អាជ្ញាធរទីក្រុងហុងកុងថ្មីៗនេះ បានជម្លៀសពលរដ្ឋជាង100នាក់ ចេញពីអគារស្នាក់នៅ Hong Mei House នៅក្នុងតំបន់ Tsing Yi កាលពីថ្ងៃទី11 ខែកុម្ភៈ បន្ទាប់ពីស្ត្រីវ័យ62ឆ្នាំម្នាក់ បានក្លាយជាមនុស្សទីពីរក្នុងអគារ ឆ្លងមេរោគកូរ៉ូណា។ អ្នកជំងឺនេះ ស្នាក់នៅលើជាន់ទី3 ដែលមានចម្ងាយពីអ្នកជំងឺដំបូងរហូតដល់10ជាន់ ធ្វើឱ្យមានការព្រួយបារម្ភថា មេរោគនេះអាចឆ្លងតាមបំពង់លូក្នុងអគារ។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានរកឃើញបំពង់លូមួយដែលបានធ្លាយ នៅក្នុងបន្ទប់របស់អ្នកជំងឺទី2នេះផងដែរ។
ក្រុមមន្ត្រីសុខាភិបាលកំពុងស្រាវជ្រាវរកមូលហេតុដែលនាំឱ្យមានការឆ្លងរវាងអ្នកជំងឺទី1 និងអ្នកជំងឺទី2 ដែលនៅក្នុងអគារ Hong Mei House នេះ។ អង្គការសុខភាពពិភពលោក WHO ធ្លាប់បានឱ្យដឹងថា កាលពីឆ្នាំ2003 អ្នកវិទ្យាសាស្ត្រក៏បានរកឃើញមានករណីឆ្លងមេរោគ SARS តាមរយៈបំពង់លូខូច នៅក្នុងអគារ Amoy Gardens នៅក្រុងហុងកុងផងដែរ។