាំយកមកញ៉ាំដោយខ្លួនឯងនោះទេ តែគួរតែទៅជួបលោកគ្រូពេទ្យដើម្បីព្យាបាលអាការឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកូនតូចមានសុវត្ថិភាព និងព្យាបាលអាការជំងឺបានយ៉ាងចំចំណុចបំផុត។

    ការមើលថែទាំខ្លួនពេលស្រ្តីមានគភ៌កើតជំងឺគ្រុនក្ដៅ

    កម្រិតនៃប្រព័ន្ធការពារជំងឺក្នុងអំឡុងពេលតាំងគភ៌ធ្លាក់ចុះទាប រហូតធ្វើឱ្យកើតអាការងាយនឹងឈឺថ្កាត់។ មេរោគបាក់តេរីនៅក្នុងខ្យល់អាកាសដែលមើលមិនឃើញចូលមកប៉ះពាល់រាងកាយរហូតធ្វើឱ្យកើតអាការមិនស្រួលខ្លួន និងក្លាយជាជំងឺគ្រុនក្ដៅនៅទីបំផុត។ នៅពេលឈឺថ្កាត់ហើយ អាការនឹងធ្ងន់ធ្ងរ និងប្រើរយៈពេលយូរក្នុងការព្យាបាលច្រើនជាងប្រក្រតី។ ការព្យាបាលដោយថ្នាំដែលទិញដោយខ្លួនឯង ឡារ៉ែនសូមណែនាំថា ស្រ្តីមានគភ៌គួរចៀសវាងយ៉ាងដាច់ខាត ព្រោះអាចប្រថុយប្រថាននឹងផលបន្ទាប់បន្សំពីថ្នាំដែលអាចនឹងចូលទៅប៉ះពាល់ដល់កូនតូចនៅក្នុងគភ៌។ បើស្រ្តីមានគភ៌គ្រុនក្ដៅខ្លួនខ្លាំង អាចនឹងត្រូវរកឃើញទៀតថា មានផលប៉ះពាល់ធ្វើឱ្យបេះដូងរបស់ទារកក្នុងគភ៌លោតញាប់ខ្លាំងឡើង ហុចផលប៉ះពាល់ដល់កម្មវិធីនៃការចម្រើនធំធាត់របស់ទារក បើមិនប្រញាប់ធ្វើការរក្សាព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។

    ការព្យាបាលអាការគ្រុនក្ដៅខ្លួន ស្រ្តីមានផ្ទៃពោះគួរមើលថែទាំខ្លួនឯង បញ្ចុះកម្ដៅមិនឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ដោយការជូតខ្លួនដោយជ្រើសរើសប្រើទឹកក្នុងសីតុណ្ហភាពធម្មតា ដោយធ្វើការជូតបញ្រ្ចាសរន្ធរោមឡើងមកលើ ដើម្បីឱ្យរាងកាយបន្្ថយកម្ដៅបានច្រើនបំផុត។ ចំណែកការថ្នាំលេបវិញ ចូរប្រឹក្សាជាមួយគ្រូពេទ្យជំនាញដែលស្រ្តីមានគភ៌ទៅពិនិត្យផ្ទៃពោះនោះឯង។

    ការមើលថែទាំខ្លួន ពេលស្រ្តីមានផ្ទៃពោះកើតអាការរាករូស

    អាការរាករូសដែលប្រទះឃើញញឹកញាប់នៅលើស្រ្តីមានផ្ទៃពោះ អាចបែងចែកជា 2 ក្រុមធំគឺ រាករូសដែលបណ្ដាលមកពីមេរោគបាក់តេរី និងមិនបានបណ្ដាលមកពីការឆ្លងមេរោគ។ ការរក្សាព្យាបាលគួរការពាររាងកាយកុំឱ្យកើតសភាវខ្វះជាតិទឹក។ គោលការណ៍គឺ រឹតតែរាងកាយបាត់បង់ជាតិទឹកច្រើនប៉ុន្មាន ចូរបន្ថែមជំនួសដោយជាតិទឹកច្រើនឡើងប៉ុននោះដែរ អាចនឹងតាមរយៈការញ៉ាំទឹកអំបិលរ៉ែ ឬទឹកស្អាតធម្មតា ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅ។ ក្នុងសភាវរាករូស ពោះវៀនថែមទាំងមានអាការហើមទៀតផង ដូច្នេះគួរថែទាំខ្លួនឯងដោយការជ្រើសរើសញ៉ាំអាហារណាដែលងាយស្រួលរំលាយ និងមានប្រយោជន៍ ដូចជា បបរស បបរសាច់ត្រី និងសង្កត់ធ្ងន់លើអាហារប្រភេទស្ងោរ ចំហុយដែលរសជាតិមិនប្រៃខ្លាំង ហិរខ្លាំង ឬផ្អែមខ្លាំង យកបែបសាបៗជាចម្បង ដើម្បីឱ្យរាងកាយបានសម្របសម្រួលខ្លួនសន្សឹមៗ កូនក្នុងផ្ទៃនឹងមានសុវត្ថិភាព ថែមទាំងបានទទួលសារធាតុអាហារដែលមានប្រយោជន៍យ៉ាងពេញលេញទៀតផង។

    ក្រៅពីនេះ នៅមានអាការរោគផ្សេងៗទៀតដែលប្រទះឃើញនៅលើស្រ្តីមានគភ៌ ច្រើនតែជាអាការដែលជួបប្រទះទូទៅ ដោយសារតែប្រព័ន្ធប្រែប្រួលរបស់រាងកាយដែលខុសពីប្រក្រតី។ ការទទួលទានអាហារដែលមានប្រយោជន៍ ឧស្សាហ៍មើលថែទាំសុខភាពខ្លួនឯងមិនឱ្យប្រឈមនឹងគ្រោះថ្នាក់ដែលបណ្ដាលមកពីថ្នាំនឹងហុចផលឱ្យវិវឌ្ឍនាការរបស់ទារកក្នុងគភ៌រឹងប៉ឹងធំធាត់ឡើងតាមប្រក្រតី៕

  • គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    ចាប់ផ្ដើមពីវ័យកើតដំបូង រហូតចូលដល់បឋមវ័យ(6 ឆ្នាំដំបូង) កូនរបស់យើងនឹងមានវិវឌ្ឍនាការទាំងផ្នែករាងកាយ និងចិត្តគំនិតឆាប់រហ័សខ្លាំងណាស់ បើយើងអាចជួយបន្ថែមឱ្យកូនមានវិវឌ្ឍនាការដែលត្រឹមត្រូវ ស័ក្តិសមតាមវ័យរបស់គេបានទៀតផងនោះ នឹងរឹតតែធ្វើឱ្យកូនរបស់យើងក្លាយជាក្មេងដែលមានអាកប្បកិរិយា និងទង្វើដែលល្អ មានភាពឆ្លាតវៃខាងផ្នែកអារម្មណ៍ខ្ពស់ជាមិនខាន។

    យើងអាចជួយបន្ថែមវិវឌ្ឍនាការផ្សេងៗរបស់កូនបានតាមវិធី 4 យ៉ាងតទៅនេះ ៈ

    1 . ឱ្យកូនបានឃើញនូវអ្វីដែលល្អ

    កូនរបស់យើង(ទោះជាទើបនឹងកើតក្ដី)អាចរៀនយល់ដឹងនូវអ្វីដែលខ្លួនឯងមើលឃើញបាន។ ការមើលឃើញនេះ មានន័យរួមទាំងទង្វើមួយចំនួនរបស់ឪពុកម្ដាយ ឬអ្នកចិញ្ចឹមដែលធ្វើចំពោះកូនរបស់យើងផងដែរ ដោយទង្វើផ្សេងៗដែលក្មេងមើលឃើញនោះ គេនៅមិនទាន់អាចញែកបំបែកបានថា រឿងនោះជារឿងត្រឹមត្រូវ ឬស័ក្តិសមនោះទេ តែក្មេងនឹងជ្រួតជ្រាបនូវអ្វីដែលបានឃើញទាំងអស់ ហើយចុងក្រោយក៏នឹងក្លាយជាទង្វើរបស់កូនខ្លួនឯងតែម្ដង ដូចជា ក្មេងដែលមើលឃើញឪពុកម្ដាយចូលចិត្តច្រៀង មានអារម្មណ៍ល្អ ឬលេងតន្រ្តី នៅពេលកូនធំឡើង កូនក៏នឹងមានសេចក្ដីស្រឡាញ់ក្នុងផ្នែកតន្រ្តី មានផ្លូវចិត្តទន់ភ្លន់ ឬករណីដែលឪពុកម្ដាយ ឬអ្នកចិញ្ចឹមមិនចូលចិត្តញ៉ាំបន្លែ នៅពេលកូនធំឡើងក៏ច្រើនតែមិនញ៉ាំបន្លែដែរ។

    2 . ឱ្យកូនបានឮនូវអ្វីដែលល្អ

    ពាក្យសម្ដីល្អៗ សំឡេងពីរោះៗទន់ភ្លន់ ទារកទើបនឹងកើតក៏អាចដឹងបានដែរ ជាពិសេសក្មេងក្នុងអំឡុងបឋមវ័យ(កើតដំបូង-6ឆ្នាំ) ក្មេងនឹងតាំងចិត្តស្ដាប់ និងមានអារម្មណ៍ឆាប់ចាំបានចំពោះសំឡេងផ្សេងៗ។ បើអ្នកណាដែលធ្លាប់ចិញ្ចឹមកូន នៅពេលកូនតូចអាយុបានប្រមាណ 3 – 4 ខែនឹងបានឃើញថា ពេលដែលយើងពកូនហើយនិយាយជាមួយកូន កូននឹងធ្វើមាត់ជីបអូចៗ កែវភ្នែកនឹងសម្លឹងចំមុខឪពុក ឬម្ដាយដែលកំពុងពគេ។ គេនឹងតាំងចិត្តស្ដាប់សំឡេងផ្សេងៗដែលបន្លឺមករកគេ ដូច្នេះ សំឡេង ឬពាក្យសម្ដីផ្សេងៗដែលមិនល្អ ជាពិសេសពាក្យលាន់មាត់ ពាក្យជេរបញ្ចោរដែលច្រើនតែជាពាក្យខ្លីៗ(1 – 2 ម៉ាត់)នឹងក្លាយជាពាក្យដែលក្មេងបឋមវ័យអាចចងចាំបានយ៉ាងងាយ ដូច្នេះបើមិនចង់ឱ្យកូននិយាយស្ដីអាក្រក់ស្ដាប់ ឪពុកម្ដាយ និងអាណាព្យាបាលត្រូវតែប្រយ័ត្នប្រយែង កុំប្រើពាក្យសម្ដីណាដែលមិនល្អឱ្យក្មេងបានឮ។ កុំគិតថា កូននៅតូច នៅមិនទាន់ស្ដាប់យល់ឱ្យសោះ ព្រោះក្មេងអាចចងចាំលក្ខណៈការបញ្ចេញសំឡេងខ្លីៗទាំងនោះ និងអាចនិយាយចេញមកដោយមិនដឹងពីអត្ថន័យបាន ដែលទម្រាំឪពុកម្ដាយដឹងថា កូនរបស់ខ្លួនធ្លាប់មាត់នឹងពាក្យសម្ដីអាក្រក់ ជេរបញ្ចោរទាំងនោះ អាចនឹងពិបាកកែកុនក៏ថាបានដែរ។

    3 . ឱ្យកូនលេង និងធ្វើកិច្ចការងារល្អៗ

    ក្មេងក្នុងបឋមវ័យច្រើនតែចូលចិត្តលេងដែលជាធម្មជាតិរបស់កុមារ។ ឪពុកម្ដាយដែលយល់ដឹងពីវិវឌ្ឍនាការរបស់កូនក៏អាចនឹងរកមើលកិច្ចការងារណា ឬការលេងណាដែលស៊ីគ្នាជាមួយនឹងអំឡុងអាយុរបស់កូនបានដែរ។ ក្រៅពីនោះ ការលេងរបស់កុមារនេះនឹងក្លាយជាការរៀនយល់ដឹងដែលជំរុញប្រព័ន្ធប្រសាទទាំង 5 របស់គេបានយ៉ាងល្អ។

    4 . ផ្ដល់ការអប់រំបង្ហាត់បង្រៀនកូនតាំងពីនៅក្មេង

    ក្មេងក្នុងអំឡុងបឋមវ័យ មានភាពចង់ដឹងចង់ឃើញគ្រប់ពេលវេលា គេនឹងមានភាពក្លៀវក្លាស្វាហាប់ក្នុងការរៀនយល់ដឹងគ្រប់អ្វីៗដែលនៅជុំវិញខ្លួន ដូច្នេះការអប់រំបង្ហាត់បង្រៀនគឺជារឿងចាំបាច់ណាស់ ដោយការបង្ហាត់បង្រៀននោះគួរជាការបង្ហាត់បង្រៀនក្នុងលក្ខណៈអធិប្បាយ មិនមែនជាការបញ្ជា ឬហាមនោះទេ។ ទោះជាក្មេងក្នុងវ័យនេះនៅមិនទាន់អាចយល់នូវអ្វីដែលឪពុកម្ដាយអធិប្បាយបានទាំងអស់ក៏ដោយ តែការអធិប្បាយឱ្យកូនបានស្ដាប់តាំងពីតូច ឬបណ្ដោយឱ្យគេបានសាកល្បងធ្វើដោយខ្លួនឯង(ជាកិច្ចការងារដែលមិនបង្កគ្រោះថ្នាក់) ហើយឪពុកម្ដាយនៅចាំណែនាំចង្អុលបង្ហាញថា ហេតុអ្វីបានក្លាយជាបែបហ្នឹង នឹងថ្វើឱ្យកុមារអាចរៀនយល់ដឹង និងយល់ច្បាស់បានយ៉ាងឆាប់រហ័សជាងការបង្ហាត់បង្រៀនបែបប្រើពាក្យសម្ដីតែម្យ៉ាង ដូចជា ការបង្ហាត់កូនឱ្យចេះដុសធ្មេញ ដោយប្រើសម្ភារប្រដូច ដូចជាធ្មេញក្លែងក្លាយជាដើម។ ឱ្យកូនបានហាត់កាន់ច្រាសដុសធ្មេញដោយខ្លួនឯង និងឪពុកម្ដាយចង្អុលបង្ហាញថា ហេតុអីបានត្រូវដុសធ្មេញ ហេតុអីបានត្រូវកាន់ច្រាសដុសធ្មេញបែបហ្នឹង និងដុសរបៀបម៉េច ជាដើម៕

  • ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    គ្រួសារជាច្រើន(ជាពិសេសគ្រួសារខ្មែរកាត់ចិន)ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើងក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ។

    1 . ឱបកូនតាំងពីវិនាទីដំបូងដែលគេបើកភ្នែកមើលពិភពលោក

    ចាប់តាំងពីកូនតូចប្រសូតចេញមកបើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរយ៉ាងធំធេងរវាងពិភពដែលគេរស់នៅមក 9 ខែ(នៅក្នុងផ្ទៃម្ដាយ)ជាមួយនឹងពិភពខាងក្រៅដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយជាហេតុផលថា ហេតុអីបានជាទារកដែលកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញនៅពេលបានទទួលភាពកក់ក្ដៅ និងការឱបបីពអំពីអ្នកម្ដាយនោះ។

    ការឱបកូន និងប៉ះពាល់កូនតាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូនគឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅសប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខណៈពេលប្រសូតរួច។

    2 . ការឱបកូនក្នុងអំឡុង 6 ខែដំបូង

    ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័នភាពរវាងកូនជាមួយឪពុកម្ដាយនឹងចាប់ផ្ដើមវេញត្បាញចូលគ្នាច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មីជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះគឺជារឿងដែលកើតឡើងតាមធម្មជាតិ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អតាំងពីពេលកើតមកដំបូង នឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូននៅពេលដែលគេធំឡើង។

    ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ដែលល្អជាមួយអ្នកម្ដាយតាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេនឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។

    ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាមរហូតដល់ 6 ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ មួយថ្ងៃច្រើនៗដងតាមរយៈការបំបៅដោះកូន។ ចូរចងចាំទុកជានិច្ចថា គ្រប់ពេលដែលកូនតូចកំពុងបឺតជញ្ជក់ទឹកដោះចេញពីដើមទ្រូងរបស់អ្នក បើអ្នកនិយាយ និងប៉ះពាល់ខ្លួនប្រាណគេ វានឹងបង្ហាញឱ្យដឹងថា អ្នកស្រឡាញ់គេខ្លាំងប៉ុនណា។ ទារកតូចនឹងបានដឹង និងជ្រួតជ្រាបពីអ្វីទាំងអស់នោះ ហើយខ្សែសម្ព័ន្ធភាពរបស់ម្ដាយ និងកូននឹងរឹតណែនទ្វេឡើង និងហុចផលឱ្យវិវឌ្ឍនាការផ្នែកអារម្មណ៍របស់កូនរឹតតែល្អខ្លាំងឡើងទៀតផង។

