Tag: ពិភពលោក

  • គំរូយន្តហោះ​អគ្គិសនី​ដឹក​អ្នក​ដំណើរ​ធំ​បំផុត​លើ​ពិភពលោក​

    គំរូយន្តហោះ​អគ្គិសនី​ដឹក​អ្នក​ដំណើរ​ធំ​បំផុត​លើ​ពិភពលោក​

    (ហូឡង់) – គំរូ​យន្តហោះ Elysian E9X ដំណើរ​ការ​ដោយ​ថាមពលអគ្គិសនី​ អាច​ដឹក​អ្នក​ដំណើរ​បាន​ 90 នាក់​ និង​ហោះ​បាន​ 1,000 គីឡូម៉ែត្រ​ នា​ពេល​អនាគត​។

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មីរបស់​​ហូឡង់ Elysian បង្ហាញ​គំរូ​យន្តហោះដឹក​អ្នក​ដំណើរ​​ល្បឿន​លឿន ​ដែល​ប្រើ​ប្រាស់​អគ្គិសនី​ទាំង​ស្រុង​ មាន​កៅអី​ចំនួន 90​ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ឆ្នាំ​ក្រោយ​។ E9X គឺជា​យន្តហោះ​ដំណើរ​ការ​ដោយ​ថ្ម​ផ្ទុក​អគ្គិសនី​ អាច​ហោះ​បាន​ 800 គីឡូម៉ែត្រ​ បន្ទាប់​ពី​បាន​បញ្ចូល​អគ្គិសនី​មួយ​ពេញ​។

    ដោយ​មាន​ការ​កែ​លម្អបន្ថែម​ទៀត​​ក្នុង​ពេល​អនាគត​ ក្រុម​ហ៊ុន​ខាងលើ​សង្ឃឹម​ថា នឹង​អាច​បង្កើន​​រយៈ​ចម្ងាយ​នៃ​ការ​ហោះហើរ​ដល់​ 1,000 គីឡូម៉ែត្រ​។ នេះ​បើតាម​ Live Science ចុះ​ផ្សាយ​កាល​ពីថ្ងៃទី 26 មករា 2024​។

    រចនា​រូប​រាង​របស់ E9x និង​បច្ចេកវិទ្យា​ស្នូល​ ដែលជួយ​ឱ្យ​វា​ដំណើរ​ការ​បាន​ល្អបែប​នេះ​ គឺជា​លទ្ធផល​នៃ​កិច្ច​សហការ​ជាមួយ​នឹង​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Delft

  • មហា​សេដ្ឋី​លេខ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក៖ រថយន្ត​អគ្គិសនី​ចិន​ផ្ដួល​គូ​ប្រជែង​រួច​ទៅហើយ​ បើ​សិន​គ្មាន​រនាំង​ពាណិជ្ជកម្ម​

    មហា​សេដ្ឋី​លេខ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក៖ រថយន្ត​អគ្គិសនី​ចិន​ផ្ដួល​គូ​ប្រជែង​រួច​ទៅហើយ​ បើ​សិន​គ្មាន​រនាំង​ពាណិជ្ជកម្ម​

    នាយកប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla បាន​កោត​សរសើរ​ចំពោះ​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ ហើយ​យល់​ថា ពួក​គេ​អាច​ដណ្ដើម​បាន​ជោគ​ជ័យ​ធំធេង​ក្នុង​ទីផ្សារ​អន្តរ​ជាតិ​។

    កាល​ពី​ថ្ងៃទី 24 មករា 2024​ បន្ទាប់​ពី​ការ​ប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​នៃ​ត្រីមាស​ទី​បួន​​ក្នុង​​ឆ្នាំ 2023​ CEO របស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla គឺ​មហា​សេដ្ឋី​ Elon Musk បាន​លើក​សរសើរ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​។ លោក​និយាយ​ថា ពួក​គេ​គឺជា​បណ្ដា​ក្រុម​ហ៊ុន​ដែល​មាន​ការ​ប្រកួត​ប្រជែង​បំផុត​ ហើយ​ថា នឹង​ជោគជ័យ​ធំធេង​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ អាស្រ័យ​លើ​កម្រិត​នៃ​ការ​ទទួលរង​​សម្ពាធ​ពី​អត្រា​ពន្ធ​ និង​រនាំង​ពាណិជ្ជកម្ម​។

