Tag: ពាណិជ្ជកម្ម

  • ថៃ និង​ស្រីលង្កា ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​

    ថៃ និង​ស្រីលង្កា ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​

    ថ្មី​ៗ​នេះ ប្រទេស​ថៃ និង​ស្រីលង្កា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ដែល​នេះត្រូវ​បាន​ ស្រីលង្កា​ សង្ឃឹម​ថា នឹង​ជួយ​ឱ្យ​ប្រទេស​នេះរួច​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់បំផុត​នៅ​ក្នុង​ច្រើន​ទសវត្សរ៍​កន្លង​។

    ស្រីលង្កា​ កំពុង​តែ​ផ្លាស់​ប្ដូរ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នានា​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​វិបត្តិ​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​។ ធនាគារ​ពិភពលោក (WB) បាន​គណនា​ឃើញ​ថា សេដ្ឋកិច្ច​របស់​ស្រីលង្កា បាន​រួម​តូច​ 3.8% កាល​ពី​ឆ្នាំ​កន្លង បន្ទាប់​ពី​វិបត្តិ​រូបិយបណ្ណ​បរទេស​ដ៏​ធ្ងន់​ធ្ងរ​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​។

    ប្រតិភូ​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ Srettha Thavisin បាន​ទៅ​កាន់​រដ្ឋធានី​កូឡុំបូ ដើម្បី​ចុះ​ហត្ថលេខា​លើ​ FTA រួម​នឹង​កិច្ច​ព្រម​ព្រៀង​ដទៃ​​ ជាមួយ​នឹង​សម​ភាគីនានា​នៅ​​ស្រីលង្កា​។

    កិច្ច​ព្រម​ព្រៀង FTA ថៃ – ស្រីលង្កា ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ទីផ្សារ​ ការ​វិនិយោគ​ លិខិត​ស្នាម​គយ និង​បញ្ហា​កម្មសិទ្ធិបញ្ញា​​រវាង​ប្រទេស​ទាំង​ពីរ​។

    ថៃ​គឺជា​ប្រទេស​ដែលសំខាន់​សម្រាប់​ស្រីលង្កា នា​បច្ចុប្បន្ន​។ GDP របស់​ប្រទេស​ថៃ បាន​ឈាន​ដល់ 495 ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ 2022 និង​ជា​មួយ​ក្នុង​ចំណោម​អ្នកវិនិយោគ​នៅ​បរទេស​ធំជាង​គេ​ក្នុង​តំបន់​អាស៊ាន​។

    យោង​តាម​ទិន្នន័យ​របស់​ធនាគារ​កណ្ដាល​ស្រីលង្កា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ប្រមាណ 460 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2021​។ ទំនិញ​ដែល​ស្រីលង្កា​នាំ​ចេញ​​ទៅ​កាន់​ប្រទេស​ថៃ ភាគ​ច្រើន​គឺ​តែ និង​​ត្បូង​មាន​តម្លៃ​ ហើយ​នាំ​ចូល​ឧបករណ៍អេឡេច​ត្រូនិច​ ស្បៀង កៅស៊ូ ជ័រ និង​ឱសថ​ពីប្រទេស​ថៃ​៕

  • IMF ថា សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ បាន​ «ចាក​ឆ្ងាយ​ពី​សេណារីយ៉ូ​វិបត្តិ»

    IMF ថា សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ បាន​ «ចាក​ឆ្ងាយ​ពី​សេណារីយ៉ូ​វិបត្តិ»

    មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) មាន​សុទិដ្ឋិនិយម​ជាមួយ​នឹង​សេដ្ឋកិច្ច​ពិភពលោក​នា​ឆ្នាំ​នេះ ដោយ​សារ​តែ​កំណើន​នៃ​ការ​ប្រើ​ប្រាស់​ ការ​ងារ និង​បណ្ដាញ​ផ្គត់ផ្គង់​មាន​ភាព​ប្រសើរ​ឡើង​។