    3 . ការឱបកូនក្នុងអំឡុងវ័យ 7 ខែរហូតដល់ 1 ខួបកន្លះ

    ក្នុងអំឡុងពេលដែលកូនអាយុ 7 ខែឡើងទៅ អ្វីគ្រប់យ៉ាងជុំវិញខ្លួនរបស់គេនឹងក្លាយជាកត្តាជំរុញចំណាប់អារម្មណ៍របស់គេបានយ៉ាងល្អ។ កូននឹងព្យាយាមស្រវាចាប់កាន់នេះ ចាប់កាន់នោះគ្រប់យ៉ាងដើម្បីរៀនយល់ដឹងដោយខ្លួនឯង និងប្រាកដណាស់ គេនឹងចាប់ផ្ដើមលេង ញញឹម សើចជាមួយលោកឪពុកអ្នកម្ដាយច្រើនឡើង រឹតតែដល់វ័យដែលគេចាប់ផ្ដើមចេះអង្គុយ ក្រោកឡើងដើរផងនោះ គ្រប់ជំហាននៃវិវឌ្ឍនាការរបស់គេ បើលោកឪពុកអ្នកម្ដាយស្ថិតនៅក្បែរៗគេ ឱបរឹតកូនយ៉ាងជាប់លាប់ ផ្ដល់កម្លាំងចិត្ត និងកោតសរសើរលើភាពចម្រើនទៅមុខរបស់ការរៀនយល់ដឹងរបស់កូនផងនោះ កូននឹងធំធាត់ឡើងក្លាយជាកុមារដែលមានភាពជឿជាក់ក្នុងចិត្ត និងសម្លឹងពិភពលោកក្នុងន័យល្អ ជាក្មេងដែលមានសភាវអារម្មណ៍ដ៏ល្អ។

    ក្មេងដែលបានទទួលការឱបរឹត បានទទួលការស្រឡាញ់យ៉ាងជាប់លាប់ នឹងមានវិវឌ្ឍនាការខាងផ្នែករាងកាយ និងសភាវខាងអារម្មណ៍ល្អប្រសើរជាងក្មេងដេលត្រូវបានចិញ្ចឹមមើលថែដោយអ្នកដទៃ(ដូចជាមេដោះ)ដែលជាញឹកញាប់គេមើលឃើញថា ក្មេងដែលចិញ្ចឹមដោយអ្នកដទៃដែលមិនមែនជាឪពុកម្ដាយច្រើនតែមានសភាវខាងអារម្មណ៍មិនសូវជាល្អប្រសើរប៉ុន្មានឡើយ។

    4 . ការឱបកូនក្រោយអាយុ 1 ឆ្នាំកន្លះ – 3ឆ្នាំ

    បើអ្នកមានទម្លាប់ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីពេលកើតដំបូងមក នៅពេលកូនចូលមកដល់វ័យនេះ គេក៏នៅតែចង់ឱ្យអ្នកឱបរឹត ចង់ឱ្យអ្នកថើបគេដដែល តែបើសិនជាគ្រប់ពេលរហូតមកអ្នកស្ទើរតែមិនដែលធ្លាប់ឱបរឹតគេ មិនដែលថើបគេ ហើយមកចង់ឱបរឹតគេនៅពេលនេះ គេអាចនឹងមិនព្រមឱ្យអ្នកឱបថើបគេឡើយ ដោយសារតែក្មេងក្នុងវ័យនេះនឹងចាប់ផ្ដើមចាប់អារម្មណ៍ពីពិភពខាងក្រៅច្រើនឡើង និងរូបគេក៏មិនធ្លាប់ដែលទទួលបានសម្ព័ន្ធភាពដែលល្អអំពីឪពុកម្ដាយផងនោះ ទើបគេចាប់អារម្មណ៍ពីអ្វីជុំវិញខ្លួនខ្លាំងជាងឪពុកម្ដាយ។ តែបើសិនជាកូនធំធាត់ឡើងមកព្រមជាមួយនឹងសម្ពន្ធភាពដ៏ល្អ ការឱបថើប និងសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះគេវិញនោះ ប្រាកដណាស់ថា គេនឹងក្លាយជាក្មេងដែលមានចំណាប់អារម្មណ៍លើអ្វីជុំវិញខ្លួនដូចគ្នា តែគេនឹងក្លាយជាក្មេងដែលមានភាពជឿជាក់ ព្រោះដឹងថា អ្នកនៅក្បែររូបគេជានិច្ច ទើបកូនធំឡើងក្លាយជាក្មេងដែលមានទស្សនគតិល្អ អារម្មណ៍ល្អ និងមានភាពជឿជាក់លើខ្លួនឯងខ្ពស់។

    នៅពេលកូនមានអាយុ 3ឆ្នាំឡើងទៅ

    ក្រោយពី 3 ឆ្នាំឡើងទៅ ពិភពរបស់គេនឹងលែងមានត្រឹមតែលោកឪពុក និងអ្នកម្ដាយទៀតហើយ គេនឹងជួបរឿងថ្មីៗ មិត្តភ័ក្តិថ្មីៗ សង្គមថ្មីៗ ដែលមនុស្សជាច្រើនតែងតែមើលឃើញថា នៅពេលដែលក្មេងៗមកពីគ្រួសារផ្សេងៗគ្នាមកនៅរួមគ្នាជាក្រុមនោះ ក្មេងខ្លះនឹងអៀនច្រើន និងចូលចិត្តនៅតែឯងៗ ក្មេងខ្លះនឹងរីករាយ រួសរាយសប្បាយ និងហ៊ានបង្ហាញចេញ ខណៈដែលក្មេងខ្លះទៀតនឹងឌឺរឹង ច្រងេងច្រងាង ឬមានអារម្មណ៍ដែលឆេវឆាវមួម៉ៅគ្រប់ពេលវេលា។

    នៅពេលកូនរបស់យើងធំឡើង ការចង់ចូលទៅឱបគេនៅពេលក្រោយ ទាំងកាលពីពេលមុនៗយើងមិនដែលធ្លាប់ឱបរឹតគេ មិនដែលយកចិត្តទុកដាក់លើការឱបផងនោះ វានឹងក្លាយជារឿងដែលពិបាកទៅហើយ។ កូនរបស់យើងអាចនឹងមានអារម្មណ៍ចម្លែក ឬអៀនខ្មាស់នៅពេលត្រូវឪពុកម្ដាយឱប តែបើយើងធ្លាប់បានឱបថើបរូបគេតាំងតែពីក្មេងមក កូននឹងគ្មានអារម្មណ៍អៀនបន្តិចណាឡើយនៅពេលឪពុកម្ដាយបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះគេ។ ដូច្នេះបើយើងមិនបានឱបថើបគេឱ្យបានច្រើនក្នុងអំឡុង 3ឆ្នាំដំបូងមកហើយនោះ ក្រៅពីនឹងធ្វើឱ្យគេធំឡើងក្លាយជាក្មេងដែលមានវិវឌ្ឍនាការផ្នែកអារម្មណ៍មិនល្អហើយ ការគិតចង់មកឱបរឹតគេនៅពេលក្រោយ(នៅពេលដែលគេធំឡើងហើយ) វាអាចក្លាយជារឿងដែលពិបាកធ្វើមួយ និងធ្វើឱ្យគេមានអារម្មណ៍អៀនខ្មាស់។

    ចុះបើយើងមិនបានឱបថើបគេតាំងពីដំបូង…ហើយចង់ឱបថើបកូនថ្ងៃនេះ តើនៅមិនទាន់យឺតពេលទេ ឬយ៉ាងណា?

    យ៉ាងណាៗការឱបថើបកូន មិនថាតែនៅពេលកើតដំបូង ឬធំហើយក៏ដោយ វាជាការបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូន ដូច្នេះ ចូរកុំអាលអស់កម្លាំងចិត្តអី បើអ្នកមិនបានមើលថែទាំគេ មិនបានឱបថើបគេតាំងពីពេលកើតដំបូង ហើយថ្ងៃនេះគេក្លាយជាក្មេងឆាប់ខឹងមួម៉ៅ ឌឺរឹង និងអាត្មានិយមនោះ ចូរចាប់ផ្ដើមឱបកូន និយាយ និងសម្ដែងចេញឱ្យគេដឹងថា លោកអ្នកស្រឡាញ់គេ ព្រួយបារម្ភពីគេខ្លាំងប៉ុនណា។ ដួងចិត្តរបស់កូនយ៉ាងណាៗក៏គេនៅតែត្រូវការការទទួលស្គាល់ពីឪពុកម្ដាយដែរ និង ទោះជាការចាប់ផ្ដើមឱបថើបកូននៅពេលដែលគេធំហើយ អាចដូចជារាងប្លែកៗក្នុងអំឡុងពេលចាប់ផ្ដើមដំបូងៗក្ដី តែនៅពេលដែលអ្នកបានធ្វើវាយ៉ាងជាប់លាប់ កូននឹងចាប់ផ្ដើមបានដឹង និងកែសម្រួលទង្វើឥរិយាបថ រួមទាំងសភាវផ្នែកអារម្មណ៍បានល្អឡើងជាបណ្ដើរៗមិនខាន៕

    អ្នកគ្រូ ឆវីសូមជូនពរឱ្យសង្គមគ្រួសារខ្មែរពោរពេញដោយសេចក្ដីស្រឡាញ់ ប្រាសចាកអំពើហិង្សា និងកុំឱ្យមានការព្រាត់ប្រាស ហើយបើលោកអ្នកភ្លេច ឬខកខានមិនបានឱបថើបកូនៗរបស់លោកអ្នកយូរមកហើយនោះ ថ្ងៃនេះចូរកុំឱ្យខកខានទៀតឱ្យសោះ…ប្រាប់កូនៗថា លោកអ្នកស្រឡាញ់ពួកគេស្មើនឹងជីវិត

  • នៅពេលកូនតូចឈានចូលខែទី 9

    នៅពេលកូនតូចឈានចូលខែទី 9

    ខែទី 9

    លក្ខណៈរបស់កូនតូច

    កូនច្រើនតែគេងនៅពេលព្រឹក និងអំឡុងពេលរសៀល ក្នុងមួយពេលៗប្រមាណជា 1 – 2.5 ម៉ោង តែក្មេងខ្លះអាចមិនគេងនៅពេលព្រឹកក៏មាន។ ក្មេងដែលភ្ញាក់នៅពេលកណ្ដាលយប់ហើយ នឹងពិបាកគេងលក់ទៅវិញ ហើយក្មេងដែលកំពុងបៅទឹកដោះគោស្រាប់ហើយ លុះដល់វ័យនេះ មានតិចនាក់ណាស់ដែលនៅតែមឹមទឹកដោះគោនៅពេលយប់នោះ តែបើសិនជាភ្ញាក់យំរំខាននៅពេលកណ្ដាលយប់ ពេលឱ្យបៅទឹកដោះគោហើយ ក៏នឹងគេងលក់ទៅវិញយ៉ាងងាយស្រួល ដូច្នេះអ្នកម្ដាយអាចឱ្យមឹមទឹកដោះគោពេលយប់តទៅទៀតខ្លះៗក៏បាន។

    ចំណែករឿងការបន្ទោបង់របស់កូនវិញនោះ នៅពេលកូនបានទទួលអាហារបន្ថែមច្រើនឡើង លាមកនឹងមានក្លិនកាន់តែស្អុយឡើង ឯពណ៌ក៏ប្រែប្រួលដែរ។ កូននឹងជុះមួយថ្ងៃ 1 – 2ដង ឬ2ថ្ងៃមួយដង សម្រាប់នោមវិញ នៅតែនោមប្រមាណមួយថ្ងៃ 10 ដងដដែល។ ចំនួនដងដែលនោមនៅពេលកណ្ដាលយប់នឹងខុសប្លែកពីគ្នា ក្មេងដែលញ៉ាំតិច នឹងនោមតិចដែរ ក្មេងខ្លះថែមទាំងមិននោមផងរហូតដល់ព្រឹក។ ក្មេងដែលញ៉ាំទឹកដោះគោ 1ដបមុនគេង ច្រើនតែនោមនៅពេលកណ្ដាលយប់ប្រហែល 1 – 2ដង និងក្មេងណាដែលគេងសើមខ្លួន នឹងភ្ញាក់ឡើងយំរំខាន តែពេលផ្លាស់ខោអាវ ឬកន្ទបឱ្យហើយ ក៏នៅតែមិនព្រមគេងលក់ទៅវិញនោះ អ្នកម្ដាយអាចបង្ខិតពេលឱ្យបៅទឹកដោះគោឱ្យឆាប់ជាងមុនបន្តិចក៏បាន និងមុនពេលដែលអ្នកម្ដាយចូលគេង គួរចាប់លើកកូនមកឱ្យនោមចេញបានម្ដង ក៏ជួយកាត់បន្ថយការភ្ញាក់យំរំខាននៅពេលកណ្ដាលយប់បានដែរ។

    ល្មមឱ្យឈប់បៀបបាយបានហើយ

    កាលពីអាយុមិនលើស 8ខែ កូននឹងចាប់ផ្ដើមលែងចូលចិត្តអាហារម៉ដ្ឋៗខ្ទេចៗហើយ ច្រើនតែចូលចិត្តញ៉ាំរបស់ដែលត្រូវទំពាដូចជា ផ្លែឈើត្រូវហាន់ចែកជាបំណែកតូចៗ ដូចជា ផ្លែត្របែក ជម្ពូ ប៉ោម ស្វាយ និងឱ្យកាន់ខាំញ៉ាំខ្លួនឯង។ វ័យនេះមិនសូវនៅស្ងៀមទេ បើឱ្យអង្គុយនៅលើកម្រាលឥដ្ឋ ប្រហែលជាត្រូវរត់ដេញតាមបញ្ចុកអាហារហើយ ដូច្នេះគួរឱ្យអង្គុយនៅក្នុងតុបាយសម្រាប់កុមារ ឬក្នុងកៅអីហាត់ដើរ ចំណែកការបញ្ចុកឱ្យញ៉ាំបាយវិញ អាស្រ័យលើទម្លាប់ និងនិស្ស័យរបស់ក្មេង ក្មេងខ្លះចូលចិត្តញ៉ាំយឺតៗ ក្មេងខ្លះញ៉ាំលឿន តែបើសិនជាញ៉ាំយឺតជ្រុលពេក ដូចជាទម្រាំតែញ៉ាំអស់បបរមួយកូនចាន ត្រូវខាតពេលបញ្ចុកដល់ទៅជិតមួយម៉ោងនោះ បញ្ជាក់ថា កូនតូចមិនចូលចិត្តអាហារនោះទេ នឹងបៀមក្នុងមាត់មិនព្រមលេប ព្រោះតែមានអារម្មណ៍ថាមិនឆ្ងាញ់ ដូច្នេះអ្នកម្ដាយមិនចាំបាច់ខាតពេលបញ្ចុកទៀតទេ គួរឱ្យកូនញ៉ាំអ្វីផ្សេងវិញប្រសើរជាង។

    ជាក្មេងដែលរើសច្រើន

    កូនក្នុងវ័យនេះ អ្នកម្ដាយនឹងមើលឃើញបានកាន់តែច្បាស់ឡើងហើយថា កូនចូលចិត្តញ៉ាំអ្វី? ក្មេងខ្លះមិនចូលចិត្តញ៉ាំបន្លែ អ្នកម្ដាយក៏គួរឱ្យញ៉ាំរួមជាមួយរបស់ដទៃទៀត ដូចជា ចិញ្ច្រាំបន្លែដាក់លាយនៅក្នុងបបរ ដាក់លាយនៅក្នុងស៊ុតក្រឡុកចៀន ជាដើម ឬបើមិនចូលចិត្តញ៉ាំបន្លែប្រភេទណាមួយ ក៏ប្ដូរទៅញ៉ាំបន្លែប្រភេទផ្សេងទៀត។ បើមិនចូលចិត្តញ៉ាំបន្លែសោះ ក៏ឱ្យញ៉ាំផ្លែឈើជំនួសវិញក៏បាន បើកូនតូចនៅតែញ៉ាំបបរ នំប៉័ង ឬទឹកដោះគោបានដដែលនោះ។ ទោះជាមិនសូវញ៉ាំ និងរើសច្រើនក្ដី ក៏មិនធ្វើឱ្យកូនខ្វះសារធាតុអាហារដែរ បើកូនមិនចូលចិត្តញ៉ាំស៊ុត ក៏ឱ្យញ៉ាំសាច់មាន់ជំនួសវិញ បើមិនចូលចិត្តញ៉ាំទាំងស៊ុត និងសាច់មាន់ ក៏ឱ្យញ៉ាំសាច់ត្រីជំនួសវិញ។ កូនដែលរើសអាហារ ច្រើនតែឆាប់ដឹងរសជាតិ បើប្រាកដក្នុងចិត្តថា កូនមិនបានញ៉ាំបានតិចរហូតដល់ថ្នាក់ខ្វះសារធាតុអាហារទេនោះ ក៏មិនគួរបង្ខំខ្លាំងពេកដែរ។

    អាការដែលអាចកើតឡើង

    – ប្រយ័ត្នហើមសួត

    នៅពេលកូនមានអាការគ្រុនក្ដៅខ្លាំង នឹងពិបាកដកដង្ហើម ពេលក្អកច្រើនតែឈឺចាប់ តែបច្ចុប្បន្នកុមារលែងមានគ្រោះថ្នាក់ដោយសារជំងឺនេះហើយ បើបណ្ដាលមកពីមេរោគវីរុសនឹងច្រើនតែជាទៅវិញដោយឯកឯង ហើយគ្រូពេទ្យនឹងឱ្យញ៉ាំថ្នាំបដិបក្ខប្រាណ(Antibiotic)។ បើកូននៅញ៉ាំអាហារបាន ក៏ឱ្យញ៉ាំអាហារបន្ថែមតទៅទៀត ញ៉ាំទឹកផ្លែឈើស្រស់ឱ្យបានច្រើន បើក្អក ចូរលើកពឱ្យទ្រោបលើស្មា ហើយទះអង្អែលខ្នងថ្នមៗ នឹងជួយឱ្យស្លេស្មធ្លាក់ចេញមកស្រួលជាងដាក់ឱ្យគេងរាមនៅលើគ្រែ។ តែបើសិនជាកើតអាការគ្រុនក្ដៅខ្លាំងយូរថ្ងៃ និងហើមសួតដែលបណ្ដាលមកពីឆ្លងមេរោគផ្ដាសាយពីមនុស្សធំ ត្រូវតែនាំទៅមន្ទីរពេទ្យ។

    វិវឌ្ឍនាការរបស់កូន

    . រាងកាយ

    . ក្មេងខ្លះអាចវារឡើងកាំជណ្ដើរបានហើយ។

    . ពេលវារ ដៃម្ខាងអាចកាន់របស់លេងបានទៀតផង។

    . ក្មេងខ្លះអាចអង្គុយចុះពីឥរិយាបថឈរដោយខ្លួនឯងបានហើយ។

    . ចេះអង្គុយមួយកន្លែងបានយូរហើយ។

    . ចូលចិត្តទះដៃ យករបស់លេងគោះគ្នា និងបោះរបស់លេងទៅលើឥដ្ឋជាដើម។

    . ចូលចិត្តយកម្រាមដៃលូកចូលរន្ធផ្សេងៗ(ចំណុចនេះ ឪពុកម្ដាយត្រូវប្រយ័ត្ន ព្រោះកូនតូចអាចលូកចូលរន្ធព្រីភ្លើង)។

    សង្គមជុំវិញខ្លួន

    . ក្មេងខ្លះចេះនិយាយពាក្យដែលមានអត្ថន័យបានហើយ ដូចជា ម៉ស់ ញ៉ាំៗ និងចូលចិត្តនិយាយដដែល។

    . ចេះធ្វើតាមបញ្ជាស្រួលៗបានហើយ ដូចជា ឱ្យទៅយករបស់លេង ជាដើម។

    . ខ្លាចមនុស្សដែលមិនធ្លាប់ស្គាល់មុខ និងពេលឃើញក្មេងដទៃយំ អាចនឹងយំតាម។

    . ចេះរើសរបស់លេងដែលខ្លួនឯងចូលចិត្តបានហើយ។

    . ចំណាំហ្គេមដែលខ្លួនឯងធ្លាប់លេងបានហើយ។

    ឧស្សាហ៍លេងជាមួយកូនផង

    . បង្ហាត់ឱ្យកូនឈរ ៈ ការបង្ហាត់ឱ្យចេះឈរ ឬឈានជើងដើរនេះ កូនអាចយកដៃចាប់ដៃម្ដាយ ឬម្ដាយជួយចាប់លើកឱ្យកូនឈានជើងដើរទៅខាងមុខ ក្នុងមួយថ្ងៃឱ្យបានមួយដង ឬ2ដង ម្ដងៗមិនគួរមិនលើស 5 នាទី។ ពេលបង្ហាត់គួរបង្ហាត់នៅខាងក្រៅផ្ទះក្នុងអំឡុងពេលដែលធាតុអាកាសល្អត្រជាក់ស្រួល។ ឪពុកម្ដាយគួរតែសប្បាយរីករាយជាមួយនឹងការបង្ហាត់នេះ បើកូនល្មមអាចឈរដោយខ្លួនឯងបាន ចូរស្រែកលើកទឹកចិត្តកូនថា “ឈានជើងដើរកូន! ឈានជើងដើរកូន!” កូននឹងបានសប្បាយ មានកម្លាំងចិត្ត ដែលទោះជាដួល ក៏នឹងព្យាយាមក្រោកឡើងវិញបានដែរ៕

  • រាងកាយទារកដែលអ្នកម្តាយត្រូវតែស្គាល់…

    រាងកាយទារកដែលអ្នកម្តាយត្រូវតែស្គាល់…

    ព្រោះតែ​រាងកាយ​កូនតូច​នៅ​ខ្ចី​ គួរ​ឱ្យ​ថ្នាក់ថ្នម​ ទើប​តម្រូវ​ឱ្យ​លោកឪពុក​អ្នកម្តាយ​ត្រូវតែ​នៅចាំ​មើលថែ​ទាំ​យ៉ាង​ដិតដល់​ ជាពិសេស​រឿង​សុខភាព​រាងកាយ​កូនតូច​។ ថ្ងៃនេះ​យើង​នាំគ្នា​មក​ស្គាល់​អំពី​ការ​ធ្វើការងារ​របស់​អវយវៈ​សំ​ខាន់​ផ្សេង​ៗនៅ​លើ​រាងកាយ​កូនតូច​ ព្រមទាំង​វិធី​មើលថែ​ទាំ​ដ៏​ត្រឹមត្រូវ​ទាំងអស់គ្នា​។

    បង្ហើយ​គឺជា​ផ្នែក​មួយ​របស់​លលាដ៍ក្បាល​ដែល​នៅ​មិនទាន់​ជាប់គ្នា​ណែន​ល្អ​ ទើប​កើតមាន​ជា​កន្លែង​ទន់​ៗមួយ​នៅ​លើ​ក្បាល​។ ពេល​យើង​សង្កត់​នឹង​ទ្រុឌ​ចុះ​ ដែល​ទាំងអស់​មាន​ 2កន្លែង​ គឺ​បង្ហើយ​មុខ​ មាន​រាង​ 4ជ្រុង​ និង​បង្ហើយ​ក្រោយ​ មាន​រាង​ត្រីកោណ​ដែល​មាន​ទំហំ​តូចជាង​។ បង្ហើយ​មុខនឹង​ឡើង​រឹង​នៅពេល​កូនតូច​អាយុ​បាន​ 1ឆ្នាំទៅ​ 1ឆ្នាំ​កន្លះ​ ចំណែក​បង្ហើយ​ក្រោយ​នឹង​ឡើង​រឹង​នៅពេល​អាយុ​បាន​ប្រមាណ​ 6ខែ​។
    ចំណុច​គួរ​ប្រយ័ត្ន​ ៖ កុំ​កង្វល់​បារម្ភ​ក្នុង​ការ​ប៉ះពាល់​បង្ហើយ​ គ្រាន់តែ​ប្រយ័ត្ន​កុំ​ចុច​សង្កត់​ ឬប៉ះ​ខ្លាំង​ៗទៅ​បាន​ហើយ​។ បើ​ស្ទាប​ប៉ះ​ទៅ​ឃើញថា​ ទ្រុឌ​ចុះ​ខ្លាំង​ ហើយ​កូនតូច​នៅ​ស្ងៀម​ មិន​លេង​ មិន​សើចញញឹម​ មិន​រវើក​ដូចសព្វដង​ ភ្នែក​រាង​ខូង​ នោះ​ជា​សញ្ញា​បញ្ជាក់​ថា​ កូន​អាច​កើត​អាការ​ខ្វះ​ជាតិទឹក​ធ្ងន់ធ្ងរ​ ឬបើ​ឃើញថា​ បង្ហើយ​ឡើង​ប៉ោង​ទុល​ មិន​លោត​ដូច​ចង្វាក់ជីពចរ​ នោះ​បញ្ជាក់​ថា​ កូនតូច​អាច​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ខួរក្បាល​ គួរ​នាំ​កូនតូច​ទៅ​ជួប​លោកគ្រូពេទ្យ​ជាបន្ទាន់​។

