Tag: មេអំបៅ

  • បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

    បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

    សង្គមយើងបច្ចុប្បន្ននេះ ផ្លាស់ប្តូរខុសពីមុនច្រើនណាស់​ ការជួយយកអាសារគ្នា ការចែករំលែក ការអាណិតមេត្តាចំពោះគ្នាទៅវិញទៅមកដូចកាលពីអតីតកាលនោះ ស្ទើរតែលែងឃើញមានទៅហើយ ថ្ងៃនេះ ឡារ៉ែន សូមជូននូវអត្តបទដាស់ស្មារតីមួយ​សម្រាប់លោកឪពុក-អ្នកម្តាយ ឬអាណាព្យាបាលសម័យថ្មីនេះ ក្នុងការចិញ្ចឹមមើលថែកូនចៅថា តើគួរធ្វើ​បែបណាដើម្បីឱ្យសង្គមរបស់​យើងរស់នៅ​ជុំ​គ្នាបានយ៉ាងសុខសប្បាយ ចេះសណ្តោសប្រណី ចេះអាណិតមេត្តាចំពោះគ្នាទៅវិញទៅមក ព្រមទាំងបង្ហាត់កូនឱ្យចេះធ្វើអំពើល្អ និង​អាណិត​ស្រឡាញ់​កូនឱ្យស្មើៗគ្នា ផ្តល់នូវភាពយុត្តិធម៌ដល់កូន ដើម្បីឱ្យកូនៗរបស់យើងបានរៀនយល់ដឹង និងប្រតិបត្តិតាមដូចខាង​ក្រោម ៖

    1.ពេលកូននៅជាទារក ឪពុកម្តាយត្រូវយល់ដឹងអំពីកូនជាមុន

    តាំងពីពេលកូនស្ថិតក្នុងវ័យមិនទាន់ចេះនិយាយ មិនទាន់អាចប្រាប់បានថា គេត្រូវការអ្វី ឬចង់បានអ្វីនោះ ឪពុកម្តាយមួយចំនួន ពូកែខ្លាំងណាស់ បានឮត្រឹមតែសំឡេងកូនយំ ក៏អាចដឹងបានភ្លាមថា កូនចង់ឱ្យឪពុកម្តាយឱប ឬឃ្លាន ឬរងារ ឬអផ្សុក ចង់ឱ្យប៉ាម៉ាក់​លេង​​​ជាមួយ ជាដើម។ នេះគឺការស្មានដឹងពីចិត្តរបស់កូន ហើយបើកូនបានទទួលការតបស្នងតាមតម្រូវការក្នុងចំណុចដំបូងៗនេះផងនោះ កូននឹងមានអារម្មណ៍ដឹងនិងស្គាល់ពី “ដួងចិត្ត” របស់ប៉ាម៉ាក់បានដូចគ្នា ដូចដែលគេនិយាយថា ចេញពីបេះដូងមួយ ចូលទៅបេះដូងមួយទៀត ហ្នឹងឯង។ នៅពេលកូនធំឡើង ការបង្ហាត់បង្រៀននឹងប្រែប្រួលទៅតាមអាយុ ដូចជាពេលកូនច្បងអាយុបាន 3ឆ្នាំ កូនច្បងចេះលួងលោមបំពេរលួងលោម ពេលប្អូនដែលមានអាយុ 7-8ខែស្រែកយំជាដើម គឺជាការបង្ហាញឱ្យឃើញពីចំណុចដើមទីនៃព្រហ្មវិហារធម៌ទាំង 4 របស់កូនតូចវ័យ 3ឆ្នាំ។ ម្តាយគួរពោលពាក្យ​សរសើរថា “កូនចិត្តល្អណាស់ ត្រូវអាណិតប្អូនណា៎…” ពេលនោះកូននឹងកាន់តែអភិវឌ្ឍអារម្មណ៍បែបនេះច្រើនឡើងនៅពេលគេធំឡើងមិនខាន។

    2.ជជែកលេង និងនិយាយរឿងជាមួយកូនឱ្យបានច្រើន

    ដូចជាម្តាយរៀបរាប់ពីឧទាហរណ៍របស់មនុស្សល្អដែលចេះជួយដល់អ្នកដទៃដោយការលះបង់កន្លែងអង្គុយរបស់ខ្លួននៅក្នុងរថយន្តក្រុង ​​ឱ្យទៅលោកយាយចំណាស់ម្នាក់ដែលឈរតោងបង្កាន់ដៃ(គ្មានកន្លែងអង្គុយ) ឬប៉ូលីសដែលយាមនៅមុខសាលារៀនដឹកដៃនាំស្រ្តីម្នាក់ និងកូនដើរឆ្លងថ្នល់ ឬក៏អ្នកបើកឡានតាក់ស៊ីយកកាបូបលុយដែលភ្ញៀវភ្លេចនៅក្នុងឡាន​ ទៅឱ្យម្ចាស់គេវិញជាដើម។ រឿងទាំងអស់នេះ អ្នកម្តាយគួរនិយាយសរសើរពីពួកគេទាំងនោះឱ្យកូនបានស្តាប់ផងដែរ។

    3.បងប្អូនក្នុងវ័យ 2-3ឆ្នាំ តែងតែឈ្លោះគ្នាដណ្តើមរបស់លេងជារឿងធម្មតា

    វ័យ Toddler ហៅថា ជាវ័យ “It’s mine” អ្វីៗក៏ជារបស់ខ្ញុំដែរ គឺក្មេងៗមានភាពអត្មានិយមខ្ពស់ណាស់។ “ខ្ញុំរើសបាន វាជារបស់ខ្ញុំ” អ្នកណាចង់យកទៅណា មិនបានទេណា៎ តែបើវាបែកបាក់ហើយ លែងល្អហើយនោះ “វាមិនមែនជារបស់ខ្ញុំទេ”។ ទាំងអស់​នេះ ដោយសារតែកុមារដែលស្ថិតក្នុងវ័យនេះ ខួរក្បាលកំពុងវិវឌ្ឍទៅមុខលឿន តែការត្រិះរិះគិតដោយហេតុផល ទៅតាមមិនទាន់ ប្រៀបដូចឡានថ្មី ម៉ាស៊ីនខ្លាំង តែហ្រ្វាំងមិនទាន់ធ្វើការអុីចឹងដែរ ទើបធ្វើឱ្យកើតសង្គ្រាមដណ្តើមរបស់លេង ឬដណ្តើមម៉ាក់គ្នាឡើងជារៀងរាល់ថ្ងៃ តែនៅពេលធំទៅ ពួកគេនឹងល្អឡើងវិញដោយឯកឯង បើសិនអ្នកម្តាយប្រាប់ថា “ផ្លាស់គ្នាលេងម្តងម្នាក់ក៏បានដែរកូន” ឬបងទៅអានរឿងនិទានជាមួយម៉ាក់ ទុកឱ្យប្អូនលេងមុនទៅ បន្តិចទៀតចាំផ្លាស់គ្នាលេង។ កូនស្រីបងអាយុ 3 -4ឆ្នាំដែលសុខចិត្តចុះចាញ់ប្អូននោះ ភ្នែកឡើងក្រហម ពេបមាត់ចង់យំ អ្នកម្តាយគួរពោលសរសើរថា “កូនជាក្មេងល្អណា៎កូន” ព្រមទាំងឱបថើបកូនផង និងលួងលោមថា បន្តិចទៀត ប្អូននឹង​យក​តម្រាប់តាម និងធ្វើតាមបងមិនខាន។ នេះគឺជាចំណុចចាប់ផ្តើមនៃការធ្វើជាមនុស្សល្អ ដូចគ្នានឹង​ពេលដែលកូន​ទៅសាលាមត្តេយ្យ​ ជួបនឹងពួកម៉ាកដែលមិនស្រួលខ្លួន ក៏នឹងដឹកដៃពួកម៉ាកនោះទៅរកអ្នកគ្រូ ជាដើម។ នោះបញ្ជាក់ថា កូនចេះមានចិត្តអាណិតមេត្តាដ៏ប្រពៃហើយ ចេះអាណិត​ពួក​ម៉ាកដែលឈឺ ឬដែលមានមាឌតូចជាងខ្លួនជាដើម។

