Tag: ម៉ាឡេស៊ី

  • សហរដ្ឋ​អាមេរិក៖ ស្ដ្រីអ្នក​ទេសចរ​វ័យ83ឆ្នាំ មក​ពី​នាវា​ Westerdam អាចមាន​ជំងឺ​ផ្លូវ​ដង្ហើម​ តែ​មិន​មែន​កូរ៉ូណានោះ​ទេ

    សហរដ្ឋ​អាមេរិក៖ ស្ដ្រីអ្នក​ទេសចរ​វ័យ83ឆ្នាំ មក​ពី​នាវា​ Westerdam អាចមាន​ជំងឺ​ផ្លូវ​ដង្ហើម​ តែ​មិន​មែន​កូរ៉ូណានោះ​ទេ

    “អ្នក​ទេសចរ​ទាំង​អស់​នៅ​​មក​ពី​នាវា​ Westerdam ដែល​បាន​ចូល​ចត​នៅ​ឯកំពង់​ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មីៗនេះ​ មិន​មាន​អ្នក​ណា​ម្នាក់​មាន​ផ្ទុក​មេរោគ​កូរ៉ូណានោះ​ទេ”​ នេះ​បើ​តាម​បញ្ជាក់​របស់​អ្នកនាំពាក្យ​នៃមជ្ឈមណ្ឌល​​ទប់​ស្កាត់​ និងការ​ពារ​​ជំងឺឆ្លង​​សហរដ្ឋអាមេរិក (CDC)។

    អ្នក​ទេស​ចរ​វ័យ​83ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍ Westerdam ដែល​ត្រូវ​បាន​ម៉ាឡេស៊ី​ពិនិត្យ​ និង​រក​ឃើញ​​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19​ រួម​នឹង​អ្នក​ដំណើរ​ផ្សេង​ទៀត ត្រូវ​បាន​អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​​ទប់​ស្កាត់​ និងការ​ពារ​ជំងឺឆ្លង​សហរដ្ឋអាមេរិក (CDC) លោក​ Richard Quartarone បញ្ជាក់​ថា អ្នក​ទេស​ចរ​ទាំង​នោះ មិនមាន​ផ្ទុក​មេរោគ​កូរ៉ូណា​តាំង​ពី​ដើម​មក​ម៉្លេះ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​និយាយ​ថា អាមេរិកបាន​ទទួល​លទ្ធ​ផល​នៃការ​ធ្វើ​តេស្តទៅ​លើ​អ្នក​ដំណើរ​ខាង​លើ​ កាល​ពី​ថ្ងៃទី​20កុម្ភៈកន្លង​ទៅ​។

    លោក​ Rechard បាន​ឱ្យ​ដឹង​ថា ស្ត្រីជនជាតិ​អាមេរិកាំង​វ័យ83ឆ្នាំ ដែល​ត្រូវ​បាន​ម៉ាឡេស៊ីបញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នោះ អាច​មាន​ជំងឺ​ផ្លូវ​ដង្ហើម​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​មែនជា​វីរុស​កូរ៉ូណា​នោះទេ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារ​ព័ត៌មាននៃ​សហរដ្ឋ​អាមេរិក។

    គួរ​រំឭកថា ស្ត្រីជនជាតិ​អាមេរិកាំង​វ័យ83ឆ្នាំ រួមនឹង​ភ្ញៀវ​ចំនួន 145នាក់​ផ្សេង​ទៀត មក​ពី​នាវា​ទេស​ចរណ៍​ MS Westerdam បាន​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា​តាម​ជើង​យន្ត​ហោះ​ពិសេស​មួយ​ ទៅ​កាន់ទី​​ក្រុង​ Kuala Lumpur បន្ទាប់​ពី​បាន​ឡើង​គោក។ ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​អស់​នៅ​លើ​យន្ត​ហោះ​នោះ គឺ​មាន​ស្ត្រី​វ័យ83ឆ្នាំ​ខាង​លើ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ីអះអាងថា មាន​ផ្ទុកមេរោគ​កូរ៉ូណា​។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​ការសង្ស័យ និង​បាន​តវ៉ះទៅកាន់​ទីក្រុង Kuala Lumpur ដោយ​ស្នើ​ឱ្យ​ប្រទេស​នេះ ធ្វើ​តេស្ត​ឡើង​វិញ។ បន្ទាប់​ទីក្រុង Kuala Lumpur ក៏បាន​ធ្វើ​តាម​សំណូមពរ ហើយ​ប្រទេស​ម៉ាឡេស៊ីនៅ​តែ​អះអាង​ថា ស្ត្រីខាង​លើ មាន​ផ្ទុក​មេរោគ​ពិត​មែន។ ក៏ប៉ុន្តែ កាល​ពី​ម្សិល​មិញ​នេះ ទីក្រុង Kuala Lumpur បាន​ប្រកាស​ថា ស្ត្រី​រូប​នេះ បាន​ជាសះស្បើយ​វិញ​ហើយ។ ប្រការ​ក៏នាំ​ឱ្យ​កម្ពុជា​កាន់​តែ​មិន​ជឿ​ថា ស្រ្តី​វ័យ83ឆ្នាំ​ខាងលើ​នេះ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នោះឡើយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • GENTING HIGHLANDS មជ្ឈមណ្ឌលកម្សាន្តនៅប្រទេស ម៉ាឡេស៊ី មានអ្វីឱ្យរំភើបខ្លះទៅ?

    GENTING HIGHLANDS មជ្ឈមណ្ឌលកម្សាន្តនៅប្រទេស ម៉ាឡេស៊ី មានអ្វីឱ្យរំភើបខ្លះទៅ?

    ពេលនិយាយពីការទៅដើរលេងកម្សាន្តនៅប្រទេសម៉ាឡេស៊ី មណ្ឌលទេសចរណ៍ដ៏ល្បីល្បាញដែលមនុស្សជាច្រើនត្រូវតែនឹកដល់មុនគេបង្អស់នោះគឺ ហ្គេនធីង ហាយលែនដ៍ ហ្នឹងឯង តែដឹងឬទេថា តើនៅទីនោះមានកន្លែងកម្សាន្តបែបណាខ្លះ ឬមានដំណើរកម្សាន្តអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លះទៅ? តាម ឡារ៉ែន មក ថ្ងៃនេះយើងនឹងនាំទៅលុកលុយមណ្ឌលទេសចរណ៍ ហ្គេនធីង ហាយលែនដ៍ទាំងអស់គ្នា។

    ហ្គេនធីង ហាយលែនដ៍ (Genting Highlands) ស្ថិតនៅក្នុងរដ្ឋ ប៉ាហាំង ដែលនៅឆ្ងាយពីទីក្រុងគូឡាឡាំពួ ប្រមាណជា51គីឡូម៉ែត្រ ដោយស្ថិតនៅលើកំពូលភ្នំដែលមានកម្ពស់ដល់ទៅ2,000ម៉ែត្រ ទើបធ្វើឱ្យទីនោះមានធាតុអាកាសត្រជាក់ និងមានអ័ព្ទពេញមួយឆ្នាំទល់មួយឆ្នាំ។ ផ្ទៃដីខាងលើមិនមែនមានតែភាពស្រស់ស្អាតរបស់ធម្មជាតិ និងទេសភាពដ៏ល្អអស្ចារ្យប៉ុណ្ណោះទេតែនៅពេញទៅដោយភាពកម្សាន្តសប្បាយដ៏ច្រើនរូបបែប ទាំងកាស៊ីណូ សណ្ឋាគារប្រណីតរោងភាពយន្ត ទីលានវាយកូនហ្គោល និងសួនកម្សាន្ត 2កន្លែងគឺ Outdoor Theme Park និង First World Indoor Theme Park រួមទាំងកិច្ចការងារកម្សាន្តផ្សេងៗទៀតជាច្រើនដែល ឡារ៉ែន នឹងប្រមូលយកមកជម្រាបជូនមិត្តអ្នកអានដូចតទៅ ៖

    1. ជិះកន្ត្រកខ្សែរ៉ក Awana Skyway
    ដោយសារតែ ហ្គេនធីង ហាយលែនដ៍ ស្ថិតនៅលើកំពូលភ្នំដែលមានកម្ពស់លើនីវ៉ូទឹកសមុទ្រដល់ទៅ 2,000ម៉ែត្រ ដូច្នេះហើយទើបវិធីដែលងាយស្រួលបំផុតដែលយើងនឹងឡើងទៅដល់លើនោះបានគឺ ការជិះកន្ត្រកខ្សែរ៉កហ្នឹងឯង ហើយក្នុងអំឡុងការជិះឡើងនេះ ក្រៅពីនឹងបានជក់ចិត្តលង់ទៅជាមួយធាតុអាកាសនៅលើភ្នំដែលត្រជាក់ពេញមួយរយៈពេលនៃការជិះនោះហើយ អ្នកទេសចរនៅបានទទួលបទពិសោធន៍ដ៏គួរឱ្យរំភើបញាប់ញ័រតាមរយៈទស្ស-នីយភាពរបស់ព្រៃសន្សើមដែលមានអាយុច្រើនជាង130លានឆ្នាំ ដែលស្ថិតនៅខាងក្រោមនោះទៀតផង។

    2. ទីសក្ការៈអាទិទេពស័ក្តិសិទ្ធិនៃ Chin Swee Caves Temple
    បើអ្នកណាមានឱកាសបានមកលេង ហ្គេនធីង ហាយលែនដ៍ ឡារ៉ែន សូមណែនាំថា គួរតែទៅគោរពសក្ការៈរូបចម្លាក់របស់ ព្រះអាចារ្យ ឈិន ស្វ៊ី ជាអាទិទេពដែលអ្នកស្រុកនៅមណ្ឌល ហ្វូ៊ចៀន ផ្ដល់នូវការគោរពបូជាយ៉ាងខ្លាំង រួមទាំងអ្នកទេសចរជនជាតិម៉ាឡេស៊ី និងជនជាតិបរទេសផងក៏និយមទៅធ្វើបុណ្យសក្ការៈជាប់ជានិច្ចដែរ។ វត្ត ឈិន ស្វ៊ី ស្ថិតនៅក្នុងព្រៃថ្មដែលមានកម្រិតកម្ពស់លើនីវ៉ូទឹកសមុទ្រដល់ទៅ4,600ហ្វ៊ីត នៅខាងក្នុងវត្តប្រកបទៅដោយចេតិយ9ជាន់បែបចិន ព្រះពុទ្ធរូបថ្មដ៏ធំ រូបចម្លាក់ម្ចាស់ម៉ែគង់ស៊ីអីុម បន្ទប់មើលទេសភាព កន្លែងប្រតិបត្តិធម៌ និងភោជនីយដ្ឋានម្ហូបបួស រួមទាំងរូបចម្លាក់ផ្សេងៗដែលតម្រៀបគ្នាជាជួរនៅតាមផ្លូវដើរលើចង្កេះភ្នំ។

    3. បេះផ្លែ ស្រ្តបឺរី នៅ Strawberry Leisure Farm
    កិច្ចការងារកម្សាន្តមួយក្នុងចំណោមកិច្ចការងារកម្សាន្តដែលមិនគួររំលងនៅពេលទៅលេងប្រទេសម៉ាឡេស៊ី លើភ្នំហ្គេនធីង ហាយលែនដ៍នោះគឺ ការសប្បាយជក់ចិត្តជាមួយការបេះផ្លែស្រ្តបឺរីធំៗ ពណ៌ក្រហមរលោង ផ្អែមត្រជាក់នៅក្នុង Strawberry Leisure Farm ដែលនៅខាងក្នុងកសិដ្ឋាននោះ ក្រៅពីមានផ្លែស្រ្តបឺរីឱ្យបេះ និងថតរូបទុកជាអនុស្សាវរីយ៍ហើយ ទីនេះនៅមានវត្ថុគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀតជាច្រើន មានទាំង សណ្ដែកបណ្ដុះ ឥន្ទ្រីយ និងរុក្ខជាតិក្នុងផើងពពួកដើមផ្កាអ័រគីដេដ៏ច្រើនប្រភេទ រួមទាំងហាងកាហ្វេ និងហាងលក់វត្ថុអនុស្សាវរីយ៍ដែលអនុញ្ញាតឱ្យភ្ញៀវចូលទស្សនា និងទិញយ៉ាងសប្បាយដៃ។

    4. បើកពិភពមហស្ចារ្យ នៅ Cyber World First World Hotel
    Genting Cyber World គឺមជ្ឈមណ្ឌលរួមនៃការកម្សាន្តដែលអាចបានជួបនៅក្នុង First World Plaza នៅលើហ្គេនធីង ហាយលែនដ៍ ដែលទីនោះនឹងបើកបម្រើសេវាកម្មពេញ24ម៉ោងតែម្ដង ក្រៅពីនេះនៅផ្ដល់សេវាកម្មអុីនធើណិតល្បឿនលឿនទៀតផង។ ភាគច្រើនអ្នកដែលមកទីនេះច្រើនតែមកលេងហ្គេម លេងក្ដារលើទឹករលករួមទាំងជក់ចិត្តដិតអារម្មណ៍ជាមួយបទពិសោធដ៏សម្បូរបែបពីវត្ថុជួយបង្កើនភាពងាយស្រួលតាមរយៈពិភពឌីជីថល ក្រៅពីនោះ នៅខាងក្នុងក៏មានសួនកម្សាន្តសម្រាប់ឱ្យក្មេងៗបានសប្បាយរីករាយផងដែរ។

    ក្រៅពីទាំងអស់ខាងលើនេះហើយ ហ្គេនធីង ហាយលែនដ៍ នៅពេញទៅដោយវត្ថុជួយបង្កើនភាពងាយស្រួល និងទីកន្លែងកម្សាន្តដែលគួរឱ្យសប្បាយរីករាយជាច្រើនទៀត ដែលអាចសប្បាយបានគ្រប់ភេទគ្រប់វ័យតែម្ដង ហើយថែមទាំងស្ថិតនៅមិនឆ្ងាយពីប្រទេសរបស់យើងប៉ុន្មានឡើយ។ អ្នកណាដែលកំពុងសម្លឹងរកមើលកន្លែងដើរលេងសប្បាយទាំងគ្រួសារនៅក្រៅប្រទេសជិតៗខ្លួននោះ ទីនេះក៏ជាជម្រើសមួយដែលគួរឱ្យចាប់អារម្មណ៍ដែរ៕

  • ម៉ាឡេស៊ីមានគម្រោងបង្កើតឧស្សាហកម្មម្ហូប «ហាឡាល» នៅកម្ពុជា

    ម៉ាឡេស៊ីមានគម្រោងបង្កើតឧស្សាហកម្មម្ហូប «ហាឡាល» នៅកម្ពុជា

    តាមរយៈមន្រ្តីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ថ្មីៗនេះប្រតិភូនៃប្រទេសម៉ាឡេស៊ីដឹកនាំដោយ Prof. DatukDr Malik Musharat នាយកគ្រប់គ្រងគម្រោងនៃក្រុមហ៊ុន PFM Global Venture បានជួបពិភាក្សាជាមួយលោកជំទាវ សូ ស្រីម៉ិច អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិភ្សាលើការបង្កើតឧស្សាហកម្មហាឡាល (សហគ្រាសផលិតអាហារអ៊ិស្លាម) នៅកម្ពុជា។

    កិច្ចពិភាក្សាក្នុងជំនួបនេះ គឺផ្ដោតជាសំខាន់ទៅលើវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសហាឡាលកម្ពុជា កម្រិតស្ដង់ដារហាឡាល និងអត្ថប្រយោជន៍នៃការបង្កើតសួនឧស្សាហកម្មហាឡាលនៅកម្ពុជា ដោយភាគីម៉ាឡេស៊ី បានលើកឡើងអំពីបទពិសោធដែលម៉ាឡេស៊ីអនុវត្តបានជោគជ័យ ក្នុងការជំរុញផលិតផលហាឡាលទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។

    ឆ្លៀតក្នុងឱកាសនោះលោកជំទាវ សូ ស្រីម៉ិច បានសម្តែងការសាទរចំពោះបទពិសោធនៃការអនុវត្តដ៏ជោគជ័យរបស់ម៉ាឡេស៊ី និងបានណែនាំដល់មន្រ្តីជំនាញឱ្យសិក្សាពីបទពិសោធល្អៗរបស់ក្រុមជំនាញការហាឡាលរបស់ម៉ាឡេស៊ី។ លោកជំទាវមានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងម៉ាឡេស៊ីលើកិច្ចការហាឡាលនេះនឹងធ្វើឱ្យប្រទេសកម្ពុជាបង្កើតបាននូវទីផ្សារផលិតផលហាឡាលឆាប់ៗនាពេលអនាគត ហើយទីផ្សារនេះនឹងជួយទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាសាសនិកជនអ៊ិស្លាម ចូលមកកម្ពុជាកាន់តែច្រើនឡើងៗទៀតផង៕

  • សហព័ន្ធកីឡាទូកក្តោងកម្ពុជា ធ្វើការហាត់សមអត្តពលិក ត្រៀមខ្លួនចូលរួមស៊ីហ្គេមនៅម៉ាឡេស៊ី

    សហព័ន្ធកីឡាទូកក្តោងកម្ពុជា ធ្វើការហាត់សមអត្តពលិក ត្រៀមខ្លួនចូលរួមស៊ីហ្គេមនៅម៉ាឡេស៊ី

    ខណៈដែលព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី២៩ (The 29th Sea Game) នៅប្រទេសម៉ាឡេស៊ី នាខែសីហា ដែលនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ សហព័ន្ធកីឡាទូកក្ដោង ជាបេក្ខភាពមួយ ដែលក្រសួងអប់រំយុវជន និង កីឡា និង គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានផ្ដល់សិទ្ធិទៅចូលរួមនោះ បាននឹងកំពុងរៀបគម្រោងប្រជែងយកមេដាយ  និងកំពុងធ្វើការហាត់សម នៅឆ្នេរសមុទ្រ ខេត្តកែបជាកន្លែងហ្វឹកហាត់ជាស្ដង់ដាអន្តរជាតិ។

    ក្រោមកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមក សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានសម្រេចជ្រើសរើសយកក្លឹបទូកក្តោងកែប ធ្វើជាមូលដ្ឋានហ្វឹកហាត់មួយ ដើម្បីហ្វឹកហាត់បច្ចេកទេសទូកក្តោង ក្នុងការត្រៀមចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី២៩ (The 29th Sea Game) ដែលនឹងប្រព្រឹត្តនៅប្រទេសម៉ាឡេស៊ី និងធ្វើការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមសម្តែងអបអរសាទរ ក្នុងពិធីបុណ្យ សមុទ្រលើកទី៦ ដែលនឹងរៀបចំនៅខេត្តកែប នាពេលខាងមុខនេះ ពិសេសដំណើរឆ្ពោះទៅរកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

    ប្រធានសហព័ន្ធ កីឡាទូកក្តោងកម្ពុជា លោក ថោង រដ្ឋាស័ក បានឱ្យដឹងថា៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា និងក្លឹបទូកក្តោងកែប  មានចក្ខុវិស័យរួម គឺណែនាំ តម្រង់ទិស ជំរុញលើកទឹកចិត្តដល់ក្មេងៗ និងយុវជន កម្ពុជា ឱ្យមានចិត្តស្រលាញ់កីឡាទូកក្តោង ដើម្បីប្រមូលផ្តុំកីឡាករទូកក្តោង និងចម្រាញ់យកកីឡាករឆ្នើម ដែលអាចតំណាងឱ្យកម្ពុជា ដើម្បីចូលរួមការប្រកួតក្នុងឆាកជាតិ និងអន្តរជាតិ។

    លោកបន្តថា ក្លឹបទូកក្តោងកែប មានទីតាំងស្ថិតនៅក្នុងខេត្តកែប ដែលមានឆ្នេរសមុទ្រមួយដ៏ស្រស់ស្អាត ហើយក្លឹបនេះ មិនត្រឹមតែ ជាកន្លែងបម្រើសេវាកីឡាលើទឹកដ៏សម្បូរបែបនោះទេ វាក៏ជាផលិតផលទេសចរណ៍ថ្មី ដ៏មានសក្តានុពលទាក់ទាញរបស់ Knai Bang Chatt Resort ផងដែរ។

    ប្រធានសហព័ន្ធរូបនេះ ជឿជាក់ថា ផ្អែកលើលក្ខណៈអំណោយផលនៃទីតាំង និងភាពសំបូរបែបនៃសេវាកីឡាលើទឹកនេះ ក្លឹបទូកក្តោងកែបនឹងក្លាយជាគោលដៅកីឡាទេសចរណ៍ថ្មីមួយ ដ៏ពេញនិយម ប្រកបដោយភាពទាក់ទាញ សមស្របនិងការប្រសិទ្ធនាម ថាជា «តារារះនៅទិសនិរតី» ដែលបានផ្តល់ឱ្យដោយក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើលោក៕