Tag: មូលបត្រ

  • ក្រុម​ហ៊ុន​មេ​របស់ Google មាន​តម្លៃ​ពីរ​លាន​លាន​ដុល្លារ​ ព្រោះ​ប្រាក់​ចំណូល​កើន​ឡើង​ខ្ពស់

    ក្រុម​ហ៊ុន​មេ​របស់ Google មាន​តម្លៃ​ពីរ​លាន​លាន​ដុល្លារ​ ព្រោះ​ប្រាក់​ចំណូល​កើន​ឡើង​ខ្ពស់

    កាល​ពី​ថ្ងៃទី 25 មេសា Alphabet ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Google បាន​ប្រកាស​ឯកសារ​ បង្ហាញ​ថា​ ប្រាក់​ចំណូល​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 កើន 15%​។ Alphabet ក៏​បាន​ប្រកាស​អំពី​ការ​ចែក​ភាគ​លាភ​ដំបូង​ផងដែរ​។

    ជាក់​ស្ដែង ប្រាក់​ចំណូល​របស់​ Alphabet បាន​កើន​ដល់ 80.5ពាន់​លាន​ដុល្លារ​ ពី​ 69.8​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។

    មូលបត្រ Alphabet កើន​រហូត​ដល់ 13% នៅ​ក្នុង​ការ​ជួញដូរ​ក្រៅ​ម៉ោង​ធ្វើ​ការ​ ជួយ​ឱ្យ​ក្រុម​ហ៊ុន​រក​ចំណូល​បន្ថែមបាន​​ជាង 250ពាន់​លាន​ដុល្លារ​ នាំ​ឱ្យ​តម្លៃ​មូលធន​ទីផ្សារ​កើន​ដល់​ជាង​ពីរ​លាន​លាន​ (2,000,000,000,000) ដុល្លារ​។ លទ្ធផល​នេះ​ក៏​ជួយ​ឱ្យ​ Alphabet មាន​ឈ្មោះ​ក្នុង​បញ្ជីកំពូល​​ក្រុម​ហ៊ុន​ដែល​រួម​មាន​ Microsoft, Apple និង Nvidia ផងដែរ​។

  • Taylor Swift ក្លាយ​ជា​មហាសេដ្ឋិនី​ថ្មី​ និង​ល្បី​ឈ្មោះ​ជាង​គេ​​ក្នុង​​ឆ្នាំ​នេះ

    Taylor Swift ក្លាយ​ជា​មហាសេដ្ឋិនី​ថ្មី​ និង​ល្បី​ឈ្មោះ​ជាង​គេ​​ក្នុង​​ឆ្នាំ​នេះ

    តារា​ចម្រៀង​ Taylor Swift មាន​ឈ្មោះ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​របស់ Forbes សម្រាប់​​ឆ្នាំ​ 2024 នេះ​។

    កាល​ពី​ថ្ងៃទី 2 មេសា ទស្សនាវដ្ដី Forbes បាន​ប្រកាស​បញ្ជី​ឈ្មោះ​ស្ដី​ពី​ក្រុម​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​ សម្រាប់​​ឆ្នាំ 2024​។ Forbes ឱ្យ​ដឹង​ថា ពិភពលោក​បច្ចុប្បន្ន​មាន​មហាសេដ្ឋី​ថ្មី​ចំនួន 265 នាក់​បន្ថែម​ទៀត​ ដោយ​សារ​ទីផ្សារ​មូលបត្រ​កាល​ពី​ឆ្នាំ​កន្លង​។ ពួក​គេ​មក​ពី​ប្រទេស​ចំនួន 32 និង​មាន​ទ្រព្យ​សរុប​ 510 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    មហា​សេដ្ឋិនី​ដែល​ល្បី​ឈ្មោះ​ជាង​គេ​ក្នុង​ឆ្នាំ​នេះ គឺ​តារា​ចម្រៀង​ស្រី​អាម៉េរិក Taylor Swift។ ដំណើរ​សម្ដែង​ជុំវិញ​ពិភពលោក​ Eras Tour របស់​នាង​ បាន​ក្លាយ​ជា​ដំណើរ​សម្ដែង​ដំបូង​លើ​ពិភពលោក ​ដែល​រក​ចំណូល​បាន​ 1,000 លាន​ដុល្លារ​។

    បច្ចុប្បន្ន Taylor Swift មាន​ទ្រព្យ​ប្រមាណ 1.1 ពាន់​លាន​ដុល្លារ​​អាម៉េរិក។ Swift ក៏​ជា​អ្នក​ចម្រៀង​ដំបូង​គេ​ដែល​រក​បាន​ទ្រព្យ​ពាន់​លាន​ដុល្លារ ​ដោយ​សារ​តែ​ការ​និពន្ធ​ និង​ការ​សម្ដែង​។

  • Tesla ដណ្ដើមបាន​តំណែង​លេខ​មួយ​ពី​ BYD មកវិញ​ហើយ

    Tesla ដណ្ដើមបាន​តំណែង​លេខ​មួយ​ពី​ BYD មកវិញ​ហើយ

    របាយការណ៍​របស់ BYD ឱ្យ​ដឹង​ថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​ក្រុម​ហ៊ុន​នេះ​បាន​លក់​ចេញ​នៅ​ក្នុង​ត្រីមាស​ដំបូង​របស់​ឆ្នាំ 2024 បាន​ថយ​ចុះ​ 43% បើធៀប​នឹង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ​ 2023​ ដែល​ប្រការ​នេះ​បង្ហាញ​ថា​ BYD នឹង​ប្រគល់​ «តំណែង» លេខមួយ​ស្ដី​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​លក់​រថយន្ត​បាន​ច្រើន​ជាង​គេ​លើ​ពិភពលោក​ ទៅ​ឱ្យក្រុម​ហ៊ុន​អាម៉េរិក​ Tesla វិញ បន្ទាប់​ពី​ក្រុម​ហ៊ុន​ចិន​ដណ្ដើម​បាន​កាល​ពី​ឆ្នាំ​កន្លង​។

    យោង​តាម​ឯកសារ​ដែល​បាន​បញ្ជូន​ឡើង​ទៅ​កាន់​មន្ទីរ​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ Shenzhen កាល​ពី​ល្ងាច​ថ្ងៃ​ទី 1 មីនា BYD ឱ្យ​ដឹង​ថា ពួក​គេ​លក់​រថយន្ត​អគ្គិសនី​បាន​ជាង 300,000 គ្រឿង​នៅក្នុង​ត្រីមាស​ដំបូង​ ពោល​គឺ​ថយ​ចុះ 43% បើធៀប​នឹងបី​ខែ​មុន​នោះ​។ ប្រាក់​ចំណូល​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 បាន​កើន​ 13.4% ធៀប​នឹង​ឆ្នាំ​មុន​។

    ក៏ប៉ុន្តែ ការ​ថយ​ចុះ​ប្រចាំ​ខែ​​របស់ BYD អាច​មាន​ន័យ​ថា Tesla នឹង​ដណ្ដើម​បាន​មក​វិញ​នូវ​តំណែង​លេខមួយ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ ដោយ​យោង​ទៅ​តាម​ការ​ព្យាករ​អំពី​ចំនួន​រថយន្ត​ដែល​នឹង​ត្រូវ​បាន​លក់​ចេញ​ (ជាង 458,000 គ្រឿង ក្នុង​ត្រីមាស​ទីមួយ​ ដោយគិត​ត្រឹម​ថ្ងៃទី 31 មីនា​។ តាម​គម្រោង Tesla នឹង​បញ្ចេញ​របាយការណ៍​លក់​សម្រាប់​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 នៅ​ថ្ងៃ​ស្អែក (3 មេសា)។

  • ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

    ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

    ភាគហ៊ុន​របស់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ និង​អឺរ៉ុប ត្រូវ​ដាំក្បាល​ចុះ ក្រោយ​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក​ Tesla បន្ត​ទម្លាក់​តម្លៃ​រថយន្ត​នៅ​ក្នុង​ទីផ្សារ​ទាំង​នេះ​។

    នៅ​លើ​ផ្សារ​មូលបត្រ​ហុងកុង ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ NIO (ចិន) នា​ថ្ងៃ​នេះ​ បាន​ធ្លាក់​ចុះ​ 9.6%​ ធ្វើ​ឱ្យ​ភាគហ៊ុន​នេះ​បាត់​បង់សរុប​​ 33% រាប់​ចាប់​ពី​ដើម​ឆ្នាំ 2024​ គ្រា​ដែល​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិនមួយ​ផ្សេង​ទៀត​ គឺ XPeng ក៏​បាត់​បង់ 9.9% និង​ Zhejiang Leapmotor Technology ថយ​ចុះ​ 5.1%​។

    នៅ​ទ្វី​ប​អឺរ៉ុប​វិញ ភាគហ៊ុន Volkswagen កាល​ពី​ល្ងាច​នេះ​ក៏​ថយ​ចុះ 2.1%​ ក្នុង​ពេល​ Stellantis និង Mercedes-Benz ក៏​បាន​បាត់​បង់​ជាង 1%​ ខណៈ​ Renault និង BMW ថយ​ចុះ​ជាង 2%​។

    យោង​តាម​អ្នក​វិភាគ​មក​ពី​ក្រុម​ហ៊ុន Daiwa Capital Markets ការ​បញ្ចុះ​តម្លៃ​រថយន្ត​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុម​ហ៊ុន​អាម៉េរិក​ Tesla បាន​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​រួម​របស់​វិស័យ​ផលិត​រថយន្ត​។ សម្ពាធ​នៃ​ការ​បញ្ចុះ​តម្លៃ​ បូក​រួម​នឹង​លទ្ធផល​នៃ​ការ​លក់​រថយន្ត​ក្នុង​ខែមករា​របស់​បណ្ដា​ក្រុម​ហ៊ុន​ចិន​ មិន​បាន​ដូច​បំណង បាន​នាំ​ឱ្យ​មាន​រលក​នៃ​ការ​លក់ចោល​​ភាគ​ហ៊ុន​នៅ​ក្នុង​វិស័យ​នេះ​៕

  • ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

    ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

    ក្រោយ​ពី​មាន​ព័ត៌មាន​ស្ដីពីអនុ​ប្រធានក្រុម​ហ៊ុន​ត្រូវ​បាន​ចាប់​ខ្លួន ភាគហ៊ុន​ China Evergrande New Energy Vehicle Group ក៏​ដាំ​ក្បាល​ចុះ​នៅ​ក្នុង​ការ​ជួញ​ដូរ​នា​ថ្ងៃទី 08 មករា​នេះ​។

    បន្ទាប់​ពី​បើក​ការ​ជួញដូរ​សម្រាប់​ថ្ងៃទី 08 មករា ភាគ​ហ៊ុន China Evergrande New Energy Vehicle Group (Evergrande NEW) ដែល​ចុះ​ឈ្មោះ​នៅ​ផ្សារ​ហ៊ុន​ហុងកុង​ បាន​ធ្លាក់​ថ្លៃ​រហូរ​ដល់ 23%​។ បច្ចុប្បន្ន ភាគ​រយ​នេះ​បានកាត់​បន្ថយ​គម្លាត​​ចុះ​មក​នៅ​ 8.4%​។

    ភាគហ៊ុន​នេះ​ដាំ​ក្បាល​ចុះ​ បន្ទាប់​ពី Evergrande NEV បាន​ជូន​ដំណឹង​ទៅ​កាន់​ស្ថាប័ន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ហុង​កុង​ថា អនុប្រធាន​ Liu Yongzhuo ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​លើ «ទង្វើ​ដែល​សង្ស័យ​ថា ជា​ការ​បំពាន​ច្បាប់​»​។

    គ្រាន់​តែ​ក្នុង​សប្ដាហ៍​​ដំបូង​របស់​ឆ្នាំ​នេះ ភាគ​ហ៊ុន Evergrande NEV បាន​ដាំក្បាល​ចុះ 18.6% ក្រោយ​ពី​បាន​ប្រកាស​​លុប​ចោល​គម្រោង​លក់​ភាគ​ហ៊ុន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​រថយន្ត Dubai NWTN ដែល​បច្ចុប្បន្ន​បាន​ចុះ​ឈ្មោះបញ្ជី​នៅ​ផ្សារ​ហ៊ុន​អាម៉េរិក​។

  • កត្តា​ជា​ច្រើន​ដែល​នាំ​ឱ្យ​គេ​សង្ឃឹម​ថា សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ 2024 នឹង​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន

    កត្តា​ជា​ច្រើន​ដែល​នាំ​ឱ្យ​គេ​សង្ឃឹម​ថា សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ 2024 នឹង​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន

    សន្ទស្សន៍​ភ្ញាក់ផ្អើលសេដ្ឋកិច្ចសកលរបស់ Citigroup បង្ហាញ​ថា ទិន្នន័យ​ជាក់​ស្ដែង​នានា​ក្នុង​ឆ្នាំ 2023 សុទ្ធ​តែ​ខ្ពស់ជាង​ការ​ព្យាករ ហើយ​នេះ​គឺជា​មូលហេតុ​ដែល​គ្រប់​គ្នាមាន​សុទិដ្ឋិនិយម​ចំពោះ​សេដ្ឋកិច្ច​របស់​ឆ្នាំ 2024​។

    ​ទំព័រ Financial Times ថ្មី​ៗ​នេះ​បាន​ចេញ​ផ្សាយ​ថា 2023 គឺជា​ឆ្នាំ​ដ៏​ប្រសើរ​មួយ​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក នៅ​ពេល​សន្ទស្សន៍​ភ្ញាក់ផ្អើលសេដ្ឋកិច្ចសកលរបស់ Citigroup (Global’s Global Citigroup Economic Surprise Index) បង្ហាញ​ថា ទិន្នន័យ​ជាក់​ស្ដែង​នានា​ក្នុង​ឆ្នាំ 2023 សុទ្ធ​តែ​ខ្ពស់ជាង​ការ​ព្យាករ។

    និន្នាការ​សេដ្ឋកិច្ច​ខាងលើ​នេះ​ក៏​ស្ដែង​ឱ្យ​ឃើញ​នូវ​មូលហេតុ​ជា​ច្រើន​ដែល​គ្រប់​គ្នា​អាច​ជឿ​ជាក់​បាន​ចំពោះ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024​។ ខាង​ក្រោម​នេះ​គឺជា​កត្តា​មួយ​ចំនួន​ដែល​អាច​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024 ល្អ​ប្រសើរ​ជាង​ឆ្នាំ 2023​៖

    ទីមួយ​៖ សេដ្ឋកិច្ច​ពិភពលោក​បាន​បង្ហាញ​នូវ​លទ្ធភាព​ងើប​ឡើង​វិញ​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​។ យោង​តាម​សន្ទស្សន៍​សកល​របស់ Fitch Ratings នៅ​ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ 2023​ ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ពិភព​លោក គឺ​ខ្ពស់​ជាង​ 9% បើធៀប​នឹង​ដំណាក់​កាល​មុន​វិបត្តិសុខភាព​សកល​។

    ទីពីរ​៖ អតិផរណា​កំពុង​ថយ​ចុះ​លឿន​។ អតិផរណា​របស់​ពិភពលោក​ស្ថិត​នៅក្នុង​កម្រិត 8.9% កាល​ពី​ឆ្នាំ​ 2022 ហើយ​គ្រោង​នឹង​ថយ​ចុះ​ 5.1% នៅ​ចុង​ឆ្នាំ 2024​។

    ទីបី​៖ ការ​ព្រួយ​បារម្ភ​អំពី​វដ្ដ​នៃ​គោលនយោបាយ​រូបិយវត្ថុ​បែប​ «ភ្នំ​តុ (Table Mountain)» ដែល​ការ​ប្រាក់​ត្រូវ​បាន​ដំឡើង​ខ្ពស់​ខ្លាំង​ និង​រក្សាកម្រិត​កំពូល​​ក្នុង​រយៈ​ពេល​យូរ បាន​ថយ​ចុះ​។

    ទីបួន​៖ ការ​ផ្ទុះ​ឡើង​របស់​ទីផ្សារ​ហិរញ្ញវត្ថុ​។ សន្ទស្សន៍​លំដាប់​កំពូល​នានា​របស់ Wall Street ភាគ​ច្រើន​ជិត​ស្មើ ឬ​លើស​ពី​កម្រិត​ខ្ពស់បំផុត​ក្នុង​ខែ​ធ្នូ ឆ្នាំ​ 2023​។ ទីផ្សារ​មូលបត្រ​បំណុល​ក៏​បញ្ចប់​ឆ្នាំ​ចាស់​ប្រកប​ដោយ​ភាព​ខ្លាំង​ក្លា​។

    ចុង​ក្រោយ​៖ ឆ្នាំ​ 2023 គឺជា​ឆ្នាំ​ល្អ​ចំពោះ​វិស័យ​បច្ចេក​វិទ្យា​ ដូច​ទៅ​នឹង​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​បាន​រំពឹង​ទុក​៕

  • ហេតុអ្វី​សហរដ្ឋ​អាម៉េរិក ​គេច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច?

    ហេតុអ្វី​សហរដ្ឋ​អាម៉េរិក ​គេច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច?

    ការព្យាករ​ជាច្រើន​បាន​បង្ហាញ​ថា សហរដ្ឋ​អាម៉េរិក អាច​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ 2023 ប៉ុន្តែ​ពេល​នេះ ស្ថានការណ៍​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង​។

    រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ Wall Street តែង​តែ​យល់​ថា សេដ្ឋកិច្ចអាម៉េរិក​នឹង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ មុន​ពេល​រដូវ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​មក​ដល់​នៅ​ចុង​ឆ្នាំ 2024​។ ក្នុង​ដំណាក់​កាល​នោះដែរ ក៏​មាន​សេដ្ឋវិទូ​ជា​ច្រើន​​បាន​ព្យាករ​ថា អាម៉េរិក​ជិត​ជួប​វិបត្តិ​សេដ្ឋកិច្ច​។

    ក៏ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក ពួក​គេ​បាន​ផ្លាស់​ប្ដូរ​យោបល់​។ ថ្វី​បើ​ពុំ​មាន​អ្វី​ជា​រឿង​ប្រាកដ​ ប៉ុន្តែ​លទ្ធភាព​ដែល​ សហរដ្ឋ​អាម៉េរិក ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​រយៈ​ពេល​ខ្លី កំពុង​តែ​ថយ​ចុះ​បន្តិច​ម្ដងៗ​។

    ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​ សហរដ្ឋ​អាម៉េរិក​​ គេច​ផុត​ពី​វិបត្តិសេដ្ឋកិច្ច​?

    ក្នុង​ 20 ខែ​កន្លង ធនាគារ​កណ្ដាល​អាម៉េរិក (Fed) បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​គ្រប់គ្រង​សេដ្ឋកិច្ច​អាម៉េរិក ក្នុង​បំណង​កាត់បន្ថយ​អតិផរណា​។ ពួក​គេ​យល់​ច្បាស់​ថា ប្រការ​នេះ​អាច​ធ្វើ​ឱ្យ​មនុស្ស​រាប់លាន​នាក់​បាត់​បង់​ការ​ងារ​។

    ក្នុង​អំឡុង​ពេល​នោះ Fed បាន​ដំឡើង​ការ​ប្រាក់​ 11 លើក​។ ប៉ុន្តែ Fed មិន​បាន​ដំឡើង​ការ​ប្រាក់​លឿន​ និង​ខ្លាំង​ដូច​កាល​ពី​ 40 ឆ្នាំ​មុន​។ កាល​ពី​ទសវត្សរ៍​ឆ្នាំ 1980 Fed បាន​ដំឡើង​ការ​ប្រាក់​យ៉ាង​ខ្ពស់​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ក្នុង​វិបត្តិ​អាក្រក់​បំផុត​នៅ​ក្នុង​អំឡុង 50 ឆ្នាំ​។

    Fed ក៏​បាន​លក់​ចោល​មូលបត្រ​បំណុល​រាប់​ទ្រីលាន​ដុល្លារ​អាម៉េរិក​ ដែល​បាន​ទិញ​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មុន​នោះ​។ ទង្វើ​នេះ​បាន​កាត់បន្ថយ​តម្រូវ​ការ​មូលបត្រ​បំណុល​របស់​រដ្ឋាភិបាល​ នាំ​ឱ្យ​អត្រា​ការ​ប្រាក់​កើន​ឡើង​ខ្ពស់​។ អត្រាការប្រាក់​នៃ​កម្ចី​ប្រើ​ប្រាស់ កម្ចី​ទិញ​ផ្ទះ បណ្ណ​ឥណទានជា​ដើម ក៏​ត្រូវ​បាន​អូស​ឡើង​ទៅ​តាម​ ធ្វើ​ឱ្យ​ទីផ្សារ​អចលន​ទ្រព្យ​អាម៉េរិក​ធ្លាក់​ចុះ​។

    ទោះ​យ៉ាង​នេះ​ក៏ដោយ ក្រោយ​ពី​អនុវត្ត​គោល​នយោបាយ​គ្រប់​គ្រង​សេដ្ឋកិច្ច​បាន​ពីរ​ឆ្នាំ Fed ក៏​ធ្វើ​បាន​សម្រេច​នូវ​អ្វី​ដែល​គ្រប់​គ្នា​គិត​ថា​មិន​អាចទៅ​រួច​ នោះ​គឺ​ការ​គ្រប់​គ្រង​អតិផរណាបាន​​ ដោយ​មិន​រុញ​សេដ្ឋកិច្ច​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​ បើ​ទោះ​មិន​អាច​បំពេញ​ចិត្ត​មនុស្ស​​គ្រប់​រូប​បាន​ក៏​ដោយ​៕

  • តម្លៃប្រេងឆៅ និង​មាស​រង​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ពី​សង្គ្រាម​ហាម៉ាស – អ៊ីស្រាអែល

    តម្លៃប្រេងឆៅ និង​មាស​រង​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ពី​សង្គ្រាម​ហាម៉ាស – អ៊ីស្រាអែល

    សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស​ ​ជា​កងកម្លាំង​ប្រដាប់​អាវុធ​កំពុង​កាន់​កាប់​តំបន់​ហ្គាហ្សា​ ដែល​បាន​ផ្ទុះ​ឡើង​ កំពុង​តែ​ជា​កត្តា​សំខាន់​​គាំទ្រ​ដល់​តម្លៃ​ប្រេង​ឆៅ និង​មាស​ ព្រោះ​ថា នេះ​ជា​ទ្រព្យ​សុវត្ថិភាព​សម្រាប់​អ្នក​វិនិយោគ​ នៅ​ពេល​តម្លៃ​ភាគ​ហ៊ុន​ មូលបត្រ​បំណុល​​តែង​តែ​ប្រែ​ប្រួល​ជាអវិជ្ជមាន​ដោយ​សារ​ឥទ្ធិពល​នៃ​ភូមិ​សាស្ត្រ​នយោបាយ​។

    នៅ​ទ្វីប​អាស៊ី ក្នុង​ការ​ជួញ​ដូរ​នា​ព្រឹក​ថ្ងៃទី 09 តុលា 2023 តម្លៃ​ប្រេងឆៅ​ Brent បាន​កើន​ 4.7% ឡើងដល់ 86.65 ដុល្លារ​អាម៉េរិក​/ធុង​បារ៉ែល​ គ្រា​ដែល​តម្លៃ​ប្រេងឆៅ WTI ក៏​កើន​ 4.5% ឡើង​ដល់​ 88.39 ដុល្លារ​/ធុង​។

    ក្រុមអ្នក​វិភាគ​របស់​ធនាគារ​ ANZ Bank អះអាង​ថា ហានិភ័យ​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​កើន​ឡើង​នៅ​មជ្ឈិម​បូព៌ា​នឹង​គាំទ្រ​ដល់​តម្លៃ​ប្រេង​ឆៅ ដោយ​វា​នឹង​ប្រែ​ប្រួល​ខ្លាំង​ជាង​នេះ​ក្នុង​ពេលដ៏ខ្លី​ខាង​មុខ​។ ចំណែក​ធនាគារ​ CBA របស់​អូស្ត្រាលី​វិញ យល់​ថា កត្តា​នានា​ដែល​បាន​ និង​កំពុង​កើត​ឡើង​នឹង​អាច​រុញ​តម្លៃ​ប្រេងឆៅ Brent អនាគត​​ ឡើង​លើស​ពី 100 ដុល្លារ​/ធុង​ ក្នុង​រយៈ​ពេល​ខ្លី​។

    រីឯ​មាស​វិញ តម្រូវ​ការ​របស់​ពិភព​លោក​បាន​ចាប់​ផ្ដើម​កើន​ឡើង​ ធ្វើ​ឱ្យ​តម្លៃ​របស់​លោហធាតុ​នេះ​កើន 0.8%​ ឡើង​ដល់ 1,848 ដុល្លារ​/អោន​ ដែល​មួយ​អោន​ (ounce) ​ស្មើ​នឹង 8.29426 ជី​។​

    ក្រុម​អ្នក​ជំនាញ​អះអាង​ថា ហេតុ​ដែល​នាំ​ឱ្យ​តម្លៃ​មាស​កើន​ឡើង​បើទោះ​មូលបត្របំណុល និង​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក​ឡើង​ថ្លៃ​ ក៏​ព្រោះ​តែ​សង្គ្រាម​​អ៊ីស្រាអែល – ហាម៉ាស​ (ប៉ាលេស្ទីន) ដែល​បាន​ផ្ទុះ​ឡើង​កាលពីថ្ងៃទី 07 តុលា​កន្លង​ទៅ​។ ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​​នឹង​ជះឥទ្ធិពល​ដល់​​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក ដោយ​សារ​ថា ​ប្រភព​ផ្គត់​ផ្គង់ទំនិញ​​ជា​ច្រើន​​ត្រូវ​អាក់ខាន​៕

  • រថយន្តអគ្គិសនី​ជាង​ពីរ​លាន​គ្រឿង​របស់​ BYD ត្រូវ​បាន​លក់​ចេញ​ក្នុង​ឆ្នាំ​នេះ

    រថយន្តអគ្គិសនី​ជាង​ពីរ​លាន​គ្រឿង​របស់​ BYD ត្រូវ​បាន​លក់​ចេញ​ក្នុង​ឆ្នាំ​នេះ

    ក្នុង 9 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ក្រុម​ហ៊ុន​ចិន​ BYD បាន​លក់​រថយន្ត​អគ្គិសនី​ចំនួន 2,079,638 គ្រឿង​ ក្នុង​នោះ រថយន្ត EV និង​ PHEV សុទ្ធ​តែ​លើស​ពី​មួយ​លាន​គ្រឿង​។

    បរិមាណ​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​របស់​ BYD បាន​បង្កើត​​កំណត់​ត្រា​កាល​ពី​ខែ​កញ្ញា នាំ​ឱ្យ​តួលេខ​រថយន្ត​សរុប​ដែល​ត្រូវ​បាន​លក់​ចេញ​គិត​មក​ដល់​បច្ចុប្បន្ន​កើន​ឡើង​ដល់​ជាង​ពីរ​លាន​គ្រឿង​ ជិត​សម្រេច​គោល​ដៅ​បី​លាន​គ្រឿង​ដែល​ក្រុម​ហ៊ុន​នេះ​បាន​កំណត់​។

    BYD ក៏​រក​បាន​ចំណូល​ច្រើន​មិន​ធ្លាប់​មាន​នៅ​ក្នុង​ទីផ្សារ​បរទេស​ ក្នុង​ខែ​កញ្ញា​ 2023​ បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​បាន​ចាប់​ផ្ដើម​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រអន្តរភាវូបនីយកម្ម​​ផលិត​ផល​របស់​ខ្លួន​។

    យោង​តាម​នាយកដ្ឋាន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ហុងកុង​ BYD លក់​រថយន្ត​អគ្គិសនី​បាន​ 287,454​ គ្រឿង​ក្នុង​ខែ​កញ្ញា​ 2023 កើន​ 42.83% ធៀប​នឹង​ខែ​កញ្ញា 2022 និង​កើន​ 4.76% ធៀប​នឹង​ខែ​សីហា​ 2023​។

    BYD បាន​ឈប់​ផលិត​ និង​លក់​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង​​ចាប់​ពី​ខែ​មីនា​ 2022 ដើម្បី​ផ្ដោត​ទៅ​លើ​ការ​ផលិត​រថយន្តអគ្គិសនី​ប្រភេទ PHEV និង EV។

    ក្នុង​ខែ​កញ្ញា 2023 ក្រុម​ហ៊ុន​ចិន​ BYD លក់​រថយន្ត​អគ្គិសនី​បាន​ 28,039 គ្រឿង​នៅ​ក្នុង​ទីផ្សារ​បរទេស​ កើន 12.05% បើ​ធៀប​​ 25,023 គ្រឿង​ក្នុង​ខែ​សីហា 2023​។​

    ក្នុង​អំឡុង​ពេល​ពី​ខែមករា ដល់​កញ្ញា 2023 BYD លក់​រថយន្ត​អគ្គិសនីបាន​ 2,079,639 គ្រឿង​ កើន 76.23% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​ ក្នុង​នោះ ទីផ្សារ​បរទេស​រួម​ចំណែក​ 145,520 គ្រឿង​ កើន​ជិត 18 ដង​ បើ​ធៀប​នឹង​ 9 ខែ​ដំបូង​នៃ​ឆ្នាំកន្លង។

  • ពេជ្រ​មិន​ទាន់​ច្នៃ​ធ្លាក់​ថ្លៃ​ខ្លាំង​ដោយ​សារ​តម្រូវ​ការ​ទាប​ក្រោយ​សម័យ​កូវីដ

    ពេជ្រ​មិន​ទាន់​ច្នៃ​ធ្លាក់​ថ្លៃ​ខ្លាំង​ដោយ​សារ​តម្រូវ​ការ​ទាប​ក្រោយ​សម័យ​កូវីដ

    យោង​តាម​សន្ទស្សន៍​ពេជ្រ​មិន​ទាន់​ច្នៃ​សកល​ Zimnisky តម្លៃ​ពេជ្រ​មិន​ទាន់​​ច្នៃ​បច្ចុប្បន្ន​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រង្វង់​មួយ​ឆ្នាំ​កន្លង​។

    តម្លៃ​ពេជ្រ​មិន​ទាន់​ច្នៃ​បាន​ដាំក្បាល​ចុះ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​បច្ចុប្បន្ន​ ព្រោះ​តែ​តម្រូវ​ការ​ប្រើប្រាស់​ពី​អតិថិជន​មាន​ការ​ធ្លាក់​ចុះ​ ក្រោយ​ពី​សម័យវិបត្តិ​កូវីដ-19​ ត្រូវ​បាន​បិទ​បញ្ចប់​។

    យោង​តាម​សន្ទស្សន៍​ពេជ្រ​មិន​ទាន់​ច្នៃ​សកល​ Paul Zimnisky Diamond Analytics តម្លៃ​ពេជ្រ​មិន​ច្នៃ​បច្ចុប្បន្ន​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រង្វង់​មួយ​ឆ្នាំ​កន្លង​។ ក្រុម​អ្នកវិភាគ​យល់​ថា មូលហេតុ​បណ្ដាល​មក​ពី​ការ​លក់​​រាយ​នៅ​តាម​បណ្ដា​ហាង​លក់​គ្រឿង​អលង្ការ​ បាន​ និង​កំពុង​ថយ​ចុះ​ខ្លាំង​។

    អ្នក​ជំនាញ​ Paul Zimnisky ឱ្យ​ដឹង​ថា បន្ទាប់​ពី​វិធានការ​រឹត​បន្តឹង​នានា​ដែល​ទាក់​ទង​នឹង​កូវីដ-19 ត្រូវ​បាន​ដក​ចេញ​ អ្នក​ប្រើ​ប្រាស់​ក៏​ចាប់​ផ្ដើម​មាន​ទំនោរ​ទៅ​រក​ការ​ចំណាយ​ទៅ​លើ​ទេសចរណ៍​ ការ​ហូប​ចុក​ និង​បទ​ពិសោធន៍​ជាក់​ស្ដែងនានា​​ ជំនួស​ឱ្យ​ការ​ទិញ​គ្រឿង​អលង្ការ​ថ្លៃ​ៗ​​​ដូច​មុន​។

    ការ​ធ្លាក់​ថ្លៃ​របស់​ពេជ្រ​មិន​ទាន់​ច្នៃ​បាន​កើត​ឡើង​ក្រោយ​ការ​ឡើង​ថ្លៃ​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​នៃ​សម័យ​កូវីដ​។

    ក៏ប៉ុន្តែ បើ​យោង​តាម​ក្រុម​អ្នក​វិភាគ​ ការ​ធ្លាក់​ថ្លៃ​របស់​ពេជ្រ​មិន​ទាន់​ច្នៃ​ មិន​មែន​មាន​ន័យ​ថា តម្លៃ​គ្រឿង​អលង្ការ​ធ្វើ​ពី​ពេជ្រ​នៅ​តាម​បណ្ដា​ហាង​ក៏​ត្រូវ​ធ្លាក់​ថ្លៃ​តាម​ដែរ​នោះឡើយ​។ ជា​ធម្មតា​ ក្នុង​រយៈ​ពេល​ខ្លី​​ ក្រុម​អ្នក​លក់​រាយ​​តែង​តែ​មិន​ផ្លាស់​ប្ដូរ​តម្លៃ​ផលិត​ផល​នេះ​ទៅ​តាម​ទីផ្សារ​របស់​ពេជ្រ​មិន​ទាន់​ច្នៃ​ ដើម្បី​​រក្សា​ខ្ទង់​ប្រាក់​ចំណេញ​។ បច្ចុប្បន្ន​ ​គ្រឿង​អលង្ការ​ធ្វើ​ពី​ពេជ្រ​ទម្ងន់​​មួយ​ការ៉ាត់​​នៅ​តាម​ហាង​នានា​ មាន​តម្លៃ​ខ្ពស់​ជាង​ 3% បើ​ធៀប​នឹង​តម្លៃ​របស់​វា​នៅ​ក្នុង​ខែ​មករា 2020​។

    ក្រុម​អ្នកវិភាគ​ព្យាករ​ថា ការ​លក់​គ្រឿង​អលង្ការ​ពេជ្រ​នឹង​កើន​ឡើង​ខ្ពស់​ខ្លាំង​នៅ​ក្នុង​រដូវ​បុណ្យ​ចុង​ឆ្នាំ​ 2023 និង​ដើម​ឆ្នាំ 2024​។ ដោយ​ឡែក​នៅ​សហរដ្ឋ​អាម៉េរិក ក្រុម​ហ៊ុន​ Zimnisky បាន​ព្យាករ​ថា ទីផ្សារ​មូលបត្រ​ និង​ទី​ផ្សារ​ការ​ងារ​ងើប​ឡើង​វិញ នឹង​ជំរុញ​ឱ្យ​ពេជ្រ​ឡើង​ថ្លៃ​ជា​ថ្មី​នៅ​ឆ្នាំ 2024​៕