Tag: ភ្លោះ

  • សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងសុខភាពពេលមានគភ៌ ដែលស្រ្តីទាំងអស់គួរដឹង…

    សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងសុខភាពពេលមានគភ៌ ដែលស្រ្តីទាំងអស់គួរដឹង…

    ឡារ៉ែនជឿថា នារីៗយើងទាំងអស់ អ្នកណាៗក៏ត្រូវតែមានគ្រួសារ(ស្វាមី) និងត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះដូចគ្នា ដូច្នេះដើម្បីជាចំណេះដឹងសម្រាប់ត្រៀមខ្លួនក្នុងការមានគភ៌ និងដើម្បីថែរក្សាសុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃក្នុងអំឡុងពេលតាំងគភ៌នោះ ខាងក្រោមនេះគឺជាសំណួររបស់ស្ត្រីមានគភ៌ និងចម្លើយរបស់គ្រូពេទ្យជំនាញ ដែលឡារ៉ែនសូមលើកយកមកជម្រាបជូនសម្រាប់ស្ត្រីដែលកំពុងត្រៀមខ្លួនធ្វើជាម្ដាយថ្មោងថ្មីទុកជាចំណេះដឹង…។

    តើកុំព្យូទ័រ មានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃឬទេ?

    Q . មុនពេលមានផ្ទៃពោះ នាងខ្ញុំតែងអង្គុយលេងកុំព្យូទ័រជាច្រើនម៉ោងរៀងរាល់យប់ ដោយដាក់(កុំព្យូទ័រ លែបថប់)នៅចំ​ពីមុខក្បាល​ពោះ ឥលូវនេះ នាងខ្ញុំមានផ្ទៃពោះហើយ តែក៏នៅតែធ្វើបែបហ្នឹងរហូត…នាងខ្ញុំចង់សួរថា តើវាអាចមានបញ្ហា ឬគ្រោះថ្នាក់អ្វីដល់កូននៅក្នុងផ្ទៃឬក៏អត់?

    A . នៅមិនទាន់មានរបាយការណ៍ ឬលទ្ធផលនៃការស្រាវជ្រាវណាមួយនិយាយថា រលកកាំរស្មីពីកុំព្យូទ័រធ្វើឱ្យមានផលប៉ះពាល់ដល់ទារកដែល​នៅក្នុងផ្ទៃនៅឡើយ តែជាប្រក្រតីសម្រាប់ស្ត្រីមានគភ៌ លោកគ្រូពេទ្យតែងណែនាំមិនឱ្យដាក់វត្ថុអ្វីនៅលើក្បាលពោះ លើករបស់របរធ្ងន់ៗ ឬធ្វើលំហាត់ប្រាណក្នុងក្បាច់ដែលនាំឱ្យប៉ះពាល់ខ្លាំងដល់បរិវេណក្បាលពោះឡើយ។

    ស្ត្រីមានគភ៌ចូលចិត្តញ៉ាំអាហារហឹរៗ

    Q . ជាធម្មតា នាងខ្ញុំមិនញ៉ាំហឹរពេកទេ តែមានចម្ងល់ថា តើពិតមែនឬ បើអ្នកម្តាយញ៉ាំអាហារហឹរៗ នឹងធ្វើឱ្យទឹកភ្លោះឡើងក្តៅ និងធ្វើឱ្យកូនក្រហាយខ្លួន ពិបាកទ្រាំ?។

    A . រសជាតិរបស់អាហារដែលស្ត្រីមានគភ៌ទទួលទាន គ្មានផលប៉ះពាល់ដល់ទឹកភ្លោះទេ។

    មានផ្ទៃពោះ ហើយចង់ញ៉ាំផ្លែទុរេន

    Q . ក្នុងពេលមានផ្ទៃពោះ ស្រាប់តែចង់ញ៉ាំទុរេន មិនដឹងថាមកពីហេតុអ្វី? ចង់ញ៉ាំមែនទែន! នាងខ្ញុំចង់សួរគ្រូពេទ្យថា តើស្ត្រីមានគភ៌អាចញ៉ាំទុរេនបានទេ?

    A . ក្នុងខណៈពេលមានផ្ទៃពោះ បើស្ត្រីមានគភ៌គ្មានសភាវជ្រៀតជ្រែករបស់រោគផ្សេងៗដែលត្រូវមានចំណុចហាម​ឃាត់រឿងការទទួលទានអាហារទេនោះ ស្ត្រីមានផ្ទៃពោះអាចបរិភោគ​បាន តែគួរទទួលទានក្នុងបរិមាណដែលសមល្មម មិនត្រូវទទួលទានច្រើនជ្រុលហួសហេតុពេកទេ។

    ភេស្ជជៈកំប៉ុង និងស្ត្រីមានគភ៌

    Q . តើការផឹកទឹកភេស្ជជៈកំប៉ុងមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃយ៉ាងណាដែរ? ព្រោះនាងខ្ញុំទើបតែមានគភ៌លើកដំបូង ពេលរាងនឿយៗ ល្វើយៗ មានអារម្មណ៍ថា ចង់ញ៉ាំទឹកក្រូចកំប៉ុងមែនទែន។

    A . ទឹកភេស្ជជៈកំប៉ុង គឺជាទឹកផ្អែមៗ ដែលមានបញ្ចូលជាតិហ្គាស ខាបន់ដៃអុកសៃដ៍ សម្រាប់ស្ត្រីមានគភ៌ បើគ្មាន​សភាវជ្រៀតជ្រែកពីរោគផ្សេងៗដែលត្រូវមានចំណុចហាម​ឃាត់ក្នុងរឿងទទួលទានអាហារ ដូចជា សភាវនៃរោគទឹកនោមផ្អែម ក្នុងអំឡុងពេលមានគភ៌ ឬមានប្រវត្តិធ្លាប់កើតជំងឺក្រពះតាំងពីពេលមុនមានគភ៌ទេនោះ ក៏នៅតែអាចញ៉ាំបាន ព្រោះចំណែកផ្សំរបស់ហ្គាស ខាបន់ដៃអុកសៃដ៍ មិនមានបញ្ហាអ្វីទេ។ តែបើស្ត្រីមានគភ៌ណាដែលមានខ្យល់នៅក្នុងក្រពះច្រើន អាចធ្វើឱ្យមានអារម្មណ៍ណែនក្រពះ តឹងពោះ នៅមិនសុខ ឬអាចធ្វើឱ្យក្អួតបានទៀតផង ដូច្នេះគួរញ៉ាំឱ្យល្មមៗ កុំច្រើនជ្រុលពេក។

    ស្ត្រីមានគភ៌ត្រូវឆ្កែខាំ តើគួរចាក់វ៉ាក់សាំងការពារឬក៏អត់?

    Q . នាងខ្ញុំត្រូវឆ្កែដែលខ្លួនឯងចិញ្ចឹម ខាំ តើត្រូវទៅចាក់វ៉ាក់សាំងការពារឬក៏អត់ ព្រោះពេលនេះកំពុងមានផ្ទៃពោះផង?

    A . សូមណែនាំឱ្យទៅជួបលោកគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីពិនិត្យមើលស្នាមរបួស និងទទួលការចាក់វ៉ាក់សាំងការពារភ្លាមៗ។

    (នៅមានត)

  • ស្រ្តីមានគភ៌ ត្រូវត្រៀមខ្លួនឱ្យបានស្រេច 1ខែ មុនពេលប្រសូត…

    ស្រ្តីមានគភ៌ ត្រូវត្រៀមខ្លួនឱ្យបានស្រេច 1ខែ មុនពេលប្រសូត…

    នៅសល់ពេល 1ខែទៀតមុនឆ្លងទន្លេ គឺជាអំឡុងពេលនៃការទន្ទឹងរង់ចាំរបស់ស្រ្តីមានគភ៌គ្រប់រូប ដែលមានទាំងការរំភើបចិត្តផង ទាំងត្រេកអរផង ព្រោះជិតបានឃើញមុខកូនសម្លាញ់ តែខណៈពេលជាមួយគ្នាក៏មានអារម្មណ៍នឹកភ័យខ្លាចនឹង​ក្តីឈឺចាប់ដែលនឹងកើតមានឡើង ហើយនិងរឿងផ្សេងៗជាច្រើនទៀត។ តែអ្វីទាំងអស់នេះ គ្រូពេទ្យជំនាញខាងសម្ភពនឹងមកជម្រាបអនាគតអ្នកម្តាយថ្មោងថ្មី ដែលនៅមិនទាន់មានបទពិសោធក្នុងរឿងនេះថា តើត្រូវត្រៀមខ្លួនយ៉ាង​ណាខ្លះមុនពេលប្រសូតដូចខាងក្រោមនេះ៖

    ឈានចូលដល់ខែទី 9

    ក្នុងអំឡុងពេលនេះ គ្រូពេទ្យនឹងណាត់ឱ្យទៅពិនិត្យគភ៌កាន់តែញឹកញាប់ឡើងរៀងរាល់សប្តាហ៍ ដើម្បី​​​​ពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចរបស់ស្រ្តីមានគភ៌ និងអាការផ្សេងៗដែលកើតមានឡើងថា តើប្រក្រតី ឬក៏អត់?។ ក្នុងអំឡុងពេលនេះ ស្រ្តីមានគភ៌​នឹងមានអាការឈឺពោះរាងធ្ងន់ៗនៅម្តុំក្រោមផ្ចិតនៅពេលដើរ ជើងនឹងហើមឡើង មានអារម្មណ៍ឈឺផ្សាៗនៅត្រង់ចុងដង្ហើមដោយ​សារតែអាស៊ីតរំលាយអាហារហូរបញ្រ្ចាស់ឡើង ព្រោះទំហំក្បាលពោះដែលធំឡើង ធ្វើឱ្យក្រពះត្រូវបានរុញឡើងមកលើ អា​ហារមិនសូវរំលាយ ឆ្អល់ណែនពោះ និងជួនកាលអាចត្រូវភ្ញាក់ឡើងកណ្តាលយប់ ព្រោះតែប្រគ្រីវកាច់ជើង រហូតដល់ត្រូវដាស់លោកប្តីឱ្យជួយរឺតជើងឱ្យទៀតផង។

    ត្រៀមខ្លួនជាស្រេច មុនពេលប្រសូត

    ការត្រៀមរួចជាស្រេចទាំងរាងកាយ ផ្លូវចិត្ត និងរបស់របរប្រើប្រាស់ផ្សេងៗ នឹងជួយឱ្យស្រ្តីមានគភ៌ទៅប្រសូតបុត្របានយ៉ាងជឿជាក់ក្នុងចិត្ត និងមានអារម្មណ៍ធូរស្រាល ដូច្នេះ តើត្រូវត្រៀមរឿងអ្វីខ្លះនោះ សូមតាមដានជាបន្ត…ៈ

    1 .មន្ទីរពេទ្យ

    • ប្រឹក្សាជាមួយគ្រូពេទ្យជានិច្ច បើសិនមានបញ្ហាអ្វីគួរឱ្យសង្ស័យពាក់ព័ន្ធនឹងគភ៌របស់ខ្លួន។
    • អាចនឹងត្រូវសាកល្បងជិះរថយន្ត ដើម្បីប៉ាន់ស្មានរយ:ពេលធ្វើដំណើរពីផ្ទះទៅមន្ទីរពេទ្យ ឬរកមើលផ្លូវណាផ្សេងដែលងាយស្រួល និងលឿនជាងគេ ទុកបម្រុងនៅថ្ងៃឈឺពោះប្រសូតឱ្យរួចជាស្រេច។

    2 .ត្រៀមរាងកាយ

    • រឿងអាហារការហុបចុក គួរបរិភោគអាហារណាដែលមានប្រូតេអ៊ីនច្រើន ​ តែកាត់បន្ថយអាហារណាដែលមាន​រស​​ជាតិខ្លាំងៗ ដូចជា ប្រៃខ្លាំង ជូរខ្លាំង ជាពិសេស ហឹរ ព្រោះវានឹងធ្វើឱ្យស្រ្តីមានគភ៌ហើម។ គួរទទួលបន្លែផ្លែឈើរួមជាមួយ​ផង ដើម្បីកាត់បន្ថយអាការណែនឆ្អល់ពោះ។
    • គួរញ៉ាំថ្នាំបំប៉នតាមដែលគ្រូពេទ្យឱ្យមកឱ្យគ្រប់ ដូចជា ថ្នាំបំប៉នលោហិត វីតាមីនរួម និងកាល់​ស្យូម ជាដើម ព្រោះក្នុងអំឡុងពេលប្រសូត អ្នកម្តាយត្រូវបាត់បង់ឈាមច្រើន ហើយការញ៉ាំថ្នាំបំប៉ននឹងជួយធ្វើឱ្យអ្នកម្តាយឆាប់​ស្រួលខ្លួនឡើងវិញផង។
    • រកទិញរបស់របរប្រើប្រាស់ចាំបាច់ៗ ទាំងរបស់ម្តាយ និងរបស់កូនតូចទុកជាស្រេ​ច ព្រោះក្រោយពេលប្រសូតរួច ម្តាយមិនអាចមានពេលទៅដើររកទិញបានទេ។

    3 .ត្រៀមខ្លួនប្រសូត

    • ក្នុងករណីដែលស្ត្រីមានគភ៌មិនមានលក្ខណៈខុសប្រក្រតីខាងរាងកាយ ឬខាងវេជ្ជសាស្រ្តណាដែលតម្រូវឱ្យប្រសូតដោយការវះកាត់ទេនោះ ស្ត្រីមានគភ៌គួរតែប្រសូតតាមវិធីធម្មជាតិ។
    • កំណត់ផែនការក្រោយពេលប្រសូតទុកជាមុនថា តើត្រូវពន្យារកំណើត ឬលែងយកបុត្រទៀត ឬយ៉ាងណា? បើត្រូវពន្យារកំណើត(លែងយកបុត្រទៀត) គួរតែប្រាប់គ្រូពេទ្យឱ្យបានដឹងជាមុន ដើម្បីភាពងាយស្រួលក្នុងការត្រៀមខ្លួនរបស់គ្រូពេទ្យ ក្នុងការបំពេញតម្រូវការរបស់អ្នកប្រសូត។

    4 .ត្រៀមចិត្ត ត្រៀមថ្លើមទុកជាស្រេច

    • ស្រ្តីមានគភ៌(ពេលគ្រប់ខែ)ត្រូវត្រៀមខ្លួនទប់ទល់នឹងសភាវសោកសៅក្នុងចិត្តដែលអាចកើតឡើងក្រោយពេលប្រសូតរួច ដែលមានដូចជា អាចនឹងយំខ្សឹកខ្សួលពេញមួយថ្ងៃ ភ័យខ្លាចប្តីលែងស្រឡាញ់ និងត្រូវបោះបង់ចោល ខ្លាចខ្លួនលែងស្អាតដូច​កាលពីពេលមុន ជាដើម-ល និងកុំភ្លេចសួរពីវិធីកែបញ្ហានេះជាមួយគ្រូពេទ្យដើម្បីទុកប្រតិបត្តិតាមផង។

    អាការប្រាប់ឱ្យដឹងខ្លួន មុនពេលប្រសូតដែលស្រ្តីមានគភ៌ត្រូវតែដឹង…

    1. ឈឺពោះយ៉ាងខ្លាំងជាប់ជានិច្ច រៀងរាល់ 3នាទីម្ដង និងឈឺម្តងៗប្រហែលជា 40វិនាទី។
    2. មានឈាមចេញមកតាមរន្ធស្បូន (អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវទៅមន្ទីរពេទ្យដែរ)។
    3. មានទឹកភ្លោះហូរចេញមកតាមរន្ធស្បូន (អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវប្រញាប់ទៅមន្ទីរ​ពេទ្យដែរ) ព្រោះថង់ទឹកភ្លោះអាចបែកទៅហើយ បើទុកចោលយូរអាចនឹងធ្វើឱ្យឆ្លងមេរោគទៅដល់ទារកបាន។

    សភាវជ្រៀតជ្រែកមិនល្អដែលអាចកើតឡើង នៅពេលគ្រប់ខែ(មុនជិតដល់ពេលប្រសូត)…

    1. មានធ្លាក់ឈាម ជាសភាវដែលសុកធ្លាក់ចុះមកទាប ដោយសុកនឹងរំកឹលមកតោងនៅម្តុំមាត់​ស្បូន ឬផ្នែកក្រោមរបស់មាត់ស្បូន ធ្វើឱ្យមាត់ស្បូនដាច់រហែក ហើយមានឈាមហូរជ្រាបចេញមក។
    2. សម្ពាធឈាមឡើងខ្ពស់ ជាដើមហេតុរបស់សភាវគភ៌មានជាតិពុល នឹងធ្វើឱ្យអ្នកម្តាយហើមជើង ហើមមុខ អ្នកខ្លះមានឈឺក្បាលទៀតផង ដែលជាហេតុអាចបណ្ដាលឱ្យស្រ្តីមានគភ៌ប្រកាច់ ឬបែកសរសៃឈាមក្នុងខួរក្បាល។
    3. ទារកក្នុងគភ៌លែងសូវរើ ដែលអាចមានមូលហេតុមកពីសុកចាប់ផ្តើមធ្វើការខ្សោយ ឬខ្សែទងសុករុំ-កទារក ដែលជាសភាវគ្រោះថ្នាក់ចំពោះទារកខ្លាំងណាស់ ពេលជួបអាការដែលរៀបរាប់មកខាងលើនេះ ចូរប្រញាប់ទៅជួបគ្រូ​​ពេទ្យ​​ភ្លាមជាបន្ទាន់ ។

    នៅពេលត្រៀមរាងកាយរួចរាល់ ត្រៀមចិត្តរួចរាល់ហើយ…ពេលនេះអនាគតអ្នកម្ដាយថ្មោងថ្មីអាចទៅប្រសូតបុត្រដោយភាពជឿជាក់បានហើយ។ ក្តីឈឺចាប់ដែលកើតឡើងក្នុងពេលប្រសូត នឹងរលាយបាត់អស់ នៅពេលដែលអ្នកម្តាយថ្មោងថ្មីបានឃើញមុខកូន​សម្លាញ់ ហើយវានឹងក្លាយជាក្តីរំភើបសោមនស្សពេញក្នុងចិត្តវិញមិនខាន(អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្ត) និងខាងក្រោមនេះគឺ ការត្រៀមសម្ភារសម្រាប់ចូលមន្ទីសម្ភព…ៈ

    .សម្រាប់អនាគអ្នកម្តាយ

    1. ប័ណ្ណពិនិត្យសុខភាពគភ៌ និងអត្តសញ្ញាណប័ណ្ណ
    2. សំឡីអនាម័យ និង អាវក្នុងសំពាក់បំបៅកូន
    3. សម្លៀកបំពាក់ម្តាយសម្រាប់ស្លៀកពេលចេញពីមន្ទីរពេទ្យ
    4. អាហារ និងភេស្ជជៈ (ព្រោះក្រោយពេលឆ្លងទន្លេរួច អ្នកម្តាយនឹងឃ្លានខ្លាំងណាស់)
    5. កូនកាបូបតូចមួយសម្រាប់ដាក់គ្រឿងសម្អាង
    6. កន្សែងជូតមុខ និងកន្សែងពោះគោសម្រាប់ជូតខ្លួន
    7. កាមេរ៉ាថតរូប ក្នុងករណីដែលខាងមន្ទីរពេទ្យអនុញ្ញាតឱ្យថតរូបបាន។

    .សម្រាប់ទារក

    1. ក្រណាត់កន្ទប
    2. ខោអាវកូនតូច (សម្រាប់ទារកទើបកើត)
    3. ទឹកសាប៊ូសម្រាប់បោកជម្រះផ្សេងៗ
    4. កូនខ្នើយសម្រាប់ទ្រាប់ក្បាលកូនពេលបីបំបៅដោះ
    5. ក្រណាត់ ឬកន្សែងសម្រាប់រុំខ្លួនកូនសម្លាញ់ពេលត្រឡប់ទៅផ្ទះវិញ៕
  • បង្ហាត់កូនតូចឱ្យមានការវិវឌ្ឍទាំងរាងកាយ និងផ្លូវចិត្តដ៏ល្អតាំងពីនៅក្នុងគភ៌

    បង្ហាត់កូនតូចឱ្យមានការវិវឌ្ឍទាំងរាងកាយ និងផ្លូវចិត្តដ៏ល្អតាំងពីនៅក្នុងគភ៌

    ក្តីស្រឡាញ់ និងសម្ព័ន្ធទាក់ទងរវាងម្តាយ និងកូន…ចាប់ផ្តើមឡើងតាំងពីអ្នកម្តាយមានគភ៌ថ្មីៗ ភ្លាមៗម៉្លេះ អ្វីៗ​​​​គ្រប់​យ៉ាងដែលពាក់ព័ន្ធជាមួយអ្នកម្តាយសុទ្ធតែហុចផលទៅដល់កូនតូចក្នុងគភ៌ជានិច្ច ទាំងខាងរូបកាយ អារម្មណ៍ និងផ្លូវចិត្ត។ បើសិនជាស្ត្រីមានគភ៌មានសុខភាពផ្លូវចិត្តល្អ កូនតូចដែលនៅក្នុងគភ៌ក៏មានការវិវឌ្ឍល្អដែរ តែផ្ទុយទៅវិញ…បើស្ត្រីមានគភ៌ស្ថិតក្នុងសភាវផ្លូវចិត្តដែលមានភាពតឹងតែងធុញថប់ ឆាប់ខឹង ឬឆាប់ភ័យបារម្ភជាប់ជាប្រចាំ ​ដែលមួយចំណែកបណ្តាលមកពីកម្រិតអ័រម៉ូននៅក្នុងរាងកាយមានការប្រែប្រួល និងមួយចំណែកទៀតមកពីអារម្មណ៍ដែលចេះតែគិតថា ខ្លួនឯងនឹងចុះអន់ថយទាំងខាងរូបរាងកាយ មុខមាត់ និងការចងចាំនៅពេលតាំងគភ៌នោះ កូនតូចនៅក្នុងគភ៌ក៏នឹងបានទទួលផលប៉ះពាល់មិនល្អ រហូតដល់មានការវិវឌ្ឍយឺតយ៉ាវទៅតាមនោះដែរ។

    ដូច្នេះហើយទើបការត្រៀមខ្លួនធ្វើជាអ្នកម្តាយដ៏ល្អ គឺជារឿងមួយសំខាន់បំផុត និងអាចធ្វើបានយ៉ាងងាយៗដូចខាងក្រោមនេះ៖

    .ធ្វើចលនារាងកាយ…

    ជួយអភិវឌ្ឍខួរក្បាលកូន…ការធ្វើចលនានៅទីនេះមានន័យថា ធ្វើចលនារាងកាយយ៉ាងសមល្មមដែលនឹងហុច​ផលល្អដល់ទឹកភ្លោះនៅក្នុងស្បូន និងសភាពជុំវិញខ្លួនកូនតូចនៅក្នុងគភ៌ ធ្វើឲ្យកូនតូចមានអារម្មណ៍ដូចបានទទួលការប៉ះពាល់​ដោយដៃរបស់អ្នកម្តាយផ្ទាល់ ជួយអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទទទួលដឹង និងអារម្មណ៍ ហើយថែមទាំងមានការពត់ពេនខ្លួន​ប្រាណ​​​​​​​​ទៅតាមចង្វាក់ការធ្វើចលនារបស់ម្តាយទៀតផង។ តែចំណុចគួរប្រយ័ត្ន គឺកុំធ្វើចលនាខ្លាំងៗ និងច្រើន ឬយូរជ្រុល​ពេក ព្រោះនឹងធ្វើឱ្យកូនតូចមិនបានសម្រាក និងហត់តាមម្ដាយដែរ ហើយទារកនៅក្នុងគភ៌អាចនឹងបញ្ចេញអាការធាក់ ឬរើយ៉ាងធុញថប់ជាដើម។

    .សំឡេង…

    ជួយអភិវឌ្ឍអារម្មណ៍របស់កូន…ដោយសារប្រព័ន្ធសរសៃប្រសាទខាងការស្តាប់របស់កូនតូចក្នុងគភ៌ចាប់ផ្តើមធ្វើការពេលអាយុបាន 18សប្តាហ៍ និងការបានឮនឹងវិវឌ្ឍបន្តទៅទៀតជារឿយៗតាមលំដាប់នោះ រលកសំឡេងដែលមានគ្រោងសាងដ៏សក្តិសមល្អនឹងជួយជំរុញបណ្តាញសរសៃប្រសាទដែលពាក់ព័ន្ធជាមួយការបានឮឱ្យអភិវឌ្ឍប្រព័ន្ធការងារបានកាន់តែលឿនឡើង។ នៅពេលកូនតូចប្រសូតចេញមកហើយនឹងធ្វើឱ្យសមត្ថភាពក្នុងការរៀងលំដាប់ការគិតនៅក្នុងខួរក្បាល មានអារម្មណ៍ធូរស្រាល និងអាចចងចាំរឿងរ៉ាវផ្សេងៗបានយ៉ាងល្អ។

    ទារកនឹងមានការអភិវឌ្ឍសមត្ថភាពក្នុងការទទួលដឹងពាក់ព័ន្ធនឹងចង្វាក់របស់សំឡេងតាំងពីនៅក្នុងគភ៌ម្ដាយ អាចឆ្លើយតបនឹងសំឡេងដែលមានចង្វាក់លឿន និងយឺតបាន។ ចេះបែងចែកសំឡេងដែលធ្លាប់ស្គាល់តាំងពីនៅក្នុងគភ៌ម្ដាយ ដូចជាសំឡេង​ម៉ាក់ សំឡេងប៉ា ដែលបើសិនជាសំឡេងដែលល្អៗផងនោះ ទារកនឹងកើតក្តីសប្បាយចិត្ត និងមានអារម្មណ៍ល្អ។ ការដែលស្ត្រីមានគភ៌ឧស្សាហ៍និយាយជាមួយកូនតូចក្នុងផ្ទៃ រួមទាំងការបើកបទភ្លេងបំពេរផងនោះនឹងជួយសាងសម្ព័ន្ធភាពដ៏ល្អរវាងម្តាយ និងទារកបាន។

    .អាហារ…

    ជួយបង្កើនការអភិវឌ្ឍរបស់កូន…អាហារដែលអ្នកម្តាយទទួលទានចូលទៅ នៅមិនទាន់បញ្ជូនទៅដល់​ទារកភ្លាមៗទេ តែសារជាតិអាហារផ្សេងៗទាំងនោះនឹងស្ថិតនៅក្នុងខ្លួនអ្នកម្តាយ ព្រោះលំហូរវឹលនៃឈាមរបស់អ្នកម្តាយ និងកូននៅផ្សេងពីគ្នា តែមានចំណុចតភ្ជាប់គ្នាតាមរយ:ទងសុក ហើយសារធាតុអាហារដែលល្អៗនឹងត្រូវបឺតជញ្ជក់ទៅឱ្យកូនតាមរយ:ទងសុកនេះឯង។ ដូច្នេះបើអ្នកម្តាយចង់ឱ្យកូនបានទទួលសារធាតុអាហារដែលល្អ មានផលល្អដល់ការវិវឌ្ឍរបស់ទារកនោះ គួរតែទទួលទានអាហារឱ្យគ្រប់ 5ប្រភេទក្រុម ដើម្បី​ឱ្យកូនតូចអាចទាញយកទៅប្រើប្រាស់ក្នុងបរិមាណដែលគ្រប់គ្រាន់ ។

    ការដែលទារកអាចបឺតជញ្ជក់យកសារធាតុអាហារបានល្អ ឬមិនល្អនោះ វាអាស្រ័យនៅលើ​​​​​ទងសុកដែរ បើទងសុកមានទំហំ​តូច ការបឺតជញ្ជក់អាហារនឹងបានតិចជាងទងសុកដែលមានទំហំធំ តែវិធីដែលល្អបំផុតនោះគឺ អ្នកម្តាយត្រូវទទួលទានអា​ហារ​​ដែលមានប្រយោជន៍ឱ្យបានច្រើនបំផុត ដើម្បីមានផលល្អដល់ការវិវឌ្ឍរបស់ទារកនៅក្នុងគភ៌ ។

    ទារកនៅក្នុងគភ៌…គឺជាវ័យនៃការពឹងពាក់លើអ្នកម្តាយ មិនទាន់អាចជួយ ឬឆ្លើយតបនឹងតម្រូវការរបស់ខ្លួន​ឯង​បាន​​ទេ ដូច្នេះបើអ្នកម្តាយចិញ្ចឹម និងថែទាំយ៉ាងត្រឹមត្រូវនោះ វានឹងហុចផលឱ្យកូនតូចកើតមានអារម្មណ៍កក់ក្តៅ ជឿជាក់លើសុវត្ថិភាព រហូតដល់មានការវិវឌ្ឍដ៏ល្អឡើងតាមលំដាប់ជាមិនខាន៕

  • ខណៈម្ដាយឈឺពោះរង់ចាំប្រសូត តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី?

    ខណៈម្ដាយឈឺពោះរង់ចាំប្រសូត តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី?

    ពេញមួយរយៈពេល 9ខែដែលកូនអណ្ដែតនៅក្នុងទឹកភ្លោះខាងក្នុងផ្ទៃម្ដាយ កូននឹងត្រឡប់បង្វិលខ្លួនទៅមកតាមដែលកូនត្រូវការ ជួនកាលបែរក្បាលទៅផ្នែកខាង ជួនកាលដាក់ក្បាលទៅខាងលើ។ កូននឹងមានអារម្មណ៍ចូលចិត្តខ្លាំងណាស់ដែលបាននៅក្នុងផ្ទៃម្ដាយ ព្រោះនៅក្នុងផ្ទៃម្ដាយកក់ក្ដៅ បង្វិលខ្លួនលេងជុំវិញ និងថែមទាំងមានអារម្មណ៍ថាមានសុវត្ថិភាពទៀតផង។ តែនៅពេលជិតប្រសូត ឬក្នុងអំឡុងពេលខែចុងក្រោយមកដល់ កូននឹងលែងសូវរើច្រើនទៀតហើយ ព្រោះខ្លួនកូនធំពេញពោះម្ដាយ និងថែមទាំងស្ថិតក្នុងឥរិយាបថត្រៀមប្រសូតទៀតផង នោះគឺ សំយុងក្បាលចុះក្រោមហ្នឹងឯង។

    ខណៈម្ដាយឈឺពោះរង់ចាំប្រសូត តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី?

    នៅពេលដល់វេលាដែលម្ដាយឈឺពោះប្រុងប្រសូត…តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី? ឡារ៉ែនចង់ឱ្យអ្នកម្ដាយគ្រប់រូបគិតថា ខណៈដែលអ្នកម្ដាយកំពុងឈឺពោះជិតប្រសូត កូនក៏កំពុងព្យាយាមក្នុងស្ថានភាពរបស់គេដូចគ្នាដែរ នោះគឺ ព្យាយាមរុញខ្លួនឯងចេញមកតាមផ្លូវប្រសូត ដោយសារតែស្បូនបានច្របាច់ខ្លួនដើម្បីឱ្យកូនបានប្រសូតចេញមកក្រៅហ្នឹងឯង។ ការពិតទៅ កូនក៏មានចំណែកធ្វើឱ្យម្ដាយឈឺពោះប្រសូតផងដែរ ព្រោះក្នុងរយៈពេលជិតប្រសូតនេះ កូននឹងបញ្ចេញអ័រម៉ូនម្យ៉ាង ដើម្បីឱ្យអ្នកម្ដាយឈឺពោះឱ្យខ្លាំងបំផុត។ បើអ្នកម្ដាយមិនឈឺចាប់រហូតសឹងតែទ្រាំមិនបានទេនោះ អ្នកម្ដាយនឹងមានអារម្មណ៍ថា កូនព្យាយាមរំកិលខ្លួនធ្លាក់ចុះទាបឆ្ពោះមកដើម្បីត្រៀមប្រសូត តែអ្នកម្ដាយនឹងមានអារម្មណ៍ដូចកូនរំកិលខ្លួនចេញមកជាដំណាក់ៗយ៉ាងថ្នមៗ។

    នៅពេលអ្នកម្ដាយមានអារម្មណ៍ឈឺពោះខ្លាំងឡើង នោះបញ្ជាក់ថា កូនត្រៀមខ្លួនរួចហើយក្នុងការប្រសូតចេញមក ក្បាលរបស់កូននឹងរំកិលសន្សឹមៗចេញមកដើម្បីពង្រីកមាត់ស្បូនឱ្យបើកធំឡើង ហើយក្នុងចន្លោះពេលនេះ ស្បូនក៏នឹងច្របាច់ខ្លួនខ្លាំងឡើងជាដំណាក់ៗដែរ។ អ្នកម្ដាយមិនចាំបាច់ភ័យខ្លាចថា កូននឹងរងការឈឺចាប់នោះទេ ព្រោះនេះគឺជាយន្តការនៃការប្រសូតបែបធម្មជាតិដែលសាងឡើងដើម្បីអ្នកម្ដាយ និងកូនតូចក្នុងផ្ទៃ។

    ទម្រាំតែកូនតូចចេញមកបាន ត្រូវរង់ចាំឱ្យរន្ធស្បូនបើកធំឡើងម្ដងមួយសង់ទីម៉ែត្រ ដែលចំពោះស្រ្តីមានគភ៌កូនដំបូង មាត់ស្បូននឹងបើកឡើងប្រមាណជា 1ម៉ោង 1សង់ទីម៉ែត្រ ដូច្នេះការដែលកូនរំកិលខ្លួនបន្តិចម្ដងៗចេញមកតាមផ្លូវប្រសូតនោះ កូននឹងបានហ្វឹកហាត់ការដកដង្ហើម និងជំរុញឱ្យសួតធ្វើការបានពេញទំហឹង។ ក្មេងៗដែលប្រសូតតាមបែបធម្មជាតិ សួតនឹងរឹងប៉ឹងល្អជាងក្មេងដែលប្រសូតមុនកំណត់ ឬក្មេងដែលប្រសូតដោយការវះកាត់។

    អំឡុងពេលដែលស្រ្តីមានគភ៌ឈឺពោះរង់ចាំប្រសូតនេះ ស្រ្តីមានគភ៌នឹងមានអារម្មណ៍ថា ពេលវេលាហាក់ដូចជាកន្លងទៅយឺត និងការឈឺចាប់ហាក់ដូចជាយូរអង្វែងមែនទែន តែនៅពេលក្បាលរបស់កូនចេញមកផុតផ្លូវប្រសូតហើយ អ្នកម្ដាយនឹងមានអារម្មណ៍ធូរស្បើយ និងនៅពេលកូនប្រសូតចេញមកបានពេញលេញហើយនោះ អ្នកម្ដាយនឹងលែងមានអារម្មណ៍ឈឺចាប់ ហើយនៅពេលអ្នកម្ដាយបានឃើញមុខកូន អ្នកម្ដាយនឹងត្រេកអរ និងភ្លេចក្ដីឈឺចាប់ទាំងនោះអស់តែម្ដង៕

  • អ្វីខ្លះដែលជួយឱ្យអ្នកមានកូនភ្លោះបានដូចបំណង?

    អ្វីខ្លះដែលជួយឱ្យអ្នកមានកូនភ្លោះបានដូចបំណង?

    គូស្វាមីភរិយាខ្លះ នៅពេលរៀបការគ្នារួចរាល់ហើយក៏ធ្វើដំណើរមកដល់ដំណាក់កាលរៀបផែនការដើម្បីមានបុត្រជាមួយគ្នា តែប្រាកដណាស់ថា គ្រួសារខ្លះក៏ចង់មានកូនត្រឹមតែ 1នាក់ តែគ្រួសារខ្លះក៏រៀបផែនការចង់បានកូនច្រើនជាងហ្នឹង ដែលក្នុងនោះកូនភ្លោះអាចជាគោលដៅមួយដែលគូស្វាមីភរិយាជាច្រើនគូចង់បាន តែ…តើនឹងធ្វើយ៉ាងណាដើម្បីឱ្យសមបំណងក្នុងការមានកូនភ្លោះដើម្បីឱ្យពួកគេធំឡើងក្លាយជាមិត្តភក្តិផង ជាបងប្អូនផងក្នុងពេលតែមួយ? ថ្ងៃនេះ ឡារ៉ែនបានរួបរួមបច្ច័យជាច្រើនដែលនឹងជួយឱ្យគូស្វាមីភរិយារបស់អ្នកមានកូនភ្លោះបានកាន់តែងាយឡើងមកជម្រាបជូនដូចខាងក្រោម…។

    អ្វីខ្លះដែលបើសិនធ្វើទៅហើយ មានឱកាសបានកូនភ្លោះកាន់តែខ្លាំងឡើង?

    មើលទៅលើពូជអំបូរ : នេះគឺជាចំណុចសំខាន់ដំបូងគេរបស់ការមានកូនភ្លោះក៏អាចថាបានដែរ ទោះវាជាមិនមែនជាបច្ច័យទាំងអស់ក្ដី តែក៏វាមានចំណែកច្រើនគួរសមដែរ។ បើនៅក្នុងក្រុមគ្រួសាររបស់ទាំងពីរនាក់(ទាំងប្ដី និងប្រពន្ធ)មានប្រវត្ថិមានបងប្អូនភ្លោះ នោះឱកាសដែលគូស្វាមីភរិយារបស់អ្នកនឹងបានកូនភ្លោះក៏មានច្រើនទៅតាមនោះដែរយ៉ាងពិតប្រាកដ។

    ពូជសាសន៍ក៏សំខាន់ : ជាមធ្យម មនុស្សនៅក្នុងពូជសាសន៍អាហ្វ្រិកនឹងមានឱកាសមានកូនភ្លោះខ្លាំងជាងជនជាតិស្បែកស ឬជនជាតិស្បែកលឿង ដោយអត្រាការកើតបានកូនភ្លោះជាមធ្យមនៅលើមនុស្សស្បែកខ្មៅនឹងជួបប្រទះប្រមាណជា 1 – 4% មនុស្សស្បែកសប្រមាណ 0.7 – 1% និងនៅលើមនុស្សស្បែកលឿងប្រមាណជា 0.3ប៉ុណ្ណោះឯង។

    បើជាការពពោះលើកទី2 ឡើងទៅ ឱកាសក៏នឹងមានច្រើនតាមនោះដែរ : ការមានកូនពីមុនមកហើយនឹងអាចជួយបង្កើនឱកាសក្នុងការមានកូនភ្លោះដល់អ្នកបានច្រើនណាស់ ព្រោះថា ស្រ្តីជាម្ដាយនឹងមានការទម្លាក់ស៊ុតកើនឡើងច្រើនហ្នឹងឯង។

    អាយុ : ដែលធ្លាប់បានឮមកទាំងអស់គ្នាថា រឹតតែស្រ្តីជាម្ដាយមានអាយុច្រើនឡើង ក៏នឹងរឹតតែប្រថុយប្រថាននឹងការមានកូនហើយជួបនឹងសភាវផ្សេងៗច្រើនឡើងតាមហ្នឹងដែរ តែវាផ្ទុយគ្នានឹងការមានកូនភ្លោះ ព្រោះរឹតតែអ្នកមានអាយុក្នុងអំឡុង 35 – 39ឆ្នាំ រឹតតែមានឱកាសដែលអ្នកនឹងមានកូនភ្លោះច្រើនឡើង។ មូលហេតុ ក៏ព្រោះតែរាងកាយមានស៊ុតនៅសល់ច្រើន ទើបត្រូវបានជំរុញច្រើនឡើងដែរ ធ្វើឱ្យរាងកាយរបស់ស្រ្តីបញ្ចេញអ័រម៉ូន FSH ចេញមកច្រើន ធ្វើឱ្យស៊ុតមានឱកាសធ្លាក់ម្ដងៗច្រើនជាង 1 ហ្នឹងឯង។

    ទម្ងន់ខ្លួន និងកម្ពស់  : ស្រ្តីដែលកើតរោគធាត់ ឬមានទម្ងន់ខ្លួនច្រើនជាប្រក្រតីបន្តិច រួមទាំងមានកម្ពស់ដែលខ្ពស់ល្មមសមរម្យនោះ មានឱកាសក្នុងការតាំងគភ៌កូនភ្លោះបានច្រើនតាមនោះដែរ។

    ការទទួលទានកាល់ស្យូមអាចជួយអ្នកបាន : ស្រ្តីដែលញ៉ាំទឹកដោះគោជាប់ជាប្រចាំមានចំណែកធ្វើឱ្យតាំងគភ៌បានកូនភ្លោះច្រើនជាងដល់ទៅ 5ដងបើប្រៀបធៀបជាមួយអ្នកដែលមិនបរិភោគអាហារប្រភេទសាច់សត្វសោះ នេះគឺដោយសារតែប្រូតេអ៊ីនដែលហៅថា IGF ដែលមាននៅក្នុងទឹកដោះគោ និងផលិតផលពីសត្វផ្សេងៗនោះគឺជាប្រូតេអ៊ីនដែលនឹងជួយឱ្យសំបុកស៊ុតមានប្រតិកម្មរហ័សឡើង និងជួយបង្កើនចំនួនស៊ុតឱ្យច្រើនឡើងហ្នឹងឯង។

    ការបំបៅដោះកូន : នៅពេលស្រ្តីមានកូនដំបូងរួចហើយ ការបំបៅដោះកូនយ៉ាងទៀងទាត់រហូតដល់កំណត់ពេលដែលស័ក្តិសម គឺប្រមាណជា 12ខែនោះ មានចំណែកជួយឱ្យស្រ្តីនោះមានឱកាសតាំងគភ៌បន្ទាប់ទៅទៀតជាកូនភ្លោះបានកាន់ច្រើនឡើងទៀតផង។

    ធ្លាប់ញ៉ាំថ្នាំពន្យារកំណើតលើស 3ឆ្នាំ : ហេតុផលស្រដៀងៗនឹងការតាំងគភ៌នៅពេលអាយុ 35ឆ្នាំឡើងទៅដែរ ព្រោះស៊ុតនឹងបង្ខំទម្លាក់មកច្រើន ធ្វើឱ្យមានឱកាសដែលអាចធ្វើឱ្យស៊ុតនឹងធ្លាក់មកច្រើនជាង 1ហ្នឹងឯង។

    ចង់បានកូនភ្លោះ ត្រូវញ៉ាំឱ្យច្រើន : ការទទួលទានអាហារឱ្យច្រើនៗ​អាចនឹងធ្វើឱ្យទម្ងន់ខ្លួនរបស់ស្រ្តីកើនឡើងពីប្រក្រតីខ្លះ តែនឹងធ្វើឱ្យរាងកាយរបស់ស្រ្តីមាំមួនឥតខ្ចោះ និងធ្វើឱ្យមានឱកាសក្នុងការតាំងគភ៌កូនភ្លោះបានកាន់តែងាយឡើងទៅតាមនោះដែរ តែយ៉ាងណាក៏ដោយ គួរសង្កត់ធ្ងន់លើអាហារដែលមានប្រយោជន៍ មិនមែនចេះតែញ៉ាំអ្វីក៏បាននោះទេ ព្រោះអាចនឹងមានផលអវិជ្ជមានបាន។

    នេះគ្រាន់តែជាបច្ច័យដែលអាចនឹងជួយហុចផលឱ្យអ្នកមានកូនភ្លោះបានច្រើនឡើងប៉ុណ្ណោះ តែយ៉ាងណាក៏ដោយ បើចង់បង្កើនឱកាសក្នុងការមានកូនភ្លោះនោះ គួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យដើម្បីស្វែងរកវិធីដែលពិតប្រាកដច្បាស់លាស់ និងស័ក្តិសមជាមួយសុខភាពរបស់ទាំងស្វាមី និងភរិយា ទើបជាការប្រសើរបំផុត៕

  • សញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត

    សញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត

    ក្រោយពីអ្នកម្ដាយបានផ្ដល់កំណើតកូនតូចចេញមកពិភពខាងក្រៅរួចរាល់ហើយ បន្ទាប់ពីនោះអ្នកម្ដាយថ្មោងថ្មីក៏ត្រូវហ្វឹកហាត់រៀនយល់ដឹងអំពីតម្រូវការរបស់កូនតូចថា ​តើគេត្រូវការអ្វី? ចំណែកទារកខ្លួនឯងក៏ត្រូវរៀនយល់ដឹង និងសម្របខ្លួនជាមួយការរស់នៅដូចគ្នាដែរ…តែរឿងដែលអ្នកម្ដាយអាចមិនដឹងនោះគឺ ទារកទើបនឹងកើតមានសមត្ថភាពក្នុងការទទួលដឹង ធ្វើ និងតបស្នងចំពោះរឿងមួយចំនួនបានដោយមិនចាំបាច់មានការរៀនយល់ដឹង ឬឆ្លងកាត់បទពិសោធពីមុនមកដែលយើងហៅរឿងទាំងនោះថា “សញ្ជាតិញាណ”(ការដឹង-ចេះដោយឯកឯង)។ ប្រតិកម្មតបស្នងតាមសញ្ជាតិញាណនឹងជួយឱ្យកូនតូចអាចរស់នៅបាននៅពេលកើតសភាវអាសន្ន តើមានអ្វីខ្លះនោះ…តោះ តាមអ្នកគ្រូ ឆវីមក!

    ប្រតិកម្មតបស្នងតាមសញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត មានដូចតទៅ ៈ

    1 . ប្រព័ន្ធដកដង្ហើម

    ប្រតិកម្មតាមធម្មជាតិកម្រិតដំបូងបំផុត។ នៅពេលទារកប្រសូតចេញមកហើយ លែងមានថង់ទឹកភ្លោះនៅជុំវិញខ្លួនប្រាណ រាងកាយរបស់កូនតូចនឹងបញ្ជាឱ្យប្រព័ន្ធការដកដង្ហើមធ្វើការភ្លាមតែម្ដង។ ចំណែកអត្រាការដកដង្ហើមរបស់ទារកម្នាក់ៗក៏ខុសប្លែកពីគ្នាទៅតាមតម្រូវការរបស់ទារកខ្លួនឯងដែរ លើកលែងតែទារកដែលមានបញ្ហាក្រោយពីប្រសូតភ្លាមដែលក្រុមគ្រូពេទ្យអាចយកទារកចូលទៅក្នុងទូកញ្ចក់ដើម្បីថែរក្សាព្យាបាលជាបន្ត។

    2 . ការមើលឃើញ

    ក្រោយប្រសូត ទារកតូចៗនៅមិនទាន់បើកភ្នែកភ្លាមទេ ព្រោះកែវភ្នែកមិនទាន់សម្រួលស្ថានភាពទល់នឹងពន្លឺខាងក្រៅបាននៅឡើយ ដោយសារតែការរស់នៅក្នុងគភ៌មាតាមិនបង្កើតប្រតិកម្មដល់ការមើលឃើញឡើយ តែក្នុងរយៈពេលមិនលើស 3ថ្ងៃឡើយយ កូនតូចនឹងចាប់ផ្ដើមបើកភ្នែក អាចនឹងប្រិចភ្នែកញឹកញាប់ ព្រោះកែវភ្នែកមិនទាន់សម្រួលទល់នឹងសភាពពន្លឺបានល្អនៅឡើយ។ ការកម្រើកកែវភ្នែក គឺជាប្រតិកម្មតបស្នងដើម្បីការពារកែវភ្នែកដែលសែនផុយស្រួយពីពិភពខាងក្រៅ។

    3 . ការបឺត-លេបវត្ថុផ្សេងៗ

    នៅពេលអ្នកម្ដាយចាប់ផ្ដើមបំបៅដោះកូន រឿងដែលទារកធ្វើបានភ្លាមៗដោយឯកឯងនោះគឺ បឺតជញ្ជក់ និងលេបទឹកដោះដោយស្វ័យប្រវត្តិ ឬលោកឪពុកកំពូលលេងច្រើនដែលសាកល្បងដាក់ចង្អុលដៃលើមាត់កូនតូច ក៏កូនតូចសម្លាញ់នឹងបឺតជញ្ជក់ភ្លាមដូចគ្នា។ អំឡុងពេលហ្នឹងក្រុមគ្រួសារត្រូវប្រយ័ត្នប្រយែងវត្ថុរបស់របរដែលអាចបង្កជាគ្រោះថ្នាក់ដែលកូនតូចអាចនឹងលេបចូលទៅក្នុងរាងកាយបាន។

    4 . ការបែររកក្បាលដោះ

    ការបង្ហាត់កូនតូចឱ្យចេះបែរមុខរកក្បាលដោះ អ្នកម្ដាយសាកល្បងយកដៃប៉ះថ្ពាល់កូនថ្នមៗ សញ្ជាតិញាណរបស់ទារកនឹងបែរមុខមករកភ្លាមតែម្ដង។ អ្នកម្ដាយមិនចាំបាច់ត្រូវចាប់ក្បាលកូនតូចបែរមករកខ្លួនឡើយ គ្រាន់តែប៉ះថ្ពាល់គេថ្នមៗ កូនសម្លាញ់នឹងកើតក្ដីចង់ដឹង ចង់ឃើញ និងងាកក្បាលមករកយ៉ាងងាយស្រួល។

    5 . ការស្រវាចាប់ដោយដៃ

    នៅពេលអ្នកម្ដាយយកម្រាមដៃទៅប៉ះលើបាតដៃរបស់កូនតូច គេនឹងស្រវាចាប់ម្រាមដៃរបស់អ្នកភ្លាម តែបើមានអ្វីដែលធ្វើឱ្យភ្ញាក់ កូនតូចក៏នឹងមានសញ្ជាតិញាណកន្រ្តាក់ខ្លួនព្រើត ដោយម្រាមដៃទាំងអស់ក៏នឹងលារចេញលែងដៃអ្នកម្ដាយចេញភ្លាមដូចគ្នា។

    អ្វីទាំងអស់នេះគឺជារឿងធម្មជាតិរបស់ទារកទើបកើត ដែលអ្នកម្ដាយអាចមិនដឹងថា វាគឺជា សញ្ជាតិញាណ ដើម្បីការមានជីវិតរស់នៅក្នុងអំឡុងវ័យនេះ តែទោះជាកូនតូចនឹងមានប្រតិកម្មទាំងនោះក៏ដោយ យ៉ាងណាក៏អ្នកម្ដាយគួរតែយកចិត្តទុកដាក់ថែទាំគេឱ្យបានយ៉ាងល្អ ព្រោះត្រូវតែមិនភ្លេចឡើយថា ការដែលកូនតូចចេញមកនៅក្នុងពិភពខាងក្រៅនេះ វាខុសប្លែកពីការនៅក្នុងផ្ទៃរបស់អ្នកម្ដាយច្រើនណាស់៕

  • នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 9

    នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 9

    នៅក្នុងខែនេះ អាចហៅបានថាជាខែចុងក្រោយនៃការតាំងគភ៌ហើយ វិវឌ្ឍនាការផ្សេងៗរបស់ទារកក្នុងផ្ទៃមានដូចជា ប្រវែងខ្លួននឹងមានប្រមាណជា 20អ៊ិញ ទម្ងន់ខ្លួនប្រមាណជា 3,000 – 3,400ក្រាម អវយវៈគ្រប់ផ្នែក រួមទាំងសួតផងមានភាពពេញលេញល្អត្រៀមជាស្រេចក្នុងការប្រសូតហើយ។ ផ្នែកនាំមុខ ឬក្បាលនឹងរំកិលចុះមករកម្ដុំឆ្អឹងត្រគាក និងទារកក្នុងផ្ទៃមានការកម្រើកតិចជាងមុន។

    ក្នុងខែទី 9 នៃការតាំងគភ៌នេះនឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានផ្ទៃពោះអាចមានអារម្មណ៍ដឹងដូចតទៅ…ៈ

    – ទារកលែងសូវរើ។

    – ធ្លាក់សច្រើនឡើង និងរអិលខាប់។ ពេលខ្លះមានឈាមស្លេកៗហូរចេញមកក្រោយការពិនិត្យគភ៌ ឬក្រោយពេលមានភេទសម្ព័ន្ធរួច។

    – ឈឺផ្សាក្នុងក្រពះ អាហារមិនរំលាយ ឆ្អល់ពោះ។

    – ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងកើតខ្យល់ញឹកញាប់។

    – តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀកខ្លះៗ។

    – មានឈាមចេញតាមជើងធ្មេញពេលដុសសម្អាតធ្មេញ។

    – កើតប្រគ្រីវកាច់នៅលើជើង។

    – ហើមកជើង និងខ្នងជើង និងអាចមានហើមលើមុខ និងដៃផងដែរ។

    – រមាស់នៅលើស្បែកក្បាលពោះ។

    – កាន់តែឈឺខ្នងឡើង និងឈឺខ្លាំងឡើងៗ។

    – កើតសភាវសរសៃឈាមត្បៀតនៅលើជើង។

    – កើតឬសដូងបាត។

    – ដកដង្ហើមរាងញាប់ឡើង។

    – គេងមិនលក់ ឬលក់មិនបានយូរ។

    – មានអារម្មណ៍ថា ស្បូនបង្រួញខ្លួនញាប់ឡើង ខ្លាំងឡើង ជួនកាលមានអាការឈឺចាប់ទៀតផង។

    – អ៊ីកអ៊ាក ពិបាកកម្រើកខ្លួន និងប្រថុយប្រថាននឹងការរអិលដួល។

    – មានទឹកដោះពណ៌លឿងស្លេកៗហូរចេញមកពីក្បាលដោះច្រើនឡើង។

    – ឆាប់ហត់ ឬមានអារម្មណ៍ថាមានកម្លាំងថាមពលខ្លាំងឡើង ឬមានទាំង 2យ៉ាងឆ្លាស់គ្នា។

    – ឆាប់ឃ្លាន ឬឃ្លានញឹកញាប់ ញ៉ាំច្រើន ឬធុញទ្រាន់ចំណីអាហារ ញ៉ាំបានតិចៗ(មិនទៀង)។

    – មានអារម្មណ៍ញាប់ញ័រ វិតក្កកង្វល់ ឬភ័យខ្លាចខ្លាំងឡើង។

    – មានអារម្មណ៍ធូរស្រាលខ្លាំងឡើង ព្រោះជិតដល់ពេលប្រសូតហើយ។

    – ឆាប់មួម៉ៅ ឆាប់ទន់ជ្រាយនឹងពាក្យសំដីរបស់អ្នកនៅជិតៗខ្លួន ជាពិសេសរឿងពាក់ព័ន្ធនឹងការប្រសូត។

    – ឆាប់ខឹង និងមានអារម្មណ៍វិលវល់។

    រឿងដែលពេទ្យអ្នកពិនិត្យតាមដានគភ៌របស់អ្នកចង់ឱ្យអ្នកធ្វើក្នុងអំឡុងខែនេះ មានដូចជា…ៈ

    1 . ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។

    2 . ពិនិត្យជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។

    3 . ស្ដាប់ចង្វាក់បេះដូងរបស់ទារកក្នុងគភ៌។

    4 . ពិនត្យមើលទំហំ និងរូបឬាងរបស់ស្បូន និងឥរិយាបថរបស់ទារកក្នុងគភ៌។

    5 . កម្ពស់របស់ស្បូន។

    6 . អាការហើមនៅលើដៃ និងជើង និងសរសៃឈាមនៅលើជើង។

    7 . វាយតម្លៃសភាពស្បូនដោយការពិនិត្យផ្ទៃក្នុង។

    8 . ភាពញឹកញាប់ឆ្ងាយពីគ្នា និងភាពខ្លាំងខ្សោយនៃការបង្រួញខ្លួនរបស់ស្បូន។

    9 . អាការខុសប្រក្រតីផ្សេងៗដែលអាចកើតឡើង។

    រឿងដែលត្រូវមើលថែទាំជាពិសេសនៅក្នុងខែនេះ

    – ការជ្រើសរើសវិធីប្រសូតបុត្រថា តើត្រូវការប្រសូតតាមបែបធម្មជាតិ ឬការវះកាត់ប្រសូត។

    – សាងទម្លាប់ជាមួយមន្ទីពេទ្យ និងបន្ទប់ប្រសូត ដូចជាអាចនឹងដើរទៅមើលទារកទើបនឹងកើត បន្ទប់សម្រាកក្រោយប្រសូត ឬសុំពេទ្យមើលពីខ្សែវីដេអូពាក់ព័ន្ធនឹងបន្ទប់ប្រសូត ដើម្បីឱ្យមានភាពស៊ាំធ្លាប់ជាមួយវាខ្លាំងឡើង។

    – ទារកហួសកំណត់ប្រសូត គឺតាំងគភ៌យូរលើស 42សប្ដាហ៍។ ការតាំងគភ៌ដែលយូរជាងប្រក្រតី គឺយូរលើស 39សប្ដាហ៍ឡើង គ្រូពេទ្យដែលពិនិត្យតាមដានគភ៌នឹងពិចារណាជាពិសេសថា នឹងត្រូវធ្វើយ៉ាងណាបន្តទៀត។ បើសិនជាគ្រប់ 42សប្ដាហ៍ គ្រូពេទ្យនឹងជំរុញឱ្យកើតការប្រសូតតាមធម្មជាតិ ឬអាចនឹងត្រូវវះកាត់តាមតែករណីនីមួយៗ។

    – ការបែកទឹកភ្លោះ ជាទូទៅច្រើនតែមានការបែកមុនមួយខែ គឺនឹងមានការជ្រាបចេញមកបន្តិចបន្តួច ជាពិសេសពេលក្រោកអង្គុយ ឬខណៈពេលធ្វើចលនា ដូច្នេះទើបមិនចាំបាច់ភ័យព្រួយទេ ព្រោះមានតិចតួចណាស់ដែលបែកចេញមកច្រើន។

    ពេលវេលាស័ក្តិសមដែលគួរទៅមន្ទីពេទ្យដើម្បីប្រសូត អាចពិចារណាបានដូចខាងក្រោម ៈ

    1 . នៅពេលចាប់ផ្ដើមមានការឈឺពោះឆ្លងទន្លេមែនទែន ដោយការឈឺនោះនឹងឈឺជាប់រហូត និងឈឺខ្លាំងឡើងៗជារឿយៗ។

    2 . ការឈឺពោះប្រសូតមិនអាចជ្រើសពេលវេលា ឬដឹងមុនបានឡើយ ដូច្នេះ មិនថានៅទីណា ឬកំពុងធ្វើអ្វីនោះឡើយ គួរប្រញាប់ទៅមន្ទីពេទ្យ មិនចាំបាច់រង់ចាំឱ្យដល់ពេលម៉ោងពេទ្យធ្វើការនោះទេ។

    3 . បើមានឈឺពោះតិចៗ គួរសម្រាកនៅផ្ទះ 4 – 8ម៉ោង ដើម្បីឱ្យប្រាកដក្នុងចិត្តថា ពិតជាឈឺពោះឆ្លងទន្លេមែនហើយ ឬអាចនឹងទូរស័ព្ទសុំការណែនាំពីគ្រូពេទ្យ ឬឆ្មបបាន៕

  • គ្រោះថ្នាក់ឬទេ បើកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃ?

    គ្រោះថ្នាក់ឬទេ បើកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃ?

    ស្រ្តីមានគភ៌ទាំងឡាយតែងនឹកសង្ស័យថា តើនឹងមានគ្រោះថ្នាក់ឬទេ? បើសិនជាកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃម្ដាយ ព្រោះការតាំងគភ៌កូនភ្លោះ(Multiple Pregnancy)គឺការមានទារកនៅក្នុងផ្ទៃម្ដាយច្រើនជាង 1នាក់ ដែលអាចមាន 2នាក់ 3នាក់ 4នាក់ ឬអាចនឹងច្រើនជាងនោះក៏មាន តែផ្ទៃពោះភ្លោះ2 គឺការតាំងគភ៌ភ្លោះ(Twin Pregnancy)ត្រូវបានគេជួបប្រទះច្រើនជាងគេ និងទារកមានឱកាសរស់ជីវិតច្រើនជាងគេបំផុត។ ទារកនៅក្នុងគភ៌ច្រើន ទម្ងន់ខ្លួនរបស់ទារកនឹងថយចុះ និងឱកាសក្នុងការរស់រានមានជីវិតក៏ថយចុះតាមនោះដែរ អាស្រ័យលើបច្ច័យខាងរាងកាយ និងការថែទាំគភ៌របស់ស្រ្តីជាម្ដាយផងដែរ។

    បច្ច័យដែលធ្វើឱ្យមានឱកាសតាំងគភ៌ភ្លោះ មានដូចជា ពូជអម្បូរ គឺមនុស្សនៅក្នុងក្រុមគ្រួសារមានប្រវត្តិធ្លាប់មានផ្ទៃពោះកូនភ្លោះ ការប្រើតិចណូឡូជីខាងវេជ្ជសាស្រ្ត ធ្វើឱ្យមានឱកាសតាំងគភ៌ភ្លោះច្រើនឡើង ដូចជា ការប្រើថ្នាំជំរុញឱ្យមានការទម្លាក់ស៊ុតញីម្ដងៗច្រើនគ្រាប់ជាដើម។

    ផ្ទៃពោះកូនភ្លោះ នៅក្នុងផ្នែកវេជ្ជសាស្រ្តគេរាប់ថា ជាភាពខុសប្រក្រតីរបស់ការតាំងគភ៌ ទើបមានភាពប្រថុយប្រថានពីសភាវជ្រៀតជ្រែកផ្សេងៗច្រើនជាងការតាំងគភ៌ប្រក្រតី ដូចជា ប្រសូតមុនពេលកំណត់ គភ៌មានជាតិពុល សភាវសម្ពាធឈាមឡើងខ្ពស់ ជាដើម។ តែយ៉ាងណាក៏ដោយ គ្រូពេទ្យតែងតែមើលថែទាំយ៉ាងដិតដល់ ដើម្បីការពារសភាវជ្រៀតជ្រែកដែលអាចកើតឡើង ដូច្នេះស្រ្តីមានគភ៌មិនចាំបាច់កង្វល់ចិត្តឡើយ។

    មានផ្ទៃពោះកូនភ្លោះ

    ស្រ្តីជាម្ដាយដែលមានគភ៌កូនភ្លោះ ករណីដែលទារកក្នុងគភ៌ 1 ក្នុងចំណោម2 ឬ 1 ក្នុងចំណោម3 បានស្លាប់ក្នុងខណៈដែលគភ៌នៅមិនទាន់គ្រប់កំណត់ប្រសូត ជាពិសេសអំឡុងពេលក្រោយ 12 – 15សប្ដាហ៍ ឬក្នុងអំឡុងត្រីមាសដំបូង ដែលរាប់ថា ផ្ទៃពោះនៅខ្ចីនោះ នឹងមិនទាន់មានបញ្ហាអ្វីទេ ព្រោះតួកំណើត ឬកូនជីវិតដែលស្លាប់នោះនឹងរលាយបាត់ទៅវិញតាមធម្មជាតិ មិនហុចផលប៉ះពាល់ ឬមានផលអាក្រក់ចំពោះទារកដែលនៅមានជីវិតរស់នោះឡើយ។

    តែបើកូនភ្លោះមួយណាស្លាប់ក្រោយអាយុគភ៌ 20សប្ដាហ៍ ដែលគេច្រើនជួបប្រទះប្រមាណជា 5ភាគរយនៃចំនួនស្រ្តីមានគភ៌កូនភ្លោះទាំងអស់នោះ អាចកើតបញ្ហាប៉ះពាល់ដល់ទារកដែលនៅមានជីវិត ព្រោះទារកដែលស្លាប់ទៅនោះប្រៀបដូចជាវត្ថុចម្លែកនៅក្នុងរាងកាយម្ដាយ និងជាកត្តាអាក្រក់ក្នុងការសាងសារធាតុដែលធ្វើឱ្យកើតការបង្កកខ្លួនរបស់ឈាមដែលខុសប្រក្រតី ហុចផលឱ្យស្រ្តីមានគភ៌អាចមានហូរឈាមខុសប្រក្រតី ធ្វើឱ្យកើតការឈឺពោះប្រសូតមុនកំណត់របស់ទារកដែលនៅរស់នោះបាន។

    ភាពខុសប្លែកនៃការស្លាប់របស់ទារកភ្លោះក្នុងគភ៌ មានដូចខាងក្រោម ៈ

    . តាំងគភ៌ភ្លោះក្នុងស៊ុតតែមួយជាមួយគ្នា ទារកភ្លោះនឹងស្ថិតនៅក្នុងថង់ទឹកតែមួយជាមួយគ្នា ការស្លាប់របស់ទារកភ្លោះមួយ នឹងធ្វើឱ្យទារកភ្លោះដែលនៅរស់បាត់បង់លោហិត ស្លេកស្លាំង មានសម្ពាធឈាមទាប និងមានឱកាសស្លាប់ខ្ពស់ដល់ទៅ 15ភាគរយ។

    . ផ្ទៃពោះកូនភ្លោះតាមរយៈស៊ុត 2គ្រាប់ ដែលទារកនឹងស្ថិតនៅក្នុងថង់ទឹកម្នាក់មួយផ្សេងគ្នា ទោះជាទារកដែលនៅរស់អាចកើតគ្រោះថ្នាក់ដល់ស្លាប់ដោយសារការបាត់បង់លោហិត ឬការឆ្លងមេរោគក្ដី តែឱកាសស្លាប់មានតិចជាង គឺត្រឹមតែ 3ភាគរយប៉ុណ្ណោះ។

    ការប្រតិបត្តិរបស់ស្រ្តីមានផ្ទៃពោះកូនភ្លោះដែលបាត់បង់កូនមួយ

    ការណែនាំពីគ្រូពេទ្យសម្រាប់ស្រ្តីដែលមានគភ៌កូនភ្លោះដែលទារកម្នាក់បានស្លាប់ ត្រូវប្រតិបត្តិតាមយ៉ាងម៉ឺងម៉ាត់ដើម្បីសុវត្ថិភាពសម្រាប់ខ្លួនឯង និងទារកដែលនៅមានជីវិត ដោយគ្រូពេទ្យនឹងនៅតាមដានមើលថែទាំជាពិសេស។ ចំណែកឯចំណុចសង្កេតដែលសំខាន់សម្រាប់ទារកភ្លោះដែលនៅមានជីវិតនោះគឺ ៈ

    1 . សង្កេតការកម្រើក ឬរាប់ការរើរបស់ទារក ៈ បើទារកមិនសូវរើ ឬរើកាន់តែតិចទៅ ឬរើខុសប្រក្រតី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។ ស្រ្តីមានគភ៌ខ្លះអាចត្រូវគេងសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យតាមដានយ៉ាងប្រយ័ត្នប្រយែងពីអាការជ្រៀតជ្រែកផ្សេងៗដែលអាចកើតឡើង ដើម្បសុវត្ថិភាពរបស់ស្រ្តីជាម្ដាយ និងកូនក្នុងផ្ទៃ។

    2 . ពិនិត្យដោយការឆ្លុះអេកូសាស្រ្ត ដើម្បីពិនិត្យមើលសុក ទឹកភ្លោះ និងពិនិត្យសុខភាពរបស់ទារកក្នុងគភ៌ ដោយគ្រូពេទ្យនឹងណាត់ឱ្យមកពិនិត្យគភ៌ញឹកញាប់ឡើង។

    3 . បើពិនិត្យឃើញមានភាពខុសប្រក្រតី គ្រូពេទ្យអាចពិចារណាឱ្យប្រសូតភ្លាមៗ។ សម្រាប់វិធីការប្រសូត ស្រ្តីមានគភ៌អាចប្រសូតដោយខ្លួនឯងតាមធម្មជាតិ បើសិនគ្មានសញ្ញាណាមួយបង្ហាញថា ត្រូវតែវះកាត់ប្រសូតទេនោះ៕

  • ត្រឹមត្រូវឬទេ ពាក្យដាស់តឿន និងរឿងហាមឃាត់របស់ចាស់បុរាណសម្រាប់អ្នកមានផ្ទៃពោះ?

    ត្រឹមត្រូវឬទេ ពាក្យដាស់តឿន និងរឿងហាមឃាត់របស់ចាស់បុរាណសម្រាប់អ្នកមានផ្ទៃពោះ?

    សង្គមខ្មែរយើងមានជំនឿជាច្រើនជាមួយរឿងផ្សេងៗ រហូតដល់ជួនកាលយើងមិនបានស្វែងរកមូលហេតុថា តើជំនឿនោះមកពីណា? មានប្រភពយ៉ាងណា? និងមានហេតុផលអ្វី? មកធានាអះអាងលើជំនឿនោះឡើយ…តែយើងបាននាំយកមកប្រតិបត្តិតាម ក្លាយជាផ្នែកមួយក្នុងជីវិតរស់នៅ។ ជំនឿខ្លះមិនបានសាងនូវភាពខាតបង់ធ្ងន់ធ្ងរអ្វីទេ តែជំនឿខ្លះ វាជំទាស់នឹងការពិតដែលអាចពិសោធបាន រហូតអាចធ្វើឱ្យយើងខកខាននូវរឿងល្អៗ ឬក្លាយជាផលអាក្រក់សម្រាប់យើងក៏មាន ជាពិសេសជំនឿ និងចំណុចហាមឃាត់ពីបុរាណសម្រាប់ស្រ្តីមានផ្ទៃពោះ។ ថ្ងៃនេះ ឡារ៉ែនសូមនាំស្រ្តីមានផ្ទៃពោះទាំងឡាយមកស្វែករកការពិតពាក់ព័ន្ធនឹងជំនឿទាំងនោះថា តើហេតុអីបានគួរជឿ? ព្រោះថា ជំនឿដែលត្រឹមត្រូវគួរតែស្ថិតនៅលើមូលដ្ឋានចំណេះដឹងដែលត្រឹមត្រូវដូចគ្នា។

    1 . ស្រ្តីមានផ្ទៃពោះ ហាមងូតទឹកពេលយប់ជ្រៅ ព្រោះនឹងធ្វើឱ្យមានទឹកភ្លោះច្រើន

    ការពិត ៈ កាលពីសម័យបុរាណ បន្ទប់ទឹកត្រូវបានសង់នៅឆ្ងាយពីផ្ទះ ដូច្នេះទើបធ្វើឱ្យមនុស្សចាស់ខ្លាចអ្នកមានផ្ទៃពោះមានគ្រោះថ្នាក់រអិលដួល ឬរងគ្រោះថ្នាក់ពីសត្វចង្រៃដែលមានពិស ក៏ហាមស្រ្តីមានគភ៌មិនចេញពីផ្ទះនៅពេលយប់។

    2 . អ្នកមានផ្ទៃពោះ ហាមដេរខោអាវ ៈ ការដេរប៉ះខោអាវក្នុងអំឡុងពេលតាំងគភ៌ នឹងធ្វើឱ្យកូនក្នុងផ្ទៃកើតមក ឆែបមាត់។

    ការពិត ៈ ទារកកើតមក ឆែបមាត់ មួយចំនួនបណ្ដាលមកពីពូជអម្បូរ ឬការអភិវឌ្ឍខ្លួនរបស់តួកំណើតក្នុងអំឡុង 3ខែដំបូងមានភាពខុសប្រក្រតី រួមទាំងការដែលម្ដាយជក់បារីដែលហុចផលប៉ះពាល់ធ្វើឱ្យកូនក្នុងផ្ទៃឆែបមាត់។ សម្រាប់មូលហេតុពិតប្រាកដរបស់ការហាមឃាត់នេះ គឺជាការដាស់តឿនដែលចាស់បុរាណបារម្ភថា ស្រ្តីមានគភ៌អាចនឹងត្រូវប្រយ័ត្នប្រយែងក្នុងការធ្វើការបែបនេះ ព្រោះត្រូវអង្គុយធ្វើការយូរ ឱនងើបៗ ធ្វើឱ្យងាយកើតអាការវិលមុខ ឬការអង្គុយដេរ ក៏អាចនឹងមិនមែនជារឿងល្អសម្រាប់ស្រ្តីមានគភ៌ដែលមានសុខភាពមិនសូវល្អក៏អាចថាបានដែរ តែបើស្រ្តីមានគភ៌ចេះធ្វើការងារដោយក្ដីប្រយ័ត្នប្រយែង ចេះមើលថែទាំខ្លួនបានល្អ ក៏ប្រហែលជាគ្មានបញ្ហាអ្វីដែរ។

    3 . អ្នកមានផ្ទៃពោះ ហាមទៅបុណ្យសព ៈ មានការដាស់តឿនសម្រាប់ស្រ្តីមានផ្ទៃពោះថា ហាមទៅចូលរួមពិធីបុណ្យសព ព្រោះបុរាណគេប្រកាន់ តែអ្នកខ្លះក៏អាចនឹងជឿដោយមិនបានស្វែងរកការពិតនៃពាក្យថា “ប្រកាន់” នេះ ចង់សំដៅលើអ្វីដែរ ព្រោះមានអ្នកខ្លះក៏ធ្លាប់បានឮរឿងទំនងដែលថា ខ្លាចខ្មោចចូល ជាដើមដែរ។

    ការពិត ៈ បុណ្យសព គឺជាពិធីដែលសោកសង្រេង អ្នកចូលរួមពិធីក៏ច្រើនតែស្រងេះស្រងោចពីការបាត់បង់ញាតិមិត្តបងប្អូន ដូច្នេះបើអ្នកមានផ្ទៃពោះទៅចូលរួម ក៏អាចនឹងមានអារម្មណ៍សោកសៅ យំស្រែក និងតានតឹងអារម្មណ៍ទៅជាមួយដែរ ព្រោះក្នុងអំឡុងពេលតាំងគភ៌នេះ ស្រ្តីមានគភ៌គួរតែមានផ្លូវចិត្តដែលស្រស់ថ្លា រីករាយ ដូច្នេះហើយទើបចាស់ៗមិនចង់ឱ្យអ្នកមានផ្ទៃពោះមានអារម្មណ៍ពិបាកចិត្ត ធុញថប់តានតឹង ឬសោកសង្រេងហ្នឹងឯង។

    4 . អ្នកមានផ្ទៃពោះ ហាមអង្គុយឃាំងមាត់ជណ្ដើរ ៈ ស្រ្តីមានគភ៌ហាមអង្គុយឃាំងមាត់ជណ្ដើរ មិនដូច្នោះទេ នឹងពិបាកប្រសូតបុត្រ។ ស្រ្តីមានគភ៌ណាបានឮហើយ តែងតែខ្លាចជាធម្មតា ព្រោះថា ការពិបាកប្រសូត មានន័យពីការឈឺពោះយូរ និងអាចមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ជាពិសេសសម័យមុន ខាងវេជ្ជសាស្រ្តនៅមិនទាន់រីកចម្រើន។

    ការពិត ៈ ផ្ទះខ្មែរក្នុងសម័យមុន ច្រើនតែជាផ្ទះមួយជាន់មានសសរខ្ពស់ៗ និងមានជណ្ដើរឡើងផ្ទះរាងចោត បើសិនទៅអង្គុយឃាំងមាត់ជណ្ដើរ ក៏អាចនឹងធ្លាក់ចុះទៅក្រោមនាំឱ្យមានគ្រោះថ្នាក់បានដោយងាយ ជាពិសេសស្រ្តីដែលមានគភ៌ធំៗដែលការទប់លំនឹងខ្លួនមិនសូវជាបានល្អផងនោះ រឹតតែមិនគួរទៅអង្គុយនៅទីនោះឡើយ ដែលនេះជាការហាមឃាត់មួយដែលគួរតែធ្វើតាម ឯហេតុផលដែលនិយាយថា អាចនឹងធ្វើឱ្យពិបាកប្រសូត ឬឈឺពោះយូរនោះ មិនមែនជាការពិតទេ។

    5 . ហាមត្រៀមរបស់ប្រើប្រាស់របស់ទារកទុកមុន ៈ ជំនឿមួយនេះនៅតែមានអ្នកប្រតិបត្តិតាមនៅឡើយ ព្រោះនៅក្នុងជំនឿនេះបានឱ្យហេតុផលថា វាជាប្រផ្នូលមិនល្អ ដែលទោះជាអ្នកម្ដាយសម័យថ្មីហើយក៏ដោយ ក៏នៅតែមានអារម្មណ៍ថា ជឿៗទៅ វាប្រសើរជាង ព្រោះមិនចង់ឱ្យមានរឿងអ្វីមិនល្អកើតឡើងចំពោះកូនសម្លាញ់…។

    ការពិត ៈ បើគិតតាមគោលការណ៍ហេតុ និងផលវិញនោះ ឃើញថាវាគ្មានពាក់ព័ន្ធគ្នាអីរវាងការត្រៀមរបស់ប្រើប្រាស់សម្រាប់ទារក ជាមួយនឹងសុខភាព ឬឧប្បត្តិហេតុអ្វីដែលអាចនឹងកើតឡើងក្នុងអំឡុងពេលប្រសូតនោះឡើយ តែជំនឿនេះប្រហែលជាបណ្ដាលមកពីការប្រសូតបុត្រកាលពីសម័យមុនដែលមានភាពប្រថុយប្រថានខ្លាំង ទើបចាស់ៗមិនចង់ឱ្យត្រៀមរបស់ប្រើប្រាស់សម្រាប់ក្មេងទុកឱ្យហើយប៉ុន្មានឡើយ ឬឪពុកម្ដាយអាចនឹងត្រេកអរនឹងកូនក្នុងផ្ទៃខ្លាំងពេក ធ្វើឱ្យត្រៀមរបស់របរសម្រាប់កូនច្រើនជ្រុលពេក លើសតម្រូវការ ដែលរបស់ខ្លះ ពេលកូនប្រសូតចេញមកហើយ អាចមិនទាំងបានប្រើផងក៏មាន ដូច្នេះហើយដើម្បីភាពសប្បាយចិត្ត ទើបចាស់ៗឱ្យត្រៀមតែរបស់ណាដែលត្រូវប្រើប្រាស់ចាំបាច់ ដែលទារកកើតមកភ្លាមត្រូវប្រើមែនទែន ដូចជា ក្រណាត់កន្ទប ខោអាវទារក ជាដើម ចំណែករបស់ផ្សេងៗទៀត ចាំគិតពេលកូនប្រសូតចេញមកហើយ ក៏អាចទៅរកទិញមកប្រើទាន់ដែរ។

    6 . ខ្ទាស់ម្ជុលខ្ទាស់នៅអាវត្រង់កន្លែងក្បាលពោះ ការពារធ្លាក់កូន និងមិនឱ្យវិញ្ញាណកំណាចចូលមកធ្វើបាបកូន

    ការពិត ៈ ខ្ទាស់ឱ្យជាប់ដើម្បីឱ្យស្រ្តីមានគភ៌ប្រយ័ត្នខ្លួនឯងពេលដើរទៅណាមកណា កុំឱ្យដើរទៅបុកនេះបុកនោះ និងឱ្យអ្នកដទៃមើលឃើញបានច្បាស់ថា ខ្លួនកំពុងមានផ្ទៃពោះ មិនមែនកំពុងធាត់ទេ កុំដើរមកបុក… ជាដើម។

    ជំនឿ និងពិធីការផ្សេងៗពាក់ព័ន្ធនឹងការមានផ្ទៃពោះ និងការឆ្លងទន្លេរបស់មនុស្សសម័យមុន មានច្រើនយ៉ាង ដូច្នេះពេលបានឮមកហើយ ស្វាមី និងភរិយាដែលកំពុងមានគភ៌គួរតែពិចារណាជាមុនសិន មុននឹងប្រតិបត្តិតាម ដើម្បីការពារគ្រោះថ្នាក់ដែលអាចនឹងកើតឡើងចំពោះម្ដាយ និងកូនតូច ព្រោះជំនឿ និងការហាមឃាត់ពីបុរាណសម្រាប់អ្នកមានផ្ទៃពោះ រឿងមួយចំនួនដែលចាស់បុរាណបង្ហាត់បង្រៀនមក ជួនកាលក៏មានប្រយោជន៍ មានហេតុផលត្រឹមត្រូវអាចយកមកច្នៃប្រើបាន តែរឿងខ្លះក៏មិនអាចជឿបាន ឬមិនអាចពិសោធបានថាត្រូវ ឬមិនត្រូវនោះក៏មាន៕

  • តើការប្រសូតមុនពេលកំណត់មានអាការយ៉ាងណា? និងវិធីការពារការប្រសូតបុត្រមុនកំណត់

    តើការប្រសូតមុនពេលកំណត់មានអាការយ៉ាងណា? និងវិធីការពារការប្រសូតបុត្រមុនកំណត់

    មានអារម្មណ៍តានតឹង និងកង្វល់បារម្ភខ្លាំងណាស់ ខ្លាចកូនប្រសូតចេញមកមុនកាលកំណត់…ដូច្នេះតើស្រ្តីមានគភ៌ត្រូវការពារការប្រសូតបុត្រមុនពេលកំណត់នេះយ៉ាងណា?

    វិធីការពារការប្រសូតបុត្រមុនពេលកំណត់

    វេជ្ជបណ្ឌិតជំនាញខាងផ្នែកសម្ភពបានបង្ហើបឱ្យដឹងអំពីការប្រសូតបុត្រមុនពេលកំណត់ថា តាមរយៈការសិក្សាស្រាវជ្រាវពីព័ត៌មានបឋមពីមាតាដែលប្រសូតបុត្រមុនកំណត់បានរកឃើញថា ប្រមាណជា 60-70ភាគរយនៃស្រ្តីដែលមានអាយុក្នុងអំឡុង 20-34ឆ្នាំ មិនទាន់មានចំណេះដឹងរឿងការឈឺពោះប្រសូតមុនកំណត់នៅឡើយ ទើបវាជាមូលហេតុធ្វើឱ្យការចូលទៅព្យាបាលមានការយឺតយ៉ាវ ធ្វើឱ្យពេទ្យមិនអាចទប់ស្កាត់សភាវឈឺពោះមុនកំណត់បានទាន់ពេលវេលា ដូច្នេះសម្រាប់ចំណុចប្រតិបត្តិបឋមដើម្បីការពារសភាវប្រសូតបុត្រមុនពេលកំណត់មានដូចតទៅ ៖

    1. ទៅពិនិត្យគភ៌លើកដំបូងមុន 12សប្ដាហ៍
    2. បញ្ជាក់អាយុគភ៌ត្រឹមត្រូវមុន 20សប្ដាហ៍
    3. មានចំណេះដឹងរឿងការការពារការប្រសូតមុនកំណត់
    4. មកពិនិត្យគភ៌ឱ្យគ្រប់តាមការណាត់របស់ពេទ្យ
    5. ចិញ្ចឹមទារកក្នុងគភ៌ឱ្យធំធាត់
    6. ញ៉ាំថ្នាំតាមវេជ្ជបញ្ជាមិនខកខាន
    7. ងូតទឹកសម្អាតរាងកាយគ្រប់កន្លែងឱ្យបានស្អាតជានិច្ច
    8. ដើរ ឬធ្វើចលនាផ្សេងៗយ៉ាងប្រុងប្រយ័ត្ន
    9. រកពេលវេលាសម្រាក និងគេង​លក់ឱ្យបានគ្រប់គ្រាន់
    10. ប្រឹក្សាជាមួយគ្រូពេទ្យបើសិនមានការសង្ស័យណាមួយអំពីគភ៌របស់ខ្លួន
    11. ស្វាមី មិត្តភក្តិ ចៅហ្វាយនាយ គួរយល់ចិត្តអ្នកមានផ្ទៃពោះ
    12. ត្រូវមានភាពជឿជាក់ អាចថែទាំគភ៌បាន និងសុវត្ថិភាព។

    សញ្ញាដាស់តឿន 5យ៉ាងពីការប្រសូតមុនកំណត់

    1. អាការហើម និងសម្ពាធឈាមឡើងខ្ពស់ : អាការនេះមានឱកាសកើតឡើងបានចំពោះស្រ្តីមានគភ៌ដែលមានប្រវត្តិធ្លាប់កើតជំងឺលើសឈាម ទឹកនោមផ្អែម ឬស្រ្តីដែលធ្លាប់មានគភ៌កូនភ្លោះ។ អាចជាសញ្ញាមួយរបស់ការកើតសភាវគភ៌មានជាតិពុល ស្រ្តីដែលមានប្រវត្តិធ្លាប់កើតជំងឺទាំងនោះខណៈមានគភ៌ គួរតែប្រឹក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការមើលថែទាំយ៉ាងដិតដល់។
    2. មានទឹករំអិលឈាមចេញមកតាមរន្ធស្បូន : ទឹករំអិលឈាម ឬមានពណ៌ស្ករលាយឈាម ឬទឹករំអិលខាប់ៗជាដុំៗធ្លាក់ចេញមកតាមរន្ធស្បូន មិនថាច្រើន ឬតិចនោះទេ អាចបណ្ដាលមកពីមូលហេតុដែលមិនធ្ងន់ធ្ងរ ដូចជា រលាករន្ធស្បូន រលាកមាត់ស្បូន ឬមកពីមូលហេតុដែលធ្ងន់ធ្ងរខ្លាំង ដូចជា ស្បូនធ្លាក់ចុះទាប ឬទងសុករបូតមុនកំណត់ បង្ហាញអាការការបើករបស់ស្បូន អាចធ្វើឱ្យកើតការប្រសុតមុនកំណត់ ឬទារកក្នុងគភ៌មានឱកាសស្លាប់បាន។
    3.  មានអាការបែកទឹកភ្លោះ : បែកទឹកភ្លោះ គឺសភាវដែលកើតពីការបែក ឬធ្លាយរបស់ថង់ទឹកភ្លោះ ធ្វើឱ្យមានទឹកភ្លោះហៀរចេញមក។ ច្រើនតែកើតឡើងនៅពេលអាយុគភ៌ចាប់ផ្ដើមចូលជិតដល់ពេលប្រសូត តែករណីខ្លះក៏អាចកើតឡើងដែលនឹងនាំឆ្ពោះទៅរកការប្រសូតមុនពេលកំណត់បានដែរ ដោយសារតែការច្របាច់ខ្លួនរបស់ស្បូនយ៉ាងខ្លាំង ឬបណ្ដាលមកពីការបោកប៉ះដោយសារគ្រោះថ្នាក់ឧប្បត្តិហេតុ ដែលអាចហុចផលអាក្រក់ដល់ទារក ព្រោះនៅពេលថង់ទឹកភ្លោះបែកធ្លាយ មានទឹកហៀរចេញមក មេរោគក៏អាចនឹងចូលទៅក្នុងថង់ទឹកភ្លោះ បង្កឱ្យកើតការឆ្លងមេរោគដល់ទារក និងមានគ្រោះថ្នាក់ដល់ជីវិតបាន។
    4. មានអារម្មណ៍ថា កូនលែងសូវរើដូចប្រក្រតី : កូនក្នុងផ្ទៃនឹងចាប់ផ្ដើមរើក្នុងសប្ដាហ៍ទី17 តែក្នុងផ្ទៃពោះដំបូង ស្រ្តីមានគភ៌អាចនឹងមិនឃើញកូនរើសោះរហូតដល់ហួសសប្ដាហ៍ទី20 ក៏មាន។ ការមានអារម្មណ៍ថា កូនរើ គឺជាកត្តាជួយឱ្យវាយតម្លៃអំពីសុខភាពរបស់ទារកក្នុងគភ៌បាន ដូច្នេះស្រ្តីមានគភ៌គួរសង្កេត និងរាប់កូនចំនួនកូនរើតាំងពីសប្ដាហ៍ទី 28 រហូតដល់ពេលកំណត់ប្រសូត។ វិធីការរាប់ចំនួនកូនរើ គួរចាប់ផ្ដើមរាប់តាំងពីព្រឹក រហូតដល់ល្ងាច ឬយ៉ាងតិច 12ម៉ោង។ បើកូនរើគ្រប់ 10ដងក្នុងរយៈពេល 4ម៉ោង ក៏មិនចាំបាច់រាប់ទៀតទេ តែបើសិនជាកូនរើតិចជាង 10ដងក្នុងរយៈពេល 4ម៉ោង ចូរសាកល្បងសម្រាក 1ម៉ោង ហើយសង្កេតមើលម្ដងទៀត បើកូននៅតែមិនរើតាមដែលគួរនឹងរើ ឬកូនរើតិចជាងមុនច្រើន គួរប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យ។
    5. អាការពោះឡើងរឹងញឹកញាប់ : អាការពោះឡើងរឹង គឺការឈឺចាប់នៅម្ដុំពោះផ្នែកខាងក្រោម(ថ្ងាស) ចំណែកក្បាលពោះឡើងរឹងតឹងវិញ ជាសភាវដែលស្បូនច្របាច់ពង្រឹបខ្លួនជាដុំមូល។ ពេលស្រ្តីមានគភ៌យកដៃដាក់លើក្បាលពោះ នឹងមានអារម្មណ៍ថា ដូចមានដុំរឹងៗរុញឡើងមក ឬមានអារម្មណ៍ថាតឹងខ្លាំងនៅលើក្បាលពោះម្ដងម្កាលក្នុងរយៈពេលខ្លីៗ និងអ្នកខ្លះអាចនឹងមានអាការពោះឡើងរឹងនេះប្រមាណជារៀងរាល់ 10នាទីម្ដង និងកើតជាប់ជានិច្ច 4-5ដង ដែលអាការនេះបើបណ្ដោយទុកចោលយូរ នឹងធ្វើឱ្យមាត់ស្បូនបើកឡើង និងកើតការប្រសូតមុនកំណត់។

    វិធីការពារការប្រសូតមុនកំណត់គួរចាប់ផ្ដើមតាំងពីពេលដឹងខ្លួនថា មានគភ៌ ដោយស្រ្តីមានគភ៌គួរមើលថែទាំសុខភាពរាងកាយឱ្យរឹងប៉ឹង បន្ថយ និងបញ្ឈប់នូវអ្វីដែលធ្វើឱ្យកើតការប្រថុយប្រថាននឹងការប្រសូតមុនកំណត់ និងឧស្សាហ៍ទៅជួបគ្រូពេទ្យតាមការណាត់ ដើម្បីឱ្យពេទ្យវាយតម្លៃពីភាពប្រថុយប្រថាននឹងការប្រសុតមុនកំណត់ និងកុំភ្លេចថា ការពារជាមុនទើបជាការប្រសើរ៕