Tag: មានគភ៌

  • ក្ដីកង្វល់ កង្វល់ និងកង្វល់របស់ស្រ្តីមានគភ៌…

    ក្ដីកង្វល់ កង្វល់ និងកង្វល់របស់ស្រ្តីមានគភ៌…

    ការតាំងគភ៌សម្រាប់ស្រ្តីគ្រប់រូប ជាសញ្ញានៃក្ដីសោមនស្សរីករាយរបស់ក្រុមគ្រួសារ តែក្រោយពីក្ដីសោមនស្សទាំងនោះកន្លងផុតទៅ រឿងដែលតាមមកគឺ អាការភ័យខ្លាចចំពោះរឿងផ្សេងៗដែលនៅមិនទាន់កើតឡើង ជាពិសេសបើការតាំងគភ៌ក្នុងគ្រានេះ ជាការតាំងគភ៌គ្រាដំបូងផងនោះ អាការវិតក្កកង្វល់រមែងមានច្រើនជាងស្រ្តីដែលធ្លាប់ឆ្លងកាត់ការមានគភ៌រួចមកហើយមិនខាន។ ពេលនេះអ្នកគ្រូ ឆវីសូមនាំស្រ្តីៗយើង(អ្នកមិនទាន់មានស្វាមី និងអ្នកប្រុងប្រៀបចង់មានបុត្រ)មកមើលថា តើអាការវិតក្កកង្វល់ទាំងនោះមានអ្វីខ្លះ និងមានវិធីធ្វើឱ្យអាការទាំងនោះកន្លងផុតទៅយ៉ាងណាខ្លះដូចខាងក្រោម។

    1 . វាច្បាស់ជាឈឺមិនខាន…

    ការឈឺចាប់ គឺជារឿងដំបូងដែលស្រ្តីមានគភ៌ភាគច្រើនតែងនឹកដល់ រឹតតែស្រ្តីមានគភ៌ណាដែលរៀបផែនការទុកជាមុនថា នឹងប្រសូតតាមធម្មជាតិ ហើយបានឮពាក្យរៀបរាប់ប្រាប់ពីអ្នកដែលធ្លាប់ឆ្លងទន្លេពីមុនមកផងនោះ សំដីទាំងអស់នោះនឹងត្រឡប់ចូលមកក្នុងខួរក្បាលជាថ្មីថា វានឹងឈឺបែបនេះ ចុកបែបនោះមិនខាន។ ដូច្នេះពាក្យណែនាំល្អៗសម្រាប់រឿងនេះគឺ វាអាចនឹងមិនមែនឈឺដូចដែលអ្នកបានគិតនោះទេ បើវាឈឺចាប់ខ្លាំងក្លាដល់ថ្នាក់នោះ ស្រីៗជាច្រើនប្រហែលជាមិនសម្រេចចិត្តពពោះ និងឆ្លងទន្លេម្ដងហើយម្ដងទៀតនោះទេ មែនអត់?។

    2 . ស្វាមីនឹងទៅមានស្រីថ្មី(ក្បត់ចិត្ត)

    ដោយសរីរាង្គកាយដែលប្រែប្រួលរបស់ស្រ្តីដែលមានផ្ទៃពោះ ដែលថាៗទៅ គឺវាប្រែប្រួលច្រើនណាស់ ធ្វើឱ្យស្រ្តីជាច្រើនមានកង្វល់ក្នុងរឿងនេះ។ ពីចំណុចមួយនេះ វានឹងរួមទៅដល់រឿងសិចផងដែរ។ ដូចដែលយើងបានដឹងហើយថា រាងកាយក្នុងអំឡុងពេលនេះមិនអំណោយផលដល់ការមានសិច(រួមភេទ)ឡើយ តែកុំទៅកង្វល់ច្រើនពេក ត្រូវកុំភ្លេចថា ការតាំងគភ៌ក្នុងគ្រានេះកើតឡើងពីសេចក្ដីស្រឡាញ់ និងសេចក្ដីត្រូវការទាំងរបស់ស្វមី និងរូបអ្នក ដូច្នេះស្វាមីនឹងស្រឡាញ់អ្នកកាន់តែខ្លាំងឡើង ព្រោះគាត់មើលឃើញថា អ្នកត្រូវលំបាកក្នុងអំឡុងពេលហ្នឹង។

    3 . មិនដឹងថា កូនក្នុងផ្ទៃនឹងមានរូបរាងកាយ និងសុខភាពល្អឬក៏អត់?

    នេះក៏ជាក្ដីកង្វល់មួយទៀតរបស់ស្រ្តីមានគភ៌ដែលយើងជួបប្រទះច្រើន ដែលតែងតែភ័យខ្លាចថា នឹងមានរឿងមិនល្អអ៊ីចេះអ៊ីចុះកើតឡើងចំពោះកូន តែតាមស្ថិតិវិញ មានទារកត្រឹមតែ 3ភាគរយ(100 មានតែ3)ប៉ុណ្ណោះដែលនឹងកើតមកហើយមិនល្អពេញលេញ។ ដោយតិចណូឡូជីខាងវេជ្ជសាស្រ្តបច្ចុប្បន្នធ្វើឱ្យមានការពិនិត្យមើលដោយវិធីផ្សេងៗរហូតពេញមួយរយៈពេលមានគភ៌ និងបើសិនជាមានអ្វីមិនល្អ ក៏នៅមានតិចណូឡូជី ឬការរក្សាព្យាបាលបែបថ្មីអាចជួយបានដែរ។

    4 . បាត់បង់ការគ្រប់គ្រងលើខ្លួនឯង

    អំឡុងពេលកំពុងតាំងគភ៌នេះអាចរាប់បានថាជាអំឡុងពេលដែលអ្វីៗច្រើនយ៉ាងរបស់មនុស្សស្រីមិនប្រក្រតី ទាំងអាការខាងរាងកាយ និងអារម្មណ៍។ អ្នកនឹងដឹងថា ពេលខ្លះខ្លួនឯងឆេវឆាវជ្រុលហួសហេតុ ទួញយំចំពោះរឿងកំប៉ិកកំប៉ុក ភើ ឬដើរខ្យល់(ផោម)ច្រើនបែបមិនដឹងខ្លួន…តែ មិនបាច់បារម្ភអ្វីទាំងអស់ មនុស្សជុំវិញខ្លួនអ្នក គេមិនបន្ទោសអ្នកទេ គេយល់ច្បាស់ណាស់ថា អ្នកមានផ្ទៃពោះតែដូច្នេះឯង…។

    5 . រឿងអាហារការហូបចុក

    ស្រ្តីជាម្ដាយជាច្រើនដែលពេលមិនទាន់តាំងគភ៌ បានដំណើរជីវិតរស់នៅមួយបែបផ្សេង ដូចជាញ៉ាំស្រា ជក់បារី ឬញ៉ាំតែកាហ្វេរសជាតិចាស់ខ្លាំង ជាដើម។ វាជារឿងល្អណាស់ក្នុងការកង្វល់ជាមួយនឹងរឿងពពួកនេះ គួរតែបន្ថយ និងតមឱ្យបាន ព្រោះការញ៉ាំ ឬសេពវត្ថុអស់ទាំងនេះ ជាមូលហេតុដំបូងៗគេនៃការប្រសូតទារកដែលមានភាពខុសប្រក្រតីចេញមក ដូច្នេះបើមានកង្វល់ខ្លាំង ឬខ្លាចថាក្រែងធ្វើមិនបាន សុំទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ។

    6 . ខ្លាចធ្វើជាម្ដាយគេមិនបានល្អ

    ទោះជាស្រ្តីមានសញ្ជាតិញាណនៃភាពជាម្ដាយនៅក្នុងខ្លួនស្រាប់ហើយគ្រប់គ្នាក៏ដោយ តែអាការកង្វល់ថា នឹងក្លាយជាម្ដាយដែលល្អឬអត់នោះក៏នៅតែមាន និងនៅពេលប្រៀបធៀបជាមួយនឹងម្ដាយខ្លួនឯងដែលធ្លាប់ចិញ្ចឹមមើលថែទាំមកយ៉ាងល្អល្អះនោះ រឹតតែធ្វើឱ្យកាន់តែមានកង្វល់ក្នុងចិត្តខ្លាំងឡើង។ ពាក្យណែនាំល្អៗដើម្បីបន្ថយក្ដីកង្វល់ក្នុងរឿងនេះគឺ គ្មាននរណាម្្នាក់ឥតខ្ចោះ គ្មានម្ដាយណាម្នាក់ល្អគ្រប់សព្វបែបយ៉ាងនោះទេ សុំត្រឹមតែអ្នកជឿជាក់ក្នុងចិត្ត និងស្រឡាញ់កូន ធ្វើគ្រប់យ៉ាងដើម្បីកូនយ៉ាងពេញទំហឹង ប៉ុណ្ណឹងក៏រាប់ថា អ្នកជាម្ដាយម្នាក់ដ៏ល្អបាត់ទៅហើយ។

    7 . ត្រូវនៅធាត់កន្រ្ទីលកន្រ្ទលបែបហ្នឹងរហូតទៅ

    ទម្ងន់ខ្លួនដែលកើនឡើងវឹបៗក្នុងអំឡុងពេលមានគភ៌ និងអ្នកខ្លះមើលទៅដូចជាគ្មានសញ្ញាថានឹងថយចុះ ទោះជាឆ្លងទន្លេហើយក៏ដោយ បើគិតថាចង់ត្រឡប់មកមានរូបរាងស្អាតស្វែលដូចដើមវិញនោះ ក្នុងអំឡុងពេលនេះ អ្នកត្រូវរៀបចំផែនការថែទាំខ្លួនឯងក្រោយពេលឆ្លងទន្លេរួច ដូចជា ញ៉ាំអាហារ និងហាត់ប្រាណឱ្យស័ក្តិសម ជាដើម នោះមិនយូរប៉ុន្មានរាងកាយអ្នកក៏នឹងត្រឡប់មកដូចដើមវិញមិនខាន។

    8 . គ្មានពេលវេលាសម្រាប់កូនម្នាក់ទៀត

    សម្រាប់ស្រ្តីដែលមានគភ៌លើកនេះជាលើកទីពីរនោះ រឿងមួយដែលត្រូវកង្វល់គឺ អារម្មណ៍របស់កូនម្នាក់ទៀត ខ្លាចកូននឹងតូចចិត្ត និងទៅជាគិតថា អ្នកលែងស្រឡាញ់គេបាត់ទៅហើយ។ រឿងនេះមិនមែនជាបញ្ហាធំនោះទេ ត្រឹមតែអ្នកបានជជែកនិយាយជាមួយកូន និងព្យាយាមអធិប្បាយពន្យល់ និងឱ្យគេបានចំណែករួមក្នុងការតាំងគភ៌លើកនេះ នោះគ្រប់យ៉ាងនឹងល្អប្រសើរឡើងដោយឯកឯង ឬបើអ្នកមិនសូវជាប៉ឹនប្រសប់ក្នុងរឿងនេះ អាចនឹងឱ្យលោកប្ដីជាអ្នកជួយក៏បាន៕

  • នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    មិនមែនជារឿងងាយស្រួលឡើយ សម្រាប់អ្នកម្ដាយដែលត្រូវមើលថែទាំកូនតូចវ័យកំពុងរពឹស ដំណាលគ្នានឹងការពពោះកូនមួយទៀតដែលនឹងក្លាយជាសមាជិកគ្រួសារថ្មីម្នាក់ទៀតនោះ តែក៏ហត់នឿយល្វើយកាយយ៉ាងមានសេចក្ដីសុខដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី សូមនាំមកជម្រាបជូនបងៗដែលជាឧត្តមមាតាទាំងអស់នូវគន្លឹះល្អៗក្នុងការមើលថែទាំសុខភាពរបស់អនាគតអ្នកម្ដាយកូនញឹកដូចខាងក្រោមនេះ។

    1 . ធ្វើអ្វីថ្នមៗខ្លះផង

    ថ្ងៃនេះបងៗលែងជាអ្នកម្ដាយរបស់អាល្អិតបងតែម្នាក់ឯងទៀតហើយ តែកំពុងតែមានសមាជិកថ្មីថែមមកម្នាក់ទៀតហើយ… អាល្អិតបងគេមិនថាអីទេ បើអ្នកម្ដាយនឹងបែងចែកពេលវេលាទៅឱ្យអាអូននៅក្នុងពោះខ្លះនោះ។ ទោះជាអ្នកម្ដាយនឹងមិនអាចលះបង់ទាំងពេលវេលា​ ទាំងសេចក្ដីស្រឡាញ់ទៅឱ្យអាល្អិតបងបានច្រើនដូចមុនក៏ដោយ តែក៏គេមិនបានមានអារម្មណ៍ថា ខ្វះអ្នកម្ដាយដែរ ដូច្នេះក៏សូមបន្ធូរៗដៃខ្លះទៅ ត្រូវប្រយ័ត្នកុំឱ្យគេលេងជាមួយអ្នកម្ដាយខ្លាំងៗពេក រាប់ថាជាការមើលថែទាំអាអូនតូចដែលនៅក្នុងពោះម្នាក់ទៀតហ្នឹងណា៎។

    2 . ត្រូវរកជំនួយការដែលទុកចិត្តបាន

    ព្រោះបងៗកំពុងតែតាំងគភ៌ ទើបចាំបាច់ត្រូវថែបំប៉ន មើលថែទាំខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃ ទើបពេលខ្លះមិនអាចនឹងផ្ដល់ពេលវេលាបានពេញលេញដល់អាល្អិតបងបានដូចមុន ដែលទោះជាអ្នកម្ដាយចង់មើលថែទាំគេឱ្យបានល្អបំផុតក៏ដោយ តែក្នុងអំឡុងពេលនេះ ចាំបាច់បំផុតដែលអ្នកម្ដាយត្រូវតែរកអ្នកជួយម្នាក់មកនៅចាំជួយ អាចជាលោកតា លោកយាយ ឬអ្នកមើលថែក្មេង ដើម្បីនៅមើលថែទាំគេ ដើម្បីអ្នកម្ដាយនឹងបាននៅឆ្ងាយបន្តិចយ៉ាងកក់ក្ដៅក្នុងចិត្ត ដែលនេះជាការល្អចំពោះសុខភាពទាំងអ្នកម្ដាយខ្លួនឯង និងអាតូចដែលកំពុងគេងនៅក្នុងផ្ទៃហ្នឹងឯង។

    3 . យកចិត្តទុកដាក់រឿងសុខភាព និងថែទាំខ្លួនឯងយ៉ាងម៉ឺងម៉ាត់

    ក្រៅពីនឹងត្រូវមើលថែទាំកូនតូចដែលនៅក្នុងផ្ទៃ និងក្រៅផ្ទៃហើយនោះ អ្នកម្ដាយក៏កុំភ្លេចមើលថែទាំខ្លួនឯងដំណាលៗគ្នានឹងមើលថែទាំកូនតូចផង ព្រោះរឹតតែអ្នកម្ដាយមានសុខភាពដែលល្អបរិបូរណ៍មាំទាំខ្លាំងប៉ុនណា អាល្អិតតូចដែលនៅក្នុងគភ៌របស់អ្នកម្ដាយក៏នឹងល្អឥតខ្ចោះតាមនោះដែរ។

    4 . គេងលក់ និងសម្រាក

    អ្នកម្ដាយអាចអាស្រ័យអំឡុងពេលគេងថ្ងៃរបស់អាល្អិតបង ដោយអាចគេងសម្រាកមួយស្រឡេតដំណាលៗជាមួយនឹងគេ និងមិនបាច់ទៅនឹកកង្វល់ចិត្តអ្វីទេអ្នកម្ដាយ ព្រោះយ៉ាងណាអ្នកម្ដាយក៏មានអ្នកជំនួយការនៅជួយមើលថែទាំអាល្អិតបងស្រាប់ហើយ ដូច្នេះអ្នកម្ដាយត្រូវតែគេងសម្រាកឱ្យបានច្រើនដើម្បីកូនក្នុងផ្ទៃ។

    5 . មើលថែទាំអាតូចនៅក្នុងផ្ទៃ និងអាធំនៅក្រៅផ្ទៃដំណាលៗគ្នា

    ពេលខ្លះ ការមើលថែអាល្អិតទាំងនៅក្នុងផ្ទៃ និងក្រៅផ្ទៃរបស់អ្នកម្ដាយ ក៏អាចធ្វើឡើងដំណាលៗគ្នាបានដែរ ដូចជា ការអានរឿងនិទានឱ្យកូនស្ដាប់ ក៏អាចអានឱ្យគេទាំងពីរនាក់ស្ដាប់ក្នុងពេលជាមួយគ្នាបានដែរ។ ក្រៅពីនេះការលេង អ្នកម្ដាយក៏នៅអាចលេងជាមួយកូនទាំងពីរនាក់ដំណាលគ្នាបានផងដែរ។ អ្នកម្ដាយសាកល្បងប្រើតិចនិកនេះលមើល៍ ជាពិសេស បើសិនជាអាល្អិតដែលនៅក្រៅផ្ទៃជាក្មេងធំផងនោះ រឹតតែជាការល្អទៅទៀត គឺឱ្យគេសាកល្បងនិយាយលេងជាមួយប្អូន ស្ដាប់សំឡេងប្អូនរើ និងថែមទាំងអាចធ្វើជាអ្នកជំនួយការដ៏សំខាន់ម្នាក់របស់អ្នកម្ដាយបានទៀតផង។

    6 . ផ្លូវចិត្តរីករាយស្រឡះ

    ស្នាមញញឹមរបស់ម្ដាយធ្វើឱ្យផ្ទះមួយនេះគួរឱ្យចង់រស់នៅ និងកក់ក្ដៅបំផុតសម្រាប់ក្មេងៗ។ សូមកុំភ្លេចថា សុខភាពចិត្តរបស់អ្នកម្ដាយមានផលដល់សភាវខាងអារម្មណ៍របស់កូនតូចខ្លាំងបំផុត ដូច្នេះសូមអ្នកម្ដាយកុំមានអារម្មណ៍មួម៉ៅក្ដៅក្រហាយអ្វីឡើយបើទោះជាមានពេលខ្លះអាល្អិតបងនឹងឌឺរឹងខ្លះ យំរករឿងខ្លះក៏ដោយ ក៏ចូរធ្វើអារម្មណ៍ឱ្យល្អ និងញញឹមជាប់ជានិច្ច។

    ឃើញទេថា គន្លឹះល្អៗដែលបានជម្រាបជូននេះមិនមានអ្វីពិបាកឡើយ មែនទេបងៗស្រ្តីមានគភ៌ទាំងឡាយ? អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្តជូនដល់អ្នកម្ដាយទាំងអស់គ្នាណា៎ចា៎ស៕

  • 5 មូលហេតុនៃការរលូតបុត្រដែលស្រ្តីមានគភ៌ត្រូវដឹង

    5 មូលហេតុនៃការរលូតបុត្រដែលស្រ្តីមានគភ៌ត្រូវដឹង

    និយាយអំពីរឿងរបស់សភាវរលូតបុត្របន្ទាប់ពីការតាំងគភ៌ មិនថាបណ្ដាលមកពីមូលហេតុអ្វីក៏ដោយ គឺសុទ្ធតែជារឿងដ៏គួរឱ្យសោកសៅ និងអាណិតចំពោះស្រ្តីមានផ្ទៃពោះជាខ្លាំង។ អ្នកខ្លះដែលតាំងសេចក្ដីសង្ឃឹមខ្លាំង ក៏អាចនឹងខូចចិត្តសោកស្ដាយដល់ថ្នាក់ញ៉ាំមិនបានគេងមិនលក់ លំបាកដល់ក្រុមគ្រួសារត្រូវនៅចាំមើលថែទាំយ៉ាងជិតដិត ទាំងដែលខាងផ្នែកវេជ្ជសាស្រ្តវិញ សភាវរលូតបុត្រអាចកើតឡើងបានដោយឯកឯង មិនពាក់ព័ន្ធនឹងឧប្បត្តិហេតុ ឬភាពភ្លាំងភ្លាត់របស់ស្រ្តីមានគភ៌ឡើយ ហើយខាងក្រោមនេះគឺជាមូលហេតុនៃការរលូតបុត្រដែលគេអាចជួបប្រទះញឹកញាប់បំផុតក្នុងពេលបច្ចុប្បន្ន។

    1 . ឆ្លងមេរោគបាក់តេរី និងមេរោគវីរុស

    ជាប្រក្រតី នៅពេលទៅពិនិត្យគភ៌លើកដំបូង ពេទ្យតែងតែពិនិត្យរកមើលជំងឺកាមរោគ ឬជំងឺដែលឆ្លងតាមរយៈការមានភេទសម្ព័ន្ធមុនគេបង្អស់ ជាពិសេសមេរោគនៃជំងឺស្វាយ មេរោគវីរុសរលាកថ្លើមប្រភេទ B និងC ដែលអាចហុចផលឱ្យកើតគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃបាន ដូចជាធ្វើឱ្យសាច់ភ្នាសក្នុងស្បូនមានបញ្ហារហូតតួកំណើតមិនអាចចម្រើនធំធាត់តទៅទៀតបាន ឬបើតួកំណើតចម្រើនធំធាត់បាន តែក៏មានផលប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធប្រសាទរបស់ទារក ធ្វើឱ្យពេទ្យត្រូវតែសម្រេចចិត្តបញ្ឈប់ការតាំងគភ៌នៅពេលក្រោយ។

    2 . ភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូម

    សម្រាប់មូលហេតុនៃការរលូតបុត្រក្នុងចំណុចនេះ អាចរាប់បានថា គួរឱ្យអាណិតជាទីបំផុត ព្រោះគ្មានអ្នកណាអាចដឹងមុនបានឡើយថា តើក្រូម៉ូហ្សូមមួយគូណាដែលនឹងកើតមានភាពខុសប្រក្រតីនោះទេ? និងនៅពេលដឹងហើយក៏មិនអាចកែខៃអ្វីបានទាំងអស់។ សម្រាប់សភាវរលូតបុត្រវិញ ច្រើនបណ្ដាលមកពីការដែលក្រូម៉ូហ្សូមមិនអាចតម្រៀបខ្លួនតគ្នាបាន តែបើសិនក្រូម៉ូហ្សូមគូខ្លះមានបញ្ហាខ្វះ ឬលើស ក៏នឹងហុចផលឱ្យកើតភាពខុសប្រក្រតីដែលក៏ជាមូលហេតុឱ្យពេទ្យត្រូវបញ្ឈប់ការតាំងគភ៌ដូចគ្នាដែរ។

    3 . ជក់បារី ញ៉ាំភេសជ្ជៈជាតិអាល់កុល និងសេពគ្រឿងញៀន

    ជារឿងដែលទាំងអស់គ្នាបានដឹងច្បាស់ហើយថា ទង្វើទាំងនេះមានភាពប្រថុយប្រថានក្នុងការធ្វើឱ្យស្រ្តីមានផ្ទៃពោះកើតសភាវរលូតបុត្របានខ្ពស់ណាស់ ជាពិសេសក្នុងអំឡុងពេល 3ខែដំបូង។ ការពិតទៅ មិនចាំបាច់ថា ត្រូវតែសេពចូលទៅដោយផ្ទាល់ប៉ុណ្ណោះទេ ព្រោះមានស្រ្តីមានផ្ទៃពោះជាច្រើនដែលធ្វើការនៅក្នុងបន្ទប់ប្រតិបត្តិការផ្សេងៗដែលមានសារធាតុពុលមួយចំនួនដែលស្រដៀងនឹងថ្នាំញៀន រួមទាំងជាតិអាល់កុលប្រភេទខ្លះផងជាប់រហូត ក៏បណ្ដាលឱ្យកើតសភាវរលូតបុត្រអស់ជាច្រើននាក់រួចមកហើយដែរ ។

    4 . ស្បូនខុសប្រក្រតី

    បញ្ហាស្បូន និងមាត់ស្បូនរបស់ស្រ្តីមានផ្ទៃពោះដែលខុសប្រក្រតីមកពីកំណើត ឬខុសប្រក្រតីដោយសារសភាវមួយចំនួន ក៏ធ្វើឱ្យកើតសភាវរលូតបុត្របានដែរ ដោយសារតែតួកំណើតមិនអាចបង្កប់ខ្លួន ឬចម្រើនធំធាត់បានយ៉ាងល្អហ្នឹងឯង។

    5 . រោគប្រចាំកាយរបស់ស្រ្តីមានផ្ទៃពោះ

    រោគមួយចំនួន ដូចជារោគទឹកនោមផ្អែម រោគក្រពេញថៃរ៉យដ៍មានជាតិពុល អាចធ្វើឱ្យកើតសភាវរលូតបុត្របាន បើមិនបានទទួលការព្យាបាលឱ្យជាដាច់មុនពេលតាំងគភ៌ទេនោះ។

    នៅពេលដឹងថា ចាប់ផ្ដើមតាំងគភ៌ ហើយមិនចង់ប្រថុយប្រថាននឹងសភាវរលូតបុត្រដែលអាចកើតឡើងបានគ្រប់ពេលនោះ ក៏គួរតែប្រញាប់ទៅពិនិត្យគភ៌ជាមួយគ្រូពេទ្យជំនាញឱ្យបានលឿនបំផុត ដើម្បីនឹងបានពិនិត្យរកមើលភាពខុសប្រក្រតីណាមួយ និងការពារសភាវរលូតបុត្របានទាន់ពេលវេលា៕

  • អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    បន្ទាប់ពីសភាវប្រសូតបុត្រកន្លងផុតទៅយ៉ាងល្អប្រសើរហើយនោះ បញ្ហាដែលអ្នកម្ដាយច្រើនតែកង្វល់ចិត្តជាពិសេសប្រហែលៗនឹងការចិញ្ចឹមកូនដែរនោះ គឺរឿងរូបរាងរបស់ខ្លួន រឹតតែបើអ្នកម្ដាយណាពូកែញ៉ាំក្នុងអំឡុងពេលតាំងគភ៌ផងនោះ គឺរឹតតែមានឱកាសក្នុងការកើតដុំខ្លាញ់នៅតាមផ្នែកផ្សេងៗរបស់រាងកាយដែលនៅសេសសល់ក្រោយពីការប្រសូតបុត្រ ដែលនាំឱ្យមិនគួរចង់មើលទាល់តែសោះ តែក៏មិនដឹងថានឹងសម្រកទម្ងន់ក្រោយពេលប្រសូតនេះយ៉ាងណាដែរ។ ញ៉ាំថ្នាំសម្រកទម្ងន់ តើល្អដែរទេ? តើញ៉ាំហើយនឹងហុចផលយ៉ាងណាខ្លះទៅ?។ ថ្ងៃនេះ ឡារ៉ែនសូមលើកយករឿងរ៉ាវរបស់ការបញ្ចុះទម្ងន់ក្រោយពេលប្រសូតដែលទទួលបានផលល្អបំផុត និងមិនមានគ្រោះថ្នាក់ មកជម្រាបជូនដូចតទៅ។

    ហេតុអ្វីបានមិនគួរញ៉ាំថ្នាំបញ្ចុះទម្ងន់ក្រោយពេលប្រសូត?

    ត្រូវនាំគ្នាទទួលស្គាល់បែបពិតប្រាកដឱ្យបានជាមុនសិនថា អ្នកម្ដាយថ្មោងថ្មី(មានកូនដំបូង)ប្រហែលជាមានអារម្មណ៍មិនចូលចិត្តរូបរាងរបស់ខ្លួនក្រោយពេលប្រសូតបុត្រហើយប៉ុន្មានទេ។ អ្នកខ្លះក៏ខ្លាចថា ប្ដីនឹងលែងស្រឡាញ់ ហើយលួចទៅមានស្រីថ្មី(អ័រម៉ូនកង្វល់នៅតែប្រែប្រួលឥតឈប់ឈរ) ទើបជាហេតុធ្វើឱ្យលបលួចទៅទិញថ្នាំបញ្ចុះទម្ងន់សម្រករាងមកទទួលទាន ដើម្បីឱ្យមានរូបរាងស្វែលស្អាតដូចកាលពីមុនពេលមានគភ៌ជាថ្មីម្ដងទៀត។ តែពេលញ៉ាំចូលទៅហើយ ភាគច្រើននឹងមានអារម្មណ៍ថា ញ័រដើមទ្រូង វិលមុខ គេងមិនលក់ អ្នកខ្លះអាចដល់ថ្នាក់គាំងបាត់ស្មារតីតែម្ដងក៏មាន។ បើសិនមានការបំបៅដោះកូនដោយខ្លួនឯងផងនោះ ក៏មានឱកាសដែលឥទ្ធិពលថ្នាំប្រភេទខ្លះនឹងទៅប៉ះពាល់ដល់ទារកដូចគ្នា និងអាចហុចផលឱ្យកើតមានភាពខុសប្រក្រតីនៅលើកូនតូចបានទៀតផង។ ដូច្នេះទើបមិនគួរទិញថ្នាំសម្រករាង ឬថ្នាំបញ្ចុះទម្ងន់មកទទួលទានដោយខ្លួនឯងជាដាច់ខាត មិនថាមានសេចក្ដីត្រូវការក្នុងការបញ្ចុះទម្ងន់ក្រោយពេលប្រសូតខ្លាំងប៉ុនណាក៏ដោយ។

    វិធីបញ្ចុះទម្ងន់ក្រោយពេលប្រសូតយ៉ាងមានសុវត្ថិភាព និងទទួលបានលទ្ធផលល្អ

    1 . បំបៅដោះកូន ៈ គឺជាវិធីដែលងាយបំផុត និងល្អបំផុតទាំងចំពោះខ្លួនអ្នកម្ដាយ និងកូនតូច។ ហេតុដែលការបំបៅដោះកូនអាចបញ្ចុះទម្ងន់បាននោះ គឺដោយសារតែក្នុងដំណាក់កាលការសាងទឹកដោះនឹងមានការទាញយកជាតិខ្លាញ់ក្នុងផ្នែកផ្សេងៗរបស់រាងកាយម្ដាយមកប្រើធ្វើជាចំណែកផ្សំចម្បង ទើបធ្វើឱ្យទម្ងន់ខ្លួនរបស់ម្ដាយអាចស្រកចុះបានយ៉ាងមើលឃើញច្បាស់តែម្ដង។ ចំណែកឯកូនតូចវិញក៏នឹងបានទទួលប្រយោជន៍ក្នុងរឿងរបស់សារធាតុអាហារ និងភាពប្រឆាំងជំងឺរបស់រាងកាយផងដែរ។

    2 . ហាត់ប្រាណ ៈ គ្មានវិធីណាដែលនឹងជួយបញ្ចុះទម្ងន់បានល្អស្មើនឹងការហាត់ប្រាណទៀតទេ។ ទោះជាទើបតែប្រសូតបុត្រ និងរាងកាយនៅមិនទាន់សូវស្រួលបួលប៉ុន្មានក៏ដោយ ក៏អាចចាប់ផ្ដើមដោយការហាត់ប្រាណតិចៗ ស្រាលៗសិនបាន ដូចជា ធ្វើការងារផ្ទះ ការដើរហាត់ប្រាណ និងហ្វឹកយ៉ូហ្កា ជាដើម។

    3 . ចៀសវាងអាហារដែលមានខ្លាញ់ និងអាហារដែលគ្មានប្រយោជន៍ ៈ អ្នកម្ដាយមួយចំនួន នៅពេលប្រសូតបុត្រហើយ ក៏ប្រញាប់ទទួលទានអាហារច្រើនៗប្រភេទដែលខ្លួនចង់ញ៉ាំដោយមិនបានចាប់អារម្មណ៍ពីបរិមាណជាតិខ្លាញ់ និងកាឡូរីដែលខ្លួនបានទទួលឡើយ ទើបមិនមែនជារឿងប្លែកឡើយដែលទម្ងន់ខ្លួនមិនព្រមស្រកចុះនោះ។

