Tag: ពពោះ

  • នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    មិនមែនជារឿងងាយស្រួលឡើយ សម្រាប់អ្នកម្ដាយដែលត្រូវមើលថែទាំកូនតូចវ័យកំពុងរពឹស ដំណាលគ្នានឹងការពពោះកូនមួយទៀតដែលនឹងក្លាយជាសមាជិកគ្រួសារថ្មីម្នាក់ទៀតនោះ តែក៏ហត់នឿយល្វើយកាយយ៉ាងមានសេចក្ដីសុខដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី សូមនាំមកជម្រាបជូនបងៗដែលជាឧត្តមមាតាទាំងអស់នូវគន្លឹះល្អៗក្នុងការមើលថែទាំសុខភាពរបស់អនាគតអ្នកម្ដាយកូនញឹកដូចខាងក្រោមនេះ។

    1 . ធ្វើអ្វីថ្នមៗខ្លះផង

    ថ្ងៃនេះបងៗលែងជាអ្នកម្ដាយរបស់អាល្អិតបងតែម្នាក់ឯងទៀតហើយ តែកំពុងតែមានសមាជិកថ្មីថែមមកម្នាក់ទៀតហើយ… អាល្អិតបងគេមិនថាអីទេ បើអ្នកម្ដាយនឹងបែងចែកពេលវេលាទៅឱ្យអាអូននៅក្នុងពោះខ្លះនោះ។ ទោះជាអ្នកម្ដាយនឹងមិនអាចលះបង់ទាំងពេលវេលា​ ទាំងសេចក្ដីស្រឡាញ់ទៅឱ្យអាល្អិតបងបានច្រើនដូចមុនក៏ដោយ តែក៏គេមិនបានមានអារម្មណ៍ថា ខ្វះអ្នកម្ដាយដែរ ដូច្នេះក៏សូមបន្ធូរៗដៃខ្លះទៅ ត្រូវប្រយ័ត្នកុំឱ្យគេលេងជាមួយអ្នកម្ដាយខ្លាំងៗពេក រាប់ថាជាការមើលថែទាំអាអូនតូចដែលនៅក្នុងពោះម្នាក់ទៀតហ្នឹងណា៎។

    2 . ត្រូវរកជំនួយការដែលទុកចិត្តបាន

    ព្រោះបងៗកំពុងតែតាំងគភ៌ ទើបចាំបាច់ត្រូវថែបំប៉ន មើលថែទាំខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃ ទើបពេលខ្លះមិនអាចនឹងផ្ដល់ពេលវេលាបានពេញលេញដល់អាល្អិតបងបានដូចមុន ដែលទោះជាអ្នកម្ដាយចង់មើលថែទាំគេឱ្យបានល្អបំផុតក៏ដោយ តែក្នុងអំឡុងពេលនេះ ចាំបាច់បំផុតដែលអ្នកម្ដាយត្រូវតែរកអ្នកជួយម្នាក់មកនៅចាំជួយ អាចជាលោកតា លោកយាយ ឬអ្នកមើលថែក្មេង ដើម្បីនៅមើលថែទាំគេ ដើម្បីអ្នកម្ដាយនឹងបាននៅឆ្ងាយបន្តិចយ៉ាងកក់ក្ដៅក្នុងចិត្ត ដែលនេះជាការល្អចំពោះសុខភាពទាំងអ្នកម្ដាយខ្លួនឯង និងអាតូចដែលកំពុងគេងនៅក្នុងផ្ទៃហ្នឹងឯង។

    3 . យកចិត្តទុកដាក់រឿងសុខភាព និងថែទាំខ្លួនឯងយ៉ាងម៉ឺងម៉ាត់

    ក្រៅពីនឹងត្រូវមើលថែទាំកូនតូចដែលនៅក្នុងផ្ទៃ និងក្រៅផ្ទៃហើយនោះ អ្នកម្ដាយក៏កុំភ្លេចមើលថែទាំខ្លួនឯងដំណាលៗគ្នានឹងមើលថែទាំកូនតូចផង ព្រោះរឹតតែអ្នកម្ដាយមានសុខភាពដែលល្អបរិបូរណ៍មាំទាំខ្លាំងប៉ុនណា អាល្អិតតូចដែលនៅក្នុងគភ៌របស់អ្នកម្ដាយក៏នឹងល្អឥតខ្ចោះតាមនោះដែរ។

