Tag: ភ្លក្ស

  • តើអ្នកដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

    តើអ្នកដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

    តើស្ត្រីមានគភ៌ទាំងឡាយដឹងដែរឬទេថា ទារកដែលនៅក្នុងគភ៌ អាចទទួលដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅគភ៌បាន និងពេលប្រសូតចេញមកហើយ ថែមទាំងចេះត្រៀមខ្លួនជាស្រេច ក្នុងការរៀនយល់ដឹងរឿងផ្សេងៗក្នុងសភាពបរិស្ថានជុំវិញខាងក្រៅបានយ៉ាងល្អទៀតផង។ ឥឡូវនេះ យើងនាំគ្នាមកមើលថា តើទារករៀនយល់ដឹងពីអ្វីខ្លះពេលនៅក្នុងគភ៌ម្តាយ?។

    1-រៀនយល់ដឹងពីការស្តាប់ និងឮ

    កូននៅក្នុងស្បូនដែលនៅក្នុងគភ៌ម្តាយមួយជាន់ទៀតនោះ ក៏បានឮសំឡេងដែលនៅជុំវិញ និងសំឡេងដែលនៅក្នុងរាងកាយរបស់អ្នកម្តាយយ៉ាងច្បាស់ដែរ ដូចជា សំឡេងកូរពោះរបស់ម្តាយ សំឡេងបេះដូង សំឡេងរញេរញ៉ៃជុំវិញខ្លួនម្ដាយរបស់គេ ឬសំឡេងនៅលើផ្លូវថ្នល់ ជាដើម​។ ស្ត្រីមានគភ៌អាចសាកល្បងបានយ៉ាងងាយ គឺនៅពេលណាដែលកូនរើខ្លាំងៗ ចូរអ្នកម្តាយអង្អែលក្បាលពោះ និងនិយាយជាមួយកូនយ៉ាងទន់ភ្លន់ កូននឹងស្ងប់ស្ងាត់ទៅវិញ ព្រោះចាំសំឡេងម្តាយបាន។

    2-ប្រែភាសាបានទៀតផង

    ពិតប្រាកដណាស់ នៅពេលកូនបានឮ កូនក៏នឹងអាចដឹងអំពីភាសា និងអត្ថន័យនៃពាក្យនោះបានដែរ។ ស្ត្រីមានគភ៌អាចសង្កេតមើលបានថា ពេលកូនប្រសូតចេញមកហើយ កូននឹងអាចយល់ដឹងពីភាសាដើមក្នុងតំបន់ ដែលគេធ្លាប់បានឮញឹកញាប់ ដូច្នេះហើយទើបមានការណែនាំឱ្យស្ត្រីមានផ្ទៃពោះស្តាប់បទភ្លេងដែលបើកតិចៗ ពីរោះៗ ឬអ្នកណាដែលចង់និយាយភាសាអង់គ្លេសជាមួយកូន ក៏ស្តាប់បទភ្លេងភាសាអង់គ្លេសដើម្បីឱ្យចងចាំសំនៀងភាសាបាន។

    3-អាចមើលឃើញពន្លឺភ្លើងបានហើយ

    ទារកនឹងមើលឃើញពន្លឺបានច្បាស់នៅពេលមានអាយុក្នុងគភ៌ខែទី 7 បើមានពន្លឺចាំងខ្លាំងមកចំពីមុខ ទារកនឹងបែរខ្លួនចេញ ព្រោះពន្លឺភ្លឺខ្លាំងជ្រុលពេក។ ស្ត្រីមានគភ៌មួយចំនួនដែលធ្វើអាល់ត្រាសោនដ៍ក្នុងអំឡុងពេលជិតប្រសូត អាចនឹងបានឃើញកូនតូចបើកភ្នែកឱ្យមើលទៀតផង។

    4-រៀនយល់ដឹងពីរសជាតិ

    ទារកនៅក្នុងគភ៌អាចដឹងពីរសជាតិអាហារដែលម្តាយទទួលទាន ចាប់តាំងពីសប្តាហ៍ទី 7 – 8 និងដឹងគ្រប់រសជាតិចាប់តាំងពីសប្តាហ៍ទី14 ឡើងទៅ។ ក្រៅពីអាហារដែលមានរសជាតិហឹរ ជូរ ផ្អែម ល្វីង ដែលម្តាយលេបចូលទៅហើយនោះ កូនតូចនៅបានភ្លក្សទឹកភ្លោះដែលអណ្តែតនៅជុំវិញខ្លួនគេទៀតផង។ យើងអាចសង្កេតឃើញបានថា នៅពេលដែលកូនតូចប្រសូតចេញមកហើយ កូនអាចទទួលយករសជាតិអាហារក្នុងបែបផ្សេងៗបានទាំងអស់ នៅពេលដល់វ័យដែលស័ក្តិសមនឹងញ៉ាំ។

