Tag: ម៉ាក្រូសេដ្ឋកិច្ច

  • កំណើន​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍នៅ​ឆ្នាំ​ 2024 ​ត្រូវ​បាន​ព្យាករ​ថា នឹង​ប្រសើរ​ឡើង​

    កំណើន​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍នៅ​ឆ្នាំ​ 2024 ​ត្រូវ​បាន​ព្យាករ​ថា នឹង​ប្រសើរ​ឡើង​

    វាយ​តម្លៃ​អំពី​សក្ដានុពល​នៃ​កំណើន​សេដ្ឋកិច្ច​របស់​តំបន់​អាស៊ី​អាគ្នេយ៍​ ក្រុម​អ្នកវិភាគ​អន្តរ​ជាតិ​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​តំបន់​នេះ​ នឹង​ប្រសើរ​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​ម៉ាក្រូ​សេដ្ឋកិច្ច​​មិន​ល្អ​នឹង​បង្ក​ផល​​ប៉ះពាល់​ផ្សេង​ទៀត​ដល់​បណ្ដា​ប្រទេស​។

    ឆ្នាំ 2024 សេដ្ឋកិច្ច​អាម៉េរិក និង​អឺរ៉ុប​ ត្រូវ​បាន​ព្យាករ​ថា អាច​នឹង​នៅ​ទ្រឹង ស្រប​ពេល​ដែលកំណើន​​សេដ្ឋកិច្ច​ចិន​អាច​នឹង​បន្ថយ​ល្បឿន​ ដោយ​សារ​តែ​ឱនភាព​នៃ​វិស័យ​អចលនទ្រព្យ និង​តម្រូវ​ការ​ប្រើ​ប្រាស់​លក្ខណៈ​បុគ្គល។

    អង្គការ​ស្រាវជ្រាវ AMRO បាន​ព្យាករ​ថា អតិផរណា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ អាច​នឹង​ថយ​ចុះ​ក្នុង​ឆ្នាំ 2024 ប៉ុន្តែ​បាន​ព្រមាន​ថា តម្លៃ​ស្បៀង​អាហារ​ និង​ថាមពល​កើន​ឡើង​ អាច​បង្ក​ហានិភ័យ​​អតិផរណា​ដែល​ឃើញ​ច្បាស់​ជាង​មុន។ ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​ចិន​ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​ផលិត​សកល ពិសេស​គឺ​បណ្ដា​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ទីផ្សារ​ចិន​។

    ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ជា​អាទិ៍ សិង្ហបុរី ថៃ និង​ឥណ្ឌូណេស៊ី​ បាន​ និង​កំពុង​ទទួល​បទពិសោធន៍​ពី​កំណើន​សេដ្ឋកិច្ច​យឺត ដោយ​សារ​តែ​តម្រូវ​ការ​ពី​ខាង​ក្រៅ​ធ្លាក់​ចុះ​។ ក៏ប៉ុន្តែ ម៉ាឡេស៊ី ហ្វ៊ីលីពីន និង​វៀតណាម​ មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ជាង​ការ​រំពឹង​ទុក​ ព្រោះ​តែ​ការ​នាំ​ចេញ​ទំនិញមាន​ការ​កើន​ឡើង​ ខណៈ​វដ្ដ​នៃ​ពាណិជ្ជកម្ម​សកល​ក៏​កំពុង​ងើប​ឡើង​បណ្ដើរ​ៗ។

  • IMF ព្យាករ​អំពី​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024 របស់​ប្រទេស​ថៃ

    IMF ព្យាករ​អំពី​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024 របស់​ប្រទេស​ថៃ

    មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) ទើប​តែ​បាន​កែ​ប្រែ​ការ​ព្យាករ​អំពី​កំណើន​ GDP ក្នុង​ឆ្នាំ 2024 របស់​ប្រទេស​ថៃ​ ដោយ​យោង​ទៅ​តាម​កំណើន​នៃ​ការ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ឯក​ជន​ដ៏​ខ្លាំង​ក្លា និង​ការ​ងើប​ឡើង​វិញ​នៃ​តម្រូវ​ការ​ពី​ខាង​ក្រៅ​។

    IMF យល់​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​អាច​នឹង​មាន​កំណើន​ 2.7% ក្នុង​ឆ្នាំ​នេះ និង​កើន​ឡើង​ដល់​ 3.6% ក្នុង​ឆ្នាំ 2024​ បើ​ទោះ​ស្ថានភាព​សេដ្ឋកិច្ច​សកល​កំពុង​ស្ថិត​ក្នុង​អស្ថិរភាព​។

    អតិផរណា​រួម​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ ស្ថិត​នៅ​ក្នុង​កម្រិត​មធ្យម 1.3% នៅ​ឆ្នាំ 2023 ដោយ​សារ​ប្រសិទ្ធភាព​របស់​វិធានការ​នានាដែល​​បន្ត​រក្សា​តម្លៃ​ថាមពល​នៅក្នុង​កម្រិត​ទាប រួម​នឹង​ការប្រសើរ​ឡើង​នៃ​បណ្ដាញ​ផ្គត់​ផ្គង់​សកល​។ ទន្ទឹម​នឹង​នេះ​ ព្រោះ​តែ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ក្រោយ​កើន​ឡើង អតិផរណា​ក៏​ត្រូវ​បាន​ព្យាករ​ថា​ នឹង​កើន​ឡើង​ 1.6% ផងដែរ​។

    យោង​តាម​ IMF ការ​បន្ត​ធ្វើ​ប្រក្រតីភាព​គោល​នយោបាយម៉ាក្រូ​សេដ្ឋកិច្ច​​ក្នុង​ពេល​ខាងមុខ ​នឹង​ជួយ​កសាង​ឡើង​វិញ​នូវ​ «ទម្រ» ហិរញ្ញវត្ថុ​ និង​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​សម្រាប់ប្រទេស​ថៃ​។

    ក្រៅ​ពី​នេះ ការ​បង្កើត​រាជ​រដ្ឋាភិបាល​ថ្មី​បាន​ដោយ​ជោគ​ជ័យ​ក៏ជួយ​ឱ្យ​ប្រទេស​ថៃ​មាន​ឱកាស​អនុវត្ត​ «កំណែ​ទម្រង់​ស៊ីជម្រៅ និង​គ្រប់​ជ្រុង​ជ្រោយ» ដើម្បី​បង្កើន​ទិន្នផល ​គាំទ្រដល់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព​ និង​គ្រប់​ជ្រុង​ជ្រោយ​ជាង​មុន​។

    IMF ក៏សម្ដែង​​ស្វាគមន៍​ចំពោះ​​គម្រោង​របស់​ធនាគារ​ជាតិ​ថៃ​ នៅ​ក្នុង​ការ​បញ្ចេញ​វិធានការ​ថ្មី​ៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំណុល​គ្រួសារ​ដែល​មាន​កម្រិត​ខ្ពស់ ទន្ទឹម​នឹង​ការ​ណែ​នាំ​ការ​ផ្ដល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ជាក់​លាក់ ក៏ដូច​ជា​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​បំណុល​​រ៉ាំរ៉ៃ​ផងដែរ​៕

  • WB ថា អត្រានៃភាពក្រីក្រ​នៅ​​កម្ពុជា​ អាចនឹងកើន 6% នៅឆ្នាំ 2040

    WB ថា អត្រានៃភាពក្រីក្រ​នៅ​​កម្ពុជា​ អាចនឹងកើន 6% នៅឆ្នាំ 2040

    របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក (World Bank – WB) ដែលត្រូវ​បាន​ចេញផ្សាយកាលពីថ្ងៃទី 16 តុលា 2023 បានបញ្ជាក់អំពីភាពបន្ទាន់នៃ​ការ​ដោះ​ស្រាយ​​បញ្ហា​អាកាសធាតុ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផ្ដល់​អនុសាសន៍សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​នេះផងដែរ​។

    របាយការណ៍នេះ​​របស់ WB បានអះអាងថា សមិទ្ធផលសេដ្ឋកិច្ចរីកចម្រើនដែលកម្ពុជា​សម្រេច​បានកន្លងមក កំពុងមាន​ការ​គំរាមកំហែង​ពី​បញ្ហាអាកាសធាតុ​​។ គោលដៅរបស់កម្ពុជាដែល​ចង់​ក្លាយ​ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 អាចនឹងនៅតែមិនទាន់សម្រេចបាន ប្រសិនបើមិនមានវិធានការ​តឹង​រ៉ឹង​ និង​គ្រប់​គ្រាន់ នៅ​​ក្នុង​ការ​ដោះស្រាយបញ្ហាអាកាសធាតុ។

    របាយការណ៍នេះក៏​បានព្រមានអំពីការធ្លាក់ចុះនៃ​ផលិតផលក្នុងស្រុកសរុប​របស់​កម្ពុជា​ រហូតដល់ 9% នៅឆ្នាំ 2050 និងការកើនឡើងរបស់​អត្រានៃភាពក្រីក្ររហូតដល់ 6% នៅឆ្នាំ 2040។

    WB បានរៀបរាប់​អំពី​កត្តាជាច្រើនដែលជាមូលហេតុនាំ​ឱ្យ​មាន​ការព្រួយបារម្ភខាង​លើ ក្នុង​នោះ​ក៏​មាន​​ទាំងឧបសគ្គផ្នែកច្បាប់ដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ការវិនិយោគក្នុងស្រុកនៅតិច និងការកើនឡើងបំណុលឯកជនជា​ដើម​។ ក្រៅ​ពី​នេះ កត្តាម៉ាក្រូសេដ្ឋកិច្ចពីខាងក្រៅ ដែល​មាន​ដូច​ជា​បញ្ហា​ទីផ្សារ ឬប្រភពហិរញ្ញប្បទាននៅមាន​កម្រិត​ជា​ដើម​ ក៏​​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងការប៉ះពាល់​។

    លើស​ពី​នេះ “ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា កើនឡើងបន្ថែមទៀត ដោយសារ​បញ្ហា​អាកាសធាតុ ដែលបន្ថែមភាពស្មុគស្មាញដល់ការ​អភិវឌ្ឍន៍» លោក Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ បញ្ជាក់ដូច្នេះ​។

    លោក Manuela V Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និយាយ​ថា កម្ពុជាត្រូវដោះស្រាយផលប៉ះពាល់ធ្ងន់​ធ្ងរ​នៃការប្រែប្រួលអាកាសធាតុមកលើសេដ្ឋកិច្ច និង​ដាក់វិធានការតឹងរ៉ឹង​​ក្នុងការ​កាត់បន្ថយការបំភាយកាបូន។

    ការ​ប្រែប្រួល​អាកាសធាតុ​គឺជា​ដើម​ហេតុ​នៃ​គ្រោះ​ធម្មជាតិ​នានា​។ ឧទាហរណ៍ គិតពីឆ្នាំ 2019 មកនេះ​ កម្ពុជា​ បាន​ខាត​បង់គិតជាតម្លៃសេដ្ឋកិច្ចប្រហែល 100 លានដុល្លារក្នុងផលិតកម្មស្រូវ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតបង្កឡើងដោយបាតុភូតអាកាស​ធាតុ El Nino។ ក្រៅ​ពី​នេះ ក្នុងខែកញ្ញា ឆ្នាំ 2022 ប្រទេសកម្ពុជា ក៏បានជួបនឹងជំនន់ទឹកភ្លៀងខ្លាំងបំផុតក្នុងអំឡុងបីឆ្នាំ ប៉ះពាល់ដល់គ្រួសាររាប់​ម៉ឺន​គ្រួ។

    ធនាគារពិភពលោក ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជន បញ្ជូលវិធានការឆ្លើយតបនឹងបញ្ហា​អាកាសធាតុ ទៅក្នុងការវិនិយោគ​ផងដែរ​៕

  • ទស្សនវិស័យ​ម៉ាក្រូសេដ្ឋកិច្ច​ និងវិស័យ​ធនាគារ​ឆ្នាំ2019

    ទស្សនវិស័យ​ម៉ាក្រូសេដ្ឋកិច្ច​ និងវិស័យ​ធនាគារ​ឆ្នាំ2019

    ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​បន្ត​រីកចម្រើន និង​មាន​ភាពរឹងមាំ ទោះបី​បាន​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន​ក្តី ដែល​កំណើន​សម្រាប់​ឆ្នាំ2018 ត្រូវបាន​ប៉ាន់ប្រមាណ​ថា បាន​កើនឡើង​ក្នុង​អត្រា7.3% ស្ថិតនៅក្នុង​កម្រិត​ខ្ពស់​ក្នុង​រយៈពេល 6ឆ្នាំ​ចុងក្រោយ និង​ខ្ពស់ជាង​អត្រាកំណើន​មធ្យម​នៃ​ប្រទេស​កំពុង​លូតលាស់ និង​ប្រទេស​ក្នុង​តំបន់​ទៀតផង។ នេះ​បើ​យោងសេចក្តី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្តីពី​វឌ្ឍនភាព​ម៉ាក្រូ​សេដ​កិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ2018 និង​ទស្សនវិស័យ​ឆ្នាំ2019។

    ទោះបីជា​ប្រឈម​នឹង​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន និង​ឥទ្ធិពល​នៃ​ប្រតិកម្ម​គោលនយោបាយ​រូបិយវត្ថុ​ក្នុងប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ក៏ដោយ ក៏​កំណើន​សេដ្ឋកិច្ចពិភពលោក និង​តំបន់​នានា​មាន​ភាពល្អប្រសើរ និង​បានផ្តល់​កាលានុវត្តភាព​ល្អ​ដល់​សេដ្ឋកិច្ចកម្ពុជា។

    សេចក្តីប្រកាស​ខាងលើ​បាន​បង្ហាញថា វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍​បន្ត​មាន​កំណើន​ក្នុង​អត្រា 2ខ្ទង់​ក្នុង​បរិយាកាស​អំណោយផល​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​មានការ​គាំទ្រ​ពី​គោលនយោបាយ​សារពើរ​ពន្ធ​វិត្ថារ​កម្ម គោលនយោបាយ​រូបី​យ​វត្ថុនិង​ផ្លែផ្កា និង​វឌ្ឍនភាព​វិស័យ​ធនាគារ និង​វិស័យផ្សេងៗទៀត។

    លំហូរ​ចូល​នៃ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ត​កើនឡើង​ក្នុង​អត្រា​ខ្ពស់12% ជាពិសេស​ទៅលើ​វិស័យ​ធនាគារ អចលនទ្រព្យ និង​កាត់​ដេរ ហើយ​បាន​គាំទ្រ​ជញ្ជីងទូទាត់​ឱ្យមាន​អតិរេក​ប្រមាណ4.5% នៃ​ផលិតផល​ក្នុងស្រុក​សរុប(ផ.ស.ស)។ អតិរេក​ជញ្ជីងទូទាត់​បានរួម​ចំណែក​គរ​ពូន​ទុនបម្រុង​អន្តរជាតិ​ដល់ 10ប៊ី​លាន​ដុល្លារ​អាមេរិក​ដែល​អាច​ធានា​បានការ​នាំចូល​ទំនិញ និង​សេវាកម្ម​សម្រាប់​ឆ្នាំ​បន្ទាប់​បាន​ជាង 5ខែ ដែលជា​កម្រិត​មួយ​ខ្ពស់ បើ​ធៀប​នឹង​កម្រិត​អប្បបរមា​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន(3ខែ)។

    យោងតាម​ការសិក្សា​រប​ស់​ធនាគារពិភពលោក (WB) ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​បាននិងកំពុង​នាំឱ្យ​មានការ​បំ​ផ្លាស់​ទី​នៃ​ការវិនិយោគ និង​កំណើន​នៃ​ការនាំចេញ​ក្នុង​តំបន់។

    ទន្ទឹមនឹងនេះ ការសិក្សា​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ថា កម្ពុជា​អាច​ទទួលបាន​កំណើន​វិនិយោគ​ក្នុង​វិស័យ​កម្មន្តសាល និង​កសិកម្ម ដោយសារ​កម្ពុជា​អាច​ផលិត និង​នាំចេញ​ទំនិញ​មួយចំនួន​ក្នុង​វិស័យនេះ​ដែល​មិន​ស្ថិតក្នុង​គោលដៅ​ដែល​ត្រូវ​ដំឡើងពន្ធ​ទាំង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។

    ជាក់ស្តែង​ការនាំចេញ​របស់​កម្ពុជា​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ជាពិសេស​ផលិតផល​កាត់ដេរ​ត្រូវបាន​ប៉ាន់​ស្មានថា កើនឡើង24.7% ស្រប​ពេលដែល​ការនាំចេញ​ផលិតផល​មួយចំនួន​បាន​កើនឡើង​ក្នុង​អត្រា 2-3ខ្ទង់ ដូចជា​ការនាំចេញ​អង្ករ​កើន23% ទោចក្រយាន​កើន12% និង​គ្រឿងបន្លាស់​យានយន្ត​កើនឡើង 3ដង។

    ថ្វីបើ​ការនាំចេញ​ផលិតផល​កាត់ដេរ​នៅតែ​បន្ត​មាន​ចំណែក​ធំ​ប្រមាណ 2/3នៃ​ការនាំចេញ​សរុប​ក៏ដោយ ក៏​ចំណែក​នេះ​បាន​ថយចុះ​គួរឱ្យកត់សម្គាល់​បើ​ប្រៀបធៀប​នឹង​ប្រមាណ96% កាលពី 10ឆ្នាំមុន។ ចំពោះ​វិស័យ​ទេសចរណ៍​ភ្ញៀវទេសចរ​អន្តរជាតិ​បន្ត​កើនឡើង​ខ្ពស់​ក្នុង​អត្រា11.5%(ដល់6.2លាន​នាក់)ស្រប​ពេលដែល​គោលដៅ​ទេសចរណ៍សំខាន់ៗរបស់​កម្ពុជា​ត្រូវបាន​អភិវឌ្ឍ។

    ស្រប​ពេលដែល​ទំនាក់ទំនង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាន់តែ​មាន​ភាព​ស៊ីជម្រៅ ស្ថិរភាព និង​ការរីកចម្រើន វិស័យ​ធនាគារ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការសម្រេចបាន​នូវ​វឌ្ឍនភាព​សេដ្ឋកិច្ចកម្ពុជា។ វិស័យ​ធនាគារ​បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​សេដ្ឋកិច្ច​យ៉ាងរឹងមាំ ដោយបាន​ជំរុញ​ឱ្យ​ភាព​ស៊ីជម្រៅ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ផ.ស.ស​កើន​ដល់78% ធៀប​នឹង73% នៅ​ឆ្នាំ2018 ហើយ​ទ្រព្យសកម្ម​សរុប​បាន​កើន​ដល់174% នៃ​ផ.ស.ស(កើន20%)។

    ឥណទាន​ចំពោះ​វិស័យ​ឯកជន បាន​កើន​ឡើងដល់102% នៃ​ផសស(កើន20.1%)ដែល​បានធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន។ ជាមួយគ្នានេះ​វិស័យ​ធនាគារ​ក៏បាន​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​កាត់បន្ថយ​ភាពក្រីក្រ​ដោយបាន​បង្កើន​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ជា​លំដាប់ ដែល​បច្ចុប្បន្ន 69%នៃ​ប្រជាជន​ពេញវ័យ​បានទទួល​សេវា​ហិរញ្ញវត្ថុ ស្រប​ពេលដែល​ចំណេះដឹង​ពី​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ត្រូវបាន​ពង្រឹង​ជាប្រចាំ។

    ចំពោះ​ទស្សនវិស័យ​សម្រាប់​ឆ្នាំ2019 សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា នឹង​បន្ត​មាន​កំណើន​ក្នុង​រង្វង់ 7% ហើយ​អត្រា​អតិផរណា​បន្ត​ស្ថិតក្នុង​កម្រិត​ទាប 2.6% ជាមួយនឹង​ស្ថិរភាព​នៃ​អត្រា​ប្តូរប្រាក់ 4050រៀល​ក្នុង 1ដុល្លារ។ ទុនបម្រុង​អន្តរជាតិ​រំពឹងថា នឹង​បន្ត​កើន​ដល់ 11,3ប៊ី​លាន​ដុល្លារ​អាមេរិក។

    ទោះជា​យ៉ាងណាក្តី ទន្ទឹមនឹង​ការវាយតម្លៃ​ពី​ភាពស្វាហាប់​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា NBCបានបង្ហាញ​ពី​ហានិភ័យ​មួយចំនួន​ផងដែរ ដូចជា​ការឡើង​ថ្លៃ​លុយ​ដុល្លារ​អាមេរិក ការ​ប្រឈម​នឹង​លទ្ធភាព​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ(EBA) និង​ការ​ប្រឈម​នឹង​ការប្រកួតប្រជែង​កាន់តែខ្លាំង​ជាង​មុន ដោយសារ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ក្នុង​តំបន់​មួយចំនួន។

    ក្រៅពី​ហានិភ័យ​ក្រៅប្រទេស កម្ពុជា​នៅ​បន្ត​ប្រឈម​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​ថ្លៃដើម​ផលិត​ខ្ពស់ និង​ការកើនឡើង​ល្បឿន​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​អាចជា​ហានិភ័យ​សម្រាប់​វិស័យ​ធនាគារ។

