Tag: ម៉ូដែល

  • រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast បង្ហាញ​ខ្លួន​

    រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast បង្ហាញ​ខ្លួន​

    រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast ដែល​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ល្ងាច​ថ្ងៃទី 08 មិថុនា គ្រោង​នឹង​ប្រគល់​ដល់​ដៃ​អតិថិជន​នៅក្នុង​ត្រីមាស​ទី​បី​ឆ្នាំ​ក្រោយ​។

    តំណាង​របស់​ក្រុម​ហ៊ុន​ VinFast ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី VF 3 នឹង​ជា​ម៉ូដែល​រថយន្ត​តូច​ជាង​គេ​ដំបូង​បំផុត​របស់​​ក្រុមហ៊ុន​នេះ​។

    VF 3 មាន​បណ្ដោយ​សរុប 3,114 មិល្លីម៉ែត្រ ខ្លី​ជាង​ Kia Morning ដែល​មាន​បណ្ដោយ​ 3,595 មិល្លីម៉ែត្រ​ ប៉ុន្តែវែង​ជាង​ 197 មិល្លីម៉ែត្រ បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​​ដែល​ជិត​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​​របស់​ក្រុម​ហ៊ុន​ចិន Wuling​។

    រថយន្ត​អគ្គិសនី VF 3 មាន​ទ្វារ​ពីរ​នៅ​សង​ខាង​ និង​ទ្វារ​​មួយ​នៅ​ខាង​ក្រោយ​ ហើយ​អាច​ជិះ​បាន​ប្រាំ​នាក់​។ យោង​​តាម​ក្រុម​ហ៊ុន​វៀតណាម VF 3 ដែល​មាន​ពីរ​កំណែ​គឺ Eco និង Plus នេះ នឹង​មាន​តម្លៃ​ទាប​ សម​ស្រប​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក​។

    បច្ចុប្បន្ន ម៉ូដែល​រថយន្ត​អគ្គិសនី​​​​​មាន​តម្លៃ​ទាប​បំផុត​របស់ VinFast គឺ​ VF 5 Plus ដោយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​​ 538 លាន​ដុង​ ដែល​ប្រហែល​នឹង​ 22,900 ដុល្លារ​អាម៉េរិក)​៕

  • ហាង​សម្លៀក​បំពាក់​អេស្ប៉ាញ​លំដាប់​ពិភពលោក​​ដំបូង​គេ​​​បង្អស់​នៅ​កម្ពុជា​ «ZARA» សម្ពោធ​បើក​ដំណើរ​ការ​​​នៅ​ភ្នំពេញ​

    ហាង​សម្លៀក​បំពាក់​អេស្ប៉ាញ​លំដាប់​ពិភពលោក​​ដំបូង​គេ​​​បង្អស់​នៅ​កម្ពុជា​ «ZARA» សម្ពោធ​បើក​ដំណើរ​ការ​​​នៅ​ភ្នំពេញ​

    (ភ្នំពេញ) – តើ​​នាង​កញ្ញា លោក​ លោក​ស្រី គឺជា​មនុស្ស​ស៊ីវិល័យដែល​​​ចូល​ចិត្ត​ និង​មាន​បំណង​​ស្វែង​រក​ម៉ូដ​សម្លៀក​បំពាក់​ទាន់​សម័យ​ និង​ថ្លៃ​ថ្នូរ​លំដាប់​ពិភពលោក​មែន​ទេ? ZARA បាន​មក​ដល់​កម្ពុជា​យើង​ហើយ​!