    លោក Musk និយាយ​ថា «បើ​សិន​មិន​មាន​រនាំង​ពាណិជ្ជកម្ម ពួក​គេ​នឹង​ជាន់​ពន្លិច​ក្រុម​ហ៊ុន​ស្ទើរ​តែ​ទាំង​អស់​នៅ​លើ​ពិភពលោក​។ ពួក​គេ​ពូ​កែ​ខ្លាំង​ណាស់​»។

    មហា​សេដ្ឋី​ Elon Musk

    យោបល់​នេះ​បញ្ជាក់​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla កំពុង​​ប្រឈម​នឹង​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង​ដ៏សម្បើម​ពី​បណ្ដា​គូ​បដិបក្ខ​មក​ពី​ប្រទេស​ចិន​ ដែល​មាន​ដូច​ជា BYD ជា​ដើម​៕

  • ផលិតផល​រូប​នាគ​កំពុង​ទាក់​ទាញ​អតិថិជន​នៅ​ប្រទេស​ចិន​

    ផលិតផល​រូប​នាគ​កំពុង​ទាក់​ទាញ​អតិថិជន​នៅ​ប្រទេស​ចិន​

    ជិត​ដល់​រដូវ​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន គេ​ឃើញ​ថា គ្រឿង​អលង្ការ​មាស ឬ​ផ្ទាំង​រូបភាព​បិទ​ទូរស័ព្ទ​ដែល​មាន​រូប​នាគ​នៅ​ប្រទេស​ចិន​ កំពុង​តែ​លក់​ដាច់​ខ្លាំង​។

    តួលេខ​របស់​ផ្សារ​អនឡាញ​ Taobao (ចិន) បង្ហាញ​ថា ចំនួនលើក​​នៃ​ការ​ស្វែង​រក​បណ្ដា​ផលិត​ផល​ដែល​ទាក់​ទង​នឹង​រូប​នាគ​នៅ​លើ​ថ្នាល​នេះ ​បាន​កើន​ឡើង​ច្រើន​ជាង​មុន​ 640 ដង រាប់​ចាប់​ពី​ថ្ងៃទី 27 ធ្នូ 2023 ដល់ 02 មករា 2024​។ ក្នុងនោះ​ ចំនួន​លើក​នៃ​ការ​ស្វែង​រក​គ្រឿង​អលង្ការ​មាន​រូប​នាគ បាន​កើនឡើង​ច្រើន​ជាង​មុន​រហូត​ដល់ 500 ដង​។

    «នាគត្រូវ​បាន​ចាត់​ទុក​ថា​ជា​និមិត្ត​រូប​នៃ​​អំណាច​ និង​ឋានៈ​ក្នុង​វប្បធម៌​ចិន​។ ចំណែក​មាស​គឺជា​គ្រឿង​អលង្ការផង និង​ជា​ឧបករណ៍​សម្រាប់​ទុន​ដាក់​ទ្រព្យសម្បត្តិផង​ តែង​តែ​ត្រូវ​បាន​ទិញ​​ជា​រៀង​រាល់​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន​។ ដូច្នេះ​ហើយ ទើប​មាន​មនុស្ស​ជា​ច្រើន​ទិញ​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស​មាន​រូប​នាគ​ ដើម្បី​បួង​សួង​សូម​ភាភ​ជ័យ​ក្នុង​ឆ្នាំ​ថ្មី​» Xie Zhihui អនុប្រធាន​ទទួល​បន្ទុក​ផ្នែក​លក់​នៅ​ហាង​មាស Chow Tai Seng បាន​ប្រាប់ China Daily ដូច្នេះ​។

    មិន​មែន​តែ​នៅ​ប្រទេស​ចិន​នោះ​ទេ បណ្ដា​យីហោ​ល្បី​ៗ​លើ​ពិភពលោក​ក៏​កំពុង​ចាប់​យក​និន្នាការ​ខាងលើ​ផងដែរ​។ ក្រុម​ហ៊ុន​គ្រឿង​សម្អាង Shu Uemura (ជប៉ុន) ក៏​បាន​ដាក់​លក់​ប្រភេទ​ក្រែម​លាប​បបូរមាត់​​មាន​ ​ពិសេស​មួយដែល​មាន​កំណត់​បរិមាណ​ ក្នុង​នោះ ​សម្បក​របស់​ផលិត​ផល​នេះ​មាន​រូប​នាគ​ពណ៌​លឿង​។ ចំណែក Fila ក៏​ដាក់​លក់​អាវ​ប៉ាក់​រូប​នាគ​ ខណៈ Shanghai Disney Resort ចេញ​លក់​​របស់​លេង​កម្សាន្ត​ធ្វើ​ពី​ក្រណាត់​មាន​រូប​នាគ​ផងដែរ​៕

  • CEO រាប់ពាន់​នាក់​ព្យាករ​ថា បញ្ញាសិប្បនិម្មិត​នឹង​នាំ​ឱ្យ​មនុស្ស​បាត់​បង់​ការ​ងារ​ច្រើន​ក្នុង​ឆ្នាំ​នេះ​

    CEO រាប់ពាន់​នាក់​ព្យាករ​ថា បញ្ញាសិប្បនិម្មិត​នឹង​នាំ​ឱ្យ​មនុស្ស​បាត់​បង់​ការ​ងារ​ច្រើន​ក្នុង​ឆ្នាំ​នេះ​

    ​ការ​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​ប្រកាស​ដំណាល​គ្នា​នឹង​កិច្ច​ប្រ​ជុំ​របស់ក្រុម​​មេដឹក​នាំពិភពលោក និង​ក្រុម​ហ៊ុននានា​ ដែល​ធ្វើ​ឡើង​​នៅ Davos ប្រទេស​ស្វ៊ីស ឱ្យ​ដឹង​ថា មួយ​ភាគ​បី​នៃ​ក្រុម​នាយកប្រតិបត្តិ​ ឬ​ប្រធាន​ក្រុម​ហ៊ុន​នៅ​ទូទាំង​ពិភពលោក ​រំពឹង​ថា ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត​ទូទៅ​នឹង​ជួយ​កាត់បន្ថយចំនួន​បុគ្គលិក​យ៉ាង​តិច 5% នៅ​ក្នុង​ឆ្នាំ 2024​។

    យោង​តាម​ការ​ស្ទង់មតិ​ដែល​ធ្វើ​ឡើង​ដោយ​ PwC នៅ​មុន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក វិស័យ​ផ្សព្វផ្សាយ​ និង​កម្សាន្ត ធនាគារ ធានារ៉ាប់រង និង​ដឹក​ជញ្ជូន​ គឺជា​វិស័យ​នាំ​មុខ​គេ​នៃ​លទ្ធភាព​កាត់​បន្ថយបុគ្គលិក​ដោយ​សារ​តែ​ការ​ប្រើប្រាស់​ឧបករណ៍ ឬ​កម្មវិធី​​ AI ទំនើប​បំផុត​។ ចំណែក​បណ្ដា​ក្រុម​ហ៊ុន​បច្ចេកទេស និង​សំណង់​ ត្រូវ​បាន​ព្យាករ​ថា មាន​លទ្ធភាព​តិច​តួច​ក្នុង​ការ​កាត់បន្ថយ​បុគ្គលិក​ព្រោះ​តែ​បច្ចេកវិទ្យា​ស្វ័យប្រវត្ត។

    ការ​រកឃើញ​នេះ​គឺ​យោង​ទៅ​លើ​កិច្ច​សម្ភាស​ជាមួយ​នឹង​ប្រធាន​ក្រុម​ហ៊ុន​ជាង 4,700 នាក់​ នៅក្នុង​ប្រទេស​ជាង 100 លើ​ពិភពលោក​។ ពួក​គេក៏​បាន​បង្ហាញ​នូវ​ផល​ប៉ះពាល់​ធំធេង​ដែល​បច្ចេកវិទ្យា​ AI គ្រោង​នឹង​បង្ក​ឡើង​ចំពោះ​សេដ្ឋកិច្ច​ និង​សង្គម​៕

  • ថៃ​រកឃើញ​រ៉ែ​ដ៏មាន​តម្លៃ​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​

    ថៃ​រកឃើញ​រ៉ែ​ដ៏មាន​តម្លៃ​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​

    ប្រទេស​ថៃ​បាន​រកឃើញ​រ៉ែ​លីចូម (lithium) ជិត 15 លាន​តោន​ ដែល​អាច​រួម​ចំណែក​ជួយ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​នៅ​ក្នុង​តំបន់​។

    កាល​ពី​ថ្ងៃទី 19 មករា 2024 អ្នក​នាំ​ពាក្យ​រង​របស់​រាជរដ្ឋាភិបាល​ថៃ Rudklao Inttawong Suwankiri បានប្រាប់​សារព័ត៌មាន The Nation ​ថា អាជ្ញាធរ​ប្រទេស​នេះ​បាន​រកឃើញ​រ៉ែ​លីចូម​ប្រមាណ​ 14.8 លាន​តោន​ នៅ​ក្នុង​ខេត្ត​ Phang Nga​។

    «… នោះ​គឺជា​ដំណឹង​ល្អ​។ នេះ​ជា​ឱកាស​ដើម្បី​ឱ្យ​ថៃ​មាន​ម្ចាស់​ការ​ក្នុង​ការ​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​» លោក​ស្រី Rudklao ប្រាប់​ The Nation ដូច្នេះ​។

    ការ​រក​ឃើញ​នេះ​នាំ​ឱ្យ​ថៃ​ក្លាយ​ជា​ប្រទេស​ដែល​មាន​រ៉ែ​លីចូម​ច្រើន​ជាង​គេ​លំដាប់​ទី​បី​លើ​ពិភពលោក បន្ទាប់​ពី​បូលីវី និង​អាហ្សង់ទីន​។​ ក៏ប៉ុន្តែ មិន​ទាន់​ដឹង​ច្បាស់​ថា ថៃ​នឹង​អាច​​ទាញ​យក​រ៉ែ​លីចូម​បាន​ប៉ុន្មាន​លាន​តោន​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឡើយ​៕

  • BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

    BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

    កាល​ពី​ថ្ងៃទី 18 មករា 2024 ក្រុម​ហ៊ុន​ចិន BYD បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ចំនួន​បី​ម៉ូដែល​នៅ​​ឥណ្ឌូណេស៊ី គ្រា​ដែល​ក្រុម​ហ៊ុន​នេះ​កំពុង​រក​វិធី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ធំជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

    BYD បាន​ឈ្នះ​ Tesla ក្នុង​ការ​ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាង​គេ​លើ​ពិភពលោក​ នៅ​ក្នុង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ 2023​។ ក្នុង​ដំណាក់​កាល​នោះ រថយន្ត​អគ្គិសនី BYD ប្រមាណ 526,000 គ្រឿង​ត្រូវ​បាន​លក់​ចេញ ក្នុង​នោះ​ ភាគ​ច្រើន​បាន​លក់​ក្នុង​ទីផ្សារ​ចិន​។

    ក្នុង​ឆ្នាំ 2023 ក្រុម​ហ៊ុន​ BYD លក់​រថយន្ត​អគ្គិសនី​បាន​ប្រមាណ​ 3 លាន​គ្រឿង​ ដោយ​បូក​រួម​ទាំង​រថយន្ត​ដំណើរ​ការ​ដោយ​ថ្ម​ផ្ទុក​អគ្គិសនី និង​រថយន្ត​កូន​កាត់​អគ្គិសនី (hybrid)។

    នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ BYD មាន​ភាព​លេច​ធ្លោ​ជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដទៃ​ ដោយ​​រថយន្ត​ដែល​ត្រូវ​បាន​លក់​ចេញ​មាន​ចំនួន​ច្រើន​ជាង​គេ​ ក្នុងនោះ ភាគ​ច្រើន​គឺ​ជារថយន្ត​អគ្គិសនី​តម្លៃ​ទាប​។​

    BYD ឱ្យ​ដឹង​ថា ពួក​គេ​នឹង​ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី Dolphin, Atto 3 និង​ Seal នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​​ក្នុង​ទីផ្សារ​ធំជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​៕

  • ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

    ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

    ភាគហ៊ុន​របស់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ និង​អឺរ៉ុប ត្រូវ​ដាំក្បាល​ចុះ ក្រោយ​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក​ Tesla បន្ត​ទម្លាក់​តម្លៃ​រថយន្ត​នៅ​ក្នុង​ទីផ្សារ​ទាំង​នេះ​។

    នៅ​លើ​ផ្សារ​មូលបត្រ​ហុងកុង ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ NIO (ចិន) នា​ថ្ងៃ​នេះ​ បាន​ធ្លាក់​ចុះ​ 9.6%​ ធ្វើ​ឱ្យ​ភាគហ៊ុន​នេះ​បាត់​បង់សរុប​​ 33% រាប់​ចាប់​ពី​ដើម​ឆ្នាំ 2024​ គ្រា​ដែល​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិនមួយ​ផ្សេង​ទៀត​ គឺ XPeng ក៏​បាត់​បង់ 9.9% និង​ Zhejiang Leapmotor Technology ថយ​ចុះ​ 5.1%​។

    នៅ​ទ្វី​ប​អឺរ៉ុប​វិញ ភាគហ៊ុន Volkswagen កាល​ពី​ល្ងាច​នេះ​ក៏​ថយ​ចុះ 2.1%​ ក្នុង​ពេល​ Stellantis និង Mercedes-Benz ក៏​បាន​បាត់​បង់​ជាង 1%​ ខណៈ​ Renault និង BMW ថយ​ចុះ​ជាង 2%​។

    យោង​តាម​អ្នក​វិភាគ​មក​ពី​ក្រុម​ហ៊ុន Daiwa Capital Markets ការ​បញ្ចុះ​តម្លៃ​រថយន្ត​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុម​ហ៊ុន​អាម៉េរិក​ Tesla បាន​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​រួម​របស់​វិស័យ​ផលិត​រថយន្ត​។ សម្ពាធ​នៃ​ការ​បញ្ចុះ​តម្លៃ​ បូក​រួម​នឹង​លទ្ធផល​នៃ​ការ​លក់​រថយន្ត​ក្នុង​ខែមករា​របស់​បណ្ដា​ក្រុម​ហ៊ុន​ចិន​ មិន​បាន​ដូច​បំណង បាន​នាំ​ឱ្យ​មាន​រលក​នៃ​ការ​លក់ចោល​​ភាគ​ហ៊ុន​នៅ​ក្នុង​វិស័យ​នេះ​៕

  • សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ 2023 មាន​កំណើន​ជាង​ប្រាំ​ភាគ​រយ

    សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ 2023 មាន​កំណើន​ជាង​ប្រាំ​ភាគ​រយ

    បើទោះ​ជា​ជួប​ឧបសគ្គ​ច្រើន​ ប៉ុន្តែផលិតផល​ក្នុង​ស្រុក​សរុប​របស់ប្រទេស​​ចិន​ ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​លំដាប់​ទីពីរ​ក្នុង​ពិភពលោក​ នៅ​តែ​មាន​កំណើន​ជាង 5% នៅ​ក្នុង​ឆ្នាំ 2023​ ស្រប​នឹង​គោល​ដៅ​ដែល​បាន​កំណត់​។

    តួលេខ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​ជាតិ​ស្ថិតិ​ចិន​ ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃទី 17 មករា​នេះ​។ គោល​ដៅកំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2023 ដែល​ប្រទេស​នេះ​បាន​ដាក់​ចេញ​គឺក្នុង​រង្វង់ 5%​។

    កាល​ពី​ថ្ងៃទី 16 មករា 2024 នាយករដ្ឋមន្ត្រី​ចិន លោក Li Qiang ក៏​បាន​និយាយ​ថា ​សេដ្ឋកិច្ច​ប្រទេស​ចិន​​ក្នុង​ឆ្នាំ​កន្លង​ មាន​កំណើន​ 5.2%​។ កំណើន​នេះ​ស្រប​ទៅ​នឹង​ការ​ព្យាករ​នានា​របស់​ធនាគារ​ធំៗ​​នៅ​លើ​ពិភពលោក ក្នុង​នោះ​មាន​ទាំង​ Goldman Sachs និង Morgan Stanley ផងដែរ​។

    កាល​ពី​ឆ្នាំ 2022 សេដ្ឋកិច្ច​របស់​ចិន​ មាន​កំណើន​តែ​ 3% ដោយ​សារ​តែ​គោលនយោបាយ​រឹត​បន្តឹង​ការ​គ្រប់​គ្រង​កូវីដ-19​។ ល្បឿន​នៃ​កំណើន​នេះ​មិន​សម្រេច​បាន​គោលដៅ​ 5.5% ដែល​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ​នោះ៕

  • ប្រាំពាន់​លាន​នាក់​កំពុង​តែ​ក្រទៅៗ ខណៈអ្នក​មាន​ជាង​គេ​​ប្រាំ​នាក់​កាន់​តែ​មាន​ឡើង

    ប្រាំពាន់​លាន​នាក់​កំពុង​តែ​ក្រទៅៗ ខណៈអ្នក​មាន​ជាង​គេ​​ប្រាំ​នាក់​កាន់​តែ​មាន​ឡើង

    របាយការណ៍​ថ្មី​បំផុត​របស់ Oxfam International បាន​ឱ្យ​ដឹង​ថា មនុស្ស​ប្រមាណ 5 ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​​កំពុង​តែ​ក្រទៅៗ ស្រប​ពេល​ដែលកំពូល​​មហា​សេដ្ឋី​ 5 រូប​​ បែរ​ជា​មានជាង​មុន​ទ្វេ​ដង​ក្នុង​រង្វង់​ 3 ឆ្នាំ​ចុង​ក្រោយ​នេះ។

    អង្គការ​មនុស្ស​ធម៌​ Oxfam International ដែល​ជា​សម្ព័ន្ធ​អន្តរជាតិ​មាន​អង្គការ​ចំនួន 21 ជាសមាជិក និង​ធ្វើសកម្មភាព​នៅ​ក្នុង​ប្រទេស​ជាង 80 កាល​ពី​ថ្ងៃទី 14 មករា 2024 បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​​គម្លាត​​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​។ របាយការណ៍​នេះ​បង្ហាញ​ថា ចាប់​ពី​ឆ្នាំ 2020 ទ្រព្យ​សម្បត្តិ​របស់​កំពូល​មហា​សេដ្ឋី​ 5 រូប​របស់​ពិភពលោក​ បាន​កើន​ 114% ឡើង​ដល់ 869 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    បុគ្គល​ទាំង​ 5 រូប​ខាងលើ​នេះ រួម​មាន​ នាយក​ប្រតិបត្តិ​ Tesla លោក Elon Musk, ម្ចាស់​ LVMH លោក Bernard Arnault, លោក Jeff Bezos ស្ថាបនិក​របស់ Amazon, សហស្ថាបនិក​របស់ Oracle លោក Larry Ellison និង​មហា​សេដ្ឋី Warren Buffett

    Oxfam យល់​ថា បើ​សិន​ទំនោរ​នេះ​ចេះ​តែ​បន្ត​ ពិភពលោក​​អាច​នឹង​មាន​មនុស្ស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់លាន​លាន​ (ទ្រីលាន) ដុល្លារ​អាម៉េរិក​ដំបូង​គេ​ នៅ​ក្នុង​មួយ​ទសវត្សរ៍​ទៀត​។

    ចំណែក​មនុស្ស​ជិត 5 ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​បែរ​ជា​ក្រទៅ​ៗ​ ដោយ​សារ​អតិផរណា សង្គ្រាម និង​ការ​ប្រែ​ប្រួល​អាកាសធាតុ​។ ជាមួយ​នឹង​ល្បឿន​ដូច​បច្ចុប្បន្ន ពិភព​លោក​នឹង​ត្រូវ​ការ​ពេលវេលា​​ជិត 230 ឆ្នាំទៀត ទើប​អាច​លុប​បំបាត់​អស់​ភាព​ក្រី​ក្រ​។ យោង​តាម Oxfam ពលករ​ពិភពលោក​ជិត 800 លាន​នាក់​ ទទួល​បាន​ប្រាក់​ខែ​ក្នុង​អំឡុង​ពីរ​ឆ្នាំ​កន្លង «មិន​អាច​តាម​ទាន់​អតិផរណា»​។

    របាយការណ៍​របស់ Oxfam ត្រូវ​បាន​ធ្វើ​ឡើង​ដោយយោង​ទៅ​តាម​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO), ធនាគារ​ពិភពលោក​ (WB), Wealth-X និង​ Forbes។ ពួក​គេ​ឱ្យ​ដឹង​ថា​ មនុស្ស​ 1% ដែល​មានបំផុត​នៅ​លើ​ពិភពលោក​ បច្ចុប្បន្ន​ក្ដោប​ក្ដាប់​ 43% នៃ​ហិរញ្ញវត្ថុ​ទូទាំង​សកល​លោក​។ នៅ​សហរដ្ឋ​អាម៉េរិក​ អត្រា​នេះ​គឺ 32% ខណៈ​នៅ​អឺរ៉ុប​គឺ 47% និង​អាស៊ី​គឺ 50%​៕

  • Microsoft ផ្ដួល​ Apple និង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំ​បំផុត​លើ​ពិភពលោក​

    Microsoft ផ្ដួល​ Apple និង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំ​បំផុត​លើ​ពិភពលោក​

    ជា​លើក​ដំបូង​រាប់​ពី​ឆ្នាំ 2021 តម្លៃ​មូលធន​ទីផ្សារ​របស់​ Microsoft បាន​លោត​ឡើង​ខ្ពស់​ជាង​ Apple ហើយ​ក៏​ក្លាយ​ជា​ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​លើ​ពិភពលោក​។

    បញ្ចប់​ការ​ជួញដូរ​កាល​ពី​​ថ្ងៃទី 12 មករា ភាគហ៊ុន​ Apple បាន​កើន​ 0.2% ខណៈ​ដែល Microsoft កើន​ 1%​។ ដូច្នេះ តម្លៃ​មូលធន​ទីផ្សារ​របស់ Microsoft ក៏​ឡើង​ដល់ 2,887 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែលជា​តួលេខ​ខ្ពស់​ជាង​គេ​បង្អស់​នា​បច្ចុប្បន្ន​។ តម្លៃ​មូលធន​ទីផ្សារ​របស់ Apple បច្ចុប្បន្ន​គឺ 2,875 ពាន់​លាន​ដុល្លារ​។

    ​ការ​បារម្ភ​អំពី​តម្រូវ​ការ​ទូរស័ព្ទ​ឆ្លាត​វៃ បាន​អូស​ភាគ​ហ៊ុន​ Apple ឱ្យ​ធ្លាក់​ចុះ​ 0.6% នៅ​ក្នុង​ឆ្នាំនេះ​ បន្ទាប់​ពី​បាន​កើន​ដល់ 48% កាល​ពី​ឆ្នាំ​កន្លង​។ ចំណែក​ភាគ​ហ៊ុន​ Microsoft វិញ បាន​កើន 4% ក្រោយ​ពី​កើន 57% កាល​ពី​ឆ្នាំ​មុន​។ យោង​តាម​ Reuters អ្នក​វិនិយោគ​មាន​ការ​សប្បាយចិត្ត​ខ្លាំង​នៅ​ពេល​ Microsoft វិនិយោគ​ទៅ​លើ OpenAI ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Chat GPT​។