Tag: មេរោគ

  • ប្រធានាធិបតី​ បេឡារូស ប្រាប់​ឱ្យ​ប្រជាជន​ផឹក​ស្រា​ vodka ដើម្បី​សម្លាប់​ COVID-19

    ប្រធានាធិបតី​ បេឡារូស ប្រាប់​ឱ្យ​ប្រជាជន​ផឹក​ស្រា​ vodka ដើម្បី​សម្លាប់​ COVID-19

    ប្រធានាធិបតី​នៃប្រទេស​បេឡារូស បាន​ណែនាំ​ឱ្យ​ប្រជា​ជន​របស់​លោក ផឹក​ស្រា​ vodko ដើម្បី​ “បំពុល​មេរោគ​ COVID-19” ឬ​ប្រើ​វា​ដើម្បី​សម្អាត​ខាង​ក្នុង​រាងកាយ​។

    “ថ្មី​ៗ​នេះ ខ្ញុំ​មិន​ដែលបាន​ផឹក​ស្រា​នោះ​ទេ ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ហើយ​ថា អ្នក​រាល់​គ្នា​មិន​គួរ​គ្រាន់​តែ​លាង​ដៃ​នឹង​ស្រា vodka នោះ​ទេ​ តែ​ចូរ​ប្រើ​វា​ដើម្បី​បំពុល​វីរុស​។ អ្នក​គួរ​តែ​ផឹកស្រាខ្លាំង​ ​ប្រហែល​40-50​មីល្លីលីត្រ រាល់​ថ្ងៃ​ ប៉ុន្តែ កុំផឹក​នៅ​កន្លែង​ធ្វើ​ការ​” ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បាន​ថ្លែង​បែប​នេះ​ បន្ទាប់​ពី​បាន​ទស្សនា​ការ​ប្រកួត​វាយ​កូន​បាល់​លើ​ទឹក​កក​រួច កាលពី​ថ្ងៃទី​29មីនា។

    លោក Lukashenko ក៏បាន​អះអាង​ថា កីឡា​គឺជា “ឱសថ​ល្អ​បំផុត​សម្រាប់​ប្រឆាំង​នឹង​វីរុស។ ពុំ​មាន​មេរោគ​ណា​នៅ​ទី​នេះ​នោះ​ទេ ខ្ញុំ​មិន​បាន​ឃើញ​វា​ផង​”។

    បេឡារូស ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​9.5​លាន​នាក់​ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគCOVID-19 ចំនួន​150​នាក់​ ក្នុង​នោះ​មាន​40​នាក់​បាន​ជា​សះស្បើយ និង​មិន​ទាន់​មាន​ករណី​ស្លាប់​នោះទេ។ នៅ​ក្នុង​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាង​ត្បូង​មួយ​នេះ ហាង​ទាំង​ឡាយ រួម​នឹង​ផ្សារ​ជា​ដើម ក៏នៅ​មាន​សកម្ម​ភាព​ធម្មតា​ កន្លែង​ប្រគំ​តន្ត្រី​ក៏​នៅ​តែ​បើក​ដំណើរ​ការ​ ចំណែក​អ្នក​ចូល​ចិត្ត​កីឡា​ក៏​នៅ​តែ​នាំគ្នាំ​ទៅកាន់​កីឡដ្ឋាន​ មើល​កា​រប្រកួត​។

    កាលពី​ថ្ងៃទី​16មីនា ប្រធានាធិបតី​រូប​នេះ​ ក៏បាន​ថ្លែ​ងថា ពិភព​លោក​ “កំពុង​តែ​ឡប់គ្រឿង​ដោយ​សារ​ COVID-19 និង​កំពុង​មាន “អាការ​វិកល​ចរិត” ព្រោះ​តែ​វីរុស​​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ត្រូវ​រាំង​ស្ទះ។ នៅ​ក្នុង​ការ​ថ្លែង​ដែល​ធ្វើ​ឱ្យ​មាន​ការ​រិះ​គន់​កាល​ពី​ថ្ងៃទី​16​មីនា​នោះ លោក Lukashenko ក៏បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​បេឡារូស​ កុំស្លន់ស្លោ ហើយ​ត្រូវ​ទៅ​ធ្វើការ​បន្ត​ទៀត​។

    លោក​ថ្លែង​ថា “អ្នក​រាល់​គ្នា​គួរ​តែ​ធ្វើការ​ ពិសេស​គឺ​ពេល​នេះ។ ត្រាក់ទ័រ និង​ស្រែចំការ​នឹង​ព្យាបាល​ជំងឺ​ឱ្យ​អ្នក​រាល់​គ្នា​”។

    និពន្ធនាយក​នៃ​សារ​ព័ត៌មាន​ Tut.by អ្នក​ស្រី Marina Zolotova

    ក៏ប៉ុន្តែ មិន​មែន​ពលរដ្ឋ​បេឡារូស​ទាំង​អស់សុទ្ធ​តែ​យល់​ស្រប​ជាមួយ​លោក​ប្រធានាធិបតី​នេះ​នោះ​ទេ​។ និពន្ធនាយក​នៃ​សារ​ព័ត៌មាន​ Tut.by អ្នក​ស្រី Marina Zolotova និយាយ​ថា​ ប្រជាជន​បេឡារូស​ជា​ច្រើន​ “គិត​ថា លោក​បាន​បញ្ចេញ​សកម្ម​ភាព​ដោយ​មិនសមហេតុ​ផល​តាម​ជាក់​ស្ដែង និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​”។

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! វៀតណាបិទច្រក​​ព្រំដែន​ជាមួយ​កម្ពុជា​ និង​ឡាវ​ ខណៈ​តំបន់​ឥណ្ឌូចិន​មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា​​ជាង​300​​ករណី​

    COVID-19! វៀតណាបិទច្រក​​ព្រំដែន​ជាមួយ​កម្ពុជា​ និង​ឡាវ​ ខណៈ​តំបន់​ឥណ្ឌូចិន​មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា​​ជាង​300​​ករណី​

    ប្រទេស​វៀតណាម​បាន​សម្រេច​បិទ​ច្រក​ព្រំដែនទៅ​-មក​ជា​បណ្ដោះ​អាសន្ន​ រវាង​​វៀតណាម-​ប្រទេស​កម្ពុជា​ និង​វៀតណាម​-​​​ឡាវ​ ចាប់​ពី​ថ្ងៃទី​1​មេសា​ខាង​មុខ ដើម្បី​រឹត​បន្តឹង​វិធានការ​ទប់ស្កាត់​វីរុសCOVID-19។

    ការ​សម្រេច​ចិត្ត​ខាង​លើ​នេះ​ នឹង​អនុវត្ត​ទៅ​លើ​អ្នក​ដំណើរ​ដែល​ឆ្លង​កាត់​ច្រក​ព្រំ​ដែន​អន្តរជាតិ ច្រក​របៀង​ ផ្លូវលំ រួម​នឹង​ផ្លូវ​ផ្សេង​ៗ​ទៀត​នៅ​តាម​តំបន់​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា​ និង​ឡាវ​ ដោយ​ចាប់​ផ្ដើម​បិទ​ពី​ម៉ោង​00:00:00​នាទី​ ថ្ងៃទី​1មេសា​ខាង​មុខ​។

    COVID-19! វៀតណាបិទច្រក​​ព្រំដែន​ជាមួយ​កម្ពុជា​ និង​ឡាវ​ ខណៈ​តំបន់​ឥណ្ឌូចិន​មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា​​ជាង​300​​ករណី​
    តំបន់​ឥណ្ឌូចិន (Indochina)

    សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​វៀត​ណាម​ខាងលើ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​31​មីនា​កន្លង​ទៅ​ និង​បាន​ផ្ញើ​មក​កាន់​ឯក​អគ្គ​រាជទូត​កម្ពុជា​​ប្រចាំ​នៅ​ប្រទេស​វៀត​ណាម​ហើយ​ដែរ​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ វៀត​ណាម​ VNEXPRESS។

    សេចក្ដី​ប្រកាស​ខាងលើ​ក៏បាន​ឱ្យ​ដឹង​ថា ​វៀត​ណាម​មាន​បំណង​ចង់​បាន​កិច្ច​សហការ​ពី​ប្រទេស​កម្ពុជា​ និង​ឡាវ​ ដើម្បី​អាច​គ្រប់​គ្រង​​វីរុស​COVID-19 បាន​ឆាប់​រហ័ស​។

    COVID-19! វៀតណាបិទច្រក​​ព្រំដែន​ជាមួយ​កម្ពុជា​ និង​ឡាវ​ ខណៈ​តំបន់​ឥណ្ឌូចិន​មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា​​ជាង​300​​ករណី​
    ច្រកព្រំដែន​អន្តរជាតិបាវិត​

    គួរ​រំឭក​ថា ចាប់​ពី​ថ្ងៃទី​20​មីនា ប្រទេស​កម្ពុជា​ក៏​បាន​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​ចំពោះ​ពលរដ្ឋ​វៀតណាម រីឯ​ប្រទេស​ឡាវ​ក៏បាន​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​ចំពោះ​អ្នក​ដំណើរ​ដែល​មក​ពី​គ្រប់​ច្រក​ព្រំដែន​ទូទាំង​ប្រទេស​នេះ​ ចាប់​ពី​ថ្ងៃទី​30​មីនា​ដល់​ថ្ងៃទី​19​មេសា​។ ប្រទេស​ឡាវ​ក៏បាន​បិទ​ច្រក​ព្រំដែន​ជាមួយ​វៀត​ណាម​ ចាប់​ពី​ថ្ងៃទី​19​មីនា​ ដល់​ថ្ងៃទី​20​មេសា​ផងដែរ។

    គិត​មក​ដល់​បច្ចុប្បន្ន វៀតណាម​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ចំនួន​204​ករណី​ ខណៈ​ដែល​កម្ពុជា​មាន​ចំនួន​109​ករណី និង​ឡាវ​មាន​ចំនួន​9​ករណី​។

    COVID-19! វៀតណាបិទច្រក​​ព្រំដែន​ជាមួយ​កម្ពុជា​ និង​ឡាវ​ ខណៈ​តំបន់​ឥណ្ឌូចិន​មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា​​ជាង​300​​ករណី​
    ច្រកព្រំដែន​ Moc Bai របស់​វៀត​ណាម ដែល​នៅ​ជាប់​ច្រក​ព្រំដែន​​អន្តរជាតិ​របស់​កម្ពុជា​នៅ​បាវិត

    COVID-19 ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​​ និង​ដែន​ដី​ចំនួន​200​នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ 786,608​នាក់​បាន​ឆ្លង​មេរោគ​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​37,832​បាន​ស្លាប់ 166,088​នាក់​បាន​ជាសះស្បើយ និង​
    អ្នកជំងឺ​ប្រមាណជា​29,513​នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​ នៅ​ទូទាំង​ពិភពលោក៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • បកស្រាយចម្ងល់ តើមនុស្សទូទៅគួរពាក់ស្រោមដៃប្លាស្ទិក ដើម្បីការពារវីរុសកូវីដ-19 ឬទេ?

    បកស្រាយចម្ងល់ តើមនុស្សទូទៅគួរពាក់ស្រោមដៃប្លាស្ទិក ដើម្បីការពារវីរុសកូវីដ-19 ឬទេ?

    អ្នកជំនាញការបានចេញមកបកស្រាយចម្ងល់ថា តើមនុស្សទូទៅ គួរពាក់ស្រោមដៃប្លាស្ទិក ដើម្បីការពារវីរុស​កូវីដ-19 ឬទេ? និងបានបញ្ជាក់បន្ថែមថា អ្នកស្រាវជ្រាវបានរកឃើញថា បើប្រើមិនត្រឹមត្រូវ នឹងក្លាយជាការសន្សំមេរោគទៅវិញ ហើយបានណែនាំឱ្យលាងសម្អាតដៃញឹកញាប់ គឺល្អបំផុត។

    វេជ្ជបណ្ឌិតសាស្ត្រាចារ្យជំនាញខាងឱសថសាស្ត្ររបស់ប្រទេសថៃ លោក វីរៈផុង បានសរសេរបញ្ជាក់នៅក្នុងបណ្ដាញសង្គមថា មានមនុស្សជាច្រើនមានសំណួរថា តើមនុស្សទូទៅ ចាំបាច់ត្រូវពាក់ស្រោមដៃជ័រប្លាស្ទិក ដើម្បីការពារមេរោគវីរុសកូវីដ-19ឬទេ? ព្រោះការពាក់ស្រោមដៃប្លាស្ទិក មើលទៅហាក់ដូចជានឹងធ្វើឱ្យយើងមិនបានប៉ះពាល់នឹងវត្ថុកខ្វក់ ឬមេរោគដោយផ្ទាល់ឡើយ។

    លោកបានបកស្រាយថា សម្រាប់ប្រជាជនទូទៅដែលរស់នៅដោយប្រតិបត្តិតាមវិធានការ រក្សាគម្លាតចម្ងាយពីគ្នាខាងសង្គម លាងសម្អាតដៃឱ្យបានញឹកញាប់ មិនចូលនៅក្នុងកន្លែងដែលមានមនុស្សច្រើនកុះករ មិនប៉ះពាល់ ឬនៅជិតស្និទ្ធនឹងអ្នកជំងឺនោះ ប្រជាជនទូទៅ “មិនមានភាពចាំបាច់អីត្រូវពាក់ស្រោមដៃប្លាស្ទិក ប្រភេទប្រើម្ដងចោលនោះទេ”។

    ហេតុផលដែលមិនចាំបាច់ពាក់ស្រោមដៃប្លាស្ទិក

    -ការពាក់ស្រោមដៃជ័រប្លាស្ទិក មិនអាចជំនួសវិធានការរក្សាសុខនាម័យល្អបានទេ ហើយការលាងសម្អាតដៃដោយសាប៊ូ និងទឹក នៅតែមានភាពចាំបាច់ត្រូវតែធ្វើឱ្យបានញឹកញាប់ ព្រោះជាវិធីដែលជួយកាត់បន្ថយការចម្លងសាយភាយរបស់មេរោគបាន។

    -ការពាក់ស្រោមដៃប្លាស្ទិកប្រភេទប្រើរួច បោះចោល ច្រើនតែធ្វើឱ្យកើតមានអារម្មណ៍ថា ខ្លួនឯងមានសុវត្ថិភាព រហូតដល់ពេលខ្លះ ធ្វេសប្រហែសក្នុងការធ្វើនូវរឿងដែលការពារមេរោគបានល្អជាង។

    -មិនណែនាំឱ្យប្រើស្រោមដៃប្លាស្ទិកក្នុងជីវិតប្រចាំថ្ងៃទេ ព្រោះត្រូវប្រើស្រោមដៃចំនួនច្រើនណាស់ នៅពេលប្ដូរការធ្វើការងារម្ដងៗ។