    ស្លឹកត្រចៀក​គឺជា​អវយវៈ​សំខាន់​ក្នុង​ការ​ស្តាប់​ និង​ឮ កើតឡើង​ដោយសារ​រលក​សំឡេង​ធ្វើដំណើរ​ទៅ​ប៉ះ​នឹង​ក្រដាសត្រចៀក​ ឆ្លងកាត់​ឆ្អឹងត្រចៀក​មក​សរសៃប្រសាទ​ត្រចៀក​ រួចមក​ដល់​ខួរក្បាល​ ដូច្នេះហើយ​ទើប​ត្រចៀក​មាន​ភាព​សំខាន់​ដល់​ការ​រៀន​យល់ដឹង​ពី​អ្វី​ៗជុំវិញ​ខ្លួន​ តាម​រយ:ការ​ស្តាប់​សំឡេង​ ការបាន​ឮ។ បើសិនជា​កើតមាន​ភាព​ខុសប្រក្រតី​ទាក់ទង​នឹង​ការ​បានឮ​តាំងពី​តូច​ ការ​វិវឌ្ឍ​ខាង​ការ​និយាយ​ក៏​មាន​បញ្ហា​ដែរ​។
    ចំណុច​គួរ​ប្រយ័ត្ន​ ៖ អាចម៍ត្រចៀក​នឹង​ជួយការ​ពារ​សត្វល្អិត​ ដូចជា​ស្រមោច​ ឬចៃឆ្កែ​មិន​ឱ្យ​ចូល​បាន​ ដូច្នេះ​អ្នកម្ដាយ​មិន​គួរ​ខ្វេះ​ ឬកេះ​ត្រចៀក​ឡើយ​ ព្រោះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អាចម៍ត្រចៀក​ចូល​ទៅ​ញ៉ុក​ណែន​នៅ​ខាងក្នុង​ប៉ុណ្ណោះទេ​ តែ​នៅ​អាច​ធ្វើ​ឱ្យ​កូនតូច​ឈឺ​ត្រចៀក​ ឬក្រដាសត្រចៀក​អាច​នឹង​ធ្លុះ​បាន​ទៀតផង​។ ជា​ធម្មតា​អាចម៍ត្រចៀក​ដែល​កើតឡើង​នោះ​ នៅពេល​ដែល​វា​មាន​ច្រើន​ វា​នឹង​ជ្រុះចេញ​មក​ក្រៅ​ដោយឯកឯង​។ ចំណែក​ទារក​ដែល​បានឮ​ជា​ធម្មតា​ ត្រូវតែ​ចេះ​ញញឹម​ ចេះ​មើល​មុខ​ សម្លឹង​ភ្នែក​ និង​បែរ​មើលតាម​សំឡេង​បាន​ តែបើ​កន្លង​ផុត​ទៅ​ 6ខែ​ហើយ​ នៅតែ​ធ្វើ​ដូច​ការ​រៀបរាប់​មក​មិនបាន​ នោះ​បង្ហាញថា​ កូនតូច​អាច​នឹង​មាន​បញ្ហា​ខាង​ការ​ស្តាប់​ឮហើយ​ ដូច្នេះ​គួរតែ​នាំ​កូនតូច​ទៅ​ប្រឹក្សា​ជាមួយ​លោកគ្រូពេទ្យ​។

    កែវភ្នែក​តាម​ធម្មជាតិ​ ក្រពេញ​ទឹកភ្នែក​អាច​បង្ហូរទឹក​ភ្នែក​ចេញ​មក​បាន​ ដែល​ប្រកប​ទៅ​ដោយ​ អេ​នហ្សៃ​ម៍​ ឡៃ​សូ​ហ្សៃ​ម៍​(Lysozyme​) អាច​បំផ្លាញ​សម្បក​កោសិកា​របស់​មេរោគ​បាក់តេរី​បាន​ ដូច្នេះ​ទើប​ទឹកភ្នែក​ជា​សារធាតុ​រលាយ​ដែល​ការពារ​ការ​ឆ្លង​មេរោគ​នៅក្នុង​កែវភ្នែក​។ បើ​មាន​វត្ថុចម្លែក​ចូល​ក្នុង​កែវភ្នែក​ ក្រពេញ​ទឹកភ្នែក​នឹង​ធ្វើការ​ ដោយ​បញ្ចេញ​ទឹកភ្នែក​មក​ភ្លាម​ ដើម្បី​លាង​សម្អាត​វត្ថុចម្លែក​នោះ​ចេញ​។
    ចំណុច​គួរ​ប្រយ័ត្ន​ ៖ មិន​គួរ​ប៉ះពាល់​ ឬរវល់​នឹង​កែវភ្នែក​កូនតូច​ឡើយ​ តែបើ​ឃើញ​មាន​ភាព​ខុសប្រក្រតី​ណា​មួួយ​ ដូចជា​ ភ្នែក​ពណ៌​សមិនស​ តែ​មាន​ពណ៌​ក្រ​ហម​ព្រឿង​ៗ ភ្នែក​ហើម​ឡើងក្រហម​ ភ្នែក​សើម​មាន​ទឹកភ្នែក​ដក់ជាប់​រហូត​ ឃើញ​មាន​ចំ​ណុចសៗ​នៅក្នុង​ប្រស្រីភ្នែក​ ភ្នែក​ញាក់​ៗ គ្រាប់​ភ្នែក​ញ័រ​ៗ មាន​អាចម៍ភ្នែក​ពណ៌លឿង​លាយ​បៃតង​ ពេល​បើកភ្នែក​ ត្របកភ្នែក​បើក​ឡើង​មិន​ស្មើគ្នា​ ឬអាយុ​ 2-3 ខែ​ហើយ​ តែ​នៅ​មិនទាន់​ចេះ​មើល​មុខ​ឪពុក​ម្តាយ​ ភ្នែក​ប៉ះ​ពន្លឺ​មិនបាន​ ធ្វើ​ភ្នែក​ក្រឡឺតក្រឡាប់​មិនកើត​ ពេល​សម្លឹង​មើល​ទៅ​ខាង​ៗក៏​បែរ​ទៅ​ទាំង​ក្បាល​ជាដើម​… បើ​សង្កេតឃើញ​មាន​កើត​អាការ​មួយ​ណា​ក្នុងចំណោម​អាការ​ទាំងអស់​ដែល​បាន​រៀបរាប់​មក​នោះ​ លោកឪពុក​អ្នកម្តាយ​គួរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​លោកគ្រូពេទ្យ​ដើម្បី​ពិនិត្យ​កែវភ្នែក​កូន​ជាបន្ទាន់​។

    ច្រមុះ
    ច្រមុះ​មាន​តួនាទី​ដកដង្ហើម​ និង​ហិត​ក្លិន​ផ្សេង​ៗ។ នៅក្នុង​ច្រមុះ​មាន​រោ​មតូចៗ​ជាច្រើន​ ដើម្បី​ការពារ​កម្ទេច​លម្អង​ធូលី​ ឬសត្វ​ល្អិត​ដែល​ប៉ុនប៉ង​ចូល​ទៅ​ក្នុង​ផ្លូវដង្ហើម​ ព្រមទាំង​មាន​តួនាទី​ចាំស្ទាក់​ចាប់​វត្ថុចម្លែក​ដែល​ស្រូប​ចូល​ទៅ​ និង​កណ្តាស់​ចេញ​មកវិញ​។ សាច់​ជាលិកា​ដែល​ក្រាល​ខាងក្នុង​ប្រហោងច្រមុះ​ នឹង​បំពេញ​តួនាទី​បញ្ចេញ​ជាតិទឹក​មក​ចិញ្ចឹម​ប្រហោង​ច្រមុះ​ ពេល​ដកដង្ហើម​ចូល​ទៅ​ ជាតិទឹក​នៅក្នុង​ច្រមុះ​ជា​អ្នក​បន្ថែម​សំណើម​ឱ្យ​ខ្យល់​។ បើ​សាច់​ជាលិកា​ក្នុង​ច្រមុះ​រលាក​ ទឹក​ច្រមុះ​(ទឹកសំបោរ​)នឹង​ត្រូវ​បាន​បញ្ចេញ​មក​ច្រើនជាង​ធម្មតា​។
    ចំណុច​គួរ​ប្រយ័ត្ន​ ៖ ពេល​កូនតូច​មិន​ស្រួលខ្លួន​ កើត​ផ្តាសាយ​ តែងតែ​មាន​ទឹកសំបោរ​ច្រើន​ អ្នកម្ដាយ​គួរ​យក​ក្រណាត់​ជ្រលក់​ទឹកអំបិល​ជូត​ថ្នម​ៗ។ បើ​ប្រើ​សំឡី​ត្បារត្រចៀក​ជូត​សម្អាត​ ត្រូវ​ប្រយ័ត្ន​ពេល​កូនតូច​រើ​ ព្រោះ​អាច​នាំ​ឱ្យ​កើត​ឧប្បត្តិហេតុ​បាន​។ រឿង​ដែល​ត្រូវ​ប្រយ័ត្ន​នោះ​គឺ​ អ្នកម្ដាយ​កុំ​យក​ម្រាមដៃ​របស់​ខ្លួន​ទៅ​កេះ​ច្រមុះ​កូន​ ព្រោះ​ក្រចកដៃ​អាច​ធ្វើ​ឱ្យ​រយះ​សាច់​ច្រមុះ​កូនតូច​បាន​។ ចំណែក​ច្រមុះ​ដែល​មាន​ស្នាម​អុច​ៗសៗ​ ស្រដៀង​មុនខ្សាច់​នោះ​ មិនបាច់​កេះ​ចេញ​ទេ​ ព្រោះ​វា​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​អ្វី​ទេ​។

    ក្រចកដៃ​ក្រចកដៃ​មាន​តួនាទី​ អេះ​ កេះ​ កោស​ ខ្វាច​ ហែក​ចំណីអាហារ​ ឬរបស់​ផ្សេង​ៗឱ្យ​ក្លាយជា​បំណែ​កតូច​ៗ។ ក្រចកដៃ​ជើង​របស់​កុមា​រតូចៗ​ ក៏​ដូច​ក្រចកដៃ​-ជើង​របស់​មនុស្ស​ធំ​ដែល​ឆាប់​វែង​ដែរ​។ គេ​សង្កេតឃើញ​ថា​ អត្រា​នៃ​ការ​ដុះ​របស់ក្រ​ចក​ដៃ​ តែង​វែង​លឿន​ជាង​ក្រចកជើង​ដល់ទៅ​ 2ដង​ ដូច្នេះហើយ​ទើប​យើង​ត្រូវ​កាត់​ក្រចកដៃ​ញឹកញាប់​ជាង​ក្រចកជើង​។ ជា​ធម្មតា​គេ​និយម​កាត់​ក្រចក​រៀងរាល់​ 1-2សប្តាហ៍​ម្តង​ ចំណែក​លក្ខណៈ​របស់ក្រ​ចក​ ជា​ធម្មតា​ច្រើន​មាន​ពណ៌​ផ្កា​ឈូ​កស្តើង​ៗ រាបស្មើ​គ្នា​ គ្មាន​ស្នាម​រួញ​ ឬកោង​ងឡើយ​។
    ចំណុច​គួរ​ប្រយ័ត្ន​ ៖ ពេល​កាត់​ក្រចកដៃ​ឱ្យ​កូនតូច​ ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ប៉ះ​សាច់​កូន​ គួរ​ធ្វើ​នៅពេល​ដែល​កូនតូច​គេងលក់​។ គួរ​ជ្រើសរើស​ប្រើ​កន្ត្រៃកាត់ក្រចក​សម្រាប់​ទារក​ និង​ពេល​កាត់​ហើយ​ គួរ​រូស​ក្រចក​ឱ្យ​ទាល​ផង​ ហើយ​បើ​ឃើញ​មាន​អ្វី​ខុសប្រក្រតី​ដែល​កើតឡើង​នៅ​លើ​ក្រចក​កូនតូច​ គួរ​ទៅ​ប្រឹក្សា​ជាមួយ​លោកគ្រូពេទ្យ​ ដូចជា​ ក្រចក​ឡើងពណ៌​ខ្មៅជាំ​ ឬមាន​ពណ៌​ខុសប្រក្រតី​ ក្រចក​ដុះ​ចេញ​មក​វៀច​ រួញ​ ក្រិន​ ឬផ្សេង​ទៀត​។ល។

    រន្ធ​ផ្ជិ​តជាប្រក្រតី​ ចំណែក​របស់​ទងផ្ចិត​នឹង​ស្ងួត​ជា​បណ្តើរ​ៗ ហើយ​ជ្រុះ​ដោយខ្លួនឯង​ក្នុង​រយ:ពេល​ 2-3សប្តាហ៍​ តែ​គេ​ក៏​ធ្លាប់​ជួបប្រទះ​ដែរ​ថា​ ទារក​ខ្លះ​អាច​ប្រើ​ពេល​យូរ​ជាង​នេះ​ទៅទៀត​។ តាម​ការណែនាំ​របស់​លោកគ្រូពេទ្យ​ គោលការណ៍​នៃ​ការ​សម្អាត​ គឺជា​វិធី​មួយ​ដែល​ល្អ​បំផុត​ ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូនតូច​បាន​។
    ចំណុច​គួរ​ប្រយ័ត្ន​ ៖ បើ​ទងផ្ចិត​ និង​ស្រទាប់​ស្បែក​ជុំវិញ​ឡើងពណ៌​ក្រហម​ និង​មាន​ធំុ​ក្លិន​នោះ​បញ្ជាក់​ថា​ អាច​មាន​ឆ្លង​មេរោគ​ ឬបើ​សង្កេត​ឃើញ​ផ្ចិត​របស់​កូន​ឡើង​សើម​ ផ្ចិត​រលាក​ក្លាយ​ មាន​ឈាម​ចេញ​មក​តាម​ផ្ចិត​… អ្នកម្តាយ​គួរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​។ សម្រាប់​ផ្ចិត​ប៉ោង​ ឬទុល​ឡើង​ អ្នកម្តាយ​មិន​គួរ​កង្វល់​បារម្ភ​ឡើយ​ ព្រោះ​ផ្ចិត​នឹង​រួញ​ចូល​វិញ​ដោយឯកឯង​ក្នុងអំឡុងពេល​ 2-3ខែ​ ឬមាន​ទារក​ខ្លះ​អាច​យូរ​ដល់​ 1ឆ្នាំ​ក៏​មាន​។

    ស្បែក​ទារក​ក្នុង​វ័យ​ទើបនឹង​កើត​ អ្នកម្តាយ​អាច​សង្កេតឃើញ​ថា​ នៅ​លើ​ស្បែក​របស់​កូន​មាន​ស្នាម​អុច​ៗក្រ​ហមៗ​ពេញ​ខ្លួន​ ដែល​ភាគច្រើន​នឹង​រលប់​បាត់​ទៅវិញ​ដោយឯកឯង​នៅពេល​ដែល​ធំឡើង​ជា​បណ្តើរ​ៗ តែ​ស្នាម​ដែល​បង្ហាញ​ពី​ភាព​ខុសប្រក្រតី​ខ្លះ​ ដូចជា​ ស្នាម​នៅ​លើ​មុខ​ ស្នាម​នៅ​លើ​កំប៉េះគូទ​ គួរតែ​ប្រញាប់​រកមើល​មូលហេតុ​ និង​មើលថែ​ទាំ​តាម​អាការ​។
    ចំណុច​គួរ​ប្រយ័ត្ន​ ៖ ភាព​ស្អាតបាត​មាន​អនាម័យ​ គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ស្បែក​របស់​ទារក​ ដូច្នេះ​បើ​ឃើញ​មានស្នាម​ដែល​គួរ​ឱ្យ​សង្ស័យ​ ដូចជា​ស្នាម​នៅ​លើ​គូទ​ជាដើម​ គួរតែ​សម្អាត​ ឬជូត​ឱ្យ​ស្អាត​ និង​ផ្លាស់​កន្ទប​ឱ្យ​រៀងរាល់​ពេល​បន្ទាប់ពី​ទារក​បន្ទោបង់​រួច​ និង​មិន​គួរ​ស្លៀកខោ​ទឹកនោម​គ្រប់ពេលវេលា​នោះ​ទេ​ គួរ​ស្លៀក​ក្រណាត់​កន្ទប​ផាឌិប​ ឬក៏​ឱ្យ​ស្បែក​កូន​បាន​ប៉ះ​នឹង​ខ្យល់អាកាស​ខ្លះ​ផង​៕

  • កំពូល​បន្លែ​ផ្លែឈើ​ទាំង10 ជួយ​លាង​សារធាតុពុល​នៅក្នុង​រាងកាយ

    កំពូល​បន្លែ​ផ្លែឈើ​ទាំង10 ជួយ​លាង​សារធាតុពុល​នៅក្នុង​រាងកាយ

    មាន​ដឹង​ទេ នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នកមាន​ភាព​ប្រថុយប្រថាន​ជាមួយនឹង​សារធាតុពុល​កម្រិតណា? ឧស្ម័ន​ពុល​ចេញពី​រថយន្ដ សារធាតុ​គីមី​ពន្យារ​អាយុ​អាហារ ល័​ក្ខ​ផ្សំ​អាហារ ដែល​អ្នក​ស្រូប​ចូលទៅក្នុង​រាងកាយ និង​ទទួលទាន​ដោយ​មិនដឹង​ខ្លួន​ជាច្រើន។ ជាធម្មតា​រាងកាយ​រប​ស់មនុស្ស​យើង​មាន​កងចក្រដើម្បី​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​ស្រាប់​ទៅហើយ តែ​ដោយសារតែ​ការរំលាយ​អាហារ ការបញ្ចេញចោល​តាម​កា​រ​បន្ទោបង់ តាម​ទឹកនោម និង​ញើស​ដែល​ចេញមក​ខាងក្រៅ តែ​ក៏​នៅមាន​សេសសល់​សំណល់​ជាតិពុលខ្លះៗទៀត​ដែល​បញ្ចេញ​ពី​រាងកាយ​មិន​អស់។ ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុ​ស្សគឺ​ពិតជា​មាន​ភាព​ប្រថុយប្រថាន​ជាមួយនឹង​សារធាតុពុល​ជាច្រើន​ប្រភេទ​ណាស់ ប្រភេទ​ខ្លះ​អាច​កម្ចាត់​បាន​យ៉ាង​ងាយស្រួល តែ​ប្រភេទ​ខ្លះទៀត​ពិបាក​នឹង​កម្ចាត់​ចេញ​ខ្លាំងណាស់ ដែលជា​ហេតុ​ធ្វើឱ្យ​កើតមាន​ការកកស្ទះ​នៅក្នុង​រាងកាយ។

    សញ្ញា​ដែល​អាច​បញ្ជាក់​ប្រាប់ថា រាងកាយ​មាន​សារធាតុពុល​នោះ​រួមមាន​ដូចជា ស្បែក​មុខ​មើលទៅ​ជាំខ្មៅ ស្លេកស្លាំង ការចង់ចាំ​មិនសូវ​ល្អឡើង​ពងបែក​មាត់ កើតមុន ខ្មៅ​ត្របកភ្នែក និងឧស្សាហ៍​ឈឺ​ជាដើម។ ជំងឺ​ដែល​ងាយ​នឹង​កើតមានដូចជា ទឹកនោមផ្អែម លើសឈាម គ្រោះ​ក្នុង​តម្រងនោម ចាញ់​អាកាសធាតុ និង​រលាក​ថ្លើម​ជាដើម។ ដោយសារតែ​ជាតិពុល​មានការ​ហុច​ផល​កំណាច​បែបនេះហើយ បានជា​មនុស្ស​យើង​ខិតខំ​រក​វិធី​នៅក្នុង​ការលាង​ជាតិពុល​ចេញពី​រាងកាយ​ដូចជា ការលាង​ជាតិពុល​ដោយសារ​ធាតុ​កាហ្វេ ការលាង​សម្អាត​ជាតិពុល​នៅក្នុង​ពោះវៀនធំ ការទទួល​ទាន​អាហារ​កាក​សរសៃ និង​មាន​វិធី​ធម្មជាតិ​បែបផ្សេងៗជាច្រើន​ទៀត ជាពិសេស​ក៏មាន​វិធីសាស្ត្រ​នៃ​ការ​ទទួលទាន​ផ្លែឈើ ដើម្បី​បណ្ដេញ​ជាតិពុល​ផងដែរ។

    ការលាង​ជាតិពុល គឺជា​ការនាំយក​នូវរ​បស់​ដែល​ខូចខាត​ចេញពី​រាងកាយ ដែលជា​របស់​អាក្រក់ និង​មាន​ភាព​កកកុញ​ប្រមូល​ផ្ដុំគ្នា ឬក៏​របស់​រឹង​ដែលជា​របាំង​នៅក្នុង​ប្រព័ន្ធ​បញ្ចេញ​ចោល។ ចំណុច​អាក្រក់​ដែល​បាន​ពោល​ខាងលើ​នោះ វា​បាន​បង្កើតជា​អាស៊ីត​ដល់​រាងកាយ​យ៉ាងច្រើន និង​ហុច​ផល​ឱ្យ​អ្នក​នឿយហត់ ងាយ​ឈឺ មិន​ស្រស់ស្រាយ តឹង​ណែន​ក្នុង​ពោះ មាន​អាការ​ដូចជា​អាហារ​មិន​រលាយ ងាយ​ខឹង មួម៉ៅ និង​ជាពិសេស​គឺ​គេង​មិន​លក់​តែម្ដង។

    ចំពោះ​ការលាង​ជាតិពុល​ដោយ​ការទទួល​ទាន​បន្លែ​ផ្លែឈើ​ស្រស់​នោះ គឺជា​ការទទួល​ទា​នប​ន្លែ ផ្លែឈើ​ស្រស់​បែប​ជា​អាហារ ឬ​ជា​ទឹក ដែល​បាន​ក្រឡុក​ចូលគ្នា​ជាច្រើន​ប្រភេទ។ ដើម្បី​បណ្ដេញ​ជាតិពុល​តាម​វិធីសាស្ត្រ​នេះ អ្នក​អាចមាន​វិធី​ងាយ​ក្នុងការ​ជ្រើសរើស​បន្លែ​ផ្លែឈើ ដែលមាន​កាក​សរសៃ​នៅក្នុង​បន្លែ និង​ផ្លែឈើ ដែល​ជួយ​លាង​សម្អាត​សារធាតុ​កខ្វក់​នៅក្នុង​រាងកាយព្រមទាំង​ព្យាយាម​ហាត់ប្រាណ ដើម្បីឱ្យ​ជាតិពុល​បាន​បញ្ចេញ​មក​តាម​ញើស។ បន្លែ​ខ្លះទៀត គឺជា​ឱសថ​ផងដែរ មិន​ត្រឹមតែ​ជួយ​បណ្ដេញ​ជាតិពុល​នៅក្នុង​រាងកាយ​បាន​នោះទេ វា​ក៏​អាច​ឃុំគ្រង​សីតុណ្ហភាព​នៅក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​ទៀតផង។ យើង​សូម​ណែនាំ​បន្លែ​ផ្លែឈើ​ទាំង10ប្រភេទ ដែលមាន​គុណប្រយោជន៍​ក្នុងការ​កម្ចាត់​ជាតិពុល​ឱ្យ​ចេញពី​រាងកាយ​យ៉ាង​មាន​ប្រសិទ្ធ​ភាព ៖

    1. ស្ពៃ​ខ្មៅ : ជួយ​លាង​ជាតិពុល​ក្នុង​រាងកាយ ជំរុញ​ភាព​ចងចាំ។

    2. ជី​វ៉ាន់ស៊ុយ : ជួយ​កម្ចាត់ និង​បន្ថយ​បាក់តេរី​ដែលជា​ភ្នាក់ងារ​បង្ក​ជំងឺ។

    3. ប្រភេទ​ស្ពៃ​ស្លឹក​រួញ ឬ​ស្ពៃក្រញាញ់ : ជួយ​បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំនួយ​ដល់​ប្រព័ន្ធ​ប្រសាទ។

    4. ត្រកួន​ចិន : ជួយ​កម្ចាត់​ជាតិពុល ជំនួយ​ភ្នែក កាត់បន្ថយ​រោគ​ទឹកនោមផ្អែម និង​កាត់បន្ថយ​អាការ​ក្ដៅ​ក្នុង។

    5. ជី​អង្កាម : ជួយ​បណ្ដេញ​ខ្យល់​នៅក្នុង​ពោះវៀន និង​ជួយ​រំលាយ​អាហារ។

    6. ការ៉ុត : ជំនួយ​កែវភ្នែក ជួយ​ប្រព័ន្ធ​រំលាយ​អាហារ និង​ការពារ​ជំងឺសរសៃប្រសាទ។

    7. ផ្លែ​ប៊ី​ទ្រូ​ត (Beetroot) : បង្កើត​គ្រាប់​ឈាម ការពារ​ជំងឺ​ក្រពះ ជួយ​បណ្ដេញ​ជាតិពុល​ក្នុង​រាងកាយ។

    8. ក្រូចឆ្មារ : សម្បូរ​ទៅដោយ​វីតាមីន C ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ។

    9. ខ្ញី : បន្ថយ​អាការ​អាប់​សែ​នៅក្នុង​រាងកាយ បណ្ដេញ​ខ្យល់​នៅក្នុង​ពោះវៀនធំ និង​ជួយ​សម្រួលការ​បន្ទោបង់។

    10. ផ្លែ​ប៉ោម : ជា​អាហារ​សម្បូរ​ទៅដោយ​កាក​សរសៃ សម្រួល​ដល់​ការរំលាយ​អាហារ និង​បណ្ដេញ​ជាតិពុល​បាន​យ៉ាង​ល្អ ជាពិសេស​ជួយ​គ្រប់គ្រង​ទម្ងន់​មិនឱ្យ​ងាយ​ឡើង​គីឡូ៕