Tag: រដ្ឋ

  • អាម៉េរិកវះកាត់​ដាក់​តម្រង​នោម​ជ្រូក​ឱ្យ​មនុស្ស​កំពុង​មាន​ជីវិត​ជា​លើក​ដំបូង

    អាម៉េរិកវះកាត់​ដាក់​តម្រង​នោម​ជ្រូក​ឱ្យ​មនុស្ស​កំពុង​មាន​ជីវិត​ជា​លើក​ដំបូង

    ក្រុមវេជ្ជបណ្ឌិតនៅ​មន្ទីរពេទ្យ Massachusetts សហរដ្ឋ​អាម៉េរិក​ ទើបតែ​បាន​វះកាត់​​ ​ដាក់​តម្រង​​នោម​​ជ្រូក​ឱ្យ​អ្នក​ជំងឺ​ម្នាក់​ដែល​នៅ​មាន​ជីវិត​។

    យោង​តាម​ការ​ប្រកាស​កាល​ពី​ថ្ងៃទី 21 មីនា ក្រុម​វេជ្ជបណ្ឌិត​ខាងលើ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​វះកាត់​ប្ដូរ​តម្រង​នោម​នេះ​។ ការ​វះកាត់​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី 16 ខែមីនា និង​អូស​បន្លាយពេល​ 4 ម៉ោង​។

    តាម​ការ​ប្រកាស​ពី​មន្ទីរពេទ្យ Massachusetts អ្នក​ជំងឺ​ដែល​មាន​អាយុ 62 ឆ្នាំ និង​មាន​ឈ្មោះ​ថា Richard Slayman កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ ហើយ​គ្រោង​នឹង​ចេញ​ពី​ពេទ្យ​ឆាប់ៗ​នេះ​។

  • អាស៊ាន​ (ASEAN) ​កែទម្រង់​​ប្រព័ន្ធ​ប្រមូលពន្ធ​រួម

    អាស៊ាន​ (ASEAN) ​កែទម្រង់​​ប្រព័ន្ធ​ប្រមូលពន្ធ​រួម

    តំណាង​បណ្ដា​ប្រទេស​ជាសមាជិក​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) បាន​បើក​កិច្ច​ប្រជុំ​​​នៅ​រដ្ឋធានី​វៀងចន្ទន៍​របស់​ឡាវ នៅក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ប្រជុំ​លើក​ទី 18 របស់​ក្រុម​បេសកកម្ម​ស្ដី​ពី​វេទិកា​ពន្ធ​អាស៊ាន​ និង​កិច្ច​ប្រជុំ​លើក​ទី 15 នៃ​អនុវេទិកា​អាស៊ាន​ស្ដី​ពី​ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ពិសេស​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី 20 ដល់ 22 ខែ​មីនា 2024​។

    ទូរទស្សន៍ជាតិ​ឡាវ ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ឡាវ​កំពុង​សហការ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ប្រមូល​ពន្ធ​ ក្នុង​បំណង​ធានា​ ជំរុញ​​សមាហរណកម្ម​បន្ថែម​ទៀត ក៏ដូច​ជា​ដើម្បី​កាត់បន្ថយ​អម្រែក​​ពន្ធ​។

    កិច្ច​ប្រជុំ​នេះ​ ពិភាក្សា​អំពី​បញ្ហា​ពាក់​ព័ន្ធ​ ដើម្បី​សម្រេចឱ្យ​​បាន​​កិច្ច​ព្រម​ព្រៀង​ដែល​បញ្ចៀស​ការ​យក​ពន្ធ​ពីរ​លើក​ រវាង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ​ជា​ផ្នែក​មួយ​នៃ​បណ្ដា​កិច្ច​ព្រម​ព្រៀង​ប្រមូល​ពន្ធ​ទ្វេ​ភាគី​ដែល​កំពុង​អនុវត្ត​ និង​គម្រោង​សកម្មភាព​ក្នុង​បំណង​អនុវត្ត​ការ​កាត់​បន្ថយពន្ធ​ឱ្យ​បាន​ល្អ​បំផុត​។ ក្នុង​នោះ អង្គ​ប្រជុំ​ក៏​បាន​និយាយ​ដល់​​ការ​ងាក​ទៅ​រក​ការ​គ្រប់​គ្រង​ពន្ធ​ក្នុង​អនាគត​ តាម​រយៈ​បរិវត្តកម្មឌីជីថល។

