ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ទីក្រុង Washington កំពុងគ្រប់គ្រងលើអាសន្នរោគកូរ៉ូណា COVID-19 បានយ៉ាងល្អ ខណៈដែលតួលេខនៃការឆ្លងមេរោគនេះនៅទូទាំងសហរដ្ឋអាមេរិក នៅតែបន្តកើនឡើង។
“វីរុសកូរ៉ូណា កំពុងត្រូវបានគ្រប់គ្រងយ៉ាងល្អនៅអាមេរិក។ យើងកំពុងរក្សាទំនាក់ទំនងជាមួយបណ្ដាប្រទេស និងភាគីពាក់ព័ន្ធ។ មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងរោគអាមេរិក (CDC) រួមជាមួយនឹងអង្គការសុខភាពពិភពលោក ធ្វើការយ៉ាងយកចិត្តទុកដាក់ និងមានភាពឆ្លាតវៃ។ ទីផ្សារមូលបត្រចាប់ផ្ដើមមានសញ្ញាល្អវិញហើយ” នេះបើតាមការរៀបរាប់របស់លោក Donald Trump នៅលើទំព័រ Twitter កាលពីម្សិលមិញ។
ការអះអាងខាងលើរបស់ប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើងក្នុងពេលទីផ្សារមូលបត្រពិភពលោក កំពុងបាត់បង់ស្ថេរភាព ដោយសារមានការព្រួយបារម្ភអំពីអាសន្នរោគកូរ៉ូណា COVID-19 ខណៈដែលមេរោគបង្កជំងឺរលាកសួតប្រភេទថ្មីនេះ បានឆ្លងរាលដាលទៅដល់ប្រទេស និងដែនដីចំនួន37ក្នុងពិភពលោក។
សារព័ត៌មាន Washington Post របស់អាមេរិក កាលពីម្សិលមិញបានដកស្រង់ប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្នុងពេលដ៏ខ្លីខាងមុខ សេតវិមានអាចនឹងស្នើសុំសភាដើម្បីចំណាយប្រាក់ជិត1ពាន់លានដុល្លារ សម្រាប់បង្កើនសមត្ថភាពទប់ស្កាត់អាសន្នរោគ COVID-19 ដែលមកដល់ពេលនេះ វាបានសម្លាប់មនុស្ស2,699នាក់និង 80,146នាក់ បានផ្ទុកមេរោគនេះ។
Hogan Gedley ដែលជាអ្នកនាំពាក្យរបស់សេតវិមានបានអះអាងថា រដ្ឋាភិបាលត្រូវការថវិកាដើម្បី “ការពារពលរដ្ឋអាមេរិកាំងទាំងមូល” ប៉ុន្តែ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់1ពាន់លានដុល្លារដែលសារព័ត៌មានបានលើកឡើងនោះទេ។ លោកស្រី Hogan Gedley បានបន្តថា “ខ្ញុំមិនទាន់ទទួលបានឯកសារទាក់ទិននឹងចំនួនទឹកប្រាក់នៅឡើយ ប៉ុន្តែ យើងត្រូវការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ”។
កាលពីម្សិលមិញ(25កុម្ភៈ) ស្ថាប័ន CDC បានឱ្យដឹងថា សហរដ្ឋអាមេរិក មានអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 ចំនួន53នាក់ ដោយបូករួមទាំងអ្នកជំងឺថ្មីក្នុងប្រទេសនេះ និងពលរដ្ឋដែលបានត្រឡប់មកពីទីក្រុង Wuhan និងនាវាទេសចរណ៍ Diamond Princess។ តួលេខស្ដីអំពីអ្នកផ្ទុកមេរោគកូរ៉ូណានេះ កើនឡើង55% បើធៀបនឹងតួលេខកាលពីថ្ងៃទី22កុម្ភៈ៕
ប្រភព៖ សារព័ត៌មានបរទេស


