Tag: ភាគហ៊ុន

  • ក្រុម​អ្នកមាន​នៅ​អាមេរិក​ដណ្ដើមគ្នា​ទិញ​មូលបត្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​

    ក្រុម​អ្នកមាន​នៅ​អាមេរិក​ដណ្ដើមគ្នា​ទិញ​មូលបត្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​

    ជាមួយនឹង​សន្ទស្សន៍​ភាគហ៊ុន​ដែល​បាន​កើនឡើង​ខ្ពស់​បំផុត​ចំនួន​ 6លើក​ក្នុងរយៈពេល​12​ថ្ងៃ​ដំបូង​នៃ​ដើមឆ្នាំ​នេះ​ S&​;P 500​ បាន​កើន​តម្លៃ​ឡើង​ជិត​3% ចាប់ពី​ឈាន​ចូលឆ្នាំ​2020​ ភ្លាម​។

    ការស្ទង់មតិ​មួយ​កាលពី​ពេល​ថ្មី​ៗនេះ​ បាន​បង្ហាញថា​ ពលរដ្ឋ​អាមេរិក​ដែល​មាន​ប្រាក់​យ៉ាងតិច​1លាន​ដុល្លារ​ក្នុង​គណនី​ជំនួញ​ជើងសា​ និង​ការ​ជួញដូរ​មូលបត្រ​ដោយខ្លួនឯង​ មាន​ជំនឿ​ទៅលើ​សេដ្ឋកិច្ច​ និង​មូលបត្រ​អាមេរិក​។ កាលពី​ត្រីមាស​ចុងឆ្នាំ2019​ ប្រការ​នេះ​មិនបាន​កើតមានឡើង​ទេ​។

    កាលណោះ​ សូម្បីតែ​មូលបត្រ​បាន​កើន​តម្លៃ​ឡើង​ក៏ដោយ​ ក៏​ក្រុម​អ្នកមាន​ប្រាក់​នៅតែ​មានការ​ប្រុងប្រយ័ត្ន​ និង​បារម្ភ​ពី​ការ​ដាំ​ក្បាល​ចុះ​នៃ​តម្លៃ​មូលបត្រ​។ ប៉ុន្តែ​បច្ចុប្បន្ន​ យោង​តាម​ការស្ទង់មតិ​របស់​ E-Trade​ Financial​ ធ្វើ​ឱ្យ​គេ​មើលឃើញ​ថា​ សេដ្ឋី​ និង​អ្នកមាន​ប្រាក់​នៅ​អាមេរិក​ដល់ទៅ​76​% វាយតម្លៃ​ខ្ពស់ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។ ក្រុម​វិនិយោគិន​អាមេរិក​យល់ថា​ ទីផ្សារ​នឹង​កើនឡើង​បន្ថែម​ 5% ទៀត​ក្នុង​ត្រីមាស​ទី1​ ឆ្នាំនេះ​ ហើយ​វា​ក៏​នឹង​មាន​កំណើន​បន្ថែម​16​% ទៀត​នៅក្នុង​ត្រីមាស​បន្ទាប់​។

    ការ​ព្រួយបារម្ភ​អំពី​ការ​ថមថយ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​ ពេលនេះ​លែង​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​វិនិយោគ​ទៀតហើយ​។

    អគ្គនាយករង​នៃ​ក្រុមហ៊ុន​ E-Trade​ លោក​ Mike​ Loewengart​ បានឱ្យ​ដឹង​ថា​៖ “ក្រុម​អ្នក​វិនិយោគ​កំពុង​មាន​ជំនឿ​ចិត្ត​ក្នុងអំឡុងពេល​នេះ​។ ក្រុម​អ្នក​វិនិយោគ​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ការ​រីកចម្រើន​ដែល​កំពុង​កើតឡើង​នេះ​ដែរ​”។

    មាន​មូលហេតុ​ជាច្រើន​ផ្សេងទៀត​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មានការ​សប្បាយចិត្ត​ និង​ធូរស្រាល​ក្នុង​អារម្មណ៍​។ ឆ្នាំនេះ​ ជា​ឆ្នាំ​ដែល​អាមេរិក​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ វា​អាច​មានការ​ប្រែប្រួល​ច្រើន​ ប៉ុន្តែ​ប្រការ​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​នាយកដ្ឋាន​បម្រុង​នៃ​សហរដ្ឋអាមេរិក​ (Fed​) ប្រឹងប្រែង​ដើម្បី​ឈរ​នៅ​ក្រៅ​ឆាកនយោបាយ​ ដូច្នេះ​ Fed​ នឹង​មាន​សកម្មភាព​សមស្រប​ក្នុង​ឆ្នាំនេះ​ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​ថយកម្ដៅ​ចុះ​ច្រើន​។ ក្រៅពី​នេះ​ ស្ថានភាព​ទីផ្សារ​ការងារ​ក៏​ល្អ​ ហើយ​តួលេខ​នៃ​ការប្រើ​ប្រាស់​ផលិតផល​ក៏​ប្រសើរ​ជាង​មុន​។ ទាំងអស់​នេះ​បាន​និង​កំពុង​បើកឱកាស​ល្អ​សម្រាប់​ទីផ្សារ​មូលបត្រ​។

    តែ​យ៉ាងណាក៏ដោយ​ គេ​ក៏​មើលឃើញ​មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ដែរ​។ មហាសេដ្ឋី​ Tepper​ បាន​ប្រាប់​សារព័ត៌មាន​ CNBC​ ថា​ ទីផ្សារ​នឹង​ប្រែប្រួល​ខ្លាំង​ រហូត​សូម្បីតែ​ខ្ញុំ​ក៏​ត្រូវ​បន្ថយល្បឿន​ និង​ចាកចេញ​ដែរ​។ S&​;P 500​ មិន​ត្រូវ​បាន​គេ​កំណត់​តម្លៃ​ថ្លៃ​បែបនេះ​ ចាប់តាំងពី​ឆ្នាំ​ 2002​មក​។ កាលពីឆ្នាំទៅ​ ការ​កើន​តម្លៃ​របស់​វា​ គឺ​ដោយសារ​ការកំណត់​តម្លៃ​ខ្ពស់​ ពោល​គឺ​មិនមែន​ប្រសិទ្ធភាព​នៃ​ជំនួញ​ត្រូវ​បាន​កែ​លម្អ​នោះ​ឡើយ​។

    សាស្ត្រា​ចារ្យ​ផ្នែក​ហិរញ្ញវត្ថុ​ លោក​ Jeremy​ Siegel​ បាន​ថ្លែង​ថា​៖ “ក្នុងអំឡុងពេល​នេះ​ ខ្ញុំ​មិនទាន់​បានឃើញ​អ្នកណាមួយ​មាន​ចំណូល​ប្រកបដោយ​អត្ថន័យ​ដូច​ខាងលើ​នៅឡើយ​”។ លោក​បន្ត​ថា​ ទីផ្សារ​កំពុង​ធ្វើដំណើរ​នៅ​លើ​ផ្លូវ​ដែល​ងាយ​រង​របួស​ បើសិន​គេ​លក់​ចេញ​ 10​% នៃ​មូលបត្រ​ដែល​កំពុង​កាន់កាប់​។

    យោង​តាម​អ្នកវិភាគ​ បច្ចុប្បន្ន​បច្ចេកវិទ្យា​ និង​ការថែទាំ​ផ្នែក​សុខាភិបាល​ នៅតែ​ជា​វិស័យ​ដែល​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​ មាន​សក្ដានុពល​ជាងគេ​។ តាម​ការស្ទង់មតិ​របស់​ E-Trade​ ក៏បាន​បង្ហាញ​ដែរ​ថា​ អ្នក​វិនិយោគ​ក៏​មានការ​ជឿជាក់​ជាង​មុន​ទៅលើ​មូលបត្រ​អន្តរជាតិ​ ដែល​កាលពីឆ្នាំទៅ​ វា​មិន​ត្រូវ​បាន​គេ​យកចិត្ត​ទុកដាក់​ឡើយ​។ សេដ្ឋី​អាមេរិក​ជាច្រើន​នាក់​បានឱ្យ​ដឹង​ថា​ មូលបត្រ​បរទេស​ បាន​ទាក់ទាញ​ពួកគេ​ក្នុង​ត្រីមាស​នេះ​ បន្ទាប់ពី​វា​បាន​កើនឡើង​ 29​% ក្នុង​ត្រីមាស​ទី​4 ឆ្នាំ​2019​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • ផ្សារ​មូល​បត្រ​អាមេរិក​បាន​ដាំ​ក្បាល​ចុះ​បន្តិច​វិញ​ ព្រោះ​មានការ​សង្ស័យ​ថា​ អាមេរិក​នៅតែ​បន្ត​យក​ពន្ធ​លើ​…

    ផ្សារ​មូល​បត្រ​អាមេរិក​បាន​ដាំ​ក្បាល​ចុះ​បន្តិច​វិញ​ ព្រោះ​មានការ​សង្ស័យ​ថា​ អាមេរិក​នៅតែ​បន្ត​យក​ពន្ធ​លើ​…

    ផ្សារ​មូល​បត្រ​អាមេរិក​បាន​ដាំ​ក្បាល​ចុះ​បន្តិច​វិញ​នៅ​ពេល​បិទ​ការ​ជួញ​ដូរ​មូល​បត្រ​ថ្ងៃ​ទី​3 បើ​ទោះជា​ប៉ុន្មាន​ថ្ងៃ​មុន​វា​បាន​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​ក៏ដោយ​។

    សារ​ព័ត៌មាន​ Bloomberg​ បាន​ដក​ស្រង់​ព័ត៌មាន​ពី​ប្រភព​ច្បាស់​ការ​មួយ​ដែល​បាន​និយាយ​ថា​ ការ​ដែល​អាមេរិក​សម្រេច​លុប​ការ​យក​ពន្ធ​ទាំង​ស្រុង​ទៅ​លើ​ទំនិញ​ចិន​ ឬអត់​នោះ​ វា​អាស្រ័យ​លើ​ការ​គោរព​របស់​ក្រុង​ប៉េកាំង​ចំពោះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ដំណាក់​កាល​ទី​1 ដែល​ភាគី​ទាំង​2 នឹង​ចុះ​ហត្ថ​លេខា​ក្នុង​ថ្ងៃ​ទី​15​ នេះ​។

    អាមេរិកលុបចោល​ការយកពន្ធទាំងស្រុងទៅលើទំនិញចិន ឬអត់នោះ វាអាស្រ័យលើការគោរពរបស់ក្រុងប៉េកាំង​ចំពោះ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

    គួរ​រំឭក​ថា​ ផ្សារ​មូល​បត្រ​អាមេរិក​បាន​កើន​ពិន្ទុ​ខ្លាំង​ក្នុង​អំឡុង​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ ដោយ​សារ​ជឿ​ថា​ កិច្ច​ព្រម​ព្រៀង​បញ្ចប់​ការ​កើន​កម្ដៅ​នៃ​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​អាមេរិក​ និង​ចិន​ នឹង​ជួយ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​នៅ​ផ្សារ​មូល​បត្រ​អាមេរិក​ ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​។

    តែ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​វិនិយោគ​ហាក់​មាន​ការ​មិន​ពេញ​ចិត្ត​នៅ​ពេល​មាន​លេច​ឮព័ត៌មាន​ថា​ អាមេរិក​អាច​នឹង​បន្ត​រក្សា​ការ​យក​ពន្ធ​លើ​ទំនិញ​របស់​ចិន​ រហូត​ដល់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​អាមេរិក​ត្រូវ​បាន​បញ្ចប់​ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ2020​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • អាមេរិក​ដកចិន​ចេញ​ពី​បញ្ជី​ប្រទេស​ដែល​កំណត់​តម្លៃ​លុយ​ដោយ​ខុស​ច្បាប់​ ធ្វើ​ឱ្យ​តម្លៃ​ភាគ​ហ៊ុន​នៅ​ Wall ​Street​ កើន​ឡើង​បែប​មិន​ធ្លាប់​មាន

    អាមេរិក​ដកចិន​ចេញ​ពី​បញ្ជី​ប្រទេស​ដែល​កំណត់​តម្លៃ​លុយ​ដោយ​ខុស​ច្បាប់​ ធ្វើ​ឱ្យ​តម្លៃ​ភាគ​ហ៊ុន​នៅ​ Wall ​Street​ កើន​ឡើង​បែប​មិន​ធ្លាប់​មាន

    បណ្ដា​ក្រុម​​ហ៊ុន​នៅ​ Wall Street (តំបន់​មួយនៅ​ទីក្រុង New York សហ​រដ្ឋ​អាមេរិក) បានកើន​ថាម​ពល​ឡើង​វិញ ដោយក្នុង​នោះ​គេឃើញតម្លៃ​មូល​បត្រ​របស់ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla កើនឡើង​​លើស​ 500ដុល្លារ​ក្នុង​ 1​ហ៊ុន​ជា​លើក​ដំបូង​បង្អស់ កាលពី​ថ្ងៃ​ទី​11 មករា ​កន្លង​ទៅ​ បន្ទាប់ពី​មាន​ព័ត៌មាន​​ថា អាមេរិកបាន​​ដក​ប្រទេស​ចិន​ចេញ​ពី​បញ្ជី​ឈ្មោះ​​ប្រទេស​ដែលកំណត់​តម្លៃ​លុយដោយ​ខុស​ច្បាប់។​

    ដំណឹង​ខាង​លើ​នេះ​ក៏​បាន​ជួយ​ឱ្យ​ផ្សារ​មូល​បត្រ​នៅ​អាមេរិក​បន្ត​មាន​កម្លាំង​កាន់​តែ​ខ្លាំង។

    នៅ​លើ​តារាង​សន្ទស្សន៍ S&P 500 កើន​ឡើង​ 0.7% ដោយ​មាន​ 3,288.13​ពិន្ទុ ខណៈបិទ​បញ្ចប់​ការ​ជួញដូរ​ចុង​ក្រោយ​កាល​ពី​ម្សិល​មិញ​។ ចំណែក Nasdaq Composite ក៏​បាន​កើន​ឡើងបែប​មិន​ធ្លាប់​មាន​ពី​មុនមក​ផងដែរ ដោយ​បានកើនឡើង 1% និង​មាន 9,273.93ពិន្ទុ នៅ​ពេល​តម្លៃ​មូល​បត្រ​របស់​ក្រុម​ហ៊ុន​ Tesla បាន​កើន​ឡើង​ខ្ពស់។ Dow Jones កើន​ឡើង​ 0.3% ដែល​ស្មើ​នឹង​ 83.28ពិន្ទុ។

    តម្លៃ​ភាគ​ហ៊ុន​ Goldman Sachs និង Cisco Systems បាន​កើន​ឡើងជាង 1% ជួយ​ជំរុញ​ល្បឿន​នៃ​កំណើន​របស់ Dow Jones។ S&P 500 បាន​កើន​ពិន្ទុច្រើន​ដោយ​សារ​ភាគ​ហ៊ុន​បច្ចេក​វិទ្យា​ អចលនទ្រព្យ និង​សម្ភារ ដែល​វិស័យ​នីមួយ​ៗ​បាន​កើនឡើង​យ៉ាង​តិច​ 1.3%។ រី​ឯតម្លៃ​ភាគ​ហ៊ុន​របស់ Apple ក៏​​កើនឡើង​ 2.1% ដែល​ជាកម្រិតកើនឡើង​ខ្ពស់​បំផុតដែរ។

    តម្លៃ​ភាគ​ហ៊ុននៃ​ក្រុម​ហ៊ុន ​Tesla បាន​កើន​ឡើង​ 8% បន្ទាប់​ពី​អ្នក​វិភាគ​មួយ​រូប​នៅក្រុម​ហ៊ុន Oppenheimer បានលើក​ឡើងថា តម្លៃ​ភាគ​ហ៊ុន​នៃ​ក្រុម​ហ៊ុន​ Tesla ​នឹង​កើន​ពី​ 385 ទៅ 612ដុល្លារ។ អ្នក​វិភាគ​រូប​នេះ ​បាន​លើក​ឡើង​អំពី​ការ​ទទួល​យក​ហានិ​ភ័យ​របស់​ Tesla និង​មហិច្ឆតា​​ធំជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​ក្នុង​វិស័យ​ដូច​គ្នា​នេះ​។

    គួរ​រំឭក​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​រវាង​អាមេរិក និង​ចិន ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​15 មករាកន្លង​ទៅ ដោយ​ក្នុង​នោះ អាមេរិក​នឹង​កាត់​បន្ថយ​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​ដែល​ផលិត​នៅ​ប្រទេស​ចិន​ ចំណែក​ចិន​ក៏​បាន​សន្យា​ទិញ​បន្ថែម​នូវ​កសិផល​​របស់​អាមេរិក​ផងដែរ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស