Tag: ម៉ូដ

  • បាញ់​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុលឱ្យ​​រត់​ឆ្លងកាត់​មនុស្ស​ដើម្បី​ឃោសនា​​ឡាន​អគ្គិសនី

    បាញ់​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុលឱ្យ​​រត់​ឆ្លងកាត់​មនុស្ស​ដើម្បី​ឃោសនា​​ឡាន​អគ្គិសនី

    អ្នក​បង្ហាញ​ម៉ូដ​ត្រូវបាន​គេ​ឱ្យ​ស្លៀកពាក់​ឈុត​ពិសេស រួច​បាញ់​​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុល​​ឱ្យ​រត់​ឆ្លងកាត់​រាងកាយ ដើម្បី​ផ្សព្វផ្សាយ​រថយន្ត​អគ្គិសនីថ្មី​របស់​ក្រុម​ហ៊ុន Kia។

    តារា​ម៉ូ​ដែល Jodie Kidd ដែលជា​អ្នក​ចូលចិត្ត​រថយន្ត​ទំនើប ហើយក៏​ជា​ពិធី​ការិនី​ទូរទស្សន៍​ដែរនោះ បាន​យល់​ព្រម​ឱ្យ​គេ​​ឆក់ខ្សែ​ភ្លើង ប៉ុន្តែ​នាង​នៅតែមាន​សុវត្ថិភាព បើ​ទោះ​ចរន្តអគ្គិសនី​កម្លាំង​មួយ​លាន​វ៉ុល​រត់​ឆ្លងកាត់​រាងកាយ។

    តាម​ការពិត នេះ​គឺជា​ការផ្សាយពាណិជ្ជកម្ម​ឱ្យ​រថយន្ត SUV អគ្គិសនី Kia EV9 ថ្មី។ ដើម្បី​អះអាងថា EV9 គឺជា​រថយន្ត SUV ដ៏​ល្អ​សម្រាប់​គ្រួសារ Kidd បាន​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​ពិសេស​ដែលមាន​មុខងារ​ដូច​ទៅនឹង​អង់​តែ​ន​ការពារ​រន្ទះ ដែល​ការពារ​នាង​ពី​ចរន្តអគ្គិសនី​ដ៏​គ្រោះថ្នាក់ នៅពេល​អនុញ្ញាតឱ្យ​អគ្គិសនី​បាញ់​ចេញពី​ម្រាមដៃ។

    ឈុត​សម្លៀកបំពាក់​នោះ​គឺជា​ប្រភេទ​ក្រណាត់​ពិសេស​​ម្យ៉ាង​ដែលមាន​ពណ៌​ប្រផេះ ហើយ​ Kidd ត្រូវ​ពាក់​គ្រប​ជិត​រាងកាយ ដូច​នៅក្នុង​រូបភាព​ខាងលើ។

    បន្ទាប់ពី​បាន​ថតរូប​ខាងលើ​រួច Kidd ក៏​ត្រូវបាន​តម្រូវឱ្យ​ស្លៀក​រ៉ូ​ប​ទៅតាម​ស្ដង់ដា​អ្នក​បង្ហាញ​ម៉ូដ។ រូបភាព​ថ្មី​នេះ​នឹង​ត្រូវបាន​កាត់ត​ដើម្បី​បង្កើតបានជា​រូប​ចុងក្រោយ​សម្រាប់​ការផ្សាយពាណិជ្ជកម្ម។

    និយាយ​ឱ្យ​ងាយ​យល់ តារា​ម៉ូ​ដែល​នេះ​ត្រូវ​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុល​រត់​ឆ្លងកាត់​រាងកាយ​គឺជា​រឿង​ពិត ប៉ុន្តែ​មិនមែន​នៅក្នុង​រ៉ូ​ប​ធម្មតា​នៅក្នុង​រូបថត​ផ្សាយពាណិជ្ជកម្ម​នោះ​ទេ។

    «ឈុត​ឆាក​ផ្សងព្រេង​នេះ​គឺ​ដើម្បី​លើកកម្ពស់​តម្លៃ​របស់​ថាមពល​អគ្គិសនី និង​អនាគត​របស់​រថយន្ត​អគ្គិសនី នៅក្នុង​ឱកាស​បង្ហាញរ​ថ​យន្ត​អគ្គិសនី​ម៉ូ​ដែល​ថ្មី Kia EV9» Kidd បកស្រាយ​ដូច្នេះ។

    តារា​ម៉ូ​ដែល Jodie Kidd

    ចំណែក​ក្រុមហ៊ុន Kia វិញ និយាយថា គោលដៅ​នៃ​ការឃោសនា​នេះ ​គឺ​ដើម្បី​បញ្ជាក់ថា EV9 គឺជា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដ៏​សមស្រប​សម្រាប់​គ្រួសារ​ដែលមាន​សមាជិក​ច្រើន។

    Kia EV9 អាច​បើក​បរក្នុង​​ចម្ងាយ​ផ្លូវ 483 គីឡូម៉ែត្រ និង​អាចដាក់​បាន​មនុស្ស 7 នាក់។ រថយន្ត​នេះ​មានតម្លៃ​ចាប់ពី 64,995 ផោន​អង់គ្លេស (ប្រហែល 63,000 ដុល្លារ​អាម៉េរិក)​៕

  • យុគសម័យនៃស្មាតហ្វូនត្រកូល Reno Series នឹងមកដល់ឆាប់ៗនេះ….

    យុគសម័យនៃស្មាតហ្វូនត្រកូល Reno Series នឹងមកដល់ឆាប់ៗនេះ….

    ថ្មីៗនេះនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ចិន ម៉ាឡេស៊ី ថៃ បានប្រកាសចេញលក់ជាផ្លូវការហើយនូវស្មាតហ្វូន OPPO ជំនាន់ចុងក្រោយ Reno10 Series 5G យ៉ាងជោគជ័យជាមួយសន្ទុះគាំទ្រខ្លាំងក្លាពីអ្នកប្រើប្រាស់ជុំវិញពិភពលោក​។ អ្វីដែលចាប់អារម្មណ៍គឺស្មាតហ្វូននេះ នៅតែបន្តឈរឈ្មោះជា​ «អ្នកជំនាញ Portrait» ដើម្បីផ្តល់នូវបទពិសោធថតរូប និងវីដេអូល្អបំផុតប្រកបដោយបច្ចេកវិទ្យាច្នៃប្រឌិត ទំនើប និងឈានមុខគេក្នុងវិស័យស្មាតហ្វូន។

    ចម្ងល់ជាច្រើនទៅលើ OPPO Reno10 Series តើពេលណានឹងបង្ហាញខ្លួននៅប្រទេសកម្ពុជា? គួររម្លឹកថាសម្រាប់ត្រកូល Reno Series បានបង្ហាញខ្លួននៅកម្ពុជា ជាមួយការច្នៃប្រឌិតអស់រយៈពេល 4 ឆ្នាំនិងចេញលក់នូវម៉ូដែលចំនួន 9 ជំនាន់មកហើយតាំងពី OPPO Reno រហូតដល់ OPPO Reno8 T Series ដែលបានចេញលក់កាលពីអំឡុងដើមឆ្នាំ 2023។ ដូចនេះតើនៅត្រីមាសទី 3 ក្នុងឆ្នាំ 2023 នេះ OPPO នឹងបង្ហាញតួឯកថ្មីក្នុងត្រកូល Reno នេះ?

    ទន្ទឹមគ្នានេះបើយោងតាមផុសមួយនៅលើ Facebook ផេគរបស់ OPPO ប្រចាំប្រទេសកម្ពុជាថ្មីៗនេះ ត្រៀមបញ្ចេញនូវស្មាតហ្វូនបច្ចេកវិទ្យាឈានមុខ OPPO Reno10 Series ជំនាន់ថ្មីនេះហើយ ប៉ុន្តែសម្រាប់ព័ត៌មានជាក់លាក់នោះគឺនៅមិនទាន់ច្បាស់នៅឡើយទេ។

    អ្វីដែលកាន់តែពិសេសនៅលើ Facebook ផេគ OPPO ក៏បើកឲ្យអតិថិជននិងហ្វេនៗចូលលេងហ្គេមងាយៗដោយគ្រាន់តែឆ្លើយនូវសំណួរ តើមួយណាជារូប Portrait? ដោយគ្រាន់តែជ្រើសរើសរូបមួយក្នុងចំណោមរូបទាំងបី រួចអនុវត្តតាមលក្ខខណ្ឌងាយៗដើម្បីមានឱកាសឈ្នះរង្វាន់កាសឥតខ្សែ Enco Buds2 ចំនួនមួយរង្វាន់ ។

    ដូច្នេះ តើអ្នកត្រៀមខ្លួនរួចហើយឬនៅ? ដើម្បីស្វាគមន៍ OPPO Reno10 Series ដែលនឹងមកឆាប់ៗនេះ ដែលមានការ upgrade មុខងារពិសេសៗជាច្រើន និងមុខងារថតរូបស្អាតៗប្លែកៗយល់ចិត្តអ្នកចូលចិត្តថតរូបជាពិសេស។ សម្រាប់ព័ត៌មានលម្អិតអំពីស្មាតហ្វូននេះ សូមរង់ចាំតាមដាននៅលើផេគ Facebook ផ្លូវរបស់ក្រុមហ៊ុន OPPO

  • រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast បង្ហាញ​ខ្លួន​

    រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast បង្ហាញ​ខ្លួន​

    រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast ដែល​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ល្ងាច​ថ្ងៃទី 08 មិថុនា គ្រោង​នឹង​ប្រគល់​ដល់​ដៃ​អតិថិជន​នៅក្នុង​ត្រីមាស​ទី​បី​ឆ្នាំ​ក្រោយ​។

    តំណាង​របស់​ក្រុម​ហ៊ុន​ VinFast ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី VF 3 នឹង​ជា​ម៉ូដែល​រថយន្ត​តូច​ជាង​គេ​ដំបូង​បំផុត​របស់​​ក្រុមហ៊ុន​នេះ​។

    VF 3 មាន​បណ្ដោយ​សរុប 3,114 មិល្លីម៉ែត្រ ខ្លី​ជាង​ Kia Morning ដែល​មាន​បណ្ដោយ​ 3,595 មិល្លីម៉ែត្រ​ ប៉ុន្តែវែង​ជាង​ 197 មិល្លីម៉ែត្រ បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​​ដែល​ជិត​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​​របស់​ក្រុម​ហ៊ុន​ចិន Wuling​។

    រថយន្ត​អគ្គិសនី VF 3 មាន​ទ្វារ​ពីរ​នៅ​សង​ខាង​ និង​ទ្វារ​​មួយ​នៅ​ខាង​ក្រោយ​ ហើយ​អាច​ជិះ​បាន​ប្រាំ​នាក់​។ យោង​​តាម​ក្រុម​ហ៊ុន​វៀតណាម VF 3 ដែល​មាន​ពីរ​កំណែ​គឺ Eco និង Plus នេះ នឹង​មាន​តម្លៃ​ទាប​ សម​ស្រប​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក​។

    បច្ចុប្បន្ន ម៉ូដែល​រថយន្ត​អគ្គិសនី​​​​​មាន​តម្លៃ​ទាប​បំផុត​របស់ VinFast គឺ​ VF 5 Plus ដោយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​​ 538 លាន​ដុង​ ដែល​ប្រហែល​នឹង​ 22,900 ដុល្លារ​អាម៉េរិក)​៕

  • ហាង​សម្លៀក​បំពាក់​អេស្ប៉ាញ​លំដាប់​ពិភពលោក​​ដំបូង​គេ​​​បង្អស់​នៅ​កម្ពុជា​ «ZARA» សម្ពោធ​បើក​ដំណើរ​ការ​​​នៅ​ភ្នំពេញ​

    ហាង​សម្លៀក​បំពាក់​អេស្ប៉ាញ​លំដាប់​ពិភពលោក​​ដំបូង​គេ​​​បង្អស់​នៅ​កម្ពុជា​ «ZARA» សម្ពោធ​បើក​ដំណើរ​ការ​​​នៅ​ភ្នំពេញ​

    (ភ្នំពេញ) – តើ​​នាង​កញ្ញា លោក​ លោក​ស្រី គឺជា​មនុស្ស​ស៊ីវិល័យដែល​​​ចូល​ចិត្ត​ និង​មាន​បំណង​​ស្វែង​រក​ម៉ូដ​សម្លៀក​បំពាក់​ទាន់​សម័យ​ និង​ថ្លៃ​ថ្នូរ​លំដាប់​ពិភពលោក​មែន​ទេ? ZARA បាន​មក​ដល់​កម្ពុជា​យើង​ហើយ​!