មន្ត្រីអ៊ីតាលី2រូប កាលពីម្សិលមិញបានឱ្យដឹងថា ប្រទេសនេះ មិនទាន់រកឃើញ “អ្នកជំងឺលេខ 0” (ប្រភពចម្លងដំបូងគេដំបូងក្នុងប្រទេសនេះ) នៅឡើយ។ Nott Angelo Borrelli ដែលជាប្រធាននៃគណៈកម្មការការពារពលរដ្ឋរបស់អ៊ីតាលី បានឱ្យដឹងថា “ប្រការដែលសំខាន់គឺត្រូវរកឱ្យឃើញថា តើអ្នកនោះមកពីទីណា ដើម្បីអាចទប់ស្កាត់ការបន្តចម្លងវីរុសពីប្រភពមេរោគនេះ”។



ក្នុងថ្ងៃទី20កុម្ភៈ ចំនួនអ្នកបានឆ្លងមេរោគកូរ៉ូណា COVID-19 នៅកូរ៉េខាងត្បូង បានកើន53ករណី ដែលតួលេខនេះកើនឡើងខ្ពស់មិនធ្លាប់មានពីមុនមក ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគកូរ៉ូណាសរុបនៅប្រទេសនេះឡើងដល់104នាក់ ក្នុងនោះ នៅឯមន្ទីរពេទ្យ Cheongdo មានអ្នកឆ្លងមេរោគ13នាក់បន្ថែមទៀត បន្ទាប់ពីរកឃើញអ្នកផ្ទុកមេរោគ2នាក់មុននោះមួយថ្ងៃ។
ក្រុមមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង កំពុងស្វែងយល់អំពីទំនាក់ទំនងរវាងអ្នកដែលបានឆ្លងមេរោគនៅឯមន្ទីរពេទ្យ Cheongdo Daenam ជាមួយនឹងករណីឆ្លងវីរុសនៅឯទីក្រុង Daegu ។
តួលេខនៃករណីឆ្លងមេរោគកូរ៉ូណា COVID-19 នៅកូរ៉េខាងត្បូង បានកើនឡើងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងនោះភាគច្រើនគឺនៅក្នុងទីក្រុង Daegu។ បច្ចុប្បន្ន កូរ៉េខាងត្បូង បានក្លាយជាប្រទេសដែលមានអ្នកជំងឺកូរ៉ូណា COVID-19 ច្រើនជាងគេបង្អស់លំដាប់ទី3នៅក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន និងប្រទេសជប៉ុន៕



គិតមកដល់ល្ងាចនេះ (17កុម្ភៈ) អ្នកទេសចរលើនាវា MS Westerdam ជាង1ពាន់នាក់ហើយ បានចាកចេញពីកម្ពុជា។ ក្រៅពីនេះ អ្នកដំណើរប្រហែល500នាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។ អ្នកទេសចរជាង120នាក់ ដែលបានពិនិត្យសុខភាពរួចរាល់ហើយ បានធ្វើទេសចរណ៍នៅរាជធានីភ្នំពេញ និងមួយចំនួនទៀតនៅលើកប៉ាល់ ជាមួយនឹងបុគ្គលិកនាវា Westerdam ជាង800នាក់។


ចំណែកជើងហោះហើរ TG585 របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways មានដឹកអ្នកដំណើរ27នាក់ ហោះចេញពីភ្នំពេញ ក៏ត្រូវបានគេត្រួតពិនិត្យសុខភាពចំពោះអ្នកដំណើរទាំងនោះ ប៉ុន្តែមិនបានរកឃើញអ្នកដំណើរណាម្នាក់មានផ្ទុកមេរោគកូរ៉ូណានោះទេ ដូច្នេះទើបថៃបានអនុញ្ញាតឱ្យបន្តដំណើរប្រកាន់ប្រទេសរបស់ពួកគេ។ នេះបើតាមសារព័ត៌មាន Nation Thailand។
អាសន្នរោគកូរ៉ូណា Covid-19 បានចាប់ផ្ដើមផ្ទុះការឆ្លងរាលដាលចេញពីទីក្រុង Wuhan ខេត្ត Hubei នៃប្រទេសចិន កាលពីដើមខែធ្នូ ឆ្នាំ2019 បច្ចុប្បន្ន បានលេចមុខនៅក្នុងប្រទេស និងតំបន់ចំនួន27នៅទូទាំងពិភពលោក បណ្ដលឱ្យមានអ្នកស្លាប់ 1,775នាក់ និងអ្នកដែលបានឆ្លងមេរោគនេះ ចំនួន71,331នាក់៕