    អ្នកម្ដាយថ្មោងថ្មីដែលកំពុងស្វែងរកវិធីបញ្ចុះទម្ងន់ខ្លួនក្រោយពេលប្រសូតបុត្ររួច ក៏អាចនាំយកវិធីផ្សេងៗដែលឡារ៉ែនបានណែនាំខាងលើទៅប្រើបានភ្លាមតែម្ដង។ ហាមទិញថ្នាំបញ្ចុះទម្ងន់(ភាពធាត់)មកទទួលទានដោយខ្លួនឯងជាដាច់ខាត ព្រោះអាចហុចផលឱ្យកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងអ្នកម្ដាយខ្លួនឯង និងកូនតូចបាន៕

  • ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

    ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

    អាការឈឺថ្កាត់បន្តិចបន្តួចសម្រាប់នារីៗទូទៅ ជារឿងដែលមិនមានគ្រោះថ្នាក់ ឬគួរឱ្យខ្លាចអ្វីនោះទេ គឺអាចមើលថែទាំខ្លួនឯងឱ្យជាឡើងវិញបានដោយការញ៉ាំថ្នាំបែបមិនចាំបាច់ពឹងគ្រូពេទ្យក៏បាន តែបើជានារីៗដែលកំពុងស្ថិតក្នុងអំឡុងពេលតាំងគភ៌ ហើយកើតមានអាការឈឺថ្កាត់ឡើងនោះ ការមើលថែទាំខ្លួននឹងត្រូវយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ខ្លាំងជាងមនុស្សទូទៅច្រើនណាស់។

    ព្រោះកូនតូចនៅក្នុងគភ៌កំពុងស្ថិតក្នុងអំឡុងពេលដែលប្រព័ន្ធការពារជំងឺមិនទាន់ជារឹងមាំប៉ុន្មានឡើយ ខ្លាចក្រែងថា ទារកក្នុងផ្ទៃនឹងមិនពេញលក្ខណៈ មានវិវឌ្ឍនាការចម្រើនធំធាត់មិនបានល្អ ដោយសារតែស្រ្តីមានគភ៌មានឱកាសឈឺថ្កាត់បានដោយងាយ។

    អាការឈឺថ្កាត់ ឬគ្រុនក្ដៅផ្សេងៗដែលកើតឡើង មិនគួរទិញថ្នាំយកមកញ៉ាំដោយខ្លួនឯងនោះទេ តែគួរតែទៅជួបលោកគ្រូពេទ្យដើម្បីព្យាបាលអាការឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកូនតូចមានសុវត្ថិភាព និងព្យាបាលអាការជំងឺបានយ៉ាងចំចំណុចបំផុត។

    ការមើលថែទាំខ្លួនពេលស្រ្តីមានគភ៌កើតជំងឺគ្រុនក្ដៅ

    កម្រិតនៃប្រព័ន្ធការពារជំងឺក្នុងអំឡុងពេលតាំងគភ៌ធ្លាក់ចុះទាប រហូតធ្វើឱ្យកើតអាការងាយនឹងឈឺថ្កាត់។ មេរោគបាក់តេរីនៅក្នុងខ្យល់អាកាសដែលមើលមិនឃើញចូលមកប៉ះពាល់រាងកាយរហូតធ្វើឱ្យកើតអាការមិនស្រួលខ្លួន និងក្លាយជាជំងឺគ្រុនក្ដៅនៅទីបំផុត។ នៅពេលឈឺថ្កាត់ហើយ អាការនឹងធ្ងន់ធ្ងរ និងប្រើរយៈពេលយូរក្នុងការព្យាបាលច្រើនជាងប្រក្រតី។ ការព្យាបាលដោយថ្នាំដែលទិញដោយខ្លួនឯង ឡារ៉ែនសូមណែនាំថា ស្រ្តីមានគភ៌គួរចៀសវាងយ៉ាងដាច់ខាត ព្រោះអាចប្រថុយប្រថាននឹងផលបន្ទាប់បន្សំពីថ្នាំដែលអាចនឹងចូលទៅប៉ះពាល់ដល់កូនតូចនៅក្នុងគភ៌។ បើស្រ្តីមានគភ៌គ្រុនក្ដៅខ្លួនខ្លាំង អាចនឹងត្រូវរកឃើញទៀតថា មានផលប៉ះពាល់ធ្វើឱ្យបេះដូងរបស់ទារកក្នុងគភ៌លោតញាប់ខ្លាំងឡើង ហុចផលប៉ះពាល់ដល់កម្មវិធីនៃការចម្រើនធំធាត់របស់ទារក បើមិនប្រញាប់ធ្វើការរក្សាព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។

    ការព្យាបាលអាការគ្រុនក្ដៅខ្លួន ស្រ្តីមានផ្ទៃពោះគួរមើលថែទាំខ្លួនឯង បញ្ចុះកម្ដៅមិនឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ដោយការជូតខ្លួនដោយជ្រើសរើសប្រើទឹកក្នុងសីតុណ្ហភាពធម្មតា ដោយធ្វើការជូតបញ្រ្ចាសរន្ធរោមឡើងមកលើ ដើម្បីឱ្យរាងកាយបន្្ថយកម្ដៅបានច្រើនបំផុត។ ចំណែកការថ្នាំលេបវិញ ចូរប្រឹក្សាជាមួយគ្រូពេទ្យជំនាញដែលស្រ្តីមានគភ៌ទៅពិនិត្យផ្ទៃពោះនោះឯង។

    ការមើលថែទាំខ្លួន ពេលស្រ្តីមានផ្ទៃពោះកើតអាការរាករូស

    អាការរាករូសដែលប្រទះឃើញញឹកញាប់នៅលើស្រ្តីមានផ្ទៃពោះ អាចបែងចែកជា 2 ក្រុមធំគឺ រាករូសដែលបណ្ដាលមកពីមេរោគបាក់តេរី និងមិនបានបណ្ដាលមកពីការឆ្លងមេរោគ។ ការរក្សាព្យាបាលគួរការពាររាងកាយកុំឱ្យកើតសភាវខ្វះជាតិទឹក។ គោលការណ៍គឺ រឹតតែរាងកាយបាត់បង់ជាតិទឹកច្រើនប៉ុន្មាន ចូរបន្ថែមជំនួសដោយជាតិទឹកច្រើនឡើងប៉ុននោះដែរ អាចនឹងតាមរយៈការញ៉ាំទឹកអំបិលរ៉ែ ឬទឹកស្អាតធម្មតា ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅ។ ក្នុងសភាវរាករូស ពោះវៀនថែមទាំងមានអាការហើមទៀតផង ដូច្នេះគួរថែទាំខ្លួនឯងដោយការជ្រើសរើសញ៉ាំអាហារណាដែលងាយស្រួលរំលាយ និងមានប្រយោជន៍ ដូចជា បបរស បបរសាច់ត្រី និងសង្កត់ធ្ងន់លើអាហារប្រភេទស្ងោរ ចំហុយដែលរសជាតិមិនប្រៃខ្លាំង ហិរខ្លាំង ឬផ្អែមខ្លាំង យកបែបសាបៗជាចម្បង ដើម្បីឱ្យរាងកាយបានសម្របសម្រួលខ្លួនសន្សឹមៗ កូនក្នុងផ្ទៃនឹងមានសុវត្ថិភាព ថែមទាំងបានទទួលសារធាតុអាហារដែលមានប្រយោជន៍យ៉ាងពេញលេញទៀតផង។

    ក្រៅពីនេះ នៅមានអាការរោគផ្សេងៗទៀតដែលប្រទះឃើញនៅលើស្រ្តីមានគភ៌ ច្រើនតែជាអាការដែលជួបប្រទះទូទៅ ដោយសារតែប្រព័ន្ធប្រែប្រួលរបស់រាងកាយដែលខុសពីប្រក្រតី។ ការទទួលទានអាហារដែលមានប្រយោជន៍ ឧស្សាហ៍មើលថែទាំសុខភាពខ្លួនឯងមិនឱ្យប្រឈមនឹងគ្រោះថ្នាក់ដែលបណ្ដាលមកពីថ្នាំនឹងហុចផលឱ្យវិវឌ្ឍនាការរបស់ទារកក្នុងគភ៌រឹងប៉ឹងធំធាត់ឡើងតាមប្រក្រតី៕

  • អាការៈ​បន្តិច​ឈឺ​នេះ បន្តិច​ឈឺ​នោះ គួរឱ្យ​ធុញទ្រាន់​ក្នុងអំឡុងពេល​មានគភ៌

    អាការៈ​បន្តិច​ឈឺ​នេះ បន្តិច​ឈឺ​នោះ គួរឱ្យ​ធុញទ្រាន់​ក្នុងអំឡុងពេល​មានគភ៌

    មាន​មិត្តភក្តិ​របស់​នាងខ្ញុំ​(អ្នកគ្រូ​ ឆវី​)ម្នាក់​តែងតែ​រអ៊ូ​ឱ្យ​នាងខ្ញុំ​បានឮ​ជា​ញឹកញាប់​ថា​ គាត់ទើប​តែ​ចាប់ផ្តើម​ពពោះ​ទេ​ តែ​ហេតុ​អី​បាន​ជា​ចេះតែឈឺ​ក្បាល​ ឈឺខ្នង​ ឈឺ​ស្មា​ ឆ្អល់ពោះ​ អាហារ​មិនសូវ​រំលាយ​- ល – មិនឈប់ឈរ​សោះ​ដូច្នេះ​? ពេល​បានឮ​ហើយ​ ធ្វើ​ឱ្យ​នឹក​អា​ណឹ​តអ្នកមាន​ផ្ទៃពោះ​មែនទែន​ព្រោះ​ទម្រាំតែ​ឆ្លងផុត​រយៈពេល​ 9ខែ​នៃ​ការ​ពពោះ​កូន​ជាទីស្រឡាញ់​មួយ​នេះ​បាន​ អ្នកម្តាយ​គ្រប់រូប​សុទ្ធ​តែ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ដែល​ធ្វើ​ឱ្យ​មាន​កង្វល់​ និង​រៀន​យល់ដឹង​ពី​វិធី​បន្ធូរបន្ថយ​ និង​សម្រាល​អាការ​ដែល​កើតឡើង​នេះ​ឱ្យ​បាន​សឹងតែ​គ្រប់គ្នា​ទាំងអស់​ ដូច្នេះ​មិនមែន​ត្រឹមតែ​ជា​ការ​មើលថែ​ទាំ​រាងកាយ​ និង​សុខភាព​ឱ្យ​រឹងមាំ​ប៉ុណ្ណោះទេ​ តែ​ត្រូវ​មើលថែ​ទាំ​ផ្លូវចិត្ត​ឱ្យ​រឹងប៉ឹង​ផង​ដែរ​។
    លេខ​នេះ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន នឹង​ជម្រាប​ស្ត្រី​មានគភ៌​ទាំងឡាយ​អំពី​វិធី​បន្ធូរបន្ថយ​ និង​សម្រាល​អាការ​ដែល​ធ្វើ​ឱ្យ​មាន​កង្វល់​ និង​រំខានចិត្ត​ដែល​កើតឡើង​ក្នុងអំឡុងពេល​មានគភ៌​នេះ​ ដើម្បី​ឱ្យ​ទាំងអស់​គ្នា​បាន​សប្បាយចិត្ត​ក្នុង​ការ​ពពោះ​រយ:ពេល40សប្តាហ៍​ចាប់ពី​ពេលនេះ​ទៅ​។

    អាការៈរំខានចិត្ត​របស់​ស្ត្រី​មានផ្ទៃពោះ​
    អាការ​ក្អួតចង្អោរ​ : អាច​កើតឡើង​ដោយសារតែ​កម្រិត​អ័រម៉ូន​ផ្សេង​ៗដែល​កើនឡើង​ខ្ពស់​ក្នុង​អំឡុង​ពេល​មានគភ៌​ ដូចជា​ អ័រម៉ូន​ hCG​ និង​អ័រម៉ូន​ អេស​ត្រូ​ជេន​ ជាដើម​ ដោយ​អ័រម៉ូន​ទាំងនេះ​មានផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ការ​ដឹង​ក្លឹន​ ធ្វើ​ឱ្យ​ស្ត្រី​មាន​គភ៌​ធំុ​ក្លិន​អ្វី​ក៏​មិនបាន​ ច្រើនតែ​មាន​អាការ​ក្អួតចង្អោរ​វិលមុខ​ក្នុងអំឡុងពេល​ពពោះ​ដំបូង​។
    ការ​មើលថែ​ទាំ​ខ្លួនឯង​ : ស្ត្រី​មានគភ៌​គួរ​ចៀសវាង​ពី​អ្វី​ដែល​ជំរុញ​ដល់​ប្រព័ន្ធ​ប្រសាទ​ការ​ដឹង​ក្លិន​ដូចជា​ក្លិន​អាហារ​ជាដើម​ ។ អ្នកជំនាញ​ការ​ខាង​ភោជនាហារ​បាន​រក​ឃើញថា​ ក្លិន​របស់​ក្រូចឆ្មារ​ អាច​ជួយ​បន្ធូរបន្ថយ​អាការ​ក្អួតចង្អោរ​នេះ​បាន​យ៉ាង​ឆាប់រហ័ស​ ដូច្នេះ​បើស្ត្រី​មានគភ៌​កើត​អាការ​ក្អួតចង្អោរ​នោះ​ មិន​គួរ​ទទួលទាន​ថ្នាំ​ផ្តេស​ផ្តាស់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​គ្រូពេទ្យ​ឡើយ​ ។
    អា​កា​រៈថប់ៗ​ដង្ហើម​ ដកដង្ហើម​មិន​ស្រួល​ និង​វិលមុខ​ : ស្ត្រី​មានគភ៌​តែង​មាន​ចង្វាក់​នៃ​ការដកដង្ហើម​លឿន​ ហើយ​វែង​ ខណៈ​ពេល​ជាមួយគ្នា​ ស្បូន​ដែល​ពង្រីក​ខ្លួន​តាម​ការ​រីកចម្រើន​ធំធាត់​របស់​ទារក​ក៏​នឹង​ខឹ​តចូល​ទៅ​បៀត​សួត​ និង​ក្បាំង​ខ្យល់​របស់​អ្នក​មានផ្ទៃពោះ​ ធ្វើ​ឱ្យ​ទីកន្លែង​ដែល​ទទួល​ផ្ទុក​ខ្យល់​អុក​ស៊ី​ហែ៊្ស​ននៅ​សល់​តិច​ ធ្វើ​ឱ្យ​ពេលខ្លះ​អ្នកមាន​គភ៌​មាន​អារម្មណ៍​ថា​ ដកដង្ហើម​មិន​ស្រួល​បាន​។
    ការ​មើលថែ​ទាំ​ខ្លួនឯង​ : នៅពេល​មាន​អារម្មណ៍​ថា​ ដកដង្ហើម​មិន​ស្រួល​ ចូរ​អង្គុយ​សម្រាក​ ហើយ​ដកដង្ហើម​ចេញ​ចូ​លយឺ​តៗ​ មួយ​។ បើ​មាន​អារម្មណ៍​ថា​រកកល់​ងងឹតមុខ​ ហាក់ដូចជា​ចង់​ខ្យល់គ​ ចូរ​អង្គុយ​ចុះ​ ហើយ​ឱនក្បាល​ចុះ​នៅត្រង់​ចន្លោះ​ក្បាលជង្គង់​ទាំងសងខាង​ ដើម្បី​ជួយ​ឱ្យ​ឈាម​ហូរ​ឡើង​មក​ចិញ្ចឹម​ខួរក្បាល​ឱ្យ​បាន​កាន់តែ​លឿន​ឡើង​ នឹង​ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​ស្រួល​ឡើងវិញ​។ អាការ​នេះ​កើតឡើង​ដោយសារតែ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ថយ​ចុះ​ ដូច្នេះ​ពេល​មានផ្ទៃពោះ​ចូរ​ឧស្សាហ៍​ទទួលទាន​អាហារ​បង្អែម​ ចម្អាប​ឱ្យ​បាន​ញឹកញាប់​ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​។
    អាការ​តឹង​ឆ្អល់​ក្នុង​ពោះ​ : អ័រម៉ូន​ដែល​រាងកាយ​បញ្ចេញ​មក​ក្នុងអំឡុងពេល​មានគភ៌​ ហុច​ផល​ឱ្យ​សាច់ដុំ​បន្ទះ​បង្រួញ​ខ្លួន​ ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​យឺត​ ជាហេតុ​ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​ងាយ​នឹង​កើត​អាការ​ឆ្អល់​ណែន​ក្នុង​ពោះ​ រួម​ជាមួយ​មូល​ហេតុ​ផ្សេងទៀត​ក្នុង​ការ​ទទួលទាន​អាហារ​ផង​ដែរ​។
    ការ​មើលថែ​ទាំ​ខ្លួនឯង​ : អ្នកមាន​ផ្ទៃពោះ​គួរ​ទទួលទាន​អាហារ​ដែល​មាន​កាក​សរសៃ​ឱ្យ​បាន​ច្រើន​ ដូចជា​ បន្លែ​ និង​ផ្លែឈើ​ស្រស់​ រួម​ទាំង​គ្រាប់​ធញ្ញជាតិ​ផង​ដែរ​។ ពិសា​ទឹក​ឱ្យ​បាន​ច្រើន​ ហើយ​បើសិនជា​អាការ​ណែន​ឆ្អល់ពោះ​នោះ​មានកម្រិត​ខ្លាំង​ ស្ត្រី​មានគភ៌​គួរតែ​ទៅ​ប្រឹក្សា​នឹង​គ្រូពេទ្យ​ដែល​ពិនិត្យ​គភ៌​ ព្រោះ​គ្រូពេទ្យ​នឹង​ផ្តល់​នូវ​ពាក្យណែនាំ​បាន​យ៉ាង​ត្រឹមត្រូវ​អំពី​អាការ​នេះ​។
    អាការ​ប្រគ្រីវកាច់​ជើង​ : អាច​បណ្តាល​មក​ពី​ការ​ខ្វះ​ជាតិ​កាល់ស្យូម​ និង​បញ្ហា​នៃ​លំហូរ​វិល​របស់​ឈាម​។
    ការ​មើលថែ​ទាំ​ខ្លួនឯង​ : ក្នុង​ខណ:កើត​អាការ​ប្រគ្រីវកាច់​នោះ​ ចូរ​ចាប់​ក្តោប​ចុងជើង​ឱ្យ​ជាប់​ ហើយ​ទាញ​វា​មករ​កស្មងជើង​ឱ្យ​ខ្លាំង​ ដើម្បី​ជួយ​យឹត​សាច់​ដុំ​បរិវេណ​កំភួនជើង​ឱ្យ​ត្រង់​ឡើងវិញ​។ មិន​គួរ​សណ្តូកជើង​ នៅពេល​ម្រាមជើង​ចង្អុល​ត្រង់​ទៅ​ខាងមុខ​ឡើយ​ ព្រោះ​នឹង​រឺត​តែ​ធ្វើ​ឱ្យ​សាច់ដុំកំភួន​ជើង​កើត​អាការ​រឹង​ខ្លាំង​ឡើង​ និង​កើត​ប្រគ្រីវកាច់​កាន់តែ​ខ្លាំង​ឡើង​ដែរ​ ហើយ​នៅពេល​គេង​ពេល​យប់​ អ្នកមាន​ផ្ទៃពោះ​គួរតែ​ពាក់​ស្រោមជើង​ ដើម្បី​ឱ្យ​ចុងជើង​កក់ក្តៅ​ វា​អាច​ជួយ​កាត់បន្ថយ​អាការ​ប្រគ្រីវកាច់​បាន​។
    អាការ​ឈឺខ្នង​ : ស្ត្រី​ភាគច្រើន​តែងតែមាន​អាការ​ឈឺខ្នង​កើតឡើង​ក្នុងអំឡុងពេល​តាំង​គភ៌​។ ទាំងអស់​នេះ​ មាន​មួយ​ចំណែក​បណ្តាល​មក​ពី​ទំហំ​របស់​គភ៌​ដែល​ចេះតែ​រីកធំឡើង​ និង​ទម្ងន់​ខ្លួន​របស់​ទារក​នៅក្នុង​គភ៌​ដែល​ទៅ​បង្កើន​កម្លាំង​សង្កត់​លើ​ឆ្អឹងកង​ខ្នង​ ហុច​ផល​ឱ្យ​រាងកាយ​មិនកើត​មាន​តុល្យភាព​ខាង​ទម្ងន់​។
    ការ​មើលថែ​ខ្លួនឯង​ : ដើម្បី​ឱ្យ​អ្នកមាន​ផ្ទៃពោះ​មាន​អារម្មណ៍​កាន់តែ​សប្បាយ​ស្រួលខ្លួន​ រួចផុត​ពី​ការ​ឈឺខ្នង​នេះ​ ពេល​អង្គុយ​ គួរតែ​មាន​ខ្នើយ​មួយ​កល់​នៅត្រង់​ចង្កេះ​ផ្នែក​ខាងក្រោម​ លើកជើង​ដាក់​លើ​កូន​កៅអី​សម្រាប់​ទ្រជើង​ ជាដើម​។ ពេល​ឈរ​ គួរ​ដាក់​ជើងម្ខាង​នៅ​លើ​កូន​កៅ​អី​ទាប​ៗមួយ​ និង​ឧស្សាហ៍​ផ្លាស់​ជើង​ ម្តង​ខាងឆ្វេង​ ម្តង​ខាងស្តាំ​ផង​ វា​នឹង​ជួយ​ឱ្យ​អាការ​ឈឺខ្នង​បាន​ធូរស្រាល​ឡើង​៕

