Tag: ព្រលានយន្តហោះ

  • តាក់ស៊ី​ហោះ​អគ្គិសនី​ល្បឿន 300 គី​ឡ​ម៉ែត្រ/ម៉ោងរបស់​ហូឡង់ នឹង​កែ​ប្រែ​វិស័យ​អាកាសចរណ៍​

    តាក់ស៊ី​ហោះ​អគ្គិសនី​ល្បឿន 300 គី​ឡ​ម៉ែត្រ/ម៉ោងរបស់​ហូឡង់ នឹង​កែ​ប្រែ​វិស័យ​អាកាសចរណ៍​

    (ហូ​ឡង់) – តាក់ស៊ី​ហោះ Electron 5 ដែល​អាច​ដឹក​អ្នកដំណើរ​បាន 5 នាក់ ដំណើរ​ទាំងស្រុង​ដោយ​ថាមពល​អគ្គិសនី និង​ហោះហើរ​បាន​ចម្ងាយ 750 គីឡូម៉ែត្រ។

    បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​បច្ចុប្បន្ន តែងតែ​ជា​អ្នកកំណត់​កាលវិភាគ​នៃ​ជើងហោះហើរ និង​គោលដៅ​ដែល​ត្រូវ​ចុះចត។ ក៏ប៉ុន្តែ ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់​ហូ​ឡង់ Electron Aviation បំបែក​ការកំណត់​នេះ នៅពេល​ផ្ដល់​បណ្ដាញ​ជើងហោះហើរ​មួយ​ដែល​អនុញ្ញាតឱ្យ​អ្នកដំណើរ​ជ្រើស​រើស​ពេលវេលា និង​ទីតាំង​ហោះហើរ​ដោយ​សេរី។ Electron Aviation ក៏​សហការ​ជាមួយ​ព្រលានយន្តហោះ Twente ដើម្បី​ផ្ដល់​ការហោះហើរ​ដែល​មិន​បំ​ភាយ​ឧស្ម័ន​កាបូន ដោយ​ប្រើប្រាស់​ Electron 5 ដែលជា​យន្តហោះ​តាក់ស៊ី​ដំណើរការ​ដោយ​អគ្គិសនី​ទាំង​ស្រុង​ នៅ​ឆ្នាំ 2027។

    Electron 5 អាច​ដឹក​អ្នកដំណើរ​បាន 5 នាក់។ ភាគី​ក្រុមហ៊ុន​បាន​អះអាងថា យន្តហោះ​អគ្គិសនី​នេះ​នឹង​នាំមក​នូវ​ផាសុកភាព និង​បទពិសោធន៍​ល្អ​ដល់​អតិថិជន។ នេះ​បើតាម Design Boom ចុះផ្សាយ​កាលពី​ថ្ងៃទី 30 ឧសភា 2023។

    យន្តហោះ​អគ្គិសនី​នេះ​មាន​បង្អួច​ដែល​អាច​មើលឃើញ​គ្រប់​ទិស ជួយ​ឱ្យ​អ្នកដំណើរ​គយគន់​ទេសភាព​ខាងក្រៅ​បាន​ដោយ​ងាយ។ Electron 5 ក៏​បំពាក់​ម៉ូ​ទ័​រ​បម្រុង​នៅ​ខាងក្រោយ​ដើម្បី​ធានា​សុវត្ថិភាព​ក្នុងពេល​ហោះហើរ​។ កៅអី​ក្នុង​យន្តហោះ​នេះ​អាច​​បត់បែន​បាន​ល្អ​ ជួយ​ឱ្យ​ឱ្យ​អ្នកដំណើរ​រៀបចំ​កន្លែង​អង្គុយ​បាន​តាមចិត្ត។

