Tag: រដ្ឋ

  • កម្ពុជា​ គ្រោង​នឹង​ទទួល​បាន​ទុន​វិនិយោគ​ថ្មី​ តម្លៃ​ 500 លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​មួយ​របស់​ចិន​

    កម្ពុជា​ គ្រោង​នឹង​ទទួល​បាន​ទុន​វិនិយោគ​ថ្មី​ តម្លៃ​ 500 លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​មួយ​របស់​ចិន​

    ទីតាំង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពីរ​កន្លែង​នៅ​កម្ពុជា​ កំពុង​ត្រូវ​បាន​សិក្សា​ពី​សំណាក់​ក្រុម​ហ៊ុន​ធំ​មួយ​របស់​ចិន ដែល​គ្រោង​នឹង​បណ្ដាក់​ទុន​វិនិយោគ​ចំនួន 500 លាន​ដុល្លារ​អាម៉េរិក​។

    កាល​ពី​ថ្ងៃទី 31 តុលា 2023 ក្នុង​ពេល​ចុះ​ធ្វើ​ទស្សនកិច្ច​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ស្វាយ​រៀង ឯកឧត្ដម​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទីមួយ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ បាន​ថ្លែង​ថា ក្រុម​ហ៊ុន​ចិន​ដ៏ធំ​មួយ​ កំពុងសិក្សា​ទីតាំង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​កន្លែង​ សម្រាប់​ការ​វិនិយោគ​ 500 លាន​ដុល្លារ​របស់​ខ្លួន​។

    ឯកឧត្ដម​ ស៊ុន ចាន់ថុល ធ្លាប់​បាន​ឱ្យ​ដឹង​ថា ក្នុងរយៈពេលទស្សនកិច្ចនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 24 តុលា ឯកឧត្តម បានជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុនធំៗរបស់ចិនចំនួន 12 ក្រុមហ៊ុន និង​បាន​ពន្យល់​ពួក​គេ​អំពី​គោល​នយោបាយ​គាំពារ​អ្នក​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ក្នុង​នោះ មានក្រុមហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ហើយ​បច្ចុប្បន្ន​​​កំពុងជ្រើស​រើស​ទីតាំង​បណ្ដាក់​ទុនមួយ​ក្នុង​ចំណោម​ពីរ​ ដែល​មួយ​គឺ​​តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងពីរ​គឺ​ ​តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង៕

  • យានហោះ​អវកាស​របស់ Sierra Space បាន​ត្រៀម​រួច​ហើយ​សម្រាប់​ជើង​​ហោះ​ហើរ​ដំបូង

    យានហោះ​អវកាស​របស់ Sierra Space បាន​ត្រៀម​រួច​ហើយ​សម្រាប់​ជើង​​ហោះ​ហើរ​ដំបូង

    (សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ Dream Chaser ដែល​មាន​ជំនាញ​ខាង​ដឹក​ទំនិញ​ឡើង​ទៅ​កាន់​ ISS នឹង​បំពាក់ម៉ាស៊ីន​រ៉ុក្កែតតូច​ៗ​ជា​ច្រើន​​​​គ្រឿង អាច​ដឹក​ទំនិញ​បាន​ 5,550 គីឡូក្រាម​ក្នុង​មួយ​ជើង​។

    Dream Chaser ដែល​ជា​យន្ត​ហោះ​អវកាស​ពាណិជ្ជកម្ម​ផលិត​ដោយ​ក្រុម​ហ៊ុន Sierra Space នៅ​សហរដ្ឋ​អាម៉េរិក កំពុង​ឆ្ពោះទៅ​​ជិត​ដល់​ថ្ងៃ​បាញ់​បង្ហោះ​។ Dream Chaser ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដើម្បី​បំពេញ​ភារកិច្ច​បាន​ 15 ជើង នឹង​ដឹក​ជញ្ជូន​ទំនិញ​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ហើយ​អាច​ដើរ​តួនាទី​សំខាន់​ចំពោះ​បណ្ដា​ស្ថានីយ​អវកាស​​នាពេល​អនាគត។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023​។