    -ការមើលថែទាំសុខនាម័យរបស់ដៃ គឺការលាងដៃឱ្យស្អាតដោយសាប៊ូ និងទឹក រយៈពេល 20វិនាទី នៅតែជាវិធីដែលល្អបំផុតក្នុងការការពារការចម្លងសាយភាយរបស់មេរោគកូវីដ-19។

    -មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគ របស់ប្រទេសអាមេរិក ក៏មិនបានណែនាំឱ្យប្រជាជនទូទៅ ពាក់ស្រោមដៃប្លាស្ទិកដែរ។

    -លើកលែងតែក្នុងករណី ដែលយើងចាំបាច់ត្រូវតែពាក់ស្រោមដៃប្លាស្ទិកប៉ុណ្ណោះ ដូចជា ពេលត្រូវមើលថែទាំអ្នកដែលទទួលការវិនិច័្ឆយអាការហើយថា មានជំងឺកូវីដ-19(សម្រាប់គ្រូពេទ្យ) ពេលមានការប៉ះពាល់វត្ថុរបស់របរ សម្លៀកបំពាក់ នៅពេលបោកខោអាវ និងពេលប៉ះវត្ថុរាវក្នុងរាងកាយ ជាដើម។ល៕

    ប្រភព៖ ព័ត៌មានបរទេស

  • New York សុំ​ជំនួយ​បន្ទាន់!​ ព្រោះ​តែ​COVID-19

    New York សុំ​ជំនួយ​បន្ទាន់!​ ព្រោះ​តែ​COVID-19

    អភិបាល​រដ្ឋ​​ New York លោក Cuomo អំពាវនាវ​សុំ​ជំនួយ​ផ្នែក​សុខាភិបាល​ជា​បន្ទាន់​ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទី​នេះ​ បាន​កើន​ឡើង​លើស​1,200​ករណី​។

    “សូម​មេត្តា​ចូល​មកជួយ​ New York ជា​បន្ទាន់​។ យើង​បាន​បាត់​បង់​មនុស្ស​ជាង​1,000​នាក់​ហើយ​។ ចំពោះ​ខ្ញុំ គឺ​យើង​បាន​ឆ្លង​មក​ដល់​ចំណុច​ដែល​លើស​ពី​ការ​គួរ​ឱ្យ​ខ្លាច​ទៅ​ហើយ​” អភិបាល​រដ្ឋ New York លោក Andrew Cuomo មាន​ប្រសាសន៍​កាល​ពី​ថ្ងៃទី​30​មីនា​កន្លង​ទៅ​។

    លោក​អភិបាល​រូប​នេះ​បាន​ឱ្យ​ដឹង​ថា ចំនួន​អ្ន​ក​ស្លាប់​ដោយ​សារ​វីរុសCOVID-19​ នៅ​ក្នុង​រដ្ឋ​​ដែល​លោក​កាន់​កាប់ គឺ​បាន​កើន​ជាង​250​នាក់​បន្ថែម​ទៀត​​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​ជាង​1,200​នាក់​។ លោក​ Cuomo ថ្លែង​ថា​ រដ្ឋ​ New York ត្រូវ​ការ​បុគ្គលិក​សុខាភិបាល​ប្រមាណ​ជាង​1​លាន​នាក់​បន្ថែម​ទៀត​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​វិបត្តិ​សុខ​ភាព​នា​បច្ចុប្បន្ន​។ មន្ត្រី​​អាមេរិកាំង​ជា​ច្រើន​រូប​ក៏បាន​ព្រមាន​ថា​ ស្ថាន​ភាព​នៅ​ New York នា​ពេល​នេះ អាច​​ជា​សេណារីយ៉ោ​មួយ​ដែល​រដ្ឋ​ផ្សេង​ៗ​ទៀត​នឹង​ត្រូវ​ជួប​ប្រទះ​នាពេល​ដ៏ខ្លី​ខាង​មុខ​។

    នៅ​មុន​ពេល​អភិបាល​រដ្ឋ​ New York បាន​អំពាវនាវដូច​ខាង​លើ ក្រុមអ្នក​ជំនាញ​ រួម​នឹង​ក្រុម​វេជ្ជ​បណ្ឌិត​ និង​បុគ្គលិក​សុខាភិបាល​​ជិត​80,000​នាក់​នៅ​ New York បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ធ្វើ​ “សង្គ្រាម​” ប្រឆាំង​នឹង​ COVID-19។ នាវា​មន្ទីរពេទ្យ​ USNS Comfort ដែល​មាន​គ្រែ​សម្រាប់​អ្នក​ជំងឺ​ចំនួន​1,000គ្រែ​ ក៏ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋ​នេះ កាល​ពី​ថ្ងៃទី​30​មីនា​កន្លង​ទៅ​ ដើម្បី​ជួយ​កាត់​បន្ថយ​ស្ថាន​ភាព​លើស​ចំណុះ​របស់​បណ្ដា​មន្ទីរ​ពេទ្យ​ក្នុង​តំបន់​។

    នៅ​ឯ​រដ្ឋ California វិញ ក្រុម​មន្ត្រី​ក៏បាន​ស្នើ​សុំ​ដូច​ខាង​លើ​នេះ​ដែរ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ នៅ​ពេល​ដែល​ចំនួន​អ្នកជំងឺ​ត្រូវ​ចូល​ព្យាបាល​ បាន​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​ត្រឹម​4​ថ្ងៃ​មក​នេះ​ ហើយ​អ្នក​ជំងឺ​ដែល​ត្រូវ​ព្យាបាល​ជា​ពិសេស​ បន្ទាន់​ក៏បាន​កើន​ឡើង​ជាង​3​ដង​ផងដែរ​។

    នេះ​គឺជា​សញ្ញា​បង្ហាញ​ថា “សង្គ្រាម​” ប្រឆាំង​នឹង​ COVID-19 នឹង​បន្ត​អូស​សន្លាយ​ពេល​យូរ​ត​ទៅ​ទៀត ខណៈ​ដែល​វីរុស​នេះ​បាន​រាល​ដាល​ដល់​ប្រទេស​ និងដែន​ដី​ចំនួន​200​​ នៅ​ទូទាំង​ពិភពលោក​ ក្នុង​នោះ​សហរដ្ឋ​អាមេរិកគឺ​ជា​សម្បុក​មេរោគ​ធំ​បំផុត​។ ពលរដ្ឋ​អាមេរិកាំង​ប្រមាណ​ជា​235​លាន​នាក់​ ស្មើ​នឹង​2/3​នៃ​ប្រជា​ជន​សរុប កំពុង​រស់​នៅ​ក្នុង​បម្រាម​គោចរ​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស

  • CDC ចិន និយាយថា ពលរដ្ឋ “អាមេរិក និងអឺរ៉ុប” ខុសធ្ងន់ណាស់ ដែលមិនពាក់ម៉ាស់អនាម័យការពារ…

    CDC ចិន និយាយថា ពលរដ្ឋ “អាមេរិក និងអឺរ៉ុប” ខុសធ្ងន់ណាស់ ដែលមិនពាក់ម៉ាស់អនាម័យការពារ…

    អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់ប្រទេសចិន(CDC) បានថ្លែងថា ការជំរុញឱ្យប្រជាជនពាក់ម៉ាស់អនាម័យការពារ ពេលចេញទៅក្រៅផ្ទះ មានចំណែកជួយទប់ស្កាត់ការចម្លងសាយភាយរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីបានច្រើនណាស់ ហើយការដែលពលរដ្ឋនៅក្នុងប្រទេសអាមេរិក និងអឺរ៉ុប មើលរំលងវិធានការដ៏ងាយៗនេះ គឺជា “ភាពខុសឆ្គងដ៏ធ្ងន់ធ្ងរ” ដែលបានធ្វើឱ្យចំនួនអ្នកឆ្លងមេរោគនៅទីនោះ កើនឡើងយ៉ាងឆាប់រហ័ស។

    សារព័ត៌មាន សៅ ឆាយណា ម៉រនីង ផូស្ត បានអះអាងពីការយល់ឃើញរបស់លោក កៅ ហ៊្វូ អគ្គនាយក CDC របស់​ចិន ដែលបានផ្ដល់បទសម្ភាសជាមួយទស្សនាវដ្តី Science Magazine ថា “កំហុសឆ្គងដ៏ធ្ងន់ធ្ងររបស់ប្រទេសអាមេរិក និងអឺរ៉ុប នៅក្នុងទស្សនៈរបស់ខ្ញុំ គឺការដែលប្រជាជន មិននាំគ្នានិយមពាក់ម៉ាស់អនាម័យការពារ”។

    លោក កៅ អធិប្បាយថា លម្អងទឹកតូចល្អិតៗដែលចេញពីប្រព័ន្ធដកដង្ហើមរបស់មនុស្ស និងការប៉ះពាល់ជិតស្និទ្ធ គឺជាបច្ច័យចម្បងក្នុងការចម្លងរោគ “លម្អងទឹកតូចល្អិតៗមានតួនាទីក្នុងការចម្លងមេរោគអាក្រក់ណាស់ ដូច្នេះពួកអ្នក ត្រូវពាក់ម៉ាស់អនាម័យការពារ ព្រោះពេលដែលអ្នកនិយាយ នឹងមានលម្អងទឹកតូចល្អិតៗចេញមកពីក្នុងមាត់របស់អ្នកគ្រប់ពេលវេលា”។

    លោក កៅ បន្ថែមថា អ្នកខ្លះ អាចនឹងមានមេរោគវីរុសនៅក្នុងខ្លួនដោយមិនបានឈឺថ្កាត់ ឬមិនទាន់បង្ហាញអាការឈឺថ្កាត់ ដូច្នេះ ម៉ាស់អនាម័យអាចជួយការពារលម្អងទឹកតូចល្អិតៗពីមនុស្សទាំងនោះ ដែលអាចធ្វើឱ្យមេរោគអាចចម្លងទៅបុគ្គលដទៃទៀតបាន។

    ទោះជាស្ថានការណ៍ការឆ្លងរាលដាលនៅក្នុងប្រទេសចិន ពេលនេះអាចនិយាយបានថា ល្អប្រសើរឡើងច្រើនហើយក្ដី តែ CDC របស់ចិន នៅតែអំពាវនាវ និងណែនាំកាលពីថ្ងៃទី22 មីនាកន្លងទៅ ឱ្យប្រជាជនត្រូវតែពាក់ម៉ាស់អនាម័យការពារបន្តទៀត មិនថានៅក្នុងអូហ្វ៊ីស ក្នុងបន្ទប់ប្រជុំ ក្នុងបន្ទប់ជណ្ដើរយន្ត ឬខណៈពេលប្រើសេវាកម្មដឹកជញ្ជូនសាធារណៈក៏ដោយ តែមិនចាំបាច់ពាក់ពេលនៅក្នុងផ្ទះ នៅក្នុងទីកន្លែងដែលធំស្រឡះៗ ឬក្នុងស្ថានភាពបរិស្ថានដែលមានខ្យល់អាកាសបក់ចេញចូលល្អ និងមិនមានមនុស្សច្រើនកុះករក៏បាន។

    យ៉ាងណាក៏ដោយ ពាក្យណែនាំទាំងនេះ ហាក់ដូចជាផ្ទុយគ្នាពីការយល់ឃើញរបស់អង្គការសុខភាពពិភពលោក​(WHO) ដែលបានបញ្ជាក់ថា ឱ្យមនុស្សពាក់ម៉ាស់អនាម័យការពារតែនៅពេលណាដែលមានអាការក្អក ឬកណ្ដាស់ ឬនៅពេលត្រូវនៅមើលថែទាំជិតអ្នកដែលត្រូវបានសង្ស័យថា ឆ្លងមេរោគកូវីដ-19 តែប៉ុណ្ណោះ។

    ចំណែកឯក្រសួងសាធារណៈសុខាភិបាលរបស់ប្រទេសសិង្ហបុរី ក៏បានណែនាំដល់ប្រជាជនរបស់ខ្លួនដែរថា មិនចាំបាច់​ត្រូវពាក់ម៉ាស់អនាម័យការពារជាប់ជានិច្ចនោះទេ លើកលែងតែ ពេលមានអាការមិនស្រួលខ្លួន មានគ្រុនក្ដៅខ្លួន ក្អក ហៀរសម្បោរ ឬទើបនឹងជាសះស្បើយពីជំងឺផ្សេងៗតែប៉ុណ្ណោះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • មនុស្ស​ជាង​​​784,000នាក់​បាន​ឆ្លងវីរុស​COVID-19 នៅទូទាំង​ពិភពលោក

    មនុស្ស​ជាង​​​784,000នាក់​បាន​ឆ្លងវីរុស​COVID-19 នៅទូទាំង​ពិភពលោក

    COVID-19 នៅ​តែ​បន្ត​ឆ្លង​រាល​ដាល​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ពិសេស​គឺ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ ធ្វើ​ឱ្យ​តួលេខ​នៃ​ករណី​ឆ្លង​សរុប​ឡើង​ដល់​ជិត​800,000​នាក់​ ក្នុង​នោះ​មាន​ជិត​38,000​នាក់​បាន​បាត់​បង់​ជីវិត​។

    ពិភព​លោក​ទាំង​មូល​ មាន​អ្នក​ឆ្លង​មេរោគCOVID-19 ចំនួន​784,314ករណី និង​ស្លាប់​ចំនួន​37,638​ករណី។ ទ្វីបអឺរ៉ុប​មាន​អ្នក​ស្លាប់26,674​ករណី​ គឺ​​​​ប្រមាណជា​2/3​ នៃ​អ្នក​ស្លាប់​សរុប​។ អ៊ីតាលី​គឺ​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ច្រើនជាង​គេ​បង្អស់​ក្នុង​ពិភពលោក។

    សហរដ្ឋ​អាមេរិក​៖ ប្រទេស​នេះ​បាន​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណាថ្មី​ ​​18,089​ករណី​ និង​ស្លាប់​412​ករណី​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​163,807​ករណី និង​ស្លាប់​ឡើង​ដល់3,008​ករណី​។ ប្រទេស​នេះ នៅ​តែ​បន្ត​ជា​សម្បុក​មេរោគ​ធំ​ជាង​គេ​ក្នុង​ពិភពលោក។

    អ៊ីតាលី៖ ប្រទេស​នេះ​ទើប​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​4,050​ករណី​ និង​ស្លាប់​812​ករណី​បន្ថែម​ទៀត​។ ចំនួន​អ្នក​ជំងឺ​សរុប101,739​នាក់ និង​ស្លាប់​សរុប​11,591​នាក់​។ អត្រា​នៃការ​ស្លាប់​ដោយ​សារ​COVID-19 នៅ​អ៊ីតាលី​ ជិត​ស្មើ​នឹង​11.4% គឺ​ខ្ពស់​ជាង​ទ្វេ​ដង​បើ​ធៀប​នឹង​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​ទូទាំង​ពិភពលោក​។