    ក្នុង​របាយការណ៍​ធ្វើ​បច្ចុប្បន្ន​ភាព​ស្ដី​ពី​ទស្សន​វិស័យ​សេដ្ឋកិច្ច​សកល​ ដែល​ប្រកាស​កាល​ពី​ថ្ងៃទី 30 មករា 2024 IMF បាន​បង្កើន​តួលេខ​នៃ​ការ​ព្យាករណ៍​អំពី​​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។ យោង​តាម​របាយការណ៍​នេះ ផលិតផល​ក្នុង​ស្រុក​សរុប (GDP) សកល​ អាច​កើន​ 3.1% ក្នុង​ឆ្នាំ 2024​ កើន​ 0.2 ពិន្ទុ​ភាគ​រយ​ បើ​ធៀប​នឹង​ការ​ព្យាករ​ដែល​លើក​ឡើង​កាល​ពី​ខែ​តុលា 2023​។

    ការ​ព្យាករណ៍អំពី​កំណើន​សេដ្ឋកិច្ច​សកល​​សម្រាប់​ឆ្នាំ 2025 គឺ 3.2% ពោល​គឺ​មិន​មាន​ការ​ប្រែ​ប្រួល​​។ ដូច្នេះ កំណើន​នៅ​តែ​ក្រោម​កម្រិត​មធ្យម​ភាគ​នៃ​ដំណាក់​កាល​ឆ្នាំ 2000-2019 ដែល​កើន​ 3.8%​។

    ចំណែក​ពាណិជ្ជកម្មវិញ ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ 3.3% ក្នុង​ឆ្នាំនេះ និង 3.6% ក្នុង​ឆ្នាំ 2025​។ ភាគ​រយ​នេះ​សុទ្ធ​តែ​នៅ​ក្រោម​កម្រិត​មធ្យម​គឺ 4.9% ដោយ​សារ​តែ​សម្ពោធ​ពី​រនាំង​ពាណិជ្ជកម្ម​ថ្មី​នានា​ដែល​បាន​ និង​កំពុង​អនុវត្ត​នៅ​ទូទាំង​ពិភពលោក​។

    IMF រក្សា​ការ​តួលេខ​ 5.8% នៃ​ការ​ព្យាករ​អំពី​អតិផរណា​សកល​នៅ​ក្នុង​ឆ្នាំ​នេះ​ និង​ថយ​ចុះ​នៅ​ត្រឹម​ 4.4% ក្នុង​ឆ្នាំ 2025​។

    យោង​តាម​ Reuters GDP របស់​សហរដ្ឋ​អាម៉េរិក ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​កំណើន​ 2.1% ក្នុង​ឆ្នាំ 2024 ខណៈ GDP ​ប្រទេស​ចិន​​គឺ​អាច​​មាន​កំណើន​ 4.6%​៕

  • ថៃ និង​ចិន​ចុះ​ហត្ថលេខា​លើកលែងទិដ្ឋាការ​រួម​ ដើម្បី​ទេសចរណ៍ និង​ពាណិជ្ជកម្ម

    ថៃ និង​ចិន​ចុះ​ហត្ថលេខា​លើកលែងទិដ្ឋាការ​រួម​ ដើម្បី​ទេសចរណ៍ និង​ពាណិជ្ជកម្ម

    ប្រទេស​ថៃ និង​ចិន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​លើក​លែង​ទិដ្ឋាការ​រួម ដែលនឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី 01 មីនា 2024​។ កិច្ច​ព្រម​ព្រៀង​នេះ​មិន​ត្រឹម​តែ​ក្នុង​បំណងពង្រឹង​ និង​ពង្រីក​​វិស័យ​ទេសចរណ៍​នោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ជំរុញ​ពាណិជ្ជកម្ម​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដោះដូរ​ក្នុង​វិស័យ​ផ្សេង​ៗ​របស់​ប្រទេស​ទាំង​ពីរ​នេះ​ផងដែរ​។

    ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយពី​បាន​ចូល​រួម​ពិធី​ចុះ​ហត្ថលេខា​នៅ​រាជធានី​បាងកក​ជាមួយ​នឹង​សមភាគី​ថៃ Parnpree Bahiddha-Nukara រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ លោក Wang Yi បាន​និយាយ​ថា នៅ​ពេល​ប្រទេស​ទាំង​ពីរ​ឈាន​ចូល​ដល់​ «សម័យ​លើក​លែង​ទិដ្ឋាការ» កិច្ច​ព្រមព្រៀង​នេះ​មិន​ត្រឹម​តែ​នាំ​មក​នូវ​ផល​ប្រយោជន៍​ដល់​វិស័យ​ទេសចរណ៍​នោះ​ទេ ប៉ុន្តែ​ក៏នឹង​​បង្កើតបាន​​ជា​ទំព័រ​ថ្មី​នៅ​ក្នុង​ការ​ប្ដូរ​ផ្លាស់​វប្បធម៌​ និង​មនុស្ស​ទៅ​វិញ​ទៅ​មក​ទៀត​ផង។

    យោង​តាម​កិច្ច​ព្រម​ព្រៀងនេះ ពលរដ្ឋ​ចិន និង​ថៃ នៅ​ពេល​មាន​លិខិត​ឆ្លង​ដែន​​ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​គ្នា​ ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ ហើយ​អាច​ស្នាក់​នៅ​បាន​ 30 ថ្ងៃ​។ តាម​ការ​រំពឹង​ទុក ក្រោយ​ពី​កិច្ច​ព្រមព្រៀង​នេះ​ចូល​ជា​ធរមាន ចំនួន​ភ្ញៀវ​ចិន​ទៅ​លេង​នៅ​ប្រទេស​ថៃ ប្រាកដ​ជា​នឹង​កើន​ឡើង​ច្រើន​ គ្រាដែល​ពលរដ្ឋ​ថៃ​ក៏​នឹង​ទទួល​​បាន​ការ​សាទរ​​យ៉ាង​កក់​ក្ដៅ​ នៅ​ពេល​ទៅ​លេង​ប្រទេស​ចិន​។

    ក្រៅ​ពី​ប្រទេស​ថៃ ប្រទេស​ចិន​ ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​លើក​លែង​ទិដ្ឋាការ​រួម​ជាមួយ​នឹង​សិង្ហបុរី​ផងដែរ​ ក្នុង​នោះ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី 09 កុម្ភៈ​ខាងមុខ​។ ក្រៅ​ពី​នេះ ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ក៏​បាន​លើក​លែង​ទិដ្ឋាការ​ចំពោះ​ពលរដ្ឋ​ចិត្ត​ផងដែរ​៕

  • ផ្សារ​លក់ដុំ​ទំនិញ​នៅ​តាម​បណ្ដា​រាជធានី​-ខេត្ត ​គ្រោង​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ទំនិញ​ក្នុង​រដូវ​ប្រមូលផល​

    ផ្សារ​លក់ដុំ​ទំនិញ​នៅ​តាម​បណ្ដា​រាជធានី​-ខេត្ត ​គ្រោង​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ទំនិញ​ក្នុង​រដូវ​ប្រមូលផល​

    (ភ្នំពេញ)៖ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងារចំពោះកិច្ចសិក្សាលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីប្រកាសពីសមាសភាពរបស់ក្រុមការងារនេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​។

     

    កិច្ចប្រជុំដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី 23 មករា 2024 នៅទីស្តីការក្រសួងពាណិជ្ជកម្មខាងលើ​នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង តំណាងនាយកដ្ឋាននៃក្រសួងពាណិជ្ជកម្ម និងចូលរួមតាមប្រព័ន្ធអនឡាញ ពីតំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ជាសមាជិក-សមាជិកានៃក្រុមការងារជាច្រើនរូបផងដែរ។

     

    យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ក្រុមការងារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសិក្សាពីលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាម បណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់ទិញ-លក់ទំនិញជាកសិផល សំដៅជួយសម្រួលដោះស្រាយបញ្ហាកកស្ទះទំនិញក្នុងរដូវប្រមូលផល។