    យន្តហោះ​អវកាស​នេះ​មានដង​ខ្លួន​ប្រវែង 9 ម៉ែត្រ និង​ស្លាប​ប្រវែង 7 ម៉ែត្រ។ ស្លាប​របស់​វា​អាច​បត់​បាន​ អនុញ្ញាត​ឱ្យ​គេ​ប្រើប្រាស់​វា​ដូច​ទៅ​នឹង​ទំនិញ​ដែល​ដាក់​លើ​​រ៉ុក្កែត​។ Dream Chaser ត្រូវ​បាន​ណាសា​ជ្រើស​រើស​ជា​យាន​ដឹក​ទំនិញ​ទីបី​សម្រាប់​ឆ្នាំ 2026​។ វា​ក៏​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ដឹក​សំរាម​ពី​ ISS មក​បញ្ឆេះ​ចោល​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី​ផងដែរ​។

    យានហោះអវកាសរបស់ Sierra Space បានត្រៀមរួចហើយសម្រាប់ជើងហោះហើរដំបូង

    តាម​ផែនការ ជើង​ហោះ​ហើរ​ដំបូង​របស់ Dream Chaser នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ 2019 ប៉ុន្តែ​ត្រូវ​អាក់​ខាន​ច្រើន​លើក​ដោយ​សារ​បញ្ហា​កូវីដ-19។ វា​នឹង​ត្រូវ​បាន​ដឹក​ទៅ​កាន់​មជ្ឈមណ្ឌល​សាកល្បង Neil Armstrong របស់​ណាសា​ នៅ Ohio ដើម្បី​ធ្វើ​តេស្ត​ពី​មួយ​ទៅបី​ខែ មុន​ពេល​វិល​ត្រលប់​ទៅកាន់​មជ្ឈមណ្ឌល​អវកាស​ Kennedy នៅ Florida ដើម្បី​ធ្វើ​ការ​ហោះ​ហើរ​ជើង​ដំបូង​ដែល​គ្រោង​នឹង​ធ្វើ​​ឡើង​​នៅ​ខែ​មេសា​ឆ្នាំ​ក្រោយ​ តាម​រយៈ​រ៉ុក្កែត Vulcan របស់​ក្រុម​ហ៊ុន United Launch Alliance៕

  • កម្ពុជា​ បាន​កំណត់​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​​ការ​ចាយ​វាយក្នុង​​​​ឆ្នាំ 2024

    កម្ពុជា​ បាន​កំណត់​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​​ការ​ចាយ​វាយក្នុង​​​​ឆ្នាំ 2024

    យោង​តាម​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 កម្ពុជា​ ត្រៀមចំណាយថវិកាសម្រាប់ការ​ចាយ​វាយ​ក្នុង​ឆ្នាំ 2024 ចំនួន 38 ពាន់ពាន់លានរៀល ឬប្រមាណ 9.4 ពាន់លានដុល្លារ​អាម៉េរិក​។

    ថវិកា​សម្រាប់​ការ​ចាយ​វាយ​នៅថ្នាក់ជាតិក្នុង​ឆ្នាំ 2024 ត្រូវ​បាន​កំណត់​ត្រឹម​ 34 ពាន់​​ពាន់លានរៀល ថយចុះ ​5.8% បើធៀបនឹង​ឆ្នាំ 2023 ខណៈដែល​ការចំណាយនៅថ្នាក់ក្រោមជាតិ ត្រូវ​បាន​កំណត់​ត្រឹម​ 4 ពាន់​ពាន់​លាន​រៀល កើនឡើង 6.6%។

    រាជ​រដ្ឋាភិបាលកម្ពុជា​ ក៏បានកំណត់វិស័យអាទិភាពចំនួន​បួន​នៅ​ក្នុង​​ការ​ចំណាយ​ខាងលើ​នេះ​​ រួម​មាន​ វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យការងារ និងវិស័យសង្គមកិច្ច។ នេះ​បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024​​៕

  • ឡាវ​ និង​ថៃ ពិភាក្សាអំពី​ការ​ស្ថាបនា​ស្ពាន​សម្រាប់​រថភ្លើង​ឆ្លង​កាត់​ទន្លេ​មេគង្គ

    ឡាវ​ និង​ថៃ ពិភាក្សាអំពី​ការ​ស្ថាបនា​ស្ពាន​សម្រាប់​រថភ្លើង​ឆ្លង​កាត់​ទន្លេ​មេគង្គ

    រដ្ឋមន្ត្រី​ការ​បរទេស​ឡាវ និង​ថៃ បាន​ចាប់​ផ្ដើម​កិច្ច​ពិភាក្សា​អំពី​ការ​ស្ថាបនា​ស្ពាន​សម្រាប់​ផ្លូវ​ដែក​មួយ​ខ្សែ​ដែល​ឆ្លង​កាត់​ទន្លេ​មេគង្គ​។ ស្ពាន​នេះ​នឹង​តភ្ជាប់​រដ្ឋធានី​វៀងចន្ទន៍​របស់​ប្រទេស​ឡាវ ជាមួយ​នឹង​ខេត្ត​ណងខៃ​នៅ​តំបន់​ឦសាន​ប្រទេស​ថៃ​។

    ​សារព័ត៌មាន​ឡាវ​ ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 01 វិច្ឆិកា ​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​រវាង​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឡាវ លោក Saleumxay Kommasith និង​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ Parnpree Bahiddha-Nukara នៅ​វៀងចន្ទន៍​កាល​ពី​ថ្ងៃទី 30 តុលា ភាគី​ទាំង​ពីរ​​បាន​ពិភាក្សា​អំពី​ការ​ពង្រីក​ផ្លូវ​ដែក​ឆ្លង​ប្រទេស​ ពី​ខេត្ត​ណងខៃប្រទេស​ថៃ ទៅកាន់​ស្ថានីយ​រថភ្លើង Khamsavath ក្នុង​រដ្ឋធានី​វៀងចន្ទន៍​ ដើម្បី​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ និង​បង្ក​ភាព​ងាយ​ស្រួល​បន្ថែម​ទៀត​សម្រាប់​​ផ្លូវ​ដែក​ឡាវ – ចិន​។

    រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​លើ​ការ​លើក​ទឹក​ចិត្ត​ដល់​វិស័យ​ពាក់​ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​ នៅក្នុង​ការ​ពិនិត្យ​លទ្ធភាព​ និង​វិធានការ​នានា​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​ តាម​រយៈ​ការ​លុប​បំបាត់​ឧបសគ្គ​ដែល​មាន​នាបច្ចុប្បន្ន​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ជាង​នេះ​សម្រាប់​សកម្មភាព​ជំនួញ​។

    ជំនួប​ខាងលើ​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ឡាវ និង​ប្រទេស​ថៃ​ផងដែរ តាម​រយៈ​ការ​ប្រើ​ប្រាស់​ស្ថានីយ​រថភ្លើង​ Khamsavath នៅ​វៀង​ចន្ទន៍៕

  • ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកគ្រោងនឹង​ដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ក្រោយ​

    ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកគ្រោងនឹង​ដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ក្រោយ​

    ភ្នំពេញ៖ លោក ចៅ សុភៈភិបាល អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ កាល​ពី​ថ្ងៃទី 1 ខែវិច្ឆិកាម្សិលមិញ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះធ្វើ​ទស្សនកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក រាជធានី​ភ្នំ​ពេញ ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញក្រោមឱវាទ និងមន្ត្រីបច្ចេកទេស ក្រោមការសម្របសម្រួលពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់។

    គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះគ្រោងធ្វើការប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ និងដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ទីពីរ នៃខែវិច្ឆិកា ឆ្នាំ 2023 ខាងមុខ។

    ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) លើផ្ទៃដីទំហំ 3 ហិកតា ស្ថិតនៅភូមិព្រែកតាគង់មួយ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និង​មានតម្លៃប្រមាណ 20 លានដុល្លារអាមេរិក៕

  • ​វៀតណាម​​ចង់​​ទិញ​ម៉ាស៊ីន​ព្យាបាល​ជំងឺ​មហា​រីកទំនើប​ចុង​ក្រោយ​បង្អស់​​ តម្លៃ​ជាង​មួយ​រយ​លាន​​ដុល្លារ​អាម៉េរិក​/គ្រឿង

    ​វៀតណាម​​ចង់​​ទិញ​ម៉ាស៊ីន​ព្យាបាល​ជំងឺ​មហា​រីកទំនើប​ចុង​ក្រោយ​បង្អស់​​ តម្លៃ​ជាង​មួយ​រយ​លាន​​ដុល្លារ​អាម៉េរិក​/គ្រឿង

    ប្រធាន​មន្ទីរ​ពេទ្យ​ជោរៃរបស់​វៀតណាម បាន​ដាក់​សំណើ​ទិញ​ម៉ាស៊ីន​វិទ្យុសកម្ម​ប្រូតុង​ដើម្បី​​ព្យាបាល​ជំងឺ​មហា​រីក​ ចំនួន​ពីរ​គ្រឿង សម្រាប់​រដ្ឋធានី​ហាណូយ និង​ទីក្រុង​ហូជីមិញ ក្នុង​នោះ​ ម៉ាស៊ីន​នេះ​​​មាន​តម្លៃ​យ៉ាង​តិច​ប្រហែល​ពី​ 101,719,000.00 ដុល្លារ​អាម៉េរិក​។

    នេះគឺជាម៉ាស៊ីន​បាញ់​​កាំរស្មី​ពី​ក្រៅទំនើប​បំផុត​នាបច្ចុប្បន្ន​ ដែល​អនុញ្ញាត​​ឱ្យ​បាញ់​​វិទ្យុសកម្ម​សម​ស្រប​ និង​សុក្រឹតទៅ​កាន់​ដុំ​គីស សូម្បី​តែពួក​វា​​​មាន​រូប​រាង​ស្មុគ​ស្មាញ​ និង​ស្ថិត​នៅ​ក្បែរ​អវយវៈ​មិន​មាន​ជំងឺ​ និង​ងាយ​ប្រតិកម្ម​។ វិធីសាស្ត្រ​នេះ​នឹង​ដោះ​ស្រាយ​បាន​នូវ​ចំណុច​អវិជ្ជមាន​នៃ​ការ​ព្យាបាល​ដោយ​ម៉ាស៊ីន​បង្កើន​ល្បឿន​លីនេអ៊ែរ​ LINAC (Linear Accelerator) ដែល​អាច​បង្ក​ផលប៉ះពាល់​ច្រើន​។

    ការព្យាបាលដោយម៉ាស៊ីនបង្កើនល្បឿនលីនេអ៊ែរ Linear Accelerator (ឆ្វេង) អាចបង្កផលប៉ះពាល់ច្រើន បើធៀបនឹងម៉ាស៊ីនវិទ្យុសកម្មប្រូតុង (ស្ដាំ)

    ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា វៀតណាម​មាន​អ្នក​ជំងឺមហា​រីក​ប្រមាណ 9,000 នាក់​ ដែល​ត្រូវ​ការ​ការ​ព្យាបាល​ដោយ​ម៉ាស៊ីន​បច្ចេកវិទ្យា​ថ្មី​បំផុត​នេះ​។ បន្ទប់​វិទ្យុសកម្ម​ប្រូតុង​មួយ​អាច​ព្យាបាល​អ្នក​ជំងឺ​ប្រហែល 300 នាក់ ក្នុង​មួយ​ឆ្នាំ​ ដូច្នេះ វៀតណាម​ ត្រូវ​ការ​ម៉ាស៊ីន​ទំនើប​ចុង​ក្រោយ​នេះ​ប្រហែល 30 គ្រឿង​។ ក៏ប៉ុន្តែ បច្ចុប្បន្ន ប្រទេស​នេះ​មិន​ទាន់​មាន​មួយ​គ្រឿង​ណា​នៅ​ឡើយ​។

    មូលហេតុ​នេះ​ហើយ ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សភា​ជាតិ​វៀតណាម កាល​ពី​ថ្ងៃទី 01 វិច្ឆិកា ប្រធាន​មន្ទីរពេទ្យ​ជោរៃ លោក ង្វៀន ទ្រីធឹក យល់ថា ការ​បំពាក់​ម៉ាស៊ីន​វិទ្យុសកម្មប្រូតុង​​គឺជា​រឿង​ចាំបាច់​ និង​បន្ទាន់​។ លោក​បាន​ដាក់​សំណើ​ទិញ​ម៉ាស៊ីន​វិទ្យុសកម្ម​ប្រូតុង​ដើម្បី​​ព្យាបាល​ជំងឺ​មហា​រីក​ ចំនួន​ពីរ​គ្រឿង សម្រាប់​រដ្ឋធានី​ហាណូយ និង​ទីក្រុង​ហូជីមិញ ក្នុង​នោះ​ ម៉ាស៊ីន​មួយ​គ្រឿង​ៗ​មាន​តម្លៃ​ប្រហែល​ពី​ 101,719,000.00 ទៅ 122,062,800.00 ដុល្លារ​អាម៉េរិក​។

