Tag: ពិភពលោក

  • មនុស្ស​ជាង​កន្លះ​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​​ទូទាំង​​ពិភព​​លោក

    មនុស្ស​ជាង​កន្លះ​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​​ទូទាំង​​ពិភព​​លោក

    ចំនួន​អ្នក​ឆ្លង​មេរោគ​COVID-19 បន្ត​កើន​ឡើង​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក អ៊ីតាលី​ និង​អេស្ប៉ាញ ដែល​នេះ​នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប​នៅ​ទូទាំង​ពិភពលោក​ ឡើង​ដល់​ជាង​529,000​នាក់។

    COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ជិត​200​នៅ​ទូទាំង​ពិភពលោក​ ហើយសហរដ្ឋ​​អាមេរិក​បាន​លោត​រំលោង​ប្រទេស​ចិន និង​អ៊ីតាលី​ និង​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភព​លោក​។

    សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ចំនួន​14,933នាក់​បន្ថែម​ទៀត​ ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​ ធ្វើ​ឱ្យ​តួលេខ​នៃ​ករណី​ឆ្លង​មេរោគ​នៅ​ទូទាំង​ប្រទេស​នេះកើន​ដល់​83,144​នាក់​។ ប្រទេស​នេះ​ក៏​មាន​អ្ន​ក​ស្លាប់​ថ្មី​ចំនួន​174​នាក់បន្ថែម​ទៀត​ផងដែរ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​1,201​នាក់។

    ប្រទេស​អ៊ីតាលី ​​ជា​សម្បុក​មេរោគCOVID-19 ​ធំ​បំផុត​លំដាប់​ទី3 នៅ​ក្នុង​ពិភពលោក និង​ទី​1​នៅ​​ឯទ្វីប​អឺរ៉ុប ដោយ​មាន​អ្នក​ស្លាប់​ថ្មី​712​នាក់​ថែម​ទៀត​។ ជា​សរុប ប្រទេស​អ៊ីតាលី​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​មាន​អ្នក​ឆ្លង COVID-19 ចំនួន​80,589​នាក់ និង​​បាត់​បង់​ជីវិត​ចំនួន​​8,215​នាក់។ អត្រា​នៃ​ការ​ស្លាប់​គឺ​10% ពោល​គឺ​ខ្ពស់​ជាង​2ដង​ បើ​ធៀប​នឹង​មធ្យម​ភាគ​(4,6%) នៅ​ទូទាំង​ពិភព​លោក​។

    ប្រទេស​អេស្ប៉ាញ នៅតែជា​សម្បុក​មេរោគ​កូរ៉ូណា​ធំទី​2​នៅ​អឺរ៉ុប​ ដោយ​មាន​អ្នក​ឆ្លង​វីរុស 57,786​នាក់(កើន​​8,271​នាក់​បន្ថែម​ទៀត​) និង​4,365​នាក់​បាន​ស្លាប់​(កើន​​718​នាក់​)។

    អាល្លឺម៉ង់​ បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មីចំនួន​6,615​នាក់​ និង​ស្លាប់​ 61​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​43,938​នាក់ និង​ស្លាប់​សរុប​267​នាក់​។

    ប្រទេស​អ៊ីរ៉ង់​គឺជា​សម្បុក​មេរោគ​ធំទី​2​ប្រចាំ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ (ចិនដីគោក) ដោយ​មាន​អ្នក​ឆ្លង​មេរោគ​29,406​នាក់​ និង​អ្នក​​បាន​ស្លាប់​ មាន​ចំនួន​2,234​នាក់​។

    ប្រទេស​ចិន និង​កូរ៉េខាង​ត្បូង​មិន​ទាន់​ឱ្យ​ដឹង​អំពី​តួលេខ​ថ្មី​នៅ​ឡើយ​។

    នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​ម៉ាឡេស៊ី គឺជា​សម្បុក​មេរោគ​ធំ​បំផុត​ ដោយ​មាន​អ្នក​ជំងឺ​កូរ៉ូណា 2,031​នាក់ និង​ស្លាប់​23​នាក់​។

    ឥណ្ឌូនេស៊ី គឺជា​ “វាល​ពិឃាត” ធំជាង​គេ​បង្អស់​របស់​វីរុស​COVID-19 នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដោយ​មាន​អ្នក​ស្លាប់​78​នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​893​នាក់​។ អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​នេះ គឺ​8,7​% ដែលស្ថិត​ក្នុង​លំដាប់​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​។

    ជា​សរុប ពិភពលោក​ទាំង​មូល បច្ចុប្បន្នមាន​អ្នក​ឆ្លង​វីរុសCOVID-19 ចំនួន​529,148​នាក់ ក្នុង​នោះ​មាន​23,968​នាក់​បាន​ស្លាប់​។ អ្នក​ជំងឺ​ចំនួន123,380​នាក់​(ស្មើ​នឹង​23%នៃ​អ្នក​ឆ្លង​មេរោគ​សរុប) បាន​ជា​សះស្បើយ​៕

    ប្រភព៖ AFP, Worldometer

  • មនុស្ស​ជាង​ 11,000​នាក់​ បាន​បាត់​បង់​ជីវិត​ដោយ​សារ COVID-19 នៅ​ទូទាំង​ពិភពលោក

    មនុស្ស​ជាង​ 11,000​នាក់​ បាន​បាត់​បង់​ជីវិត​ដោយ​សារ COVID-19 នៅ​ទូទាំង​ពិភពលោក

    តួលេខ​ស្ដី​អំពី​អ្នក​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស COVID-19 បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​​នៅ​អឺរ៉ុប ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភពលោក​ កើន​ដល់​ 11,357​នាក់​ នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​កូរ៉ូណាសរុប 274,413​នាក់​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​185 នៅ​ទូទាំង​សកល​លោក។ អេស្ប៉ាញ និង​អាល្លឺម៉ង់ បាន​លោ​ត​រំលង​ផុត​ប្រទេស​អ៊ីរ៉ង់ ហើយ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំបំផុត​​ទី​3 និង​ទី​4​ ក្នុង​ពិភពលោក​ បន្ទាប់​ពី​ប្រទេស​ចិន​ និង​អ៊ីតាលី​។ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​កូរ៉ូណា​នៅ​អឺរ៉ុប កើន​លើស​ពី​ 5,000​ករណី​។

    អ៊ីតាលី​ ដែល​ជា​សម្បុក​មេរោគ​ធំ​បំផុត​នៅ​អឺរ៉ុប និង​ធំ​លំដាប់​ទី​2​នៅ​លើ​លោក បាន​រក​ឃើញ​អ្នក​ជំងឺ​ COVID-19 ​សរុប 47,021​នាក់​ ក្នុង​នោះ​​ 4,032​នាក់​បាន​ស្លាប់​។ អត្រា​នៃ​ការ​ស្លាប់​គឺ​ 8.5% ខ្ពស់​ជាង​ទ្វេ​ដង ធៀង​នឹង​អត្រា​មធ្យម​ 4.1%​ នៅ​ទូទាំង​ពិភពលោក។ កត្តា​ចម្បង​ដែល​នាំ​ឱ្យ​មាន​អ្នក​ស្លាប់ច្រើន​​បែប​នេះ គឺ​ដោយ​សារ​ប្រទេស​នេះមាន​មនុស្ស​ចាស់​ច្រើន​ជាង​គេ​នៅ​អឺរ៉ុប​ ហើយ​99%​នៃ​អ្នក​ស្លាប់ សុទ្ធ​តែ​មាន​រោគ​ប្រចាំ​កាយ​ស្រាប់។

    អេស្ប៉ាញ​គឺ​ជា​សម្បុក​មេរោគ​ COVID-19 ធំ​ទី2​ក្នុង​លោក។ បច្ចុប្បន្ន ប្រទេស​នេះ មាន​អ្នក​ឆ្លង​រោគសរុប​21,510​ករណី និង​ស្លាប់​1,093​ករណី​ ដោយ​មាន​អ្នក​ឆ្លង​រោគ​ថ្មីចំនួន​ ​3,433​ករណី និង​អ្នក​ស្លាប់​ថ្មី​ 262​ករណី។

    អាល្លឺម៉ង់ រកឃើញ​អ្នក​ឆ្លងរោគ​​ថ្មី4,528ករណី និង​អ្នក​ស្លាប់​24ករណី​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​សរុប​កើន​ដល់​19,848​នាក់ និង​ស្លាប់​68​នាក់​។ បើ​ទោះ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំ​បំផុត​លំដាប់​ទី​3​ក្នុង​ពិភពលោក ប៉ុន្តែ អត្រា​នៃ​ការ​ស្លាប់​នៅ​ប្រទេស​នេះ​ មាន​ត្រឹមតែ​ 0.3​%​ ប៉ុណ្ណោះ​។

    អ៊ីរ៉ង់​គឺជា​សម្បុក​មេរោគ​ធំ​បំផុត​លំដាប់​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ (ចិនដីគោក) ដោយ​មាន​អ្នក​ឆ្លង​រោគ​សរុប​19,644​ករណី និង​អ្នក​ស្លាប់​សរុប​1,433​ករណី​។

    ប្រទេស​ចិន បាន​ប្រកាស​ថា មិន​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ បាន​រក​ឃើញ​41​ករណី​ ដែល​ជា​អ្នក​ជំងឺ​ “នាំ​ចូល​” ពី​បរទេស​។ ចំណែក​កូរ៉េខាង​ត្បូង​ មិន​ទាន់​បាន​បញ្ចេញ​របាយ​ការណ៍​ថ្មី​នៅ​ឡើយ​។

    សហរដ្ឋ​អាមេរិក​បាន​រកឃើញ​ករណី​ឆ្លង​រោគ​ថ្មី​ចំនួន 5,087​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​ COVID-19 សុរប​ឡើង​ដល់​ 18,876​ករណី​ ក្នុង​នោះ​មាន​ 237​នាក់បាន​បាត់ប​ង់ជីវិត​។ បុគ្គលិកម្នាក់​ធ្វើ​ការ​ក្នុង​ការិយាល័យ​អនុប្រធានា​ធិបតី​ Mike Pence ដែលជា​អ្នក​​ចាត់​ចែង​យុទ្ធ​នា​ការ​ប្រឆាំង​ COVID-19 ក៏បាន​ឆ្លង​វីរុស​នេះ​ដែរ។

    នៅ​តំបន់​អេស៊ីអាគ្នេយ៍វិញ ប្រទេស​ម៉ាឡេស៊ី នៅ​តែ​បន្ត​ជា​សម្បុក​មេរោគ​ធំ​ជាង​គេ​ ដោយ​មាន​អ្នក​ជំងឺ​ 1,030​នាក់ ក្នុង​នោះ​មាន​3នាក់​បាន​បាត់​បង់​ជីវិត​។ ចំណែក​​ឥណ្ឌូនេស៊ីវិញ គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ច្រើន​ជាង​គេ​ក្នុង​តំបន់ ដោយ​មាន​អ្នក​ស្លាប់​ចំនួន​32​ករណី ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប369​នាក់​។

    សរុប​មក ពិភពលោក​ទាំង​មូល មាន​ករណីស្លាប់​ថ្មី​ចំនួន​ 1,326​នាក់ ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​អឺរ៉ុប ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​​សរុប​កើន​ដល់ 11,357​នាក់។ អ្នកជំងឺ​ចំនួន​ 90,942​នាក់​ (ស្មើ​នឹង33.1​% ធៀប​នឹង​អ្នក​ជំងឺ​សរុប) បាន​ជា​សះ​ស្បើយ​ពីជំងឺ​។ ប្រទេស​ Papua New Guinea និង​ប្រទេស​ Cabo Verde រួម​នឹង​ Angola គឺជា​ប្រទេស​ដែល​ទើប​តែ​បាន​រកឃើញ​ករណី​ឆ្លង​ COVID-19 ដំបូង​បង្អស់របស់​​ខ្លួន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា COVID-19 ឡើង​ដល់​2,247នាក់

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា COVID-19 ឡើង​ដល់​2,247នាក់

    ខេត្ត Hubei មាន​អ្នក​ស្លាប់​បន្ថែម​​115នាក់ កើន​5,6% បើ​ធៀប​នឹង​តួលេខ​កាល​ពី​ម្សិល​មិញ និង​ធ្វើ​ឱ្យ​ខេត្ត​នេះ​ មា​ន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ COVID-19 ឡើង​ដល់​2,144នាក់។

    គណៈកម្មការ​សុខាភិបាល​ខេត្ត Hubei ព្រឹក​នេះ​បាន​ប្រកាស​ថា ចំនួន​អ្នក​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ក្នុង​ខេត្ត​នេះ មាន​ 62,442នាក់ កើន​411ករណី​ បើ​ធៀប​នឹង​ម្សិល​មិញ។ ខេត្ត​នេះ​ក៏​មាន​អ្នក​ស្លាប់​បន្ថែម​115នាក់ កើន​5,6% ធៀប​នឹង​ថ្ងៃ​មុន​ ដូច្នេះ​​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ក្នុង​ខេត្ត Hubei ឡើង​ដល់​2,144នាក់។

