Tag: ពិព័រណ៍

  • BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​ចាប់​ពី​ត្រីមាស​ទីបី​

    BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​ចាប់​ពី​ត្រីមាស​ទីបី​

    ក្រុម​ហ៊ុន​ចិន​ BYD បាន​ប្រកាស​ថា​ នឹង​ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឯ​រោង​ចក្ររបស់​ខ្លួន​​ក្នុង​ប្រទេស​ថៃ ចាប់​ពី​ត្រីមាស​ទីបី​ ឆ្នាំ 2024​។ ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើងក្នុង​​គ្រា​ដែល​ BYD ចូល​រួម​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​អន្តរជាតិ​បាងកក​លើកទី 45 ដែល​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃទី 27 ខែ​មីនា ដល់ថ្ងៃទី 7 ខែ​មេសា ឆ្នាំ 2024​។

    BYD មិន​ត្រឹម​តែ​បង្កើត​រោង​ចក្រ​ផលិត​រថយន្តអគ្គិសនី​នៅ​ប្រទេស​ថៃ​នោះទេ តែ​ក៏​កំពុង​សង់រោង​ចក្រ​ដំឡើង​រថយន្ត​នៅ​ប្រទេស​ហុងគ្រី និង​ប្រេស៊ីល​ផងដែរ​។ ការ​ផលិត​រថយន្ត​អគ្គិសនី​ក៏​បាន​ចាប់​ផ្ដើម​នៅឯ​រោង​ចក្រ​របស់​ BYD ក្នុង​​ប្រទេស​អ៊ូសបេគីស្ថាន កាល​ពី​ដើម​ឆ្នាំ​នេះ​។

    ទោះជា​យ៉ាង​ណា​ក៏​ដោយ ទន្ទឹម​នឹង​បង្កើត​រោង​ចក្រ​ថ្មីនៅ​ប្រទេស​មួយចំនួន ក្រុម​ហ៊ុន​ BYD ក៏​បាន​ពន្យារ​ពេល​នៃ​ការ​សង់​រោង​ចក្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ក្នុង​នោះមាន​ដូច​ជា វៀតណាម​ជា​ដើម​៕

  • ​Huawei និង BAIC ជិត​បង្ហាញ​វត្តមានរថយន្ត​សេដាន​អគ្គិសនី​ Stelato S9

    ​Huawei និង BAIC ជិត​បង្ហាញ​វត្តមានរថយន្ត​សេដាន​អគ្គិសនី​ Stelato S9

    រថយន្ត​គំរូ​ដំបូង​ដែលត្រូវ​បាន​សហការ​ផលិត​ដោយ​ក្រុម​ហ៊ុន Huawei និង BAIC BluePark (SHA: 600733) ដែល​ជា​សាខា​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​របស់​សាជីវកម្ម​រថយន្ត​ប៉េកាំង (BAIC Group) គ្រោង​នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​ប៉េកាំង​ នៅ​ថ្ងៃទី 20 តុលា​ឆ្នាំ​នេះ​។

    ក្រសួង​ឧស្សាហកម្ម​ និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន (MIIT) កាល​ពី​ថ្ងៃទី 12 មីនា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​បណ្ដា​​រថយន្ត​គំរូ​ថ្មី​បំផុត​ដែល​នឹង​​ត្រូវ​បាន​អនុញ្ញាត​ឱ្យលក់​ដើម្បី​ប្រមូល​មតិ​ពី​អ្នក​ប្រើ​ប្រាស់​​ ក្នុង​នោះ​ក៏​មាន​ Stelato S9 ផងដែរ​។

    រថយន្ត​នេះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន BAIC BluePark និង​ត្រូវ​បាន​ហៅ​ថា Xiangjei S9 ហើយ​​មាន​ស្លាក​សញ្ញា​ពាណិជ្ជកម្ម Stelato នៅ​ផ្នែក​ខាង​ក្រោយ​។