  • ត្រៀមខ្លួន​បន្តិច​មុននឹង​មានគភ៌…

    ត្រៀមខ្លួន​បន្តិច​មុននឹង​មានគភ៌…

    ការរៀបចំ​ផែនការ​គ្រួសារ​ គឺ​ការ​ត្រៀមខ្លួន​ទាំង​ស្វាមី​ និង​ភរិយា​ក្នុង​ការរស់នៅ​ជា​ជីវិត​គូ​ជាមួយគ្នា​ ដោយសារតែ​ទាំងពីរ​នាក់​មក​ពី​ក្រុម​គ្រួសារ​ដែល​ផ្សេង​ពីគ្នា​ ការរស់នៅ​ផ្ទាល់ខ្លួន​ក៏​ច្បាស់ជា​មិន​ដូចគ្នា​ដែរ​ ទោះជា​ស្រឡាញ់​គ្នា​ក្នុងអំឡុងពេល​ជាគូ​ស្នេហ៍​ខ្លាំង​ប៉ុនណា​ក៏ដោយ​ តែ​នៅពេល​ដែល​អ្នក​ទាំងពីរ​ត្រូវ​មក​រស់នៅ​រួមគ្នា​ស្ទើរតែ​ពេញ​ 24ម៉ោង​នោះ​ ធ្វើ​ឱ្យ​ទាំងពីរ​នាក់​ត្រូវតែ​មានការ​សម្របសម្រួល​ខ្លួន​ និង​រៀប​ផែនការ​ជីវិត​រួមគ្នា​។ ក្រៅពីនោះ​ បើ​គូ​ស្វាមីភរិយា​ណា​ចង់បាន​បុ​ត្រ​ភ្លាម​ៗក្រោយពេល​រៀបការ​ហើយ​ ការ​រៀប​ផែនការ​គ្រួសារ​រឹតតែ​មាន​ភាព​ចាំបាច់​ និង​មាន​ភាព​សំខាន់​ខ្លាំង​ទៅទៀត​ ហើយ​បើសិនជា​គូស្នេហ៍​ណា​ដែល​មិនទាន់​ត្រៀមខ្លួន​ក្នុង​ការ​មាន​បុត្រ​ ការ​រៀប​ផែនការ​គ្រួសារ​ ក៏អាច​រាប់​បាន​ថា​ ជា​បច្ច័យ​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​គ្រង​ជីវិត​គូ​អាច​រស់នៅ​រួមគ្នា​យ៉ាង​មាន​សេចក្ដីសុខ​យូរអង្វែង​បាន​ដែរ​។ ថ្ងៃនេះ​អ្នកគ្រូ​ ឆវី​ នឹង​មក​ណែនាំ​ពី​ការរៀបចំ​ផែនការ​គ្រួសារ​លើ​ផ្នែកការ​មាន​បុត្រ​ថា​ តើមាន​ភាព​សំខាន់​យ៉ាងណា​ខ្លះ​ ដូច​ខាងក្រោម​…។ការ​មាន​បុត្រ​នៅពេល​ដែល​អ្វី​ៗត្រូវ​បាន​រៀបចំ​ហើយ​នោះ​ អាច​រាប់​បាន​ថា​ ជា​ការ​ត្រៀមខ្លួន​ដ៏​ល្អ​របស់​គ្រួសារ​។ ការ​ត្រៀមខ្លួន​រៀប​ផែនការ​ក្នុង​ការ​មាន​បុត្រ​ ត្រូវ​ប្រកបដោយ​ 2ចំ​ណុច​ធំៗ​ ៖
    1. ភាព​ត្រៀម​រួចជាស្រេច​លើ​ផ្នែក​រាងកាយ​របស់​ឪពុកម្ដាយ​
    សុខភាព​គួរតែ​រឹងមាំ​ទាំងពីរ​នាក់​ ទាំង​ឪពុក​និង​ម្ដាយ​គួរ​ត្រៀម​រាងកាយ​ឱ្យ​ព្រម​ជាស្រេច​ ក្រៅ​ពីនោះ​ គួរតែ​បាន​ទទួលការ​ពិនិត្យ​ឈាម​ថា​ មិន​មាន​កើតជំងឺ​ ឬរោគា​អ្វី​ដែល​អាច​នឹង​ហុច​ផល​ប៉ះពាល់​បន្ត​ទៅដល់​កូន​។ បើ​អ្នកណា​ម្នាក់​មាន​ជំងឺ​ឬរោគ​អ្វីមួយ​ គួរតែ​ប្រឹក្សា​គ្រូពេទ្យ​មុននឹង​សម្រេច​ចិត្ត​មាន​បុត្រ​ ដើម្បី​ឱ្យ​កូន​កើតមក​មិន​ចាំបាច់​ឈឺ​ថ្កាត់​ព្រោះតែ​ឆ្លង​រោគ​ពី​ឪពុកម្ដាយ​។ រោគ​ដែល​ឪពុកម្ដាយ​សម័យថ្មី​គួរតែ​ត្រូវ​បាន​ពិនិត្យ​មុន​ពេល​ចង់បាន​បុត្រ​នោះ​គឺ​ រោគ​លោហិត​ ប្រភេទ​ ថា​ឡាស់​សេ​មៀរ​ (Thalassemi​ ជា​រោគ​ខាង​លោហិត​ដែល​ឆ្លង​បន្ត​តាម​ពូជ​កំណើត​) រួម​ទាំង​ជំងឺ​ឆ្លង​ខាង​ផ្លូវ​ភេទ​ផ្សេង​ៗទៀត​។
    ក្រៅពីនោះ​ស្ត្រី​មានគភ៌​គួរតែ​បាន​ទទួលទាន​វីតាមីន​ ហ្វូ​លេ​ត ឱ្យ​បាន​គ្រប់គ្រាន់​ ព្រោះ​ហ្វូ​លេ​តមាន​ចំណែក​ជួយ​ក្នុង​ការ​សាង​ផ្នែក​ប្រព័ន្ធ​ប្រសាទ​របស់​កូន​។ បើ​ខ្វះ​ហ្វូ​លេ​ត ឱកាស​ដែល​កូន​នឹង​កើត​មក​ពិការ​មាន​ខ្ពស់​គួរ​ឱ្យ​ពិចារណា​។ ស្ត្រីជា​ភរិយា​ថ្មីថ្មោង​ដែល​ត្រៀមខ្លួន​មានគភ៌​ គួរតែ​ទទួលទាន​ហ្វូ​លេ​តឱ្យ​បាន​គ្រប់គ្រាន់​មុន​ពេល​តាំង​គភ៌​ ដោយ​អាច​ទទួល​បាន​ពី​ការ​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​ ដូចជា​ ខាត់ណា​ ប្រូ​ខូ​លី​ រួម​ទាំង​ថ្លើម​សត្វ​ផង​ដែរ​។ បើ​មិន​ប្រាកដ​ក្នុងចិត្ត​ថា​ នឹង​បាន​ទទួល​ហ្វូ​លេ​តគ្រប់​ ឬយ៉ាងណា​នោះ​ គួរតែ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​។

    2. ភាព​ត្រៀម​រួចជាស្រេច​លើ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ពេលវេលា​
    ការ​មាន​បុត្រ​ 1នាក់​ ត្រូវ​ចំណាយ​ប្រាក់​ និង​ពេលវេលា​ច្រើនឡើង​ក្នុង​ការ​មើលថែ​ទាំ​ ទម្រាំ​នឹង​កូន​ធំធាត់​ឡើង​រហូត​អាច​ពឹងពាក់​លើ​ខ្លួនឯង​បាន​។ ការចាយវាយ​តាំងពី​ចាប់ផ្ដើម​តាំង​គភ៌​ រហូត​ដល់​ក្រោយ​ប្រសូត​ ទាំង​ថ្លៃ​អាហារ​ការ​ហូបចុក​ សម្លៀកបំពាក់​ វត្ថ​ប្រើប្រាស់​ រួម​ទាំង​ប្រាក់​បម្រុង​បន្ទាន់​ដែល​ត្រូវ​ត្រៀម​ទុក​ក្នុងករណី​ឈឺថ្កាត់​ផង​។ អ្វី​ទាំងអស់​នេះ​សូម​ឱ្យ​លោកឪពុក​អ្នកម្ដាយ​ថ្មោងថ្មី​ត្រូវ​គិត​ និង​ត្រៀម​ឱ្យ​រួចជាស្រេច​ ក្រៅពីនោះ​ រឿង​ពេលវេលា​ដែល​យើង​អាច​នឹង​លះបង់​ដល់​កូន​ក្នុង​ការ​មើលថែ​ទាំ​ក៏​ជា​រឿង​មួយ​សំខាន់​ខ្លាំង​ដែរ​។ កំលោះក្រមុំ​ជាច្រើន​គូ​មិនបាន​ត្រៀមខ្លួន​ទុកជាមុន​ ដល់ពេល​មាន​បុត្រ​ ក៏​គ្មាន​ពេលវេលា​ក្នុង​ការ​ចិញ្ចឹម​ថែទាំ​ បណ្ដោយ​ឱ្យ​ក្លាយជា​បន្ទុក​របស់​សាច់ញាតិ​ ឬមេដោះ​មក​ចិញ្ចឹម​មើលថែ​ជំនួស​។ រឿង​ទាំងអស់​នេះ​នឹង​ធ្វើ​ឱ្យ​កូន​កើតមក​មិនបាន​ទទួល​សេចក្ដី​ស្រឡាញ់​ និង​ភាព​កក់ក្ដៅ​ពី​ឪពុកម្ដាយ​តាមដែល​គួរ​បាន​ទទួល​ រួម​ទាំង​ការ​អភិ​វឌ្ឍ​ផ្សេង​ៗដែល​គួរតែ​បាន​ទទួលការ​ជំរុញ​អំពី​ឪពុកម្ដាយ​ផ្ទាល់​ផង​នោះ​ នឹង​ធ្វើ​ឱ្យ​ក្មេង​មាន​វិវឌ្ឍនាការ​យឺតយ៉ាវ​ និង​មាន​សុខភាព​ផ្លូវចិត្ត​ដែល​យ៉ាប់យ៉ឺន​ជាង​ក្មេង​ដែល​ក្រុម​គ្រួសារ​មាន​ពេលវេលា​ឱ្យ​គ្នា​ទៅវិញទៅមក​។ចំណែក​ឯវិធីការ​មើលថែ​ទាំ​កូន​ពេល​នៅក្នុង​ផ្ទៃ​ ឬក្រោយពេល​ប្រសូត​ ឪពុកម្ដាយ​អាច​សិក្សា​រៀនសូត្រ​ជា​បណ្ដើរ​ៗក្នុងអំឡុងពេល​ដែល​ភរិយា​ចាប់ផ្ដើម​តាំង​គភ៌​បាន​។ “បើ​គូ​ស្វាមីភរិយា​ណា​មានការ​ត្រៀមខ្លួន​ និង​រៀបចំផែនការ​គ្រួសារ​យ៉ាង​ល្អ​ក្នុង​រឿង​ទាំង​ 2ចំណុច​ខាងលើ​នោះ​ហើយ​ ភាគច្រើន​នៅពេល​កូន​កើតមក​ បញ្ហា​ផ្សេង​ៗច្រើនតែ​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយ​”៕

  • អាការហើមតាមរាងកាយរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌

    អាការហើមតាមរាងកាយរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌

    អ្នកម្តាយដែលកំពុងមានគភ៌តែងជួបនឹងអាការហើមតាមរាងកាយ រហូតធ្វើឱ្យមានការព្រួយកង្វល់ថា តើវាអាចនឹងមានផលប៉ះពាល់អ្វីដល់រាងកាយខ្លួនឯង និងកូននៅក្នុងផ្ទៃដែរឬទេ? ថ្ងៃនេះ ឡា រ៉ែន មានចម្លើយចំពោះចម្ងល់នេះមកជម្រាបជូន។

    អាការហើម ឬមានអារម្មណ៍ថាខ្លួនឯងប៉ោងធំជាងមុនក្នុងអំឡុងពេលមានគភ៌នេះ គឺជាប្រតិកម្មខាងធម្មជាតិ ដែលមានចំពោះបរិមាណរបស់វត្ថុរាវក្នុងរាងកាយដែលកើនឡើង ដែលអ្នកម្តាយត្រូវទទួលបន្ទុកទៅគ្រប់ទីកន្លែង។ អ្នកម្តាយភាគច្រើននឹងមានអារម្មណ៍ថាហើមនៅម្តុំកជើង និងប្រអប់ជើង បើសិនជាត្រូវឈរក្នុងរយៈពេលយូរ អ្នកម្តាយខ្លះមានអារម្មណ៍ដឹងថាចិញ្ចៀនដែលពាក់នៅនឹងម្រាមដៃ កាន់តែតឹងណែនឡើង ឬផ្ទៃមុខក៏ហើមឡើងដែរ ជាដើម។

    អាការហើមដែលចេះតែកើនឡើងជារឿយៗក្នុងអំឡុងពេលថ្ងៃ និងកាន់តែហើមខ្លាំងឡើងនៅពេលល្ងាចនេះ ច្រើនតែកើតចេញពីការធ្វើកិច្ចការងារផ្សេងៗក្នុងមួយថ្ងៃៗរបស់អ្នកម្តាយ ឬមកពីសភាពធាតុអាកាសដែលក្តៅហប់។ ទោះជាអាការហើមតាមរាងកាយនេះ អាចធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថាទើសទែងមែន តែជាទូទៅវិញ អាការហើមក្នុងអំឡុងពេលមានគភ៌ដែលប្រាសចាកអាការជ្រៀតជ្រែកផ្សេងៗទៀតនោះ មិនមែនជារឿងគួរឱ្យព្រួយបារម្ភ ឬកង្វល់ និងគ្មានគ្រោះថ្នាក់អ្វីដល់ខ្លួនអ្នកម្តាយ និងកូនក្នុងគភ៌ឡើយតែបើសិនជាហើមខ្លាំងជ្រុលពេក ជួនកាលអាចកើតឡើងដោយសារតែសម្ពាធឈាមខ្ពស់ឡើង ដូច្នេះត្រូវឧស្សាហ៍សង្កេតមើលអាការនិងទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឬមន្ទីរសម្ភព បើសិនជាអ្នកម្តាយមានអារម្មណ៍បារម្ភ។

    វិធីកាត់បន្ថយអាការហើមតាមរាងកាយក្នុងអំឡុងពេលមានគភ៌
    – ការទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព អាចជួយកាត់បន្ថយអាការហើមឱ្យស្រកចុះបាន គេជឿថា មើមខ្ទឹម-ស មើមខ្ទឹមក្រហមស្រស់ៗ និងផ្លែប៉ោម មានប្រសិទ្ធភាពល្អពិសេស និងគួរចៀសវាងអាហារដែលមានរសជាតិប្រៃ ដែលអាចធ្វើឱ្យអ្នកម្តាយខ្វះជាតិទឹកបាន។
    – ព្យាយាមហាត់ប្រាណឱ្យបានជាប់ជានិច្ច ជាពិសេស ការហាត់ប្រាណដោយការដើរ។
    – ញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ ក្នុងមួយថ្ងៃយ៉ាងតិចពី 6 – 8កែវ ឬព្យាយាមទទួលទានបន្លែ ឬផ្លែឈើណាដែលមានជាតិទឹកច្រើន ព្រោះបើអ្នកម្តាយញ៉ាំទឹកមិនបានគ្រប់គ្រាន់នឹងតម្រូវការទេនោះ រាងកាយរបស់អ្នកម្តាយអាចនឹងខំប្រឹងស្ទាក់ទឹកទុកនៅក្នុងរាងកាយកាន់តែច្រើនឡើង ដែលនឹងធ្វើឱ្យអ្នកម្តាយកាន់តែហើមខ្លាំងឡើងហ្នឹងឯង។
    – រកពេលវេលាសម្រាកឱ្យបានច្រើននៅពេលថ្ងៃ ពេលណាក៏ដោយឱ្យតែមានឱកាស ដោយកល់ដាក់ជើងឱ្យខ្ពស់ជាងចង្កេះ
    – ចៀសវាងពីការឈរក្នុងរយៈពេលយូរ។
    – ការធ្វើម៉ាស្សាបែបបន្ធូរអារម្មណ៍ក៏អាចកាត់បន្ថយអាការហើមបានដែរ។
    – គួរគេងផ្អៀងខាងឆ្វេងដើម្បីចៀសពីការទម្លាក់ទម្ងន់ខ្លួនទៅសង្កត់សរសៃឈាមខ្មៅធំដែលមានឈ្មោះថា វេណាខាវ៉ា (Venacava)៕

  • អ្នកម្តាយមានគភ៌ ឈរ និងដើរយូរ ហុចផលអាក្រក់ដល់សុខភាព

    អ្នកម្តាយមានគភ៌ ឈរ និងដើរយូរ ហុចផលអាក្រក់ដល់សុខភាព

    អ្នកម្តាយមានគភ៌ចាប់ពី 20សប្តាហ៍ឡើងទៅ មិនគួរដើរ ឬឈរយូរៗឡើយ ព្រោះអាចហុចផលប៉ះពាល់ធ្វើឱ្យជើងហើមខ្លាំងឡើងបាន។ ថ្ងៃនេះ ឡារ៉ែន មានគន្លឹះល្អៗមកណែនាំអ្នកម្តាយមានគភ៌ បើកើតមានអាការចុករួយបាតជើងពេលអាយុគភ៌កាន់តែច្រើនឡើង និងឥរិយាបទហាត់ប្រាណ ការពារជង្គង់ចុះខ្សោយចំពោះអ្នកម្តាយមានគភ៌ មកជម្រាបជូន។

    ពេលមានគភ៌ ទាំងសេរីរាង្គ និងអ័រម៉ូនរបស់អ្នកម្តាយមានការប្រែប្រួល ការឈរ ឬដើរយូរៗលើស 30នាទី អាចនឹងហុចផលអាក្រក់ដល់សុខភាពអ្នកម្តាយបាន។

    បញ្ហា 4 យ៉ាង បើឈរ ឬ ដើរយូរ
    សន្លាក់ជង្គង់ចុះខ្សោយ៖ ជាមធ្យម ទម្ងន់ខ្លួនអ្នកម្តាយនឹងកើនឡើងក្នុងអំឡុងពេលតាំងគភ៌យ៉ាងតិច 11 – 15 គីឡូក្រាម ធ្វើឱ្យជង្គង់ត្រូវទទួលទ្រទម្ងន់ដែលចេះតែកើនឡើងរហូត 9 – 10 ខែនោះ និងថែមទាំងមានកិច្ចការងារត្រូវធ្វើទៀតផង។ រឹតតែអ្នកម្តាយដើរច្រើន ក៏នឹងរឹតតែធ្វើឱ្យទម្ងន់សង្កត់ចុះទៅលើជង្គង់ខ្លាំងឡើង ទើបអ្នកម្តាយច្រើនតែមានអាការឈឺសន្លាក់ជង្គង់ ស្រដៀងជង្គង់ចុះខ្សោយ ឬអាចនឹងកើតការចុះខ្សោយរបស់ជង្គង់មែនក៏អាចថាបានដែរ។

    វិធីកែខៃ
    – មិនគួរដើរច្រើន ឬ ដើរឡើងចុះជណ្តើរញឹកញាប់ទេ។
    – មិនគួរលើករបស់ធ្ងន់ៗ ឬ អង្គុយចោងហោងឡើយ។
    – គួរគ្រប់គ្រងទម្ងន់ឱ្យឡើងតាមដំណាក់កាលខណៈតាំងគភ៌ (មួយសប្តាហ៍ប្រមាណជា 0,5 គីឡូក្រាម) ព្រោះអាការឈឺនឹងខ្លាំងឡើងបើទម្ងន់ខ្លួនកើនឡើងខ្លាំងពេក។
    – ហាត់ប្រាណធ្វើឱ្យសាច់ដុំភ្លៅរឹងមាំដើម្បីទទួលទ្រទម្ងន់ខ្លួនជំនួសឆ្អឹងសន្លាក់ជង្គង់ដែលជាការការពារការកើតឆ្អឹងសន្លាក់ជង្គង់ចុះខ្សោយ ឬក្នុងករណីដែលកើតឡើងរួចហើយ ក៏នឹងជួយមិនឱ្យយ៉ាប់យ៉ឺនខ្លាំងជាងហ្នឹងទៀត និងបន្ថយអាការឈឺចាប់បាន។

    ឈាមស្ទះ ហើមជើង៖ អាយុគភ៌ 20 សប្តាហ៍ឡើងទៅ ស្បូននឹងតោងផ្អៀងទៅខាងស្តាំ ធ្វើឱ្យទៅសង្កត់លើសរសៃឈាមខ្មៅធំនៅក្នុងប្រឡោះត្រគាកដែលហូរនាំឈាមត្រឡប់ទៅបេះដូងវិញ និងចែកចាយឈាមល្អដើម្បីចិញ្ចឹមរាងកាយជាបន្ត នៅពេលត្រូវសង្កត់ជាប់ ការហូរវឹលរបស់ឈាមពីជើងផ្នែកខាងក្រោមត្រឡប់ទៅបេះដូងវិញធ្វើបានតិច ទើបធ្វើឱ្យឈាមស្ទះនៅនឹងជើង និងបាតជើង ធ្វើឱ្យកើតបញ្ហាជើង ឬបាតជើងហើមបានយ៉ាងងាយ ហើយបើអ្នកម្តាយរឹតតែឈរយូរៗ ឬដើរជាប់រហូតរយៈពេលយូរផងនោះ នឹងរឹតតែធ្វើឱ្យជើងហើមកាន់ខ្លាំងឡើង។