    កិច្ច​ប្រជុំ​នេះ​ក៏​ពិភាក្សា​​អំពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ដំណោះ​ស្រាយ​ផ្នែក​ឌីជីថល់​ នៅ​ក្នុង​ការ​គ្រប់​គ្រង​ពន្ធ​លើ​ការ​ប្រើប្រាស់​ពិសេស​ផងដែរ​​។

  • បណ្ដាញ​​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ នឹង​បង្ហាញ​ខ្លួន​នា​ពេល​អនាគត

    បណ្ដាញ​​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ នឹង​បង្ហាញ​ខ្លួន​នា​ពេល​អនាគត

    បណ្ដាញ​ផ្លូវ​រថភ្លើង​លើឋាន​ព្រះ​ចន្ទ​ អាច​ដឹក​មនុស្ស ទំនិញ និង​ធនធាន​ធម្មជាតិ​ សម្រាប់បម្រើ​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​រួម​ចំណែក​ទៅក្នុង​សេដ្ឋកិច្ច​អវកាស​។

    ស្ថាប័ន​គ្រប់​គ្រង​បណ្ដា​គម្រោង​ស្រាវ​ជ្រាវ​ការ​ពារ​ជាតិ​ទំនើប​អាម៉េរិក (DARPA) បាន​ជ្រើស​យក​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ការ​ពារ​ជាតិ​ និង​អវកាសចរណ៍​ Northrop Grumman ដើម្បី​អភិវឌ្ឍ​គំនិត​ស្ដី​ពី​ការ​ស្ថាបនា​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ​។ នេះ​គឺជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​អំពី​ស្ថាបត្យកម្ម​ព្រះ​ចន្ទ​រយៈ​ពេល​ 10 ឆ្នាំ (LunA-10) ដែល​ ADRPA ប្រកាស​កាល​ពី​ឆ្នាំ​កន្លង​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុន​ចំនួន 14 ផ្សេង​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Interesting Engineering កាល​ពី​ថ្ងៃទី 20 មីនា​។

    ជាមួយ​នឹង​គម្រោង​ LunA-10 ស្ថាប័ន​ DARPA សង្ឃឹម​ថា អាច​រក​ឃើញ​ដំណោះ​ស្រាយ​សម្រាប់​ការ​បង្កើត​ប្រព័ន្ធ​ពហុ​មុខ​ងារ​នៅ​លើ​ឋាន​ព្រះ​ចន្ទ ដោយ​ប្រព័ន្ធ​មួយ​អាច​បំពេញ​ភារកិច្ច​ច្រើន​ តាំង​ពី​ការ​ផ្គត់ផ្គង់​អគ្គិសនី​គ្មាន​ខ្សែ​ ស្ថានីយ​ទំនាក់​ទំនង រហូត​ដល់​តួនាទី​ជា​មជ្ឈមណ្ឌល​កំណត់​ទិស​​ជា​ដើម​។

    Northrop Grumman គឺជា​ក្រុម​ហ៊ុន​ដំបូង​ដែល​បង្ហើប​ឱ្យ​ដឹង​តួនាទី​នៅ​ក្នុង​គម្រោង​ ដែល​នឹង​អភិវឌ្ឍ​បច្ចេកទេស​ស្ថាបនា​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ​។

    ដូច​ទៅ​នឹង​វត្តមាន​ដំបូង​របស់​ផ្លូវ​ដែក​កាល​ពី​សតវត្សរ៍​ទី 19 ដែល​បាន​ជួយ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​នៅ​ភាគ​ខាងលិច​សហរដ្ឋ​អាម៉េរិក​ បច្ចេកវិទ្យា​ថ្មី​ត្រូវ​បាន​រំពឹង​ថា នឹង​ចាប់​ផ្ដើម​ ក៏​ដូច​ជា​រក្សា​កំណើន​សេដ្ឋកិច្ច​នៅ​លើផ្ទៃ​ព្រះ​ចន្ទ​។

    យោង​តាម​ក្រុម​ហ៊ុន​ខាងលើ បណ្ដាញ​ផ្លូវ​ដែក​ឋានព្រះ​ចន្ទ​ អាច​ដឹក​មនុស្ស ទំនិញ និង​ធនធាន​ធម្មជាតិ​ សម្រាប់បម្រើ​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​រួម​ចំណែក​ទៅក្នុង​សេដ្ឋកិច្ច​អវកាស​​របស់​សហរដ្ឋ​អាម៉េរិក និង​ដៃគូ​សហការ​អន្តរជាតិ​។

  • BYD ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​ ឆាប់​ៗ​នេះ

    BYD ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​ ឆាប់​ៗ​នេះ

    ថ្មី​ៗ​នេះ រថយន្ត​មន្ត្រីមួយ​រូប​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ 2026 ក្រុម​ហ៊ុន​ចិន BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។

    Luhut Panjaitan រដ្ឋមន្ត្រី​សម្រប​សម្រួល​កិច្ច​ការ​សមុទ្រ និង​វិនិយោគ​ កាល​ពី​ថ្ងៃទី 20 មីនា ​បាន​បង្ហោះ​​សារ​​លើ​គណនី​ Instagram របស់​ខ្លួន​ ឱ្យ​ដឹង​ថា BYD គ្រោង​នឹងប្រារព្ធ​ពិធីសម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោង​ចក្រ​មួយ​ក្នុង​ទឹក​ដី​ឥណ្ឌូណេស៊ី​ នៅ​ខែ​កក្កដា​ខាងមុខ​។

    រដ្ឋមន្ត្រី​រូប​នេះ​បន្ថែម​ថា BYD បាន​ដាក់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នៅ​ឥណ្ឌូណេស៊ី ចាប់​ពី​ដើម​ឆ្នាំ 2026​។

    កាល​ពី​ខែ​មករា រដ្ឋមន្ត្រី​សេដ្ឋកិច្ចឥណ្ឌូណេស៊ី ក៏​ធ្លាប់​បាន​ឱ្យ​ដឹង​ថា BYD មាន​គម្រោង​វិនិយោគ​ 1.3 ពាន់​លាន​ដុល្លារ​ ដើម្បី​សង់​រោង​ចក្រ​ដែល​អាច​ផលិត​រថយន្ត​អគ្គិសនី​បាន 150,000 គ្រឿង​/ឆ្នាំ​ នៅ​ប្រទេស​នេះ​។

    ចំណែក​ខាង​ BYD ក៏​បាន​ប្រាប់​ថា កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់​គាំទ្រ​ដល់​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ ហើយ​ថា នឹង​បង្កើត​បណ្ដាញ​លក់រាយ​រហូត​ដល់ 50 ទីតាំង​ នៅ​ចុង​ឆ្នាំ 2024​។

  • Shell បិទ​ទ្វារ​ស្ថានីយ​ប្រេង​សាំង​ 1,000 កន្លែង ដើម្បី​ងាក​ទៅ​រក​​ស្ថានីយ​សាកថ្ម​រថយន្ត​អគ្គិសនី

    Shell បិទ​ទ្វារ​ស្ថានីយ​ប្រេង​សាំង​ 1,000 កន្លែង ដើម្បី​ងាក​ទៅ​រក​​ស្ថានីយ​សាកថ្ម​រថយន្ត​អគ្គិសនី

    ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ Shell កំពុង​រក​វិធី​បិទ​ទ្វារស្ថានីយលក់​រាយ​​ប្រេង​សាំង​រហូត​ដល់ 1,000 កន្លែង​ ក្នុង​ពេល​ឆាប់​ៗ​​ខាង​មុខ​ ដើម្បី​ងាក​ទៅ​រក​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ ដែល​ពិភព​លោក​កំពុង​នាំ​គ្នា​ជំរុញ​យ៉ាង​ខ្លាំង​ក្លា។

    នៅ​ក្នុង​របាយការណ៍​ថ្មី​បំផុត​របស់​ខ្លួន ក្រុម​ហ៊ុន Shell ដែល​មាន​ទីស្នាក់ការ​នៅ​ចក្រភព​អង់គ្លេស បាន​ឱ្យ​ដឹង​ថា ខ្លួន​មាន​គម្រោង​បិទ​ទ្វារ​ទីតាំង​លក់​រាយ​ប្រេង​សាំង​ចំនួន 500 កន្លែង​/ឆ្នាំ សម្រាប់​ឆ្នាំ 2024 និង​ 2025​។ ជំនួស​មក​វិញ ក្រុម​ហ៊ុន​នេះ​គ្រោង​នឹង​ផ្ដោត​ទៅ​លើ​ការ​ពង្រីក​បណ្ដាញ​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ ហើយ​សង្ឃឹម​ថា ចំនួន​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នឹង​កើន​ដល់​ 200,000 កន្លែង​នៅ​ក្នុង​ឆ្នាំ 2030​ ច្រើន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង 54,000 កន្លែង​ នា​បច្ចុប្បន្ន​។

    Shell ក៏​កំពុង​តែ​មាន​ផែនការ​វិនិយោគ​ពី 10 ទៅ 15 ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅ​ក្នុង​បណ្ដា​គម្រោងដែល​​បំភាយ​ឧស្ម័ន​កាបូន​កម្រិត​ទាប​ផងដែរ​។

    នៅ​សហរដ្ឋ​អាម៉េរិក ក្រុម​ហ៊ុន​ដែល​កំពុង​នាំមុខ​គេ​ក្នុង​វិស័យ​បញ្ចូល​ថាមពល​ល្បឿន​លឿន​សម្រាប់​រថយន្ត​អគ្គិសនី​ ដែល​ហៅ​ថា Supercharger គឺ​ Tesla ដោយ​រួម​ចំណែក​រហូត​ដល់ 61.7% នៃ​បណ្ដា​ញ​សាក​ថ្ម​ EV នៅ​លើ​ទឹក​ដី​នេះ​ ខណៈ​ដែល​ ​Shell Recharge របស់ក្រុម​ហ៊ុន​អង់គ្លេស​នៅ​សហរដ្ឋ​អាម៉េរិកវិញ មាន​ចំណែក​ប្រមាណ 1.7% ប៉ុណ្ណោះ​ នៅ​ក្នុង​វិស័យ​នេះ​។

  • ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

    ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

    ក្នុងឆ្នាំ 2023 ប្រតិបត្តិការទូទាត់ដោយ​ប្រើ​ប្រាស់ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌីជីថល់ បានកើនឡើង 44% ធៀបនឹងឆ្នាំ 2022 និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា 3.1%។

    តួលេខ​ខាងលើ​នេះ ត្រូវ​បាន​លើក​ឡើង​ដោយ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពី «ខួបលើកទី 44 នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» ដែល​បាន​ធ្វើឡើង​នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2024។

    ក្នុងចំណោមវិធានការនានា​ដែល​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​​ប្រាក់រៀល ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់​តែ​មានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច​។ លើសពីនេះ ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចទូទាត់តាមប្រព័ន្ធយ្យូអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។

    លោកជំទាវ ជា សិរី បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន និងឥណ្ឌា ជាដើម។

    ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏​បាន​អំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង។ លោកជំទាវថ្លែងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។

  • ប្រទេស​ណា​​ផលិត​ប្រេងឆៅ​ច្រើន​ជាង​គេ​លើ​ពិភពលោក?

    ប្រទេស​ណា​​ផលិត​ប្រេងឆៅ​ច្រើន​ជាង​គេ​លើ​ពិភពលោក?

    បន្ទាប់​ពី​បាន​យក​ឈ្នះ​រុស្ស៊ី​កាលពី​ឆ្នាំ 2018 មក​ដល់​បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក​នៅ​តែ​ជា​ប្រទេសនាំ​មុខ​គេ​ក្នុង​ការ​ផលិត​ប្រេង​ពី​អណ្ដូង​រ៉ែ​ នៅ​ក្នុង​​ពិភពលោក​ និង​ពង្រីក​គម្លាត​នៅ​ក្នុង​ top 3 ផងដែរ​។

    ទិន្នន័យ​របស់​ស្ថាប័ន​ព័ត៌មាន​ថាមពល​អាម៉េរិក (EIA) ឱ្យ​ដឹង​ថា បរិមាណ​ប្រេង​បាន​ពីរ៉ែដែល​ផលិត​​ក្នុង​ឆ្នាំ 2023 ឡើង​ដល់ 12.9 លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ ច្រើន​ជាង​ អារ៉ាប៊ីសាអូឌីត និង រុស្ស៊ី ហើយ​ក៏​បំបែក​កំណត់​ត្រា​ឆ្នាំ 2022 ដែល​ផលិត​បាន​ត្រឹម​តែ​ 12.3 លាន​ធុង​/ថ្ងៃ​។

    «សហរដ្ឋ​អាម៉េរិក បាន​ផលិត​ប្រេង​ឆៅ​ច្រើន​ជាង​ប្រទេស​ណា​ៗ​ទាំង​អស់​ នៅ​ក្នុង​ 6 ឆ្នាំ​ជាប់​ៗ​គ្នា​​កន្លង​ទៅ​នេះ​» EIA បញ្ជាក់​ដូច្នេះ​។

    បច្ចុប្បន្ន ដោយ​សារ​តែ​ សហរដ្ឋ​អាម៉េរិក មិន​មែន​ជា​សមាជិក​របស់​អង្គការ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេង​ឆៅ (OPEC) ប៉ុន្តែ​រួម​ចំណែក​ក្នុង​បរិមាណ​យ៉ាង​ច្រើន​ ទើប OPEC និង OPEC+ ត្រូវ​ជួប​ការ​លំបាក​នៅ​ក្នុង​ការ​កំណត់​តម្លៃ​ប្រេង​ក្នុង​ទីផ្សារ​ពិភពលោក​ ទៅ​តាម​ចិត្ត​ចង់​​របស់​ខ្លួន​។ ប្រការ​នេះធ្វើ​ឱ្យ OPEC+ ត្រូវ​កាត់​បន្ថយ​ការ​ផលិត​ដោយ​ខ្លួន​ឯង ដើម្បី​រក្សា​តម្លៃ​ប្រេង​មិន​ឱ្យ​ធ្លាក់​ថ្លៃ​ខ្លាំង។

    Top 3 ស្ដីពី​បណ្ដា​ប្រទេស​ផលិត​ប្រេង​ឆៅ​ច្រើន​ជាង​គេ​លើ​ពិភពលោក​ ក្នុង​រយៈ​ពេល​ 10 ឆ្នាំ​កន្លង​
    បរិមាណ​ប្រេង​ឆៅ​របស់​បណ្ដា​ប្រទេស​ ដែល​បាន​ផលិត​ក្នុង​ឆ្នាំ 2023 (លានធុងបារ៉ែល​ក្នុង​មួយ​ថ្ងៃ)
  • ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​អាស៊ី​អាគ្នេយ៍ នឹង​ផ្ទុះ​ការ​ពេញ​និយម​ខ្លាំង​ក្លា​

    ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​អាស៊ី​អាគ្នេយ៍ នឹង​ផ្ទុះ​ការ​ពេញ​និយម​ខ្លាំង​ក្លា​

    ដោយសារ​តែ​មាន​ការ​បារម្ភ​អំពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​ រថយន្ត​អគ្គិសនី​កំពុង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ រដ្ឋាភិបាល​ ក្រុម​ហ៊ុន​ និង​អ្នក​វិនិយោគ​នៅ​ទូទាំង​សកល​លោក​។

    នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​មាន​ភាព​ក្មេង​ខ្ចី​នៅ​ឡើយ​ ដោយ​រួម​ចំណែក​មិន​ដល់ 2% នៃ​រថយន្ត​អគ្គិសនី​ទូទាំង​ពិភពលោក​។ ក៏ប៉ុន្តែ ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​អង្គការ​ EY បង្ហាញ​ថា ចំនួន​រថយន្ត​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ចំនួន​ 6 ក្នុង​តំបន់​នេះ​ ដែលរួម​មាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ សិង្ហបុរី ហ្វ៊ីលីពីន និង​វៀតណាម នឹង​បាន​ឃើញ​កំណើន​ទ្វេគុណ​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​នឹង​សម្រេច​បាន​ពី 16 ទៅ 39% ក្នុង​ដំណាក់​កាល​ពី​ឆ្នាំ 2021 ដល់ 2035​។

    យោង​តាម​អង្គការ EY ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​នៃ​វិស័យ​រថយន្ត​អគ្គិសនី​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ក្នុង​ដំណាក់​កាល​ខាងលើ គ្រោង​នឹង​សម្រេច​បាន​ពី 80 ទៅ 100 ពាន់​លាន​ដុល្លារ​​អាម៉េរិក ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ 2 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2021​។

    នៅ​កម្ពុជា ក៏​មាន​ក្រុម​ហ៊ុន​មួយ​កំពុង​ផលិត​ និង​ចែក​ចាយ​ត្រីចក្រយានយន្ត​អគ្គិសនី​

    ការ​កើន​ឡើង​នៃ​ចំនួន​យាន​យន្ត​អគ្គិសនី​នេះ​ គ្រោង​នឹង​កើត​មាន​ចំពោះ​យាន​យន្ត​អគ្គិសនី​ទាំង​បី​ប្រភេទ រួម​មាន រថយន្ត​ទេសចរណ៍ រថយន្ត​ពាណិជ្ជកម្ម និង​ទោ/ត្រីចក្រយានយន្ត​។

  • រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

    រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

    កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The Premier Center Sen Sok ។

    នៅវេលាម៉ោង ៩ព្រឹក ដល់ ៤ល្ងាច គឺមានការបើកបរសាកល្បងសម្រាប់រថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ដែលមានការបង្ហាញអំពីបច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត រួមទាំងធ្វើការបង្ហាញនូវសមត្ថភាពជើងក្រោម និង កម្លាំងនៃម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ដែលផ្តល់នូវផាសុកភាព​ក្នុងការបើកបរ និងបច្ចេក វិទ្យាទំនើបផ្សេងៗទៀតរបស់រថយន្ត Ford Ranger ស៊េរីឆ្នាំ2024។ ជាពិសេស អតិថិជនដែលបានចូលរួមក៏មានការលេងល្បែងកម្សាន្ត និងទទួលបានកាដូវត្ថុអនុសាវរីន៏ជាច្រើនទៀតពីក្រុមហ៊ុន ហ្វដ។ មិនតែប៉ុណ្ណោះ រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ2024 និងរថយន្ត Ford Ranger XLT ស៊េរីឆ្នាំ2024 ក៏មានបំពាក់នូវឈ្នាន់ជាន់ជើងផ្នែកចំហៀង​ខាងក្រោយ ដែល​បង្កភាព​ងាយស្រួលក្នុងការឡើងចុះរថយន្ត ដោយពុំចាំបាច់ឡើងតាមកង់រថយន្ត​នោះ​ទេ។​

    ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ ថា៖ “ក្រុមហ៊ុន អ​ អិម អេ (ខេមបូឌា) គឺជាក្រុមហ៊ុនមួយ​ដែលឈានមុខគេក្នុង​ទីផ្សារ​រថយន្ត​ថ្មី ហើយភាពពេញនិយម និងភាពល្បីល្បាញនេះ ដោយសារតែទទួលបានការគាំទ្រ ពី​សំណាក់​​បងប្អូនប្រជាពលរដ្ឋកម្ពុជាមកលើរថយន្ត Ford Ranger និងភាពជឿជាក់ទៅលើគុណភាព និង​សេវាកម្ម​ផ្តល់ជូនអតិថិជន។”

    លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “រថយន្ត Ford Ranger គឺជាដៃគូដ៏មានទំនុក ចិត្តសម្រាប់អតិថិជនដែលប្រើប្រាស់ជាលក្ខណៈគ្រួសារ ការងារ ប្រកបអាជីវកម្ម​ និងជាពិសេស សម្រាប់​អ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងជាដើម។ ការលក់របស់​រថយន្ត​ Ford Ranger ត្រូវ​​​​​បានគ្របដណ្តប់លើទីផ្សារជាង ១៨០ ប្រទេសជុំវិញពិភពលោក ហើយសម្រាប់​រថយន្ត Ford Ranger ស៊េរីថ្មី​នេះ គឺនៅតែបន្តផ្តល់នូវភាពរឹងមាំ បច្ចេក​វិទ្យាទំនើប និងប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់លើស​គេ ដែល​បង្កភាព​ងាយ​ស្រួល​ដល់អតិថិជនទាំងអស់ ក្នុងការបំពេញកិច្ចការងារផ្សេងៗ​របស់​ខ្លួន​។ ខ្ញុំសូមថ្លែង​អំណរគុណ​ចំពោះអតិថិជន ហ្វដ ទាំង​អស់​ដែលបន្តគាំទ្រ និងជឿជាក់ទៅលើគុណភាព ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យារបស់រថយន្ត ហ្វដ។”

    Ford Ranger ស៊េរីឆ្នាំ 2024 ត្រូវបានរចនាឡើងដោយកំណត់យកបទដ្ឋាន «Built Ford Tough» ដែលផ្តោតសំខាន់លើ ភាពធន់ រឹងមាំ ហាប់ណែន ទំនើបទាន់សម័យ និងប្រកបដោយផាសុកភាព ដែលជាគំនិតមួយដែលទទួលបានការគាំទ្រយ៉ាងច្រើន​ពីសំណាក់អតិថិជន។ លើសពីនេះទៅទៀត រថយន្ត Ford Ranger ស៊េរីឆ្នាំ 2024 ក៏នៅតែបន្តបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជនដូចជា កុង​ទ័រ​ឌីជីថល 8អ៊ីញដែលផ្តល់ទិន្នន័យផ្សេងៗ រួមទាំងជម្រើស Mode ទៅតាមស្ថានភាពផ្លូវចំនួន ៦ រួមមាន Normal, Eco, Tow/Hual, Slippery, Mud/Ruts, និង Sand, អេក្រង់ Multi-Touchscreen 12អ៊ីញ ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC4A ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto តាមរយៈ Wireless និងកាមេរ៉ា 360o​ រួមជាមួយប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ និងប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តនៅពេលឈប់ស្តុប (Auto Hold) ។ល។

    ពិសេសជាងនេះទៅទៀត រថយន្ត Ford Ranger ស៊េរីឆ្នាំ 2024 ក៏នៅតែផ្តល់នូវប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជាប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និង​បែង​ចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយ​ពេលមានការប៉ះទង្គិច ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត នៅ​ពេល​ថយក្រោយ និងប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។

    រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ 2024 មានជម្រើសពណ៌ចំនួន ៦ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌លឿងទុំ ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស និងរថយន្ត Ford Ranger XLT ស៊េរីឆ្នាំ2024 មានជម្រើសពណ៌ចំនួន ៦ពណ៌ ដូចគ្នា សម្រាប់ជាជម្រើសដល់អតិថិជន រួមមានពណ៌ខៀវ ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស ។ សម្រាប់តម្លៃនៃរថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ 2024 គឺ $55,900 និងរថយន្ត Ford Ranger XLT ស៊េរីឆ្នាំ 2024 គឺ $46,900។ សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ: សាខាព្រះមុនីវង្ស 078 999 773,​ សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747។

  • Honda សហការជាមួយ Nissan ដើម្បីផលិតរថយន្តអគ្គិសនីតម្លៃទាប

    Honda សហការជាមួយ Nissan ដើម្បីផលិតរថយន្តអគ្គិសនីតម្លៃទាប

    Nissan ត្រូវ​បាន​គេ​ជឿ​ថា កំពុង​ពិចារណា​លើ​ការ​ចាប់​ដៃ​ជាមួយ​ Honda ដើម្បី​អាច​អភិវឌ្ឍ​ថ្នាល​បច្ចេកវិទ្យា​ EV រួម​។ នេះ​បើ​តាម Nikkei Asia ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​ Nissan។

    បច្ចុប្បន្ន Honda Motor មាន​រថយន្ត​អគ្គិសនី​ពីរ​ម៉ូដែល​ ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​សហរដ្ឋ​អាម៉េរិក នោះ​គឺ Honda Prologue និង Acura ZDX។ រថយន្ត​ទាំង​ពីរ​ម៉ូដែល​នេះ គឺជា​សមិទ្ធផល​នៃ​កិច្ច​សហការ​រវាងក្រុម​ហ៊ុន​ជប៉ុន Honda និង​ក្រុម​ហ៊ុន​អាម៉េរិក General Motors។

    ពេល​នេះ Honda អាច​សហការ​ជាមួយ​ដៃគូ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ដែល​កាន់​តែ​ធូរ​ថ្លៃ​ជាង​មុន​។ ក៏ប៉ុន្តែ Nikkei ចេញ​ផ្សាយ​ថា​ ការពិភាក្សា​ផ្ទៃ​ក្នុង​របស់​ Nissan កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​ ខណៈ​ដែល​ការ​យល់​ឃើញ​របស់​ Honda ទាក់​ទិន​នឹង​កិច្ច​សហការ​នេះ មិន​ទាន់​ច្បាស់​លាស់​។

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រភព​ព័ត៌មាន​របស់ Nikkei ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ Honda និង Nissan អាច​ចាប់​ដៃ​គ្នា​ដើម្បី​ប្រកួត​ប្រជែង​នឹង​ក្រុម​ហ៊ុន​ចិន BYD ដែល​កំពុង​ធ្វើ​ព្យុះ​ បង្ក​ភ្លៀង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​លើពិភពលោក​៕