    យន្តហោះ​អគ្គិសនី Electron 5 គ្រោង​នឹង​ហោះហើរ​លើ​កម្ពស់ 3,000 ម៉ែត្រ ហើយ​អាច​ហោះ​ក្នុង​ល្បឿន 300 គីឡូម៉ែត្រ/ម៉ោង និង​ហោះ​បាន​ចម្ងាយ 750 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​មួយ​ពេញ។ ដោយសារតែ​ជា​សេវាកម្ម​តាម​សំណើ ដូច្នេះ​​តាក់ស៊ី​ហោះ​នេះ​ នឹង​ហោះហើរ​​តែ​នៅពេល​អតិថិជន​បាន​​កក់​សំបុត្រ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​របស់​ក្រុមហ៊ុន។ ពី​ព្រលានយន្តហោះ Twente យន្តហោះ​អគ្គិសនី​ Electron 5 ​នេះ​ អាច​ទៅដល់​ទីក្រុង​​បែរ​ឡាំងរបស់​អាល្លឺម៉ង់, ក្រុង​ឡុង​ដ៍​របស់​អង់គ្លេស​ ឬ​ប៉ារីស​របស់​បារាំង​ ដោយ​ប្រើពេល​មិន​ដល់​ពីរ​ម៉ោង៕

  • ទិដ្ឋភាព​ខាងក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ​ដំបូង​ដែល​ផលិត​ដោយ​ប្រទេស​ចិន

    ទិដ្ឋភាព​ខាងក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ​ដំបូង​ដែល​ផលិត​ដោយ​ប្រទេស​ចិន

    យន្តហោះ​ដឹក​អ្នកដំណើរ​ដំបូង​ដែល​ផលិត​ដោយ​ប្រទេស​ចិន និង​មាន​ឈ្មោះថា C919 ត្រូវបាន​អ្នកដំណើរ​វាយតម្លៃថា «ធំ​ទូលាយ​ល្មម» ខណៈដែល​ពី​ឡុ​ត​វាយតម្លៃថា​ជា​យន្តហោះ «ល្អ​បំផុត»។

    នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Hongqiao កាលពី​ថ្ងៃទី 28 ឧសភា 2023 ជើងហោះហើរ​លេខ MU9191 របស់ China Eastern Airlines បាន​ដឹក​អ្នកដំណើរ 130 នាក់ ហោះ​ឆ្ពោះទៅកាន់​រដ្ឋធានី​ប៉េកាំង។

    «ខ្ញុំ​ធ្វើដំណើរ​តាម​យន្តហោះ​ជា​ញឹកញាប់។ ខ្ញុំ​យល់ថា កៅអី​ធំ​ទូលាយ​ល្មម ធ្វើឱ្យមាន​អារម្មណ៍​ស្រួលខ្លួន» អ្នកស្រី Yu ដែលជា​អ្នកដំណើរ​មួយរូប យល់ឃើញ​ដូច្នេះ។

    យន្តហោះ C919 ក៏បាន​ចុះចត​លើ​ព្រលានយន្តហោះ​ប៉េកាំង និង​ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​ការបាញ់ទឹក ក្រោយ​ពី​ធ្វើ​ដំណើរ​រយៈ​ពេល​ពីរ​ម៉ោង​ពី​​​ព្រលាន​យន្តហោះ​ Hongqiao នៅ​សៀងហៃ​។

    Zhao Hongbing ដែលជា​ប្រធាន​ក្រុម​ហោះហើរ និយាយថា «យើង​បានធ្វើ​ការហោះហើរ​សាកល្បង​ជាង 100 ជើង ដោយ​ហោះ​ឡើង និង​ចុះចត​រាប់សិប​លើក។ និយាយ​រួម ខ្ញុំ​គិតថា យន្តហោះ​នេះ​ល្អ​ណាស់»។

    C919 ត្រូវបាន​អ្នកដំណើរ​វាយតម្លៃថា «ធំ​ទូលាយ​ល្មម» ខណៈដែល​ពី​ឡុ​ត​វាយតម្លៃថា​ជា​យន្តហោះ «ល្អ​បំផុត»

    ពិធី​ប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់ថា យន្តហោះ C919 សម្រេចបាន​ស្ដង់ដា​នៅ​ទីក្រុង​ប៉េកាំង ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 29 កញ្ញា ឆ្នាំ 2019។ វិញ្ញាបនបត្រ​នេះ​ត្រូវបាន​ប្រគល់​ដោយ​អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល​ចិន។