    ក្រុម​ហ៊ុន​គ្រប់​គ្រង​ ម៉ាក ZARA បានសម្ពោធ​បើក​ដំណើរការហាងសម្លៀកបំពាក់លំដាប់​ពិភពលោក​​ដំបូងរបស់​ខ្លួន​​​នៅកម្ពុជា ​ស្ថិតនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល ជាកន្លែង​ប្រមូលផ្ដុំនូវម៉ូដ​សម្លៀក​បំពាក់​ទាន់​សម័យ​ និង​សម្បូបែប​សម្រាប់​មនុស្ស​គ្រប់​វ័យ​។

    នាង​កញ្ញា លោក​ លោក​ស្រី អាច​រក​ទិញ​​សម្លៀក​បំពាក់​ថ្មីៗ​ ទាន់​សម័យ សម្បូរ​បែប ​សម្រាប់​​គ្រប់​វ័យ​​ នៅ​ឯ​ហាង ZARA ​ក្នុង​ផ្សារ​ទំនើប​ ជីប ម៉ុង 271 មេហ្កាម៉ល នៅ​រាជធានី​ភ្នំពេញ ​ដែល​​បើកដំណើរការលក់ចាប់ពីថ្ងៃទី13 ខែឧសភា ឆ្នាំ 2023 និង​​រក​ទិញ​​​បាន​តាម​អនឡាញ តាមរយៈគេហទំព័រ Zara.com/kh​។

    ហាង​​សម្លៀក​បំពាក់​អន្តរ​ជាតិ​ដំបូងគេ​​​​ក្នុងប្រទេសកម្ពុជា របស់​យីហោ​ ZARA ស្ថិត​នៅ​ក្នុង​បរិវេណ​ទំហំសរុប 3,300 ម៉ែត្រ​ការ៉េ ដែល​លាតសន្ធឹងពេញមួយជាន់នៃផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល​។ ផ្នែកខាងក្នុង​របស់​ហាង​នេះ​ ត្រូវ​បាន​រចនាដោយស្ទូឌីយោ ស្ថាបត្យកម្ម ZARA (Zara Architectural Studio) ដែលភាគច្រើនមានពណ៌ស្រស់​​ស្អាត ស៊ីគ្នានឹងពណ៌​នានា​​របស់​សម្លៀក​បំពាក់​ រួម​គ្រឿងសង្ហារឹមធ្វើពីឈើ និងផ្ទៃពណ៌ធម្មជាតិដ៏​ទាក់​ទាញ​។

    ហាង ​ZARA មានទំហំ​ធំ​ទូលាយ ប្រមូលផ្ដុំសម្លៀកបំពាក់កីឡា ស្បែកជើង និងប្រដាប់ប្រដារផ្សេងៗដ៏​ទាន់​សម័យ​។ ក្នុង​ហាង​​ មាន​ការតុបតែង និងរចនាគ្រឿងសង្ហារឹមប្លែកៗ និងរៀបចំទីតាំងស្តុកទំនិញថ្មីនៅជាប់ៗ គ្នា​ ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន។

    ហាង ZARA ត្រូវបានបំពាក់ឧបករណ៍បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ម៉ូដែលសម្លៀក​បំពាក់​មួយគ្មានពីរ ដែលរួមបញ្ចូលជាមួយវេទិកាអនឡាញថ្មីបំផុតនៅកម្ពុជា ក្នុង​នោះ​មាន​ដូចជា Zara.com/kh តាមរយៈកម្មវិធី Zara និងមុខងារ Store Mode ជា​ដើម​។ ZARA ផ្ដល់​ភាពងាយ​ស្រួល​​ដល់​អតិថិជន ដោយ​សារ​មាន​​កម្មវិធីស្វែង​រក​ទំនិញ​នៅ​ក្នុង​ហាង​ តាម​រយៈ​​អ៊ីនធើណិត​​។ ទំនិញដែលលក់តាមអនឡាញមានតម្លៃដូចគ្នាទៅនឹងទំនិញលក់នៅក្នុងហាង ZARA ហើយអតិថិជនអាចសម្រេចចិត្តទិញមុខទំនិញដោយ​​ការដឹកជញ្ជូនដល់ផ្ទះ ឬទៅទិញផ្ទាល់នៅហាងក៏បាន។

    មុខងារ «Store Mode» តាមរយៈកម្មវិធី ZARA ភ្ជាប់ប្រព័ន្ធអនឡាញជាមួយហាងនៅរាជធានីភ្នំពេញ។ មុខងារនេះអនុញ្ញាតឱ្យ​អតិថិជនរកមើលមុខទំនិញនៅក្នុងហាង និងបញ្ជាទិញទំនិញ​​ក្នុងរយៈពេល​ដ៏​ខ្លី​។ អតិថិជនក៏អាចប្រើបាស់កម្មវិធីនេះ ដើម្បីរកទីតាំងមុខទំនិញ នៅក្នុងហាងផងដែរ។

    សម្រាប់ការដឹកជញ្ជូន គឺ​ត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូននូវផលិតផល ដែលបានបញ្ជាទិញតាមអនឡាញ ដោយការវេចខ្ចប់យ៉ាង​ប្រុង​ប្រយ័ត្ន​ មិនធ្វើឱ្យ​ប៉ះពាល់ដល់បរិស្ថាន និងការពារ​មុខ​ទំនិញក្នុងអំឡុងពេល​ដឹកជញ្ជូន​។

    មុខទំនិញត្រូវបានដឹកជញ្ជូនដោយឥតគិតថ្លៃ ដោយមិនគិតពីចំនួនមុខ​​ទំនិញ នៅ​ពេល​អតិថិជនសម្រេចចិត្តទិញមុខទំនិញនៅក្នុងហាង តាមរយៈសេវាដឹកជញ្ជូនស្តង់ដារពី 7 ទៅ 8 ថ្ងៃនៃ​ថ្ងៃធ្វើការ។

    អតិថិជនដែលជ្រើសរើសការដឹកជញ្ជូនដល់ផ្ទះ សម្រាប់ការដឹកជញ្ជូនតាមស្ទង់ដារ 7-8 ថ្ងៃនៃថ្ងៃធ្វើការ លើការបញ្ជាទិញ​ដែល​មាន​តម្លៃ​លើសពី 320,000 រៀល នឹង​មិន​​គិតថ្លៃដឹកជញ្ជូន។ ចំពោះ​​ការដឹកជញ្ជូនតាមស្តង់ដារ 7-8 ថ្ងៃនៃ​ថ្ងៃធ្វើការ លើការបញ្ជាទិញ​ដែល​មាន​តម្លៃ​ក្រោម 320,000 រៀល នឹង​មាន​ការ​​​គិតថ្លៃដឹកជញ្ជូន 20,000 រៀល។

    ចំពោះអតិថិជនដែលចង់ផ្លាស់ប្តូរទំនិញ តាមគោលការណ៍ផ្លាស់ប្តូរ និងប្រគល់ទំនិញត្រលប់​ គឺដូចគ្នាសម្រាប់ទាំងការទិញនៅហាង និងតាមអនឡាញ ក្នុង​នោះ អតិថិជនអាចប្រគល់ទំនិញដែលមិនទាន់បានប្រើ​ប្រាស់​ត្រលប់​មកវិញដើម្បីប្តូររយកប្រាក់ ក្នុង​រង្វង់​​ 30 ថ្ងៃ​ បន្ទាប់​ពី​បាន​ទិញ។ ការប្រគល់ទំនិញគឺឥតគិតថ្លៃ សម្រាប់ការប្រគល់ទំនិញផ្ទាល់នៅហាង និងគិតថ្លៃ 20,000 រៀល សម្រាប់ការប្រគល់ទំនិញពីអាសយដ្ឋានរបស់អតិថិជន​។

    យីហោ Zara គឺជាផ្នែកមួយនៃក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់រាយសម្លៀក​បំពាក់​ទូទាំង​ពិភពលោក។​ Inditex ក៏​ជា​ម្ចាស់​កម្មសិទ្ធិ​​លើ​​​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ រួម​មាន​ ក្រុម​ហ៊ុន​​ Pull&Bear, Massimo Dutti, Bershka, Stradivarius, Oysho, Zara Home និង Uterque ផងដែរ​។ រឿង​រ៉ាវ​ស្ដី​ពី ZARA បានចាប់ផ្តើមជាមួយនឹងការបើកហាងដំបូង របស់ខ្លួននៅប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ 1975​ ហើយ បច្ចុប្បន្ននេះ ZARA មានវត្តមាន​​ទាំងនៅហាង​​ផ្ទាល់​ និង​នៅ​លើ​ហាង​អនឡាញ នៅក្នុងទីផ្សារជាង 200 កន្លែង នៅ​ទូទាំង​ពិភពលោក​។ ដោយផ្តោតលើការច្នៃប្រឌិតឥតឈប់ឈរ ZARA ផ្តល់ជូននូវផលិតផលឈានមុខ​គេ​សម្រាប់ស្រ្តី បុរស និងកុមារ តាមរយៈគំរូអាជីវកម្មដែលធ្វើ​ឱ្យ​អតិថិជនមានចំណាប់អារម្មណ៍លើអ្វីគ្រប់យ៉ាងដែលយើងមាន​។

    លើស​ពី​នេះ​ទៅ​ទៀត ថ្នាក់​ដឹក​នាំ​របស់​យីហោ ZARA ក៏​ដូចជា Inditex ក៏​បាន​សន្យា​ថា នឹង​សម្រេច​​ឱ្យ​បាន​គោលដៅ​ស្ដី​ពី​ការ​​បន្សាប​កាបូនដែល​នឹង​​ជួយ​ទប់​ស្កាត់​ការ​ឡើង​កម្ដៅ​ផែនដី​នៅ​ត្រឹម​ឆ្នាំ 2040​ ផងដែរ៕

    ហាងសម្លៀក​បំពាក់​ ZARA ស្ថិត​ក្នុង​ ផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល
    ហាងសម្លៀក​បំពាក់​ ZARA ស្ថិត​ក្នុង​ ផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល
    ផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល
  • ក្រុម​ហ៊ុន​​អាម៉េរិក​-ចិន បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​​ម៉ូដែល​ថ្មី

    ក្រុម​ហ៊ុន​​អាម៉េរិក​-ចិន បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​​ម៉ូដែល​ថ្មី

    ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​របស់​អាម៉េរិក​-​ចិន SAIC-GM-Wuling នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ខ្នាត​តូច​​ម៉ូ​ដែល​ថ្មី​​នៅ​ក្នុង​ខែ​ឧសភា​នេះ​។

    កាលពី​ថ្ងៃទី 09 ឧសភា Baojun ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ SAIC-GM-Wuling បានប្រកាសថា ពួកគេ​នឹង​បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​មួយ​ម៉ូ​ដែល​ដែលមាន​ឈ្មោះថា Baojun Yep នៅ​ថ្ងៃទី 25 ឧសភា​ខាងមុខ។

    Baojun បាន​បង្ហើប​ឱ្យដឹង​អំពី​ពាណិជ្ជសញ្ញា​ថ្មី​របស់ខ្លួន​កាលពី​ថ្ងៃទី 09 ឧសភា ហើយ​ថា Yep នឹង​ជា​ម៉ូ​ដែល​រថយន្ត​ដំបូង​ដែល​ប្រើប្រាស់​ពាណិជ្ជសញ្ញា​ថ្មី​នេះ។

    នៅក្នុង​រូបថត​មួយចំនួន​ដែល Baojun បាន​បញ្ចេញ បង្ហាញថា រថយន្ត​អគ្គិសនី Baojun Yep មាន​រូបរាង​ស្រដៀង​នឹង​រថយន្ត Jimny របស់ Suzuki។ Baojun Yep មាន​បណ្ដោយ ទទឹង និង​កម្ពស់​ជា​បន្តបន្ទាប់​គឺ 3,381, 1,685 និង 1,721 មិល្លីម៉ែត្រ ខណៈ​ប្រវែង​បណ្ដោយ​​មូលដ្ឋាន​គឺ 2,110 មិល្លីម៉ែត្រ។

    Baojun Yep នឹង​ត្រូវបាន​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 50 kW និង​កម្លាំង​រមួល​កង់ 140 Nm។ រថយន្ត​នេះ​មាន​ថ្ម​ផ្ទុក​អគ្គិសនី​​កម្លាំង 28.1 kWh និង​អាច​ផ្លាស់​ទី​បាន 303 គីឡូម៉ែត្រ។