    4 . គេងលក់ និងសម្រាក

    អ្នកម្ដាយអាចអាស្រ័យអំឡុងពេលគេងថ្ងៃរបស់អាល្អិតបង ដោយអាចគេងសម្រាកមួយស្រឡេតដំណាលៗជាមួយនឹងគេ និងមិនបាច់ទៅនឹកកង្វល់ចិត្តអ្វីទេអ្នកម្ដាយ ព្រោះយ៉ាងណាអ្នកម្ដាយក៏មានអ្នកជំនួយការនៅជួយមើលថែទាំអាល្អិតបងស្រាប់ហើយ ដូច្នេះអ្នកម្ដាយត្រូវតែគេងសម្រាកឱ្យបានច្រើនដើម្បីកូនក្នុងផ្ទៃ។

    5 . មើលថែទាំអាតូចនៅក្នុងផ្ទៃ និងអាធំនៅក្រៅផ្ទៃដំណាលៗគ្នា

    ពេលខ្លះ ការមើលថែអាល្អិតទាំងនៅក្នុងផ្ទៃ និងក្រៅផ្ទៃរបស់អ្នកម្ដាយ ក៏អាចធ្វើឡើងដំណាលៗគ្នាបានដែរ ដូចជា ការអានរឿងនិទានឱ្យកូនស្ដាប់ ក៏អាចអានឱ្យគេទាំងពីរនាក់ស្ដាប់ក្នុងពេលជាមួយគ្នាបានដែរ។ ក្រៅពីនេះការលេង អ្នកម្ដាយក៏នៅអាចលេងជាមួយកូនទាំងពីរនាក់ដំណាលគ្នាបានផងដែរ។ អ្នកម្ដាយសាកល្បងប្រើតិចនិកនេះលមើល៍ ជាពិសេស បើសិនជាអាល្អិតដែលនៅក្រៅផ្ទៃជាក្មេងធំផងនោះ រឹតតែជាការល្អទៅទៀត គឺឱ្យគេសាកល្បងនិយាយលេងជាមួយប្អូន ស្ដាប់សំឡេងប្អូនរើ និងថែមទាំងអាចធ្វើជាអ្នកជំនួយការដ៏សំខាន់ម្នាក់របស់អ្នកម្ដាយបានទៀតផង។

    6 . ផ្លូវចិត្តរីករាយស្រឡះ

    ស្នាមញញឹមរបស់ម្ដាយធ្វើឱ្យផ្ទះមួយនេះគួរឱ្យចង់រស់នៅ និងកក់ក្ដៅបំផុតសម្រាប់ក្មេងៗ។ សូមកុំភ្លេចថា សុខភាពចិត្តរបស់អ្នកម្ដាយមានផលដល់សភាវខាងអារម្មណ៍របស់កូនតូចខ្លាំងបំផុត ដូច្នេះសូមអ្នកម្ដាយកុំមានអារម្មណ៍មួម៉ៅក្ដៅក្រហាយអ្វីឡើយបើទោះជាមានពេលខ្លះអាល្អិតបងនឹងឌឺរឹងខ្លះ យំរករឿងខ្លះក៏ដោយ ក៏ចូរធ្វើអារម្មណ៍ឱ្យល្អ និងញញឹមជាប់ជានិច្ច។

    ឃើញទេថា គន្លឹះល្អៗដែលបានជម្រាបជូននេះមិនមានអ្វីពិបាកឡើយ មែនទេបងៗស្រ្តីមានគភ៌ទាំងឡាយ? អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្តជូនដល់អ្នកម្ដាយទាំងអស់គ្នាណា៎ចា៎ស៕

  • 21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    សូមចូលរួមត្រេកអរផងណា៎ សម្រាប់ស្រ្តីដែលចាប់ផ្តើមតាំងគភ៌គ្រប់គ្នា ចាប់ពីពេលនេះទៅអ្នកនឹងបានរៀនយល់ដឹងពីការរស់នៅមួយបែបទៀតដែលខុសប្លែកពីមុន។ រឿងសំខាន់ដែលអ្នកគួរតែដឹងនោះគឺ រឿងសុខភាពក្នុងអំឡុងពេល 9 ខែតពីពេលនេះទៅថា តើនឹងមានអ្វីកើតឡើងចំពោះអ្នកខ្លះ? ជាពិសេស ស្រ្តីដែលតាំងគភ៌លើកដំបូងទាំងឡាយ ដែល ឡា រ៉ែន មិនចង់ឱ្យខកខានក្នុងការអានអត្ថបទនេះឡើយ។

    សុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    1 . ក្នុងរយៈពេលរបស់ការតាំងគភ៌ ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 20 នាក់ ប្រសូតត្រូវតាមដែលលោកគ្រូពេទ្យរាប់ថ្ងៃប្រសូត តែភាគច្រើនវិញ ស្រ្តីមានគភ៌នឹងប្រសូតមុនកំណត់ប្រមាណជា 1 – 2 សប្តាហ៍មានចំនួនដល់ទៅ 1 នាក់ក្នុង 8 នាក់ ដែលនេះជារឿងប្រក្រតីទេ។
    2 . ការរាប់ពេលវេលាតាំងគភ៌របស់ស្រ្តីមានគភ៌នឹងរាប់ជាសប្តាហ៍ ដូចជា ការកំណត់ប្រសូតនឹងរាប់បន្ទាប់ពីថ្ងៃដែលអស់វដ្តរដូវ នឹងរាប់ជា 40 សប្តាហ៍ ហើយនឹងរាប់ចាប់ពីថ្ងៃចាប់បដិសន្ធិពិតៗគឺ 38 សប្តាហ៍ដែលជាកំណត់ប្រសូតរបស់ស្រ្តីមានគភ៌។
    3 . ការតាំងគភ៌ក្នុងត្រីមាសដំបូង ពោះរបស់ស្រ្តីមានគភ៌នឹងមិនសូវមើលឃើញធំប៉ុន្មានទេ តែនឹងមើលឃើញច្បាស់ថាមានគភ៌នោះ ក៏ក្នុងអំឡុងត្រីមាសទី 2។
    4 . អ្នកនឹងបានឮសំឡេងបេះដូងកូនជាលើកដំបូងប្រមាណជាក្នុងសប្តាហ៍ទី 10 ដោយប្រដាប់ស្តាប់សំឡេង ឬតាមរយៈការធ្វើអាល់ត្រាសោនដ៍។
    5 . រាងកាយរបស់អ្នកនឹងប្រែប្រួលច្រើនយ៉ាង ដូចជា ខ្លួនប្រាណ ដៃ ជើង ក្បាលពោះ សុដន ក្រចកដៃជើង សក់ ស្បែក ហើយអាការផ្សេងៗដែលកើតឡើងចំពោះរាងកាយទាំងនេះនឹងបាត់អស់ទៅវិញនៅពេលប្រសូតបុត្ររួច។
    6 . ក្នុងអំឡុងពេលមានគភ៌ ខាងក្នុងរាងកាយរបស់អ្នកនឹងមានឈាមហូរវឹលច្រើនជាងប្រក្រតី។
    7 . ក្នុង 1 ថ្ងៃអ្នកនឹងបត់ជើងតូចជាញឹកញាប់ ដោយសារតែបរិមាណរបស់ឈាមដែលកើនឡើង ហើយនឹងកើនច្រើនឡើង
    នៅពេលស្បូនរីកធំឡើងរហូតដល់ពេលប្រសូត។
    8 . អ្នកនឹងកាន់តែនឿយហត់ឡើងជារឿយៗក្នុងខណៈពេលតាំងគភ៌ តែនឹងមានអារម្មណ៍ថានឿយហត់ខ្លាំងក្នុងអំឡុងត្រីមាសដំបូង។
    9 . អ្នកនឹងមានអារម្មណ៍ច្រើនយ៉ាងកើតឡើងក្នុងអំឡុងពេលតាំងគភ៌ និងនឹងមានអាការនឿយល្វើយកើតឡើង ហើយនឹងធ្ងន់ធ្ងរខ្លាំងក្នុងអំឡុងពេលដំបូងៗ។
    10 . អ្នកនឹងជួបជាមួយអាការឈឺចាប់ទាំងឡាយ ដូចជា អាការឈឺក្បាល ឈឺខ្នង ឈឺជើង ក្អួតចង្អោរ ហើមដៃជើង និងវឹលមុខ។
    11 . ចំនួន 3 ភាគ 4 នៃស្រ្តីមានគភ៌ នឹងមានអាការចាញ់កូនក្នុងអំឡុងត្រីមាសដំបូង ជាពិសេសនៅពេលព្រឹកនឹងមានអាការ វឹលមុខ និងក្អួត។
    12 . អ្នកនឹងចង់ទទួលទានអាហារខ្លាំងជាងមុន តែនឹងទទួលទានអាហារមិនបានច្រើនដូចមុនទេ។
    13 . អ្នកនឹងមានអារម្មណ៍ដឹងថា កូនរើបំរះពេលអាយុគភ៌បានប្រមាណជា 16 – 22 សប្តាហ៍ ឬក្នុងអំឡុងត្រីមាសទី 2 នៃការតាំងគភ៌។
    14 . ពេលពោះចាប់ផ្តើមធំ អ្នកនឹងមិនអាចឱនចងខ្សែស្បែកជើងបាន អង្គុយលើកម្រាលឥដ្ឋ ឬកោររោមនៅម្តុំៗជើងបានទេ
    ដោយសារតែពោះដែលកាន់តែធំឡើងហ្នឹងឯង និងនៅពេលពោះធំឡើងអាចធ្វើឱ្យអ្នកដើរបុកវត្ថុរបស់របរនៅក្នុងបន្ទប់ជាញាឹកញាប់ ព្រោះនៅស្មានរយៈចម្ងាយមិនទាន់ត្រូវ។
    15 . អ្នកគួរសិក្សាពីរឿងការញ៉ាំអាហារ ភេសជ្ជៈ និងថ្នាំផ្សេងៗដែលអាចញ៉ាំបាន ឬគួរចៀសវាង និងសិក្សាពីរឿងការហាត់ប្រាណផងដែរ។
    16 . អ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងរឿងសុខភាពការតាំងគភ៌របស់អ្នក ជំងឺប្រចាំកាយ ឬជំងឺដែលអាចកើតឡើងបានក្នុងអំឡុងពេលមានគភ៌។
    17 . អ្នកនឹងពិបាកក្នុងការគេងលក់ និងនឹងមានអាការគេងមិនលក់ រឹតតែក្នុងអំឡុងពេលត្រីមាសទី3ផងនោះ នឹងរឹតតែគេង
    លែងសូវលក់ និងច្រើនតែយល់សប្តិអាក្រក់ ព្រោះតែកើតអាការវិតក្កកង្វល់នឹងអាការជិតប្រសូតហ្នឹងឯង។
    18 . ស្រ្តីមានគភ៌មួយចំនួននឹងមានអាការសោកសៅស្រងូតស្រងាត់ពេញមួយខណៈពេលតាំងគភ៌ និងអាការនេះនឹងរឹតតែធ្ងន់ធ្ងរឡើងនៅពេលប្រសូតរួច។
    19 . ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 5 នាក់នឹងមានសភាវជ្រៀតជ្រែកផ្សេងៗកើតឡើងខណៈពេលមានគភ៌ ដូចជា សភាវរលូតកូន គភ៌មានជាតិពុលជាដើម។
    20 . អ្នកគួរតែសិក្សាពីតំណាក់កាលនៃការប្រសូតឱ្យរួចជាស្រេច និងត្រៀមខ្លួនសម្រាប់ការប្រសូតដែលនឹងកើតឡើង។
    21 . ស្រ្តីមានគភ៌ 1 នាក់ ក្នុងចំណោម 5 នាក់ នឹងបានដឹងពីសញ្ញាប្រសូតប្រមាណជាក្នុងសប្តាហ៍ទី 37 ឬអាការឈឺពោះឱ្យដឹងមុនដើម្បីប្រាប់ឱ្យដឹងថា ការប្រសូតកំពុងជីតមកដល់ហើយ។
    ពេញមួយរយៈពេល 9 ខែនេះ រឿងផ្សេងៗដែលបានរៀបរាប់មកខាងលើនោះ គឺជារឿងដែលអ្នកត្រូវជួបនៅពេលអ្នកមានគភ៌ ការសិក្សាពីព័ត៌មានរឿងការតាំងគភ៌ជាអ្វីដែលអ្នកគួរតែត្រៀមខ្លួនឱ្យស្រេច និងនៅពេលជួបនឹងអាការខុសប្រក្រតីណាមួយ អ្នកគួរតែប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់៕