    5-ចាំក្លិនម្តាយបានមុនគេទាំងអស់

    ក្រៅពីចាំរសជាតិអាហារបានហើយ ទារកនៅអាចចាំក្លិនអាហារបានទៀតផង តែអ្វីដែលគេចាំបានល្អបំផុតនោះគឺ ក្លិនរបស់ម្តាយ ដោយយើងអាចសង្កេតឃើញបានថា បន្ទាប់ពីប្រសូតចេញមក កូនអាចបែរមុខទៅរកម្តាយ ឬបញ្ជាក់ពីមនុស្សជាម្តាយបានភ្លាមៗតែម្តង ហើយរឹតតែចិញ្ចឹមយូរទៅបានមួយរយៈហើយ កូននឹងដឹងភ្លាមតែម្តងថា តើម្តាយនៅជិត ឬក៏អត់ទៀតផង។ ក្មេងខ្លះអាចដល់ថ្នាក់យំងង៉ក់រករឿងទៀតផង ពេលមិនបានធុំក្លិនម្តាយនៅជិតខ្លួន។

    6-ចេះយល់សប្តិតាំងពីនៅក្នុងពោះម្ល៉េះ

    មានលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ទារកដែលស្ថិតនៅក្នុងអាយុគភ៌ 32សប្តាហ៍ឡើងទៅ អាចចេះយល់សប្តិបានហើយ ដោយសារតែគ្រូពេទ្យបានសាកល្បងពិនិត្យមើលលទ្ធផលនៃការស្រាវជ្រាវក្នុងការធ្វើអាល់ត្រាសោនដ៍ទារកជាច្រើនដង ហើយរកឃើញថា កែវភ្នែក និងរាងកាយរបស់ទារកមានការធ្វើចលនាយ៉ាងរហ័សនៅពេលគេងលក់នៅក្នុងផ្ទៃម្តាយ។

    7-ត្រៀមខ្លួនជាស្រេចដើម្បីចេញឆ្ពោះមករកពិភពដ៏ធំខាងក្រៅ

    លទ្ធផលស្រាវជ្រាវបានរកឃើញទៀតថា ទារកដែលមានអាយុនៅក្នុងគភ៌ 20សប្តាហ៍ឡើងទៅ នឹងរៀនយល់ដឹងអ្វីផ្សេងៗបានឆាប់រហ័សណាស់ ដូចជា ការបឺតទឹកដោះម្តាយបានភ្លាមៗក្រោយពេលប្រសូតចេញមក។ ស្ត្រីមានគភ៌ខ្លះដែលធ្វើអាល់ត្រាសោនដ៍ ថែមទាំងបានឃើញកូនតូចកំពុងជញ្ជក់ម្រាមដៃខ្លួនឯងតាំងពីនៅក្នុងគភ៌ទៀតផង ដែលទាំងនោះអាចនិយាយបានថា ជាការហាត់បឺតជញ្ជក់របស់កូនតូចតាំងពីពេលនៅក្នុងផ្ទៃ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការរស់នៅ ក្រោយពេលកើតចេញមកហ្នឹងឯង៕

  • អាហារបង្កើនទម្ងន់កូន និងតិចនិកល្អៗដែលអ្នកម្ដាយមិនគួរខកខាន

    អាហារបង្កើនទម្ងន់កូន និងតិចនិកល្អៗដែលអ្នកម្ដាយមិនគួរខកខាន

    ក្មេងដែលមានទម្ងន់ខ្លួនទាបជាងប្រក្រតី ច្រើនតែមានមូលហេតុមកពីការចិញ្ចឹមថែទាំ កូនញ៉ាំតិច និងមិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវតាមក្បួនភោជនាហារ ទាំងក្នុងរឿងបរិមាណ និងជីវជាតិ បណ្ដោយតាមចិត្តកូនជ្រុលពេក ជាហេតុធ្វើឱ្យឪពុកម្ដាយកង្វល់ចិត្ត ខ្លាចកូនស្គមមានទម្ងន់ខ្លួនខុសប្រក្រតី ដូច្នេះទើបអាហារបន្ថែមទម្ងន់កូនក្លាយជារឿងសំខាន់ដែលឪពុកម្ដាយគួរតែយកចិត្តទុកដាក់ឱ្យបានច្រើនឡើង។

    កូនមានទម្ងន់ខ្លួនតិចជាងប្រក្រតី(ស្គម)ច្រើនតែមានមូលហេតុមកពី ៈ

    – ការចិញ្ចឹមថែទាំ ៈ ក្មេងញ៉ាំតិច មិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវទាំងបរិមាណ និងជីវជាតិអាហារដោយសារតែការមិនដឹង ឬបណ្ដោយតាមចិត្តក្មេង។

    – សភាវឈឺថ្កាត់របស់រាងកាយ ៈ អាចមានជំងឺរ៉ាំរ៉ៃ ឬបញ្ហារបស់ភាពពិការតាំងពីកំណើត ធ្វើឱ្យមានការចម្រើនធំធាត់យឺត ដូចជាជំងឺបេះដូង ជាដើម។ល។

    – ការគេងសម្រាក ៈ គេងលក់សម្រាកមិនបានគ្រប់គ្រាន់ ឬចូលគេងយប់ជ្រៅជាប្រចាំ។

    វិធីជួយបង្កើនទម្ងន់ខ្លួនកូន

    កូនមានទម្ងន់ខ្លួនតិច(ស្គម)ជារឿងលំបាកចិត្តរបស់អ្នកម្ដាយ ដូច្នេះយើងនាំគ្នាមកមើលពីតិចនិក 4យ៉ាងដែលនឹងជួយអ្នកម្ដាយក្នុងការបង្កើនទម្ងន់ខ្លួនកូនថា តើមានអ្វីខ្លះ?

    1. សង្កេតរឿងអាហារ ៈ ក្រុមអាហារដែលកូនញ៉ាំនោះ មានប្រយោជន៍ដល់រាងកាយច្រើនប៉ុនណា ដូចជា សាច់ ទឹកដោះ ស៊ុត មិនគ្រប់គ្រាន់ ក៏ធ្វើឱ្យកូនស្គមបានដែរ រួមទាំងបរិមាណអាហារក៏ត្រូវតែសមល្មមនឹងការប្រើកម្លាំងថាមពលដែរ។
    2. កែសម្រួលវិធីចម្អិន ៈ សម្រាប់ក្មេងដែលមានទម្ងន់ខ្លួនតិច អ្នកម្ដាយអាចប្ដូរពីអាហារស្ងោរ មកជាអាហារឆា ឬចៀនឱ្យបានញឹកញាប់ឡើង តែអ្នកម្ដាយត្រូវប្រយ័ត្នរឿងប្រព័ន្ធរំលាយអាហាររបស់កូនផង។
    3. បន្ថែមគ្រឿងផ្សំ ៈ ការបន្ថែមចំណែកផ្សំរបស់អាហារដែលនឹងធ្វើឱ្យកូនញ៉ាំបាន ដូចជា ទឹកដោះ ប៊័រ ម្សៅ ឬស្ករខ្លះៗ ក៏នឹងជួយបង្កើនទម្ងន់ខ្លួនកូនបានដែរ។
    4. រៀបចំអាហារញ៉ាំបន្ថែមពេលទំនេរ ៈ ការរៀបចំអាហារញ៉ាំពេលទំនេរ ដូចជា នំសាំងវិច ជាមួយទឹកដោះគោ ឬទឹកផ្លែឈើក្រឡុកដែលផ្សំដោយទឹកដោះគោ ឬទឹកស្ករ ក៏ជាការបំពេញកម្លាំងថាមពលដែលបាត់បង់ទៅក្នុងចន្លោះពេលបាយចម្បងៗដល់កូនបានដែរ។

    វត្ថុធាតុដើម 6យ៉ាងក្នុងការផ្សំម្ហូបអាហារបង្កើនទម្ងន់កូន

    ក្រៅពីវិធីការចម្អិនអាហារហើយ ការជ្រើសរើសវត្ថុធាតុដើមមកធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារ ក៏មានភាពសំខាន់ចំពោះទម្ងន់ខ្លួនរបស់កូនដូចគ្នាដើម្បីឱ្យអ្នកម្ដាយបានបង្កើនទម្ងន់ខ្លួនកូនពីសារធាតុអាហារប្រភេទម្សៅ និងខ្លាញ់ដែលល្អចំពោះសុខភាព។

    1. ទឹកដោះគោឆៅ ឬទឹកដោះគោដែលកូនញ៉ាំជាប្រចាំ ព្រោះជាទឹកដោះដែលមានជាតិខ្លាញ់អាចយកមកផ្សំធ្វើជាម្ហូបអាហារបាន។
    2. ត្រីដែលមានជាតិខ្លាញ់ច្រើន ដូចជាត្រីសណ្ដាយ ត្រីអណ្ដែង ដែលនឹងជួយក្នុងការសាងជាតិខ្លាញ់បានល្អ។
    3. សណ្ដែកផ្សេងៗ ជាពិសេស សណ្ដែកដី មានប្រយោជន៍ជួយបង្កើនកម្លាំងថាមពល តែមិនគួរញ៉ាំច្រើនជ្រុលពេកដែរ ព្រោះវានឹងធ្វើឱ្យហើមពោះ។
    4. ស៊ុត ជាអាហារពហុប្រយោជន៍ដែលបន្ថែមកម្លាំងថាមពលដល់កូន។
    5. បន្លែដែលមានជាតិម្សៅច្រើន និងផ្ដល់ថាមពលខ្ពស់ ដូចជាពោត ល្ពៅ មានជាតិម្សៅច្រើន និងផ្ដល់ថាមពលខ្ពស់។
    6. ផ្លែឈើស្រស់ផ្សេងៗ ក្រៅពីមុខម្ហូបអាហារចម្បងៗហើយនោះ ផ្លែឈើក៏អាចធ្វើជាអាហារញ៉ាំពេលទំនេរដើម្បីបង្កើនថាមពលក្នុងចន្លោះពេលថ្ងៃបានដែរ ថែមទាំងមានប្រយោជន៍ច្រើនទៀតផង។

    អាហារបន្ថែមទម្ងន់កូនវ័យ 6 – 12ឆ្នាំ

    ឱ្យកូនបានញ៉ាំអាហារឱ្យគ្រប់ 5ប្រភេទក្រុមក្នុងមួយពេលៗដែលប្រកបដោយ ៈ

    • បាយ 2 – 3វែក។
    • សាច់សត្វ 2ស្លាបព្រាបាយ ឬស៊ុត(ស៊ុតជាប្រូតេអ៊ីនគុណភាព ក្មេងមានទម្ងន់ខ្លួនតិចគួរឱ្យញ៉ាំមួយថ្ងៃ 1គ្រាប់)។
    • ឆាបន្លែ 1វែក។
    • ផ្លែឈើ ដូចជាក្រូច 1ផ្លែ ឬចេក 1ផ្លែ ឬល្ហុងទុំ 4 – 5ចំណិត ឬផ្លែឈើផ្សេងៗទៀត។
    • ទឹកដោះគោ 1កែវ។

    បើកូនញ៉ាំអាហារបានតិច ចូរបែងចែកពេលញ៉ាំអាហារចម្បងៗទៅជាពេលតូចៗ អាចបបួលកូនឱ្យមានចំណែករួមក្នុងការត្រៀមរៀបចំអាហារ ឱ្យសាកភ្លក្ស និងអង្គុយញ៉ាំដំណាលគ្នាជាមួយប៉ាម៉ាក់យ៉ាងរីករាយ។ នាំកូនទៅហាត់ប្រាណ រត់លេង ព្រោះនៅពេលកូនបានបញ្ចេញកម្លាំងថាមពលហើយ នឹងធ្វើឱ្យកូនឃ្លាន និងញ៉ាំបានច្រើន។ មិនគួរឱ្យកូនញ៉ាំនំ បៀមស្ករគ្រាប់ ឬទឹកដោះគោមុនពេលបាយឡើយ ព្រោះនឹងធ្វើឱ្យកូនឆាប់ឆ្អែត និងញ៉ាំបាយបានតិច។

    ការមើលថែទាំកូនឱ្យគេងលក់សម្រាកឱ្យគ្រប់គ្រាន់ ហាត់ប្រាណជាប់ជានិច្ច ជាផ្នែកសំខាន់ក្នុងការបង្កើនទម្ងន់ខ្លួន និងកម្ពស់ដល់កូនៗដំណាលគ្នានឹងភាពរឹងមាំរបស់រាងកាយ និងដែលសំខាន់គឺ សេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់អំពីឪពុកម្ដាយ ជាវិធីដែលនឹងធ្វើឱ្យកូនមានសុខភាពរាងកាយដែលរឹងមាំ និងមានទម្ងន់ខ្លួនតាមស្តង់ដារបានល្អបំផុត៕

  • នីតា វរវង្ស ចង់ភ្លក្សរសជាតិឈុតស្នេហា

    នីតា វរវង្ស ចង់ភ្លក្សរសជាតិឈុតស្នេហា

    ទោះបីបច្ចុប្បន្នកញ្ញា នីតា វរវង្ស កំពុងតែទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងក៏ដោយក៏តារាសម្ដែងរូបនេះ ហាក់មិនទាន់សប្បាយចិត្ដនូវអ្វី ដែលនាងកំពុងទទួលបាននៅឡើយ។ ពោលគឺនាងចង់ភ្លក្សរសជាតិការសម្ដែងឈុតឆាកស្នេហាម្ដង។ ដោយសារតែសម្លឹងឃើញទីផ្សារសម្ដែងឈុតឆាកស្នេហា និងសិចស៊ីកំពុងតែមានភាពធំទូលាយ។

    ពិសេសតារាសិល្បៈដែលចាប់យកការសម្ដែងបែបសិចស៊ីច្រើនតែទទួលបានការគាំទ្រលឿនលើសពីការរំពឹងទុករបស់ពួកគេ ទើបធ្វើឱ្យតារាសម្ដែងឈានចូលវ័យ 23ឆ្នាំរូបនេះហាក់ស្ដាយឱកាសទាំងនេះ និងកំពុងតែជ្រួលច្រាលចិត្ដចង់សាកល្បងគ្រាដែលយល់ថា រូបនាងនៅក្មេងនៅឡើយ។

    នីតា វរង្ស បញ្ជាក់ថា៖ ”ពិតជាគួរឱ្យស្ដាយណាស់ ព្រោះកន្លងមកដោយសារតែគិតថា ខ្លួននៅក្មេងពេក ខ្លាចមិនសមភ្នែកមហាជនទើបខ្ញុំច្រានចោលឱកាសតួឯកស្រីប្រហែលជា 3 រឿងដែលអ្នកដឹកនាំតម្រូវឱ្យខ្ញុំសម្ដែងឈុតសិចស៊ី និងឈុតស្នេហាជាមួយតួប្រុស”។ នាងបន្ដថា នៅពេលនោះបើទោះជានាងបានឆ្លងកាត់ការសម្ដែងជាច្រើនរឿងហើយក្ដី ក៏នាងនៅតែអៀនខ្មាសគ្រាដែលអ្នកដឹកនាំរឿងសួរនាំពីបញ្ហានោះ។

    ពាក់ព័ន្ធនឹងការសម្ដែងឈុតឆាកសិចស៊ីបញ្ចេញសាច់លេចលើ លេចក្រោម កន្លងមកមិត្ដភ័ក្ដិក្នុងសិល្បៈរបស់នាងមួយចំនួនបានលើកឡើងថា រូបរាង និងមុខមាត់របស់នាងបែបហ្នឹងប្រសិនបើនាងហ៊ានសម្ដែងបែបសិចស៊ីខ្លះ គេរំពឹងថានាងនឹងទទួលបានការគាំទ្រច្រើនពីមហាជន ខណៈដែលបច្ចុប្បន្នតារាសិល្បៈខ្មែរមានរូបសម្រស់ស្រស់ស្អាត និងនៅក្មេងសាច់សខ្ចីបែបនេះ ពុំសូវមានអ្នកមានចិត្ដក្លាហានទទួលយកការសម្ដែងអ៊ីចឹងៗឡើយ។

    ទោះជាយ៉ាងណាតារាសម្ដែងរូបនេះបានបង្ហាញពីឆន្ទៈរបស់ខ្លួនថា ៖”ខ្ញុំហ៊ាននិយាយ ខ្ញុំនឹងធ្វើឱ្យបានប្រសិនបើមានឱកាស ខ្ញុំនឹងមិនលែងវាឱ្យរបូតចេញពីដៃរបស់ខ្ញុំម្ដងទៀតឡើយ ព្រោះក្នុងនាមជាតារាសម្ដែងខ្ញុំត្រូវតែភ្លក្សនូវរសជាតិនៃការសម្ដែងឱ្យបានគ្រប់ទម្រង់ ទើបយើងអាចដឹងថា ការសម្ដែងក្នុងតួអង្គនីមួយៗវាមានលក្ខណៈខុសគ្នាបែបណា? តែយ៉ាងណា ក៏ខ្ញុំរំពឹងថាការសម្រេចចិត្ដរបស់ខ្ញុំនឹងមិនធ្វើឱ្យប៉ះពាល់ដល់សង្គមទេ”។

    ជាមួយគ្នានេះនីតា វរង្ស រំពឹងថា នាងនឹងអាចទទួលបានការសម្ដែងបែបនេះក្នុងពេលឆាប់ៗខាងមុខជាក់ជាមិនខាន គ្រាដែលថ្មីៗនេះមានដំណឹងល្ហៀងៗមកថា មានផលិតកម្មមួយចំនួនចង់បាននាងទៅសម្ដែង៕