    ក្រុម​ហ៊ុន​គ្រប់​គ្រង​ ម៉ាក ZARA បានសម្ពោធ​បើក​ដំណើរការហាងសម្លៀកបំពាក់លំដាប់​ពិភពលោក​​ដំបូងរបស់​ខ្លួន​​​នៅកម្ពុជា ​ស្ថិតនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល ជាកន្លែង​ប្រមូលផ្ដុំនូវម៉ូដ​សម្លៀក​បំពាក់​ទាន់​សម័យ​ និង​សម្បូបែប​សម្រាប់​មនុស្ស​គ្រប់​វ័យ​។

    នាង​កញ្ញា លោក​ លោក​ស្រី អាច​រក​ទិញ​​សម្លៀក​បំពាក់​ថ្មីៗ​ ទាន់​សម័យ សម្បូរ​បែប ​សម្រាប់​​គ្រប់​វ័យ​​ នៅ​ឯ​ហាង ZARA ​ក្នុង​ផ្សារ​ទំនើប​ ជីប ម៉ុង 271 មេហ្កាម៉ល នៅ​រាជធានី​ភ្នំពេញ ​ដែល​​បើកដំណើរការលក់ចាប់ពីថ្ងៃទី13 ខែឧសភា ឆ្នាំ 2023 និង​​រក​ទិញ​​​បាន​តាម​អនឡាញ តាមរយៈគេហទំព័រ Zara.com/kh​។

    ហាង​​សម្លៀក​បំពាក់​អន្តរ​ជាតិ​ដំបូងគេ​​​​ក្នុងប្រទេសកម្ពុជា របស់​យីហោ​ ZARA ស្ថិត​នៅ​ក្នុង​បរិវេណ​ទំហំសរុប 3,300 ម៉ែត្រ​ការ៉េ ដែល​លាតសន្ធឹងពេញមួយជាន់នៃផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល​។ ផ្នែកខាងក្នុង​របស់​ហាង​នេះ​ ត្រូវ​បាន​រចនាដោយស្ទូឌីយោ ស្ថាបត្យកម្ម ZARA (Zara Architectural Studio) ដែលភាគច្រើនមានពណ៌ស្រស់​​ស្អាត ស៊ីគ្នានឹងពណ៌​នានា​​របស់​សម្លៀក​បំពាក់​ រួម​គ្រឿងសង្ហារឹមធ្វើពីឈើ និងផ្ទៃពណ៌ធម្មជាតិដ៏​ទាក់​ទាញ​។

    ហាង ​ZARA មានទំហំ​ធំ​ទូលាយ ប្រមូលផ្ដុំសម្លៀកបំពាក់កីឡា ស្បែកជើង និងប្រដាប់ប្រដារផ្សេងៗដ៏​ទាន់​សម័យ​។ ក្នុង​ហាង​​ មាន​ការតុបតែង និងរចនាគ្រឿងសង្ហារឹមប្លែកៗ និងរៀបចំទីតាំងស្តុកទំនិញថ្មីនៅជាប់ៗ គ្នា​ ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន។

    ហាង ZARA ត្រូវបានបំពាក់ឧបករណ៍បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ម៉ូដែលសម្លៀក​បំពាក់​មួយគ្មានពីរ ដែលរួមបញ្ចូលជាមួយវេទិកាអនឡាញថ្មីបំផុតនៅកម្ពុជា ក្នុង​នោះ​មាន​ដូចជា Zara.com/kh តាមរយៈកម្មវិធី Zara និងមុខងារ Store Mode ជា​ដើម​។ ZARA ផ្ដល់​ភាពងាយ​ស្រួល​​ដល់​អតិថិជន ដោយ​សារ​មាន​​កម្មវិធីស្វែង​រក​ទំនិញ​នៅ​ក្នុង​ហាង​ តាម​រយៈ​​អ៊ីនធើណិត​​។ ទំនិញដែលលក់តាមអនឡាញមានតម្លៃដូចគ្នាទៅនឹងទំនិញលក់នៅក្នុងហាង ZARA ហើយអតិថិជនអាចសម្រេចចិត្តទិញមុខទំនិញដោយ​​ការដឹកជញ្ជូនដល់ផ្ទះ ឬទៅទិញផ្ទាល់នៅហាងក៏បាន។

    មុខងារ «Store Mode» តាមរយៈកម្មវិធី ZARA ភ្ជាប់ប្រព័ន្ធអនឡាញជាមួយហាងនៅរាជធានីភ្នំពេញ។ មុខងារនេះអនុញ្ញាតឱ្យ​អតិថិជនរកមើលមុខទំនិញនៅក្នុងហាង និងបញ្ជាទិញទំនិញ​​ក្នុងរយៈពេល​ដ៏​ខ្លី​។ អតិថិជនក៏អាចប្រើបាស់កម្មវិធីនេះ ដើម្បីរកទីតាំងមុខទំនិញ នៅក្នុងហាងផងដែរ។

    សម្រាប់ការដឹកជញ្ជូន គឺ​ត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូននូវផលិតផល ដែលបានបញ្ជាទិញតាមអនឡាញ ដោយការវេចខ្ចប់យ៉ាង​ប្រុង​ប្រយ័ត្ន​ មិនធ្វើឱ្យ​ប៉ះពាល់ដល់បរិស្ថាន និងការពារ​មុខ​ទំនិញក្នុងអំឡុងពេល​ដឹកជញ្ជូន​។

    មុខទំនិញត្រូវបានដឹកជញ្ជូនដោយឥតគិតថ្លៃ ដោយមិនគិតពីចំនួនមុខ​​ទំនិញ នៅ​ពេល​អតិថិជនសម្រេចចិត្តទិញមុខទំនិញនៅក្នុងហាង តាមរយៈសេវាដឹកជញ្ជូនស្តង់ដារពី 7 ទៅ 8 ថ្ងៃនៃ​ថ្ងៃធ្វើការ។

    អតិថិជនដែលជ្រើសរើសការដឹកជញ្ជូនដល់ផ្ទះ សម្រាប់ការដឹកជញ្ជូនតាមស្ទង់ដារ 7-8 ថ្ងៃនៃថ្ងៃធ្វើការ លើការបញ្ជាទិញ​ដែល​មាន​តម្លៃ​លើសពី 320,000 រៀល នឹង​មិន​​គិតថ្លៃដឹកជញ្ជូន។ ចំពោះ​​ការដឹកជញ្ជូនតាមស្តង់ដារ 7-8 ថ្ងៃនៃ​ថ្ងៃធ្វើការ លើការបញ្ជាទិញ​ដែល​មាន​តម្លៃ​ក្រោម 320,000 រៀល នឹង​មាន​ការ​​​គិតថ្លៃដឹកជញ្ជូន 20,000 រៀល។

    ចំពោះអតិថិជនដែលចង់ផ្លាស់ប្តូរទំនិញ តាមគោលការណ៍ផ្លាស់ប្តូរ និងប្រគល់ទំនិញត្រលប់​ គឺដូចគ្នាសម្រាប់ទាំងការទិញនៅហាង និងតាមអនឡាញ ក្នុង​នោះ អតិថិជនអាចប្រគល់ទំនិញដែលមិនទាន់បានប្រើ​ប្រាស់​ត្រលប់​មកវិញដើម្បីប្តូររយកប្រាក់ ក្នុង​រង្វង់​​ 30 ថ្ងៃ​ បន្ទាប់​ពី​បាន​ទិញ។ ការប្រគល់ទំនិញគឺឥតគិតថ្លៃ សម្រាប់ការប្រគល់ទំនិញផ្ទាល់នៅហាង និងគិតថ្លៃ 20,000 រៀល សម្រាប់ការប្រគល់ទំនិញពីអាសយដ្ឋានរបស់អតិថិជន​។

    យីហោ Zara គឺជាផ្នែកមួយនៃក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់រាយសម្លៀក​បំពាក់​ទូទាំង​ពិភពលោក។​ Inditex ក៏​ជា​ម្ចាស់​កម្មសិទ្ធិ​​លើ​​​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ រួម​មាន​ ក្រុម​ហ៊ុន​​ Pull&Bear, Massimo Dutti, Bershka, Stradivarius, Oysho, Zara Home និង Uterque ផងដែរ​។ រឿង​រ៉ាវ​ស្ដី​ពី ZARA បានចាប់ផ្តើមជាមួយនឹងការបើកហាងដំបូង របស់ខ្លួននៅប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ 1975​ ហើយ បច្ចុប្បន្ននេះ ZARA មានវត្តមាន​​ទាំងនៅហាង​​ផ្ទាល់​ និង​នៅ​លើ​ហាង​អនឡាញ នៅក្នុងទីផ្សារជាង 200 កន្លែង នៅ​ទូទាំង​ពិភពលោក​។ ដោយផ្តោតលើការច្នៃប្រឌិតឥតឈប់ឈរ ZARA ផ្តល់ជូននូវផលិតផលឈានមុខ​គេ​សម្រាប់ស្រ្តី បុរស និងកុមារ តាមរយៈគំរូអាជីវកម្មដែលធ្វើ​ឱ្យ​អតិថិជនមានចំណាប់អារម្មណ៍លើអ្វីគ្រប់យ៉ាងដែលយើងមាន​។

    លើស​ពី​នេះ​ទៅ​ទៀត ថ្នាក់​ដឹក​នាំ​របស់​យីហោ ZARA ក៏​ដូចជា Inditex ក៏​បាន​សន្យា​ថា នឹង​សម្រេច​​ឱ្យ​បាន​គោលដៅ​ស្ដី​ពី​ការ​​បន្សាប​កាបូនដែល​នឹង​​ជួយ​ទប់​ស្កាត់​ការ​ឡើង​កម្ដៅ​ផែនដី​នៅ​ត្រឹម​ឆ្នាំ 2040​ ផងដែរ៕

    ហាងសម្លៀក​បំពាក់​ ZARA ស្ថិត​ក្នុង​ ផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល
    ហាងសម្លៀក​បំពាក់​ ZARA ស្ថិត​ក្នុង​ ផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល
    ផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល
  • ក្រុម​ហ៊ុន​​អាម៉េរិក​-ចិន បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​​ម៉ូដែល​ថ្មី

    ក្រុម​ហ៊ុន​​អាម៉េរិក​-ចិន បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​​ម៉ូដែល​ថ្មី

    ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​របស់​អាម៉េរិក​-​ចិន SAIC-GM-Wuling នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ខ្នាត​តូច​​ម៉ូ​ដែល​ថ្មី​​នៅ​ក្នុង​ខែ​ឧសភា​នេះ​។

    កាលពី​ថ្ងៃទី 09 ឧសភា Baojun ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ SAIC-GM-Wuling បានប្រកាសថា ពួកគេ​នឹង​បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​មួយ​ម៉ូ​ដែល​ដែលមាន​ឈ្មោះថា Baojun Yep នៅ​ថ្ងៃទី 25 ឧសភា​ខាងមុខ។

    Baojun បាន​បង្ហើប​ឱ្យដឹង​អំពី​ពាណិជ្ជសញ្ញា​ថ្មី​របស់ខ្លួន​កាលពី​ថ្ងៃទី 09 ឧសភា ហើយ​ថា Yep នឹង​ជា​ម៉ូ​ដែល​រថយន្ត​ដំបូង​ដែល​ប្រើប្រាស់​ពាណិជ្ជសញ្ញា​ថ្មី​នេះ។

    នៅក្នុង​រូបថត​មួយចំនួន​ដែល Baojun បាន​បញ្ចេញ បង្ហាញថា រថយន្ត​អគ្គិសនី Baojun Yep មាន​រូបរាង​ស្រដៀង​នឹង​រថយន្ត Jimny របស់ Suzuki។ Baojun Yep មាន​បណ្ដោយ ទទឹង និង​កម្ពស់​ជា​បន្តបន្ទាប់​គឺ 3,381, 1,685 និង 1,721 មិល្លីម៉ែត្រ ខណៈ​ប្រវែង​បណ្ដោយ​​មូលដ្ឋាន​គឺ 2,110 មិល្លីម៉ែត្រ។

    Baojun Yep នឹង​ត្រូវបាន​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 50 kW និង​កម្លាំង​រមួល​កង់ 140 Nm។ រថយន្ត​នេះ​មាន​ថ្ម​ផ្ទុក​អគ្គិសនី​​កម្លាំង 28.1 kWh និង​អាច​ផ្លាស់​ទី​បាន 303 គីឡូម៉ែត្រ។

    ក្រៅពី​កំណែ​ធម្មតា Baojun ក៏បាន​បង្ហាញ​រូបថត​ស្ដីពី​កំណែ​ភី​ក​អាប់ (រថយន្ត​ទ្រុង) ដែលមាន​ទ្វារ​ពីរ​របស់ Yep ផងដែរ។

    SAIC-GM-Wuling គឺជា​ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​រដ្ឋ​ចិន SAIC, ក្រុមហ៊ុន​អាម៉េរិក General Motors និង​ក្រុមហ៊ុន​ចិន Wuling Automobile។ SAIC-GM-Wuling មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង Liuzhou ក្នុង​តំបន់​ស្វយ័ត Guangxi Zhuang ភាគ​និរតី​នៃ​ប្រទេស​ចិន។

    នៅក្នុង​ប្រភេទ​រថយន្ត​អគ្គិសនី​ខ្នាតតូច ក្រៅពី Mini EV ក្រុមហ៊ុន SAIC-GM-Wuling ក៏បាន​បង្ហាញ​វត្តមាន​ Air EV នៅ​ប្រទេស​ចិន​កាលពី​ខែធ្នូ​ឆ្នាំ​កន្លង និង Bingo EV កាលពី​ចុងខែ​មីនា​ឆ្នាំនេះ​ផងដែរ។

    SAIC-GM-Wuling ​លក់​រថយន្ត​អគ្គិសនី​បាន​​ចំនួន 77,701 គ្រឿង​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ ក្នុងនោះ​មាន 69,842 គ្រឿង​គឺជា​រថយន្ត​អគ្គិសនី Mini EV។ នេះ​បើ​តាម សមាគម​រថយន្ត​ដឹក​អ្នក​ដំណើរ​ចិន (CPCA)៕

  • ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

    ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

    [ភ្នំពេញ – ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣] ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក​ បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.កដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត​ ហ្វដ ប្រចាំប្រទេសកម្ពុជា​ និងធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឈានមុខគេនៅកម្ពុជា។​

    លោក ហាន ប៉េង ក្វាង អគ្គនាយក ធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នាផ្តល់ដំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់អតិថិជន” ។

    “យើងជឿជាក់ថាគ្រប់គ្នាស័ក្កិសមនឹងទទួលបានឱកាសក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់ពួកគេ។ ហើយយើងចង់ធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជនមិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា នោះគឺអតិថិជនមិនបារម្មណ៍លើការចំណាយប្រាក់កក់ ហើយថែមទាំងមិនចំណាយបង់ការប្រាក់រហូតដល់ ១២ ខែ”។

    លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត ឥឡូវនេះយើងមានការផ្តល់ជូនពិសេសគឺ ការទិញរថយន្តដោយមិនតម្រូវមានប្រាក់កក់ និងការបង់រំលស់ដោយមិនចំណាយការប្រាក់ពេញមួយឆ្នាំពេញសម្រាប់រថយន្តម៉ូដែល Ford Ranger Wildtrak,  Everest, EcoSport, Territory ស៊េរីឆ្នាំ ២០២២ ដែលនេះជាលើកទី១ ដែលមានការសហការបែបនេះកើតឡើងរវាង អ អិម អេ (ខេមបូឌា) ជាមួយធនាគារ​ វីង ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ៕

    ឆ្លៀតក្នុងឱកាសនេះដែរ លោក លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានបន្ថែមថា “ បច្ចុប្បន្នក្រុមហ៊ុន ហ្វដ បានពង្រីកនូវវិសាលភាពនៃគ្រឿងបន្លាស់ និងសេវាកម្មជួសជុលរថយន្តនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយយើងក៏មានយានដ្ឋានដៃគូសហការជាច្រើននៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ ជាពិសេស ថ្មីៗនេះយើងក៏បានបង្កើតនូវ ការិយាល័យផ្នែកទំនាក់ទំនងអតិថិជន (Call Center) ដើម្បីផ្តល់នូវសេវាកម្មឆាប់រហ័ស និងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ក៏ដូចជាធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញរបស់យើង ។ ”

    សម្រាប់អតិថិជនដែលចង់សាកសួរព័ត៌មាន ឬមានបំណងចង់ទិញរថយន្ត Ford អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 333 975 ឬ 077 666 357 ឬ 078 999 883

    សម្រាប់លោកអ្នកដែលមានតម្រូវការកម្ចីឥណទានតាមរយៈធនាគារ វីង សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 078 989 767/078 989 511 ឬអញ្ជើញមកកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត៕

  • ម៉ាស់​! ទន្ទឹម​នឹង​ការ​ជួយ​ការ​ពារសុខ​ភាព​ វាក៏​បាន​ក្លាយ​ជា​គ្រឿង​លម្អ​សម្រស់​

    ម៉ាស់​! ទន្ទឹម​នឹង​ការ​ជួយ​ការ​ពារសុខ​ភាព​ វាក៏​បាន​ក្លាយ​ជា​គ្រឿង​លម្អ​សម្រស់​

    ម៉ាស់​ការ​ពារ​សុខភាព​បាន​ក្លាយ​ទៅ​ជា​គ្រឿង​លម្អ​សម្រស់​បន្ថែម នៅ​ក្នុងព្រឹត្តិ​ការបង្ហាញ​ម៉ូដសម្លៀក​បំពាក់ ​London Fashion Week 2020 ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​អង់គ្លេស​ ក្នុង​អំឡុង​អាសន្ន​រោគ​ COVID-19 កំពុង​​រាត​ត្បាត​ពាស​ពេញ​ពិភព​លោក​។

    សារព័ត៌មាន​ New York Post បាន​ចុះផ្សាយ​ថា​ “គ្រឿង​លម្អ​បន្ថែម​​ដែល​ បំផុត​ក្នុង​ព្រឹត្តិ​ការ​បង្ហាញ​ម៉ូដ​នៅ​ឯទី​ក្រុង​ឡុងដ៍​ មិន​មែន​ជា​កាបូប​​ដ៏ស្រស់​ស្អាតនោះ​ទេ ប៉ុន្តែ​វា​ជា​ម៉ាស់​ដ៏​ប្រណិត​ ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​វឹក​វរ​ដោយ​​សារ​អាសន្ន​រោគ​កូរ៉ូណា​”។ ក្រុម​អ្នករចនា​ម៉ូដ​ បាន​បន្ថែម​រូប​ភាព​ខ្លះ​ៗ​ដែល​បង្ហាញ​អំពី​លក្ខណៈ​ពិសេស​ដោយ​ឡែក​របស់​វា​។

    ម៉ាស់​​បិទ​ច្រមុះ​ និង​មាត់ ដើម​ឡើយ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ការ​ពារ​សុខ​ភាព​ពី​ការ​ឆ្លង​មេរោគ​ និងផ្សែង​ធូលី។ ថ្មី​ៗ​នេះ ម៉ាស់​បាន​ក្លាយ​ជា​របស់​សំខាន់ពេល​ដែល​ប្រទេស​ជា​ច្រើន​ត្រូវ​ប្រឈម​នឹង​បញ្ហា​ផ្សែង​ដែល​កើត​ឡើង​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ ផ្សែង​ពុល​​ក្នុង​ទី​ក្រុង​ដែល​​បង្ក​ឡើង​ដោយ​រថយន្ត​ និង​រោង​ចក្រ​ជា​ដើម ហើយ​បច្ចុប្បន្ន​ ​វា​ក៏​ក្លាយ​ជា​សម្ភារ​ដែល​មិន​អាច​ខ្វះបាន​នៅ​ពេល​អាសន្ន​រោគកូរ៉ូណា​​បាន​​កើត​ឡើង និង​កំពុង​រាត​ត្បាត​ពិភពលោក​។ ប៉ុន្តែ មិន​មែន​ត្រឹម​តែ​វិស័យ​សុខា​ភិបាល​ប៉ុណ្ណោះ​ទេ តែ​ម៉ាស់​ក៏​បាន​បង្ហាញ​ខ្លួន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​ ឬ​នៅ​លើ​ឆាក​តន្ត្រី​ និង​ឆាក​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ជា​ដើម ហើយ​វា​ក៏​បាន​ក្លាយ​ជា​គ្រឿង​លម្អ​មួយ​ផង​ដែរ​​។

    Nina Greffee ប្រធាន​ក្រុម​ហ៊ុន​ផលិត​ម៉ាស់់​ Cambredge Mask បាន​ប្រាប់​សារ​ព័ត៌មាន​ The Guardian ថា “នៅ​ពេល​ការ​ពាក់​ម៉ាស់​បាន​ក្លាយ​ជា​រឿង​ប្រចាំ​ថ្ងៃ វា​ជា​ការ​ប្រសើរ​បើសិន​គេ​ធ្វើ​ឱ្យ​វា​ស៊ី​គ្នា​ជាមួយ​នឹង​ខោអាវ”។

    ច្រើន​ឆ្នាំ​កន្លង​មក មាន​ក្រុម​ហ៊ុន​ផលិត​ម៉ាស់​ល្បី​ៗ​ជា​ច្រើន​ បាន​ដាក់​លក់​ម៉ាស់​ដ៏ស្រស់​ស្អាត​ ទាន់​សម័យ​ ថែម​ទាំង​អាច​ការ​ពារ​សុខ​ភាព​។ ចាប់​ពី​ឆ្នាំ​2011​ ក្រុម​ហ៊ុន​ផលិត​ម៉ាស់​ជា​ច្រើន​បាន​បង្ហាញ​ខ្លួន​ មាន​ដូច​ជា​ ក្រុម​ហ៊ុន​ P-Pur, Cambridge Mask, Vogmask, Respro និង​ Airpop ជា​ដើម ដែល​ធ្វើ​ឡើង​​ទៅ​តាម​តម្រូវ​ការ​សុខា​ភិបាល​ និង​សោភ័ណ​ភាព​​។

    ក្រុម​ហ៊ុន​ Vogmask ដែល​មាន​ការិយា​ល័យ​កណ្ដាល​នៅ​អាមេរិក បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​​រចនា​ម៉ូដ Manish Arora ផលិត​ម៉ាស់​មាន​រូប​ភាព​ដ៏​ស្រស់​ស្អាត​ និង​ដាក់​លក់​នៅ​ក្នុង​ទី​ផ្សារ​ឥណ្ឌា​ ដែល​ជា​ប្រទេស​មាន​ផ្សែង​ពុល​ធ្ងន់​ធ្ងរ​​​កាល​ពី​ឆ្នាំ​2016។ ក្រុម​ហ៊ុន​ស៊ុយ​អែត​ Airinum ក៏​បាន​សហ​ការ​ជាមួយ​ក្រុម​ហ៊ុន​ច្នៃ​ម៉ូដ​អ៊ីតាលី Nemen កាល​ពី​ឆ្នាំ​2019​។ នៅ​ឯ​ប្រទេស​ចិនវិញ ក្រុម​ហ៊ុន​ Airpop បាន​បង្កើត​ផលិត​ផល​ម៉ាស់​ដែល​សម​ស្រប​ជាមួយ​នឹង​ទម្រង់​មុខ​របស់​ប្រជា​ជន​អាស៊ី​។ Rose Eveleth បាន​សរសេរ​នៅ​លើ​ទំព័រ Vox ថា៖ “បច្ចុប្បន្ន ផលិត​ផល​ម៉ាស់​របស់ Airpop កំពុង​ត្រូវ​បាន​ដាក់​លក់​នៅ​ទូទាំង​ប្រទេស​ចិន​ ក្នុង​តម្លៃ​50ដុល្លារ​អាមេរិក​។ ម៉ាស់​ទាំង​នោះមាន​ពណ៌​ផ្សេង​ៗ​គ្នា​ ដែល​ប្រកប​ដោយ​ភាព​ស្រស់​ស្អាត​”។

    ទន្ទឹម​នឹង​បណ្ដា​ក្រុម​ហ៊ុន​ រោង​ចក្រ​ផលិតលក្ខណ​ឯករាជ ក៏មាន​ក្រុម​ហ៊ុន​ល្បី​ៗ​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ដល់គ្រឿង​ការ​ពារ​សុខ​ភាព​មួយ​នេះ​ដែរ​។ ក្រុម​ហ៊ុន​ Yoonx របស់​អ៊ីតាលី បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ច្នៃ​ម៉ូដ​ជា​ច្រើន​នៅ​ប្រទេស​ចិន​ មាន​ដូច​ជា​ Qiu Hao, Xander Zhou និង​ក្រុមហ៊ុន​ច្នៃ​ម៉ូដ Sankuanz ហើយ​បាន​ផលិត​ និង​បង្ហាញ​ម៉ូដ​ម៉ាស់​ប្រណិតៗ និង​តម្លៃខ្ពស់ដែល​មាន​ឈ្មោះ​ថា Yooxygen ​នៅ​ក្នុង​​ព្រឹត្តិ​ការ​ Beijing Design Week កាល​ពី​ឆ្នាំ​2014។ ក្រុម​ហ៊ុន​ Gucci ក៏​មាន​ផលិត​ផល​ម៉ាស់​ដែល​មាន​រចនារូប​រាង​ប្លែក​ភ្នែក​។ អ្នក​រចនា​ម៉ូដ Marine Serre ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ R-Pur ដើម្បី​ផលិត​ម៉ាស់​ការ​ពារ​ធូលី​ ហើយ​បាន​បង្ហាញ​ម៉ូដ​របស់​វា​នៅ​ក្នុង​ព្រឹត្តិ​ការ​ Paris Fashion Week 2020។ នៅ​ក្នុង​ខែមករា​កន្លង​ទៅ ក្រុម​ហ៊ុន​ Damur ក៏​បាន​ឧទ្ទេស​នាម​ម៉ាស់​ដ៏​ស្រស់​ស្អាត​ និង​អាច​ការ​ពារ​សុខ​ភាព​បាន​យ៉ាង​ល្អ​ នៅ​ក្នុង​ព្រឹត្តិ​ការ​បង្ហាញ​ម៉ូដ​ Berlin Fashion Week ផងដែរ​។

    ក្រៅ​ពី​នេះ នៅ​មានយីហោ ​ក្រុម​ហ៊ុន​ និង​ក្រុម​​អ្នក​រចនា​ម៉ូដ​សម្លៀក​បំពាក់ល្បីៗ​​ជា​ច្រើន​ផ្សេង​ទៀត ក៏​បានច្នៃម៉ូដ​ ​​ផលិត និង​​​ដាក់​លក់​​ម៉ាស់​របស់​ខ្លួន​ នៅ​ក្នុង​ទី​ផ្សារ​ពិភព​លោក​ មាន​ដូជ​ជា​ Off-white​ ជា​ដើម​។

    មិន​ត្រឹម​តែ​ក្រុម​ហ៊ុន​ផលិត​ម៉ាស់​នោះ​ទេ​ដែល​យក​ម៉ាស់​មក​ធ្វើ​ជា​របស់​សម្រាប់​កើប​លុយ ប៉ុន្តែ ម៉ាស់​ក៏​ត្រូវ​បាន​តារាល្បី​ៗ​ជា​ច្រើន​ យក​មក​ធ្វើ​ជា​លក្ខណៈ​ពិសេស​របស់​ខ្លួន​នៅ​លើ​ឆាក​តន្ត្រី​​ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ ក្នុង​​​នោះ​មាន​ក្រុម​តារា​ចម្រៀង​ BTS នៅ​កូរ៉េខាង​ត្បូង តារា​ចម្រៀង​រ៉ែប ​​Future និង​កូន​ស្រី Londyn Wilburn (ពាក់​ម៉ាស់​ក្នុង​​ព្រឹត្តិ​ការ​ប្រគល់​ពាន់​រង្វាន់ BET 2017) តារា​ភាព​យន្ត Nick Cannon (នៅ​ក្នុង​ព្រឹត្តិ​ការ​ MTV Award 2019) និង តារា​ចម្រៀង​អាមេរិកាំង នាង​ Kesha (នៅ​ MusicCares) ឬ​តារា​ចម្រៀង​ Billie Eilish ។ល។

    ប្រភព​៖ សារព័ត៌មាន​បរទេស