Tag: មានគភ៌

  • អ្នកម្តាយមានគភ៌ ឈរ និងដើរយូរ ហុចផលអាក្រក់ដល់សុខភាព

    អ្នកម្តាយមានគភ៌ ឈរ និងដើរយូរ ហុចផលអាក្រក់ដល់សុខភាព

    អ្នកម្តាយមានគភ៌ចាប់ពី 20សប្តាហ៍ឡើងទៅ មិនគួរដើរ ឬឈរយូរៗឡើយ ព្រោះអាចហុចផលប៉ះពាល់ធ្វើឱ្យជើងហើមខ្លាំងឡើងបាន។ ថ្ងៃនេះ ឡារ៉ែន មានគន្លឹះល្អៗមកណែនាំអ្នកម្តាយមានគភ៌ បើកើតមានអាការចុករួយបាតជើងពេលអាយុគភ៌កាន់តែច្រើនឡើង និងឥរិយាបទហាត់ប្រាណ ការពារជង្គង់ចុះខ្សោយចំពោះអ្នកម្តាយមានគភ៌ មកជម្រាបជូន។

    ពេលមានគភ៌ ទាំងសេរីរាង្គ និងអ័រម៉ូនរបស់អ្នកម្តាយមានការប្រែប្រួល ការឈរ ឬដើរយូរៗលើស 30នាទី អាចនឹងហុចផលអាក្រក់ដល់សុខភាពអ្នកម្តាយបាន។

    បញ្ហា 4 យ៉ាង បើឈរ ឬ ដើរយូរ
    សន្លាក់ជង្គង់ចុះខ្សោយ៖ ជាមធ្យម ទម្ងន់ខ្លួនអ្នកម្តាយនឹងកើនឡើងក្នុងអំឡុងពេលតាំងគភ៌យ៉ាងតិច 11 – 15 គីឡូក្រាម ធ្វើឱ្យជង្គង់ត្រូវទទួលទ្រទម្ងន់ដែលចេះតែកើនឡើងរហូត 9 – 10 ខែនោះ និងថែមទាំងមានកិច្ចការងារត្រូវធ្វើទៀតផង។ រឹតតែអ្នកម្តាយដើរច្រើន ក៏នឹងរឹតតែធ្វើឱ្យទម្ងន់សង្កត់ចុះទៅលើជង្គង់ខ្លាំងឡើង ទើបអ្នកម្តាយច្រើនតែមានអាការឈឺសន្លាក់ជង្គង់ ស្រដៀងជង្គង់ចុះខ្សោយ ឬអាចនឹងកើតការចុះខ្សោយរបស់ជង្គង់មែនក៏អាចថាបានដែរ។

    វិធីកែខៃ
    – មិនគួរដើរច្រើន ឬ ដើរឡើងចុះជណ្តើរញឹកញាប់ទេ។
    – មិនគួរលើករបស់ធ្ងន់ៗ ឬ អង្គុយចោងហោងឡើយ។
    – គួរគ្រប់គ្រងទម្ងន់ឱ្យឡើងតាមដំណាក់កាលខណៈតាំងគភ៌ (មួយសប្តាហ៍ប្រមាណជា 0,5 គីឡូក្រាម) ព្រោះអាការឈឺនឹងខ្លាំងឡើងបើទម្ងន់ខ្លួនកើនឡើងខ្លាំងពេក។
    – ហាត់ប្រាណធ្វើឱ្យសាច់ដុំភ្លៅរឹងមាំដើម្បីទទួលទ្រទម្ងន់ខ្លួនជំនួសឆ្អឹងសន្លាក់ជង្គង់ដែលជាការការពារការកើតឆ្អឹងសន្លាក់ជង្គង់ចុះខ្សោយ ឬក្នុងករណីដែលកើតឡើងរួចហើយ ក៏នឹងជួយមិនឱ្យយ៉ាប់យ៉ឺនខ្លាំងជាងហ្នឹងទៀត និងបន្ថយអាការឈឺចាប់បាន។

    ឈាមស្ទះ ហើមជើង៖ អាយុគភ៌ 20 សប្តាហ៍ឡើងទៅ ស្បូននឹងតោងផ្អៀងទៅខាងស្តាំ ធ្វើឱ្យទៅសង្កត់លើសរសៃឈាមខ្មៅធំនៅក្នុងប្រឡោះត្រគាកដែលហូរនាំឈាមត្រឡប់ទៅបេះដូងវិញ និងចែកចាយឈាមល្អដើម្បីចិញ្ចឹមរាងកាយជាបន្ត នៅពេលត្រូវសង្កត់ជាប់ ការហូរវឹលរបស់ឈាមពីជើងផ្នែកខាងក្រោមត្រឡប់ទៅបេះដូងវិញធ្វើបានតិច ទើបធ្វើឱ្យឈាមស្ទះនៅនឹងជើង និងបាតជើង ធ្វើឱ្យកើតបញ្ហាជើង ឬបាតជើងហើមបានយ៉ាងងាយ ហើយបើអ្នកម្តាយរឹតតែឈរយូរៗ ឬដើរជាប់រហូតរយៈពេលយូរផងនោះ នឹងរឹតតែធ្វើឱ្យជើងហើមកាន់ខ្លាំងឡើង។

    វិធីកែបញ្ហា
    – ចៀសវាងការឈរយូរៗ ឬដើរជាប់រហូតរយៈពេលយូរ។
    – ចៀសវាងការអង្គុយសំយ៉ុងជើងយូរៗ គួរអង្គុយដាក់ជើងឱ្យខ្ពស់ ដូចជា ដាក់ជើងសណ្តូកលើកៅអី ជាដើម។
    – ខណៈពេលគេងលក់ គួរយកខ្នើយ ឬភួយមកដាក់ទ្រជើងឱ្យខ្ពស់ នឹងជួយឱ្យឈាមហូរវឹលបានល្អឡើង។
    – បើសិនមានអាការហើមជើង ហើយឈឺ ចូរត្រាំជើងក្នុងទឹកក្តៅឧណ្ហៗមុនពេលចូលគេង នឹងជួយកាត់បន្ថយអាការឈឺឱ្យ
    ថយចុះបាន។

    ឥរិយាបថហាត់ប្រាណ ការពារជង្គង់ចុះខ្សោយ
    1/ ឈរត្រង់ ដៃចាប់បង្អែកកៅអី ទម្លាក់ខ្លួនចុះឱ្យជង្គង់បញ្ជុចចុះបន្តិច ស្ថិតក្នុងឥរិយាបថបែបនោះដោយរាប់ 3 – 6 ហើយឈរត្រង់ឡើងវីញ រួចធ្វើដដែលៗ 3 – 6 ដង។
    2/ អង្គុយលើកៅអី សណ្តូកជើងម្ខាង និងប្រឹងប្រមាណ 10 វិនាទី ហើយបញ្ជុចជង្គង់ចុះ ហើយប្តូរទៅធ្វើជើងម្ខាងទៀត ធ្វើដដែលៗឱ្យបានច្រើនដង។

    សរសៃឈាមខ្វេរនៅនឹងជើង៖ គឺមានឈាមស្ទះនៅនឹងសរសៃឈាមខ្មៅ ធ្វើឱ្យសរសៃឈាមហើមប៉ោង អ្នកម្តាយអាចមានអាការរមាស់ ឬមានអារម្មណ៍ថារាងធ្ងន់ៗនៅនឹងជើង ដែលបណ្តាលមកពីស្បូនទៅសង្កត់ពីលើសរសៃឈាមខ្មៅធំក្នុងប្រឡោះឆ្អឹងត្រគាក និងបណ្តាលមកពីការប្រែប្រួលរបស់អ័រម៉ូនខណៈតាំងគភ៌ ធ្វើឱ្យពេលឈរ ឬអង្គុយសំយ៉ុងជើងយូរៗនឹងរឹតតែមានអាការនោះខ្លាំងឡើង។