    តួលេខ​ខាង​លើ​នេះ បាន​បញ្ចប់​ការ​ថយ​ចុះ​នៃ​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី និង​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ខេត្ត​ Hubei ប៉ុន្តែ​វា​នៅ​តែ​ទាប​ជាង​ច្រើន​ បើ​ធៀប​នឹង​ដំណាក់​មុនៗនោះ​។ ទីក្រុង​ Wuhan ដែល​ជា​តំបន់​ក្ដៅ​នៃអាសន្ន​រោគ​រលាក​សួត​កូរ៉ូណា បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​ចំនួន 319នាក់​ ដែល​នេះ​ជា​តួលេខ​ទាប​បំផុត​គិត​ចាប់​ពី​ថ្ងៃទី 28មករា។ ទីក្រុង​នេះ​ក៏មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​99នាក់។

    គណៈកម្ម​ការ​សុខាភិបាល​ចិន​ (NHC) មិន​ទាន់​បាន​ប្រកាស​អំពី​តួលេខ​ថ្មី​នៅ​ឡើយ​សម្រាប់​ព្រឹក​​នេះ​។

    អាសន្នរោគ​រលាក​សួត​ថ្មី COVID-19 បាន​ឆ្លង​រាល​ដាល​ដល់​28ប្រទេស​ និង​តំបន់​នៅ​លើ​ពិភពលោក បណ្ដាល​ឱ្យ​មាន​អ្នក​ឆ្លង​​76,214នាក់ និង​អ្នក​ស្លាប់​2,247នាក់។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​18,404​នាក់ និង​12,064នាក់​ កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​។

    កូរ៉េខាង​ត្បូង​ កាល​ពីម្សិល​មិញ​បានបញ្ជាក់​ថា ប្រទេស​នេះ​មាន​អ្នក​ស្លាប់​​ដំបូង​គេ​​ហើយ​ទាក់​ទិន​នឹង​ជំងឺ​កូរ៉ូណា​នេះ​។

    ជា​សរុប ចំនួន​អ្នក​ស្លាប់​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ (ចិនដី​គោក) រួម​មាន​ប្រទេស​ជប៉ុន កូរ៉េខាង​ត្បូង បារាំង ហ្វីលីពីន តៃ​វ៉ាន់ ហុង​កុង និង​ប្រទេស​អ៊ីរ៉ង់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ឆ្នាំ2050​ មនុស្ស​លើ​ពិភពលោក​ជាង22​% នឹង​ក្លាយជា​មនុស្សចាស់​ តើ​នឹង​មាន​អ្វី​កើតឡើង​?

    ឆ្នាំ2050​ មនុស្ស​លើ​ពិភពលោក​ជាង22​% នឹង​ក្លាយជា​មនុស្សចាស់​ តើ​នឹង​មាន​អ្វី​កើតឡើង​?

    បញ្ហា​អាយុ​របស់​ប្រជាជន​មិនទាន់​ក្លាយជា​បញ្ហា​ប្រឈម​ខ្លាំង​នោះ​ទេ​សម្រាប់​កម្ពុជា​ ព្រោះ​ប្រទេស​យើង​មាន​ប្រជាជន​វ័យក្មេង​ច្រើនជាង​គេ​ក្នុង​តំបន់​។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ចំណាប់​អារម្មណ៍​របស់​អ្នក​វិនិយោគ​ និង​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ ខណៈ​ពេល​ដែល​ប្រទេស​អភិវឌ្ឍន៍​នានា​ដូចជា​ជប៉ុន​ជាដើម​កំពុង​ប្រឈម​នឹង​បញ្ហា​ចំនួន​មនុស្សចាស់​កាន់តែ​ច្រើន​ឡើង​ៗ តែ​ទោះជា​យ៉ាងនេះ​ក្តី​ កំណើនប្រជាជន​នឹង​ចាប់ផ្តើម​កើនឡើង​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​ ហើយ​ចំនួន​ប្រជាជន​វ័យក្មេង​ដ៏​ច្រើន​នា​ពេល​បច្ចុប្បន្ន​នឹង​ក្លាយជា​មនុស្សចាស់​នៅ​ប្រមាណ​ជាង​ 30ឆ្នាំទៅ​មុខ​ទៀត​ ដែល​វា​អាច​នឹង​ក្លាយជា​បញ្ហា​ប្រឈម​សម្រាប់​យើង​ទាំងអស់គ្នា​ ដែល​ទាមទារ​ឱ្យ​មានការ​គិតគូរ​ និង​ត្រៀមខ្លួន​ដោះស្រាយ​។

    យោង​តាម​ប្រភព​ពី​ធនាគារ​ Deutsche​ Bank​ ដែល​បាន​ដកស្រង់​ការផ្សាយ​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​នៅ​លើ​ពិភពលោក​មាន​មនុស្ស​វ័យ​ច្រើនជាង​ 65ឆ្នាំ​ និង​តិច​ជាង​ 5ឆ្នាំ​កាន់តែ​កើនឡើង​ជាបន្តបន្ទាប់​ ដែល​ចំនួន​នេះ​បាន​បង្កើត​នូវ​ក្តី​ព្រួយបារម្ភ​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​។ ទន្ទឹម​នឹង​នេះ​ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ​ក៏បាន​បញ្ជាក់​ដែរ​ថា​ មនុស្ស​ចំនួន22​% នៅ​លើ​ពិភពលោក​នឹង​មាន​អាយុ​ច្រើនជាង​ 60ឆ្នាំ​ ដែល​ជា​អាយុ​ត្រូវ​ចូលនិវត្តន៍​នៅ​ឆ្នាំ​ 2050ខាងមុខនេះ​។ បញ្ហា​នេះ​បាន​ក្លាយជា​កត្តា​ប្រឈម​ធំ​មួយ​សម្រាប់​វិស័យ​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​ នា​ថ្ងៃ​អនាគត​ បើ​ទោះបីជា​សេដ្ឋកិច្ច​បច្ចុប្បន្ន​នេះ​កំពុង​មានការ​អភិវឌ្ឍ​ និង​ប្រែប្រួល​យ៉ាង​លឿន​ដោយសារ​វត្តមាន​នៃ​បច្ចេកវិទ្យា​យ៉ាងណាក៏ដោយ​។

    ទិន្នន័យ​ដែល​ចេញ​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​បញ្ជាក់​ថា​ បញ្ហា​ប្រឈម​ដែល​អាច​នឹង​កើតឡើង​ គឺ​ចំនួន​មនុស្សចាស់​ដ៏​ច្រើន​នេះ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នី​មួយ​ៗត្រូវ​បង្កើន​ការ​ចំណាយ​លើ​វិស័យ​សុខាភិបាល​ និង​ការថែទាំ​សុខភាព​មនុស្សចាស់​ព្រោះ​មនុស្សចាស់​ត្រូវតែ​ទៅ​មន្ទីរពេទ្យ​ច្រើនជាង​វ័យ​កណ្តាល​។ ក្រៅពី​នេះ​ មនុស្សចាស់​ដែល​ចូលនិវត្តន៍​ និង​ឈប់​ធ្វើការងារ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ ដែល​ធ្វើ​ឱ្យ​ចំណូល​របស់​គាត់​ថយ​ចុះ​ ហើយ​ការ​បង់ពន្ធ​លើ​ប្រាក់ចំណូល​ក៏​ត្រូវ​ធ្លាក់ចុះ​ផង​ដែរ​។ កត្តា​នេះ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នី​មួយ​ៗត្រូវ​បង្កើន​ការ​ចំណាយ​ស្រប​ពេល​ដែល​ចំណូល​មួយ​ផ្នែក​តូច​ត្រូវ​ថយ​ចុះ​។

    ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​ រដ្ឋាភិបាល​នៃ​ប្រទេស​នី​មួយ​ៗចាំបាច់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដល់​ប្រជាជន​ជំនាន់​ថ្មី​ ជាពិសេស​ប្រជាជន​សកម្ម​ ឱ្យធ្វើ​ការងារ​កាន់តែ​ខ្លាំង​ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់តែ​ខ្ពស់​ដើម្បី​ប្រមូល​ធនធាន​ទប់ទល់​នឹង​ការ​ចំណាយ​។ បញ្ហា​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ វា​នឹង​ក្លាយជា​កត្តា​ប្រឈម​ក្នុង​វិស័យ​សេដ្ឋកិច្ច​នៅក្នុង​សតវត្សរ៍​ទី21នេះ​ ដែល​វា​មិន​ត្រឹមតែ​ទាមទារ​ឱ្យ​យកចិត្ត​ទុកដាក់​ខ្លាំង​សម្រាប់​រដ្ឋាភិបាល​ប៉ុណ្ណោះទេ​ តែ​យុវជន​ខ្លួនឯង​ក៏​ត្រូវតែ​ដឹង​ និង​ត្រៀមខ្លួន​សម្រាប់​ខិតខំ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ផង​ដែរ​។

    ម្យ៉ាងវិញទៀត​ បញ្ហា​ដែល​អាច​នឹង​កើតឡើង​មួយផ្សេងទៀត​គឺ​ មនុស្សចាស់​នៅ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ចូលចិត្ត​សន្សំ​ច្រើនជាង​ចំណាយ​លុយ​របស់​គាត់​ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​នា​ពេល​អនាគត​អាច​មាន​កំណើន​យឺត​។

    ទោះជា​យ៉ាងនេះ​ក្តី​ ដើម្បី​ត្រៀមខ្លួន​ដោះស្រាយ​ជាមួយ​បញ្ហា​ទាំងអស់​នេះ​ បណ្តា​ប្រទេស​មួយចំនួន​ដែល​កំពុង​ប្រឈម​ជាមួយនឹង​បញ្ហា​ទាំងអស់​នេះ​បាន​ចាប់ផ្តើម​ខិតខំ​ប្រឹងប្រែង​រិះរក​វិធីសាស្ត្រ​ដើម្បី​សម្រាល​បន្ទុក​ និង​ប្រែក្លាយ​បញ្ហា​ឱ្យទៅ​ជា​រឿង​ល្អ​សម្រាប់​មនុស្សជាតិ​ទូទៅ​នៅ​ថ្ងៃ​អនាគត​។

    នៅ​ប្រទេស​មួយចំនួន​ គឺ​ចាប់ផ្តើម​រៀបចំ​ និង​បង្កើត​ជំ​នាញ​ថ្មី​ៗជាច្រើន​ដើម្បី​ឱ្យ​មនុស្សចាស់​អាច​មានលទ្ធភាព​ធ្វើការងារ​ដែល​ស្រប​នឹង​វ័យ​របស់​ពួកគាត់​។ ការ​ធ្វើបែប​នេះ​នឹង​ធ្វើ​ឱ្យ​មនុស្សចាស់​មានលទ្ធភាព​កាន់តែ​ខ្ពស់​ និង​កាត់បន្ថយ​ភាព​ឯកោ​បាន​ទៀតផង​។ ម្យ៉ាងវិញទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដែល​កើតឡើង​នៅ​ថ្ងៃ​អនាគត​ មនុស្ស​ក៏​ចាប់ផ្តើម​រិះរក​ច្រក​បន្ថែម​ដើម្បី​ទប់ស្កាត់​ និង​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងលើ​វិស័យ​គាំពារ​មនុស្សចាស់​ដោយ​ចំណាយ​តិចតែ​ទទួល​បាន​ផលិតភាព​ខ្ពស់​។

    ចំពោះ​បច្ចេកវិទ្យា​វិញ​ ដោយសារ​បច្ចុប្បន្ន​នេះ​ការ​ធ្វើ​ស្វ័យប្រវត្តិ​កម្ម​ចាប់ផ្តើម​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន​នោះ​ វា​ក៏​ជា​ច្រក​សំខាន់​មួយ​ដែល​អាច​ឱ្យ​មនុស្សចាស់​ប្រើប្រាស់​វា​ និង​ទទួលយក​ផលប្រយោជន៍​ពី​វា​បាន​កាន់តែ​ច្រើន​ផង​ដែរ​។ ជាក់ស្តែង​នៅ​ប្រទេស​ជប៉ុន​ មាន​ហាង​មួយ​បាន​ចាប់ផ្តើម​ឱ្យ​មនុស្ស​ដែល​មាន​ពិការភាព​ ប្រើប្រាស់​មនុស្សយន្ត​ឱ្យធ្វើ​ការ​ជំនួស​ដើម្បី​បង្កើត​ការងារ​ដល់​ពួកគេ​ និង​បង្កើត​ប្រាក់ចំណូល​ ដោយ​ពួកគេ​គ្រាន់តែ​នៅ​បញ្ជា​មនុស្សយន្ត​ពីលើ​គ្រែ​ ឬកន្លែង​រស់នៅ​របស់​ពួកគេ​ប៉ុណ្ណោះ​៕

  • ល្អាងស្អាតបំផុតលើពិភពលោក 9កន្លែង ត្រូវតែទៅឱ្យបានម្ដង!

    ល្អាងស្អាតបំផុតលើពិភពលោក 9កន្លែង ត្រូវតែទៅឱ្យបានម្ដង!

    សម្រាប់អ្នកទេសចរវិញ មិនថាតែឡើងភ្នំ ឬចុះទឹកនោះទេ ពួកគេអាចទៅបានគ្រប់ទីកន្លែងមិនខ្លាចញញើតអ្វីទាំងអស់រឹតតែជាអ្នកដែលស្រឡាញ់ចូលចិត្តធម្មជាតិដែលស្រស់ស្អាត និងចម្លែកភ្នែកផងនោះ ឡារ៉ែន សូមទាយថា 9ល្អាងធម្មជាតិដែលយើងនឹងនាំយកមកជូនទស្សនានៅពេលនេះ ច្បាស់ជាធ្វើឱ្យបេះដូងរបស់ពួកគេញ័ររញ្ជួយយ៉ាងពិតប្រាកដ។

    1. ល្អាងទឹកកក (Ice Cave) ប្រទេស Iceland


    ឬឈ្មោះមួយទៀតហៅថា ល្អាងគ្រីស្តាល់ជាល្អាងដែលកើតឡើងនៅក្នុងបឹងទឹកកកទឹកសាប ដែលស្ថិតនៅក្នុងតំបន់ ស្កាហ្វតាហ្វេល (Skaftafell) ជាល្អាងមួយក្នុងចំណោមល្អាងទឹកកក ដែលស្អាតបំផុតក្នុងពិភពលោក និងល្បីឈ្មោះបំផុត។

    2. ល្អាង បាទូ (Batu Caves) ប្រទេសម៉ាឡេស៊ី


    ល្អាងថ្មកំបោរ បាទូ ស្ថិតនៅប៉ែកខាងជើងនៃទីក្រុងកួឡាឡាំពួ ដែលក្រៅពីជានិមិត្តសញ្ញារបស់រដ្ឋ សាឡាំងង៉រ ហើយនោះ ទីកន្លែងមួយនេះថែមទាំងជាវត្តអារាម និងជាកន្លែងប្រតិបត្តិពិធីខាងសាសនាហ៊ីនឌូ ហើយថែមទាំងបានទទួលការពេញនិយមពីបណ្ដាអ្នកទេសចរទូទាំងពិភពលោកទៀតផង។

    3. ល្អាងគ្រីស្តាល់ (Cave of the Crystals) ប្រទេសម៉ិកស៊ិក


    ស្ថិតនៅក្នុងខេត្ត ណៃកា ភាគខាងជើងនៃប្រទេសម៉ិកស៊ិក។ នៅខាងក្នុងល្អាង ត្រូវបានគេរកឃើញកំណករ៉ែ យីបសាំ ដ៏ធំអស្ចារ្យ ដែលកើតឡើងពីសារធាតុរ៉ែ ដែលរលាយដោយសារទឹកក្ដៅដែលមកពីបណ្ដុំថ្មស្អិត ម៉ែកម៉ា ដែលនៅខាងក្រោម ជ្រៅទៅក្រោមដីជម្រៅជាង300ម៉ែត្រ។

    4. ល្អាងទឹកកក ក្បែរភ្នំភ្លើង (The Mutnovsky) ប្រទេសរុស្ស៊ី


    ដោយសារតែល្អាងទឹកកកនេះស្ថិតនៅក្បែរភ្នំភ្លើង Mutnovsky ទើបធ្វើឱ្យកើតមានការផ្ដុំគ្នារបស់ទឹកកកកើតចេញជាក្បូរក្បាច់ និងធ្វើឱ្យទីកន្លែងនេះក្លាយជាល្អាងទឹកកកដែលមើលទៅស្អាតប្លែកភ្នែកបំផុត។

    5. ល្អាង Blue Cave ប្រទេស Croatia


    ឬមានឈ្មោះមួយទៀតថា Modra Spilja ស្ថិតនៅក្នុងឈូងសមុទ្រ Balun របស់កោះ Bisevo។ ភាពពិសេសរបស់ល្អាងមួយនេះ គឺ បាតុភូតឆ្លុះពន្លឺពណ៌ផ្ទៃមេឃខៀវដែលកើតឡើងក្នុងចន្លោះម៉ោង 11.00 – 12.00 ដោយសារតែពន្លឺព្រះអាទិត្យដែលចាំងចូលមកតាមចន្លោះថ្មកំបោរមករហូតកើតចេញជាពន្លឺពណ៌ផ្ទៃមេឃខៀវឡើងហ្នឹងឯង។

    6. ល្អាង សុន ទុង (Son Doong) ល្អាងដែលធំបំផុតក្នុងពិភពលោក


    ប្រទេសវៀតណាមស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ ហ្វុងយ៉ា-គែបាង ស្រុក បូចាក់ ខេត្ត កួងប៊ីន (Quang Binh) គេល្បីថា ជាល្អាងដែលមានភាពលំបាកបំផុត ព្រោះអ្នកទេសចរដែលទៅទីនោះត្រូវតែចេះស៊ូទ្រាំ អត់ធន់ និងមានភាពក្លាហានហ៊ានប្រថុយប្រថានខ្លាំងទើបអាចចូលទៅទស្សនាបាន។

    7. ល្អាង ហ្វ៊ីងហ្កាលស៍ (Fingals Cave)


    ប្រទេសស្កត់លែនដ៍ជាល្អាងដែលស្ថិតនៅក្នុងសមុទ្រ លើកោះស្តាហ្វហ្វា ខាងក្រៅឆ្នេរទិសខាងលិចរបស់ប្រទេស ស្កុតលែនដ៍។ កោះនេះមានឈ្មោះល្បីល្បាញរឿងកំណប់បុរាណ ក្នុងល្អាងមានថ្ម បៈសូលរូបរាងបួនជ្រុង មានប្រវែងខាងក្នុង 70ម៉ែត្រ និងផ្នែកខាងមុខល្អាងមានកម្ពស់ស្មើអគារ 6ជាន់ឯណោះ។

    8. ល្អាងថ្លើមថ្ម (Cavernas De Marmol)


    ប្រទេសឈីលីជាល្អាងដែលកើតឡើងពីចរន្តទឹកហូរដែលច្រោះដាច់រយៈពេលរាប់លានឆ្នាំ រហូតដល់ភ្នំថ្លើមថ្មកើតចេញជាគ្រោងល្អាងថ្លើមថ្មដ៏សែនស្រស់ស្អាតនេះឡើង។ ល្អាងនេះស្ថិតនៅក្នុងតំបន់បឹងទឹកសាប ការេរ៉ា នៅខាងក្នុងល្អាងនោះពេញទៅដោយទឹកថ្លាឈ្វេងស្អាតបរិសុទ្ធ ចាំងឆ្លុះពន្លឺពីផ្ទៃមេឃប៉ះនឹងផ្ទៃទឹករបស់បឹងទឹកសាបដ៏ធំបំផុតលំដាប់លេខពីររបស់ទ្វីបអាមេរិកខាងត្បូង។

    9. ល្អាង ផូស្តូតណា (Postojna Cave)


    ប្រទេសស្លូវេនៀ (Slovenia)​ ស្ថិតនៅក្នុងតំបន់ទីប្រជុំជន ផូស្តូតណា ជាល្អាងដែលស្អាតបំផុតក្នុងទ្វីបអឺរ៉ុប មានអាយុចំណាស់ជាង2លានឆ្នាំ និងបើកឱ្យភ្ញៀវទេសចរចូលទស្សនាតាំងពីឆ្នាំ1884 មកម្លេ៉ះ។ នៅខាងក្នុងល្អាងមានទាំងថ្មដុះឡើង និងថ្មដុះធ្លាក់សំយ៉ុង ខ្សែទឹកហូរ អាងទំនប់ទឹក ហើយថែមទាំងមាន ត្រីមនុស្ស (Human Fish) ឬ Olm វត្ថុមានជីវិតខ្នាតតូច មានសម្បុរស្បែកស្រដៀងមនុស្ស តែដងខ្លួនវែងស្រដៀងសត្វពស់ មានដៃ និងជើង ត្រូវបានរកឃើញលើកដំបូងនៅឆ្នាំ​1768៕

  • គុក 11កន្លែង ដែលល្បីល្បាញថា មានភាពសាហាវឃោរឃៅខ្លាំងបំផុតលើពិភពលោក…

    គុក 11កន្លែង ដែលល្បីល្បាញថា មានភាពសាហាវឃោរឃៅខ្លាំងបំផុតលើពិភពលោក…

    តើលោកអ្នកចង់ដឹងទេថា គុកដែលជាប់លេខ 1 ស្ថិតនៅក្នុងប្រទេសណា?!

    មានឈ្មោះថាគុកហើយនោះ ប្រាកដណាស់ថា គ្មាននរណាម្នាក់ចង់ចូលទៅនៅក្នុងទីនោះឡើយ តែនៅពេលធ្វើខុសក៏ត្រូវតែនិយាយគ្នាទៅតាមច្បាប់ និងពេលចូលទៅនៅក្នុងគុកហើយ លោកអ្នកនឹងមិនដឹងឡើយថា នឹងត្រូវជួបអ្វីខ្លះ? អាចនឹងត្រូវជួបនឹងសេចក្តីឈឺចាប់ សេចក្តីលំបាកវេទនា ឬសេចក្តីស្លាប់ ឬអ្នកខ្លះអាចនឹងបានជួបនឹងមិត្តភាពល្អៗនៅក្នុងគុកក៏អាចថាបានដែរ។

    ខាងក្រោមនេះគឺ គុកដ៏សាហាវៗលើពិភពលោកទាំង 11 កន្លែង តែមានគុកណាខ្លះនោះ សូមតាមដានជាបន្ត (និងសូមកុំភ្លេចថា នៅក្នុងចំណោមនោះមានគុកនៅក្នុងស្រុកខ្មែរយើងមួយដែរ)

    11 . គុក បាងខ្វាង ប្រទេសថៃ

    ជាប់ឈ្មោះនៅក្នុងលំដាប់ចុងប៉ូចគេរបស់បញ្ជីនេះ ល្បីល្បាញរឿងមានភាពសាហាវឃោរឃៅគួរសម អ្នករៀបរៀងសំណៅរឿងនេះបានឱ្យហេតុផលថា គឺជាគុកដែលមានទាំងទង្វើអំពើហិង្សាទៅលើអ្នកទោស ការរស់នៅចង្អៀតណែន គ្មានអនាម័យ ដល់ថ្នាក់លើកឱ្យក្លាយជាគុកដែល Hardcore មួយដែរនៅលើពិភពលោកនេះ។

    10 . គុក Rikers Island នីវយ៉ក ប្រទេសសហរដ្ឋអាមេរិក

    ជាគុកដែលល្បីល្បាញរឿងធ្វើអំពើហិង្សាលើអ្នកទោស និងធ្លាប់មានអ្នកទោសស្លាប់ដោយសារអំពើហិង្សានៅក្នុងទីនោះរួចមកហើយ។

    9 . គុក San Quentin

    កសាងឡើងនៅឆ្នាំ 1852 ជាគុកដែលចំណាស់បំផុតនៅក្នុងរដ្ឋ កាលីហ្វ័រនៀ ជាកន្លែងដែលគេល្បីល្បាញថា មានបញ្ហារឿងអំពើហិង្សាកើតឡើងជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ 2006 មានកើតការចលាចលមួយឡើង ដោយសារពួកអ្នកទោសបានព្យាយាមហែកគុករត់ ធ្វើឱ្យមានអ្នករងរបួសច្រើនជាង 100 នាក់ និងស្លាប់ 2 នាក់ ធ្វើឱ្យខាងសមត្ថកិច្ចត្រូវតែបន្ថែមភាពម៉ឺងម៉ាត់នៅក្នុងគុកមួយនេះកាន់តែខ្លាំងឡើង។

    8 . គុក Alcatraz Island

    តាំងនៅលើកោះ Alcatraz ដែលស្ថិតនៅខាងក្រៅឈូងសមុទ្ររបស់ សានហ្វ្រានស៊ីស្កូ។ ជាគុកសម្រាប់ដាក់អ្នកទោសឧក្រិដ្ឋដែលគ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្រ្ត តែនៅទីបំផុតក៏ត្រូវបានបញ្ជាឱ្យបិទក្នុងឆ្នាំ 1963 ដោយសារតែថវិកាមិនគ្រប់គ្រាន់ក្នុងការជួសជុលឱ្យល្អឡើងវី្។

    7 . គុក La Sabaneta

    ស្ថិតនៅក្នុងប្រទេសវេណេហ្សូ៊អេឡា ដែលកសាងឡើងសម្រាប់ដាក់អ្នកទោស 15,000 នាក់ តែបែរជាមានអ្នកទោសរស់នៅបញ្ច្រៀតគ្នាណែនដល់ទៅ 2,5000 ទៅវិញ ខណៈដែលអ្នកយាមគុកក៏មានការខ្វះខាតដូចគ្នា គឺអ្នកយាមគុកម្នាក់ត្រូវមើលឃុំគ្រងអ្នកទោសដល់ទៅ 150 នាក់។ ក្នុងឆ្នាំ 1994 មានអ្នកស្លាប់ដល់ទៅ 108 នាក់ និងឆ្នាំបន្ទាប់មក មានអ្នកទោសរងរបួស 624 នាក់ ស្លាប់ 196 នាក់ ដោយសារអំពើហិង្សានៅក្នុងគុក។

    6 . គុក Gitarama

    ជាគុកដែលកសាងឡើងសម្រាប់ដាក់អ្នកទោសត្រឹមតែ 500 នាក់ប៉ុណ្ណោះ តែបែរជាមានអ្នកទោសច្រើនដល់ទៅ 6,000 នាក់ត្រូវបានដាក់នៅក្នុងទីនោះ ហើយដោយចំនួនដែលច្រើនហៀរគុកយ៉ាងនេះ ជំងឺដំបៅក្លាយរាលដាលក៏កើតមានឡើងយ៉ាងធ្ងន់ធ្ងរនិងដោយគ្មានការព្យាបាលអ្វីទាំងអស់ តែបណ្តោយទុកឱ្យដំបៅនោះស្អុយរលួយ រហូតដល់ត្រូវកាត់អវយវៈដែលកើតដំបៅនោះចោលនៅទីបំផុត ឬអ្នកខ្លះដល់ថ្នាក់ស្លាប់ក៏មាន។ អ្នកទោសភាគច្រើននៅក្នុងគុកនេះបានមកពីការសម្លាប់បំបាត់ពូជសាសន៍ក្នុងប្រទេស Rwanda។

    5 . គុក La Sante

    ស្ថិតនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង អ្នកទោសជាច្រើនបានធ្វើអត្តឃាត ដោយសារតែមិនអាចទ្រាំនិងស្ថានភាពក្នុងគុកនេះបាន។ ក្រៅពីអ្នកយាមគុកហើយ នៅមានអ្នកទោសមួយចំនួនតាំងខ្លួនជាអ្នកមានអំណាច និងគំរាមកំហែងធ្វើបាបអ្នកទោសដែលទន់ខ្សោយជាង។ ខាងពន្ធនាគារព្យាយាមកែបញ្ហានេះ ដោយការពន្លែងអ្នកទោសចេញពីបន្ទប់ឃុំឃាំង 4 ម៉ោងក្នុងមួយថ្ងៃ ដើម្បីបន្ធូរភាពតានតឹងក្នុងអារម្មណ៍ឱ្យបានច្រើនឡើង។

    4 . គុក Diyarbakir

    ស្ថិតនៅក្នុងប្រទេសទុរគី អំពើហិង្សានៅក្នុងគុកមួយនេះមិនបានកើតចេញពីពួកអ្នកទោសទេ តែកើតចេញពីបណ្តាអ្នកយាមគុកទាំងឡាយទៅវិញ។ ក្នុងឆ្នាំ 1996 ប៉ូលិស និងក្រុមមន្រ្តីគុកបានប្រើអំពើហិង្សាទៅលើអ្នកទោស ធ្វើឱ្យមានអ្នកស្លាប់ 10 នាក់ និងរងរបួស 23 នាក់ទៀត។

    3 . គុក Tadmor

    ជាគុកដែលបង្កើតឡើងមកដើម្បីកាត់បន្ថយគុណតម្លៃនៃភាពជាមនុស្សរបស់អ្នកទោស ដោយសារហេតុកាណ៍ក្នុងឆ្នាំ 1980 នៅពេលប្រធានាធិបតី Hafez Al-Assad ត្រូវកងកម្លាំងប្រឆាំងវាយលុក គាត់បានបញ្ជាឱ្យទាហាននាំពួកអ្នកទោសចេញពីគុកនេះទៅវាយប្រហារសត្រូវវិញដែរ បន្ទាប់ពីនោះគុកនេះក៏ត្រូវបានបិទទ្វារក្នុងឆ្នាំ 2001 តែក៏ត្រឡប់មកបើជាថ្មីឡើងវិញនៅឆ្នាំ 2011។

    2 . គុក Carandiru Penitentiary

    ស្ថិតនៅក្នុងប្រទេស ប្រេស៊ីល ជាគុកជាប់លំដាប់លេខ 2 ខាងផ្នែកកាចសាហាវឃោរឃៅ និងពោរពេញដោយអំពើហិង្សា និងថែមទាំងមានអ្នកទោសចំនួន 1 ភាគ 5 របស់គុកនេះឆ្លងមេរោគ HIV ទៀតផង។ នៅក្នុងគុកនេះមានទាំងរឿង ប្រើអំណាចឥទ្ធិពលងងឹត រោគរាតត្បាត និងអំពើហិង្សាគ្រប់សព្វទាំងអស់។

    1 . មន្ទីសន្តិសុខ ស 21 ឬគុកទួលស្លែង

    ជាគុកដែលជាប់លំដាប់លេខ 1 ក្នុងពិភពលោកលើភាពសាហាវឃោរឃៅហួសពីការនឹកស្មាន និងត្រូវបានបង្កើតឡើងដោយពួកខ្មែក្រហមក្នុងអំឡុងឆ្នាំ 1975។ អំពើសាហាវយង់ឃ្នងហួសវិស័យមនុស្សត្រូវបានធ្វើឡើងដោយពួកក្រុមអ្នកយាមគុកវ័យក្មេងៗដែលបានប្រើអំពើហិង្សាលើអ្នកទោសដែលពួកគេចោទថាជាជនក្បត់បក្សដូចជាសត្វធាតុ។ មានអ្នកទោសដែលត្រូវស្លាប់នៅក្នុងគុកនេះក្នុងចន្លោះឆ្នាំ1975 – 1978 ប្រមាណជាជិត 30.000 នាក់។ គេនិយាយថា អ្នកទោសដែលសំណាងល្អបំផុតរបស់គុកនេះគឺ អ្នកទោសដែលចូលមកហើយត្រូវគេយកទៅសម្លាប់ចោលតែម្តង ព្រោះអ្នកទោសនោះមិនចាំបាច់រងទុក្ខវេទនាដោយការធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅរហូតដល់ស្លាប់ពីសំណាក់ពួកអ្នកយាមគុកវ័យក្មេងទាំងនោះ៕

    ស្រាវជ្រាវដោយៈ តាវ៉ែនតា

  • ធនាគារពិភពលោកអះអាងថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាឈរលំដាប់ទី6 នៅលើពិភពលោក

    ធនាគារពិភពលោកអះអាងថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាឈរលំដាប់ទី6 នៅលើពិភពលោក

    បន្ទាប់ពីកំណើនសេដ្ឋកិច្ចមានភាពរឹងមាំអស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក កម្ពុជាបានទទួលចំណាត់ថ្នាក់ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប គិតត្រឹមឆ្នាំ 2015 ដែលមានចំណូលជាតិសរុបក្នុងមនុស្សម្នាក់កើនឡើងដល់ 1070ដុល្លារអាមេរិក។ ដឹកនាំដោយផ្នែកនាំចេញសម្លៀកបំពាក់ និងទេសចរណ៍ កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម 7.6 ភាគរយនៅចន្លោះពីឆ្នាំ 1994 ដល់ ឆ្នាំ 2015 ដែលបានឈរក្នុងលំដាប់ថ្នាក់ទី6នៅលើពិភពលោក។

    យោងតាមការប៉ាន់ស្មានបឋមរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅពេលថ្មីៗនេះបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចបានថយចុះបន្តិចបន្តួចពី 7.0 ភាគរយក្នុងឆ្នាំ 2015 មកនៅ 6.9 ភាគរយក្នុងឆ្នាំ 2016 ក៏ប៉ុន្តែគេរំពឹងថាកំណើននេះនឹងនៅតែមានភាពរឹងមាំក្នុងរយៈពេលពីរឆ្នាំទៅមុខទៀត ព្រោះការងើបឡើងវិញនៃវិស័យទេសចរណ៍ រួមជាមួយនឹងការពង្រីកសារពើពន្ធ នឹងជួយបំពេញការថយចុះលើផ្នែកនាំចេញសម្លៀកបំពាក់ និងកំណើនលើផ្នែកសំណង់។

    របាយការណ៏បច្ចុប្បន្នភាពចុងក្រោយនេះបញ្ជាក់ថា ភាពក្រីក្របន្តធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជា ទោះបីជាការធ្លាក់ចុះនេះមានសភាពយឺតជាងកាលពីឆ្នាំកន្លងទៅក្តី។ នៅក្នុងឆ្នាំ 2014 អត្រានៃភាពក្រីក្រមាន 13.5 ភាគរយ បើធៀបនឹងឆ្នាំ 2007 ដែលមានដល់ទៅ 47.8 ភាគរយ ខណៈដែលកម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ ដោយបានកាត់បន្ថយអត្រាភាពក្រីក្របាន 50ភាគរយក្នុងឆ្នាំ 2009។

    គ្រួសារប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ដែលបានរួចចាកផុតពីភាពក្រីក្រ និងមានជីវភាពរីកចម្រើនត្រឹមតែតិចតួចប៉ុណ្ណោះ ចំណែកឯប្រជាពលរដ្ឋប្រហែល4.5លាននាក់ទៀតកំពុងរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ។

    វិស័យសុខាភិបាល និងអប់រំនៅតែជាបញ្ហាប្រឈមធំ និងជាអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ 33 ភាគរយ (ឬប្រហែល 0.5លាននាក់) នៃកុមារអាយុក្រោម 5ឆ្នាំ មានកាយសម្បទាក្រិនមិនលូតលាស់ ខណៈដែលចំនួនកុមារចុះឈ្មោះចូលរៀនពិតប្រាកដ នៅកម្រិតបឋមសិក្សាបានកើនឡើងពី 82 ភាគរយក្នុងឆ្នាំ 1997 ដល់ 97 ភាគរយនៅឆ្នាំ 2016។ អត្រាបញ្ចប់កម្រិតមធ្យមសិក្សាបឋមភូមិមាន 43 ភាគរយនៅក្នុងឆ្នាំ 2013 ដែលអត្រានេះមានកម្រិតទាបក្រោមធម្យមភាគសម្រាប់បណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ 79 ភាគរយនៃប្រជាពលរដ្ឋទូទាំងកម្ពុជា (12.3លាននាក់) មិនទាន់មានទឹកស្អាតប្រើប្រាស់ និង 58 ភាគរយ (9.3លាននាក់) មិនបានទទួលសេវាអនាម័យសាធារណៈដែលមានលក្ខណៈល្អប្រសើរនៅឡើយទេ (ឆ្នាំ 2015)។

    កម្ពុជាមានការរីកចម្រើនល្អក្នុងការកែលម្អកម្មវិធីសុខភាពមាតា កម្មវិធីអភិវឌ្ឍន៍កុមារតូចៗ និងកម្មវិធីអប់រំថ្នាក់បឋមសិក្សានៅតំបន់ជនបទ។ អត្រាស្លាប់របស់់ម្តាយក្នុង 1សែនកំណើតរស់ បានថយចុះពី 472 នៅឆ្នាំ 2005 មកនៅត្រឹម 161នាក់ នៅឆ្នាំ 2015 អត្រាស្លាប់របស់កុមារអាយុក្រោម5ឆ្នាំ បានថយចុះពី 83 ក្នុង 1ពាន់កំណើតរស់ក្នុងឆ្នាំ 2005 មកនៅត្រឹមតែ 28.7 នៅឆ្នាំ 2015។

    ទោះបីជាសម្រេចបានសមិទ្ធផលទាំងនេះក្តី ក៏កម្ពុជានៅតែមានបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍមួយចំនួនទៀតដែរ ដូចជា ការផ្គត់ផ្គង់សេវាសាធារណៈដែលមានគុណភាពមិនល្អធ្វើឲ្យរាំងស្ទះដល់ការងារអភិវឌ្ឍន៍លើគ្រប់វិស័យ រដ្ឋបាលដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ ចីរភាពបរិស្ថាន និងអភិបាលកិច្ចល្អ។ ការបោះជំហានទៅមុខ និងជោគជ័យនៃការដោះស្រាយបញ្ហាប្រឈមទាំងនេះនឹងមិនមែនពឹងផ្អែកតែទៅលើការថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ការបង្កើនភាពសម្បូរបែបនៃសេដ្ឋកិច្ច និងភាពប្រកួតប្រជែងសម្រាប់ការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវតែពឹងផ្អែកលើការកែលម្អគុណភាពនៃការផ្គត់ផ្គង់សេវាសាធារណៈ រួមទាំងការបង្កើនការបែងចែក និងប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈ និងធនធានមនុស្សផងដែរ៕