    យន្តហោះ​ដឹក​អ្នកដំណើរ​ដំបូង​ដែល​ផលិត​ដោយ​ប្រទេស​ចិន ​មាន​ឈ្មោះថា C919

    «យើង​មាន​ម្ចាស់ការ​ទាំងស្រុង​លើ​ដំណើរការ​នៃ​ការ​រចនា ផលិត ធ្វើតេស្ត ត្រួតពិនិត្យ និង​ទទួលស្គាល់ ដែល​នេះ​គឺជា​សញ្ញា​មួយ​​បង្ហាញថា ប្រទេស​ចិន​ឈានចូល​ក្នុង​ក្រុម​ប្រទេស​ផលិត​លំដាប់​ខ្ពស់» លោក Zhang Yanzhong ទីប្រឹក្សា​កម្មវិធី C919 នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន អះអាង​​ដូច្នេះ៕

  • ទិដ្ឋភាព​ឥណ្ឌូណេស៊ី​ហែ​ក្បួន​អបអរ​មេដាយមាសបាល់​ទាត់​​ស៊ី​ហ្គេម​លើក​ទី 32

    ទិដ្ឋភាព​ឥណ្ឌូណេស៊ី​ហែ​ក្បួន​អបអរ​មេដាយមាសបាល់​ទាត់​​ស៊ី​ហ្គេម​លើក​ទី 32

    បី​ថ្ងៃ​បន្ទាប់ពី​បាន​យកឈ្នះ​លើក​ក្រុមបាល់ទាត់​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​ថៃ ក្រុម​កីឡាករ​បាល់ទាត់​ឥណ្ឌូណេស៊ី ​បាន​ត្រលប់​ទៅ​ប្រទេស និង​នាំគ្នា​ហែ​ក្បួន​អបអរ​ជ័យជម្នះ​នៅ​រដ្ឋធានី​ហ្សា​ការ​តា។

    ក្រុម U22 ឥណ្ឌូណេស៊ី បាន​ចាក​ចេញពី​កម្ពុជា ត្រលប់​ទៅ​មាតុភូមិ​កាលពី​ព្រលប់​ថ្ងៃទី 18 ឧសភា តាមរយៈ​យន្តហោះ​ពិសេស ខណៈ​នៅឯ​ព្រលានយន្តហោះ Soekarno-Hatta អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​បាននាំគ្នា​រង់ចាំ​ទទួល​។

    នៅតាម​ផ្លូវ​ដែល U22 ឥណ្ឌូណេស៊ី​ធ្វើដំណើរ​ពី​ព្រលានយន្តហោះ​ទៅកាន់​សណ្ឋាគារ អ្នកគាំទ្រ​ឈរ​អម​សងខាង ព្រមទាំង​ដុត​​កូន​កាំជ្រួច​បញ្ចេញ​ពន្លឺ។ តំបន់​ខ្លះ​ក៏​រៀបចំ​ឆាក​តន្ត្រី​ដើម្បី​ទទួល​ស្វាគមន៍។

    កាលពី​ព្រឹក​ថ្ងៃទី 19 សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) ក៏​បាន​រៀបចំ​ពិធី​ហែ​ក្បួន នាំ​ក្រុម U22 ទាំងមូល​ធ្វើដំណើរ​តាម​រថយន្តក្រុង​គ្មាន​ដំបូល ពី​សណ្ឋាគារ Kemenpora ទៅកាន់​ទីលាន Gelora Bung Karno។

    PSSI រៀបចំ​ទីតាំង​បួន​កន្លែង​ដែលមាន​សកម្មភាព​កម្សាន្ត អម​សងខាង​ផ្លូវ​ដែល​ក្បួន​ធ្វើដំណើរ​ឆ្លងកាត់។ នៅ​ទីតាំង​ទាំងនោះ​មាន​តន្ត្រី និង​សកម្មភាព​លើកតម្កើង U22 ឥណ្ឌូណេស៊ី។

    នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​ធ្វើឡើង​នៅ​កម្ពុជា U22 ឥណ្ឌូណេស៊ី បាន​ផ្ដួល​សិង្ហ​បុរី មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត និង​កម្ពុជា នៅ​វគ្គ​ប្រកួត​វិលជុំ។ បន្ទាប់មក U22 ឥណ្ឌូណេស៊ី ក៏បាន​យកឈ្នះ​លើ​វៀតណាម 3-2 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ឥណ្ឌូណេស៊ី ក៏បាន​ផ្ដួល​ថៃ​ក្នុង​លទ្ធផល 5-2 ក្រោយ​ការប្រកួត 120 នាទី​ប្រកបដោយ​ហិង្សា៕

  • ក្រុមបាល់ទាត់​ថៃ និង​ឥណ្ឌូណេស៊ី ប្រឈម​នឹង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​ស្ថាប័ន AFC

    ក្រុមបាល់ទាត់​ថៃ និង​ឥណ្ឌូណេស៊ី ប្រឈម​នឹង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​ស្ថាប័ន AFC

    គណៈកម្មការ​វិន័យរ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) នឹង​ស៊ើបអង្កេត​លើ​ហេតុការណ៍​នៃ​អំពើហិង្សា មុនពេល​ពិន័យ​ជា​ប្រាក់ និង «ព្យួរ​ជើង» ចំពោះ​សមាជិក​របស់​ក្រុម U22 ថៃ និង​ក្រុម U22 ឥណ្ឌូណេស៊ី ដែល​បាន​ចូលរួម​ប្រវាយប្រតប់​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ស៊ី​ហ្គេម​លើក​ទី 32 កាលពី​យប់​ថ្ងៃទី 16 ឧសភា 2023។

    ម្ចាស់ផ្ទះ​កម្ពុជា​បាន​ពឹង AFC ជួយ​ចាត់ចែង​វិញ្ញាសា​បាល់ទាត់​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ ដូច្នេះ ហេតុការណ៍​ហិង្សា​រវាង​ក្រុម​ថៃ និង​ឥណ្ឌូណេស៊ី នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃទី 16 ឧសភា នឹង​ត្រូវបាន​ប្រមូល​ទិន្នន័យ បញ្ជូន​ទៅកាន់​គណៈកម្មកា​រវិ​ន័យ​របស់ AFC ដើម្បី​ធ្វើការ​ពិន័យ។

    «នឹងមិន​មានការ​ពិន័យ​ដកហូត​មេដាយ​ចំពោះ​ក្រុម​ទាំងពីរ ប៉ុន្តែ​កីឡាករ សមាជិក​ក្រុម​គ្រូបង្វឹក​ដែល​បាន​ចូលរួម​វាយតប់​គ្នា ប្រាកដជា​នឹងត្រូវ​ពិន័យ​ជា​ប្រាក់ និង​ហាម​ចូល​ប្រកួត» មេដឹកនាំ​របស់ AFC ថ្មីៗនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ដូច្នេះ។ ក៏ប៉ុន្តែ AFC អាច​នឹងត្រូវ​ចំណាយពេល​ប្រហែល​មួយខែ​សម្រាប់​ធ្វើការ ទើប​អាច​ឈានដល់​ការដាក់ពិន័យ។

    ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាប់​កើតឡើង​ម្ដងមកហើយ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​កាលពី​ឆ្នាំ 2011 រវាង​ក្រុមបាល់ទាត់​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។ កាលណោះ អ្នកគាំទ្រ​នាំគ្នា​សម្រុកចូល វាយតប់​គ្នា​នៅលើ​វេទិកា​ទស្សនិកជន បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់​បាត់​បង់ជីវិត។ ក្រុម​ម៉ាឡេស៊ី​ត្រូវបាន​គណៈកម្មការ​ប្រើប្រាស់​រថពាសដែក អមដំណើរ​ទៅកាន់​ព្រលានយន្តហោះ​ត្រលប់​ទៅ​មាតុភូមិ ក្រោយពី​ការប្រកួត 120 នាទី​បាន​លទ្ធផល 1-1 និង​ឈ្នះ​ឥណ្ឌូណេស៊ី 4-3 បាន​មេដាយមាស ពេល​ទាត់​ប៉េ​ណាំង​ទី​ម្ដងម្នាក់៕

  • Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត 2.0L Bi-Turbo ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​

    Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត 2.0L Bi-Turbo ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​

    (ភ្នំពេញ-ថ្ងៃទី 28 ខែមេសា ឆ្នាំ 2023) – ជួបគ្នា​ម្ដងទៀត​ហើយ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​ដែល​ត្រូវ​​បាន​រៀប​ចំ​ឡើយ​ដោយ​ក្រុម​ហ៊ុន​ អ អិម អេ (ខេមបូឌា) ម.ក ផ្នែក​រថយន្ត​ Ford នោះ​គឺ​ពិធីសម្ពោធ​ជា​ផ្លូវ​ការ​រថយន្ត​ Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ 2023 ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង​​នៅ​ ដឹ ព្រេមៀ សេនធ័រ សែន​សុខ​ ដែល​មាន​ភ្ញៀវ​កិត្តិយស​អញ្ជើញ​ចូល​រួម​ប្រមាណ​ជាង 3,000 នាក់​។

    កម្មវិធី​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ណែនាំ​នូវ​ជម្រើស​ម៉ាស៊ីន​ថ្មី​មួយ​ទៀត​ដល់​អតិថិជន នោះ​គឺ​ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ​ 2023​ ដែល​ជា​ប្រភេទ​ម៉ាស៊ីន​មាន​កម្លាំង​ខ្លាំង​ សន្សំ​សំចៃ​ខ្ពស់​ និង​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អតិថិជន​។ ចំណុច​ដែល​កាន់​តែ​ពិសេស​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ តម្លៃ​បង់​ពន្ធ​ផ្លូវ​សម្រាប់​រថយន្ត​ទំនើប​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​មួយ​នេះ​គឺ​ត្រឹម​តែ​ 20 ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​។

    អតិថិជន​ដែល​ទទួល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​បើកបរ​សាក​ល្បង​រថយន្ត​ Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ 2023 នេះ​ដោយ​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំនាញ​បច្ចេកទេស​របស់ Ford ដើម្បី​សាកល្បង​នូវ​មុខ​ងារ​នៃ​ប្រព័ន្ធ​សុវត្ថិភាព​​ និង​បច្ចេក​វិទ្យា​ទំនើប​​ចុង​ក្រោយ​ដែល​បាន​បំពាក់​នៅ​លើ​រថយន្ត​នេះ​។

    ជាពិសេស​ជាង​នេះ​ទៀតគឺ​អតិថិជន​ពេញ​ចិត្ត​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន​នៃ​រថយន្ត​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ដែល​ម៉ាស៊ីន​ជំនាន់​ថ្មី​នេះ​ជា​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel0 Inline4 ដែល​អាច​ផលិត​កម្លាំងសេះ​​បាន​រហូត​ដល់​ 210 PS និង​កម្លាំង​រមួល​កង់​រហូត​ដល់​ 500 Nm ដែល​ផ្ដល់​នូវ​សន្ទុះ​ដ៏​ខ្លាំង​ក្នុង​ការ​បើកបរ​។

    មិន​តែ​ប៉ុណ្ណោះ​ នៅ​មាន​មុខ​ងារ​ច្រើន​ទៀត​ដែល​បាន​ទាក់​ចិត្ត​អតិថិជន​បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​សាកល្បង​រួច​មក​ដូច​ជា​៖

    • ប្រព័ន្ធ​គ្រប់​គ្រង​ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​រហូត​ដល់ 7 ជម្រើស​រួម​មាន​៖ ផ្លូវ​ធម្មតា ស្ព័រ រអិល ភក់ ខ្សាច់ BAJA (ផ្លូវ​ឧបសគ្គ) និង​ផ្លូវ​មាន​ថ្ម
    • បំពាក់​នូវ​បូម Fox Racing Shocks ទំហំ 2.5 អ៊ីញ ដែល​ផ្ដល់​នូវ​ផាសុកភាព​ក្នុង​ពេល​បើកបរ​ ជា​ពិសេស​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​ដែល​មាន​ឧបសគ្គ​ និង​ផ្លូវ​ Off-Road Performance
    • អ្វីដែល​អតិថិជន​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ពេញ​ចិត្ត​ខ្លាំង​មួយ​ទៀត​នោះ​គឺ ប្រអប់​លេខ​អេឡិច​ត្រូនិច​ជំនាន់​ថ្មី 10​ វគ្គ​អូតូ (E-Shifter) បូក​រួម​ជាមួយ​នឹង​ Paddle Shift ដែល​អាច​ថែម​ថយ​លេខ​នៅ​នឹង​ចង្កូត​ពិជា​ធ្វើ​ឱ្យ​ការ​ចុល​រលូន​ខ្លាំង​
    • បំពាក់​ជូន​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​ប៉ុង​អេឡិច​ត្រូនិច​ជំនាន់​ថ្មី (2H, 4H, 4L, 4A)
    • អ្វីដែល​កាន់​តែ​អស្ចារ្យ​នោះ​គឺ​រថយន្ត​​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​នេះ​ បាន​បំពាក់​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យ​ប្រវត្ត​បែប​អក្សរ​ (P), (T) និង​ប្រព័ន្ធ​ជំនួយ​ចាក​ចេញ​ពិ​ចំណត​ដោយ​ស្វ័យ​ប្រវត្ត​ ដែល​វា​នឹង​ដំណើរ​ការ​ហ្វ្រាំង​ ហ្គ៊ែរ ចង្កូត និង​ការ​ចូល​លេខ​ពី​ប្រអប់​លេខ​អេឡិច​ត្រូនិច​ដោយ​ខ្លួន​ឯង​ និង​អ្នក​បើក​បរ​អាច​ទស្សនា​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ 360 ដឺក្រេ​កម្រិត​ខ្ពស់​ជុំវិញ​រថយន្ត​ នៅ​លើ​អេក្រង់​ Tochscreen 12 អ៊ីញ​បាន​យ៉ាង​ងាយ​ស្រួល​
    • ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះ​ថ្នាក់​ពេល​មាន​ឧបសគ្គ​ និង​ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត​បញ្ចៀស​ចេញ​ពី​គ្រោះ​ថ្នាក់​
    • ប្រព័ន្ធ​ចង្កៀង​ឆ្លាត​ដែល​អាច​រេ​តាម​ចង្កូត​ដោយ​ស្វ័យ​ប្រវត្ត​ និង​អាច​បែង​ចែក​ពន្លឺ​ដោយ​ស្វ័យ​ប្រវត្ត​
    • ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ពេល​ថយ​ក្រោយ​ដោយ​ស្វ័យ​ប្រវត្ត
    • ក្រៅ​ពី​នេះ​គឺ​នៅ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ និង​បច្ចេកវិទ្យា​ជំនាន់​ចុង​ក្រោយ​ជា​ច្រើន​ទៀត​ដែល​អាច​ឱ្យ​រថយន្ត​នេះ​ជម្នះ​បាន​គ្រប់​ឧបសគ្គ​នៃ​ការ​បើកបរ​ និង​ស័ក្ដិ​សម​ជាកំពូល​រថយន្ត​ភីក​អាប់​ Off-Road Performance ។

    រថយន្ត​ រថយន្ត​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​នេះ​មានវត្តមាន​នៅ​ទីផ្សារ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជាមួយ​នឹង​ជម្រើស​ពណ៌​យ៉ាង​ច្រើន​សម្បូរ​បែប​រហូត​ដល់ 8 ជម្រើស​ រួម​មាន​៖ ពណ៌​ក្រហម​ ទឹកក្រូច ខៀវ​​ ខ្មៅ ប្រផេះ​ស្ងួត​ ប្រផេះ​រលោង​ ទឹក​ប្រាក់ និង​ពណ៌​ស​ ជាមួយ​នឹង​តម្លៃ​ពិសេស​ត្រឹម​តែ​ $75,900 តែ​ប៉ុណ្ណោះ​។

    សម្រាប់​ព័ត៌មាន​បន្ថែម​ លោក​អ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ និង​បើកបរ​សាកល្បង​រថយន្ត​​Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ 2023 នៅ​តាម​បណ្ដា​សាខា​អគារ​តាំង​បង្ហាញ​រថយន្ត​ Ford និង​ទំនាក់​ទំនង​ទៅ​តាម​លេខ​ទូរស័ព្ទ​ដូច​ខាង​ក្រោម​៖

    • អគារ​តាំង​បង្ហាញ​រថយន្ត​ Ford សាខា​ ផ្លូវ​ព្រះ​មុនីវង្ស​ ដែល​ស្ថិត​នៅ​អគារ​លេខ​ 444 ផ្លូវ​ព្រះ​មុនីវង្ស​ ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​​៖ 078​ 999 773
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ ទឹក​ថ្លា ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ទៅ​ព្រលាន​យន្ត​ហោះ​ លេខ​ទូរស័ព្ទ​៖ 095 939 939
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ទួល​សង្កែ ដែល​ស្ថិត​នៅ​លើ​ផ្លូវ 105 និង​ផ្សារ​សាំហាន់ លេខ​ទូរស័ព្ទ​៖ 078 959 935
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford Trade-In ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ទៅ​កាន់​ព្រលាន​យន្តហោះ​ លេខ​ទូរស័ព្ទ៖ 077 722 999 ឬ 011 255 229
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ខេត្ត​សៀម​រាប ដែល​ស្ថិត​នៅ​អគារ​លេខ 593 តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ 6A លេខ​ទូរស័ព្ទ​៖ 077 666 357 ឬ 088 9 666 357
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ ខេត្ត​កំពង់​ចាម​ ដែល​ស្ថិត​នៅ​អគារ​លេខ 940 តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបួមាស​ ក្រុង​កំពង់​ចាម​ លេខ​ទូរស័ព្ទ៖ 078 999 883 ឬ 088 3​ 999 883​ ។
  • គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

    គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

    ក្រុមហ៊ុន​ស្ថាបត្យកម្ម​ល្បីឈ្មោះ​របស់​អង់គ្លេស Foster + Partners បានលើកឡើង​គំនិត​ស្ដីពី​រចនាសម្ព័ន្ធ​យន្តហោះ​ថ្មី​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ដែល​ហោះ​ឡើង និង​ចុះចត​បញ្ឈរ​ត្រង់។

    ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹងថា ព្រលានយន្តហោះ​ថ្មី​នេះ​នឹង​ត​ភ្ជាប់​បណ្ដា​ទីតាំងល្បីៗរបស់​ឌូ​បៃ និង​ផ្ដល់​សេវាកម្ម​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន មិន​បញ្ចេញ​ឧស្ម័ន​ពុល។ ស្ថាបត្យកម្ម​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយមាន​កិច្ចសហការ​របស់​ក្រុមហ៊ុន Skyports Infrastructure ហើយ​ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid AI Maktoum ដែលជា​ព្រះរាជា​របស់​រាជាណាចក្រ​ឌូ​បៃ នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​ ក៏បាន​អនុម័ត​រួចរាល់។ ព្រលានយន្តហោះ​ថ្មី​នេះ តាម​គម្រោង​នឹង​ស្ថិត​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ​ឌូ​បៃ (DXB) ដែល​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អាកាសយានដ្ឋាន​បច្ចុប្បន្ន ក៏ដូចជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នានា។

    គំនូរ​ប្លង់​បង្ហាញថា ព្រលានយន្តហោះ​នេះ​ស្ថិតលើ​ផ្ទៃរាប​នៅ​ទី​ខ្ពស់ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការហោះ​ឡើង និង​ចុះចត។ អគារ​នានា​ស្ថិតនៅ​ជុំវិញ​ព្រលានយន្តហោះ​ដែល​ត​ភ្ជាប់​ជាមួយនឹង​បន្ទប់​រង់ចាំ​សម្រាប់​​អ្នកដំណើរ ព្រមទាំង​អាចឱ្យ​អ្នកដំណើរ​មើលឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​បណ្ដា​យន្តហោះ និង​ទីក្រុង​ទាំងមូល។ Foster + Partners ក៏​ជ្រើសរើស​ពណ៌​យ៉ាង​សម​ស្រប​ និង​វត្ថុ​ធាតុ​ធម្មជាតិ​សម្រាប់​ផ្នែក​ខាងក្នុង​អាកាសយានដ្ឋាន បង្កើតបានជា​បរិយាកាស​ធូរស្រាល និង​បរិស្ថាន​ស្និទ្ធស្នាល​នឹង​ធម្មជាតិ។

    កាលពី​ខែកុម្ភៈ ក្សត្រា​របស់​រាជាណាចក្រ​ឌូ​បៃ បានប្រកាសថា ស្ថានីយ​តាក់ស៊ី​ហោះ​ទាំងឡាយ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឌូ​បៃ បន្ទាប់​ពី​​រយៈពេល​បី​ឆ្នាំ​ទៀត​។

    ឌូ​បៃ​បាន​រៀប​ផែនការ​សម្រាប់​សេវាកម្ម​តាក់ស៊ី​ហោះ​មិន​បំភាយ​ឧស្ម័ន​ពុល​​តាំងពី​យូរ​មកហើយ និង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​បណ្ដា​ក្រុម​ហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អត្តរ​ជាតិ​ផងដែរ ពិសេស​គឺ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន៕

  • ព្រលានយន្តហោះខ្នាតអន្តរជាតិ នៅខេត្តកោះកុងចាប់ផ្តើមសាងសង់

    ព្រលានយន្តហោះខ្នាតអន្តរជាតិ នៅខេត្តកោះកុងចាប់ផ្តើមសាងសង់

    ភ្នំពេញៈ ព្រលានយន្តហោះខ្នាតអន្តរជាតិមួយ ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group ស្ថិតនៅក្នុងខេត្តកោះកុង ដែលគ្រោងបោះទុនវិនិយោគតម្លៃ 350លានដុល្លារអាមេរិក បានចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។

    លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលមិញថា ការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិនេះ បាននិងកំពុងចាប់ផ្តើមឈូសឆាយដី ដើម្បីរៀបចំជាការដ្ឋានហើយ។ ព្រលានយន្តហោះនេះស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង និងវិនិយោគដោយក្រុមហ៊ុន Union Development Group ដែលមានមូលដ្ឋាននៅប្រទេសចិន។

    លោកបន្តថា ព្រលានយន្តហោះនេះមានទំហំដី 750ហិកតា ជាព្រលានយន្តហោះខ្នាតអន្តរជាតិដែលអាចទទួលការចុះចតយន្តហោះបានពីគ្រប់ទិសទី។ លោកបន្ថែមថា “ព្រលានយន្តហោះនេះអាចចុះចតយន្តហោះប្រភេទ 4C ជាយន្តហោះខ្នាតមធ្យមបាន ប៉ុន្តែតើការសាងសង់ត្រូវបញ្ចប់នៅពេលណា លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេនៅពេលនេះ”។

    លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តទៀតថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនកំពុងឌីហ្សាញគម្រោងប្លង់របស់អាកាសយានដ្ឋាននេះ ប៉ុន្តែការសិក្សាពីបរិស្ថានស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន និងការសាងសង់ស្ថិតក្រោមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

    ប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថានលោក ដាញ់ សេរី បានថ្លែងថា ក្រុមហ៊ុននេះបានជួលក្រុមហ៊ុនសិក្សាពីផលប៉ះពាល់បរិស្ថានលំដាប់អន្តរជាតិ ដើម្បីវាយតម្លៃពីផលប៉ះពាល់បរិស្ថាននៃគម្រោងនេះ និងត្រូវដាក់ឯកសារមកកាន់ក្រសួង ប៉ុន្តែរហូតមកទល់ពេលនេះ ក្រសួងមិនទាន់ទទួលបានរបាយការណ៍សិក្សាស្តីពីផលប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុននេះនៅឡើយទេ៕