Tag: មជ្ឈមណ្ឌល

  • ផលប្រយោជន៍​ដែល​កម្ពុជា​អាច​​ទទួលបាន​ពី​ស៊ី​ហ្គេម​លើក​ទី 32

    ផលប្រយោជន៍​ដែល​កម្ពុជា​អាច​​ទទួលបាន​ពី​ស៊ី​ហ្គេម​លើក​ទី 32

    យោងតាម​អ្នកជំនាញ កម្ពុជា​ចំណាយ​ប្រា​ក់ជាង 100 លាន​ដុល្លារ​អាម៉េរិក ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) ដោយ «មិន​គិតថ្លៃ» ក្នុង​បំណង​លើកកម្ពស់​កិត្តិនាម​ប្រទេសជាតិ ជំរុញ​សកម្មភាព​វិនិយោគ និង​ទេសចរណ៍​យូរ​អ​ង្វេ​ង។

    កម្ពុជា​ចំណាយ​ប្រាក់​ប្រហែល 118 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32 ក្នុងនោះ​មានប្រហែល​ 7 លាន​ដុល្លារ​សម្រាប់​ការ​ស្នាក់នៅ ហូបចុក​របស់​ប្រតិភូ​កីឡា​នៃ​បណ្ដា​ប្រទេស​ដែល​ចូលរួម​ប្រកួត ព្រមទាំង​មិន​គិតថ្លៃ​សម្រាប់​ការចូល​ទស្សនា និង​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍។ នេះ​បើតាម សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (CAMSOC)។

    ថ្លែង​នៅក្នុង​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន​អន្តរជាតិ នៅឯ​មជ្ឈមណ្ឌល​ព័ត៌មាន​កណ្ដាល​​​នៃ​ស៊ី​ហ្គេម​លើក​ទី 32 កាលពី​ព្រលប់​ថ្ងៃទី 14 ឧសភា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់ CAMSOC បាន​អះអាងថា ស៊ី​ហ្គេម​លើក​ទី 32 គឺជា​ឱកាសល្អ​ដើម្បីឱ្យ​កម្ពុជា​ផ្សព្វផ្សាយ​អំពី​ប្រទេសជាតិ ពិសេស​គឺ​ទេសចរណ៍ វប្បធម៌ និង​ទំនាក់ទំនង​ការបរទេស។

    លោក អ៊ុច លាង អនុប្រធាន​នៃ​នាយកដ្ឋាន​សិក្សា​អាស៊ី អាហ្វ្រិក និង​មជ្ឈិមបូព៌ា នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា យល់ថា ការសម្រេចចិត្ត​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 និង​គោលនយោបាយ​មិន​គិតថ្លៃ បានរួម​ចំណែក​បង្ហាញ​អំ​ពីមុខ​មាត់​ ​កេរ្តិ៍ឈ្មោះ​ និង​ការរីកចម្រើន​ថ្មី​របស់​កម្ពុជា។ លោក​បញ្ជាក់ថា ប្រការនេះ​បង្ហាញ​ថា កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ធំ​ជា​លក្ខណៈ​អន្តរជាតិ។

    ប្រការនេះ​គឺ​ផ្ទុយ​ពី​ឆ្នាំ 2006 ដែល​កាលណោះ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាសថា កម្ពុជា​មិនអាច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី 26 ហើយ​បាន​បដិសេធ​ការអញ្ជើញ​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ 2015។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់ CAMSOC

    មកដល់​ឆ្នាំ 2015 ទើប គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប្រកាស​ជា​លើកដំបូង​ស្ដីពី​បំណង​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32។ ចាប់តាំងពី​ពេលនោះ​មក កម្ពុជា​ក៏​ចាប់ផ្ដើម​ត្រៀមខ្លួន​សម្រាប់​មហា​ព្រឹត្តិការណ៍​នេះ។

    ឆ្នាំ 2015 រាជរដ្ឋាភិបាល​អនុម័ត​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​​កាល​ណោះ​គ្រោង​នឹងត្រូវ​ចំណាយ 200 លាន​ដុល្លារ​អាម៉េរិក។ គម្រោង​នេះ​បាន​រួចរាល់​ជា​ស្ថាពរ​កាលពី​ខែសីហា 2021 ដោយ​ចំណាយ​ប្រាក់​អស់​ប្រហែល 160 លាន​ដុល្លារ។

    ក្រៅពី​ការលើកកម្ពស់​មុខមាត់​ប្រទេសជាតិ ស៊ី​ហ្គេម​លើក​ទី 32 ក៏​​នាំមក​នូវ​ផលប្រយោជន៍​ចំពោះមុខ និង​យូរអង្វែង​សម្រាប់​កម្ពុជា​ផងដែរ៕

  • ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    (ឥណ្ឌា) – ស្ពាន Chenab ដែលមាន​កម្ពស់ 359 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ក្នុង​តំបន់ Jammu និង Kashmir គ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ចុងខែ​ធ្នូ 2023 ឬ​ដើមខែ​មករា 2024។

    ស្ពាន​ដែលមាន​ប្រវែង 1,315 ម៉ែត្រ​នេះ ស្ថិតក្នុង​គម្រោង​នាំយក​បណ្ដាញ​ផ្លូវដែក​ទៅកាន់​តំបន់​ជ្រលង​ភ្នំ Kashmir។ ក្រៅពី​ស្ពាន Chenab គម្រោង​ផ្លូវដែក Udhampur-Srinagar-Baramulla (USBRL) ក៏មាន​ទាំង​ផ្លូវ​រូង​ក្រោម​ដី​វែង​ជាងគេ​ប្រចាំ​ប្រទេស និង​ស្ពាន​ខ្សែកាប​ដំបូង​សម្រាប់​ផ្លូវដែក​ឥណ្ឌា​ផងដែរ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNN។

    សម្រាប់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ស្ពាន Chenab និង​គម្រោង USBRL ជាដើម គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ការតភ្ជាប់​ក្នុងសង្គម ភ្ជាប់​តំបន់​ដាច់ស្រយាល​​ជាមួយ​នឹង​​ទីក្រុងធំៗ។ ការតភ្ជាប់ Kashmir និង​តំបន់​ដទៃទៀត​នេះ នឹង​ពង្រឹង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​កសិកម្ម​ក្នុង​តំបន់។

    មុន​នោះ ផ្លូវ​តែមួយ​ខ្សែ​គត់​ដែល​ត​ភ្ជាប់​តំបន់ Kashmir ជាមួយនឹង​តំបន់​នានា​នៅ​ឥណ្ឌា គឺ​ផ្លូវជាតិ Sringar-Jammu ប្រវែង 300 គីឡូម៉ែត្រដែល​បត់បែន​ខ្លាំង​។ ផ្លូវ​នេះ​ត្រូវ​បិទ​នៅ​រដូវរងា ហើយ​តែងតែ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍។

    ឥណ្ឌា​បាន និង​កំពុងតែ​វិនិយោគ​ជាច្រើន​ទៅលើ​ការស្ដារ និង​ធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។ កាលពី​ខែកុម្ភៈ 2023 លោក Modi បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ដំបូង​របស់​ផ្លូវ​ល្បឿន​លឿន​ប្រវែង 1,386 គីឡូម៉ែត្រ ត​ភ្ជាប់​រដ្ឋធានី​ញូវដែលី ជាមួយនឹង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មុម​បៃ។ ដំណើរការ​សាងសង់​ផ្លូវ​របៀងដឹក​ជញ្ជូន​​នៅ​ភាគ​ខាងលិច​ប្រទេស​​ក៏​កំពុង​ត្រូវបាន​ធ្វើឡើង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធនៃ​​​បណ្ដាញ​ផ្លូវដែក​នៅ​ឥណ្ឌា៕

  • គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

    គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

    ក្រុមហ៊ុន​ស្ថាបត្យកម្ម​ល្បីឈ្មោះ​របស់​អង់គ្លេស Foster + Partners បានលើកឡើង​គំនិត​ស្ដីពី​រចនាសម្ព័ន្ធ​យន្តហោះ​ថ្មី​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ដែល​ហោះ​ឡើង និង​ចុះចត​បញ្ឈរ​ត្រង់។

    ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹងថា ព្រលានយន្តហោះ​ថ្មី​នេះ​នឹង​ត​ភ្ជាប់​បណ្ដា​ទីតាំងល្បីៗរបស់​ឌូ​បៃ និង​ផ្ដល់​សេវាកម្ម​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន មិន​បញ្ចេញ​ឧស្ម័ន​ពុល។ ស្ថាបត្យកម្ម​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយមាន​កិច្ចសហការ​របស់​ក្រុមហ៊ុន Skyports Infrastructure ហើយ​ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid AI Maktoum ដែលជា​ព្រះរាជា​របស់​រាជាណាចក្រ​ឌូ​បៃ នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​ ក៏បាន​អនុម័ត​រួចរាល់។ ព្រលានយន្តហោះ​ថ្មី​នេះ តាម​គម្រោង​នឹង​ស្ថិត​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ​ឌូ​បៃ (DXB) ដែល​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អាកាសយានដ្ឋាន​បច្ចុប្បន្ន ក៏ដូចជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នានា។

    គំនូរ​ប្លង់​បង្ហាញថា ព្រលានយន្តហោះ​នេះ​ស្ថិតលើ​ផ្ទៃរាប​នៅ​ទី​ខ្ពស់ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការហោះ​ឡើង និង​ចុះចត។ អគារ​នានា​ស្ថិតនៅ​ជុំវិញ​ព្រលានយន្តហោះ​ដែល​ត​ភ្ជាប់​ជាមួយនឹង​បន្ទប់​រង់ចាំ​សម្រាប់​​អ្នកដំណើរ ព្រមទាំង​អាចឱ្យ​អ្នកដំណើរ​មើលឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​បណ្ដា​យន្តហោះ និង​ទីក្រុង​ទាំងមូល។ Foster + Partners ក៏​ជ្រើសរើស​ពណ៌​យ៉ាង​សម​ស្រប​ និង​វត្ថុ​ធាតុ​ធម្មជាតិ​សម្រាប់​ផ្នែក​ខាងក្នុង​អាកាសយានដ្ឋាន បង្កើតបានជា​បរិយាកាស​ធូរស្រាល និង​បរិស្ថាន​ស្និទ្ធស្នាល​នឹង​ធម្មជាតិ។

    កាលពី​ខែកុម្ភៈ ក្សត្រា​របស់​រាជាណាចក្រ​ឌូ​បៃ បានប្រកាសថា ស្ថានីយ​តាក់ស៊ី​ហោះ​ទាំងឡាយ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឌូ​បៃ បន្ទាប់​ពី​​រយៈពេល​បី​ឆ្នាំ​ទៀត​។

    ឌូ​បៃ​បាន​រៀប​ផែនការ​សម្រាប់​សេវាកម្ម​តាក់ស៊ី​ហោះ​មិន​បំភាយ​ឧស្ម័ន​ពុល​​តាំងពី​យូរ​មកហើយ និង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​បណ្ដា​ក្រុម​ហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អត្តរ​ជាតិ​ផងដែរ ពិសេស​គឺ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន៕

  • មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​ថ្មី នឹង​បញ្ចប់​ការសាងសង់​នៅ​ដំណាច់ឆ្នាំ2019

    មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​ថ្មី នឹង​បញ្ចប់​ការសាងសង់​នៅ​ដំណាច់ឆ្នាំ2019

    មន្ទីរពិសោធន៍​ថ្មី​មួយ​សម្រាប់​ធ្វើតេស្ត​ពិសោធ​ផលិតផល​ក្នុងស្រុក និង​ចេញ​លិខិតបញ្ជាក់​គុណភាព​នាំចេញ នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ដំណាច់ឆ្នាំ2019ខាងមុខ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ឯកឧត្តម ចមប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។

    ឯកឧត្ដម ចម ប្រសិទ្ធ បានឱ្យដឹង​នៅក្នុង​ដំណើរទស្សនកិច្ច​ទៅ​ទីតាំង​​មន្ទីរពិសោធន៍​ដែល​កំពុង​ត្រូវបាន​សាងសង់​ដោយបាន​ថ្លែងថា៖ “មន្ទីរពិសោធន៍​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ធំ និង​ទំនើប​បំផុត​មួយ​នៅ​កម្ពុជា និង​ជា​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​ទី2 នៅ​កម្ពុជា” ដោយ​ការសាងសង់​ត្រូវ​រំពឹងថា នឹង​បញ្ចប់​នៅ​ចុងឆ្នាំ2019 ហើយ​វា​នឹង​ក្លាយជា​គន្លឹះ​សំខាន់​ក្នុង​ការជំរុញ​សេដ្ឋកិច្ច និង​បង្កើត​ការងារ។

    ឯកឧត្តម ចម ប្រសិទ្ធ ពិនិត្យមើលទីតាំងមន្ទីរពិសោធន៍ឧស្សាហកម្ម

    បើតាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​បានឱ្យដឹងថា មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​នេះ​នឹង​ស្ថិតនៅក្រោម​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា(ISC ៖ The Institute of Standards of Cambodia) ហើយ​វា​នឹង​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​មន្ទីរពិសោធន៍ទំនើបៗដើម្បី​ពិសោធ​ផលិតផល​គ្រប់​ប្រភេទ​សម្រាប់​នាំចេញ និង​ធានាថា ផលិតផល​ទាំងនោះ​ត្រឹមត្រូវ​តាម​ស្តង់ដារ​
    ជាតិ និង​អន្តរជាតិ ហើយក៏​អាច​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផលផ្សេងៗទៀត​បានដែរ។

    លោក អ៊ុំ សុថា អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ប្រាប់​គេហទំព័រ​ឡា​រ៉ែ​ន​តាម​ទូរស័ព្ទ​ថា ការពង្រីក​សមត្ថភាព​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​នេះ​បានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី3 របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី5 ក្នុង​គោលបំណង​ចូលរួមចំណែក​ពង្រឹងគុណភាព​ផលិតផល​របស់​ខ្មែរ។

    លោក​បន្តថា គោលការណ៍​ដែល​យើង​ទៅធ្វើ-​ការប្រកួតប្រជែង​ខាងក្រៅ វា​ផ្តោតទៅលើ​គុណ​-ភាពជា​ចម្បង ដូច្នេះ​ដើម្បីឱ្យ​ប្រាកដថា ទំនិញ​យើង​ត្រូវ​ស្តង់ដារ​ឬ​នៅ? យើង​ត្រូវ​លើកទឹកចិត្ត​ផ្នែក​ឯកជន ធ្វើយ៉ាងណា​ឱ្យ​គាត់​ងាក​មក​ផលិត​តាម​ស្តង់ដារ ដែល​អាច​ជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ក៏បាន​និង​ប្រកួតប្រជែង​ក្នុងស្រុក​ក៏បាន គឺ​យើង​ត្រូវ​ពង្រីក​សមត្ថភាព​ក្នុង​មន្ទីរពិសោធន៍​ឧស្សាហកម្ម​កម្ពុជា។

    លោក​បញ្ជាក់ថា កន្លងមក​យើង​មាន​មន្ទីរពិសោធន៍​ឧស្សាហកម្ម​ចាស់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ5 តែមាន​ទំហំ​តូច និង​ឧបករណ៍​ក៏​មិន​ទំនើប​ដែរ។ ថ្វីដ្បិតតែ​មន្ទីរពិសោធន៍​យើង​ត្រូវបាន​ទទួលស្គាល់​ពី​ស្ថាប័ន​ពិសោធន៍​អន្តរជាតិ ទទួលបាន​ISOពី​អង្គការ​ស្តង់ដារ​អន្តរជាតិ​ហើយ​ថា មន្ទីរពិសោធន៍​របស់​យើង​មានលទ្ធភាព សមត្ថភាព​វាយតម្លៃ និង​ធ្វើ​ពិសោធលើ​ផលិតផល​របស់​យើង​បាន​មែន​ក្ដី តែ​នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​ទំហំ​រោងចក្រ-សិប្បកម្ម​ដែល​កំពុង​រីកចម្រើន​នាពេល​សព្វថ្ងៃ-នេះ​ទេ ព្រោះ​គ្រាន់តែ​រោងចក្រ យើង​មាន​ប្រមាណ​ជាង1,600កន្លែង ឯ​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ប្រមាណ​ជា10ម៉ឺន ដូច្នេះ​ការពង្រីក​មន្ទីរពិសោធន៍​ថ្មី​ជាការ​ចាំបាច់​ណាស់។

    លោក​បន្តថា គម្រោង​នេះ​ថ្មី តែ​អង្គភាព​មិនមែន​ថ្មី​ទេ ដែលថា​ថ្មី​នោះ​គឺ ការពង្រីក​សមត្ថភាព​ព្រោះ​មន្ទីរពិសោធន៍​ថ្មី​នេះ​នឹង​ត្រូវបាន​បង្កើតឡើង​ដោយមាន​កម្ពស់ 7ជាន់ ដែលមាន​សមត្ថភាព​ធំ​ជាង​មុន និង​បំពាក់​ដោយ​ឧបករណ៍ទំនើបៗជាង​បន្ទប់ពិសោធន៍​ដែលមាន​ស្រាប់​នៅក្នុង​ខណ្ឌឫស្សីកែវ​នោះ និង​ប្រហែលជា​ត្រូវ​ចំណាយ​ច្រើន​ទៀតផង តែ​យើង​ក៏មាន​បណ្តា​ប្រទេស​ជាច្រើន​ចង់​ជួយ​ជា​ឧបករណ៍​ពិសោធន៍ទំនើបៗដែរ ប៉ុន្តែ​ដោយសារ​យើង​មិនទាន់មាន​មន្ទីរពិសោធន៍ធំៗដែល​អាចដាក់​ឧបករណ៍​ពិសោធន៍ទំនើបៗទាំង​នោះបាន ទើប​យើង​ត្រូវខិតខំ​រៀបចំ​ទីតាំង​ថ្មី​នេះ​សិន។

    អ្នកនាំពាក្យ​ក្រសួង​រូបនោះ​បានបញ្ជាក់​ទៀតថា៖ “គោលបំណង​របស់​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ថ្មី​របស់​យើង គឺ​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ផលិតកម្ម​ក្នុងស្រុក ក្នុង​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​ទាំងមូល”។ លោក​បាន​បន្ថែមថា រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​ធ្វើការ​ចរចា​ជាមួយ​ប្រទេស​អ្នកទិញ​ដើម្បីឱ្យ​ពួកគេ​ទទួលស្គាល់​លទ្ធផល​នៃ​មន្ទីរពិសោធន៍​នេះ។

    លោក​បញ្ជាក់ថា មន្ទីរពិសោធន៍​ថ្មី​នេះ​នឹងត្រូវ​ធ្វើឱ្យ​ដំណើរការ តែ​រោងចក្រ-សហគ្រាស​ត្រូវ​បង់ថ្លៃ​សេវា​តាម​មុខទំនិញ ឬ​ផលិតផល​ដែល​ខ្លួន​បាន​ផលិតប៉ុន្តែ​មានពេលខ្លះ​ផលិតផល​ដែល​ត្រូវ​វិភាគ​យើង​មិន​ទាមទារ​ឱ្យមាន​ការបង់ថ្លៃ​សេវា​ទេ ឧទាហរណ៍​ដូចជា​ផលិតផល​មាន​ជាតិពុល ឬ​ផលិតផល​ដែល​យើង​សង្ស័យ ក្រុមអធិការកិច្ច​យើង​នឹង​ចុះទៅ​ធ្វើ​តែម្តង ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​សាធារណៈ។

    លោក​បញ្ជាក់ថា មួយវិញទៀត វា​គឺជា​តម្រូវការ​មួយ​ដែល​យើង​ត្រូវធ្វើ​ពិសោធឱ្យគេ និង​ជូន​ដល់​វិស័យ​ឯកជន​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ឱ្យ​អតិថិជន​ថា តើ​ផលិតផល​របស់​ពួកគេ​ត្រូវ​តាម​កម្រិតស្តង់ដារ និង​មាន​គុណភាព​គ្រប់គ្រាន់​ឬទេ? គេ​ត្រូវយក​ផលិតផល​នោះ​ទៅ​មន្ទីរពិសោធន៍ ដើម្បី​គេ​ទទួលបាន​វិញ្ញាបនបត្រ​ដែល​បញ្ជាក់​ពី​ផលិតផល​របស់គេ។នៅពេល​គេ​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណ-ភាព​នៃ​ផលិតផល​ពី​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​យើង​ហើយ ផលិតផល​របស់​ក្រុមហ៊ុន-សហគ្រាសទាំងនោះ​នឹងមាន​កម្រិតស្តង់ដារ​ត្រឹមត្រូវ​តែម្តង។

    លោក​បាន​បន្ថែមថា វិស័យ​ឯកជន គាត់​នឹង​លែង​ព្រួយបារម្ភ​ពី​បញ្ហា​នាំ​ផលិតផល​ចេញ​ទៀតហើយ ព្រោះ​ផលិតផល​ដែល​បាន​ឆ្លងកាត់​មន្ទីរពិសោធន៍​ថ្មី​នេះ​នឹងមាន​ការទទួលស្គាល់​ជា​អន្តរជាតិ ដោយហេតុថា មន្ទីរពិសោធន៍​ថ្មី​របស់​យើង​នេះ​មានការ-​ទទួលស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ​រួចហើយ។ យើង​កំពុង​រង់ចាំ​មន្ទីរពិសោធន៍​ថ្មី​ដែល​យើង​រំពឹងថា នឹងធ្វើ​ឱ្យអ្វីៗកាន់​តែមាន​ភាពប្រសើរ​ឡើង និង​កាន់តែ​ងាយស្រួល​សម្រាប់​យើង ព្រោះអ្វីៗដែល​យើង​រំពឹងទុក និង​ចាប់​ផ្តើមធ្វើ​នេះ គឺ​ក្នុង​គោលបំណង​ជួយ​ដល់​វិស័យ​ឯកជន​ក្នុងទិសដៅ​ជំរុញ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​យើង៕