    ក្រៅពី​កំណែ​ធម្មតា Baojun ក៏បាន​បង្ហាញ​រូបថត​ស្ដីពី​កំណែ​ភី​ក​អាប់ (រថយន្ត​ទ្រុង) ដែលមាន​ទ្វារ​ពីរ​របស់ Yep ផងដែរ។

    SAIC-GM-Wuling គឺជា​ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​រដ្ឋ​ចិន SAIC, ក្រុមហ៊ុន​អាម៉េរិក General Motors និង​ក្រុមហ៊ុន​ចិន Wuling Automobile។ SAIC-GM-Wuling មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង Liuzhou ក្នុង​តំបន់​ស្វយ័ត Guangxi Zhuang ភាគ​និរតី​នៃ​ប្រទេស​ចិន។

    នៅក្នុង​ប្រភេទ​រថយន្ត​អគ្គិសនី​ខ្នាតតូច ក្រៅពី Mini EV ក្រុមហ៊ុន SAIC-GM-Wuling ក៏បាន​បង្ហាញ​វត្តមាន​ Air EV នៅ​ប្រទេស​ចិន​កាលពី​ខែធ្នូ​ឆ្នាំ​កន្លង និង Bingo EV កាលពី​ចុងខែ​មីនា​ឆ្នាំនេះ​ផងដែរ។

    SAIC-GM-Wuling ​លក់​រថយន្ត​អគ្គិសនី​បាន​​ចំនួន 77,701 គ្រឿង​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ ក្នុងនោះ​មាន 69,842 គ្រឿង​គឺជា​រថយន្ត​អគ្គិសនី Mini EV។ នេះ​បើ​តាម សមាគម​រថយន្ត​ដឹក​អ្នក​ដំណើរ​ចិន (CPCA)៕

  • ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

    ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

    [ភ្នំពេញ – ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣] ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក​ បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.កដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត​ ហ្វដ ប្រចាំប្រទេសកម្ពុជា​ និងធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឈានមុខគេនៅកម្ពុជា។​

    លោក ហាន ប៉េង ក្វាង អគ្គនាយក ធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នាផ្តល់ដំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់អតិថិជន” ។

    “យើងជឿជាក់ថាគ្រប់គ្នាស័ក្កិសមនឹងទទួលបានឱកាសក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់ពួកគេ។ ហើយយើងចង់ធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជនមិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា នោះគឺអតិថិជនមិនបារម្មណ៍លើការចំណាយប្រាក់កក់ ហើយថែមទាំងមិនចំណាយបង់ការប្រាក់រហូតដល់ ១២ ខែ”។

    លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត ឥឡូវនេះយើងមានការផ្តល់ជូនពិសេសគឺ ការទិញរថយន្តដោយមិនតម្រូវមានប្រាក់កក់ និងការបង់រំលស់ដោយមិនចំណាយការប្រាក់ពេញមួយឆ្នាំពេញសម្រាប់រថយន្តម៉ូដែល Ford Ranger Wildtrak,  Everest, EcoSport, Territory ស៊េរីឆ្នាំ ២០២២ ដែលនេះជាលើកទី១ ដែលមានការសហការបែបនេះកើតឡើងរវាង អ អិម អេ (ខេមបូឌា) ជាមួយធនាគារ​ វីង ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ៕

    ឆ្លៀតក្នុងឱកាសនេះដែរ លោក លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានបន្ថែមថា “ បច្ចុប្បន្នក្រុមហ៊ុន ហ្វដ បានពង្រីកនូវវិសាលភាពនៃគ្រឿងបន្លាស់ និងសេវាកម្មជួសជុលរថយន្តនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយយើងក៏មានយានដ្ឋានដៃគូសហការជាច្រើននៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ ជាពិសេស ថ្មីៗនេះយើងក៏បានបង្កើតនូវ ការិយាល័យផ្នែកទំនាក់ទំនងអតិថិជន (Call Center) ដើម្បីផ្តល់នូវសេវាកម្មឆាប់រហ័ស និងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ក៏ដូចជាធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញរបស់យើង ។ ”

    សម្រាប់អតិថិជនដែលចង់សាកសួរព័ត៌មាន ឬមានបំណងចង់ទិញរថយន្ត Ford អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 333 975 ឬ 077 666 357 ឬ 078 999 883

    សម្រាប់លោកអ្នកដែលមានតម្រូវការកម្ចីឥណទានតាមរយៈធនាគារ វីង សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 078 989 767/078 989 511 ឬអញ្ជើញមកកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត៕

  • តើ​ស្ត្រី​មានគភ៌ គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​បែបណា?

    តើ​ស្ត្រី​មានគភ៌ គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​បែបណា?

    ចង់​ក្លាយជា​នារី ដែល​មើលទៅ​ស្អាត មាន​មន្ត​ស្នេ​ហ៏​តាំងពី​ក្បាល​ដល់​ចុងជើង ចូរ​កុំ​មើលរំលង​ស្បែកជើង ដែល​ត្រូវ​ពាក់​ដើរ​រាល់ថ្ងៃ​ឱ្យសោះ ជាពិសេស​ក្នុង​រយៈពេល​មានគភ៌ ដែល​ជើង​ត្រូវ​ទទួល​ទ្រ​ទម្ងន់​ខ្លួន ដែល​កាន់តែ​កើនឡើងជារឿយៗ រហូត​គួរឱ្យ​អាណិត ដូច្នេះហើយ​ទើប​ការជ្រើសរើស​ស្បែកជើង​របស់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ត្រូវ​ពាក់​ឱ្យ​សប្បាយ​ស្រួល​ជើង និង​មាន​សុវត្ថិភាព គឺជា​រឿង​សំខាន់​ណាស់។

    ការជ្រើសរើស​ស្បែកជើង សម្រាប់​ទៅធ្វើ​ការងារ​ក្រៅ​ផ្ទះ

    -ស្ត្រី​មានគភ៌ គួរ​ជ្រើសរើស​ពាក់​ស្បែកជើង ដែល​គ្មាន​កែង ដើម្បី​ការពារ ទាំង​កា​ររ​អឹ​ល​ដួល និង​ការឈឺ​ខ្នង ឈឺចង្កេះ​ផង។

    -ជ្រើសរើស​ពាក់​ស្បែកជើង​ណា ដែល​ស័ក្តិសម​នឹង​រូបរាង​ជើង​របស់ខ្លួន អាច​ទទួល​ទ្រ​ទម្ងន់​ខ្លួន និង​ទប់​ទល់នឹង​ការប៉ះទង្គិច​បាន​យ៉ាង​ល្អ។

    -កុំ​ជ្រើស​រើសយក​ស្បែកជើង​តាម​លេខ ដែល​ធ្លាប់​ពាក់​ដោយ​មិនបាន​ពាក់​ល  ព្រោះ​ទំហំ​ជើង​អាច​ប្រែប្រួល និង​នៅពេល​ពាក់ គួរ​ទុកឱ្យ​នៅសល់​ចន្លោះ រវាង​ចុង​ម្រាមជើង និង​ស្បែកជើង​ប្រវែង 1សង្ទីម៉ែត្រ។

    -ពិនិត្យមើល​បាត​ស្បែកជើង​ណា ដែល​តោង​ស្អឹ​ត​នឹង​កម្រាល​ឥដ្ឋ ជ្រើស​រើសយក​ពណ៌ ដែល​លេច​ច្បាស់​ជាង​សម្លៀកបំពាក់ ដែល​ពាក់​ទៅធ្វើ​ការ និង​មើលទៅ​ឃើញ​សមជា​អ្នកធ្វើការ​ផង។

    .បើ​ត្រូវ​ឈរ​ធ្វើការ​យូរ គួរ​ពាក់​ស្បែកជើង​ដែលមាន​បាត​រាបស្មើ ស្បែកទន់ៗ ដើម្បី​កាត់បន្ថយ​ការឈឺ​ស្រពន់​របស់​សាច់ដុំ​ជើង និង​បាតជើង ។

    -ឈាន​ចូលដល់​ត្រីមាស​ទី3 នៃ​ការ​មានគភ៌ គួរ​ចៀសវាង​ស្បែកជើង​ណា ដែល​ពិបាក​ពាក់​ពេល​ទៅធ្វើ​ការ ដូចជា​ស្បែកជើង​ដែលមាន​ខ្សែ​ចង ខ្សែរឹត​បន្តឹង ឬ​មាន​ក្បាល​គន្លឹះ ដែល​ធ្វើឱ្យ​ត្រូវ​អោនងើបៗនៅពេល​ពាក់ ឬ​ពេល​ដោះ។

    ការជ្រើសរើស​ស្បែកជើង​ពាក់​ធ្វើការ​នៅផ្ទះ

    -ក្នុងអំឡុងពេល​មានគភ៌ ជើង​នឹង​ហើម ហើយ​ធំ ដូច្នេះ​គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​ណា ដែលមាន​លក្ខណៈ​ធំ​ទូលាយ ហើយ​ស្រាល ពាក់​ហើយ​សប្បាយ​ស្រួល​ជើង ដូចជា​ស្បែកជើង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្បែកជើងផ្ទាត់​ជាដើម។

    -ជ្រើសរើស​បែប​ម៉ូដ ដែល​សម​គ្នា​នឹង​រូបរាង​បាតជើង​របស់ខ្លួន​បំផុត ផ្នែក​ធំ​បំផុត​របស់​ស្បែកជើង និង​បាតជើង គួរតែ​ឱ្យមាន​ទំហំ​ប៉ុនគ្នា។

    -ជ្រើសរើស​ពាក់​ស្បែកជើង​ណា ដែលមាន​បាត​តោង​ស្អឹ​ត​នឹង​កម្រាល​ឥដ្ឋ មិន​ងាយរ​អឹ​ល បាត​ខាងក្នុង​ទន់ ទប់ទល់​នឹង​ការ​ប៉ះ​បុក​បាន ដើម្បី​កាត់បន្ថយ​ការឈឺ​ជង្គង់ ឈឺ​កជើង។

    -ជាធម្មតា បាតជើង​ច្រើន​តែមាន​ទំហំ​ខុសគ្នា ដូច្នេះ​គួរ​វាស់​បាតជើង​ទាំងសងខាង​ជាមុនសិន មុននឹង​ទិញ ដោយ​រើស​យកតាម​ខ្នាត​ជើង​ដែល​ធំ។

    -ជ្រើសរើស​ពាក់​ស្បែកជើង​ណា ដែល​យឺត​យារ ពង្រីក​ខ្លួន​តាម​រូបរាង​បាតជើង​បានល្អ កុំ​ទិញ​ស្បែកជើង​ដែល​រឹប​ណែន​ខ្លាំង ដោយសារតែ​គិតថា ពាក់​យូរ​ទៅ​វា​គង់តែ​យារ​នោះឡើយ។

    -តម​ពាក់​ស្បែកជើងកែងចោត ព្រោះ​អាច​ប្រឈម​នឹង​ការ​ជំពប់ជើង​ដួល និង​ធ្វើឱ្យ​ឈឺ​ខ្នង​ទៀតផង។

    -បើ​ចង់ឱ្យ​ល្អ គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​សុខភាព ដែល​ផលិតឡើង ដើម្បី​ទ្រ​ទម្ងន់​របស់​ជើង និង​បាតជើង​របស់​ស្ត្រី​មានគភ៌​ជាពិសេស។

    -ពេលវេលា​ដ៏​សមស្រប ដែល​អ្នក​ម្តាយ​គួរ​ទិញ​ស្បែកជើង  គឺ​ពេល​ថ្ងៃរសៀល ព្រោះ​ពេលនេះ​ជើង​នឹង​ហើម និង​រីក​ធំ​ជាង​ពេល​ធម្មតា៕

  • និស្ស័យល្អ 10យ៉ាង ដែលឪពុកម្ដាយសម័យថ្មីគួរបង្រៀនដល់កូន

    និស្ស័យល្អ 10យ៉ាង ដែលឪពុកម្ដាយសម័យថ្មីគួរបង្រៀនដល់កូន

    ការបង្ហាត់កុមារឱ្យមានទស្សនគតិ និងឧបនិស្ស័យក្នុងការរស់នៅឱ្យបានល្អត្រឹមត្រូវ ទាំងរឿងការចូលក្នុងសង្គម និងចេះ​ហាត់មើលថែទាំសុខភាពតាំងពីអាយុនៅតិចៗ នឹងធ្វើឱ្យរឿងល្អៗទាំងអស់នេះនៅដក់ជាប់នឹងខ្លួនគេរហូតមួយជីវិត ហើយ​ខាង​​​ក្រោមនេះ គឺជារឿងសំខាន់ៗដែលអាណាព្យាបាលសម័យថ្មីគួរតែបង្រៀនឱ្យកូនៗប្រត្តិបត្តិឱ្យក្លាយជាទម្លាប់និស្ស័យ ៖

    1.ញើសសំបោរឱ្យអស់

    រឹតតែបង្ហាត់ឱ្យកុមារឆាប់ចេះញើសសំបោរលឿនប៉ុនណា បញ្ហាសុខភាពរបស់ពួកគេនឹងឆាប់បានថយចុះលឿនប៉ុននោះដែរ ព្រោះច្រមុះដែលពោរពេញដោយសំបោរ គឺជាផ្នែកមួយនៃបញ្ហាត្រចៀក និងរោគផ្សេងទៀតជាច្រើន។

    2.បរិភោគអាហារពេលព្រឹករាល់ថ្ងៃ

    អាហារពេលព្រឹក គឺជាពេលអាហារដ៏សំខាន់បំផុត ព្រោះនឹងជួយឱ្យក្មេងគិត និងរៀនបានកាន់តែល្អឡើង អាណា​ព្យា​​បាលគួ​រ​​រក​​នឹកអាហារពេលព្រឹកប្លែកៗថ្មីៗ ដើម្បីឱ្យកូនៗមានអារម្មណ៍ចង់ញ៉ាំ ដោយសាកល្បងប្តូរពីបាយសាច់ជ្រូក មកជានំសាំងវិច ឬនំប៊ើហ្គ៊ើជាដើម។

    3.ការពារស្បែករបស់ខ្លួនឯង

    អ្នកដែលកើតរោគមហារីកស្បែកភាគច្រើន ច្រើនតែកើតដោយសារការហាលកម្ដៅថ្ងៃ​ដែលសន្សំបន្តិចម្តងៗតាំងពីវ័យកុមារមកម្ល៉េះ។ ចូរបង្រៀនឱ្យកុមារយល់ដឹងអំពីរឿងនេះ និងលាបឡេការពារកម្ដៅថ្ងៃ​ មុនពេលចេញក្រៅផ្ទះគ្រប់ពេល។

    4.កម្រើករាងកាយ និងហាត់ប្រាណ

    កុមារៗឥឡូវនេះច្រើនតែចូលចិត្តអង្គុយលេងហ្គេមកុំព្យូទ័រ ឬមើលទូរទស្សន៍យូរៗដោយមិនកម្រើកខ្លួនទៅណា ធ្វើឱ្យអាចកើតជម្ងឺផ្សេងៗជាញឹកញាប់ ដូច្នេះឪពុកម្ដាយគួរបង្ហាត់ឱ្យគេចេះធ្វើកិច្ចការឯទៀតខ្លះផង ដូចជាបង្ហាត់ឱ្យចេះហាត់ប្រាណតាមរយ:ការធាក់កង់ ឬលេងបាល់បោះជាដើម។

    5.ថែទាំសុខភាពមាត់ធ្មេញរបស់ខ្លួនឯង

    បង្រៀនកូនៗថា ការមិនដុសសម្អាតធ្មេញ ឬបណ្តោយឱ្យធ្មេញពុក នឹងមានជំងឺអាក្រក់ផ្សេងទៀតកើតឡើង។ បង្រៀនឱ្យគេចេះដុសធ្មេញឱ្យបានត្រឹមត្រូវ និងនាំទៅទិញច្រាសដុសធ្មេញម៉ូដណាដែលគេស្រឡាញ់ ដើម្បីជាការជំរុញឱ្យគេកាន់តែចង់ដុសធ្មេញឡើង។

    (នៅមានត)

  • តើស្ត្រីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯង និងកូនក្នុងផ្ទៃ?

    តើស្ត្រីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯង និងកូនក្នុងផ្ទៃ?

    ចង់ក្លាយជាស្ត្រីមើលទៅស្អាត មានមន្តស្នេហ៍តាំងពីក្បាលដល់ចុងជើង ចូរកុំមើលរំលងស្បែកជើងដែលត្រូវពាក់ដើររាល់ថ្ងៃឱ្យសោះ ជាពិសេសក្នុងអំឡុងពេលមានគភ៌ដែលជើងត្រូវទទួលទ្រទម្ងន់ខ្លួនដែលកាន់តែកើនឡើងជារឿយៗ រហូតគួរឱ្យអាណិត។ ដូច្នេះហើយទើបការជ្រើសរើសស្បែកជើងរបស់ស្ត្រីមានផ្ទៃពោះដែលត្រូវពាក់ឱ្យសប្បាយស្រួលជើង និងមានសុវត្ថិភាពនោះ គឺជារឿងសំខាន់ណាស់។

    ការជ្រើសរើសស្បែកជើងសម្រាប់ទៅធ្វើការងារក្រៅផ្ទះ

    • ស្រ្តីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងដែលគ្មានកែង ដើម្បីការពារបានទាំងការជំពប់ជើងដួល និងការឈឺខ្នង​ ចង្កេះផងដែរ។
    • ជ្រើសរើសពាក់ស្បែកជើងណាដែលស័ក្តិសមនឹងរូបរាងជើងរបស់ខ្លួន ដែលអាចទទួលទ្រទម្ងន់ខ្លួន និងទប់ទល់នឹងការប៉ះទង្គិចបាន​​យ៉ាងល្អ។
    • កុំជ្រើសរើសយកស្បែកជើងតាមលេខដែលធ្លាប់ពាក់កាលពីមិនទាន់មានគភ៌ដោយមិនបានលឱ្យសោះ ព្រោះទំហំជើងអាចនឹងប្រែប្រួល។ នៅពេល​ពាក់​ហើយ គួរទុក​ឱ្យនៅសល់ចន្លោះរវាងចុងម្រាមជើង និងស្បែកជើងប្រវែង 1សង់ទីម៉ែត្រ​។
    • ពិនិត្យមើលបាតស្បែកជើងណាដែលតោងស្អិតនឹងកម្រាលឥដ្ឋ។ ជ្រើសរើសយកពណ៌ដែលលេចច្បាស់ជាងសម្លៀកបំពាក់ដែលពាក់ទៅធ្វើការ និងមើលទៅឃើញបែបផ្លូវការ។
    • បើត្រូវឈរធ្វើការយូរ គួរពាក់ស្បែកជើងដែលមានបាតរាបស្មើ ស្បែកទន់ៗ ដើម្បីកាត់បន្ថយការឈឺស្រពន់របស់សាច់ដុំជើង និងបាតជើង។
    • ឈានចូលដល់ត្រីមាសទី3 នៃការមានគភ៌ គួរចៀសវាងស្បែកជើងណាដែលពិបាកពាក់ពេលទៅធ្វើការ ដូចជា ស្បែក​ជើងដែលមានខ្សែចង ខ្សែរឹតបន្តឹង ឬមានក្បាលគន្លឹះដែលធ្វើឱ្យត្រូវឱន-ងើបៗនៅពេលពាក់ ឬពេលដោះ។

    ការជ្រើសរើសស្បែកជើងពាក់ធ្វើការនៅផ្ទះ

    • ក្នុងអំឡុងពេលមានគភ៌ ជើងនឹងហើម ហើយធំ ដូច្នេះគួរជ្រើសរើសស្បែកជើងណាដែលមានលក្ខណៈធំទូលាយ ហើយស្រាល ពាក់ហើយសប្បាយស្រួលជើង ដូចជាស្បែកជើងសម្រាប់ស្ត្រីមានផ្ទៃពោះ ឬស្បែកជើងផ្ទាត់ទន់ៗជាដើម។
    • ជ្រើសរើសម៉ូដដែលសមគ្នានឹងរូបរាងបាតជើងរបស់ខ្លួនបំផុត កន្លែងធំបំផុតរបស់ស្បែកជើង និងបាតជើងគួរតែឱ្យមាន​ទំហំប៉ុនគ្នា។
    • ជ្រើសរើសពាក់ស្បែកជើងណាដែលមានបាតតោងស្អិតនឹងកម្រាលឥដ្ឋ មិនងាយរអិល បាតខាងក្នុងទន់ ទទួលរងនឹងការប៉ះបុកបានល្អ ដើម្បីកាត់បន្ថយការឈឺជង្គង់ និងកជើង។
    • ជាធម្មតា បាតជើងទាំង 2ខាងច្រើនតែមានទំហំខុសគ្នា ដូច្នេះគួរវាស់បាតជើងទាំងសងខាងជាមុនសិនមុននឹងទិញ ដោយ​រើស​យកតាមខ្នាតបាតជើងដែលធំ។
    • ជ្រើសរើសពាក់ស្បែកជើងណាដែលយឺតយារ ពង្រីកខ្លួនតាមរូបរាងបាតជើងបានល្អ កុំទិញស្បែកជើងដែលរឹប​ណែនហួស ព្រោះតែគិតថា ពាក់យូរទៅវាគង់តែយារនោះឡើយ។
    • ​​​​ត្រូវតមពាក់ស្បែកជើងកែងចោទមួយរយៈ ព្រោះអាចប្រថុយនឹងការជំពប់ជើងដួល និងធ្វើឱ្យឈឺខ្នងទៀតផង។
    • បើចង់ឱ្យល្អ គួរជ្រើសរើសពាក់ស្បែកជើងសុខភាព ដែលផលិតឡើងដើម្បីទ្រទម្ងន់របស់ជើង និងបាតជើងរបស់ស្ត្រីមានគភ៌ជាពិសេស។
    • ពេលវេលាដ៏សមស្របដែលស្ត្រីមានគភ៌គួរទិញស្បែកជើង គឺពេលថ្ងៃរសៀល ព្រោះពេលនេះជើងនឹងហើម និងរីកធំជាងពេលធម្មតា៕
  • ម៉ូដ​ក្រចក​ដ៏​ស្រស់ស្រាយសម្រាប់​ដំណើរ​កម្សាន្ត

    ម៉ូដ​ក្រចក​ដ៏​ស្រស់ស្រាយសម្រាប់​ដំណើរ​កម្សាន្ត

    អ្នកណា​ថា​ការដើរ​​កម្សាន្ត​ត្រូវ​ត្រៀម​តែ​របស់របរ​ប្រើប្រាស់ និង​នំចំណី​នោះ! រូប​សម្រស់ និង​ការត្រៀម​ជាស្រេច​របស់​រូបរាង​កាយ​របស់​អ្នក​ក៏​សំខាន់​ណាស់ដែរ បើ​អ្នក​បាន​ត្រៀម​រូប​សម្រស់​របស់​អ្នក​យ៉ាង​ស្រស់ស្អាត និង​ហ្មត់ចត់​នោះ អ្នកនឹង​ធ្វើដំណើរ​កម្សាន្ត​ទៅគ្រប់​ទីកន្លែង​ដោយ​ភាពជឿជាក់ និង​មាន​ទំនុកចិត្ត​បំផុត។

    ដូច្នេះ​សូម​សម្អិតសម្អាង​ពណ៌​ក្រចក​របស់​អ្នក​ឱ្យ​មើលទៅ​ស្រស់ស្អាត​សប្បាយចិត្ត​ត្រូវ​ជាមួយនឹង​ពណ៌​នៃ​ធម្មជាតិ​ត្រជាក់​ភ្នែក ដើម្បី​ផ្តល់ឱ្យ​អ្នក​នូវ​អារម្មណ៍​ធូរស្រាល​ក្នុង​ដំណើរ​កម្សាន្ត​របស់​អ្នក​លើក​នេះ។ ទំព័រ​ម៉ូដ​ក្រចក​ដែល​បង្ហាញជូន​នៅក្នុង​លេខ​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការត្រៀម​ជាស្រេច​ក្នុងការ​តុបតែង​ខ្លួន​ដ៏​ស្រស់ស្អាត​សម្រាប់​ដំណើរកម្សាន្ត​របស់​អ្នក ដូច្នេះ​សូម​រីករាយ​ជាមួយនឹង​ម៉ូដ​ក្រចក​ដ៏​ស្រស់ស្រាយ​សម្រាប់​ដំណើរ​កម្សាន្ត​របស់​អ្នក​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ដូចតទៅ៕