    អ្នកជំនាញ​សេដ្ឋកិច្ច ដែល​តាមដាន​សភាពការណ៍​សេដ្ឋកិច្ចកម្ពុជា បានបញ្ជាក់​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា ឆ្នាំ2018 វិស័យ​ធនាគារ​ពិត​ជាមាន​ភាពល្អប្រសើរដោយ​ភាពទៀងទាត់​នៃ​ការលូតលាស់​សេដ្ឋកិច្ច​យើង​ក្នុង​រង្វង់7% តាម​ដែល​យើង​មើលឃើញ​ពី​ការរីកចម្រើន​នៃ​វិស័យនេះ​វា​លឿន​ជាង​ការ​ទស្សន៍ទាយ។

    បើតាម​ការប្រមើលមើល​ក្នុង​វិស័យនេះ នៅ​ឆ្នាំ2019 កំណើនសេដ្ឋកិច្ច​ក៏ត្រូវ​បាន​រំពឹងថា នឹង​ស្ថិតនៅក្នុង​រង្វង់7%បន្តទៀត ទោះបី​មិនទាន់​ជាក់លាក់ ក៏​អង្គការ​អន្តរជាតិ​ខាង​ហិរញ្ញវត្ថុ មានដូចជា IMF និង​ADB ជាដើម​ក៏បាន​ព្យាករ​ដែរ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​ស្ថិតក្នុង​រង្វង់7%។ តែ​ការលូតលាស់​នេះ​ស្ថិតក្នុង​ភាពផុយស្រួយ បើទោះបីជា​មានការ​លូតលាស់​ជាង​ប្រទេសជិតខាង ដែល​បានត្រឹមតែ3-5%ប៉ុណ្ណោះ​ក្ដី។

    លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ហ្វ័​រ​តេ​បាន​មានប្រសាសន៍ថា៖ “ភាពផុយស្រួយ នេះ​គឺ​ចង់​និយាយថា ដោយសារ​យើង​ពឹងផ្អែក​ទៅលើ​ឧ​ស្សហកម្ម​ដែល​មិនមាន​ជំនាញ​ច្បាស់លាស់។ គឺ​ឧស្សាហកម្ម​អាច​បំ​ផ្លាស់​ទី​លឿន មាន​រោងចក្រ​កាត់ដេរ​ជាដើម។​ តែ​រដ្ឋាភិបាល​បាន​ខិតខំ​កៀងគរ​អ្នកវិនិយោគ​ឱ្យមក​វិនិយោគ​ទៅលើ​វិស័យថ្មីៗដែល​អាចឱ្យ​កម្មករ-ពលករ​របស់​យើង​មាន​ជំនាញ​ខ្ពស់ ដូចជា​រោងចក្រ​ដំឡើង​យានយន្ត រោងចក្រ​ផលិត​គ្រឿងបន្លាស់​យានយន្ត ជាដើម”។

    លោក យក់ ចំរើន​ឫទ្ធិ​ បាន​បញ្ជាក់ដែរថា ក៏ដូចជា​ស្រដៀង​គ្នា​ដែរ​ដែល​យើង​មើលឃើញ​វិស័យ​សំណង់ អចលនទ្រព្យ តែងមាន​ការបារម្ភ​ថា វិស័យនេះ​អាចជា​ហានិភ័យ​មួយ ព្រោះ​ការរីកចម្រើន​របស់​វា​ក៏មាន​ភាពផុយស្រួយ​ដែរ ពេលណា​ដែល​វា​បំពេញ​គ្រប់​តម្រូវការ​របស់​វា ឬ​មាន​អ្វីមួយ​មក​ខ្ទាស់ នោះ​វា​អាច​នឹងមាន​បញ្ហាព្រោះ​ហិរញ្ញវត្ថុ​ដែល​វិនិយោគ​ត្រូវបាន​ចាក់​បំពេញ​ក្នុងការ​សាងសង់ ហើយ​វា​មិនអាច​បំប្លែង​ទៅ​ផលិត​ជា​អ្វី​ផ្សេងទៀត​បានឡើយ។ ប៉ុន្តែ​នេះ​គ្រាន់​ជា​ក្តីបារម្ភ​ទៅលើ​វិស័យ​សំណង់ អចលនទ្រព្យ តែ​វិស័យនេះ​កន្លងមក​មិនទាន់មាន​អ្វី​ជា​បញ្ហា​នោះទេ៕