    អេស្ប៉ាញ៖ អ្នកជំងឺ​ថ្មី7,846​នាក់ អ្នក​ជំងឺ​សរុប​87,956​ នាក់ អ្នក​ស្លាប់​ថ្មី​913​នាក់ អ្នក​ស្លាប់​សរុប​7,716​នាក់​។ តួលេខ​នេះ​បាន​ធ្វើ​ឱ្យ​អេស្ប៉ាញ​លោត​​រលង​ប្រទេស​ចិន ដើម្បី​ក្លាយ​ជា​សម្បុក​មេរោគ​ធំបំផុត​ទី​3​ក្នុង​ពិភពលោក​។

    អាល្លឺម៉ង់៖ អ្នក​ជំងឺ​ថ្មី​4,450​នាក់ និង​ជំងឺ​សរុប​66,885​នាក់​ អ្នក​ស្លាប់​ថ្មី​104​នាក់ អ្នក​ស្លាប់​សរុប​645​នាក់​។ ប្រទេស​នេះ​គឺជា​សម្បុក​មេរោគ​ធំ​ទី​3​នៅ​អឺរ៉ុប​ បន្ទាប់​ពី​អ៊ីតាលី និង​អេស្ប៉ាញ។

    ​អ៊ីរ៉ង់៖ ប្រទេសនេះ​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី ដោយ​មាន​អ្នក​ជំងឺ​ថ្មី​3,186​នាក់ ​អ្នក​ជំងឺ​សរុប​41,495​នាក់ អ្នក​ស្លាប់​ថ្មី​117​នាក់​ និង​អ្នក​ស្លាប់​សរុប​2,757​នាក់​។

    ប្រទេស​ចិន និង​កូរ៉េខាង​ត្បូង​ មិន​ទាន់​ប្រកាស​អំពី​តួលេខ​ពាក់​ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​នេះ​នៅ​ឡើយ​ ប៉ុន្តែ តួលេខ​ចុង​ក្រោយ​របស់​ចិនបង្ហាញ​ថា មាន​អ្នក​ជំងឺ​សរុប​81,518​ករណី និង​ស្លាប់​សរុប​3,305​ករណី​។ ចំណែក​ប្រទេស​កូរ៉េខាង​ត្បូង​វិញ មាន​អ្នក​ជំងឺ​សរុប​មាន​​9.661នាក់ និង​អ្នក​ស្លាប់​សរុប​​158​នាក់​។

    តំបន់​អាស៊ី​អាគ្នេយ៍ម៉ាឡេស៊ី​ជា​សម្បុក​មេរោគ​ធំ​ទី1​​ក្នុង​តំបន់​នេះ​ ដោយ​មាន​អ្នក​ជំងឺ​សរុប​2,626​នាក់ និង​ស្លាប់​សរុប​37​នាក់​។ ចំណែកឥណ្ឌូនេស៊ី​វិញ បាន​ក្លាយ​ជា​ ​”វាល​ពិឃាត”​ របស់​ COVID-19 ធំ​បំផុត​នៅ​ក្នុង​តំបន់​នេះ​ ដោយ​មាន​អ្នក​ស្លាប់​សរុប​122​នាក់ ក្នុង​ចំណោម​អ្នកជំងឺ​1,414​នាក់​ ហើយ​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​នេះ​គឺ​ 8.6​%​។

    ហ្វីលីពីន និង​ប្រទេស​ថៃ សុទ្ធ​តែ​មាន​អ្នក​ឆ្លង​មេរោគ​លើស​ពី​1,500​នាក់ ប៉ុន្តែ ចំនួន​ករណី​ស្លាប់​នៅ​ប្រទេស​ទាំង​2នេះ ខុស​គ្នា​ឆ្ងាយ​ណាស់​ ពោល​គឺ​ហ្វីលីពីន​មាន​អ្នក​ស្លាប់​78​នាក់ ចំណែក​ប្រទេស​ថៃ​មាន​តែ​9​នាក់​។ COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ទាំង​11​ នៃ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មេដឹក​នាំ​​សង្គ្រាម​ប្រឆាំង​ COVID-19 បាន​ឆ្លង​វីរុស​ ខណៈ​អេស្ប៉ាញ​ក្លាយជា​ “វាល​ពិឃាត” ទី​2​ក្នុង​លោក របស់​មេរោគ​បង្ក​ជំងឺ​រលាក​សួត​ថ្មី

    មេដឹក​នាំ​​សង្គ្រាម​ប្រឆាំង​ COVID-19 បាន​ឆ្លង​វីរុស​ ខណៈ​អេស្ប៉ាញ​ក្លាយជា​ “វាល​ពិឃាត” ទី​2​ក្នុង​លោក របស់​មេរោគ​បង្ក​ជំងឺ​រលាក​សួត​ថ្មី

    មេដឹក​នាំ​ក្នុង​សង្គ្រាម​ប្រឆាំង​ COVID-19 របស់​អេស្ប៉ាញ បាន​ឆ្លងវីរុស​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ក្នុង​ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុបនៅ​ប្រទេស​នេះ​​ បាន​កើន​ឡើង​លើស​ពី​ប្រទេស​ចិន​។

    “ប្រធាន​មជ្ឈមណ្ឌល​ចាត់ចែង​ករណី​បន្ទាន់​របស់​ក្រសួង​សុខាភិបាល​អេស្ប៉ាញ លោក Fernando Simon វិជ្ជមាន​ជាមួយ​នឹង​ COVID-19 បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​” Maria Jose Sierra ដែល​ជា​អនុ​ប្រធាន​របស់​លោក Simon ថ្លែង​បែប​នេះ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯរាជធានី​ Madrid កាល​ពី​ម្សិល​មិញ​។

    លោក​ប្រធាន​ Simon គឺជា​អ្នក​ដឹក​នាំ​យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 របស់​រាជាណាចក្រ​អេស្ប៉ាញ និង​ជា​អ្នក​ដែល​តែង​តែ​រក្សា​ទំនាក់​ទំនង​ជាមួយ​នាយក​រដ្ឋមន្ត្រី​ Pedro Sanchez។ ប្រភព​ព័ត៌មាន​មិន​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​សុខ​ភាព​របស់​លោក​យ៉ាង​ណា​ហើយ​នោះ​ទេ។

    អនុប្រធាន​ Sierra បាន​ប្រកាស​ថា បុគ្គលិក​ពេទ្យ​ចំនួន​12,298​នាក់​បាន​ឆ្លង​មេរោគ​COVID-19 គឺស្មើ​នឹង​14% នៃចំនួន​អ្នក​ឆ្លង​មេរោគ​សរុបរបស់​ប្រទេស​អេស្ប៉ាញ។ ក្រុម​គ្រូពេទ្យ​បាន​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​ខ្វះ​សម្ភារ​ការ​ពារ​ខ្លួន​។

    អេស្ប៉ាញ បច្ចុប្បន្ន​បាន​ក្លាយជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​COVID-19 ច្រើន​ជា​គេ​បង្អស់​លំដាប់​ទី​2​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​អ៊ីតាលី​ ដោយ​មាន​អ្នក​ស្លាប់​ដល់​ទៅ​7,340​នាក់​។

    COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​​ពី​ប្រទេស​ចិន កាល​ពី​ខែធ្នូ ឆ្នាំ​2019 ហើយ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​199 នៅ​ទូទាំង​ពិភព​លោក បណ្ដាល​ឱ្យ​មនុស្ស​ចំនួន 741,030នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​អ្នក​ជំងឺ​​ 35,114នាក់​បាន​ស្លាប់​ និង​ជាង​ 28.000នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​៕

    ប្រភព៖ Reuters

  • បុគ្គលិក​ពេទ្យ​​អាមេរិកាំង បាន​ជួយ​ឱ្យ​អ្នកជំងឺ​COVID-19ជិត​ស្លាប់​ម្នាក់​ និង​កូន​ចៅ​ បាន​លា​គ្នា​ជា​​លើក​ចុង​ក្រោយ​ តាម​រយៈ​ទូរស័ព្ទ​

    បុគ្គលិក​ពេទ្យ​​អាមេរិកាំង បាន​ជួយ​ឱ្យ​អ្នកជំងឺ​COVID-19ជិត​ស្លាប់​ម្នាក់​ និង​កូន​ចៅ​ បាន​លា​គ្នា​ជា​​លើក​ចុង​ក្រោយ​ តាម​រយៈ​ទូរស័ព្ទ​

    គិលានុដ្ឋាយិកា​ម្នាក់​នៅ​ក្នុង​រដ្ឋ​ Washington បាន​យក​ទូរស័ព្ទ​របស់​ខ្លួន​​ភ្ជាប់ទៅ​កាន់​កូន​របស់​អ្នកជំងឺ​​ COVID-19 ដើម្បី​ឱ្យ​ពួកគេ​បាន​ជួប​មុខ​គ្នា​ជា​លើក​ចុង​ក្រោយ​បង្អស់។

    អ៊ំស្រី​ Carolann Gann អាយុ​75​ឆ្នាំ ធ្លាប់​ធ្វើ​ជា​គិលានុបដ្ឋាក​ជាង​30​ឆ្នាំ បាន​ធ្លាក់​ខ្លួន​ឈឺ​​នៅ​ឯ​មជ្ឈមណ្ឌល​ចាស់​ជរា​មួយ​នៅ​ Issaquah ជាយ​ក្រុង​ Seattle កាល​ពី​សប្ដាហ៍​មុន​។ អ៊ំស្រី​រូប​នេះ បាន​ទូរស័ព្ទ​ទៅ​កូន​ស្រី​ ឈ្មោះ​ Michelle Bennett ដែលជា​នគរ​បាល​ជាន់​ខ្ពស់​ម្នាក់​ ដើម្បី​ប្រាប់​ថា បុគ្គលិក​ពេទ្យ​កំពុង​ធ្វើ​តេស្ត​​រកមេរោគ​ឱ្យ​គាត់​។

    បន្ទាប់​មក​ គាត់​ក៏​ត្រូវ​បាន​នាំ​ទៅ​កាន់មន្ទីរ​ពេទ្យ​ ប៉ុន្តែ​សុខ​ភាព​របស់​គាត់​ កាន់​តែ​ដុន​ដាប​ទៅ​ៗ​។ អ៊ំស្រី​ Gann បាន​បាត់​បង់ជីវិត​កាល​ពីថ្ងៃទី​27​មីនា​ ដោយ​ពុំមាន​កូន​ចៅ​ណា​​ម្នាក់​នៅ​ក្បែរ​ទាល់​តែសោះ​ ព្រោះ​តែ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​មន្ទីរពេទ្យ ដោយ​សារ​ COVID-19។

    Bennett និយាយ​ថា “ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​សោះ​ថា កាល​ពី​សប្ដាហ៍មុន​ ម្ដាយ​របស់​ខ្ញុំ​នៅ​ឯមជ្ឈមណ្ឌល​ថែទាំចាស់​ជរា ហើយ​7​ថ្ងៃ​ក្រោយ គាត់​បែរ​ជា​ទៅ​ចោល​ខ្ញុំ​ដូច្នេះ​សោះ​។ ហេតុ​អី​ក៏រឿង​នេះ​អាច​កើត​ឡើង​បាន​?។ ម្ដាយ​ខ្ញុំ​ បាន​ទូរស័ព្ទ​ប្រាប់​ថា គាត់​បាន​ឆ្លង​ COVID-19។ ពេល​នោះ ពិភពលោក​ហាក់​ត្រូវ​បាក់​រលំ​ម​កលើ​​រូប​ខ្ញុំ​ដូច្នោះ​​ដែរ​”។

    Bennett ដែល​ជា​ស្ត្រី​ភេទ​ទី​3​ម្នាក់ ហើយ​ប្រពន្ធ​របស់​នាង​ឈ្មោះ​ Brand Gordon Bennet បាន​និយាយ​ថា បុគ្គលិក​ពេទ្យ​បាន​ធ្វើ​រឿង​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​ម្ដាយ​ពួកគេ​បាន​ស្ងប់​ចិត្ត។

    “ពួក​យើង​ទាំង​អស់​គ្នា បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​ដើម្បី​លាគ្នា​ជា​លើក​ចុងក្រោយ​។ ពិត​ជា​គួរ​ឱ្យ​ស្លុត​ចិត្ត​ខ្លាំង​ណាស់​។ ចៅ​ៗ​របស់​គាត់ យំ​បណ្ដើរ​ និយាយ​លា​គាត់​បណ្ដើរ​។ គាត់​អាច​ស្ដាប់ និង​និយាយ​ជាមួយ​ពួកគេ​បាន​។ គាត់​និយាយ​ជាមួយ​ក្មេង​ៗ​ថា គាត់​ពិត​ជា​មាន​មោទនភាព​ចំពោះ​ពួកគេ​ខ្លាំង​ណាស់​” Bennett និយាយ​បណ្ដើរ​ស្រក់​ទឹក​ភ្នែក​​បណ្ដើរ​។

    នៅ​ពេល​ដែល​ស្ថាន​ភាព​ជំងឺ​របស់​អ៊ំស្រី Gann កាន់​តែ​អាក្រក់​ទៅ​ៗ បុគ្គលិក​ពេទ្យ​ម្នាក់​បាន​យក​ទូរស័ព្ទ​របស់​ខ្លួន​ ភ្ជាប់​ទៅ​កាន់​កូន​របស់​អ្នក​ជំងឺនេះ​ ដោយ​ឱ្យ​ពួកគេ​បាន​ជួប​គ្នា​ជា​លើក​ទី​2 ដែល​ជាលើក​ចុង​ក្រោយ​បង្អស់។

    សុខភាព,កូរ៉ូណា,អាសន្នរោគ,មេរោគ,covid-19,coronavirus,2020,ជំងឺរាតត្បាត,us,អាមេរិកាំង,សហរដ្ឋអាមេរិកBennett និយាយ​ថា “បុគ្គលិក​ពេទ្យម្នាក់​​នោះ​ បាន​លើក​ទូរស័ព្ទ​នៅ​ចំពោះ​មុខ​ម្ដាយ​ខ្ញុំ ហើយ​ខ្ញុំ​អាច​មើល​ឃើញ​ និង​ដឹង​អំពី​ដង្ហើម​របស់​គាត់​។ ពេល​នោះ ខ្ញុំ​អាច​និយាយ​ពាក្យ​ថា​ “លា” ទៅកាន់​ម្ដាយ​ខ្ញុំ​ ហើយ​ថា ខ្ញុំ​ស្រឡាញ់​ និង​អាណិត​ម្ដាយ​ខ្លាំង​ណាស់​”។