    BAIC BluePark ឱ្យ​ដឹង​ថា ខ្លួន​កំពុង​សហការ​ជាមួយ Huawei ដើម្បី​អភិវឌ្ឍ​យីហោ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា Xiangjei (នៅ​ក្នុង​ភាសា​ចិន)។ ព័ត៌មាន​នៅ​លើ​ឯកសារ​ដែល​បាន​បញ្ជូន​ទៅកាន់​ស្ថាប័ន​មាន​សមត្ថកិច្ច​បង្ហាញ​ថា ឈ្មោះ​ផ្លូវ​ការ​ជា​ភាសា​អង់គ្លេស​របស់ Xiangjie គឺ Stelato។

    Stelato S9 គឺជា​រថយន្ត​ប្រភេទ​សេដាន ដំណើរ​ការ​ដោយ​អគ្គិសនី​។ រថយន្ត​នេះ​នឹង​មាន​ 3 កំណែ​សម្រាប់​ជ្រើស​រើស​ រួម​មាន 2 កំណែ​មាន​​ម៉ាស៊ីន​ 1 គ្រឿង និង​មួយ​កំណែ​មាន​ម៉ាស៊ីន​ពីរ​គ្រឿង​។

  • ក្រុម​ហ៊ុន​អាកាសចរណ៍​ថៃ ទិញ​យន្តហោះ​ 45 គ្រឿង​ពី Boeing

    ក្រុម​ហ៊ុន​អាកាសចរណ៍​ថៃ ទិញ​យន្តហោះ​ 45 គ្រឿង​ពី Boeing

    អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Thai Airways ឱ្យ​ដឹង​ថា បណ្ដា​យន្តហោះ​ Dreamliner ដែល​បាន​បញ្ជា​ទិញ​ពី​ Boeing នឹង​ត្រូវ​បាន​បំពាក់​ម៉ាស៊ីន​សន្សំ​សំច័យ​ឥន្ធនៈ ដើម្បី​ជួយ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​។

    ក្រុម​ហ៊ុន​ផលិត​យន្តហោះ Boeing នា​ថ្ងៃទី 20 កុម្ភៈ​នេះ បាន​ប្រកាស​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​ថៃ Thai Airways បាន​បញ្ជា​ទិញ​យន្តហោះ Dreamliner ចំនួន 45 គ្រឿង​ ដែល​នេះ​គឺជា​ការ​លក់​ដ៏​ធំ​លើក​ទីមួយ​របស់​​ក្រុម​ហ៊ុន​អាម៉េរិក​នៅ​ក្នុង​ពិព័រណ៍​អាកាសចរណ៍​សិង្ហបុរី​។

    ប្រកាស​របស់ Boeing ឱ្យ​ដឹង​ថា Thai Airways បាន​ជ្រើស​យក​យន្តហោះ​ 787-9 ដើម្បី​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​យូរ​អង្វែង​របស់​ក្រុម​ហ៊ុន​នេះ នៅ​ក្នុង​ការ​ប្ដូរផ្លាស់​​ថ្មី និង​បង្កើន​ក្រុម​ហោះ​ហើរ​សម្រាប់​ប្រភេទ​យន្តហោះ​សន្សំ​សំច័យ​ឥន្ធនៈ​ ក៏​ដូច​ជា​ការ​ពង្រីក​ជើង​ហោះ​ហើរ​ថ្មី​របស់​ខ្លួន​។

    អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Thai Airways ឱ្យ​ដឹង​ថា បណ្ដា​យន្តហោះ​ Dreamliner ដែល​បាន​បញ្ជា​ទិញ​ពី​ Boeing នឹង​ត្រូវ​បាន​បំពាក់​ម៉ាស៊ីន​សន្សំ​សំច័យ​ឥន្ធនៈ ដើម្បី​ជួយ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​។ យោង​តាម​ Boeing យន្តហោះ Dreamliner ជួយ​កាត់បន្ថយ​ការ​ប្រើប្រាស់​ឥន្ធនៈ និង​ការ​បំភាយ​ឧស្ម័ន​ពុល​បាន​រហូត​ដល់ 25% បើ​ធៀប​នឹង​បណ្ដា​យន្តហោះ​ដែល​ជំនួស​ដោយ Dreamliner។

    តម្លៃ​នៃ​ការ​ជួញដូរ​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹងនៅឡើយ​ ប៉ុន្តែ​បើ​យោង​តាម​តម្លៃ​យន្តហោះ​ខាងលើ​ដែល​ត្រូវ​បាន​ប្រកាស​ ការ​ទិញ​ដូរ​នេះ​អាច​មាន​តម្លៃ​សរុប​ឡើង​ដល់ 13.16 ពាន់​លាន​ដុល្លារ​អាម៉េរិក​៕

  • យន្តហោះ​អ៊ីដ្រូសែន​​របស់​ចិន បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ហោះ​ហើរ​ជើង​ដំបូង​

    យន្តហោះ​អ៊ីដ្រូសែន​​របស់​ចិន បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ហោះ​ហើរ​ជើង​ដំបូង​

    កំណែ​គំរូ​នៃ​យន្តហោះ​អ៊ីដ្រូសែន​ដែល​ក្រុម​វិស្វករ​ចិន​អភិវឌ្ឍ​ មាន​ល្បឿន​ 180 គីឡូម៉ែត្រ​/ម៉ោង និង​មាន​រំញ័រ​តិច​ជាង​ បើធៀប​នឹង​បណ្ដា​យន្តហោះ​ដែល​មាន​ល្បឿន​ប្រហាក់​ប្រហែល​នេះ​។

    យន្តហោះ​គំរូ​ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំហេះ​ក្នុង​អ៊ីដ្រូសែន​ 4 កៅអី របស់​ចិន​ បាន​បញ្ចប់​ជើង​ហោះ​ហើរ​ដំបូង​ដោយ​ជោគ​ជ័យ នៅលើ​ទឹក​ដី​នៃ​ខេត្ត​ Liaoning ភាគ​ឦសាន​ប្រទេស​នេះ​កាល​ពី​ថ្ងៃទី 29 មករា​។ យោង​តាម​អ្នក​បើក​បរ Xu Xiaoben នៅ​ពេល​​ស្ថិត​​លើ​កម្ពស់​ 200 ម៉ែត្រ យន្តហោះ​នេះ​មាន​កម្រិត​រំញ័រ​អាច​ទទួល​យក​បាន​ និង​​មាន​ប្រសិទ្ធភាព​ខ្ពស់​។

    យន្តហោះ​នេះ​មាន​បណ្ដោយ​ប្រវែង 8.2 ម៉ែត្រ និង​អាច​ផ្ទុក​អ៊ីដ្រូសែន​សម្ពាធ​ខ្ពស់​រហូត​ដល់ 4.5 គីឡូក្រាម​។ ល្បឿន​របស់​វា​គឺ​ប្រហែល 180 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ថាមពល​របស់​ម៉ាស៊ីន​ឈាន​ដល់ 120 គីឡូវ៉ាត់​ ជួយ​ឱ្យ​យន្តហោះ​អាច​ហោះឡើង និង​ចុះ​ចត​នៅ​លើ​ព្រលាន​យន្តហោះ​ភាគ​ច្រើន​ ក៏​ដូច​ជា​អាច​​ដំណើរ​ការ​រៀង​រាល់​ថ្ងៃ​។

    យន្តហោះ​គំរូ​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​អាកាសចរណ៍​ 2024AERO ក្នុង​​ប្រទេស​អាល្លឺម៉ង់ នៅ​ក្នុង​ខែ​មេសា​ខាង​មុខ។ នេះ​គឺជា​យន្តហោះ​អាច​ប្រើ​ប្រាស់​អាកាសយានដ្ឋាន​រួម​ និង​ដំណើរ​ការ​ដោយអ៊ីដ្រូសែន​ដំបូង​ដែលចិន​​អភិវឌ្ឍ​​ដោយ​ខ្លួន​ឯង​៕

  • ព្រឹត្តិការណ៍​ប្រណាំង​ឈុត​ហោះ​ហើរ​ល្បឿន​លឿន​លើ​អាកាស​​ដំបូងគេ​​លើ​ពិភពលោក

    ព្រឹត្តិការណ៍​ប្រណាំង​ឈុត​ហោះ​ហើរ​ល្បឿន​លឿន​លើ​អាកាស​​ដំបូងគេ​​លើ​ពិភពលោក

    ទីក្រុង​ឌូបៃ​ប្រកាស​ថា នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​​នាំ​មុខ​គេ​​ ​ប្រមូល​ផ្ដុំដោយ​ក្រុម​ប្រណាំង​ដែល​ប្រើប្រាស់​ឈុត​ហោះ​ហើរ​ល្បឿន​លឿន​មក​ពី​ជុំ​វិញ​ពិភពលោក​។

    ក្រុម​ប្រឹក្សា​កីឡា​ឌូបៃ​ ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​រាជទាយាទ​ឌូបៃ Sheikh Hamdan bin Mohammed bin Rashid AI Maktoum ថ្មី​ៗ​នេះ​បាន​ប្រកាស​អំពី​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​ប្រណាំង​ឈុត​ហោះ​ហើរ​ប្រតិកម្ម​ឌូបៃ​។ នេះ​នឹង​ជា​ព្រឹត្តិការណ៍​ប្រណាំង​ឈុត​ហោះ​ហើរ​ល្បឿន​លឿន​​ដំបូងគេ​​លើ​ពិភពលោក​ ក្នុង​នោះ កីឡាករ​ចូល​រួម​នឹង​ប្រើប្រាស់​ឈុត​ហោះ​ហើរ​ដើម្បី​បង្ហាញ​សមត្ថភាព​ និង​ល្បឿន​នៅ​លើ​អាកាស​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 30 មករា 2024​។

    កីឡាករ​ជំនាញ​ 8 នាក់ មក​ពី​ជុំវិញ​ពិភពលោក រួម​មាន Ahmed AI Shehhi របស់​អេមីរ៉ាត​អារ៉ាបរួម​ (UAE) ផងដែរ ​នឹង​ប្រឈម​មុខ​ដាក់​គ្នា​ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​។ ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ឧបត្ថម្ភ​របស់​ Gravity Industries ជា​ក្រុម​ហ៊ុន​នាំ​មុខ​គេ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឈុត​សម្លៀក​បំពាក់​ហោះហើរ​ល្បឿន​លឿន​។

    យោង​តាម​ការ​ព្រម​ព្រៀង​រវាង​ក្រុម​ប្រឹក្សា​កីឡា​ឌូបៃ​ និង Gravity Industries ព្រឹត្តិការណ៍​ប្រណាំង​នេះ​នឹង​កើត​ឡើង​នៅ​ថ្ងៃទី 28 កុម្ភៈ 2024​ នៅ​ក្នុង​ពិព័រណ៍​នាវា​ឌូបៃ​។ ភ្ញៀវ​ដែល​ចូល​រួម​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​នឹង​មាន​ឱកាស​បាន​ទស្សនា​ការ​ប្រណាំង​ដ៏​កម្រ​នេះ​៕

  • Hyundai បង្ហាញ​តាក់ស៊ីហោះ 193 គីឡូម៉ែត្រ​/ម៉ោង អាច​ហោះឡើង-ចុះ​ចត​ដូច​ឧទ្ធម្ភាគ​ចក្រ

    Hyundai បង្ហាញ​តាក់ស៊ីហោះ 193 គីឡូម៉ែត្រ​/ម៉ោង អាច​ហោះឡើង-ចុះ​ចត​ដូច​ឧទ្ធម្ភាគ​ចក្រ

    ​តាក់ស៊ីហោះគំរូ​​ថ្មី​របស់​ក្រុម​ហ៊ុន​កូរ៉េខាងត្បូង​ Hyundai ដែល​ហោះឡើង​ និង​ចុះ​ចត​បែប​បញ្ឈរ​ត្រង់ ដំណើរ​ការ​បាន​ស្រួល​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ឧទ្ធម្ភាគ​ចក្រ​ និង​​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ពី​ 40 ទៅ 64 គីឡូម៉ែត្រ​ ក្នុង​ល្បឿន​193 គីឡូម៉ែត្រ​/ម៉ោង​។

    តាក់ស៊ី​ហោះ​ឡើង​ ចុះ​ចត​បញ្ឈរ​ត្រង់​ដែល​ប្រើ​ប្រាស់​អគ្គិសនី​​ (eVTOL) មាន​កៅអីចំនួន​បួន​ និង​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន Supernal របស់ Hyundai ឈ្មោះ SA-2 នេះ នឹង​មាន​វត្តមាន​ក្នុង​ទីផ្សារ​ចាប់​ពី​ឆ្នាំ 2028​ បន្ទាប់​ពី​បាន​ហោះ​ហើរ​សាកល្បង​នៅ​ចុង​ឆ្នាំ​ 2024​។ នេះ​បើ​តាម​ការ​ផ្សាយកាល​ពី​ថ្ងៃទី 22 មករា របស់​ Live Science ដែល​បាន​ដក​ស្រង់​សម្ដី​​របស់​តំណាង​នៃក្រុម​ហ៊ុន Hyundai ដែល​បាន​ឱ្យដឹង​នៅ​ក្នុង​ពិព័រណ៍​អេឡេចត្រូនិច​ CES 2024​ នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

    SA-2 ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​អាច​ហោះ​ធម្មតា​ក្នុង​ល្បឿន​ 193 គីឡូម៉ែត្រ​/ម៉ោង​ នៅ​លើ​កម្ពស់ 457 ម៉ែត្រ និង​បញ្ចប់​ជើង​ហោះ​ហើរ​ពី​ 40 ទៅ 64 គីឡូម៉ែត្រ​។ យោង​តាម​អាជ្ញាធរ​គ្រប់គ្រង​អាកាស​ចរណ៍សហរដ្ឋ​អាម៉េរិក​ (FAA) តាក់ស៊ី​ហោះ​នេះបញ្ចេញ​សំឡេង​រំខាន​តិច​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ឧទ្ធម្ភាគ​ចក្រ​។

    បច្ចុប្បន្ន Supernal កំពុង​រៀប​គម្រោង​សម្រាប់​ការ​ហោះ​ហើរ​សាកល្បងនៅ​ចុង​ឆ្នាំ​នេះ​។ ក្រុម​ហ៊ុន​ក៏​មាន​គម្រោង​ដាក់​ឯកសារ​ជូន​ FAA ក្នុង​ឆ្នាំ 2024​ មុន​ពេល​ស្នើ​សុំច្បាប់​ហោះ​ហើរ​ពិសេស​នៅ​ឆ្នាំ 2025​ ខណៈ​ការ​ធ្វើ​តេស្ត​លម្អិត​បំផុត​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ 2027​។ Hyundai មាន​គោល​ដៅ​ផលិត​ SA-2 នៅ​ឆ្នាំ 2028 ប៉ុន្តែ​ការ​ទិញ​ដូរ និង​ប្រើប្រាស់​យន្តហោះ​អគ្គិសនី​នេះ​ក៏​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ច្បាប់​​ស្ដី​ពី eVTOL ផងដែរ​៕

  • Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣

    Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣

    [ភ្នំពេញ – ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣] ថ្មីៗនេះរថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣​ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ច៉ត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសភីលីពីនដែលរួមមាន​​៖ ការវាយតម្លៃលើកម្លាំងនិងសមត្ថភាពរបស់រថយន្តជារួម​ ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។

    គួរបញ្ជាក់ផងដែរថា រថយន្ត Next-Generation Ford Territory បានត្រឡប់មកជាថ្មីម្តងទៀតក្នុងតំណែងជារថយន្ត Compact SUV ដែលលក់ដាច់បំផុត ជាពិសេសក្នុងទីផ្សារប្រទេស ភីលីពីន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៅឯពិព័រណ៍រថយន្តអន្តរជាតិ Manila International Auto Show (MIAS) ក្នុងខែមេសា រថយន្ត​ Ford Territory ត្រូវបានលក់ដាច់អស់ដល់ទៅ ៥០០០ គ្រឿងឯណោះ!  ដែលនាំឱ្យចំនួនលក់សរុបកើនឡើងដល់ជាង 25,000 គ្រឿងគិតចាប់តាំងពីការចេញលក់ក្នុងខែសីហា ឆ្នាំ 2020​ កន្លងមក។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាសក្ខីភាពមួយដែលសបង្ហាញពីប្រជាប្រិយភាពនៃរថយន្ត Next-Generation Ford Territory ក្នុងចំណោមអតិថិជនថ្មីៗ អ្នកជំនួញវ័យក្មេង និងគ្រួសារខ្នាតតូចដែលស្វែងរករថយន្ត SUV ដែលឆ្លាតវៃ សុវត្ថិភាព ទំនើប និងទាន់សម័យ។

    រថយន្ត Next-Generation Ford Territory ជារថយន្ត​ SUV ស៊េរីថ្មីឆ្នាំ ២០២៣ ឆ្លងកាត់នូវកំណែទម្រង់ថ្មីទាំងស្រុងទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ផ្តល់នូវផាសុកភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។

    ផ្នែកខាងក្នុងនៃរថយន្តនេះត្រូវបានបំពាក់មកជាមួយនូវ៖

    • កៅអីស្បែកប្រណិតផ្តល់ផាសុកភាពក្នុងពេលធ្វើដំណើរ និងមានមុខងារកៅអីត្រជាក់មិនធ្វើអោយអ្នកបើកបរមានអារម្មណ៍ថាហត់នឿយជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយ
    • កុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 3 អ៊ីញផ្តល់រូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក
    • អេក្រង់កម្សាន្ត Touch Screen កណ្តាលទំហំ 12 អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay, Android Auto & Google Maps ដោយមិនចាំបាច់ប្រើខ្សែ
    • ​ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ Wireless Charge

    មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានបំពាក់ជាមួយនឹងប្រព័ន្ធសុវត្ថិភាព ក៏ដូចជាបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយដូចជា៖

    • កាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេ កម្រិតខ្ពស់ជុំវិញរថយន្តផ្តល់រូបភាពច្បាស់ល្អ
    • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
    • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
    • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) បែបអក្សរ (T) និងប្រព័ន្ធជំនួយចាកចេញពីចំណត
    • ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តគ្រាន់តែគ្រវាសជើង។
  • ទីផ្សារ​រថយន្ត​អគ្គិសនីនៅ​អាស៊ាន​ នឹង​សម្រេច​បាន​ 2.7 ពាន់​លាន​ដុល្លារ​ នៅ​បួន​ឆ្នាំ​ទៀត

    ទីផ្សារ​រថយន្ត​អគ្គិសនីនៅ​អាស៊ាន​ នឹង​សម្រេច​បាន​ 2.7 ពាន់​លាន​ដុល្លារ​ នៅ​បួន​ឆ្នាំ​ទៀត

    យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​វិនិយោគ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ម៉ាឡេស៊ី Tengku Zafrul Abdul Aziz ទីផ្សារ​រថយន្ត​អគ្គិសនី​របស់​អាស៊ាន​ គ្រោង​នឹង​សម្រេច​បាន​ 2.7 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ឆ្នាំ 2027 កើន​ជាង 5 ដង បើធៀប​នឹង​ 500 លាន​ដុល្លារ​របស់​ឆ្នាំ 2021​។

    ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ និង​ពិព័រណ៍​រថយន្ត​អគ្គិសនី​អាស៊ី​ 2023 នៅ​រដ្ឋធានី​កូឡាឡាំពួ រដ្ឋមន្ត្រី​ Tengku Zafrul Abdul Aziz យល់​ថា ម៉ាឡេស៊ី​ មាន​ប្រៀប​ជាង​គេ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​ដែល​មាន​តម្លៃ​ខ្ពស់ជាង​ ដោយ​សារ​បាន​អភិវឌ្ឍ​បណ្ដាញ​ពេញ​លេញ​សម្រាប់​វិស័យ​ឧស្សាហកម្ម​ EV និង​រថយន្ត​ជំនាន់​ថ្មី​។

    គោលដៅ​របស់​ម៉ាឡេស៊ី​ គឺ​ថា ដល់​ឆ្នាំ 2030 ប្រទេស​នេះ​នឹង​ធ្វើ​ឱ្យ​​​រថយន្ត​អគ្គិសនី និង​រថយន្ត​កូន​កាត់​សាំង​ – អគ្គិសនី រួម​ចំណែក​​ 20% ក្នុង​ចំណោម​រថយន្ត​ថ្មី និង 50% នៅ​ឆ្នាំ 2040 ខណៈ​ឆ្នាំ 2050 នឹង​មាន 80%​។

    លោក​រដ្ឋមន្ត្រី​ក៏​ឱ្យ​ដឹង​ថា លោក​សង្ឃឹម​ថា រថយន្ត​អគ្គិសនី​ផលិត​ក្នុង​ស្រុក​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ 2025​ ហើយ​ក៏​ជឿ​ជាក់​ថា ម៉ាឡេស៊ី​ នឹង​អាច​ផ្គត់​ផ្គង់​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ចំនួន 10,000 កន្លែង នៅ​ទូទាំង​ប្រទេស​​ក្នុង​ដំណាក់​កាល​នេះ​។

    បច្ចុប្បន្ន​ បណ្ដា​ក្រុម​ហ៊ុន​ធំៗ​ក្នុងវិស័យ EV ដូច​ជា Tesla (អាម៉េរិក), Geely, Chery, BYD (ចិន), Hyundai (កូរ៉េខាងត្បូង), Mercedes Benz, BMW (អឺរ៉ុប) សុទ្ធ​តែ​មាន​វត្តមាន​នៅ​ម៉ាឡេស៊ី​រួច​ហើយ​។

    សន្និសីទ និង​ពិព័រណ៍ EV អាស៊ី 2023 ត្រូវ​បាន​ធ្វើ​ឡើង​ពី​ថ្ងៃទី 22 ដល់ 24 វិច្ឆិកា 2023 ដោយ​មាន​បញ្ជរ​ប្រហែល​មួយ​រយ​ដែល​ដាក់​បង្ហាញ​រថយន្ត​អគ្គិសនី​ រួម​នឹង​សន្និសីទ​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​បណ្ដាញ​ EV មាន​ដូច​ជា គោលនយោបាយ ទំនោរ និង​ឱកាស​ក្នុង​វិស័យ​ឧស្សាហកម្ម EV, ទីផ្សារ​ EV ទោចក្រយាននៅ​អាស៊ាន។ល។

  • ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី 16 នឹង​ធ្វើ​ឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ 2023

    ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី 16 នឹង​ធ្វើ​ឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ 2023

    (ភ្នំពេញ) ក្រសួងពាណិជ្ជកម្ម គ្រោងនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី 16 កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និ​បាតកោះពេជ្រ ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2023។

    យោងតាមសេចក្តីប្រកាសពត៌មានរបស់​ក្រសួង​ពាណិជ្ជកម្ម ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើនេះ ក្រសួង​​ក៏នឹងរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនផងដែរ ដែល​មាន​ដូចជា កម្មវិធីសិក្ខាសាលាស្តីពី ការជំរុញសកម្មភាព​ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធី ចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រ និងអភិវឌ្ឍវិស័យឯកជន។

    ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវា ឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះ​បើ​តាមប្រកាស​របស់​ ​ក្រសួង​ពាណិជ្ជកម្ម ចុះថ្ងៃ​ទី 05 ខែ​ឧសភា ឆ្នាំ 2023​៕

  • Honda បង្ហាញ​កង់​អគ្គិសនីដំបូង​បង្អស់​របស់​ខ្លួន​

    Honda បង្ហាញ​កង់​អគ្គិសនីដំបូង​បង្អស់​របស់​ខ្លួន​

    ក្រុម​ហ៊ុន​ជប៉ុន Honda កំពុង​តែ​ពង្រីក​មុខ​ជំនួញ​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​យាន​យន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី ដោយ​ការ​បញ្ចេញ​កង់​អគ្គិសនី​ដំបូង​បង្អស់​របស់​ខ្លួន នោះ​គឺ Honda e-MTB Concept។

    កង់​អគ្គិសនី​នេះ​ទើប​តែត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ Japan Mobility Show នៅ​តូក្យូ​ ជា​ទី​ដែល​ Honda រួម​នឹង​បណ្ដា​ក្រុម​ហ៊ុន​ផលិត​ម៉ូតូ និង​រថយន្ត​លំដាប់​កំពូល​ៗ​ដទៃ​ទៀតនៅ​ប្រទេស​ជប៉ុន​ បង្ហាញ​ផលិត​ផល​ដែល​មាន​លក្ខណៈ​ជា​អនាគត​ និង​/ឬ​ពង្រីក​យីហោ​របស់​ពួក​គេ​។

    កង់​អគ្គិសនី​ Honda e-MTB Concept ត្រូវ​បាន​គេ​ជឿ​ថា ប្រើប្រាស់​ម៉ូទ័រ Brose ដែល​មាន​ស្រាប់​នា​បច្ចុប្បន្ន​។ វា​ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​ SRAM Eagle AXS, ហ្វ្រាំង​កម្លាំង​ទឹក Shimano, ប្រព័ន្ធ​ជើង​ទប់​ក្រោម​ Fox នៅ​ខាង​មុខ​ និង​ខាង​ក្រោយ​, ទម្រ​កែប RockShox Reverb, កង់ DT Swiss XM 1700 និង​សំបកកង់ Maxxis Minion DHF។

    សម្រាប់​ Honda គោលដៅ​របស់​ពួក​គេ​គឺ​ការ​បូក​បញ្ចូល​គ្នា​រវាង​ម៉ូតូ និង​កង់​ទៅ​ក្នុង​ផលិតផល​មួយ​ដែល​អាច​ជិះ​លើ​ភ្នំ​ នៅ​តំបន់​ដែល​មាន​ឧបសគ្គ​ច្រើន​។

    Honda មិន​មែន​ជា​អ្នក​ផលិត​រថយន្ត​ ឬ​ម៉ូតូ​ដំបូង​គេ​ដែល​​យក​កង់​អគ្គិសនី​ធ្វើជា​អ្នក​នាំ​ផ្លូវ​ដ៏​មាន​សក្ដានុពល​ដើម្បី​ពង្រីក​យីហោ​នោះទេ​។​ ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ធ្វើដូច្នេះ​ ក្នុង​នោះ​មាន​ដូច​ជា Harley-Davidson, Porsche និង​ Peugeot ជា​ដើម​។

    ថ្មី​ៗ​នេះ HUMMER និង Jeep ក៏​បាន​ និង​កំពុង​ប្រឹង​ប្រែង​ដើម្បី​ពង្រីក​យីហោ​របស់​ខ្លួន​ទៅ​កាន់​វិស័យ​កង់​អគ្គិសនី​​ផងដែរ​។