    វិធីកែបញ្ហា
    – ចៀសវាងការឈរយូរៗ ឬដើរជាប់រហូតរយៈពេលយូរ។
    – ចៀសវាងការអង្គុយសំយ៉ុងជើងយូរៗ គួរអង្គុយដាក់ជើងឱ្យខ្ពស់ ដូចជា ដាក់ជើងសណ្តូកលើកៅអី ជាដើម។
    – ខណៈពេលគេងលក់ គួរយកខ្នើយ ឬភួយមកដាក់ទ្រជើងឱ្យខ្ពស់ នឹងជួយឱ្យឈាមហូរវឹលបានល្អឡើង។
    – បើសិនមានអាការហើមជើង ហើយឈឺ ចូរត្រាំជើងក្នុងទឹកក្តៅឧណ្ហៗមុនពេលចូលគេង នឹងជួយកាត់បន្ថយអាការឈឺឱ្យ
    ថយចុះបាន។

    ឥរិយាបថហាត់ប្រាណ ការពារជង្គង់ចុះខ្សោយ
    1/ ឈរត្រង់ ដៃចាប់បង្អែកកៅអី ទម្លាក់ខ្លួនចុះឱ្យជង្គង់បញ្ជុចចុះបន្តិច ស្ថិតក្នុងឥរិយាបថបែបនោះដោយរាប់ 3 – 6 ហើយឈរត្រង់ឡើងវីញ រួចធ្វើដដែលៗ 3 – 6 ដង។
    2/ អង្គុយលើកៅអី សណ្តូកជើងម្ខាង និងប្រឹងប្រមាណ 10 វិនាទី ហើយបញ្ជុចជង្គង់ចុះ ហើយប្តូរទៅធ្វើជើងម្ខាងទៀត ធ្វើដដែលៗឱ្យបានច្រើនដង។

    សរសៃឈាមខ្វេរនៅនឹងជើង៖ គឺមានឈាមស្ទះនៅនឹងសរសៃឈាមខ្មៅ ធ្វើឱ្យសរសៃឈាមហើមប៉ោង អ្នកម្តាយអាចមានអាការរមាស់ ឬមានអារម្មណ៍ថារាងធ្ងន់ៗនៅនឹងជើង ដែលបណ្តាលមកពីស្បូនទៅសង្កត់ពីលើសរសៃឈាមខ្មៅធំក្នុងប្រឡោះឆ្អឹងត្រគាក និងបណ្តាលមកពីការប្រែប្រួលរបស់អ័រម៉ូនខណៈតាំងគភ៌ ធ្វើឱ្យពេលឈរ ឬអង្គុយសំយ៉ុងជើងយូរៗនឹងរឹតតែមានអាការនោះខ្លាំងឡើង។

    ក្រៅពីទម្ងន់ខ្លួនដែលកាន់តែកើនឡើងច្រើនហើយនោះ នៅលើអ្នកម្តាយដែលដើរច្រើន នឹងហុចផលឱ្យកជើង និងបាតជើងទ្រទម្ងន់ខ្លាំងឡើងដែរ ធ្វើឱ្យសរសៃប្រសាទត្រូវបានសង្កត់លើនៅម្តុំកជើង ទើបកើតអាការសរសៃបាតជើងរលាក ឈឺបាតជើងនៅពេលដើរ។

    វិធីកែបញ្ហា
    ចៀសវាងការឈរ ឬអង្គុយសំយ៉ុងជើងយូរៗ គួរក្រោកផ្លាស់ប្តូរឥរិយាបថរៀងរាល់ 30 នាទី ដាក់ក្រណាត់រឹត ( Support )នៅលើជើង កន្លែងដែលសរសៃឈាមខ្វេនោះ និងអ្វីដែលសំខាន់គឺ ចៀសវាងការពាក់ស្បែកជើងកែងចោត គួរពាក់ស្បែកជើងណាដែលពាក់ទៅស្រួល បាតរាប ក្រាស់ទន់ ការពាររអឹល និងទប់ទល់នឹងការពង្រីកខ្លួនរបស់ជើងបានល្អ។

    មិនមែនជារឿងពិបាកក្នុងការកាត់បន្ថយអាការឈឺចាប់ ឬការរលាកដែលកើតចេញពីការដើរក្នុងអំឡុងពេលតាំងគភ៌នោះឡើយ បើប្រតិបត្តិតាមវិធីខាងលើរហូតដល់ពេលក្រោយប្រសូត 3 ខែ នឹងជួយឱ្យរាងកាយឆាប់រឹងប៉ឹងឡើងវិញមិនខាន៕

  • ពេលមានគភ៌ តើត្រូវញ៉ាំអីដើម្បីឱ្យកូនសាច់សស្អាត?

    ពេលមានគភ៌ តើត្រូវញ៉ាំអីដើម្បីឱ្យកូនសាច់សស្អាត?

    មានបញ្ហាជាច្រើនរបស់អ្នកម្តាយមានគភ៌ដែលបារម្ភកង្វល់អំពីកូនតូចនៅក្នុងផ្ទៃ ទើបខំព្យាយាមស្វែងរកព័ត៌មានផ្សេងៗដែលណែនាំថាតើអ្វីទៅដែលញ៉ាំទៅហើយ កូនតូចនឹងមានសុខភាពល្អ សាច់ស្អាតនោះ ក៏ខំស្វះស្វែងទៅរកយកមកទទួលទានដើម្បីថែបំប៉នខ្លួនឯង និងកូនក្នុងផ្ទៃ ព្រោះចង់ឱ្យកូនចេញមកល្អស្អាតឥតខ្ចោះ និងរឹងប៉ឹងមាំមួនបំផុត។ តើបញ្ហាការហូបចុករបស់អ្នកម្តាយទាំងឡាយដើម្បីឱ្យកូនតូចមានសុខភាពល្អ និងស្អាតបាតមានអ្វីខ្លះនោះ មែន ឬមិនមែនយ៉ាងណា សូមអានអត្ថបទខាងក្រោមនេះជាបន្ត។

    ពេលមានគភ៌ តើញ៉ាំអ្វីទៅដើម្បីឱ្យកូនសាច់សស្អាត ឬក៏ញ៉ាំហឹរខ្លាំងពេកកូនតូចនឹងដុះសក់មកតិចស្តើងមែនឬ? ចំពោះបញ្ហានេះ អាហារការហូបចុកគ្មានផលប៉ះពាល់ទេ ការដែលទារកនឹងស ឬខ្មៅ សក់ស្តើង ឬសក់តិច គឺបណ្តាលមកពីពូជអម្បូរទាំងស្រុង តែអេះ!? ហេតុអីលោកប៉ាខ្មៅ អ្នកម៉ាក់ក៏ខ្មៅ តែកូនកើតចេញមកស្រាប់តែសស្គុសទៅវិញ? ពាក់ព័ន្ធនឹងរឿងនេះ តាមគោលការណ៍ខាងពូជអម្បូរអាចអធិប្បាយបានថា ដែលកូនតូចប្រសូតចេញមកសាច់សនោះ គឺដោយសារតែកូនបានទទួលហ្ស៊ែនអន់ពីឪពុក និងម្តាយហ្នឹងឯង នោះគឺមានន័យថា ទាំងឪពុក និងម្តាយមានបង្កប់នូវហ្ស៊ែនអន់ ដូច្នេះរឿងញ៉ាំអីដើម្បីឱ្យកូនស្បែកស ឬញ៉ាំអីហើយធ្វើឱ្យសក់ដុះក្រាស់ ឬស្តើងនោះ មិនមានលទ្ធផលពិសោធន៍ខាងវិទ្យាសាស្រ្តទេ តែអាចមានផលខាងផ្លូវចិត្ត ចំណែកឯការទទួលទានអាហារដែលមានរស់ជាតិហឹរពេក អាចបណ្តាលឱ្យអ្នកម្តាយមានគភ៌ឈឺពោះបាន។

    ពេលមានគភ៌ត្រូវញ៉ាំអីដើម្បីឱ្យកូនឆ្លាត និងមាំមួនបញ្ហានេះគឺជាបញ្ហាដំបូងគេរបស់អ្នកម្តាយមានគភ៌ក៏អាចថាបានដែរ អាហារការហូបចុករបស់អ្នកម្តាយមានគភ៌មានចំណែកខ្លាំងណាស់ គឺអ្នកម្តាយមានគភ៌ត្រូវតែបានទទួលសារធាតុអាហារឱ្យគ្រប់ 5 ប្រភេទក្រុម និងញ៉ាំថ្នាំថែបំប៉នគភ៌ដែលលោកគ្រូពេទ្យរៀបចំឱ្យ ត្រឹមតែប៉ុណ្ណឹង កូនតូចនៅក្នុងផ្ទៃក៏នឹងរឹងប៉ឹងមាំមួន និងមានវិវឌ្ឍនាការសមទៅតាមវ័យទៅហើយ។

    ពេលមានគភ៌ ញ៉ាំទឹកដូងនឹងជួយឱ្យខ្លួនប្រាណកូនគ្មានខ្លាញ់រំអិល តើមែន ឬមិនមែន? អ្នកម្តាយមានគភ៌ដែលញ៉ាំទឹកដូង នឹងធ្វើឱ្យការសាងខ្លាញ់រំអិលខ្លួនរបស់ទារកឡើងពណ៌ស ទើបធ្វើឱ្យអាចមើលទៅឃើញថាទារកប្រសូតចេញមកមានខ្លួនប្រាណស្អាត តែមិនមែនកើតចេញមកហើយកូនតូចគ្មានខ្លាញ់នោះទេ។ ទារកមានខ្លាញ់គ្រប់គ្នា ហើយខ្លាញ់រំអិលដែលស្រោបខ្លួនកូនតូចនេះ នៅមានប្រយោជន៍ជួយធ្វើឱ្យកូនតូចងាយស្រួលប្រសូតចេញមក និងថែមទាំងជួយសម្រួលសីតុណ្ហភាពរបស់រាងកាយទារកទើបនឹងកើតទៀតផង។

    អ្នកម្តាយមានគភ៌គ្រប់រូបសុទ្ធតែចង់ឱ្យកូននៅក្នុងផ្ទៃមានសុខភាពរឹងប៉ឹងមាំមួន និងល្អស្អាតឥតខ្ចោះគ្រប់គ្នាទាំងអស់ មែនទេចា៎ស? តែរឿងខ្លះដែលអ្នកម្តាយបានឮមកពីអ្នកដទៃ ហើយមិនប្រាកដក្នុងចិត្តថា ពេលទទួលទានហើយហុចផលល្អដល់កូនក្នុងផ្ទៃមែន ឬក៏អត់នោះ អ្នកម្តាយអាចយករឿងទាំងនោះទៅប្រឹក្សាជាមួយលោកគ្រូពេទ្យបាន ដើម្បីឱ្យបានសប្បាយចិត្ត៕