    បន្ទាប់​ពី​អ៊ំស្រី Gann បាន​លា​ចាក​លោក​នេះ​ទៅ គិលានុបដ្ឋាក​​ម្នាក់​ក៏បាន​ទូរស័ព្ទ​មក​កាន់​គ្រួសារ​ Bennett។ បុគ្គលិក​ពេទ្យ​ម្នាក់​នេះ​បាន​ប្រាប់​ថា នាង​បានចាប់​ដៃ​ ​និង​យក​ដៃ​ច្បូត​សក់​ជូន​គាត់​ នៅ​ពេល​គាត់​កំពុង​បញ្ចប់​ដង្ហើម​ចុង​ក្រោយ​​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​199​ នៅ​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្សចំនួន​ 737,929​នាក់​បាន​បាត់​បង់ជីវិត​ និង​អ្នកជំងឺ​ប្រមាណជា​28,400​នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​ ខណៈ​ដែល​អ្ន​កជំងឺ​156,507​នាក់​ទៀត​បាន​ជា​សះស្បើយ​។ ចំណែក​សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន ជាសម្បុក​មេរោគ​កូរ៉ូណា​​ធំបំផុត​ក្នុងពិភពលោក ដោយ​មាន​អ្នក​ឆ្លង​មេរោគ​នេះ​សរុប​ឡើង​ដល់​143,055នាក់​ ក្នុង​នោះ​មាន2,513នាក់​បាន​បាត់បង់ជីវិត​ និង​4,865​នាក់​បាន​ជាសះ​ស្បើយ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! សត្វ​ឆ្មា​ដំបូង​បង្អស់​ក្នុង​ពិភពលោក​ ដែល​បាន​ឆ្លង​វីរុស​ពី​ម្ចាស់​

    COVID-19! សត្វ​ឆ្មា​ដំបូង​បង្អស់​ក្នុង​ពិភពលោក​ ដែល​បាន​ឆ្លង​វីរុស​ពី​ម្ចាស់​

    បែលហ្សិក៖ ឆ្មា1​ក្បាល​បាន​ឆ្លង​វីរុស​COVID-19 បន្ទាប់​ពី​ម្ចាស់​របស់​វា បាន​​ត្រឡប់​មក​ពី​ប្រទេស​អ៊ី​តាលី នាំ​ឱ្យ​វា​ក្លាយ​​ឆ្មា​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ដែល​បាន​ឆ្លង​ COVID-19 ពី​មនុស្ស​។

    នាយក​ដ្ឋាន​សុខាភិបាល​សាធារណៈ​ សុវត្ថិ​ភាព​អាហារ​ និង​បរិស្ថាន​របស់​ប្រទេស​បែល​ហ្សិក​ កាលពី​ថ្ងៃទី​27​មីនា បាន​ប្រកាស​ថា ឆ្មា1​ក្បាល​របស់​ប្រទេស​នេះ​បាន​ឆ្លង​វីរុសCOVID-19។ មួយ​សប្ដាហ៍​បន្ទាប់​ពី​ម្ចាស់​របស់​វាបាន​​ត្រឡប់​មក​ពី​ប្រទេស​អ៊ីតាលី​ ហើយ​បាន​ឆ្លង​វីរុសCOVID-19 ឆ្មា​នៅ​ក្នុង​ផ្ទះ​នេះ​ក៏​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​ទាក់​ទិន​នឹង​ផ្លូវ​ដង្ហើម ដូច​ជា​អាការ​រាក​ និង​ក្អួត​ចង្អោរ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ Steven Van Gucht អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ភិបាល​បែល​ហ្សិក​។

    ម្ចាស់​របស់​ឆ្មា​ខាងលើ បាន​យក​សំណាក​វត្ថុ​វិភាគ​របស់​ឆ្មានេះ​ ​ផ្ញើ​ទៅ​កាន់​មន្ទីរពិសោធន៍​របស់​វេជ្ជ​បណ្ឌិត Daniel Desmecht នៅ​ឯ​សាកលវិទ្យា​ល័យ​ Liege។ លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ បាន​រកឃើញ​ថា សត្វ​ឆ្មា​នេះ​មាន​ផ្ទុក​វីរុស​COVID-19 យ៉ាង​ច្រើន​នៅ​ក្នុង​សំណាក​វត្ថុ​វិភាគ​ខាង​លើ​។ Van Gucht បាន​ឱ្យ​ដឹង​ថា សត្វ​ឆ្មា​នេះ​ មាន​សុខ​ភាព​ល្អ​វិញ​ខ្លះ​ហើយ បន្ទាប់​ពី​បាន​ព្យាបាល​រយៈ​ពេល​9​ថ្ងៃ​។

    ឆ្មា​ និង​មនុស្ស​ ហាក់​ដូច​ជា​មាន​ចំណុច​ពិសេស​រួម​មួយ​ នៅ​លើ​ផ្ទៃ​នៃ​កោសិកា​ប្រព័ន្ធ​ដង្ហើម នោះ​គឺ​ទី​តាំង​ដែល​ COVID-19 ប្រើ​ដើម្បី​ជ្រែក​ចូល​។ ចំពោះមនុស្ស ក្រុម​អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ថា COVID-19 ភ្ជាប់​ខ្លួន​ទៅ​នឹង​ប្រូតេអ៊ីន​ដែល​មាន​ឈ្មោះ​ថា ACE2 ស្ថិត​នៅ​ខាង​ក្រៅ​កោសិកា​ផ្លូវ​ដង្ហើម​។ បន្ទាប់ពី​បាន​ជ្រែក​ចូល វីរុស​នេះ​នឹង​គ្រប់​គ្រង​យន្ត​​ការ​ខាង​ក្នុង​​នៃ​​កោសិកា​ដើម្បី​បង្កើន​ចំនួន​​​វីរុស​(កើត​កូន​ចៅ​ដោយ​មិន​បាច់​មាន​ញី​-ឈ្មោល​។ ប្រូតេអ៊ីន ACE2 របស់​សត្វ​ឆ្មា មាន​លក្ខណៈ​ដូច​​ច្រើន​ទៅ​​នឹង​ ACE2 របស់​មនុស្ស​។ នេះ​បើតាម​សម្ដី​របស់ Van Gucht។

    កន្លង​មក​នេះ គេ​បាន​រកឃើញ​សត្វ​ចិញ្ចឹម​ចំនួន​2ក្បាល​ដែល​បាន​ឆ្លង​វីរុស​COVID-19 ពី​ម្ចាស់​របស់​វាផងដែរ​។ ករណី​នេះ​គឺ​ជា​សត្វ​សុនក​2ក្បាល​នៅ​ក្នុង​​ទីក្រុង​ហុងកុង​។

    ក្រុម​គ្រូពេទ្យ​ខាងលើ​និយាយ​ថា មក​ដល់ពេល​នេះ​ មិន​ទាន់​មាន​របាយ​ការណ៍​ណា​មួយ​និយាយ​អំពី​សត្វ​ចិញ្ចឹម​ចម្លង​មេរោគ​ដល់​ម្ចាស់របស់​វា​​នោះ​ទេ​។ លោក​បញ្ជាក់​ថា ការ​ឆ្លង​មេរោគ​ពី​សត្វ​មក​មនុស្ស​ មិន​មែនជា​វិធី​ចម្បង​​ក្នុង​ការ​ចម្លង​មេរោគ​នោះ​ទេ។ ​ដើម្បី​ស្វែងយល់​​ឱ្យ​បាន​ច្បាស់ជាង​នេះ គេ​ត្រូវ​ធ្វើ​ការ​ពិសោធន៍​ស៊ីជម្រៅ​ជាង​នេះ បន្ទាប់​ពី​សត្វ​ឆ្មាខាង​លើ​បាន​ឆ្លង​ផុត​ការ​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​រយៈ​ពេល​14​ថ្ងៃ​​៕

    ប្រភព​៖ Live Science

  • កូរ៉េខាងត្បូង​នឹង​ផ្ដល់ជំនួយ​ 6លាន​លាន​វ៉ុន ដល់​​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​

    កូរ៉េខាងត្បូង​នឹង​ផ្ដល់ជំនួយ​ 6លាន​លាន​វ៉ុន ដល់​​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​

    ប្រទេស​កូរ៉េខាង​ត្បូង​ កំពុង​តែ​ពិចារណា​ទៅ​លើ​គម្រោង​​ផ្ដល់​ជំនួយ​ជា​សាច់​​ប្រាក់​សុទ្ធ​ ជូន​ដល់​​បណ្ដា​គ្រួសារ​ដែល​មាន​ចំណូល​ទាបទាំង​អស់​​ក្នុង​ប្រទេស​នេះ ដើម្បី​កាត់​បន្ថយផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ ដែល​កើត​ឡើង​ដោយ​សារ​វីរុស​​ COVID-19។

    ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក Moon Jae-in កាល​ពី​ថ្ងៃទី​29​មីនា​កន្លង​ទៅ​ បាន​ប្រកាស​ថា​ នឹង​ពិភាក្សា​លម្អិត​ទៅ​លើ​ជំនួយ​ហិរញ្ញ​វត្ថុ​ដែល​នឹង​ផ្ដល់​ជូន​ដល់​គ្រួសារ​មាន​ចំណូល​ទាប​ប្រមាណ​ជា​10​លាន​គ្រួសារ​ ដែល​ជា​ផ្នែក​មួ​យ​នៃ​វិធាន​ការ​បន្ទាន់​​សម្រាប់​ទប់​ទល់​នឹង​វិបត្តិ​នានា​ដែល​កើតឡើង​ដោយសារ​វិបត្ត​សុខ​ភាព​​ COVID-19នេះ​។ យោង​តាម​គម្រោង​ គ្រួសារ​មួយ​ដែល​មាន​សមាជិក​4នាក់ និង​មាន​ប្រាក់​ចំណូល​ក្រោម​មធ្យម​ នឹង​អាច​​ទទួល​បាន​ប្រាក់​ជំនួយ​មួយ​លើក​ ប្រហែលជា​1​លាន​វ៉ុន(820​ដុល្លារ​អាមេរិក)។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួង​ហិរញ្ញវត្ថុ និង​សេដ្ឋ​កិច្ច​កូរ៉េខាង​ត្បូង​។

    ប្រាក់​ចំណូល​មធ្យម​នៅ​កូរ៉េខាង​ត្បូង​នា​បច្ចុប្បន្ន​ គឺ​ 3.75​លាន​វ៉ុន​ (3,058​ដុល្លារអាមេរិក) ចំពោះ​​គ្រួសារ​​ដែល​មាន​សមាជិក​4​នាក់​ និង​2.99​លាន​វ៉ុន (2,365​ដុល្លារ​អាមេរិក) ចំពោះ​​​គ្រួសារ​1​ដែល​មាន​សមាជិក​2នាក់ និង​5.63​លាន​វ៉ុន (4,592​ដុល្លារ) ចំពោះ​​​គ្រួ​សារ​តែ​មាន​សមាជិក​5​នាក់​។ ដូច្នេះ គ្រួសារ​ដែល​មាន​សមាជិក​ក្រោម​4​នាក់ អាច​នឹង​ទទួល​បាន​ជំនួយ​ក្រោម​820​ដុល្លារ​អាមេរិក​។

    កញ្ចប់​ថវិកា​ជំនួយ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 6លាន​លាន​វ៉ុន (ជិត​5​ពាន់​លាន​ដុល្លារ​អាមេរិក)នេះ តាម​គម្រោង​នឹង​ត្រូវ​បាន​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​សង្គ្រោះ​បន្ទាន់​ នៅក្នុង​សប្ដាហ៍​នេះ ដែល​មាន​ប្រធានាធិបតី​ Moon Jae-in ជា​អធិបតី​។

    សេចក្ដី​ប្រកាស​ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គ្រា​ដែល​កូរ៉េខាងត្បូង​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគCOVID-19​ថ្មី​105​ករណី​ រួម​នឹង​អ្នក​ស្លាប់​8ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​​នៅ​ប្រទេស​នេះ ឡើង​ដល់​​​​ 9,661 ករណី និង​ស្លាប់​158​ករណី​។ ចំនួន​អ្នក​​ឆ្លង​មេរោគ​ថ្មី​​ជា​រៀង​រាល់​ថ្ងៃ​នៅ​ប្រទេស​នេះ ជា​មធ្យម​មាន​ចំនួន​100​ករណី​ ប៉ុន្តែ​អាជ្ញាធរ​កូរ៉េខាង​ត្បូង​នៅ​តែ​បន្ត​រឹត​បន្តឹង​ខ្លាំង​ទៅ​លើ​តំបន់​ព្រំដែន​ ព្រោះ​ថា​ ករណី​ឆ្លង​វីរុសCOVID-19​ “នាំ​ចូល​” ពី​ខាង​ក្រៅ​ បាន​កើន​ឡើងច្រើន​​ជាង​មុន​។ យ៉ាង​ហោច​ណាស់​មាន​13​នាក់​ក្នុង​ចំណោមករណី​​ឆ្លង​ថ្មី​បំផុត​នៅ​ប្រទេស​នេះ គឺ​ជា​អ្នក​ទេស​ចរ​បរទេស​។​ នេះ​បើ​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់ស្កាត់​ជំងឺ Korea Centers for Disease Control and Prevention ​(KCDC) របស់​កូរ៉េ​ខាង​ត្បូង​។

    កូរ៉េខាង​ត្បូង​ កាល​ពី​ថ្ងៃទី​29មីនា បាន​ប្រកាស​ថា ចាប់​​ពី​ថ្ងៃទី​1​មេសាខាង​មុខនេះ​ រាល់​ទេសចរ​បរទេស​ដែល​មក​កាន់​ប្រទេសនេះ​ នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​2សប្ដាហ៍​​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ជិត​200​ ក្នុង​ពិភពលោក បន្ទាប់ពី​បាន​រាល​ដាល​នៅ​ប្រទេស​ចិន​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 បណ្ដាល​ឱ្យ​មាន​មនុស្ស​ 723,740នាក់ត្រូវ​កើត​រោគ​ ក្នុង​នោះ​មាន​34,018​នាក់​បាន​បាត់​បង់ជីវិត​ និង​152,042​បាន​ជា​សះស្បើយ​។

    ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋ​កិច្ច​ ជឿ​ថា ឥទ្ធិពល​ដែល​ COVID-19 បង្កឡើង​ទៅ​លើ​សេដ្ឋ​កិច្ច​ពិភពលោក អាចធំជាង​ “មហា​វិបត្តិ​” សេដ្ឋ​កិច្ច​ (The Great Depression) ក្នុង​ទសវត្សរ៍​ឆ្នាំ​1930​ទៅ​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​សារ​ព័ត៌មាន​ Yonhap និង​ Guardian៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស