ផលិតកម្មចក្រវាលពេជ្រ នឹងផលិតរឿង «ព្រះមហាមោគ្គល្លាន» ជាការដាស់អារម្មណ៍ជនជំនាន់ក្រោយ
បន្ទាប់ពីក្បួនដង្ហែបែបព្រះពុទ្ធសាសនាចំនួន 5ប្រទេសដែលមាន ថៃ ឡាវ កម្ពុជា វៀតណាម និងភូមា បានមកដល់ទឹកដីកម្ពុជា គេសង្កេតឃើញមានពុទ្ធបរិស័ទជាច្រើនបានចូលរួម ក្នុងនោះអ្នកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្មចក្រវាលពេជ្រ ក៏បានសម្ដែងនូវអារម្មណ៍រំភើបយ៉ាងខ្លាំង ដោយបញ្ជាក់ថា ព្រឹត្ដិការណ៍ព្យុហយាត្រានេះគឺជាប្រវត្ដិសាស្រ្ដដំបូងក្នុងវិស័យពុទ្ធសាសនា។ អ្នកស្រី ថុង ស៊ីវទៀង បានបញ្ជាក់ថា ពិធីនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាការដាស់តឿនសតិអារម្មណ៍ស្មារតីរបស់មនុស្សមួយចំនួនដែលកំពុងតែលង់ខ្លួនចូលយ៉ាងជ្រៅទៅក្នុងអំពីអាក្រក់ ពុំស្គាល់បាបបុណ្យ គុណទោស។ ក្នុងនាមអ្នកស្រីជាអ្នកកាន់ពុទ្ធសាសនា និងជាចាងហ្វាងផលិតកម្មមួយរូបផងនោះអ្នកស្រីក៏ធ្លាប់បានដាក់បញ្ចូលនូវឈុតឆាកមួយចំនួនដែលទាក់ទង និងបុណ្យបាប និងលទ្ធផលនៃការធ្វើអំពើអាក្រក់ អំពើល្អទៅក្នុងខ្សែភាពយន្តរបស់ផលិតកម្មរបស់អ្នកស្រីផងដែរ។ អ្នកស្រីបន្ដថា៖ «ប្រហែលនៅពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ខ្ញុំនឹងសហការជាមួយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 5 ផលិតរឿង «ព្រះមហាមោគ្គល្លាន» ជាខ្សែរឿងពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាសម្រាប់ឱ្យប្រជាជនខ្មែរទស្សនាផង និងដើម្បីយកទៅរិះគិតពិចារណាផង។ ពិសេសដើម្បីជំរុញទឹកចិត្ដមនុស្សជំនាន់ក្រោយ ឱ្យកាន់តែយល់ច្បាស់អំពីបាបបុណ្យ គុណកុសល »។ គួរបញ្ជាក់ថាពិធីដង្ហែក្បួនព្យុហយាត្រាមកកាន់កម្ពុជានេះ ត្រូវបានទទួលស្វាគមន៍ទាំងស្រុងដោយថៅកែនៃសណ្ឋាគារសូហ្វីតែលភូគីត្រា។ កម្មវិធីនេះត្រូវបានចេញដំណើរពីវិទ្យាស្ថានពោធិគយាវិទ្យាល័យប្រទេសថៃ ដង្ហែទៅប្រទេសឡាវ ចូលមកកម្ពុជា រួចទើបចេញទៅប្រទេសវៀតណាម បន្ទាប់មកឆ្លងកាត់តាមកោះកុងចូលទៅប្រទេសថៃវិញហើយបន្ដដំណើរទៅភូមា ទើបត្រឡប់មកកន្លែងដើមនៅក្នុងប្រទេសថៃវិញ៕