Tag: ភ្នែក

  • នៅពេលកូនតូចឈានចូលខែទី 10

    នៅពេលកូនតូចឈានចូលខែទី 10

    ខែទី 10

    លក្ខណៈរបស់កូនតូច

    រយៈនេះកូនច្រើនមានធ្មេញខាងមុខដុះឡើងគ្រប់ 4 គ្រាប់ហើយ តែនៅមិនទាន់ដល់ថ្នាក់ត្រូវដុសធ្មេញឱ្យបានទេ គ្រាន់តែយកក្រណាត់ស្អាតមកជូតឱ្យក៏គ្រប់គ្រាន់ហើយ។ ថ្ងៃនេះអត្រាកើនឡើងនៃទម្ងន់ខ្លួននឹងថយចុះប្រមាណជា 5 – 10ក្រាមក្នុងមួយថ្ងៃជាមធ្យម។

    ខែនេះចាប់ផ្ដើមមានភាពជាខ្លួនឯងច្រើនឡើងហើយ ចេះតតាំងនឹងអ្វីដែលមិនចង់ធ្វើច្រើនឡើង ដូចជាមិនចូលចិត្តឱ្យគេចាប់ដាក់អង្គុយលើកន្ថោរដើម្បីជុះ ជាដើម។ អំឡុងពេលនេះអ្នកម្ដាយអាចនឹងបណ្ដោយកូនឱ្យលេងតែឯងខ្លះ ហើយការលេងកូននឹងបង្កប់ទៅដោយការចង់ដឹងចង់ឃើញ និងចងចាំជាបណ្ដើរៗហើយ។

    ដល់ពេលញ៉ាំអាហារបន្ថែម

    វ័យនេះ ញ៉ាំអាហារបរិមាណប៉ុនណា អាស្រ័យលើសេចក្ដីត្រូវការ មិនចាំបាច់ធ្វើទុកឱ្យញ៉ាំជាពិសេសនោះទេ អាចបែងពីអាហាររបស់មនុស្សធំមកញ៉ាំបាន។ បើអាហារដែលញ៉ាំមានទាំងម្សៅ បន្លែ សាច់ និងសណ្ដែកហើយ ក៏មិនចាំបាច់បារម្ភថា កូននឹងខ្វះសារជាតិអាហារនោះឡើយ។ ចំណែកកាលវិភាគអាហារបន្ថែមដែលថាកូនគួរតែបានទទួលប៉ុន្មានក្នុងមួយថ្ងៃ 2ពេល ឬ3ពេលនោះគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។ បើញ៉ាំបាយអស់ក្នុងរយៈពេល 10 – 15 នាទីនោះ ចង់ឱ្យញ៉ាំមួយថ្ងៃ 3ពេលក៏បាន តែបើបញ្ចុកបាយម្ដងៗចំណាយពេលដល់ទៅ 1 ម៉ោងនោះ បើឱ្យញ៉ាំមួយថ្ងៃ 3ពេល កូននឹងគ្មានពេលចេញទៅលេងខាងក្រៅផ្ទះ ព្រោះយ៉ាងហោចណាស់ក៏ត្រូវឱ្យបានចេញទៅលេងនៅក្រៅផ្ទះនៅពេលព្រឹក និងពេលល្ងាចម្ដងៗពី 1ម៉ោង – 1ម៉ោងកន្លះដែរ ហើយពេលវេលានៅសល់ចូរទុកជាពេលវេលាគេង ពេលញ៉ាំបាយ តាមភាពស័ក្តិសមរបស់ក្មេងម្នាក់ៗវិញប្រសើរជាង។

    នំនែក ជារឿងដែលត្រូវតែបណ្ដោយខ្លះៗហើយ

    អ្នកខ្លះមិនព្រមឱ្យកូនញ៉ាំនំឡើយ ព្រោះខ្លាចឆ្អែតរហូតមិនញ៉ាំបាយ តែកូនក៏នៅតែចង់ញ៉ាំដដែលហ្នឹងឯង ដូច្នេះគួរអនុញ្ញាតឱ្យកូនបានញ៉ាំខ្លះចុះ ដូចជានំប៉័ងស្រួយៗ នំប៉ាវ នំបារាំង នំខេក នំចេក នំអាកោ ឬនំខ្មែរផ្សេងៗ តែគួរឱ្យស្អាតមានអនាម័យ រសជាតិផ្អែមល្មមៗ។ ចំណែកផ្លែឈើវិញ គួរឱ្យញ៉ាំជាចំណិតៗ មិនចាំបាច់កិនឱ្យម៉ដ្ឋទៀតទេ។ កំណត់ពេលឱ្យញ៉ាំមិនលើស 2 ដងក្នុងមួយថ្ងៃ ដូចជាឱ្យញ៉ាំទឹកដោះមុនពេលរសៀលជាដើម មិនមែនចេះតែឱ្យញ៉ាំពេញមួយថ្ងៃនោះទេ ព្រោះនឹងធ្វើឱ្យដល់ពេលញ៉ាំបាយ ញ៉ាំបានតិច។

    អាការរោគដែលអាចកើតឡើង

    – នឹកដល់ជំងឺរាតត្បាត

    . បើក្មេងណាមិនដែលគ្រុនក្ដៅខ្លួនពីមុនមក ពេលមិនស្រួលខ្លួនចូរនឹកដល់ជំងឺគ្រុនផ្ដាសាយ បើស្ថិតក្នុងរដូវដែលជំងឺគ្រុនឈាមរាតត្បាត ចូរនឹកដល់ជំងឺគ្រុនឈាម។ ព្យាយាមឱ្យកូនបានញ៉ាំទឹកឱ្យច្រើនក្នុងពេលគ្រុនក្ដៅខ្លួន។ ត្រូវប្រយ័ត្នកុំឱ្យកូនកើតជំងឺដែលឆ្លងមកពីក្មេងដែលលេងជាមួយគ្នា។

    . ចូរនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្សេងៗតាមអំឡុងអាយុ និងកាលកំណត់របស់ពេទ្យ។

    – ខាងក្រោយត្រចៀកកូនមានដុំអ្វីម្យ៉ាងរឹងៗ

    . អ្នកម្ដាយអាចប្រទះឃើញមានដុំរឹងៗប៉ុនគ្រាប់សណ្ដែកនៅក្រោយស្លឹកត្រចៀក អាចមានតែម្ខាង ឬទាំងសងខាងក៏មាន ពេលចុច ឬសង្កត់ប៉ះ កូនមិនបានបង្ហាញអាការឈឺចាប់អ្វីឡើយ។ ការពិតដុំសាច់នេះគឺ ក្រពេញទឹករងៃដែលធំឡើងខ្លាំង ជាពិសេសបើមានបូសរមាស់នៅលើក្បាល ហើយកូនចូលចិត្តអេះផង មេរោគដែលជាប់នឹងក្រចកដៃនឹងចូលទៅក្នុងក្រោមស្បែកក្បាល ហើយក្រពេញទឹករងៃដែលធ្វើការទប់ស្កាត់នោះនឹងរីកធំឡើង តែក្រោយមកនឹងបាត់ទៅវិញដោយឯកឯង។ តែបើក្រពេញទឹករងៃរលាកក្លាយ បរិវេណនោះនឹងឡើងក្រហម ឈឺនៅពេលចុចចំ។ វិធីការពារ គឺកុំឱ្យកូនកើតបូសរមាស់នៅលើក្បាល កាត់ក្រចកដៃឱ្យខ្លី ហើយបើដុំរឹងៗនោះធំឡើង ត្រូវនាំកូនទៅឱ្យគ្រូពេទ្យពិនិត្យ។

    វិវឌ្ឍនាការរបស់កូនតូច

    – រាងកាយ

    . ចេះតោងតុ ឬឱ្យដឹកដៃ ហើយដើរទៅមកជុំវិញបានហើយ

    . ចាប់ផ្ដើមហាត់ឈរដោយមិនបាច់តោងអ្វីបានហើយ អាចឈរដោយខ្លួនឯងបានមួយភ្លែតៗ។

    . សម្រាប់ក្មេងដែលឆាប់ចេះដើរ អាចដើរបានហើយក្នុងអំឡុងពេលនេះ។

    .​ ចេះចង្អុលប្រាប់ពីអវយវៈរបស់ខ្លួនឯងបាន។

    . ចាប់ផ្ដើមចេះកាន់របស់ដោយដៃម្ខាងបានហើយ តែនៅមិនទាន់អាចបញ្ជាក់បានថា កូនថ្នឹកប្រើដៃខាងណាបាននៅឡើយ។

    . ចេះទាញមួកចេញពីក្បាលខ្លួនឯងបានហើយ។

    – សង្គមជុំវិញខ្លួន

    . ចេះភ្ជាប់ពាក្យសម្ដីជាមួយអាកប្បកិរិយា ដូចជា ការបញ្ជូនស្នាមថើប ញញឹមស្រស់ស្រាយជាដើម។

    . ញ៉ាំចំណីដោយខ្លួនឯងកាន់តែថ្នឹកឡើង និងលើកកែវទឹកញ៉ាំដោយខ្លួនឯងបាន។

    . ចេះធ្វើត្រាប់អាកប្បកិរិយា និងទឹកមុខរបស់អ្នកនៅជិតដិតនឹងខ្លួនបាន។

    . ចេះស្ដាប់បទចម្រៀង និងយោលខ្លួនតាមនៅពេលបានឮសំឡេងបទភ្លេង។

    ឧស្សាហ៍លេងជាមួយកូនផង

    . កូនចូលចិត្តលេងបិទភ្នែកវាក់អ៊ើ ធ្វើមាត់ចំបូញ ចូលចិត្តលេងបើក-បិទគម្របដបហើយចាក់ទឹកចោល ឬលេងជាមួយពពុះសាប៊ូពេលងូតទឹក ជាដើម។

    . គួរឱ្យកូនបានហាត់ប្រាណខ្លះ ដោយឱ្យតោងធុង ឬកេសធំៗដែលមានដាក់ឥវ៉ាន់ធ្ងន់ៗ ហើយរុញដើរ តែមិនគួរឱ្យដើររុញរទេះដែលមានកង់រអិលៗឡើយ ព្រោះរទេះនឹងរអិលទៅមុខលឿន តែបើកៅអីធ្ងន់ៗដែលមានកង់ អាចឱ្យក្មេងរុញលេងបាន តែឪពុកម្ដាយត្រូវនៅមើល នៅចាំជួយ និងប្រុងប្រយ័ត្ន។

    . វ័យនេះចូលចិត្តលេងអង្គុយអង្រឹង ដូច្នេះបើចង់ឱ្យលេង ឪពុកម្ដាយត្រូវអង្គុយជាមួយ ហើយរកបន្ទះអ្វីទន់ៗមកក្រាលពីក្រោម ឬមានដីខ្សាច់ពីក្រោមអង្រឹង ដើម្បីការពារពេលកូនធ្លាក់មកកុំឱ្យមានគ្រោះថ្នាក់។

    . កូនមិនទាន់ឈរបានមាំនៅឡើយ ដូច្នេះគួរជួយបង្ហាត់បន្ថែម ដោយឱ្យកូនចាប់ដៃឪពុកម្ដាយទាំងសងខាង ហើយជួយទាញឱ្យឈរឡើង។ បង្ហាត់បែបនេះមួយថ្ងៃ 2ដង មួយដង 5 – 6 នាទីបានហើយ។ បើជាក្មេងដែលមាឌធំ ខ្លួនធ្ងន់រហូតក្រោកឈរមិនរួច មិនគួរបង្ហាត់ឱ្យរៀនក្រោកឈរទេ តែគួរបណ្ដោយឱ្យទៅលេងនៅក្រៅផ្ទះ ឬហាត់ប្រាណលើទីធ្លា យ៉ាងហោចណាស់មួយថ្ងៃ 2 – 3 ម៉ោងប្រសើរជាង៕

  • “វាក់អ៊ើ!” ការលេងដែលសាងវិវឌ្ឍនាការរបស់កូនតូចដែលឪពុកម្ដាយនឹកស្មានមិនដល់

    “វាក់អ៊ើ!” ការលេងដែលសាងវិវឌ្ឍនាការរបស់កូនតូចដែលឪពុកម្ដាយនឹកស្មានមិនដល់

    វាក់អ៊ើ! គឺជាការលេងដ៏សែនមហាងាយ នរណាៗក៏លេងបាន មានពេលតិចតួចក៏លេងបាន ថែមទាំងលេងបានមិនកំណត់ទីកន្លែង និងពេលវេលាទៀតផង។ គ្រាន់តែមានឧបករណ៍តម្លៃ 0 រៀល តែមានគុណតម្លៃខាងផ្លូវចិត្តខ្ពស់បំផុត នោះគឺ មនុស្សជាឪពុកម្ដាយហ្នឹងឯង។ លទ្ធផលដែលបានពីការលេង វាក់អ៊ើ មិនមែនត្រឹមតែភាពសប្បាយរីករាយប៉ុណ្ណោះទេ តែនៅហុចផលល្អដល់វិវឌ្ឍនាការរបស់កូនយ៉ាងច្រើនទៀតផង។

    – វាក់អ៊ើ! បង្ហាត់ពីរឿងការមានស្ថិតស្ថេរនៃរបស់វត្ថុផ្សេងៗ

    អ្នកសិក្សាស្រាវជ្រាវផ្នែកខួរក្បាល និងវិវឌ្ឍនាការបានឱ្យដឹងថា ការលេងយកដៃបិទមុខ ហើយបើកវិញមក វាក់-អ៊ើ! នេះនឹងជួយឱ្យក្មេងក្នុងវ័យ 2 ខួបដំបូងបានរៀនយល់ដឹងពីការមានស្ថិតស្ថេរនៃរបស់ និងវត្ថុផ្សេងៗ(Object permanence) ដូចជា នៅពេលអ្នកម្ដាយយកដៃបិទមុខ ឬទៅលបពួន ហើយមួយភ្លែតក្រោយមកក៏បើកមុខឡើង ឬបង្ហាញខ្លួនមកវាក់អ៊ើជាមួយកូនជាដើម។ រូបបែបនៃការលេងបែបនេះនឹងធ្វើឱ្យកូនបានរៀនយល់ដឹងបន្តិចម្ដងៗថា ម៉ាក់នឹងបាត់ចេញពីខ្សែភ្នែកត្រឹមតែមួយភ្លែតប៉ុណ្ណោះទេ រួចហើយបន្តិចទៀតម៉ាក់នឹងត្រឡប់មកវិញមិនខាន។

    – វាក់អ៊ើ! បង្ហាត់ឱ្យចេះទន្ទឹងរង់ចាំ

    នៅពេលដែលកូនបានរៀនយល់ដឹងបន្តិចម្ដងៗថា ប៉ាម៉ាក់គឺពិតជាមានប្រាកដមែន ប៉ាម៉ាក់អាចបាត់ពីខ្សែភ្នែកខ្លះហើយ តែបន្តិចទៀតនឹងត្រឡប់មកវិញមិនខាន។ កូននឹងចាប់ផ្ដើមមានភាពជឿជាក់លើមនុស្សជាឪពុកម្ដាយ ខណៈពេលជាមួយគ្នាក៏ចាប់ផ្ដើមរៀនយល់ដឹងពីការរស់នៅដោយខ្លួនឯង(Independence)។ ដូច្នេះហើយទើបការលេងវាក់អ៊ើជាការជំរុញឱ្យកូនតូចចេះអត់ទ្រាំរង់ចាំ ចាប់ផ្ដើមពីម្ដាយលើកដៃបិទមុខ ឬពួននៅពីផ្ទាំងក្រណាត់ កូនក៏ត្រូវរង់ចាំថា តើពេលណាម៉ាក់នឹងបើកមុខ ឬចេញមកវិញ ដែលរឿងនេះវានឹងអភិវឌ្ឍឆ្ពោះទៅរកការអត់ទ្រាំរង់ចាំក្នុងរឿងផ្សេងៗដែលមានភាពលំបាក និងស្មុគស្មាញជាងនៅពេលក្រោយ ដូចជា ម៉ាក់ទៅចូលបន្ទប់ទឹក ទៅធ្វើម្ហូប ឬចេញទៅធ្វើការក្រៅផ្ទះ ជាដើមហ្នឹងឯង។

    – វាក់អ៊ើ! បង្ហាត់ពីការចងចាំ

    ខួរក្បាលរបស់ក្មេងតូចៗត្រៀមជាស្រេចក្នុងការរៀនយល់ដឹង និងធំធាត់គ្រប់ពេលវេលា ហើយនឹងរឹតតែអភិវឌ្ឍបានល្អឡើងតាមរយៈការលេងគ្រប់អំឡុងពេលដែលឪពុកម្ដាយលេងវាក់អ៊ើជាមួយកូន ដែលនឹងបង្ហាត់ខួរក្បាលរបស់កូនផ្នែកការចងចាំ។ សេចក្ដីសប្បាយនឹងកើតចេញពីការចងចាំថា ប៉ា និងម៉ាក់ធ្លាប់អើតមុខមកវិញនៅខាងណា? ពេលណា? ហើយនឹកស្មានទុកជាមុនថា លើកក្រោយប៉ា និងម៉ាក់នឹងបង្ហាញមុខចេញមកនៅខាងដដែលឬក៏អត់ហ្ន៎? ជាដើម។

    – វាក់អ៊ើ! ជួយអភិវឌ្ឍផ្នែកការទំនាក់ទំនង

    គ្រប់ស្នាមញញឹម និងសំឡេងសើចរបស់កូន មិនមែនជារឿងចៃដន្យដែលកើតឡើងមួយភ្លែតៗ និងកន្លងផុតទៅដោយគ្មានអត្ថន័យនោះទេ តែវាបង្ហាញអំពីវិវឌ្ឍនាការផ្នែកការទំនាក់ទំនងរបស់កូន។ សម្រាប់ក្មេងតូចក្នុងអំឡុងវ័យ 1 – 2 ឆ្នាំដំបូង ការទំនាក់ទំនងជាមួយពិភពខាងក្រៅនឹងត្រូវបញ្ជូនចេញមកតាមរយៈការញញឹម សើច យំ សម្លឹងមុខ ឬសូម្បីតែការកម្រើកដៃជើង ដូចគ្នានឹងបដិសម្ព័ន្ធដែលកើតឡើងខណៈដែលកូនលេងវាក់អ៊ើជាមួយឪពុកម្ដាយដែរ។ ស្នាមញញឹម និងសំឡេងសើចដែលកើតឡើងបង្ហាញឱ្យឃើញថា ការទំនាក់ទំនងរវាងគ្នានឹងគ្នាទទួលបានភាពជោគជ័យហើយណា៎។ ដូច្នេះហើយទើបការលេងវាក់អ៊ើ គឺជាការជំរុញវិវឌ្ឍនាការខាងការទំនាក់ទំនងរបស់កូនបានយ៉ាងល្អ។

    – វាក់អ៊ើ! សាងសម្ព័ន្ធភាព

    ការលេងវ៉ាក់អ៊ើ គឺជាអំឡុងពេលដែលមានកូនជាចំណុចកណ្ដាល ជាការលេងដែលសាងស្នាមញញឹម និងសំឡេងសើចដល់ក្រុមគ្រួសារតាមរយៈការមើលមុខ ធ្វើសំឡេងទាបខ្ពស់ឱ្យរំភើបចិត្ត។ ជាអំឡុងពេលនែសេចក្ដីសុខដែលជួយគ្នាត្បាញថ្ពក់ខ្សែសម្ព័ន្ធភាពរវាងក្រុមគ្រួសារឱ្យរឹងមាំ ហើយនឹងផ្ដិតចេញជាសម្ព័ន្ធភាពដ៏ស៊ីជម្រៅដែលដក់ជាប់នៅក្នុងបេះដូងរបស់កូនយូរអង្វែងតទៅទៀត។

    ឥឡូវជឿហើយឬនៅថា វាក់អ៊ើ នេះពិតជាល្អចំពោះវិវឌ្ឍនាការរបស់កូនតូចខ្លាំងណាស់ និងជាគំរូនៃការសាងពេលវេលាគុណភាពក្នុងគ្រួសារដែលបានពិសោធរួចហើយថា មិនមែនជារឿងលំបាក មិនអស់លុយកាក់ និងពេលវេលានោះឡើយ។ ជារឿងតូចមួយដែលអ្នកគ្រូឆវីគិតថា លោកឪពុកអ្នកម្ដាយគ្រប់រូបអាចធ្វើបានទាំងអស់គ្នា៕

  • គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    ចាប់ផ្ដើមពីវ័យកើតដំបូង រហូតចូលដល់បឋមវ័យ(6 ឆ្នាំដំបូង) កូនរបស់យើងនឹងមានវិវឌ្ឍនាការទាំងផ្នែករាងកាយ និងចិត្តគំនិតឆាប់រហ័សខ្លាំងណាស់ បើយើងអាចជួយបន្ថែមឱ្យកូនមានវិវឌ្ឍនាការដែលត្រឹមត្រូវ ស័ក្តិសមតាមវ័យរបស់គេបានទៀតផងនោះ នឹងរឹតតែធ្វើឱ្យកូនរបស់យើងក្លាយជាក្មេងដែលមានអាកប្បកិរិយា និងទង្វើដែលល្អ មានភាពឆ្លាតវៃខាងផ្នែកអារម្មណ៍ខ្ពស់ជាមិនខាន។

    យើងអាចជួយបន្ថែមវិវឌ្ឍនាការផ្សេងៗរបស់កូនបានតាមវិធី 4 យ៉ាងតទៅនេះ ៈ

    1 . ឱ្យកូនបានឃើញនូវអ្វីដែលល្អ

    កូនរបស់យើង(ទោះជាទើបនឹងកើតក្ដី)អាចរៀនយល់ដឹងនូវអ្វីដែលខ្លួនឯងមើលឃើញបាន។ ការមើលឃើញនេះ មានន័យរួមទាំងទង្វើមួយចំនួនរបស់ឪពុកម្ដាយ ឬអ្នកចិញ្ចឹមដែលធ្វើចំពោះកូនរបស់យើងផងដែរ ដោយទង្វើផ្សេងៗដែលក្មេងមើលឃើញនោះ គេនៅមិនទាន់អាចញែកបំបែកបានថា រឿងនោះជារឿងត្រឹមត្រូវ ឬស័ក្តិសមនោះទេ តែក្មេងនឹងជ្រួតជ្រាបនូវអ្វីដែលបានឃើញទាំងអស់ ហើយចុងក្រោយក៏នឹងក្លាយជាទង្វើរបស់កូនខ្លួនឯងតែម្ដង ដូចជា ក្មេងដែលមើលឃើញឪពុកម្ដាយចូលចិត្តច្រៀង មានអារម្មណ៍ល្អ ឬលេងតន្រ្តី នៅពេលកូនធំឡើង កូនក៏នឹងមានសេចក្ដីស្រឡាញ់ក្នុងផ្នែកតន្រ្តី មានផ្លូវចិត្តទន់ភ្លន់ ឬករណីដែលឪពុកម្ដាយ ឬអ្នកចិញ្ចឹមមិនចូលចិត្តញ៉ាំបន្លែ នៅពេលកូនធំឡើងក៏ច្រើនតែមិនញ៉ាំបន្លែដែរ។

    2 . ឱ្យកូនបានឮនូវអ្វីដែលល្អ

    ពាក្យសម្ដីល្អៗ សំឡេងពីរោះៗទន់ភ្លន់ ទារកទើបនឹងកើតក៏អាចដឹងបានដែរ ជាពិសេសក្មេងក្នុងអំឡុងបឋមវ័យ(កើតដំបូង-6ឆ្នាំ) ក្មេងនឹងតាំងចិត្តស្ដាប់ និងមានអារម្មណ៍ឆាប់ចាំបានចំពោះសំឡេងផ្សេងៗ។ បើអ្នកណាដែលធ្លាប់ចិញ្ចឹមកូន នៅពេលកូនតូចអាយុបានប្រមាណ 3 – 4 ខែនឹងបានឃើញថា ពេលដែលយើងពកូនហើយនិយាយជាមួយកូន កូននឹងធ្វើមាត់ជីបអូចៗ កែវភ្នែកនឹងសម្លឹងចំមុខឪពុក ឬម្ដាយដែលកំពុងពគេ។ គេនឹងតាំងចិត្តស្ដាប់សំឡេងផ្សេងៗដែលបន្លឺមករកគេ ដូច្នេះ សំឡេង ឬពាក្យសម្ដីផ្សេងៗដែលមិនល្អ ជាពិសេសពាក្យលាន់មាត់ ពាក្យជេរបញ្ចោរដែលច្រើនតែជាពាក្យខ្លីៗ(1 – 2 ម៉ាត់)នឹងក្លាយជាពាក្យដែលក្មេងបឋមវ័យអាចចងចាំបានយ៉ាងងាយ ដូច្នេះបើមិនចង់ឱ្យកូននិយាយស្ដីអាក្រក់ស្ដាប់ ឪពុកម្ដាយ និងអាណាព្យាបាលត្រូវតែប្រយ័ត្នប្រយែង កុំប្រើពាក្យសម្ដីណាដែលមិនល្អឱ្យក្មេងបានឮ។ កុំគិតថា កូននៅតូច នៅមិនទាន់ស្ដាប់យល់ឱ្យសោះ ព្រោះក្មេងអាចចងចាំលក្ខណៈការបញ្ចេញសំឡេងខ្លីៗទាំងនោះ និងអាចនិយាយចេញមកដោយមិនដឹងពីអត្ថន័យបាន ដែលទម្រាំឪពុកម្ដាយដឹងថា កូនរបស់ខ្លួនធ្លាប់មាត់នឹងពាក្យសម្ដីអាក្រក់ ជេរបញ្ចោរទាំងនោះ អាចនឹងពិបាកកែកុនក៏ថាបានដែរ។

    3 . ឱ្យកូនលេង និងធ្វើកិច្ចការងារល្អៗ

    ក្មេងក្នុងបឋមវ័យច្រើនតែចូលចិត្តលេងដែលជាធម្មជាតិរបស់កុមារ។ ឪពុកម្ដាយដែលយល់ដឹងពីវិវឌ្ឍនាការរបស់កូនក៏អាចនឹងរកមើលកិច្ចការងារណា ឬការលេងណាដែលស៊ីគ្នាជាមួយនឹងអំឡុងអាយុរបស់កូនបានដែរ។ ក្រៅពីនោះ ការលេងរបស់កុមារនេះនឹងក្លាយជាការរៀនយល់ដឹងដែលជំរុញប្រព័ន្ធប្រសាទទាំង 5 របស់គេបានយ៉ាងល្អ។

    4 . ផ្ដល់ការអប់រំបង្ហាត់បង្រៀនកូនតាំងពីនៅក្មេង

    ក្មេងក្នុងអំឡុងបឋមវ័យ មានភាពចង់ដឹងចង់ឃើញគ្រប់ពេលវេលា គេនឹងមានភាពក្លៀវក្លាស្វាហាប់ក្នុងការរៀនយល់ដឹងគ្រប់អ្វីៗដែលនៅជុំវិញខ្លួន ដូច្នេះការអប់រំបង្ហាត់បង្រៀនគឺជារឿងចាំបាច់ណាស់ ដោយការបង្ហាត់បង្រៀននោះគួរជាការបង្ហាត់បង្រៀនក្នុងលក្ខណៈអធិប្បាយ មិនមែនជាការបញ្ជា ឬហាមនោះទេ។ ទោះជាក្មេងក្នុងវ័យនេះនៅមិនទាន់អាចយល់នូវអ្វីដែលឪពុកម្ដាយអធិប្បាយបានទាំងអស់ក៏ដោយ តែការអធិប្បាយឱ្យកូនបានស្ដាប់តាំងពីតូច ឬបណ្ដោយឱ្យគេបានសាកល្បងធ្វើដោយខ្លួនឯង(ជាកិច្ចការងារដែលមិនបង្កគ្រោះថ្នាក់) ហើយឪពុកម្ដាយនៅចាំណែនាំចង្អុលបង្ហាញថា ហេតុអ្វីបានក្លាយជាបែបហ្នឹង នឹងថ្វើឱ្យកុមារអាចរៀនយល់ដឹង និងយល់ច្បាស់បានយ៉ាងឆាប់រហ័សជាងការបង្ហាត់បង្រៀនបែបប្រើពាក្យសម្ដីតែម្យ៉ាង ដូចជា ការបង្ហាត់កូនឱ្យចេះដុសធ្មេញ ដោយប្រើសម្ភារប្រដូច ដូចជាធ្មេញក្លែងក្លាយជាដើម។ ឱ្យកូនបានហាត់កាន់ច្រាសដុសធ្មេញដោយខ្លួនឯង និងឪពុកម្ដាយចង្អុលបង្ហាញថា ហេតុអីបានត្រូវដុសធ្មេញ ហេតុអីបានត្រូវកាន់ច្រាសដុសធ្មេញបែបហ្នឹង និងដុសរបៀបម៉េច ជាដើម៕

  • ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    គ្រួសារជាច្រើន(ជាពិសេសគ្រួសារខ្មែរកាត់ចិន)ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើងក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ។

    1 . ឱបកូនតាំងពីវិនាទីដំបូងដែលគេបើកភ្នែកមើលពិភពលោក

    ចាប់តាំងពីកូនតូចប្រសូតចេញមកបើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរយ៉ាងធំធេងរវាងពិភពដែលគេរស់នៅមក 9 ខែ(នៅក្នុងផ្ទៃម្ដាយ)ជាមួយនឹងពិភពខាងក្រៅដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយជាហេតុផលថា ហេតុអីបានជាទារកដែលកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញនៅពេលបានទទួលភាពកក់ក្ដៅ និងការឱបបីពអំពីអ្នកម្ដាយនោះ។

    ការឱបកូន និងប៉ះពាល់កូនតាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូនគឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅសប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខណៈពេលប្រសូតរួច។

    2 . ការឱបកូនក្នុងអំឡុង 6 ខែដំបូង

    ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័នភាពរវាងកូនជាមួយឪពុកម្ដាយនឹងចាប់ផ្ដើមវេញត្បាញចូលគ្នាច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មីជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះគឺជារឿងដែលកើតឡើងតាមធម្មជាតិ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អតាំងពីពេលកើតមកដំបូង នឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូននៅពេលដែលគេធំឡើង។

    ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ដែលល្អជាមួយអ្នកម្ដាយតាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេនឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។

    ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាមរហូតដល់ 6 ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ មួយថ្ងៃច្រើនៗដងតាមរយៈការបំបៅដោះកូន។ ចូរចងចាំទុកជានិច្ចថា គ្រប់ពេលដែលកូនតូចកំពុងបឺតជញ្ជក់ទឹកដោះចេញពីដើមទ្រូងរបស់អ្នក បើអ្នកនិយាយ និងប៉ះពាល់ខ្លួនប្រាណគេ វានឹងបង្ហាញឱ្យដឹងថា អ្នកស្រឡាញ់គេខ្លាំងប៉ុនណា។ ទារកតូចនឹងបានដឹង និងជ្រួតជ្រាបពីអ្វីទាំងអស់នោះ ហើយខ្សែសម្ព័ន្ធភាពរបស់ម្ដាយ និងកូននឹងរឹតណែនទ្វេឡើង និងហុចផលឱ្យវិវឌ្ឍនាការផ្នែកអារម្មណ៍របស់កូនរឹតតែល្អខ្លាំងឡើងទៀតផង។

    3 . ការឱបកូនក្នុងអំឡុងវ័យ 7 ខែរហូតដល់ 1 ខួបកន្លះ

    ក្នុងអំឡុងពេលដែលកូនអាយុ 7 ខែឡើងទៅ អ្វីគ្រប់យ៉ាងជុំវិញខ្លួនរបស់គេនឹងក្លាយជាកត្តាជំរុញចំណាប់អារម្មណ៍របស់គេបានយ៉ាងល្អ។ កូននឹងព្យាយាមស្រវាចាប់កាន់នេះ ចាប់កាន់នោះគ្រប់យ៉ាងដើម្បីរៀនយល់ដឹងដោយខ្លួនឯង និងប្រាកដណាស់ គេនឹងចាប់ផ្ដើមលេង ញញឹម សើចជាមួយលោកឪពុកអ្នកម្ដាយច្រើនឡើង រឹតតែដល់វ័យដែលគេចាប់ផ្ដើមចេះអង្គុយ ក្រោកឡើងដើរផងនោះ គ្រប់ជំហាននៃវិវឌ្ឍនាការរបស់គេ បើលោកឪពុកអ្នកម្ដាយស្ថិតនៅក្បែរៗគេ ឱបរឹតកូនយ៉ាងជាប់លាប់ ផ្ដល់កម្លាំងចិត្ត និងកោតសរសើរលើភាពចម្រើនទៅមុខរបស់ការរៀនយល់ដឹងរបស់កូនផងនោះ កូននឹងធំធាត់ឡើងក្លាយជាកុមារដែលមានភាពជឿជាក់ក្នុងចិត្ត និងសម្លឹងពិភពលោកក្នុងន័យល្អ ជាក្មេងដែលមានសភាវអារម្មណ៍ដ៏ល្អ។

    ក្មេងដែលបានទទួលការឱបរឹត បានទទួលការស្រឡាញ់យ៉ាងជាប់លាប់ នឹងមានវិវឌ្ឍនាការខាងផ្នែករាងកាយ និងសភាវខាងអារម្មណ៍ល្អប្រសើរជាងក្មេងដេលត្រូវបានចិញ្ចឹមមើលថែដោយអ្នកដទៃ(ដូចជាមេដោះ)ដែលជាញឹកញាប់គេមើលឃើញថា ក្មេងដែលចិញ្ចឹមដោយអ្នកដទៃដែលមិនមែនជាឪពុកម្ដាយច្រើនតែមានសភាវខាងអារម្មណ៍មិនសូវជាល្អប្រសើរប៉ុន្មានឡើយ។

    4 . ការឱបកូនក្រោយអាយុ 1 ឆ្នាំកន្លះ – 3ឆ្នាំ

    បើអ្នកមានទម្លាប់ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីពេលកើតដំបូងមក នៅពេលកូនចូលមកដល់វ័យនេះ គេក៏នៅតែចង់ឱ្យអ្នកឱបរឹត ចង់ឱ្យអ្នកថើបគេដដែល តែបើសិនជាគ្រប់ពេលរហូតមកអ្នកស្ទើរតែមិនដែលធ្លាប់ឱបរឹតគេ មិនដែលថើបគេ ហើយមកចង់ឱបរឹតគេនៅពេលនេះ គេអាចនឹងមិនព្រមឱ្យអ្នកឱបថើបគេឡើយ ដោយសារតែក្មេងក្នុងវ័យនេះនឹងចាប់ផ្ដើមចាប់អារម្មណ៍ពីពិភពខាងក្រៅច្រើនឡើង និងរូបគេក៏មិនធ្លាប់ដែលទទួលបានសម្ព័ន្ធភាពដែលល្អអំពីឪពុកម្ដាយផងនោះ ទើបគេចាប់អារម្មណ៍ពីអ្វីជុំវិញខ្លួនខ្លាំងជាងឪពុកម្ដាយ។ តែបើសិនជាកូនធំធាត់ឡើងមកព្រមជាមួយនឹងសម្ពន្ធភាពដ៏ល្អ ការឱបថើប និងសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះគេវិញនោះ ប្រាកដណាស់ថា គេនឹងក្លាយជាក្មេងដែលមានចំណាប់អារម្មណ៍លើអ្វីជុំវិញខ្លួនដូចគ្នា តែគេនឹងក្លាយជាក្មេងដែលមានភាពជឿជាក់ ព្រោះដឹងថា អ្នកនៅក្បែររូបគេជានិច្ច ទើបកូនធំឡើងក្លាយជាក្មេងដែលមានទស្សនគតិល្អ អារម្មណ៍ល្អ និងមានភាពជឿជាក់លើខ្លួនឯងខ្ពស់។

    នៅពេលកូនមានអាយុ 3ឆ្នាំឡើងទៅ

    ក្រោយពី 3 ឆ្នាំឡើងទៅ ពិភពរបស់គេនឹងលែងមានត្រឹមតែលោកឪពុក និងអ្នកម្ដាយទៀតហើយ គេនឹងជួបរឿងថ្មីៗ មិត្តភ័ក្តិថ្មីៗ សង្គមថ្មីៗ ដែលមនុស្សជាច្រើនតែងតែមើលឃើញថា នៅពេលដែលក្មេងៗមកពីគ្រួសារផ្សេងៗគ្នាមកនៅរួមគ្នាជាក្រុមនោះ ក្មេងខ្លះនឹងអៀនច្រើន និងចូលចិត្តនៅតែឯងៗ ក្មេងខ្លះនឹងរីករាយ រួសរាយសប្បាយ និងហ៊ានបង្ហាញចេញ ខណៈដែលក្មេងខ្លះទៀតនឹងឌឺរឹង ច្រងេងច្រងាង ឬមានអារម្មណ៍ដែលឆេវឆាវមួម៉ៅគ្រប់ពេលវេលា។

    នៅពេលកូនរបស់យើងធំឡើង ការចង់ចូលទៅឱបគេនៅពេលក្រោយ ទាំងកាលពីពេលមុនៗយើងមិនដែលធ្លាប់ឱបរឹតគេ មិនដែលយកចិត្តទុកដាក់លើការឱបផងនោះ វានឹងក្លាយជារឿងដែលពិបាកទៅហើយ។ កូនរបស់យើងអាចនឹងមានអារម្មណ៍ចម្លែក ឬអៀនខ្មាស់នៅពេលត្រូវឪពុកម្ដាយឱប តែបើយើងធ្លាប់បានឱបថើបរូបគេតាំងតែពីក្មេងមក កូននឹងគ្មានអារម្មណ៍អៀនបន្តិចណាឡើយនៅពេលឪពុកម្ដាយបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះគេ។ ដូច្នេះបើយើងមិនបានឱបថើបគេឱ្យបានច្រើនក្នុងអំឡុង 3ឆ្នាំដំបូងមកហើយនោះ ក្រៅពីនឹងធ្វើឱ្យគេធំឡើងក្លាយជាក្មេងដែលមានវិវឌ្ឍនាការផ្នែកអារម្មណ៍មិនល្អហើយ ការគិតចង់មកឱបរឹតគេនៅពេលក្រោយ(នៅពេលដែលគេធំឡើងហើយ) វាអាចក្លាយជារឿងដែលពិបាកធ្វើមួយ និងធ្វើឱ្យគេមានអារម្មណ៍អៀនខ្មាស់។

    ចុះបើយើងមិនបានឱបថើបគេតាំងពីដំបូង…ហើយចង់ឱបថើបកូនថ្ងៃនេះ តើនៅមិនទាន់យឺតពេលទេ ឬយ៉ាងណា?

    យ៉ាងណាៗការឱបថើបកូន មិនថាតែនៅពេលកើតដំបូង ឬធំហើយក៏ដោយ វាជាការបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូន ដូច្នេះ ចូរកុំអាលអស់កម្លាំងចិត្តអី បើអ្នកមិនបានមើលថែទាំគេ មិនបានឱបថើបគេតាំងពីពេលកើតដំបូង ហើយថ្ងៃនេះគេក្លាយជាក្មេងឆាប់ខឹងមួម៉ៅ ឌឺរឹង និងអាត្មានិយមនោះ ចូរចាប់ផ្ដើមឱបកូន និយាយ និងសម្ដែងចេញឱ្យគេដឹងថា លោកអ្នកស្រឡាញ់គេ ព្រួយបារម្ភពីគេខ្លាំងប៉ុនណា។ ដួងចិត្តរបស់កូនយ៉ាងណាៗក៏គេនៅតែត្រូវការការទទួលស្គាល់ពីឪពុកម្ដាយដែរ និង ទោះជាការចាប់ផ្ដើមឱបថើបកូននៅពេលដែលគេធំហើយ អាចដូចជារាងប្លែកៗក្នុងអំឡុងពេលចាប់ផ្ដើមដំបូងៗក្ដី តែនៅពេលដែលអ្នកបានធ្វើវាយ៉ាងជាប់លាប់ កូននឹងចាប់ផ្ដើមបានដឹង និងកែសម្រួលទង្វើឥរិយាបថ រួមទាំងសភាវផ្នែកអារម្មណ៍បានល្អឡើងជាបណ្ដើរៗមិនខាន៕

    អ្នកគ្រូ ឆវីសូមជូនពរឱ្យសង្គមគ្រួសារខ្មែរពោរពេញដោយសេចក្ដីស្រឡាញ់ ប្រាសចាកអំពើហិង្សា និងកុំឱ្យមានការព្រាត់ប្រាស ហើយបើលោកអ្នកភ្លេច ឬខកខានមិនបានឱបថើបកូនៗរបស់លោកអ្នកយូរមកហើយនោះ ថ្ងៃនេះចូរកុំឱ្យខកខានទៀតឱ្យសោះ…ប្រាប់កូនៗថា លោកអ្នកស្រឡាញ់ពួកគេស្មើនឹងជីវិត

  • វិធី5យ៉ាង​កែខៃ​បញ្ហា​នៅ​បរិវេណ​រង្វង់​ភ្នែក

    វិធី5យ៉ាង​កែខៃ​បញ្ហា​នៅ​បរិវេណ​រង្វង់​ភ្នែក

    សភាព​ខ្មៅ​ក្រោម​រង្វង់ភ្នែក​ ហើម​ ឬជ្រួញ​ គឺជា​បញ្ហា​ដែល​តែងតែ​កើតឡើង​ជា​រឿយ​ៗចំពោះ​យើង​គ្រប់គ្នា​ តែ​ទោះជា​យ៉ាងនេះ​ក្តី​វា​ក៏​នៅតែ​ជា​ក្តី​បារម្ភ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ និង​យកចិត្ត​ទុកដាក់​ចំពោះ​ភាព​ស្រស់​ស្អា​តគ្រប់​ៗរូប​។ តើ​អ្នក​ក៏​កំពុងតែ​មានការ​បារម្ភ​ពី​បញ្ហា​ដែល​កើតមាន​នៅ​ជុំវិញ​រង្វង់ភ្នែក​នេះ​ដែរ​ មែនទេ​? សាកល្បង​កម្ចាត់​បញ្ហា​មួយ​នេះ​ ដោយ​វិធី​ធម្មជាតិ​បន្តិច​សិន​មើល៍​ មុននឹង​សម្រេចចិត្ត​ចេញទៅ​ស្វែងរក​នៅ​លើ​ទីផ្សារ​ ប្រសិនបើ​ការសម្រេច​ចិត្ត​របស់​អ្នក​គឺ​ OK​ នោះ​ សូម​បន្ត​ស្វែងរក​ដំណោះស្រាយ​នៅ​បន្ទាត់​ខាងក្រោម​ដូចតទៅ​៖

    1. ផ្លែ​ប៊័រ​ទុំ​ : ប៊័រ​អាច​ជួយ​កាត់បន្ថយ​សភាព​ជ្រីវជ្រួញ​ក្រោម​រង្វង់ភ្នែក​ វា​ប្រៀប​ដូចជា​ម៉ាស​

    ដែល​មាន​ជាតិ​សំណើម​ច្រើន​បំផុត​ ហើយ​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ស្រទាប់​ស្បែក​។ យក​ផ្លែ​ប៊័រ​ទុំ​នោះ​មក​កិន​ឱ្យ​ម៉ដ្ឋ​ រួច​យក​វា​មក​ធ្វើជា​ម៉ាស​បិទ​ក្រោម​រង្វង់ភ្នែក​។

    2. ស៊ុត​ស : សម្រាប់​ព្យាបាល​សភាព​ស្បែក​ដែល​យារ​ធ្លាក់​ ដែល​តែងតែ​ប្រទះឃើញ​នៅ​បរិវេណ​កន្ទុយភ្នែក​។ ម៉ាស​ថ្លា​បែប​ធម្មជាតិ​ប្រភេទ​នេះ​ មានគុណ​ប្រយោជន៍​ច្រើនណាស់​ចំពោះ​ស្បែក​។ ដូច្នេះ​អ្នក​គួ​តែ​យក​វា​មក​លាប​នៅ​ជុំវិញ​រង្វង់ភ្នែក​ ពិសេស​នៅត្រង់​កន្លែង​ដែល​យារ​ធ្លាក់​នោះ​ឱ្យ​បាន​រាល់ថ្ងៃ​ ដើម្បី​សម្រស់​កែវភ្នែក​ដ៏​ផូរផង់​របស់​អ្នក​។

    3. ទឹកក្រូច​ឆ្មារ​ : ទឹកក្រូច​ឆ្មារ​តែ2​-3ដំណក់​ តែ​មានប្រយោជន៍​ច្រើន​សម្រាប់​អ្នក​ដែល​ចង់​បំបាត់​សភាព​ខ្មៅ​ក្រោម​រង្វង់ភ្នែក​ ហើយក៏​ជួយ​កាត់បន្ថយ​ស្នាម​ជ្រួញ​នៅ​ជុំវិញ​រង្វង់ភ្នែក​របស់​អ្នកផង​ដែរ​។

    4. ទឹក​ត្រសក់​ : បន្ថែម​សំណើម​ កាត់បន្ថយ​ស្នាម​ជ្រួញ​ និង​សភាព​ជាំ​ខ្មៅ​នៅ​ក្រោម​រង្វង់ភ្នែក​គឺជា​តួនាទី​របស់​ផ្លែ​ត្រសក់​ ព្រោះ​វា​មាន​វីតាមីន​ C ក៏ដូចជា​អាស៊ីត​ Caffeic​ ដែល​ជួយ​សាងសង់​ខូ​ឡា​ជេន​ និង​ការពារ​ស្បែក​ពី​កាំរស្មី​ UV​។

    5. ទឹក​ម្នាស់​ : ប្រសិនបើ​អ្នកមាន​បំណង​ចង់​កាត់បន្ថយ​សភាព​ខ្មៅ​ យារ​ និង​សភាព​ស្ងួត​នៅ​ក្រោម​រង្វង់ភ្នែក​របស់​អ្នក​ ទឹក​ម្នាស់​អាច​ជួយ​អ្នក​បាន​ ដោយ​គ្រាន់តែ​យក​ទឹក​ម្នាស់​បន្តិចមក​លាប​លើ​កន្លែង​ដែល​មាន​បញ្ហា​ ទុកចោល15​-20នាទី​ សឹម​សម្អាត​ចេញ​។ ទឹក​ម្នាស់​មាន​ជាតិ​អាស៊ីត​ alpha​-hydroxy​ និង​ bromelain​ ព្រម​ទាំង​អង់​ហ្សីម​ដែល​អាច​កម្ចាត់​ស្បែ​កចាស់​ៗចោល​ ធ្វើ​ឱ្យ​ស្បែក​មើលទៅ​ភ្លឺ​ជាង​មុន​។ សូម​ប្រញាប់​លាង​សម្អាត​ផ្ទៃមុខ​ចេញ​ ប្រសិនបើ​អ្នក​សង្កេតឃើញ​ថា​ ស្បែក​អ្នក​រមាស់​ខ្លាំង​ ឬផ្សា​ក្រហាយ​ខ្លាំង​នៅពេល​លាប​ទឹក​ម្នាស់​ ព្រោះ​ស្បែក​របស់​អ្នក​អាច​នឹង​ទ្រាំទ្រ​ជាមួយ​អាស៊ីត​ទាំងនេះ​មិនបាន​។
    ការ​ថែរក្សា​រង្វង់ភ្នែក​តាមវិធី​សាស្ត្រ​ទាំង5​នេះ​គឺ​ផ្តល់​នូវ​ភាព​ចំណេញ​ច្រើន​ដល់​អ្នក​ ព្រោះ​ចំណេញ​ទាំង​ពេលវេលា​ និង​ប្រាក់កាក់​ ហើយ​ថែមទាំង​មិន​បារម្ភ​រឿង​ប៉ះពាល់​សុខភាព​ ហើយ​ធ្វើ​ឱ្យ​ភ្នែក​របស់​អ្នក​កាន់តែ​មាន​ភាព​ស្រស់ស្រាយ​និង​ភ្លឺ​ថ្លា​ជាង​មុន​ថែមទៀត​ផង​៕

  • តើ​អាការ​ហើម​ភ្នែក​បណ្ដាលមកពី​គេង​មិន​គ្រប់​ឬយ៉ាងណា​?

    តើ​អាការ​ហើម​ភ្នែក​បណ្ដាលមកពី​គេង​មិន​គ្រប់​ឬយ៉ាងណា​?

    អាការ​ហើម​ភ្នែក​តែង​កើតឡើង​ជា​រឿយ​ៗចំពោះ​មនុស្ស​គ្រប់​វ័យ​ នៅពេល​ដែល​អ្នក​សម្រាក​មិន​គ្រប់គ្រាន់​ ឬប្រើប្រាស់​ភ្នែកស​ម្លឹង​អេ​ក្រង់​កំ​ព្យូទ័រ​ខ្លាំង​ហួស​កម្រិត​ និង​ច្រើន​ម៉ោង​។ ចំពោះ​ដំណោះស្រាយ​អាការ​ហើម​ភ្នែក​ក៏​មាន​ច្រើនយ៉ាង​ផង​ដែរ​ ដោយ​អ្នក​អាច​ប្រើប្រាស់​កាក​កាហ្វេ​ ស្អំ​ទឹកកក​ ឬស្អំ​ចំណិត​ត្រសក់​ជាដើម​។ តែ​ដោយឡែក​ ទស្សនាវដ្ដី​ ឡា​រ៉ែ​ន នឹង​ជម្រាប​ជូន​អំពី​វិ​ធី​ងាយ​ៗ ដែល​ជួយ​កាត់បន្ថយ​អាការ​ហើម​ភ្នែក​យ៉ាង​មានប្រសិទ្ធភាព។

    ជាដំបូង​អ្នក​ត្រូវ​ស្វែងយល់​ជាមុន​សិន​ថា​ តើ​ត្របកភ្នែក​របស់​អ្នក​ហើម​ដោយសារអ្វី​? បើ​ទោះបីជា​ភាគច្រើន​មានការ​សង្ស័យ​លើ​ការ​គេង​មិន​បាន​គ្រប់គ្រាន់​ ដែល​បណ្តាល​ឱ្យ​ភ្នែក​ទៅជា​ហើម​នៅពេល​ព្រឹក​ឡើង​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា​ ក្រៅពី​គេង​មិន​គ្រប់​ ក៏​មានក​ត្តា​ច្រើន​ទៀត​ ដែល​នាំ​ឱ្យ​ភ្នែក​ហើម​បាន​ផង​ដែរ​។ អ្នក​អាច​ពិនិត្យមើល​នូវ​កត្តា​មួយចំនួន​ដូច​ខាងក្រោម​នេះ​ ៖

    • រលាក​ភ្នែក​
    ការ​ហើម​ភ្នែក​ ក៏អាច​ជា​អាការ​ដ៏​ញឹកញាប់​មួយ​នៃ​អាការ​រលាក​ភ្នែក​ផង​ដែរ​។ រឿង​ផ្សេង​ៗដូចជា​ ការ​គេង​នៅ​លើ​ខ្នើយ​ដែល​មាន​ធូលី​ដី​ច្រើន​ ភួយ​ចាស់​ៗ និង​ដុះផ្សិត​ សុទ្ធតែ​ជា​របស់​ដែល​អាច​បណ្តាល​ឱ្យ​មាន​ប្រតិកម្ម​ងាយ​រលាក​-ភ្នែក​ និង​មាន​បញ្ហា​ស្បែក​ ដែល​បង្ក​ជា​ការ​ហើម​ភ្នែក​បាន​ទាំងអស់​។

    • អាកាសធាតុ​ក្តៅហែង​
    ការ​អង្គុយ​នៅក្នុង​បន្ទប់​ ឬកន្លែង​ដែល​មាន​អាកាសធាតុ​ក្តៅ​ អាច​ធ្វើ​ឱ្យ​ភ្នែក​របស់​អ្នក​ឡើង​ស្ងួត​ និង​ងាយ​រលាក​ជាង​ធម្មតា​។ នេះ​ដោយ​សារ​តែ​កម្តៅ​អាច​ធ្វើ​ឱ្យ​ភ្នាស​មាន​ទឹករំអិល​ក្នុង​ភ្នែក​ស្ងួត​ ជាពិសេស​នៅ​បរិ​វេញ​ជុំវិញ​ភ្នែក​ ដែល​ជាហេតុ​នាំ​ឱ្យ​ភ្នែក​ទៅជា​រលាក​ និង​ហើម​បាន​។

    • ការ​យំ
    ​រឿង​នេះ​នរណា​ក៏​ដឹង​ដែរ​ថា​ ការ​យំ​បណ្តាល​ឱ្យ​ហើម​ភ្នែក​បាន​។ វា​គឺជា​ការផលិត​ក្រពេញ​ទឹកភ្នែក​នៅក្នុង​ភ្នែក​ ហើយ​កាលណា​ការផលិត​ទឹកភ្នែក​ច្រើនជ្រុល​ពេក​ វា​អាច​បណ្តាល​ឱ្យ​ជាលិកា​ជុំវិញ​ភ្នែក​ទៅជា​ប៉ោង​ហើម​បាន​។

    • ការ​មករ​ដូវ​
    អ្នក​អាច​បន្ទោស​ការ​ហើម​ភ្នែក​នេះ​ ដោយសារតែ​ការ​មករ​ដូវ​បាន​។ ធម្មតា​ភ្នែក​របស់​អ្នក​មាន​បញ្ហា​ដោយសារ​កង្វះ​ជាតិទឹក​នៅក្នុង​រាងកាយ​ ក្នុងអំឡុងពេល​មករ​ដូវ​ប្រចាំខែ​ ភ្នែក​ក៏​ក្លាយទៅជា​ហើម​តែម្តង​ទៅ​ វា​មិន​ខុសគ្នា​នឹង​ការ​ហើមពោះ​ក្នុង​ពេល​មករ​ដូវ​នោះ​ទេ​។ នោះ​ក៏ដោយសារតែ​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​ហ្នឹងឯង​។

    • កង្វះ​អ័រម៉ូន​ទី​រ៉ូ​អុី​ត
    ការ​ហើម​ភ្នែក​អាច​ជា​ផល​រំខាន​មួយ​នៃ​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អុី​ត។ ប្រសិនជា​អ្នកមាន​ជំងឺ​នេះ​មែន​ អ្នក​ពិតជា​អាច​មើលឃើញ​ភាព​ក្រាស​នៃ​ខ្លាញ់​នៅ​ជុំវិញ​បរិវេណ​ភ្នែក​របស់​អ្នក​ ដែល​វា​ជា​ហេតុ​នាំ​ឱ្យ​ហើម​ភ្នែក​។

    • គ្រឿងស្រវឹង​
    គ្រឿងស្រវឹង​មិនគ្រាន់​តែ​អាច​បង្ក​ឱ្យ​រាងកាយ​ខ្សោះ​ជាតិទឹក​នោះ​ទេ​ តែ​ក៏​បណ្តាល​ឱ្យ​ភ្នែក​ស្ងួត​ និង​ហើម​បាន​ដែរ​។ មនុស្ស​ភាគច្រើន​មាន​និន្នាការ​ទទួលទាន​អាហារ​មាន​រសជាតិ​ប្រៃ​ច្រើន​ជាមួយ​គ្រឿងស្រវឹង​ ដូច្នេះ​វា​អាច​នឹង​ទាញ​យកជាតិ​ទឹក​ចូល​ទៅ​ក្នុង​បរិវេណ​ភ្នែក​បាន​ផង​ដែរ​។
    បើ​ទោះបីជា​ភ្នែក​របស់​អ្នក​ហើម​យ៉ាងណា​ក៏​ដោយ​ តែ​យើង​នៅ​មាន​ដំណោះស្រាយ​ ដែល​អាច​ព្យាបាល​ដោយ​ចំណាយ​ថវិកា​អស់​តិច​ តែ​មាន​ប្រសិទ្ធ​ខ្ពស់​ និង​មិន​ប៉ះពាល់​ដល់​សរសៃ​ភ្នែក​ និង​កែវភ្នែក​។ សូម​សាកល្បង​វិធី​ដូច​ខាងក្រោម​នេះ​ ៖

    1. យក​ផ្លែ​ត្រសក់​មក​ក្លា​ស្សេ​ឱ្យ​ត្រជាក់​ ហើយ​ហាន់​ជា​ចំ​ណិ​តស្តើង​ៗ រួច​យក​វា​មក​ដាក់​នៅ​លើ​ត្របកភ្នែក​ទាំងសងខាង​របស់​អ្នក​ ដោយ​បិទ​ភ្នែក​សម្រាក​ឱ្យ​បាន​ពី10​-20នាទី​។

    2. យក​ថង់​តែ​ដែល​ឆុង​រួច​មក​ក្លា​ស្សេ​ឱ្យ​ត្រជាក់​ រួច​សឹម​យក​មក​ដាក់​ស្អំ​នៅ​លើ​ត្របកភ្នែក​ទាំងសងខាង​ ដោយ​សម្រាក​ឱ្យ​បាន​យូរ​បន្តិច​។

    3. យក​ក្រណាត់​ស្អាត​មក​ជ្រលក់​ទឹក​ត្រជាក់​ រួច​យក​មក​ស្អំ​នៅ​លើ​ភ្នែក​ ដោយ​បិទ​ភ្នែក​គេង​ប្រមាណ10​-20នាទី​ជាការស្រេច​។

    4. ដើម្បី​បន្ថយ​អាការ​ហើម​ភ្នែក​ អ្នក​គ្រាន់តែ​យក​ស្លាបព្រា​ដា​ក់​ក្លា​ស្សេ​ក្នុង​ថត​កក​រឹង​នៃ​ទូទឹកកក​ ទុកចោល​មួយ​យប់​ ពេល​ភ្ញាក់​ឡើង​ ចូរ​យក​ស្លា​ព្រា​ដែល​កំពុង​ត្រជាក់​ខ្លាំង​នោះ​មក​ស្អំ​នៅ​ជុំវិញ​ភ្នែក​ រហូតដល់​ស្លាបព្រា​ចាប់ផ្តើម​ក្តៅ​ឧណ្ហ​ៗវិញ​។ គ្រាន់តែ​អនុវត្ត​វិធី​ដែល​បាន​រៀបរាប់​ពី​ខាងលើ​តែ​ប៉ុណ្ណេះ​ នោះ​ភ្នែក​របស់​អ្នក​នឹង​បាត់​ហើម​ជាមិនខាន​៕