Tag: រថយន្តក្រុង

  • ព្យុះ​កំណាច​នៅ​ប្រទេស​ចិន​ ​បង្ក​ទឹកជំនន់​គួរឱ្យ​ភ័យខ្លាច

    ព្យុះ​កំណាច​នៅ​ប្រទេស​ចិន​ ​បង្ក​ទឹកជំនន់​គួរឱ្យ​ភ័យខ្លាច

    ភាគ​ខាងជើង​ប្រទេស​ចិន​បានប្រកាស​អាសន្ន​កម្រិត​ខ្ពស់បំផុត នៅពេល​ភ្លៀង​ធំ​បង្អោរ​ចុះ ធ្វើ​ឱ្យ​​លិច​លង់​ទីក្រុង​ប៉េកាំង និង​តំបន់​ក្បែរ​ខាង បណ្ដាលឱ្យ​រថយន្ត​រាប់សិប​គ្រឿង​ត្រូវ​ហូរ​ទៅតាម​ខ្សែទឹក។

    ជើង​រថយន្តក្រុង​រាប់រយ​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ថ្ងៃនេះ​ត្រូវបាន​ផ្អាក​ដំណើរការ បន្ទាប់ពី​អាជ្ញាធរ​បានប្រកាស​អាសន្ន​កម្រិត​ខ្ពស់បំផុត ​គ្រា​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដោយសារតែ​ព្យុះ Doksuri បន្ត​វាយប្រហារ​លើ​ប្រទេស​នេះ។

    អ្នកលេង​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន បាន​ចែករំលែក​បន្ត​គ្នា​នូវ​វីដេអូ​បង្ហាញ​ពី​គ្រោះធម្មជាតិ​មួយ​នេះ។ ក្នុង​វីដេអូ គេ​ឃើញ​ដងផ្លូវ​ក្នុង​ទីក្រុង​ក្លាយជា​ជ្រោះ គួរឱ្យ​ភ័យខ្លាច។

    ទឹកជំនន់​ក៏បាន​ហូរ​ចូល​ចំណត​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នៅ​ទីក្រុង​ប៉េកាំង។ ក្រុមហ៊ុន​ផ្លូវដែក​បានឱ្យ​បុគ្គលិក​យក​អាហារ​ទៅជូន​អ្នកដំណើរ​ដែល​កំពុង​ជាប់​នៅក្នុង​ចំណត។

    មនុស្ស​ជាង 31,000 ​នាក់​ត្រូវបាន​ឈ្លៀ​ង​ទៅកាន់​ទី​សុវត្ថិភាព ការដ្ឋាន​សំណង់​ប្រហែល 4,000 កន្លែង​ត្រូវបាន​ផ្អាក អគារ​ជិត 20,000 រង​ការខូចខាត ខណៈ​ទីតាំង​សម្រាប់​ទេសចរណ៍សំខាន់ៗក្នុង​ទីក្រុង​ត្រូវបាន​បាន​បិត​ជា​បណ្ដោះអាសន្ន។ នៅ​ទីក្រុង​ប៉េកាំង មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង។

    អាកាសយានដ្ឋាន​ពីរ​កន្លែង​នៅ​រដ្ឋធានី​ប្រទេស​ចិន​ក៏បាន​លុបចោល​ជើងហោះហើរ​ជាង 180 ជើង និង​ពន្យារ​ពេល​រាប់រយ​ជើង កាលពី​ព្រឹក​ថ្ងៃទី 31 កក្កដា​នេះ។ គិត​មកដល់​ថ្ងៃនេះ ដងផ្លូវ​ចំនួន 358 នៅ​ប៉េកាំង​បាន​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ Doksuri។

    ព្យុះ Doksuri ធ្វើដំណើរ​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​ចិន​តាំងពី​ថ្ងៃទី 28 កក្កដា នាំឱ្យ​អាជ្ញាធរ​ប្រកាស​ឱ្យ​ប្រជាជន​រាប់លាន​នាក់​ស្ថិតនៅ​ក្នុងផ្ទះ។ ព្យុះ​នេះ​បាន​ក្លាយជា​សម្ពាធ​ទាប​ទៅហើយ ប៉ុន្តែ​អាជ្ញាធរ​ប៉េកាំង និង​ខេត្ត​ក្បែរ​ខាង ថ្ងៃនេះ​នៅតែ​បន្ត​ប្រកាស​​អាសន្ន​កម្រិត​ក្រហម។

    យោងតាម​អ្នកជំនាញ នេះ​អាចជា​ទឹកជំនន់​អាក្រក់​ជាង​ខែកក្កដា​ឆ្នាំ 2012 ទៅទៀត នៅពេល​មាន​មនុស្ស 79 នាក់​បាន​ស្លាប់ និង​រាប់ម៉ឺន​នាក់នៅទូទាំង​ប្រទេស​ ​ត្រូវឈ្លៀស​ទៅ​រក​ទី​សុវត្ថិភាព​៕

  • ទិដ្ឋភាព​ឥណ្ឌូណេស៊ី​ហែ​ក្បួន​អបអរ​មេដាយមាសបាល់​ទាត់​​ស៊ី​ហ្គេម​លើក​ទី 32

    ទិដ្ឋភាព​ឥណ្ឌូណេស៊ី​ហែ​ក្បួន​អបអរ​មេដាយមាសបាល់​ទាត់​​ស៊ី​ហ្គេម​លើក​ទី 32

    បី​ថ្ងៃ​បន្ទាប់ពី​បាន​យកឈ្នះ​លើក​ក្រុមបាល់ទាត់​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​ថៃ ក្រុម​កីឡាករ​បាល់ទាត់​ឥណ្ឌូណេស៊ី ​បាន​ត្រលប់​ទៅ​ប្រទេស និង​នាំគ្នា​ហែ​ក្បួន​អបអរ​ជ័យជម្នះ​នៅ​រដ្ឋធានី​ហ្សា​ការ​តា។

    ក្រុម U22 ឥណ្ឌូណេស៊ី បាន​ចាក​ចេញពី​កម្ពុជា ត្រលប់​ទៅ​មាតុភូមិ​កាលពី​ព្រលប់​ថ្ងៃទី 18 ឧសភា តាមរយៈ​យន្តហោះ​ពិសេស ខណៈ​នៅឯ​ព្រលានយន្តហោះ Soekarno-Hatta អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​បាននាំគ្នា​រង់ចាំ​ទទួល​។

    នៅតាម​ផ្លូវ​ដែល U22 ឥណ្ឌូណេស៊ី​ធ្វើដំណើរ​ពី​ព្រលានយន្តហោះ​ទៅកាន់​សណ្ឋាគារ អ្នកគាំទ្រ​ឈរ​អម​សងខាង ព្រមទាំង​ដុត​​កូន​កាំជ្រួច​បញ្ចេញ​ពន្លឺ។ តំបន់​ខ្លះ​ក៏​រៀបចំ​ឆាក​តន្ត្រី​ដើម្បី​ទទួល​ស្វាគមន៍។

    កាលពី​ព្រឹក​ថ្ងៃទី 19 សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) ក៏​បាន​រៀបចំ​ពិធី​ហែ​ក្បួន នាំ​ក្រុម U22 ទាំងមូល​ធ្វើដំណើរ​តាម​រថយន្តក្រុង​គ្មាន​ដំបូល ពី​សណ្ឋាគារ Kemenpora ទៅកាន់​ទីលាន Gelora Bung Karno។

    PSSI រៀបចំ​ទីតាំង​បួន​កន្លែង​ដែលមាន​សកម្មភាព​កម្សាន្ត អម​សងខាង​ផ្លូវ​ដែល​ក្បួន​ធ្វើដំណើរ​ឆ្លងកាត់។ នៅ​ទីតាំង​ទាំងនោះ​មាន​តន្ត្រី និង​សកម្មភាព​លើកតម្កើង U22 ឥណ្ឌូណេស៊ី។

    នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​ធ្វើឡើង​នៅ​កម្ពុជា U22 ឥណ្ឌូណេស៊ី បាន​ផ្ដួល​សិង្ហ​បុរី មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត និង​កម្ពុជា នៅ​វគ្គ​ប្រកួត​វិលជុំ។ បន្ទាប់មក U22 ឥណ្ឌូណេស៊ី ក៏បាន​យកឈ្នះ​លើ​វៀតណាម 3-2 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ឥណ្ឌូណេស៊ី ក៏បាន​ផ្ដួល​ថៃ​ក្នុង​លទ្ធផល 5-2 ក្រោយ​ការប្រកួត 120 នាទី​ប្រកបដោយ​ហិង្សា៕

  • U22 ឥណ្ឌូណេស៊ី​ត្រូវ​អ្នកគាំទ្រ​កម្ពុជា «​ស្ទាក់​រថយន្ត» ​ព្រោះតែ​មូលហេតុ​​ដ៏​គួរឱ្យភ្ញាក់ផ្អើល

    U22 ឥណ្ឌូណេស៊ី​ត្រូវ​អ្នកគាំទ្រ​កម្ពុជា «​ស្ទាក់​រថយន្ត» ​ព្រោះតែ​មូលហេតុ​​ដ៏​គួរឱ្យភ្ញាក់ផ្អើល

    ការ​ស្ទាក់​ផ្លូវ​របស់​ក្រុម​អ្នក​គាំទ្រ​កម្ពុជា​នេះ​ គឺជា​ទិដ្ឋភាព​ដែល​ពិបាក​បំភ្លេច​សម្រាប់​ក្រុម​កីឡាករ​បាល់​ទា​ត់បុរ​ស​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​ប្រទេស​ឥណ្ឌូណេស៊ី ក្រោយពី​បាន​ប៉ះ U22 វៀតណាម នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​នេះ។

    ទំព័រ Okezone ថ្មី​ៗ​នេះ​ ទើបតែ​បាន​ចុះផ្សាយ​អត្ថបទ​មួយ​និយាយ​អំពី​ប្រតិកម្ម​ពិសេស​របស់​ក្រុម​អ្នកគាំទ្រ​កម្ពុជា ចំពោះ​ក្រុម​កីឡាករ​បាល់ទាត់ U22 ឥណ្ឌូណេស៊ី ដែល​ដណ្ដើមបាន​ជ័យជម្នះ​លើ U22 វៀតណាម ក្នុង​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 កាលពី​ថ្ងៃទី 13 ឧសភា ក្នុង​លទ្ធផល​ 3-2​។

    ទំព័រ Okezone ឱ្យដឹងថា មិនយូរប៉ុន្មាន​បន្ទាប់​ពី​យកឈ្នះ​លើ​វៀតណាម រថយន្តក្រុង​ក៏បាន​ត្រៀម​ដឹក​ក្រុម U22 ឥណ្ឌូណេស៊ី ត្រលប់​ទៅ​សណ្ឋាគារ ប៉ុន្តែ ​ស្រាប់តែ​ត្រូវ​ក្រុម​អ្នកគាំទ្រ​របស់​កម្ពុជា ស្ទាក់ផ្លូវ «ឡោមព័ទ្ធ» ធ្វើឱ្យ​រថយន្ត​មិនអាច​បរ​ទៅមុខ។ ក្រោយពី​រូបថត​ស្ដីពី​ករណីនេះ​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម អ្នកគាំទ្រ​នៅ​ឥណ្ឌូណេស៊ី ក៏​មាន​ការ​ងឿង​ឆ្ងល់​ខ្លាំង​ និង​ចង់​ដឹង​ថា មាន​អ្វី​កើតឡើង​ចំពោះ​ក្រុម​ឥណ្ឌូណេស៊ី។

    U22 ឥណ្ឌូណេស៊ី ឈ្នះ U22 វៀតណាម ក្នុង​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ កាលពី​ថ្ងៃទី 13 ឧសភា ក្នុង​លទ្ធផល​ 3-2

    តាម​ការពិត មូលហេតុ​ដែលនាំឱ្យ​អ្នកគាំទ្រ​របស់​កម្ពុជា ស្ទាក់​ឡាន​ដឹក​ក្រុម​ឥណ្ឌូណេស៊ី គឺ​ជា​រឿង​សាមញ្ញ​សោះ។ យោងតាម​ទំព័រ Okezone អ្នកគាំទ្រ​របស់​កម្ពុជា​ធ្វើ​ដូច្នេះ​គឺ​គ្រាន់តែ​ដើម្បី​សុំ​ថតរូប​ជាមួយ Marselino Ferdinan និង​មិត្ត​រួម​ក្រុម​របស់គាត់​។

    ក្រុម​អ្នកគាំទ្រ​របស់​កម្ពុជា​ទាំងនេះ គឺមាន​ទាំង​បុរស ទាំង​នារី។ តប់​នឹង​សំណើ​របស់​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ កីឡាករ​ជាច្រើនរូប​របស់​ឥណ្ឌូណេស៊ី ក៏​យល់ព្រម​ថតរូប​ប្រកបដោយ​ភាពស្និទ្ធស្នាល។ បន្ទាប់មក ពួកគេ​ក៏​ឡើង​ឡាន​ និង​ចេញ​ដំណើរ​​ដោយ​មាន​ការ​រាដៃ​លា​ពី​អ្នក​គាំទ្រ​ ហើយ​ទៅ​ដល់​សណ្ឋាគារ​ដោយ​សុវត្ថិភាព។

    ទំព័រ Okezone បានឱ្យដឹងថា ប្រតិកម្ម​ដ៏​ពិសេស​នេះ បានក្លាយ​ជាទី​ចាប់អារម្មណ៍​លើ​បណ្ដាញ​សង្គម​នៅ​ឥណ្ឌូណេស៊ី។ សារព័ត៌មាន​ឥណ្ឌូណេស៊ី យល់ថា នេះ​គឺជា​ទិដ្ឋភាព​ដ៏​គួរឱ្យ​ចងចាំ​សម្រាប់ Ferdinan និង​មិត្ត​រួម​ក្រុម​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ ក្រៅពីនេះ ការគាំទ្រ​របស់​ទស្សនិកជន​កម្ពុជា ក៏​នឹង​ជួយ​ឱ្យ U22 ឥណ្ឌូណេស៊ី មាន​កម្លាំងចិត្ត​កាន់​តែ​ខ្ពស់ នៅ​ក្នុង​ការ​​​ប្រកួត​ជាមួយ U22 ថៃ​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​ក្រោយ​ការរង់ចាំ​អស់ 32 ឆ្នាំ៕

  • បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

    បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

    សង្គមយើងបច្ចុប្បន្ននេះ ផ្លាស់ប្តូរខុសពីមុនច្រើនណាស់​ ការជួយយកអាសារគ្នា ការចែករំលែក ការអាណិតមេត្តាចំពោះគ្នាទៅវិញទៅមកដូចកាលពីអតីតកាលនោះ ស្ទើរតែលែងឃើញមានទៅហើយ ថ្ងៃនេះ ឡារ៉ែន សូមជូននូវអត្តបទដាស់ស្មារតីមួយ​សម្រាប់លោកឪពុក-អ្នកម្តាយ ឬអាណាព្យាបាលសម័យថ្មីនេះ ក្នុងការចិញ្ចឹមមើលថែកូនចៅថា តើគួរធ្វើ​បែបណាដើម្បីឱ្យសង្គមរបស់​យើងរស់នៅ​ជុំ​គ្នាបានយ៉ាងសុខសប្បាយ ចេះសណ្តោសប្រណី ចេះអាណិតមេត្តាចំពោះគ្នាទៅវិញទៅមក ព្រមទាំងបង្ហាត់កូនឱ្យចេះធ្វើអំពើល្អ និង​អាណិត​ស្រឡាញ់​កូនឱ្យស្មើៗគ្នា ផ្តល់នូវភាពយុត្តិធម៌ដល់កូន ដើម្បីឱ្យកូនៗរបស់យើងបានរៀនយល់ដឹង និងប្រតិបត្តិតាមដូចខាង​ក្រោម ៖

    1.ពេលកូននៅជាទារក ឪពុកម្តាយត្រូវយល់ដឹងអំពីកូនជាមុន

    តាំងពីពេលកូនស្ថិតក្នុងវ័យមិនទាន់ចេះនិយាយ មិនទាន់អាចប្រាប់បានថា គេត្រូវការអ្វី ឬចង់បានអ្វីនោះ ឪពុកម្តាយមួយចំនួន ពូកែខ្លាំងណាស់ បានឮត្រឹមតែសំឡេងកូនយំ ក៏អាចដឹងបានភ្លាមថា កូនចង់ឱ្យឪពុកម្តាយឱប ឬឃ្លាន ឬរងារ ឬអផ្សុក ចង់ឱ្យប៉ាម៉ាក់​លេង​​​ជាមួយ ជាដើម។ នេះគឺការស្មានដឹងពីចិត្តរបស់កូន ហើយបើកូនបានទទួលការតបស្នងតាមតម្រូវការក្នុងចំណុចដំបូងៗនេះផងនោះ កូននឹងមានអារម្មណ៍ដឹងនិងស្គាល់ពី “ដួងចិត្ត” របស់ប៉ាម៉ាក់បានដូចគ្នា ដូចដែលគេនិយាយថា ចេញពីបេះដូងមួយ ចូលទៅបេះដូងមួយទៀត ហ្នឹងឯង។ នៅពេលកូនធំឡើង ការបង្ហាត់បង្រៀននឹងប្រែប្រួលទៅតាមអាយុ ដូចជាពេលកូនច្បងអាយុបាន 3ឆ្នាំ កូនច្បងចេះលួងលោមបំពេរលួងលោម ពេលប្អូនដែលមានអាយុ 7-8ខែស្រែកយំជាដើម គឺជាការបង្ហាញឱ្យឃើញពីចំណុចដើមទីនៃព្រហ្មវិហារធម៌ទាំង 4 របស់កូនតូចវ័យ 3ឆ្នាំ។ ម្តាយគួរពោលពាក្យ​សរសើរថា “កូនចិត្តល្អណាស់ ត្រូវអាណិតប្អូនណា៎…” ពេលនោះកូននឹងកាន់តែអភិវឌ្ឍអារម្មណ៍បែបនេះច្រើនឡើងនៅពេលគេធំឡើងមិនខាន។

    2.ជជែកលេង និងនិយាយរឿងជាមួយកូនឱ្យបានច្រើន

    ដូចជាម្តាយរៀបរាប់ពីឧទាហរណ៍របស់មនុស្សល្អដែលចេះជួយដល់អ្នកដទៃដោយការលះបង់កន្លែងអង្គុយរបស់ខ្លួននៅក្នុងរថយន្តក្រុង ​​ឱ្យទៅលោកយាយចំណាស់ម្នាក់ដែលឈរតោងបង្កាន់ដៃ(គ្មានកន្លែងអង្គុយ) ឬប៉ូលីសដែលយាមនៅមុខសាលារៀនដឹកដៃនាំស្រ្តីម្នាក់ និងកូនដើរឆ្លងថ្នល់ ឬក៏អ្នកបើកឡានតាក់ស៊ីយកកាបូបលុយដែលភ្ញៀវភ្លេចនៅក្នុងឡាន​ ទៅឱ្យម្ចាស់គេវិញជាដើម។ រឿងទាំងអស់នេះ អ្នកម្តាយគួរនិយាយសរសើរពីពួកគេទាំងនោះឱ្យកូនបានស្តាប់ផងដែរ។

    3.បងប្អូនក្នុងវ័យ 2-3ឆ្នាំ តែងតែឈ្លោះគ្នាដណ្តើមរបស់លេងជារឿងធម្មតា

    វ័យ Toddler ហៅថា ជាវ័យ “It’s mine” អ្វីៗក៏ជារបស់ខ្ញុំដែរ គឺក្មេងៗមានភាពអត្មានិយមខ្ពស់ណាស់។ “ខ្ញុំរើសបាន វាជារបស់ខ្ញុំ” អ្នកណាចង់យកទៅណា មិនបានទេណា៎ តែបើវាបែកបាក់ហើយ លែងល្អហើយនោះ “វាមិនមែនជារបស់ខ្ញុំទេ”។ ទាំងអស់​នេះ ដោយសារតែកុមារដែលស្ថិតក្នុងវ័យនេះ ខួរក្បាលកំពុងវិវឌ្ឍទៅមុខលឿន តែការត្រិះរិះគិតដោយហេតុផល ទៅតាមមិនទាន់ ប្រៀបដូចឡានថ្មី ម៉ាស៊ីនខ្លាំង តែហ្រ្វាំងមិនទាន់ធ្វើការអុីចឹងដែរ ទើបធ្វើឱ្យកើតសង្គ្រាមដណ្តើមរបស់លេង ឬដណ្តើមម៉ាក់គ្នាឡើងជារៀងរាល់ថ្ងៃ តែនៅពេលធំទៅ ពួកគេនឹងល្អឡើងវិញដោយឯកឯង បើសិនអ្នកម្តាយប្រាប់ថា “ផ្លាស់គ្នាលេងម្តងម្នាក់ក៏បានដែរកូន” ឬបងទៅអានរឿងនិទានជាមួយម៉ាក់ ទុកឱ្យប្អូនលេងមុនទៅ បន្តិចទៀតចាំផ្លាស់គ្នាលេង។ កូនស្រីបងអាយុ 3 -4ឆ្នាំដែលសុខចិត្តចុះចាញ់ប្អូននោះ ភ្នែកឡើងក្រហម ពេបមាត់ចង់យំ អ្នកម្តាយគួរពោលសរសើរថា “កូនជាក្មេងល្អណា៎កូន” ព្រមទាំងឱបថើបកូនផង និងលួងលោមថា បន្តិចទៀត ប្អូននឹង​យក​តម្រាប់តាម និងធ្វើតាមបងមិនខាន។ នេះគឺជាចំណុចចាប់ផ្តើមនៃការធ្វើជាមនុស្សល្អ ដូចគ្នានឹង​ពេលដែលកូន​ទៅសាលាមត្តេយ្យ​ ជួបនឹងពួកម៉ាកដែលមិនស្រួលខ្លួន ក៏នឹងដឹកដៃពួកម៉ាកនោះទៅរកអ្នកគ្រូ ជាដើម។ នោះបញ្ជាក់ថា កូនចេះមានចិត្តអាណិតមេត្តាដ៏ប្រពៃហើយ ចេះអាណិត​ពួក​ម៉ាកដែលឈឺ ឬដែលមានមាឌតូចជាងខ្លួនជាដើម។

    4.បង្រៀនកូនឱ្យនិយាយពាក្យពីរោះៗ

    មានបិយវាចា(សម្តីគួរឱ្យស្រឡាញ់ សម្តីសុភាព) ចេះពោលពាក្យជម្រាបសួរ សាធុ សុំទោសនៅពេលធ្វើខុស និងអរគុណព្រមជាមួយការលើកដៃសំពះយ៉ាងស្អាត និងបង្អោនខ្លួនចុះ រួមទាំងចេះឱនលំទោនជាមួយមនុស្សចាស់ កូននឹងក្លាយជាក្មេងដ៏គួរឱ្យស្រឡាញ់ចូលចិត្តរបស់អ្នកដែលបានឃើញ និងទទួលបានការសរសើរថា ជាក្មេងដែលមានការអប់រំល្អ។

    5.បង្ហាត់កូនឱ្យស្គាល់គំរូល្អៗតាមបែបខ្មែរ

    ថ្ងៃចូលឆ្នាំខ្មែរមហាសង្រ្កាន្ត ថ្ងៃចូលឆ្នាំថ្មីសកល ថ្ងៃខួបកំណើតរបស់ចាស់ទុំ នាំកូនទៅក្រាបសំពះលោកតា លោកយាយចាស់ៗ ទៅធ្វើបុណ្យជាមួយគ្នា ឱ្យកូនៗជួយប៉ាម៉ាក់រៀបចំរបស់របរទៅធ្វើបុណ្យ ឬរៀបចំរបស់របរទៅសួរសុខទុក្ខចាស់ៗ ជាដើម។

    6.កុមារបឋមវ័យត្រូវចេះជួយកាងារខ្លះទៅតាមវ័យរបស់កូន

    គេនឹងមានចិត្តអាសាស្ម័គ្រ និងមានចិត្តមេត្តាអ្នកដទៃនៅពេលធំឡើង ដូចជាធ្វើកិច្ចការងារតូចតាចនៅក្នុងផ្ទះ ជួយបង ប្អូន និងប៉ាម៉ាក់។ បង្រៀនឱ្យកូនចេះស្រឡាញ់ធម្មជាតិដោយការដាំដើមឈើ មើលថែទាំដើមផ្កាឱ្យរីកធំធាត់ មើលបក្សីបក្សា មេអំបៅ ដង្កូវ មើលថែទាំសត្វចិញ្ចឹម និងឱ្យចំណីត្រី ជាដើម។

    7.ក្មេងប្រុស ក្មេងស្រី ត្រូវបង្រៀន និងអប់រំឱ្យដូចៗគ្នា

    អ្នកខ្លះយល់ខុសថា ក្មេងប្រុសកុំទៅទន់ជ្រាយពេក​ “ប្រយ័ត្នទៅជាខ្ទើយ” ឱ្យចេះស្វាហាប់ រាងកាចតិចៗ ទើបសមជាមនុស្ស​ប្រុស។ តែការពិតវិញ ភាពទន់ភ្លន់ មិនមែនជាភាពទន់ជ្រាយទេ “អំពើល្អមានមេត្តាចំពោះគ្នា មិនបែងចែកភេទទេ” ព្រោះយើងជាមនុស្សរស់នៅលើផែនដីតែមួយរួមគ្នា។ យើងមិនចូលចិត្តបុរសដែលកាចឃោរឃៅ តែយើងកោតសរសើរបុរសដែលជាមនុស្សល្អ សម្តីពិរោះ មានទឹកចិត្ត​ល្អ មានការប្រព្រឹត្តល្អ ព្រោះយើងត្រូវការមនុស្សល្អនៅក្នុងសង្គម។

    ពិភពលោកនឹងគួរឱ្យរស់នៅសម្រាប់កូនក្នុងពេលនេះ និងក្នុងពេលអនាគតដែលមានភាពរីកចម្រើនយ៉ាងខ្លាំងខាងផ្នែកតិចណូឡូជី និងសភាពជុំវិញខ្លួនដែលកាន់តែកាចសាហាវខ្លាំងឡើង បើកូនមានប្រព័ន្ធការពារល្អខាងផ្លូវចិត្ត ជាមនុស្សល្អ កូននឹង​មានជីវិតរស់នៅប្រកបដោយសេចក្តីសុខ និងអាចជួយយកអាសាអ្នកដទៃបានទៀតផង៕

  • រថយន្តក្រុងក្នុងរាជធានី នឹងកើន 100គ្រឿងទៀតនៅខែក្រោយ

    រថយន្តក្រុងក្នុងរាជធានី នឹងកើន 100គ្រឿងទៀតនៅខែក្រោយ

    ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងដាក់បន្ថែមរថយន្តក្រុងសាធារណៈចំនួន 100គ្រឿងទៀត ហើយនឹងបន្ថែមខ្សែផ្លូវរត់ចំនួន 5ខ្សែទៀត នៅពាក់កណ្តាលខែកក្កដា ឆ្នាំ2017នេះ ដែលរថយន្តទាំង 100គ្រឿងនេះ ជាជំនួយរបស់រដ្ឋាភិបាលចិន។

    លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលនៃសាលារាជធានីភ្នំពេញបានឲ្យដឹងថា សាលាក្រុងកំពុងគ្រោងពង្រីកខ្សែផ្លូវរត់របស់រថយន្តក្រុងក្នុងរាជធានីភ្នំពេញឱ្យបាន10ខ្សែបន្ថែមទៀតនៅចុងឆ្នាំ2017នេះ ខណៈដែលពេលបច្ចុប្បន្នមានរថយន្តក្រុងចំនួនតែ 57គ្រឿងកំពុងដំណើរការនៅលើផ្លូវរត់ចំនួនតែ 3ខ្សែប៉ុណ្ណោះ ប៉ុន្តែលោកនៅមិនទាន់បានបញ្ជាក់អំពីខ្សែផ្លូវរត់ថ្មីទាំង10នោះនៅឡើយ។

    គួរបញ្ជាក់ថា បច្ចុប្បន្នសាលារាជធានីភ្នំពេញបានលក់សំបុត្ររថយន្តក្រុងបានប្រមាណជា 6ពាន់ ទៅ7ពាន់សន្លឹកប៉ុណ្ណោះដល់អ្នកធ្វើដំណើរប្រចាំថ្ងៃ ដែលនេះជាមូលហេតុមួយធ្វើឱ្យរដ្ឋបាលក្រុងភ្នំពេញខំប្រឹងពង្រីកបន្ថែមទៀតនូវខ្សែផ្លូវរត់ថ្មី និងដាក់រថយន្តក្រុងសាធារណៈបន្ថែមទៀត៕