Tag: ពន្ធ

  • ប្រទេស​ថៃយក​ពន្ធអាករ​ VAT 7% ចំពោះ​ទំនិញ​នាំ​ចូល​

    ប្រទេស​ថៃយក​ពន្ធអាករ​ VAT 7% ចំពោះ​ទំនិញ​នាំ​ចូល​

    មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ នា​ថ្ងៃ​ទី 29 មេសា​នេះ ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​នឹង​យក​ពន្ធអាករ​លើ​តម្លៃ​បន្ថែម​ 7% ចំពោះ​រាល់​ទំនិញ​នាំ​ចូល​ ដោយមិន​បែង​ចែក​តម្លៃ​ ចាប់​ពី​ខែ​ឧសភា​តទៅ​។

    លោក Lavaron Sangsnit លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ ថ្លែង​ថា បច្ចុប្បន្ន​ ប្រទេស​ថៃ​អនុវត្ត​គោលនយោបាយ​លើក​លែង​ពន្ធ​នាំ​ចូល​ និង​​អាករ​លើ​តម្លៃ​បន្ថែម​ (VAT) ចំពោះ​ទំនិញ​នាំ​ចូល​នីមួយ​ៗ​ដែល​មាន​តម្លៃ​ក្រោម​ 1,500 បាត ដែល​ប្រហែល​នឹង 40.5 ដុល្លារ​អាម៉េរិក​។

    ក៏ប៉ុន្តែ ការ​លើក​លែង​ពន្ធ​នាំចូលខាង​លើ​នា​ពេល​កន្លង បាន​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​មិន​ស្មើ​ភាព​គ្នា​ ពិសេស​គឺ​នៅ​ពេល​ទំនិញ​តម្លៃ​ទាប​របស់​ចិន​ ត្រូវ​បាន​នាំ​ចូល​លក់​ពាស​ពេញ​ទីផ្សារ​ប្រទេស​ថៃ​។ បញ្ហា​នេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ថៃ ចាត់​វិធានការ​ជា​បន្ទាន់​ ហើយ​ការយក​ពន្ធ​លើក​តម្លៃ​បន្ថែម 7% ​ចំពោះ​ទំនិញ​នាំ​ចូល​គ្រប់មុខ​នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី1 ខែ​ឧសភា​តទៅ​។

  • ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

    ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

    ក្រសួង​ហិរញ្ញវត្ថុ​ថៃ ឱ្យ​ដឹង​ថា ប្រទេស​នេះ​នឹង​បញ្ចេញ​គោលនយោបាយ​ថ្មី​ជា​ច្រើន​ ដែល​​គាំទ្រ​ដល់​ទីផ្សារ​អចលន​ទ្រព្យ​ ដើម្បី​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ជាតិ​។

    ក្រសួង​ហិរញ្ញវត្ថុ​ថៃ គ្រោង​នឹង​ដាក់​សំណើ​ស្ដី​ពី​ការ​បន្ថយ​ការ​ចំណាយ​ទៅ​លើ​សេវា​​ផ្ទេរ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ ​ពី 2% ចុះ​មកនៅ​​ត្រឹម​ 0.01% សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃ​ដល់ 7 លាន​បាត (ប្រហែល​ 190,890 ដុល្លារ​អាម៉េរិក​)​ ជូន​គណៈរដ្ឋមន្ត្រី​​នា​ពេល​ខាងមុខ​។

    ទន្ទឹម​នឹង​នេះ ថៃ​ក៏​អាច​នឹង​បន្ធូរ​បន្ថយ​ពន្ធ​ចំពោះ​អ្នក​ដែល​ចង់​សាងសង់​ផ្ទះ​ ព្រម​ទាំង​បន្ថយ​អត្រា​ការ​ប្រាក់​ចំពោះ​អ្នកមាន​ចំណូល​ទាប​​ដែល​ចង់​ខ្ចី​ប្រាក់​ទិញ​ផ្ទះ​ផងដែរ​។

    ស្ថាប័ន​ខាង​លើ​ក៏​នឹង​ដាក់​សំណើ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ទាក់​ទង​នឹង​សិទ្ធិ​កាន់​កាប់​ផ្ទះ​របស់​ជន​បរទេស​។ ក្នុង​នោះ រយៈ​ពេល​នៃ​ការ​ជួល​ផ្ទះ​ អាច​នឹង​ត្រូវ​បាន​បន្ថែម​សុពលភាព​​ពី 30 ឡើង​ដល់ 99 ឆ្នាំ​ ព្រម​ទាំង​អាច​អនុញ្ញាត​ឱ្យ​ជន​បរទេស​ទិញ​ផ្ទះស្នាក់​នៅ​​ប្រភេទ​ខ្លះ​ទៀត​ផង​។

    ក្រុម​ហ៊ុន​ទិន្នន័យ​ Statista (អាល្លឺម៉ង់) បាន​គណនា​ឃើញ​ថា ទំហំ​​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ នឹង​កើន​ឡើង​ដល់ជាង​ 2.5 ទ្រីលាន (2,500,000,000,000) ​ដុល្លារ​អាម៉េរិក​ ក្នុង​ឆ្នាំ​នេះ​។ ក្នុង​នោះ ទីផ្សារ​​ផ្ទះ​ស្នាក់​នៅ​មាន​តម្លៃ​សរុប​ជាង 2 ទ្រីលាន​ដុល្លារ​៕

  • Taylor Swift ក្លាយ​ជា​មហាសេដ្ឋិនី​ថ្មី​ និង​ល្បី​ឈ្មោះ​ជាង​គេ​​ក្នុង​​ឆ្នាំ​នេះ

    Taylor Swift ក្លាយ​ជា​មហាសេដ្ឋិនី​ថ្មី​ និង​ល្បី​ឈ្មោះ​ជាង​គេ​​ក្នុង​​ឆ្នាំ​នេះ

    តារា​ចម្រៀង​ Taylor Swift មាន​ឈ្មោះ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​របស់ Forbes សម្រាប់​​ឆ្នាំ​ 2024 នេះ​។

    កាល​ពី​ថ្ងៃទី 2 មេសា ទស្សនាវដ្ដី Forbes បាន​ប្រកាស​បញ្ជី​ឈ្មោះ​ស្ដី​ពី​ក្រុម​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​ សម្រាប់​​ឆ្នាំ 2024​។ Forbes ឱ្យ​ដឹង​ថា ពិភពលោក​បច្ចុប្បន្ន​មាន​មហាសេដ្ឋី​ថ្មី​ចំនួន 265 នាក់​បន្ថែម​ទៀត​ ដោយ​សារ​ទីផ្សារ​មូលបត្រ​កាល​ពី​ឆ្នាំ​កន្លង​។ ពួក​គេ​មក​ពី​ប្រទេស​ចំនួន 32 និង​មាន​ទ្រព្យ​សរុប​ 510 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    មហា​សេដ្ឋិនី​ដែល​ល្បី​ឈ្មោះ​ជាង​គេ​ក្នុង​ឆ្នាំ​នេះ គឺ​តារា​ចម្រៀង​ស្រី​អាម៉េរិក Taylor Swift។ ដំណើរ​សម្ដែង​ជុំវិញ​ពិភពលោក​ Eras Tour របស់​នាង​ បាន​ក្លាយ​ជា​ដំណើរ​សម្ដែង​ដំបូង​លើ​ពិភពលោក ​ដែល​រក​ចំណូល​បាន​ 1,000 លាន​ដុល្លារ​។

    បច្ចុប្បន្ន Taylor Swift មាន​ទ្រព្យ​ប្រមាណ 1.1 ពាន់​លាន​ដុល្លារ​​អាម៉េរិក។ Swift ក៏​ជា​អ្នក​ចម្រៀង​ដំបូង​គេ​ដែល​រក​បាន​ទ្រព្យ​ពាន់​លាន​ដុល្លារ ​ដោយ​សារ​តែ​ការ​និពន្ធ​ និង​ការ​សម្ដែង​។

  • Tesla នឹង​ផលិត​រថយន្ត​តម្លៃ​ទាប​ នៅ​ពេល​សហការ​ជាមួយ​ CATL

    Tesla នឹង​ផលិត​រថយន្ត​តម្លៃ​ទាប​ នៅ​ពេល​សហការ​ជាមួយ​ CATL

    Tesla កំពុង​សហការ​ជាមួយ​ CATL ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​ធំបំផុត​នៅ​ប្រទេស​ចិន​ ដើម្បី​អភិវឌ្ឍ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​ដែល​ជិត​នឹង​បង្ហាញ​វត្តមាន​។

    ជំនួស​ឱ្យ​ការ​នាំចូល​ថ្ម​ផ្ទុក​អគ្គិសនី​ពី CATL ក្រុម​ហ៊ុន​អាម៉េរិក​ Tesla នឹង​ជួល ក៏​ដូច​ជា​សហការ​ជាមួយ​ក្រុម​ហ៊ុន​ចិន​នេះ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្ម​ប្រភេទ​ថ្មី​។ កិច្ចសហការ​នេះ​នឹង​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​ភាគី​ទាំង​សង​ខាង​។ ក្នុង​នោះ Tesla អាច​ផលិត​ថ្ម​ផ្ទុក​ថាមពល​ទំនើប​ក្នុង​តម្លៃ​ទាប​។ ក្រៅ​ពី​នេះ Tesla ក៏​នឹង​អាច​បំពេញ​លក្ខខណ្ឌ​គ្រប់​គ្រង​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ពន្ធដារ​របស់​សហរដ្ឋ​អាម៉េរិក​ផងដែរ​។

    ចំណែក​ផល​ប្រយោជន៍​ដែល​ក្រុម​ហ៊ុន​ចិន CATL នឹងទទួល​បាន​វិញ រួមមាន​៖ ពង្រីក​ទីផ្សារ​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក និង​អឺរ៉ុប ហើយ​អាច​រក្សា​តំណែង​នាំ​មុខ​គេ​ក្នុង​ទីផ្សារ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​។

    ទំនាក់​ទំនង​រវាង Tesla និង CATL បាន​នាំ​ឱ្យ Tesla ប្រកាស​ថា​ ខ្លួន​កំពុង​ត្រៀម​ផលិតរថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ 25,000 ដុល្លារ​អាម៉េរិក​។

  • ថៃ​រក​ឃើញ​ពលករ​បរទេស​ខុស​ច្បាប់​រាប់​ពាន់នាក់

    ថៃ​រក​ឃើញ​ពលករ​បរទេស​ខុស​ច្បាប់​រាប់​ពាន់នាក់

    អាជ្ញាធរថៃ កំពុង​តែ​បង្កើន​ការ​តាម​រក​ពលករ​បរទេស​ខុសច្បាប់ នៅ​ទូទាំង​ប្រទេស​។

    សមត្ថកិច្ច​ថៃ​អះអាង​ថា មូលហេតុ​នៃ​ការ​រឹត​បន្តឹង​នេះ​គឺ​ដើម្បីការ​ពារ​ការ​ងារ​សម្រាប់​ពលរដ្ឋ​ថៃ​ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​ពលករ​បរទេស​។

    បន្ទាប់​ពី​បាន​ចាប់​ផ្ដើម​ការ​ងារ​នេះ​ អាជ្ញាធរ​ថៃ​បាន​ត្រួត​ពិនិត្យ​ជន​បរទេស​ជាង 300,000 នាក់​ ក្នុង​នោះ​បាន​រក​ឃើញ​ជាង 1,600 នាក់​ ជា​ពលករ​ខុស​ច្បាប់​។

    យោង​តាម​គោលការណ៍ច្បាប់​ប្រទេស​នេះ ពលករខុស​ច្បាប់​នឹង​ត្រូវ​បាន​ពិន័យ​ពី 5,000 ដល់ 50,000 បាត​ និង​ត្រូវ​ចាប់បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ដើម​ ហាម​ចូល​ប្រទេស​ថៃ​រយៈ​ពេល​ពីរ​ឆ្នាំ​។

    ចំណែក​និយោជកដែល​ប្រើ​ប្រាស់​ពលករ​បរទេស​ខុស​ច្បាប់​ នឹង​ត្រូវ​ពិន័យ​ពី 10,000 ដល់ 100,000 បាត។ នៅ​ពេល​រំលោភ​ច្បាប់​នេះ​ពីរ​ដង នឹង​ត្រូវ​ដាក់​ពន្ធនាគារ​មិន​លើស​ពី​មួយ​ឆ្នាំ​ ហើយ​ត្រូវ​បង់ប្រាក់​ពិន័យ​ពី 50,000 ដល់ 200,000 បាត/ពលករ​ម្នាក់​ និង​ហាម​ប្រើ​ប្រាស់​ពលករ​បរទេស​បីឆ្នាំ​។

  • អាស៊ាន​ (ASEAN) ​កែទម្រង់​​ប្រព័ន្ធ​ប្រមូលពន្ធ​រួម

    អាស៊ាន​ (ASEAN) ​កែទម្រង់​​ប្រព័ន្ធ​ប្រមូលពន្ធ​រួម

    តំណាង​បណ្ដា​ប្រទេស​ជាសមាជិក​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) បាន​បើក​កិច្ច​ប្រជុំ​​​នៅ​រដ្ឋធានី​វៀងចន្ទន៍​របស់​ឡាវ នៅក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ប្រជុំ​លើក​ទី 18 របស់​ក្រុម​បេសកកម្ម​ស្ដី​ពី​វេទិកា​ពន្ធ​អាស៊ាន​ និង​កិច្ច​ប្រជុំ​លើក​ទី 15 នៃ​អនុវេទិកា​អាស៊ាន​ស្ដី​ពី​ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ពិសេស​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី 20 ដល់ 22 ខែ​មីនា 2024​។

    ទូរទស្សន៍ជាតិ​ឡាវ ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ឡាវ​កំពុង​សហការ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ប្រមូល​ពន្ធ​ ក្នុង​បំណង​ធានា​ ជំរុញ​​សមាហរណកម្ម​បន្ថែម​ទៀត ក៏ដូច​ជា​ដើម្បី​កាត់បន្ថយ​អម្រែក​​ពន្ធ​។

    កិច្ច​ប្រជុំ​នេះ​ ពិភាក្សា​អំពី​បញ្ហា​ពាក់​ព័ន្ធ​ ដើម្បី​សម្រេចឱ្យ​​បាន​​កិច្ច​ព្រម​ព្រៀង​ដែល​បញ្ចៀស​ការ​យក​ពន្ធ​ពីរ​លើក​ រវាង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ​ជា​ផ្នែក​មួយ​នៃ​បណ្ដា​កិច្ច​ព្រម​ព្រៀង​ប្រមូល​ពន្ធ​ទ្វេ​ភាគី​ដែល​កំពុង​អនុវត្ត​ និង​គម្រោង​សកម្មភាព​ក្នុង​បំណង​អនុវត្ត​ការ​កាត់​បន្ថយពន្ធ​ឱ្យ​បាន​ល្អ​បំផុត​។ ក្នុង​នោះ អង្គ​ប្រជុំ​ក៏​បាន​និយាយ​ដល់​​ការ​ងាក​ទៅ​រក​ការ​គ្រប់​គ្រង​ពន្ធ​ក្នុង​អនាគត​ តាម​រយៈ​បរិវត្តកម្មឌីជីថល។

    កិច្ច​ប្រជុំ​នេះ​ក៏​ពិភាក្សា​​អំពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ដំណោះ​ស្រាយ​ផ្នែក​ឌីជីថល់​ នៅ​ក្នុង​ការ​គ្រប់​គ្រង​ពន្ធ​លើ​ការ​ប្រើប្រាស់​ពិសេស​ផងដែរ​​។

  • ចំណូលពន្ធពីវិស័យយានយន្ត រួមចំណែកប្រមាណ 31% នៃចំណូលពន្ធសរុប​ក្នុង​ឆ្នាំ 2023

    ចំណូលពន្ធពីវិស័យយានយន្ត រួមចំណែកប្រមាណ 31% នៃចំណូលពន្ធសរុប​ក្នុង​ឆ្នាំ 2023

    របាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញ​ថា ចំណូលដែល​ប្រមូលបានក្នុងឆ្នាំ2023 បើ​គិត​ជា​ប្រាក់​ដុល្លារ​អាម៉េរិក គឺ​ស្មើនឹងប្រមាណ 2,288.27 លានដុល្លារ ថយចុះប្រមាណ 15.7% បើ​ធៀបនឹងចំណូលសរុប​ក្នុងឆ្នាំ 2022។

    យោង​តាម​របាយការណ៍ដដែល លទ្ធផល​ខាងលើ​នេះសម្រេចបាន 82.4% នៃផែនការដែលបាន​កំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2023។

    បើគិតតាមប្រភេទពន្ធនិងអាករវិញ ឃើញថា អាករលើតម្លៃបន្ថែម (VAT) រួម​ចំណែក​ 41.2%, អាករពិសេស (Special tax) រួម​ចំណែក​ 30.3%, ពន្ធគយរួម​ចំណែក​ 21%, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈ​រួម​ចំណែក​ 4.3% និងអាករនាំចេញនិងកម្រៃផ្សេងៗ រួម​ចំណែក​ 1.8% នៃចំណូលសរុប។

    សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដក​ស្រង់​របាយការណ៍​របស់​​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យ​ដឹង​ថា ចំណូលតាមក្រុមទំនិញវិញ ឃើញថា ក្រុមទំនិញចម្រុះមាន 35.3%, យានយន្តនិងគ្រឿងចក្ររួម​ចំណែក​ 31.1%, ប្រេងឥន្ធនៈនិងថាមពលរួម​ចំណែក 26.6% និងសម្ភារសំណង់និងកម្រៃផ្សេងៗ រួម​ចំណែក​ 7% នៃចំណូលសរុប៕

  • ថៃ​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​សាច់មាន់​ធំ​ជាង​គេ​លំដាប់​ទីបី​លើ​ពិភពលោក

    ថៃ​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​សាច់មាន់​ធំ​ជាង​គេ​លំដាប់​ទីបី​លើ​ពិភពលោក

    ប្រទេស​ថៃ​បាន​នាំចេញ​សាច់​មាន់​ជាង 100,000 តោន​ ដែល​ស្មើ​នឹង​ជាង 100 ពាន់​លាន​បាត​ (ប្រហែល​នឹង 2.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​) នៅ​ក្នុង​ឆ្នាំ 2023​។

    លោក​ស្រី Chaweewan Kampa ប្រធាន​សមាគម​ជំរុញ​បសុបក្សី​ថៃ ឱ្យ​ដឹង​ថា លំដាប់​ថ្នាក់​របស់​ថៃ​បាន​ប្រសើរ​ឡើង​មួយ​ថ្នាក់​ បើ​ធៀប​នឹង​ចំណាត់ថ្នាក់​ទី​បួន​របស់​ឆ្នាំ 2022​។

    លោក​ស្រី​បាន​កោត​សរសើរ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​មាន​វិធាន​ការ​ជំរុញ​ការ​នាំចេញ​ ក៏ដូច​ជា​សម្រេច​ចិត្ត​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ពន្យារ​ពេល​សម្រាប់​​ការ​នាំ​ចូល​ម្សៅ​សណ្ដែក​សៀង​ ទៅ​តាម​​កិច្ច​ព្រម​ព្រៀង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) ថែម​មួយ​ឆ្នាំ​ទៀត​ ដែលនេះ​នឹង​​​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ និង​បញ្ហា​ឡើង​ថ្លៃ​របស់​ចំណី​សត្វ​។

    ក្រុម​អ្នក​ចិញ្ចឹម​សត្វ​នៅ​ប្រទេស​ថៃ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​លទ្ធភាព​ពន្យារ​ពេល​សម្រាប់​ការ​នាំ​ចូល​ចំណី​សត្វ​បន្ថែម​ទៀត​ ទន្ទឹម​នឹង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចុះ​អត្រា​ពន្ធ​នាំចូល​ចំណី​សត្វ​ ដើម្បីរួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ផលិត​៕

  • មហា​សេដ្ឋី​លេខ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក៖ រថយន្ត​អគ្គិសនី​ចិន​ផ្ដួល​គូ​ប្រជែង​រួច​ទៅហើយ​ បើ​សិន​គ្មាន​រនាំង​ពាណិជ្ជកម្ម​

    មហា​សេដ្ឋី​លេខ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក៖ រថយន្ត​អគ្គិសនី​ចិន​ផ្ដួល​គូ​ប្រជែង​រួច​ទៅហើយ​ បើ​សិន​គ្មាន​រនាំង​ពាណិជ្ជកម្ម​

    នាយកប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla បាន​កោត​សរសើរ​ចំពោះ​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ ហើយ​យល់​ថា ពួក​គេ​អាច​ដណ្ដើម​បាន​ជោគ​ជ័យ​ធំធេង​ក្នុង​ទីផ្សារ​អន្តរ​ជាតិ​។

    កាល​ពី​ថ្ងៃទី 24 មករា 2024​ បន្ទាប់​ពី​ការ​ប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​នៃ​ត្រីមាស​ទី​បួន​​ក្នុង​​ឆ្នាំ 2023​ CEO របស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla គឺ​មហា​សេដ្ឋី​ Elon Musk បាន​លើក​សរសើរ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​។ លោក​និយាយ​ថា ពួក​គេ​គឺជា​បណ្ដា​ក្រុម​ហ៊ុន​ដែល​មាន​ការ​ប្រកួត​ប្រជែង​បំផុត​ ហើយ​ថា នឹង​ជោគជ័យ​ធំធេង​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ អាស្រ័យ​លើ​កម្រិត​នៃ​ការ​ទទួលរង​​សម្ពាធ​ពី​អត្រា​ពន្ធ​ និង​រនាំង​ពាណិជ្ជកម្ម​។

    លោក Musk និយាយ​ថា «បើ​សិន​មិន​មាន​រនាំង​ពាណិជ្ជកម្ម ពួក​គេ​នឹង​ជាន់​ពន្លិច​ក្រុម​ហ៊ុន​ស្ទើរ​តែ​ទាំង​អស់​នៅ​លើ​ពិភពលោក​។ ពួក​គេ​ពូ​កែ​ខ្លាំង​ណាស់​»។

    មហា​សេដ្ឋី​ Elon Musk

    យោបល់​នេះ​បញ្ជាក់​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla កំពុង​​ប្រឈម​នឹង​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង​ដ៏សម្បើម​ពី​បណ្ដា​គូ​បដិបក្ខ​មក​ពី​ប្រទេស​ចិន​ ដែល​មាន​ដូច​ជា BYD ជា​ដើម​៕

  • ថៃ​អនុម័ត​ថវិកា​ជាតិ​ជាង 101 ពាន់​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ 2024

    ថៃ​អនុម័ត​ថវិកា​ជាតិ​ជាង 101 ពាន់​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ 2024

    សភាជាន់​ទាប​ថៃ កាល​ពី​ថ្ងៃទី 05 មករា 2024 បាន​បោះ​ឆ្នោត​អនុម័ត​យល់​ស្រប​នឹង​ការ​អាន​ដំបូង​នូវ​សេចក្ដី​ស្នើ​ច្បាប់​ថវិកាជាតិ​សម្រាប់​ឆ្នាំសារពើពន្ធ​ 2024​ ដែល​មាន​តម្លៃ​សរុប​ជាង 101 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​មាន​ការ​គាំទ្រចំនួន 311 សំឡេង, ប្រឆាំង 177 សំឡេង និង​អនុបវាទ 4 សំឡេង​។

    សភា​ជាន់​ទាប​ថៃ បាន​បោះ​ឆ្នោត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​សារពើ​ពន្ធ 2024 ក្រោយ​ពី​ការ​ជជែក​តឹង​សរសៃ​ក​​រយៈ​ពេល​បី​ថ្ងៃ​ (3-5 មករា) រវាង​សម្ព័ន្ធ​ភាព​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​។

    យោង​តាម​គោលការណ៍ សេចក្ដី​ស្នើ​ច្បាប់​នេះ​នឹង​ត្រូវ​បាន​សភា​ជាន់​ទាប​ថៃ​ពិភាក្សា​ និង​អនុម័ត​ទៅលើ​ការ​អាន​ខ្លឹម​សារ​ជា​លើក​ទីពីរ និង​ទីបី​ នៅ​ក្នុង​ថ្ងៃទី 3 និង​ទី 4 ខែ​មេសា​ខាងមុខ​។ ក្រោយ​មក សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​ត្រូវបញ្ជូន​ឡើង​ទៅកាន់​សភា​ជាន់​ខ្ពស់​ និង​ព្រះ​មហា​ក្សត្រ​ថៃ ដើម្បី​ពិនិត្យ​ អនុម័ត​នៅ​ក្នុង​ខែ​ឧសភា 2024​។

    តាម​ការ​គណនា ថវិកា​ជាតិ​សម្រាប់​ឆ្នាំ 2024 របស់​រាជរដ្ឋាភិបាល​ថៃ មាន​តម្លៃ​សរុប​ 3.48 លាន​លាន (ទ្រីលាន) ​បាត (ប្រហែល​នឹង 101.46 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ខណៈ​ដែល​ប្រភព​ចំណូល​ក្នុង​ឆ្នាំ​គ្រោង​នឹង​សម្រេច​បាន 2.787 លាន​លាន​បាត (ប្រហែល 81.25 ពាន់​លាន​ដុល្លារ​អាម៉េរិក)​។

    ឆ្នាំ​សារពើពន្ធ​ 2024 របស់​ប្រទេស​ថៃ ជាក់​ស្ដែង​បាន​ចាប់​ផ្ដើម​ពីថ្ងៃទី 01 តុលា 2023​។ ការ​យឺត​យ៉ាវ​នៃ​ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ 2024 គឺ​ដោយ​សារ​ផល​ប៉ះ​ពាល់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ 2023​ ក៏ដូច​ជា​ដំណើរ​ការ​បង្កើត​សភា​ជាន់​ទាប និង​រាជរដ្ឋាភិបាល​ ក្រោយ​ការ​បោះ​ឆ្នោត​នេះ៕