Tag: ភ្លោះ

  • ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 1)

    ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 1)

    ការសម្រេចចិត្តមានគភ៌(យកបុត្រ)គឺជារឿងមួយដែលស្រ្តីទាំងឡាយបានគិតគូរ ពិចារណា និងថែមទាំងបានពិភាក្សាជាមួយគូជីវិត(ស្វាមី)យ៉ាងល្អិតល្អន់ច្បាស់លាស់ហើយទៀតផង។ ដូច្នេះខាងក្រោមតទៅនេះគឺជាចំណេះដឹងល្អៗដែលស្រ្តីទាំងឡាយគួរតែបានដឹងទុកជាចំណេះដឹងដើម្បីដំណើរជីវិតឱ្យបានល្អក្នុងអំឡុងពេលតាំងគភ៌(រយៈពេល 9ខែ) ព្រោះថា នៅពេលស្រ្តីមានគភ៌មានសុខភាពល្អទាំងកាយ និងចិត្តនោះ កូនសម្លាញ់ដែលនៅក្នុងផ្ទៃក៏នឹងមានសុខភាពល្អដូចគ្នាដែរ។

    1 . ស្រ្តីធាត់ ប៉ះពាល់ផ្លូវចិត្តទារក

    ការតាមដានលទ្ធផលថយទៅក្រោយវិញនៅលើមនុស្សចំនួន 2,303នាក់ដែលមានអាយុជាមធ្យម 20ឆ្នាំ និងមានបុរសជិតពាក់កណ្ដាលនោះ បានរកឃើញថា បន្ទាប់ពីកាត់ឥទ្ធិពលរឿងអាយុរបស់ម្ដាយ ការសិក្សា និងប្រាក់ចំណូល សភាវជ្រៀតជ្រែកនៅពេលប្រសូតចេញហើយ ការដែលពួកគេមានម្ដាយធាត់ ឬមានទម្ងន់ខ្លួនលើសពីកំណត់កម្រិតមុនពេលតាំងគភ៌នោះ បានបង្កើនភាពប្រថុយប្រថានដល់កូនដែលអាចនឹងមានអាការគិត ឬធ្វើអ្វីផ្ដេសផ្ដាស់នៅពេលមានអាយុ 20ឆ្នាំឡើង រហូតដល់ទៅ 54%ឯណោះ។

    យន្តការដែលនៅពីក្រោយសម្ព័ន្ធភាពនេះនៅមិនទាន់ប្រាកដច្បាស់នៅឡើយ តែអាចនឹងពាក់ព័ន្ធនឹងការដែលពួកគេមានម្ដាយធាត់ហើយបង្កើនភាពប្រថុយប្រថានដល់សភាវជ្រៀតជ្រែកនៅពេលកើត ជំងឺពាក់ព័ន្ធនឹងមេតាបូលីហ្ស៊ឹម និងម៉ូលីគុលដែលពាក់ព័ន្ធជាមួយការក្លាយរលាក ជាដើម។ ដូច្នេះហើយទើបការត្រៀមខ្លួនធ្វើជាអ្នកម្ដាយ ត្រូវចាប់ផ្ដើមតាំងពីពេលមុនតាំងគភ៌ឯណោះ ហើយភោជនាហារក៏រាប់ថាជាបច្ច័យមួយដែលនឹងនាំឆ្ពោះទៅរកការតាំងគភ៌ដែលទទួលបានជោគជ័យដែរ។

    2 . តើអាយុមានផលប៉ះពាល់ដល់ការតាំងគភ៌មែនឬ?

    សំណួរ ៈ តើអាយុមានផលប៉ះពាល់ដល់ការតាំងគភ៌មែនឬ? តើអ្វីដែលគេតែងនិយាយថា បើមានកូនពេលអាយុច្រើន កូនប្រសូតចេញមកហើយអាចនឹងមានសតិបញ្ញាមិនសូវល្អ(មិនសូវគ្រប់ទឹក) តើមែនឬទេ? និងព្រោះអ្វី?

    ចម្លើយ ៈ តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ស្រ្តីដែលតាំងគភ៌ក្រោយអាយុ 35ឆ្នាំឡើងទៅ មានឱកាសកើតបញ្ហាក្នុងការតាំងគភ៌ទាំងលើម្ដាយ និងទារក ច្រើនជាងស្រ្តីដែលតាំងគភ៌ក្នុងអាយុតិចជាង 35ឆ្នាំ ហើយបញ្ហាមួយទៀតនោះក៏គឺ ភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងគភ៌ ដូចជាមានឱកាសក្នុងការកើតមកមានបញ្ហាខាងខួរក្បាល និងរាងកាយបាន ដូច្នេះបើស្រ្តីណាម្នាក់តាំងគភ៌ក្រោយអាយុ 35ឆ្នាំនោះ គ្រូពេទ្យនឹងធ្វើការពិនិត្យទឹកភ្លោះដើម្បីវិនិច្ឆ័យទារកក្នុងគភ៌ថា តើមានភាពខុសប្រក្រតីខាងក្រូម៉ូហ្សូមឬទេ?។

    3 . ចង់បានកូនភ្លោះ ប្រុស1 ស្រី1 តើអាចធ្វើបានទេ?

    សំណួរ ៈ នាងខ្ញុំចង់បានកូនភ្លោះបែបប្រុស1 ស្រី1 តើសម័យនេះអាចធ្វើបានឬទេ?

    ចម្លើយ ៈ ការមានកូនភ្លោះ ជាការតាំងគភ៌ដែលមិនប្រក្រតីតាមធម្មជាតិ ដែលនឹងមានបញ្ហាកើតឡើងជាច្រើនក្នុងអំឡុងការមើលថែទាំគភ៌ ដូច្នេះប្រហែលជាពិបាកខ្លាំងណាស់ដែលនឹងមានលោកគ្រូពេទ្យណាម្នាក់ធ្វើបានតាមស្តង់ដារខាងវេជ្ជសាស្រ្តអាចផ្ដល់សេវាកម្មដល់អ្នកស្រីបានតាមតម្រូវការនេះ។ តែបើតាមទ្រឹស្ដីវិញ គឺអាចធ្វើបានដោយការធ្វើបដិសន្ធិខាងក្រៅរាងកាយ ដែលគេហៅថាទារកបំពង់កែវ និងពិនិត្យមើលក្រូម៉ូហ្សូមភេទពេលដែលនៅជាតួកំណើត មុននឹងដាក់ចូលទៅវិញ។ យ៉ាងណាក៏ដោយ ទោះជាដាក់ចូលទៅវិញមែន តែប្រភេទប្រុស1 ស្រី1នេះក៏មិនបានមានន័យថា ទាំងពីរនឹងចម្រើនធំធាត់ប៉ុនៗគ្នាដែរ អាចនឹងស្វិតមួយ ឬស្វិតទាំងពីរក៏មាន(ពិបាកថែទាំ) ហើយថ្លៃចាយវាយដ៏សែនថ្លៃកប់ពពកនោះក៏នឹងក្លាយជាអាសាឥតការទៅដែរ។

    4 . ផ្សែង និងក្លិនបារីបង្កគ្រោះថ្នាក់ដល់ទារកក្នុងគភ៌

    ក្នុងអំឡុងពេលតាំងគភ៌ ស្រ្តីមានគភ៌មិនគួរនៅជិតអ្នកជក់បារីជាដាច់ខាត ដើម្បីភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងផ្ទៃ ព្រោះសារធាតុផ្សេងៗពីផ្សែងបារិដែលអ្នកបានស្រូបចូលទៅដោយមិនបានជក់ដោយខ្លួនឯងនោះ មានផលប៉ះពាល់ខ្លាំងជាងសេពដោយខ្លួនឯងទៅទៀត ព្រោះវានឹងមានផលប៉ះពាល់ទាំងលើការចម្រើនធំធាត់ និងវិវឌ្ឍនាការរបស់ទារកក្នុងគភ៌យ៉ាងពិតប្រាកដ គ្រាន់តែថាតិច ឬច្រើនតែប៉ុណ្ណឹងឯង។ ក្រៅពីនេះនៅមានការសិក្សាស្រាវជ្រាវនៅលើសត្វពិសោធន៍ដែលបានរកឃើញថា បើសិនទទួលបានសារធាតុពុលពីផ្សែងបារី នឹងធ្វើឱ្យងាយនឹងកើតសភាវរលូតបុត្រខ្លាំងឡើង មានឱកាសប្រសូតបុត្រដែលមិនសមប្រកបមុនពេលកំណត់ឬទារកក្នុងគភ៌អាចនឹងកើតមកពិការតាំងពីកំណើតក៏មាន។ វិធីដែលល្អ អ្នកគួរឱ្យស្វាមីរបស់អ្នកចេញទៅជក់បារីនៅខាងក្រៅផ្ទះ ក្នុងកន្លែងដែលស្រឡះ និងហាមជក់បារីនៅក្នុងផ្ទះជាដាច់ខាត រួមទាំងនៅក្នុងរថយន្តដែលអ្នកជិះជាមួយទៀតផង។

    5 . ស្រ្តីមានគភ៌គេងលក់ស្រួល នឹងធ្វើឱ្យទារកក្នុងគភ៌គេងលក់ស្រួលដែរឬទេ?

    ការគេងលក់របស់មាតា ក្រៅពីនឹងជួយមិនឱ្យនឿយល្វើយអស់កម្លាំងហើយ ក្នុងអំឡុងពេលសម្រាកគេងលក់នោះនៅធ្វើឱ្យឱ្យការហូរវិលរបស់លោហិតក្នុងរាងកាយឆ្ពោះទៅរកស្បូនដំណើរការបានល្អផងដែរ ធ្វើឱ្យទារកក្នុងគភ៌បានទទួលសារធាតុអាហារ និងអុកស៊ីហ្ស៊ែនក្នុងបរិមាណដែលគ្រប់គ្រាន់នឹងតម្រូវការក្នុងការចម្រើនធំធាត់ឡើងនៅក្នុងគភ៌។ ខណៈពេលជាមួយគ្នា នៅពេលដែលស្រ្តីមានគភ៌គេងលក់ស្រួល រាងកាយក៏នឹងសម្រាក ផ្លូវចិត្តក៏នឹងធូរស្រាលដូចគ្នា ទារកពិតជានឹងបានដឹងតាំងពីនៅក្នុងគភ៌អំពីសេចក្ដីសុខរបស់មាតាដែលកំពុងពពោះ ទារកក៏នឹងមានសេចក្ដីសុខសប្បាយទៅជាមួយដែរ ធ្វើឱ្យមានវិវឌ្ឍនាការខួរក្បាលល្អ។ ដូច្នេះហើយទើបកុមារដែលកើតចេញពីម្ដាយដែលមានសេចក្ដីសុខកាយសប្បាយចិត្ត មិនធុញថប់តានតឹងខឹងច្រើន និងគេងសម្រាកបានគ្រប់គ្រាន់គឺជាកុមារដែលងាយស្រួលចិញ្ចឹម និងមានសុខភាពរឹងមាំល្អហ្នឹងឯង៕

    (នៅមានត)

  • ទោះអាយុច្រើន ក៏មានគភ៌ដោយសុវត្ថិភាពបានដែរ…

    ទោះអាយុច្រើន ក៏មានគភ៌ដោយសុវត្ថិភាពបានដែរ…

    ដោយឡៃហ្វ៍ស្តាយល៍របស់ស្រ្តីសម័យថ្មីដែលនៅមានអារម្មណ៍សប្បាយ និងចង់សាកល្បងជាមួយជីវិតការធ្វើការងារឱ្យបានយូរ ឬអ្នកខ្លះទៀតជានាងក្រមុំរើសច្រើនដែលនៅមិនទាន់ជួបបុរសត្រូវចិត្តនោះ ធ្វើឱ្យការសាងក្រុមគ្រួសារ និងការរៀបការក្រកើតឡើង ឱកាសក្នុងការនឹងមានបញ្ហាពាក់ព័ន្ធជាមួយការតាំងគភ៌ និងបញ្ហាផ្នែកសុខភាពរបស់ទារកពិតជាមានភាពអាចទៅរួចខ្ពស់។

    វេជ្ជបណ្ឌិតជំនាញផ្នែកស្រ្តី និងសម្ភពបានឱ្យដឹងថា ស្រ្តីដែលតាំងគភ៌នៅពេលខ្លួនអាយុច្រើន មានភាពប្រថុយប្រថានខ្ពស់ដោយសារកូននឹងកើតភាពខុសប្រក្រតីរបស់ចំនួនក្រូម៉ូហ្សូមដែលនឹងនាំឆ្ពោះទៅរកក្រុមអាការរលូតបាន ដោយសារតែការធ្វើការរបស់សម្បុកស៊ុតញីនឹងចុះខ្សោយនៅពេលស្រ្តីមានអាយុច្រើនឡើង ជាពិសេសក្នុងអំឡុងអាយុ 35ឆ្នាំឡើងទៅ ដោយពេទ្យនឹងផ្ដល់ការណែនាំ ដើម្បីជោះយកទឹកភ្លោះមកពិនិត្យរកមើលភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូមក្នុងអំឡុងអាយុគភ៌ប្រមាណ 17 – 22សប្ដាហ៍។ ស្រ្តីមានគភ៌គួរប្រាប់ និងប្រឹក្សាសុំការណែនាំពីគ្រូពេទ្យដើម្បីបានទទួលព័ត៌មានអំពីការតាំងគភ៌របស់ខ្លួនឱ្យបានច្រើនបំផុត និងពិភាក្សារួមគ្នាអំពីភាពប្រថុយប្រថានដែលអាចនឹងកើតឡើងចំពោះទារក និងការថែទាំរក្សាដែលត្រឹមត្រូវជាបន្ត។

    ក្រៅពីនេះ ការតាំងគភ៌នៅពេលអាយុច្រើន នៅធ្វើឱ្យកើតបញ្ហាទងសុកធ្លាក់ចុះទាប ទងសុករបកមុនពេលប្រសូត អ្នកខ្លះអាចកើតភាពខុសប្រក្រតីរបស់សរសៃឈាមដែលហូរទៅចិញ្ចឹមនៅទងសុក និងខ្លួនទារក ដែលជាហេតុធ្វើឱ្យទារកមានខ្លួនតូច និងមានសភាវក្រធំ ឬធំយឺតនៅក្នុងគភ៌ពិតជាអាចកើតឡើងខ្ពស់ ឬស្រ្តីខ្លះទៀតកើតរោគទឹកនោមផ្អែមខណៈមានគភ៌ដែលនឹងរកឃើញថា ទារកនឹងមានខ្លួនធំ និងពិបាកប្រសូតធ្វើឱ្យធ្លាក់ឈាមច្រើនក្រោយពេលប្រសូតបាន។

    ការពិនិត្យសុខភាពមុនពេលតាំងគភ៌មានភាពចាំបាច់ និងជួយកាត់បន្ថយក្ដីកង្វល់បានច្រើន ដោយសារតែដល់ពេលអាយុច្រើនឡើង ក៏នឹងមានជំងឺលើសឈាម ឬទឹកនោមផ្អែមខណៈពេលមានគភ៌កើតឡើងដែរ ហើយបើមានគភ៌នៅពេលអាយុច្រើនជាង 25ឆ្នាំផងនោះ នឹងកើតជំងឺទឹកនោមផ្អែម និងលើសឈាមខ្លាំងជាងមនុស្សទូទៅដល់ទៅ 2ដង ដូច្នេះការឃុំគ្រងការពារជំងឺមុនការតាំងគភ៌នឹងជួយកាត់បន្ថយជំងឺជ្រៀតជ្រែកទាំងនោះបាន៕

  • បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    ពិបាកចិត្តណាស់ កូនសម្លាញ់អត់ជុះច្រើនថ្ងៃមកហើយ តើកូនតូចកើតអីទៅ? តើមានវិធីណាធ្វើឱ្យកូនត្រឡប់មកបន្ទោបង់ដូចប្រក្រតីឡើងវិញខ្លះ សូមអ្នកម្ដាយថ្មោងថ្មីទាំងឡាយតាមដានដូចតទៅ។

    ទារកតាំងពីកើតដំបូង នឹងមានវិវឌ្ឍនាការ និងការរីកចម្រើនធំធាត់ក្នុងផ្នែកផ្សេងៗរបស់រាងកាយជារៀងរាល់ថ្ងៃ មិនថាតែប្រព័ន្ធខួរក្បាល និងសរសៃប្រសាទ ប្រព័ន្ធឆ្អឹង និងសាច់ដុំ រួមទាំងប្រព័ន្ធបន្ទោបង់ក៏មានការប្រែប្រួល និងភាពខុសប្លែកគ្នាទៅតាមអំឡុងវ័យនីមួយៗ រួមទៅដល់បច្ច័យផ្សេងៗ ដូចជាសារធាតុអាហារដែលបានទទួលក៏ហុចផលដល់ប្រព័ន្ធផ្សេងៗរបស់រាងកាយដូចគ្នា។ ឧទាហរណ៍ ដូចជា ទារកដែលបោះទឹកដោះម្ដាយនឹងជួយឱ្យបន្ទោបង់បានស្រួល ជុះញឹកញាប់ តែបើថ្ងៃណាដែលកូនតូចមិនបន្ទោបង់ដូចប្រក្រតីវិញនោះ លោកឪពុកអ្នកម្ដាយក៏មិនបាច់កង្វល់អ្វីដែរ ព្រោះការពិតទៅ ទាំងអស់នេះគឺជាធម្មជាតិរបស់ប្រព័ន្ធបន្ទោបង់នៅលើក្មេងទារកដែលមានលក្ខណៈដូចតទៅនេះ ៖

    ប្រព័ន្ធបន្ទោបង់របស់ទារក

    នៅលើទារកទើបប្រសូត តាំងពី 1 – 48 ម៉ោង នឹងមានការបន្ទោបង់ទឹកមូត្រ និងលាមកលើកដំបូងបំផុតរបស់ខ្លួនដែលហៅថា លាមកប្រផេះ មានលក្ខណៈពណ៌ខ្មៅលាយខៀវ ម៉ដ្ឋស្អិត ប្រកបដោយល្បាយផ្សេងៗដែលត្រូវរំលាយអំឡុងពេលនៅក្នុងផ្ទៃម្ដាយ ដូចជា កោសិកាជញ្ជាំងពោះវៀនតូច រោមខ្ចី ទឹករំអិល ទឹកភ្លោះ ទឹកប្រមាត់ និងទឹក។ តែបើទារកមិនទាន់ជុះលាមកប្រផេះនេះចេញមកក្នុងអំឡុង 48 ម៉ោងដំបូងនេះទេ គួរប្រញាប់យកទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការខុសប្រក្រតី ដូចជា ពោះវៀនណែនស្ទះជាដើម។

    ទារកនឹងជុះលាមកប្រផេះចេញមកអស់ក្នុងអំឡុងពេល 1 – 3 ថ្ងៃ តែទាំងអស់នេះអាស្រ័យលើការបានទទួលទឹកដោះក្នុងមួយថ្ងៃៗដែរ ដោយក្នុងអំឡុងពេល 1 សប្ដាហ៍ដំបូង ទារកនឹងជុះប្រមាណជា 5 – 12 ដងក្នុងមួយថ្ងៃ អាស្រ័យលើការឱ្យបៅ។ តែនៅពេលកូនអាយុ 1 ខែឡើងទៅ ពោះវៀនរបស់ទារកនឹងអភិវឌ្ឍ និងបឺតជញ្ជក់សារធាតុអាហារបានកាន់តែល្អឡើង និងអាចរំលាយទឹកដោះម្ដាយបានអស់ និងដោយសារតែទឹកដោះម្ដាយគ្មានរបស់សំណល់ និងកាកច្រើន ទើបមិននៅសល់កាកអាហារសម្រាប់បន្ទោបង់ ធ្វើឱ្យកូនលែងសូវជុះ ក្មេងខ្លះអាចយូរច្រើនថ្ងៃ ឬយូរដល់ 2 – 3 សប្ដាហ៍ក៏មាន ដែលអាចនិយាយបានថា ជាអាការប្រក្រតីរបស់ទារក។

    តែយ៉ាងណាក៏ដោយ ទារកដែលបៅដោះម្ដាយក៏មានសិទ្ធិទល់លាមកបានដែរ រួមទៅដល់ទារកដែលប្ដូរពីបៅទឹកដោះម្ដាយមកជាទឹកដោះគៅម្សៅភ្លាមៗ ក៏មានចំណែកធ្វើឱ្យប្រព័ន្ធបន្ទោបង់របស់កូនប្រែប្រួលបានដូចគ្នា។ នោះគឺដោយសារតែនៅក្នុងទឹកដោះគោម្សៅមានអត្រាចំណែករបស់កាបូហាយដ្រេត និងប្រូតេអ៊ីនខ្ពស់ជាងទឹកដោះម្ដាយ ធ្វើឱ្យពិបាករំលាយ និងហុចផលឱ្យកូនទល់លាមកបាន។

    ក្រៅពីនេះការឱ្យញ៉ាំអាហារបន្ថែមមួយចំនួនដែលមិនស័ក្តិសមជាមួយកូន ក៏អាចធ្វើឱ្យកូនទល់លាមកបានដូចគ្នា ទើបឪពុកម្ដាយគួរសង្កត់ធ្ងន់លើអាហារបន្ថែមណាដែលមានជាតិកាកសរសៃខ្ពស់ និងបញ្ចុកឱ្យញ៉ាំជាបណ្ដើរៗ ម្ដងបន្តិចៗដើម្បីឱ្យក្រពះរបស់កូនសម្របខ្លួន។ តែបើកូនតូចមានអាការទល់លាមកខ្លាំង ឬមានអាការទល់លាមកញឹកញាប់ និងលោកឪពុកអ្នកម្ដាយចង់ឱ្យកូនតូចត្រឡប់មកបន្ទោបង់ដូចប្រក្រតីវិញនោះ អាចជួយបានដោយវិធីដូចតទៅនេះ ៖

    វិធីជួយឱ្យកូនបន្ទោបង់ និងបំបាត់អាការទល់លាមក

    – ក្នុងករណីដែលទារកមានអាយុតិចជាង 6 ខែ នៅមិនទាន់អាចញ៉ាំបន្លែ និងផ្លែឈើបាន អ្នកម្ដាយត្រូវជាអ្នកញ៉ាំអាហារដែលមានប្រយោជន៍ ដូចជា បន្លែ និងផ្លែឈើដែលមានជាតិកាកសរសៃ និងជួយបញ្ចេញលាមក ជាពិសេស ល្ហុងទុំ ផ្លែអម្ពិលទុំ ក្រូច ទំពាំងបាយជូរ រួមទាំងញ៉ាំទឹកឱ្យបានច្រើនៗ ព្រោះអាហារទាំងអស់នេះអាចបញ្ជូនតាមរយៈទឹកដោះម្ដាយទៅដល់ទារកបាន ដែលនឹងជួយឱ្យកូនតូចបន្ទោបង់បានប្រក្រតី។

    – បើទារកមានអាយុលើស 6 ខែហើយ ចូរឱ្យញ៉ាំច្រើនៗ រួមទាំងឱ្យញ៉ាំបន្លែផ្លែឈើដែលស័ក្តិសម ដើម្បីជួយជំរុញការបន្ទោបង់។

    – សាកល្បងប្ដូរទឹកដោះគោ ដោយ​យកទឹកដោះគោណាដែលមានរូបមន្តជួយក្នុងរឿងបន្ទោបង់ដល់កូនតូច។

    – ឡារ៉ែនមិនណែនាំឱ្យស៊ុលតាមរន្ធគូទដើម្បីឱ្យកូនតូចបន្ទោបង់នោះទេ ព្រោះការសុលរន្ធគូទជាការរំខានកម្មវិធីការធ្វើការរបស់ពោះវៀនធំឱ្យធ្វើការខុសប្រក្រតី។

    – បើលោកឪពុកអ្នកម្ដាយធ្វើគ្រប់វិធីហើយ តែកូនតូចនៅតែមិនទាន់បន្ទោបង់ចេញមកជាយូរថ្ងៃទៀតនោះ ឡារ៉ែនណែនាំឱ្យទៅប្រឹក្សាគ្រូពេទ្យដើម្បីរកមូលហេតុជាបន្ត។

    ការបន្ទោបង់របស់កូន ជាពិសេសក្នុងអំឡុងវ័យទារករហូតទៅដល់អំឡុងវ័យ 5 ឆ្នាំ ជារឿងដែលលោកឪពុកអ្នកម្ដាយត្រូវតែយកចិត្តទុកដាក់ ព្រោះការបន្ទោបង់អាចបញ្ជាក់ពីសុខភាពរបស់កូនបាន ​ដូច្នេះទើបចាំបាច់ត្រូវតែមើលថែទាំរឿងអាហារការហូបចុក និងសុខភាពរបស់កូនតូចឱ្យល្អជាប់ជានិច្ច តែបើសិនជាសង្កេតឃើញថា កូនមានបញ្ហារឿងការបន្ទោបង់យ៉ាងធ្ងន់ធ្ងរនោះ គួរប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យកុមារដើម្បីវិនិច្ឆ័យរកមូលហេតុយ៉ាងដិតដល់ និងកុំបណ្ដោយទុកយូរ៕

  • Nokia 8 ៖ ថា​ភ្លោះ ភ្លោះ​មែន!

    Nokia 8 ៖ ថា​ភ្លោះ ភ្លោះ​មែន!

    ក្រោយពី​វិល​រក​មិត្ត​ចាស់​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក Nokia បានធ្វើឱ្យ​ពិភព​ស្មា​ត​ហ្វូ​ន​មានការ​ភ្ញាក់ផ្អើល​ឡើងវិញ បន្ទាប់ពី​វត្តមាន​ទូរស័ព្ទ Nokia 8 បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ត្រូវបាន​បង្ហាញខ្លួន​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ​ហើយ។ រូបរាង និង​សមត្ថភាព​របស់​ស្មា​ត​ហ្វូ​ន​នេះ វា​ដូច​ទៅនឹង​អ្វីដែល​ព័ត៌មាន​ចចាមអារ៉ាម​បាន​ចុះផ្សាយ​ស្ទើរ​គ្មាន​ខុស។

    ការឈាន​ជំហាន​ថ្មី​នេះ Nokia 8 ត្រូវបាន​បំពាក់​នូវ​បច្ចេកវិទ្យា​កាមេរ៉ា LensCarl Zeiss optic ពី​ក្រុមហ៊ុន Carl Zeiss AG របស់​អាល្លឺម៉ង់ ក្រោយពី​ចាប់ដៃគ្នា​ម្ដងទៀត​កាលពី​ខែ​មុន។ ស្មា​ត​ហ្វូ​ន​នេះ​មាន​អេក្រង់​ទំហំ 5.3 អ៊ី​ញ ប្រភេទ IPS LCD2.5D Gorilla Glass 5អាច​បង្ហាញ​រូបភាព​ដល់​កម្រិត QHD ដោយមាន​គែម​អេក្រង់​កោង​បន្តិច និង​មាន​តួខ្លួន​ផលិត​ពី​អាលុយមីញ៉ូម 6000 series រឹង​ដូច Nokia 6 ដែរ។

    ចំពោះ​កាមេរ៉ា​របស់​វា Nokia បានឱ្យដឹងថា វា​អាច​ថតរូប​បាន​ច្បា​ស់ទាំង​ខាងមុខ និង​ខាងក្រោយ ដោយ​ខាងក្រោយ​មាន​ទំហំ 13MP ទាំង 2 គ្រាប់ ដោយ​មួយ​ជា​ប្រភេទ​ពណ៌ មួយទៀត​ជាMonochrome1.12µm pixels f/2.0 Aperture។ កាមេរ៉ា​នេះ​ក៏មាន​ប្រើ​បច្ចេកវិទ្យា​ទប់​លំនឹង​នៅពេល​ថត optical image stabilization (OIS) និង Laser autofocus ។ ក្នុងនោះ​វា​ក៏មាន​មុខងារ​ពិសេស អាច Livestream វីដេអូ​ផ្ទាល់​ចូលក្នុង​YouTube និង Facebook ពី​កាមេរ៉ា​មុខក្រោយ​ក្នុងពេល​តែមួយ​ដែល​ក្រុមហ៊ុន​ហៅថា Dual-Sight ។

    Nokia ក៏បាន​បន្ថែម​មុខងារ​ថត​សំឡេង​ថ្មី OZO អាច​ថត​បាន​ទំហំ 360 ឌឺ​ក្រេ ប្រភេទ Surround ច្បាស់​ល្អ​លើស​បច្ចេកវិទ្យា Stereo ហើយ​មួយទៀត​ទូរស័ព្ទ​នេះ​ក៏មាន​សមត្ថភាព​អាច​ថត​វីដេអូ​ដល់​កម្រិត 4K បាន។ ដោយឡែក​សមត្ថភាព​ម៉ាស៊ីន Nokia 8 ប្រើ​នូវ​បន្ទះ​ឈី​ប Snapdragon 835 ទំហំ​ផ្ទុក 64GB និង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android 7.1 ចេញពី​ប្រអប់ ប៉ុន្តែ​វា​អាច Update ទៅ Android O ពេល​វា​ដាក់ចេញ​ជា​ផ្លូវការ។ ចំពោះ​តម្លៃ​ស្មា​ត​ហ្វូ​ន​នេះ​ត្រូវបាន​ក្រុមហ៊ុន​បង្ហើប​ថា មានតម្លៃ​ប្រមាណ 600 អឺរ៉ូ ប្រហែល​នឹង 700 ដុល្លារ ដោយ​ត្រៀម​ដាក់លក់​នៅក្នុង​ខែកញ្ញា​ខាង​មុននេះ៕