    4.បង្រៀនកូនឱ្យនិយាយពាក្យពីរោះៗ

    មានបិយវាចា(សម្តីគួរឱ្យស្រឡាញ់ សម្តីសុភាព) ចេះពោលពាក្យជម្រាបសួរ សាធុ សុំទោសនៅពេលធ្វើខុស និងអរគុណព្រមជាមួយការលើកដៃសំពះយ៉ាងស្អាត និងបង្អោនខ្លួនចុះ រួមទាំងចេះឱនលំទោនជាមួយមនុស្សចាស់ កូននឹងក្លាយជាក្មេងដ៏គួរឱ្យស្រឡាញ់ចូលចិត្តរបស់អ្នកដែលបានឃើញ និងទទួលបានការសរសើរថា ជាក្មេងដែលមានការអប់រំល្អ។

    5.បង្ហាត់កូនឱ្យស្គាល់គំរូល្អៗតាមបែបខ្មែរ

    ថ្ងៃចូលឆ្នាំខ្មែរមហាសង្រ្កាន្ត ថ្ងៃចូលឆ្នាំថ្មីសកល ថ្ងៃខួបកំណើតរបស់ចាស់ទុំ នាំកូនទៅក្រាបសំពះលោកតា លោកយាយចាស់ៗ ទៅធ្វើបុណ្យជាមួយគ្នា ឱ្យកូនៗជួយប៉ាម៉ាក់រៀបចំរបស់របរទៅធ្វើបុណ្យ ឬរៀបចំរបស់របរទៅសួរសុខទុក្ខចាស់ៗ ជាដើម។

    6.កុមារបឋមវ័យត្រូវចេះជួយកាងារខ្លះទៅតាមវ័យរបស់កូន

    គេនឹងមានចិត្តអាសាស្ម័គ្រ និងមានចិត្តមេត្តាអ្នកដទៃនៅពេលធំឡើង ដូចជាធ្វើកិច្ចការងារតូចតាចនៅក្នុងផ្ទះ ជួយបង ប្អូន និងប៉ាម៉ាក់។ បង្រៀនឱ្យកូនចេះស្រឡាញ់ធម្មជាតិដោយការដាំដើមឈើ មើលថែទាំដើមផ្កាឱ្យរីកធំធាត់ មើលបក្សីបក្សា មេអំបៅ ដង្កូវ មើលថែទាំសត្វចិញ្ចឹម និងឱ្យចំណីត្រី ជាដើម។

    7.ក្មេងប្រុស ក្មេងស្រី ត្រូវបង្រៀន និងអប់រំឱ្យដូចៗគ្នា

    អ្នកខ្លះយល់ខុសថា ក្មេងប្រុសកុំទៅទន់ជ្រាយពេក​ “ប្រយ័ត្នទៅជាខ្ទើយ” ឱ្យចេះស្វាហាប់ រាងកាចតិចៗ ទើបសមជាមនុស្ស​ប្រុស។ តែការពិតវិញ ភាពទន់ភ្លន់ មិនមែនជាភាពទន់ជ្រាយទេ “អំពើល្អមានមេត្តាចំពោះគ្នា មិនបែងចែកភេទទេ” ព្រោះយើងជាមនុស្សរស់នៅលើផែនដីតែមួយរួមគ្នា។ យើងមិនចូលចិត្តបុរសដែលកាចឃោរឃៅ តែយើងកោតសរសើរបុរសដែលជាមនុស្សល្អ សម្តីពិរោះ មានទឹកចិត្ត​ល្អ មានការប្រព្រឹត្តល្អ ព្រោះយើងត្រូវការមនុស្សល្អនៅក្នុងសង្គម។

    ពិភពលោកនឹងគួរឱ្យរស់នៅសម្រាប់កូនក្នុងពេលនេះ និងក្នុងពេលអនាគតដែលមានភាពរីកចម្រើនយ៉ាងខ្លាំងខាងផ្នែកតិចណូឡូជី និងសភាពជុំវិញខ្លួនដែលកាន់តែកាចសាហាវខ្លាំងឡើង បើកូនមានប្រព័ន្ធការពារល្អខាងផ្លូវចិត្ត ជាមនុស្សល្អ កូននឹង​មានជីវិតរស់នៅប្រកបដោយសេចក្តីសុខ និងអាចជួយយកអាសាអ្នកដទៃបានទៀតផង៕

  • ទៅទស្សនា មេអំបៅរាប់លានក្បាលនៅក្នុង ឧទ្យានខេត្តស្រះកែវប្រទេសថៃ

    ទៅទស្សនា មេអំបៅរាប់លានក្បាលនៅក្នុង ឧទ្យានខេត្តស្រះកែវប្រទេសថៃ

    ក្នុង​អំឡុង​ខែមិថុនា​នេះ​តទៅ​ គឺជា​រដូវ​កាល​នៃ​ការ​ទស្សនា​សត្វ​មេអំបៅ​រាប់​លាន​ក្បាល​ទៀតហើយ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​។ ឧទ្យានជាតិ​មួយ​នេះ​មានឈ្មោះ​ថា​ “ប៉ាង​ស៊ីដា​” គឺជា​ឧទ្យានជាតិ​មួយ​កន្លែង​ដែល​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រួចស្រេច​ហើយ​។ មិន​ត្រឹមតែ​សម្បូរទៅដោយ​សត្វ​មេអំបៅ​រាប់​លាន​ក្បាល​នោះ​ទេ​ ឧទ្យានជាតិ​មួយ​នេះ​ ក៏​ជាទី​ដ៏​មនោរម្យ​នៃ​អំណោយផល​ពី​ធម្មជាតិ​ផង​ដែរ​។ រហូតដល់​គេ​ប្រសិទ្ធ​នាម​ឱ្យ​ថា​ “ផែនដី​នៃ​មេអំបៅ​ ដែន​ព្រៃ​នៃ​ព្រះអាទិត្យ​រះ​” កាលណាបើ​ព្រះអាទិត្យ​ហើយ​ នោះ​រុក្ខជាតិ​ និង​សត្វ​មានជីវិត​នៅក្នុង​ព្រៃ​ នឹង​មក​ទទួលយក​ពន្លឺ​ព្រះអាទិត្យ​យ៉ាង​សប្បាយរីករាយ​ និង​ស្រស់​ត្រកាល​បំផុត​។

    ដំបូង​ យើង​មក​ស្គាល់​អំពី​ចំណុច​ពិសេស​នៃ​តំបន់​ទេសចរណ៍​ដ៏​កម្រ​មួយ​នេះ​សិន​ ដែល​ភ្ញៀវ​ទាំងអស់​អាច​ចូល​ទស្សនា​សត្វ​មេអំបៅ​ជាច្រើន​ប្រភេទ​ និង​ទៅតាម​តំបន់​នី​មួយ​ៗ ដែល​មាន​ទាំងអស់12កន្លែង​ធំៗ​ ហើយ​តំបន់​ដែល​ទទួល​បានការ​ពេញនិយម​ច្រើនជាង​គេ​នោះ​គឺ​មាន​3កន្លែង​រួមមាន​៖
    1. ព្រៃ​មេអំបៅ​ : គឺជា​ចំណុច​នៃ​ការបង្កើត​ឧទ្យាន​មេអំបៅ​ទាំងមូល​តែម្ដង​។ ភ្ញៀវ​ទេសចរ​អាច​បើក​រថយន្ដ​ឡើង​ទៅ​ទស្សនា​បាន​ដោយខ្លួនឯង​។ តំបន់​នេះ​មាន​ទីធ្លា​ធំ​ទូលាយ​ គឺជា​កន្លែង​ដ៏​ពេញនិយម​ខ្លាំង​ជាងគេ​នៅក្នុង​ឧទ្យានជាតិ​ប៉ាង​ស៊ីដា​ ដែល​ជា​ធម្មតា​ មនុស្ស​ធំ​ត្រូវ​បាន​គិត​តម្លៃ​ 40បាត​ និង​ 20បាត​សម្រាប់​កូនក្មេង​។2. បរិវេណ​ទឹកជ្រោះ​ប៉ាង​ស៊ីដា​ : មុន​ពេល​ភ្ញៀវ​ទេសចរ​ធ្វើដំណើរ​ឡើង​ទៅកាន់​ព្រៃ​មេអំបៅ​ នោះ​អ្នក​នឹង​បានឃើញ​ផ្លូវ​ទៅកាន់​ទឹកជ្រោះ​។ នៅ​បរិវេណ​នោះ​ ក៏​មាន​សត្វ​មេអំបៅ​ច្រើន​ក្បាល​កំពុង​រង់ចាំ​ថតរូប​យ៉ាង​ស្អាត​ជាមួយនឹង​ភ្ញៀវ​ទាំងអស់គ្នា​ផង​ដែរ​។ ភាគច្រើន​នៅ​តំបន់​ទឹកជ្រោះ​ គឺ​សម្បូរទៅដោយ​មេអំបៅ​ចម្រុះ​ពណ៌​ ហើយ​ពួក​វា​ហាក់បីដូចជា​ស្និត​ស្នាល​ជាមួយនឹង​មនុស្ស​ខ្លាំង​ណាស់​។3. បរ​វេ​ណថ្ម​មួយ​លាន​ : កន្លែង​មួយ​នេះ​ ភ្ញៀវ​ទេសចរ​ចាំបាច់​ត្រូវ​កា​រម​គ្គុ​ទេស​នាំ​ផ្លូវចូល​ទៅ​ក្នុង​ព្រៃ​ បើមិនដូច្នោះទេ​ អ្នក​អាច​នឹង​វង្វេងផ្លូវ​ក៏​ថា​បាន​ដែរ​ ព្រោះ​ព្រៃ​នៅ​ទីនេះ​គឺជា​ព្រៃ​ជ្រៅ​ហើយ​ធំ​។ កន្លែង​នេះ​មាន​ឧបសគ្គ​ច្រើន​ក្នុង​ការ​ធ្វើដំណើរ​ មិន​ងាយស្រួល​សម្រាប់​កូនក្មេង​នោះ​ទេ​ តែ​វាទ​ទួល​បានការ​ពេញនិយម​បំផុត​សម្រាប់​អ្នកចូលចិត្ត​រុករាន​ព្រៃ​។ ប្រសិនបើ​អ្នក​ឡើង​ទៅ​ចំ​ពេលវេលា​ល្អ​ នោះ​មេអំបៅ​ខ្មៅ​នឹង​បង្ហាញ​ខ្លួន​រាប់​សែន​ក្បាល​ឱ្យ​អ្នក​បាន​ទស្សនា​ តែបើ​មិន​ចំ​ពេលវេលា​ទេ​ អ្នក​អាច​នឹង​មិនសូវ​ឃើញ​មេអំបៅ​ច្រើន​ដូច​ក្ដី​ស្រមៃ​នោះ​ទេ​។
    បើ​អ្នកមាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ទៅ​ទស្សនា​សត្វ​មេអំបៅ​រាប់​លាន​ក្បាល​នៅក្នុង​ឧទ្យានជាតិ​មួយ​នេះ​ អ្នក​អាច​សាកល្បង​ទៅ​ដោយខ្លួនឯង​បាន​ និង​មិន​មាន​ចម្ងាយ​ឆ្ងាយ​ពី​ខេត្ត​ស្រះ​កែវ​ប៉ុន្មាន​នោះ​ទេ​។ សូម​រីករាយ​ជាមួយនឹង​ដំ​ណើរ​កម្សាន្ដ​ដ៏​អស្ចារ្យ​នារ​ដូវ​វស្សា​ខាងមុខនេះ​៕