    ម៉ាស៊ីនវិទ្យុសកម្មប្រូតុងមួយគ្រឿងមានតម្លៃប្រហែលពី 101,719,000.00 ទៅ 122,062,800.00 ដុល្លារអាម៉េរិក

    បច្ចុប្បន្ន នៅ​លើ​ពិភពលោក​មាន​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​មហារីក​ជាង 120 កន្លែង​ កំពុង​ប្រើ​ប្រាស់​ម៉ាស៊ីនវិទ្យុសកម្មប្រូតុង​។ បណ្ដា​ប្រទេស​អភិវឌ្ឍ​លើពិភពលោក មាន​ជា​អាទិ៍ សហរដ្ឋ​អាម៉េរិក ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស រុស្ស៊ី ចិន​ និង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍ (សិង្ហបុរី និង​ថៃ) សុទ្ធ​តែ​មាន​ម៉ាស៊ីន​ទំនើប​នេះ​៕

  • ម៉ាឡេស៊ី និង​សិង្ហបុរី​ បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​​នៅ​ជាប់​ព្រំ​ដែន​

    ម៉ាឡេស៊ី និង​សិង្ហបុរី​ បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​​នៅ​ជាប់​ព្រំ​ដែន​

    ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី បាន​ព្រម​ព្រៀង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​ដែល​មាន​ឈ្មោះ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ Johor – Singapore (SEZ)។

    ក្រោយជំនួប​ពិភាក្សា​កាល​ពី​ថ្ងៃទី 30 តុលា នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លី សៀន​ឡុង និង​សមភាគី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ស្ដី​ពី​ការព្រមព្រៀង​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ SEZ ។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​តំបន់ Iskandar រដ្ឋ Johor របស់​ប្រទេស​ម៉ាឡេស៊ី ក្បែរ​ព្រំ​ដែន​ជាមួយ​នឹង​សិង្ហបុរី​។

    «SEZ នឹង​ប្រើប្រាស់​កម្លាំង​បន្ថែម​របស់​ប្រទេស​ទាំង​ពីរ​ ដើម្បី​ជំរុញ​ការ​តភ្ជាប់​សេដ្ឋកិច្ច​ តាម​រយៈ​ការ​កែលម្អ​លំហូរ​ទំនិញ វិនិយោគ និង​មនុស្ស​ឆ្លង​ព្រំ​ដែន​​» សេចក្ដី​ប្រកាស​រួម​លើក​ឡើង​ដូច្នេះ​។

    លោក លី សៀនឡុង អះអាង​ថា «ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្លាំង​ទាក់​ទាញ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​សិង្ហបុរី និង​រដ្ឋ Johor របស់​ម៉ាឡេស៊ី»។ លោក​បន្ថែម​ថា ភាគី​ទាំង​ពីរ​កំពុង​សហការ​គ្នា​សិក្សា​​​អំពី​លទ្ធភាព​នៃ​គម្រោង​ ដើម្បី​កំណត់​ចំណុច​ស្នូល​របស់​តំបន់​ពិសេស​ ជា​ពិសេស​គឺ​ផលប្រយោជន៍​របស់​អ្នក​វិនិយោគ​ និង​តម្រូវ​ការ​ទីផ្សារ​។

    នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លី សៀន​ឡុង (ស្ដាំ) និង​សមភាគី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម

    នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ឱ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគ​យល់​គ្នា​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​ក្រោយ​។

    សិង្ហបុរី​ និង​ម៉ាឡេស៊ី គឺជា​ដៃគូសហការ​ផ្នែក​ពាណិជ្ជកម្ម​ធំជាង​គេ​លំដាប់​ទីពីរ​របស់​គ្នា​កាល​ពី​ឆ្នាំ 2022 ដោយ​ចំណូយ​បាន​ពី​ពាណិជ្ជកម្ម​សម្រេច​បាន​ជាង 83.5 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ សិង្ហបុរី​ក៏​ជា​មួយ​ក្នុង​ចំណោម​ប្រភព​វិនិយោគ​​ផ្ទាល់​ពីបរទេស​លំដាប់​កំពូល​របស់​ម៉ាឡេស៊ី​ផងដែរ ដោយ​រួម​ចំណែក​ប្រមាណ 8.3% នៃ​ទុន​វិនិយោគ​បរទេស​សរុប​កាល​ពី​ឆ្នាំ​កន្លង៕

  • ថៃ​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ​ និងការ​​ស្នាក់​នៅ​សម្រាប់​ពលករ​កម្ពុជា

    ថៃ​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ​ និងការ​​ស្នាក់​នៅ​សម្រាប់​ពលករ​កម្ពុជា

    ក្រសួង​ការ​ងារ​ថៃ បាន​ចេញ​អនុក្រឹត្យ​​ថ្មី​មួយ​ដែល​កំណត់​តម្លៃ​ថ្មី​ទៅ​លើ​​ការត្រួត​ពិនិត្យ​ និង​ផ្ដល់​លិខិត​ពលកម្ម​ ចំពោះ​ពលករ​បរទេស​ដែល​មក​ពី​ កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​​។

    យោង​តាម​សារព័ត៌មាន​ក្នុងស្រុក អនុក្រឹត្យ​​ខាងលើ​មាន​សុពលភាព​រយៈ​ពេល​ 4 ឆ្នាំ ដោយ​ចាប់​ផ្ដើម​អនុវត្ត​ពី​ថ្ងៃទី 10 វិច្ឆិកា 2023 និង​អនុវត្ត​សម្រាប់​ពលករ​ដែល​ធ្វើ​ការ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សន្យា ឬ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ (MoU) ដែល​ទាក់​ទង​នឹង​ការ​ជ្រើស​រើស​ពលករ​។

    សេចក្ដី​សម្រេច​ថ្មី​នេះ​កំណត់​ថា ថ្លៃ​ទិដ្ឋាការ​សម្រាប់​ពលករ​មក​ពី​ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​ ត្រូវ​បាន​កាត់​បន្ថយ​ពី 2,000 បាតនា​បច្ចុប្បន្ន មក​នៅត្រឹម​ 500 បាត ស្រប​ពេល​ដែល​ថ្លៃ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ (ថ្លៃ​ពន្យារ​ពេល​ទិដ្ឋាការ​រៀង​រាល់​ឆ្នាំ) ក៏​ត្រូវ​បាន​បន្ថយ​ពី 1,900 បាត​នា​បច្ចុប្បន្ន មក​នៅ​ត្រឹម​ 500 បាត​ផងដែរ​។

    ក្រសួង​ការ​ងារ​ថៃ​សង្កត់​ធ្ងន់​ថា អនុក្រឹត្យ​​ខាងលើ​គឺ​​ស្រប​នឹង​​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​ការ​ជ្រើស​រើស​ពលករ​បរទេស​ ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​នេះ ក៏​ដូចជា​ការ​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូវីដ-19​។

    យោង​តាម​ព័ត៌មាន​របស់​នាយកដ្ឋាន​រដ្ឋបាល​ការ​ងារ​បរទេស​នៃ​ប្រទេស​ថៃ ក្នុង​ខែ​កញ្ញា ប្រទេស​នេះ​មាន​ពលករ​បរទេស​ចំនួន​ 2,593,439 នាក់​ និង​ប្រហែល​មួយ​លាន​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលដាក់​ពាក្យ​​ស្នើ​សុំ​លិខិត​អនុញ្ញាត​ការ​ងារ​ ទៅតាម​អនុក្រឹត្យ​ចុះថ្ងៃទី 03 តុលា ឆ្នាំ 2023 របស់​រដ្ឋាភិបាល​ថៃ​៕

  • អ្នក​លក់ដូរតាមកញ្ច្រែង និង​អ្នក​លក់​ចល័ត​ នឹង​ត្រូវ​បាន​លើក​លែង​ភាស៊ី​នៅ​ភ្នំ​ពេញ

    អ្នក​លក់ដូរតាមកញ្ច្រែង និង​អ្នក​លក់​ចល័ត​ នឹង​ត្រូវ​បាន​លើក​លែង​ភាស៊ី​នៅ​ភ្នំ​ពេញ

    ការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ នឹង​ត្រូវ​បាន​លើក​លែង​ថ្លៃ​ភាស៊ី ទៅ​តាម​បទបញ្ជា​របស់​សម្ដេច​ ហ៊ុន​ ម៉ាណែត ដែល​បាន​ដាក់​ចេញ​កាល​ពី​ថ្ងៃទី 03 តុលា 2023​។

    នេះ​បើ​តាម​សេចក្ដីណែនាំស្ដីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះអ្នក​លក់ដូរតាមកញ្ច្រែង និង​អ្នក​លក់​ចល័ត របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃទី 31 តុលា 2023​។

  • ទីក្រុង​ហាណូយរំពឹង​ថា ​ពាណិជ្ជកម្ម​អាម៉េរិក – វៀតណាម នឹង​កើន​ដល់​ 200 ពាន់​លាន​ដុល្លារ​អាម៉េរិក​

    ទីក្រុង​ហាណូយរំពឹង​ថា ​ពាណិជ្ជកម្ម​អាម៉េរិក – វៀតណាម នឹង​កើន​ដល់​ 200 ពាន់​លាន​ដុល្លារ​អាម៉េរិក​

    (ហាណូយ) – នៅ​ក្នុង​កិច្ចប្រជុំកំពូល​ស្ដី​ពី​ពាណិជ្ជកម្ម​វៀតណាម – អាម៉េរិក ដែល​រៀបចំដោយ​ VCCI និង AmCham នា​ព្រឹក​ថ្ងៃទី 31 តុលា នេះ ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម សង្ឃឹម​ថា ភាគី​ទាំង​ពីរ​នឹង​លើក​កម្ពស់​តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឡើង​ដល់​ 200 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នា​ពេល​ឆាប់​ៗ​ខាង​មុខ​។

    ក្នុង​កិច្ច​ប្រជុំ​ខាងលើ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម លោក ត្រឹង លឺវ ក្វាង បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់​ និង​អាទិភាព​ចំនួន​ 5 នៅ​ក្នុង​ទំនាក់​ទំនង​សហប្រតិបត្តិការ​ទ្វេភាគី​ស្ដី​ពី​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ រវាង​វៀតណាម និង​សហរដ្ឋ​អាម៉េរិក។

    ក្នុង​បណ្ដា​ចំណុច​សំខាន់​ និង​អាទិភាព​ទាំង​នេះ​ រួម​មានជា​អាទិ៍ ការ​អនុវត្ត​តាម​កិច្ច​សន្យា​ទាំង​ឡាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​នៅ​ពេល​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ការ​បង្កើន​ការ​នាំ​ចេញ​-នាំចូល ក៏​ដូច​ជា​ការ​ស្នើ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​អាម៉េរិកបង្កើន​ការ​​ជួយជ្រោម​ជ្រែង​ដើម្បី​ឱ្យ​​វៀតណាម​ឆាប់​ទទួល​បាន​ការ​ទទួល​ស្គាល់​ថា​ជា​សេដ្ឋកិច្ច​ទីផ្សារ​ធំ​មួយ​។

    ចំណែក​ប្រធាន VCCI និងប្រធាន AmCham ដែល​ជា​អ្នក​រៀប​ចំ​កិច្ចប្រជុំ​ខាងលើ ក៏​សង្ឃឹម​ថា កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​វៀតណាម -អាម៉េរិក នឹង​ស៊ី​ជម្រៅ​ជាង​មុន​។

    នា​បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក​គឺជា​ដៃគូពាណិជ្ជកម្មធំ​ជាង​គេ​លំដាប់​ទីពីរ​ និង​ជា​ទីផ្សារ​នាំ​​ចេញ​ធំ​បំផុត​របស់​វៀតណាម​។ វៀតណាម​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​ក្នុង​ចំណោម​ដៃគូ​ធំជាង​គេ​ទាំង​ 10 របស់​សហរដ្ឋ​អាម៉េរិក​​៕