    ក្រៅពីទម្ងន់ខ្លួនដែលកាន់តែកើនឡើងច្រើនហើយនោះ នៅលើអ្នកម្តាយដែលដើរច្រើន នឹងហុចផលឱ្យកជើង និងបាតជើងទ្រទម្ងន់ខ្លាំងឡើងដែរ ធ្វើឱ្យសរសៃប្រសាទត្រូវបានសង្កត់លើនៅម្តុំកជើង ទើបកើតអាការសរសៃបាតជើងរលាក ឈឺបាតជើងនៅពេលដើរ។

    វិធីកែបញ្ហា
    ចៀសវាងការឈរ ឬអង្គុយសំយ៉ុងជើងយូរៗ គួរក្រោកផ្លាស់ប្តូរឥរិយាបថរៀងរាល់ 30 នាទី ដាក់ក្រណាត់រឹត ( Support )នៅលើជើង កន្លែងដែលសរសៃឈាមខ្វេនោះ និងអ្វីដែលសំខាន់គឺ ចៀសវាងការពាក់ស្បែកជើងកែងចោត គួរពាក់ស្បែកជើងណាដែលពាក់ទៅស្រួល បាតរាប ក្រាស់ទន់ ការពាររអឹល និងទប់ទល់នឹងការពង្រីកខ្លួនរបស់ជើងបានល្អ។

    មិនមែនជារឿងពិបាកក្នុងការកាត់បន្ថយអាការឈឺចាប់ ឬការរលាកដែលកើតចេញពីការដើរក្នុងអំឡុងពេលតាំងគភ៌នោះឡើយ បើប្រតិបត្តិតាមវិធីខាងលើរហូតដល់ពេលក្រោយប្រសូត 3 ខែ នឹងជួយឱ្យរាងកាយឆាប់រឹងប៉ឹងឡើងវិញមិនខាន៕

  • ពេលមានគភ៌ តើត្រូវញ៉ាំអីដើម្បីឱ្យកូនសាច់សស្អាត?

    ពេលមានគភ៌ តើត្រូវញ៉ាំអីដើម្បីឱ្យកូនសាច់សស្អាត?

    មានបញ្ហាជាច្រើនរបស់អ្នកម្តាយមានគភ៌ដែលបារម្ភកង្វល់អំពីកូនតូចនៅក្នុងផ្ទៃ ទើបខំព្យាយាមស្វែងរកព័ត៌មានផ្សេងៗដែលណែនាំថាតើអ្វីទៅដែលញ៉ាំទៅហើយ កូនតូចនឹងមានសុខភាពល្អ សាច់ស្អាតនោះ ក៏ខំស្វះស្វែងទៅរកយកមកទទួលទានដើម្បីថែបំប៉នខ្លួនឯង និងកូនក្នុងផ្ទៃ ព្រោះចង់ឱ្យកូនចេញមកល្អស្អាតឥតខ្ចោះ និងរឹងប៉ឹងមាំមួនបំផុត។ តើបញ្ហាការហូបចុករបស់អ្នកម្តាយទាំងឡាយដើម្បីឱ្យកូនតូចមានសុខភាពល្អ និងស្អាតបាតមានអ្វីខ្លះនោះ មែន ឬមិនមែនយ៉ាងណា សូមអានអត្ថបទខាងក្រោមនេះជាបន្ត។

    ពេលមានគភ៌ តើញ៉ាំអ្វីទៅដើម្បីឱ្យកូនសាច់សស្អាត ឬក៏ញ៉ាំហឹរខ្លាំងពេកកូនតូចនឹងដុះសក់មកតិចស្តើងមែនឬ? ចំពោះបញ្ហានេះ អាហារការហូបចុកគ្មានផលប៉ះពាល់ទេ ការដែលទារកនឹងស ឬខ្មៅ សក់ស្តើង ឬសក់តិច គឺបណ្តាលមកពីពូជអម្បូរទាំងស្រុង តែអេះ!? ហេតុអីលោកប៉ាខ្មៅ អ្នកម៉ាក់ក៏ខ្មៅ តែកូនកើតចេញមកស្រាប់តែសស្គុសទៅវិញ? ពាក់ព័ន្ធនឹងរឿងនេះ តាមគោលការណ៍ខាងពូជអម្បូរអាចអធិប្បាយបានថា ដែលកូនតូចប្រសូតចេញមកសាច់សនោះ គឺដោយសារតែកូនបានទទួលហ្ស៊ែនអន់ពីឪពុក និងម្តាយហ្នឹងឯង នោះគឺមានន័យថា ទាំងឪពុក និងម្តាយមានបង្កប់នូវហ្ស៊ែនអន់ ដូច្នេះរឿងញ៉ាំអីដើម្បីឱ្យកូនស្បែកស ឬញ៉ាំអីហើយធ្វើឱ្យសក់ដុះក្រាស់ ឬស្តើងនោះ មិនមានលទ្ធផលពិសោធន៍ខាងវិទ្យាសាស្រ្តទេ តែអាចមានផលខាងផ្លូវចិត្ត ចំណែកឯការទទួលទានអាហារដែលមានរស់ជាតិហឹរពេក អាចបណ្តាលឱ្យអ្នកម្តាយមានគភ៌ឈឺពោះបាន។

    ពេលមានគភ៌ត្រូវញ៉ាំអីដើម្បីឱ្យកូនឆ្លាត និងមាំមួនបញ្ហានេះគឺជាបញ្ហាដំបូងគេរបស់អ្នកម្តាយមានគភ៌ក៏អាចថាបានដែរ អាហារការហូបចុករបស់អ្នកម្តាយមានគភ៌មានចំណែកខ្លាំងណាស់ គឺអ្នកម្តាយមានគភ៌ត្រូវតែបានទទួលសារធាតុអាហារឱ្យគ្រប់ 5 ប្រភេទក្រុម និងញ៉ាំថ្នាំថែបំប៉នគភ៌ដែលលោកគ្រូពេទ្យរៀបចំឱ្យ ត្រឹមតែប៉ុណ្ណឹង កូនតូចនៅក្នុងផ្ទៃក៏នឹងរឹងប៉ឹងមាំមួន និងមានវិវឌ្ឍនាការសមទៅតាមវ័យទៅហើយ។

    ពេលមានគភ៌ ញ៉ាំទឹកដូងនឹងជួយឱ្យខ្លួនប្រាណកូនគ្មានខ្លាញ់រំអិល តើមែន ឬមិនមែន? អ្នកម្តាយមានគភ៌ដែលញ៉ាំទឹកដូង នឹងធ្វើឱ្យការសាងខ្លាញ់រំអិលខ្លួនរបស់ទារកឡើងពណ៌ស ទើបធ្វើឱ្យអាចមើលទៅឃើញថាទារកប្រសូតចេញមកមានខ្លួនប្រាណស្អាត តែមិនមែនកើតចេញមកហើយកូនតូចគ្មានខ្លាញ់នោះទេ។ ទារកមានខ្លាញ់គ្រប់គ្នា ហើយខ្លាញ់រំអិលដែលស្រោបខ្លួនកូនតូចនេះ នៅមានប្រយោជន៍ជួយធ្វើឱ្យកូនតូចងាយស្រួលប្រសូតចេញមក និងថែមទាំងជួយសម្រួលសីតុណ្ហភាពរបស់រាងកាយទារកទើបនឹងកើតទៀតផង។

    អ្នកម្តាយមានគភ៌គ្រប់រូបសុទ្ធតែចង់ឱ្យកូននៅក្នុងផ្ទៃមានសុខភាពរឹងប៉ឹងមាំមួន និងល្អស្អាតឥតខ្ចោះគ្រប់គ្នាទាំងអស់ មែនទេចា៎ស? តែរឿងខ្លះដែលអ្នកម្តាយបានឮមកពីអ្នកដទៃ ហើយមិនប្រាកដក្នុងចិត្តថា ពេលទទួលទានហើយហុចផលល្អដល់កូនក្នុងផ្ទៃមែន ឬក៏អត់នោះ អ្នកម្តាយអាចយករឿងទាំងនោះទៅប្រឹក្សាជាមួយលោកគ្រូពេទ្យបាន ដើម្បីឱ្យបានសប្បាយចិត្ត៕