  • មហា​សេដ្ឋី​លេខ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក៖ រថយន្ត​អគ្គិសនី​ចិន​ផ្ដួល​គូ​ប្រជែង​រួច​ទៅហើយ​ បើ​សិន​គ្មាន​រនាំង​ពាណិជ្ជកម្ម​

    មហា​សេដ្ឋី​លេខ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក៖ រថយន្ត​អគ្គិសនី​ចិន​ផ្ដួល​គូ​ប្រជែង​រួច​ទៅហើយ​ បើ​សិន​គ្មាន​រនាំង​ពាណិជ្ជកម្ម​

    នាយកប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla បាន​កោត​សរសើរ​ចំពោះ​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ ហើយ​យល់​ថា ពួក​គេ​អាច​ដណ្ដើម​បាន​ជោគ​ជ័យ​ធំធេង​ក្នុង​ទីផ្សារ​អន្តរ​ជាតិ​។

    កាល​ពី​ថ្ងៃទី 24 មករា 2024​ បន្ទាប់​ពី​ការ​ប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​នៃ​ត្រីមាស​ទី​បួន​​ក្នុង​​ឆ្នាំ 2023​ CEO របស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla គឺ​មហា​សេដ្ឋី​ Elon Musk បាន​លើក​សរសើរ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​។ លោក​និយាយ​ថា ពួក​គេ​គឺជា​បណ្ដា​ក្រុម​ហ៊ុន​ដែល​មាន​ការ​ប្រកួត​ប្រជែង​បំផុត​ ហើយ​ថា នឹង​ជោគជ័យ​ធំធេង​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ អាស្រ័យ​លើ​កម្រិត​នៃ​ការ​ទទួលរង​​សម្ពាធ​ពី​អត្រា​ពន្ធ​ និង​រនាំង​ពាណិជ្ជកម្ម​។

    លោក Musk និយាយ​ថា «បើ​សិន​មិន​មាន​រនាំង​ពាណិជ្ជកម្ម ពួក​គេ​នឹង​ជាន់​ពន្លិច​ក្រុម​ហ៊ុន​ស្ទើរ​តែ​ទាំង​អស់​នៅ​លើ​ពិភពលោក​។ ពួក​គេ​ពូ​កែ​ខ្លាំង​ណាស់​»។

    មហា​សេដ្ឋី​ Elon Musk

    យោបល់​នេះ​បញ្ជាក់​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla កំពុង​​ប្រឈម​នឹង​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង​ដ៏សម្បើម​ពី​បណ្ដា​គូ​បដិបក្ខ​មក​ពី​ប្រទេស​ចិន​ ដែល​មាន​ដូច​ជា BYD ជា​ដើម​៕

  • ថៃ​រកឃើញ​រ៉ែ​ដ៏មាន​តម្លៃ​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​

    ថៃ​រកឃើញ​រ៉ែ​ដ៏មាន​តម្លៃ​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​

    ប្រទេស​ថៃ​បាន​រកឃើញ​រ៉ែ​លីចូម (lithium) ជិត 15 លាន​តោន​ ដែល​អាច​រួម​ចំណែក​ជួយ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​នៅ​ក្នុង​តំបន់​។

    កាល​ពី​ថ្ងៃទី 19 មករា 2024 អ្នក​នាំ​ពាក្យ​រង​របស់​រាជរដ្ឋាភិបាល​ថៃ Rudklao Inttawong Suwankiri បានប្រាប់​សារព័ត៌មាន The Nation ​ថា អាជ្ញាធរ​ប្រទេស​នេះ​បាន​រកឃើញ​រ៉ែ​លីចូម​ប្រមាណ​ 14.8 លាន​តោន​ នៅ​ក្នុង​ខេត្ត​ Phang Nga​។

    «… នោះ​គឺជា​ដំណឹង​ល្អ​។ នេះ​ជា​ឱកាស​ដើម្បី​ឱ្យ​ថៃ​មាន​ម្ចាស់​ការ​ក្នុង​ការ​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​» លោក​ស្រី Rudklao ប្រាប់​ The Nation ដូច្នេះ​។

    ការ​រក​ឃើញ​នេះ​នាំ​ឱ្យ​ថៃ​ក្លាយ​ជា​ប្រទេស​ដែល​មាន​រ៉ែ​លីចូម​ច្រើន​ជាង​គេ​លំដាប់​ទី​បី​លើ​ពិភពលោក បន្ទាប់​ពី​បូលីវី និង​អាហ្សង់ទីន​។​ ក៏ប៉ុន្តែ មិន​ទាន់​ដឹង​ច្បាស់​ថា ថៃ​នឹង​អាច​​ទាញ​យក​រ៉ែ​លីចូម​បាន​ប៉ុន្មាន​លាន​តោន​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឡើយ​៕

  • កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ជំនួយ​ឥត​សំណង​ 86 លាន​អឺរ៉ូពី​សហភាព​អឺរ៉ុប

    កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ជំនួយ​ឥត​សំណង​ 86 លាន​អឺរ៉ូពី​សហភាព​អឺរ៉ុប

    ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃទី 15 មករា 2024 បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 86 លាន​អឺរ៉ូ (ជិត 94 លាន​ដុល្លារ​អាម៉េរិក) ពី​សហភាពអឺរ៉ុប (EU) ដើម្បី​អភិវឌ្ឍ​កម្មវិធី​មួយ​ចំនួន​។

    សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​នឹង​ឯកឧត្តម ទ្រីសម៉ាន់ ពីរហ្គាវ័ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ និ​ងហិរញ្ញវត្ថុ ជំនួយ​ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ផ្ដល់​ជូន​កម្ពុជា​ តាម​រយៈ​​កម្មវិធី​ Global Gateway នេះ គឺ​សម្រាប់​កម្មវិធី​ចំនួន​បួន​ ដែល​រួម​មាន​ដូច​ខាង​ក្រោម​៖

    ទីមួយ​៖ កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព

    ទីពីរ​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យ​​កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ

    ទីបី​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស 2024-2027

    ទីបួន​៖ កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។

  • យាន​ជំនិះ​​អគ្គិសនី​ហោះ​ឡើងនិង​ចុះ​ចតបញ្ឈរ​​ត្រង់​ដំបូង​ដែល​ប្រើ​ប្រាស់​អ៊ីដ្រូសែន​រាវ​

    យាន​ជំនិះ​​អគ្គិសនី​ហោះ​ឡើងនិង​ចុះ​ចតបញ្ឈរ​​ត្រង់​ដំបូង​ដែល​ប្រើ​ប្រាស់​អ៊ីដ្រូសែន​រាវ​

    (ប្រទេស​ស្វ៊ីស) – យន្តហោះ​អគ្គិសនី​ Sirius Jet បំពាក់​ស្លាប​កង្ហារ​ប្រហែល 20 គ្រឿង ដើម្បី​អាច​ហោះ​ឡើងត្រង់​ទៅ​លើ​ និង​ប្រើ​ប្រាស់​ឥន្ធនៈ​អ៊ីដ្រូសែន​រាវ​សម្រាប់​ការ​ហោះ​ហើរ​រយៈ​ចម្ងាយ​ឆ្ងាយ​។

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​របស់​ស្វ៊ីស Sirius Aviation AG អភិវឌ្ឍ​ Sirius Jet ដែល​ជា​យានជំនិះ​​អគ្គិសនី​​ហោះ​ឡើង​-​ចុះ​ចត​ដោយ​បញ្ឈរ​ត្រង់​ និង​អាច​ប្រតិបត្តិការ​បាន​ចម្ងាយ​ 1,850 គីឡូម៉ែត្រ​ ហើយ​អាច​ធ្វើដំណើរ​ក្នុង​ល្បឿន​ 520 គីឡូម៉ែត្រ​/ម៉ោង​ ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីដ្រូសែន​រាវ​ស្អាត​។ នេះ​បើ​តាម New Atlas ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 10 មករា 2024​។

    Sirius Jet ដែល​ត្រូវ​បាន​ចាប់​ផ្ដើម​អភិវឌ្ឍ​ពី​ឆ្នាំ 2021 អាច​ហោះ​ឡើង​ និង​ចុះ​ចត​បញ្ឈរ​ត្រង់ ​គឺ​ដោយ​សារ​ប្រើ​ប្រាស់​​ស្លាប​កង្ហារអគ្គិនី​​ប្រហែល​ 20 គ្រឿង​។ ក្នុងនោះ ស្លាប​កង្ហារ​នីមួយ​ៗ​មាន​អង្កត់ផ្ចិត​តែ​ 30 សង់ទីម៉ែត្រ​ប៉ុណ្ណោះ​។

    ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស្នើ​សូម​វិញ្ញាបនបត្រ​​ពី​នាយកដ្ឋាន​អាកាស​ចរណ៍​អាម៉េរិក (FAA)​។ បើ​សិន​គ្រប់​យ៉ាង​ដំណើរ​ការ​ដោយ​រលូន​ កំណែ​គំរូ​សម្រាប់​ធ្វើ​តេស្ត​​នឹង​អាច​​ហោះ​ហើរ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ 2025 និង​ចាប់​ផ្ដើម​​ហោះ​ហើរ​បែប​ពាណិជ្ជកម្ម​នៅ​ឆ្នាំ 2028​៕

  • រថយន្ត​ផលិត​នៅ​កម្ពុជា​ នឹង​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​​នាពេល​អនាគត

    រថយន្ត​ផលិត​នៅ​កម្ពុជា​ នឹង​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​​នាពេល​អនាគត

    ក្រុម​ហ៊ុន GTV MOTOR បាន​ឱ្យ​ដឹង​ថា ប្រជាជនកម្ពុជា អាចបើកបររថយន្តដែលមានគុណភាព និងតម្លៃសមរម្យ ហើយក៏​ជាម៉ាករថយន្តរបស់កម្ពុជា​ផ្ទាល់ គ្រា​ដែល​ក្រុមហ៊ុននេះ​បានចាប់ផ្តើមផលិតរថយន្ត​នៅ​កម្ពុជា។

    GTV MOTOR គឺជាក្រុម​ហ៊ុន​មួយ​ដែល​បង្កើតកេរ្តិ៍ឈ្មោះឱ្យកម្ពុជា តាម​រយៈ​ការ​ផលិត និង​ដំឡើង​រថយន្តនៅកម្ពុជា។ នេះ​បើ​តាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋ​វិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​។ លោក​បន្ថែម​ថា

    ក្រុមហ៊ុននេះ​នឹងបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស​កម្លាំងពល​កម្មជំនាញ ដែលចេញពីការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

    ​​អ្នក​កឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏​ដូច​អ្នក​ជំនាញ​ដទៃ​ យល់​ថា ការ​រួម​ចំណែក​របស់ GTV MOTOR នឹង​ធ្វើ​ឱ្យ​ទីផ្សាររថយន្តនៅកម្ពុជា មានភាពល្អប្រសើរ​ជាង​មុន​ ព្រោះ​តែ​ទីផ្សារ​មាន​ជម្រើស​បន្ថែម​។

    ​​អ្នក​កឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

    យោង​តាម​អ្នកឧកញ៉ា លឹម ហេង វិស័យឧស្សាហកម្មដំឡើងរថយន្តក្នុងស្រុក នឹងជួយដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយ​សារ​មិនត្រឹមតែផ្គត់ផ្គង់តម្រូវ​ការ​ក្នុងស្រុកប៉ុណ្ណោះទេ តែ​អ្នក​ផលិត​រថយន្ត​ក៏​អាចនាំចេញផលិត​ផល​នេះ​តាម​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​​​ទាំង​ឡាយ​ដែល​កម្ពុជា​កំពុង​អនុវត្ត​ផង​ដែរ​៕