Tag: ពណ៌

  • នៅពេលកូនតូចឈានចូលខែទី 11

    នៅពេលកូនតូចឈានចូលខែទី 11

    ខែទី 11

    លក្ខណៈរបស់កូនតូច

    – ធ្មេញរបស់កូនតូច

    ក្មេងខ្លះដែលធ្មេញដុះឡើងខាងមុខ 2គ្រាប់លើ និង 2គ្រាប់ក្រោមហើយ រយៈពេលនេះនឹងមានធ្មេញដុះឡើងខាងៗ 2គ្រាប់លើទៀត ក្លាយជាធ្មេញលើ 4គ្រាប់ តែក្មេងខ្លះធ្មេញលើ 2គ្រាប់កណ្ដាលនៅមិនទាន់ដុះឡើង ធ្វើឱ្យមានប្រឡោះនៅកណ្ដាល។ តែយ៉ាងណាក៏ដោយ នៅទីបំផុតធ្មេញ 2គ្រាប់កណ្ដាលក៏នឹងដុះឡើង ហើយក្មេងនឹងមានធ្មេញលើ ធ្មេញក្រោមមួយយ៉ាងៗ 4គ្រាប់។

    – ពេលវេលាគេងរបស់កូន

    ពេលវេលាគេងរបស់ក្មេងម្នាក់ៗខុសពីគ្នា។ វ័យនេះមានក្មេងចំនួនដ៏ច្រើនដែលធ្លាប់គេងពេលថ្ងៃ 2ដង ហើយនឹងបន្ថយបន្តិចម្ដងៗមកនៅសល់ត្រឹមតែមួយដង។ ក្មេងខ្លះគេងម្ដងៗកន្លះម៉ោង តែគេងញឹកញាប់មួយថ្ងៃ 3 – 4ដងក៏មាន។ ពេលភ្ញាក់ព្រឹកឡើងក៏ខុសគ្នាដែរ ក្មេងខ្លះបើកភ្នែកឡើងពេលម៉ោង 6ព្រឹក លុះបានមឹមៗហើយក៏លក់បន្តដល់ម៉ោង 8 – 9ព្រឹក។ ក្មេងខ្លះគេងរហូតតាំងពីម៉ោង 10យប់ដល់ម៉ោង 8ព្រឹក។ ក្មេងអាចភ្ញាក់មកនោម ហើយលក់បន្តពេលបានបៅទឹកដោះហើយ តែក្មេងខ្លះគេងលក់ស្រួល ទោះខោ ឬកន្ទបសើម រហូតផ្លាស់ឱ្យក៏មិនភ្ញាក់ដែរ។

    – ដល់ពេលញ៉ាំអាហារបន្ថែម

    អាហារក្នុងវ័យនេះ ខុសគ្នាទៅតាមស្ថានភាពជុំវិញខ្លួន និងតម្រូវការរបស់ក្មេង គ្មានការកំណត់ច្បាស់ៗថា ក្មេងក្នុងវ័យនេះត្រូវតែញ៉ាំបាយប៉ុន្មានកូនចាន ទឹកដោះគោប៉ុន្មានដបនោះទេ តារាងបញ្ជីអាហារបន្ថែមគ្រាន់តែជាការណែនាំសម្រាប់អ្នកម្ដាយប៉ុណ្ណោះ ។ បើកូនមិនញ៉ាំអាហារដូចដែលបានណែនាំ តែកូននៅរឹងប៉ឹងមាំមួនល្អ ទម្ងន់ខ្លួនកើនឡើងជាមធ្យមក្នុងមួយថ្ងៃពី 5 – 10ក្រាម អ្នកម្ដាយក៏មិនចាំបាច់កង្វល់ឡើយ។

    កូនក្នុងវ័យនេះមានទាំងញ៉ាំអាហារបន្ថែម 2ពេល និងម្ហូបគួរសង្កត់ធ្ងន់លើស៊ុត សាច់ត្រី ឬសាច់សត្វកិនម៉ដ្ឋ ដើម្បីកុំឱ្យខ្វះប្រូតេអ៊ីនពីសត្វ។ កូនវ័យនេះនៅឱ្យបៅទឹកដោះក្នុងមួយថ្ងៃមិនតិចជាង 500 cc(កន្លះលិត្រ) អ្វីដែលសំខាន់បំផុតក្នុងការឱ្យញ៉ាំអាហារគឺ “កុំបង្ខំ” គួរឱ្យកូនញ៉ាំយ៉ាងមានសេចក្ដីសុខ និងបន្ថែមបរិមាណសន្សឹមៗតាមតម្រូវការរបស់កូន មិនមែនថា អាយុកើនឡើង ត្រូវតែបន្ថែមអាហារឱ្យប៉ុននេះប៉ុននោះតាមក្នុងតារាងបញ្ជីឡើយ។

    – រឿងដែលត្រូវហាម

    ឪពុកម្ដាយគួរបន្ទោសកូនពេលកូនធ្វើអ្វីដែលមិនល្អ ដូចជា កូនគប់នំប៉័ងដែលកាន់នៅក្នុងដៃទៅដី ឪពុកម្ដាយគួរធ្វើឱ្យកូនដឹងថា ធ្វើបែបហ្នឹងមិនល្អទេ។ លើកដំបូងគួរបន្ទោសដោយទឹកមុខ និងពាក្យសម្ដីថា “ធ្វើអ៊ីចឹងអត់បានទេ” បើកូនធ្វើហាក់ដូចជាចង់ធ្វើទៀត ត្រូវស្រែកដាស់តឧនជាមុនថា “អត់បានទេណា៎”។ ដល់ពេលកូនយល់ពីអ្វីដែលម្ដាយហាម ហើយឈប់គប់នំប៉័ងលេង ម្ដាយត្រូវសរសើរថា “ល្អណាស់”។ សម្រាប់កូនតូចៗ អ្វីល្អ ឬមិនល្អមើលតាមរយៈទឹកមុខម្ដាយថា តើញញឹម ឬធ្វើមុខមាំ។ អ្នកម្ដាយខ្លះមិនបន្ទោស ព្រោះគិតថាទោះជាបន្ទោសទៅ ក៏កូនមិនដឹងរឿងអីដែរ។ ទោះជាកូននៅមិនទាន់ដឹងថា អ្វីល្អ មិនល្អក៏ដោយ តែក៏កូនមានភាពឆាប់ដឹងពីអារម្មណ៍របស់ម្ដាយដែរ តែការធ្វើមុខមាំបន្ទោស សំឡេងបន្ទោសដើម្បីហាមកូនត្រូវយូរៗធ្វើម្ដងទើបបានផលល្អ និងជ្រើសរើសបន្ទោសតែក្នុងរឿងដែលគ្រោះថ្នាក់ប៉ុណ្ណោះ និងមិនគួរប្រើវិធីវាយទះតប់ ឬធ្វើឱ្យកូនឈឺសាច់ពេលធ្វើខុសនោះឡើយ។

    – ពេលកូនមានរបួស

    បើកូនរអិលដួល ធ្លាក់ពីទីខ្ពស់ បោកក្បាលមានរបួស ចូរយកបង់រុំរបួសមកសង្កត់ពីលើស្នាមរបួស ហើយនាំទៅរកពេទ្យ។ បើមានរបួសរលាត់ដាច់ ឬមានឈាមហូរចេញមកសើមៗ ចូរលាងមុខរបួសនឹងសាប៊ូ ប្រើអាល់កុលជូតជុំវិញ ហើយប្រើថ្នាំក្រហមលាបលើមុខរបួស មិនបាច់បិទដោយបង់បិទរបួសទេ។

    – ធាត់លើសកម្រិត

    មានទ្រឹស្ដីមួយនិយាយថា ចំនួនកោសិកាខ្លាញ់ក្រោមស្បែកនឹងត្រូវសាងឡើងក្នុងរយៈពេលមួយឆ្នាំដំបូង បើក្មេងណាធាត់ជ្រុលពេកមុនអាយុ 1ឆ្នាំ ច្រើនតែនឹងក្លាយជាក្មេងងាយធាត់រហូតមួយជីវិត។ គួរថ្លឹងទម្ងន់កូនរៀងរាល់ 10ថ្ងៃម្ដង ទម្ងន់ខ្លួនកើនឡើងជាង 200ក្រាម បានន័យថា ធាត់លឿនពេកហើយ ត្រូវគ្រប់គ្រងអាហារ ដូចជាបន្ថយអាហារពពួកម្សៅ ដូចជាបាយ នំប៉័ង តែម្ហូបអាចនៅឱ្យញ៉ាំប៉ុនពីមុនបាន។

    – នៅពេលកូនថ្នឹកប្រើដៃឆ្វេង

    អ្នកម្ដាយអាចសង្កេតឃើញថា នៅពេលកូនលេងរបស់លេង ហុចដៃមកទទួលនំដែលគេឱ្យ ពេលកាន់ស្លាបព្រា កូនតែងលើកដៃឆ្វេងឡើងមុនជានិច្ច ដែលនេះគឺជារឿងប្រក្រតីរបស់ក្មេង មិនមែនដោយសារតែប្រើដៃឆ្វេងច្រើន ទើបធ្វើឱ្យថ្នឹកដៃឆ្វេងនោះទេ។ អ្នកម្ដាយមិនគួរព្យាយាមឱ្យកូនឈប់ប្រើដៃឆ្វេង ហើយប្រើដៃស្ដាំម្ដងវិញឡើយ ព្រោះការថ្នឹកប្រើដៃឆ្វេង ឬស្ដាំវាជាលក្ខណៈដោយឡែករបស់ក្មេង មិនមែនជារឿងអាក្រក់នោះទេ។ មិនគួរស្ដីបន្ទោសកូន តែគួរបណ្ដោយឱ្យកូនប្រើដៃខាងដែលថ្នឹកនោះទៅ បើចង់ឱ្យហាត់សរសេរអក្សរដោយដៃស្ដាំ ចាំឱ្យហាត់ពេលកូនចូលសាលារៀនហើយក៏បាន។ ដូច្នេះមិនថាកូននឹងប្រើដៃខាងណាក៏ដោយ អ្នកម្ដាយគួរឱ្យកូនបានប្រើយ៉ាងពេញលេញ ទើបជាការគាំទ្រឱ្យកូនកើតមានភាពចង់ធ្វើអ្វីៗក៏ធ្វើដោយខ្លួនបានល្អតទៅទៀត។

    – វិវឌ្ឍនាការរបស់កូន

    . រាងកាយ

    – ប្រើដៃរុញខ្លួនឱ្យក្រោកឡើងមក និងឱនខ្លួនចុះពេលកំពុងឈរបាន។

    – អង្គុយចោងហោងបានកាន់តែថ្នឹកខ្លាំងឡើង។

    – ចាប់ខ្មៅដៃគូសវាសទៅមកបាន។

    – ក្មេងខ្លះអាចទាញស្រោមជើងចេញជើងបានដោយខ្លួនឯង។

    – ចេះប្រើដៃទាំងពីរធ្វើអ្វីៗមិនដូចគ្នាបានហើយ ដូចជា ដៃម្ខាងកាន់របស់លេងមួយ ដៃម្ខាងទៀតលេងរបស់លេង ឬគប់របស់លេងមួយទៀតបាន។

    – សង្គមជុំវិញខ្លួន

    . ស្គាល់អត្ថន័យរបស់ពាក្យថា “ទេ”។

    . កាន់តែពូកែបដិសេធអ្វីដែលខ្លួនឯងមិនត្រូវការខ្លាំងឡើង។

    . ចេះធ្វើត្រាប់សំឡេងបានកាន់តែពូកែឡើង ដូចជានិយាយពាក្យថា “ម៉ាក់ៗ” ឬ “តស់ៗ” ជាដើម។

    – ចេះស្ដាប់ពាក្យបញ្ជាច្រើនឡើង និងចេះបញ្ឈប់ទង្វើរបស់ខ្លួនឯងបាន។

    – លេងជាមួយកូនឱ្យបានញឹកញាប់

    . កូនវ័យនេះចេះប្រើដៃបានថ្នឹកហើយ គួរលេងបោះបាល់ហើយឱ្យកូនរត់តាមទៅយកបាល់មកវិញ ឬរកខ្មៅដៃពណ៌ឱ្យកាន់ និងសាកល្បងចាប់ដៃកូនគូសអូស ផាត់ពណ៌លើក្រដាស។

    . កូនច្រើនតែចូលចិត្តលេងជាមួយរបស់របរប្រើប្រាស់ក្នុងផ្ទះខ្លាំងជាងរបស់លេងដែលទិញមកឱ្យ ក្មេងខ្លះចូលចិត្តមើលរូបភាព ជាពិសេសសៀវភៅដែលមានរូបភាពធំៗស្រួលមើល។

    . បើកូនចាប់ផ្ដើមហាត់ដើរ ចូររកពេលនាំកូនទៅដើរនៅក្នុងបរិវេណសួនច្បារសាធារណៈផង៕

  • អាហារមានជាតិកាកសរសៃខ្ពស់ 2 មុខ (អាហារបន្ថែមសម្រាប់កូនតូចវ័យ 6 ខែ) ជួយដល់ការបន្ទោបង់

    អាហារមានជាតិកាកសរសៃខ្ពស់ 2 មុខ (អាហារបន្ថែមសម្រាប់កូនតូចវ័យ 6 ខែ) ជួយដល់ការបន្ទោបង់

    អាហារកុមារតូចក្នុងវ័យ 6 ខែឡើងទៅ ចាំបាច់ត្រូវតែបានទទួលសារធាតុអាហារដែលមានជាតិហ្វៃប៊ើរ(Fiber) ឬកាកសរសៃខ្លះហើយ ព្រោះជួយក្នុងការបន្ទោបង់របស់កូនសម្លាញ់មិនឱ្យកើតអាការទល់លាមក ព្រមទាំងទទួលបានគុណតម្លៃក្នុងផ្នែកសារធាតុអាហារផ្សេងទៀតជាច្រើនទៀតផង។ ថ្ងៃនេះ ឡារ៉ែនមានមុខម្ហូបជួយបំប៉នកូនៗមកជម្រាបជូនមិត្តអ្នកអាន ជាពិសេសអ្នកម្ដាយដែលកំពុងចិញ្ចឹមមើលថែកូនក្នុងវ័យ 6 ខែឡើងទៅ​ ដូចខាងក្រោមនេះ។

    បេប៊ីតូចៗក៏ត្រូវការហ្វៃប៊ើរដូចមនុស្សធំដែរ តែដោយសារប្រព័ន្ធរំលាយអាហាររបស់កូនតូចនៅធ្វើការមិនទាន់បានពេញលេញ ទើបអ្នកម្ដាយត្រូវជួយកិន ក្រឡុក បន្លែ-ផ្លែឈើផ្សេងៗ និងបញ្ចុកឱ្យញ៉ាំម្ដងបន្តិចៗរហូតដល់ធំ ក៏ជាការជួយកូនសម្លាញ់ឱ្យចេះញ៉ាំបន្លែបានតាំងពីតូចដែរ។

    Apple Soup

    (សម្រាប់ក្មេង 8 ខែ)

    – គ្រឿងផ្សំ

    1 . ផ្លែប៉ោមពណ៌បៃតងកិនម៉ដ្ឋ 1/2 ផ្លែ(ផ្លែតូច)

    2 . សាច់មាន់ស្ងោរកិនម៉ដ្ឋ 1 ស្លាបព្រាបាយ

    3 . ទឹកដោះដែលកូនបៅ ឬទឹកដោះម្ដាយ 1 ពែង

    – វិធីធ្វើ

    ដាក់ដាំទឹកដោះឱ្យពុះ ដាក់សាច់មាន់ និងសាច់ផ្លែប៉ោមចូល កូរឱ្យចូលគ្នាសព្វ នឹងបានស៊ុបពណ៌បៃតងខ្ចី។

    Tip : លាងផ្លែប៉ោមពណ៌បៃតងនោះឱ្យស្អាត ហាន់ពាក់កណ្ដាលផ្លែ យកបណ្ដូលកណ្ដាល និងគ្រាប់ចេញ កិនឱ្យម៉ដ្ឋទាំងសម្បក ដើម្បីឱ្យបានហ្វៃប៊ើរ(ជាតិកាកសរសៃ)បែបរលាយក្នុងទឹកបានពេញបរិបូរណ៍។

    បាយកិនវីតាមីន – ហ្វៃប៊ើរខ្ពស់

    (សម្រាប់ក្មេងវ័យ 6 – 9 ខែ)

    – គ្រឿងផ្សំ

    1 . បាយអង្ករបីកំណាត់ 2 ស្លាបព្រាបាយ

    2 . មើមការ៉ុតស្ងោរឆ្អិនកិនម៉ដ្ឋ 2 ស្លាបព្រាបាយ

    3 . ស្លឹកបាសស្ងោរឆ្អិនកិនម៉ដ្ឋ 2 ស្លាបព្រាបាយ

    4 . ទឹកស្អាត 1 ពែង

    – វិធីធ្វើ

    ស្ងោរមើមការ៉ុត ស្លឹកបាស និងបាយអង្ករបីកំណាត់រហូតឡើងផុយ ហើយកិនបញ្ចូលគ្នាឱ្យទៅជាសាច់មួយ ក្លាយជាបាយកិនវីតាមីន។ បន្ថែមគ្រឿងផ្សំដទៃទៀតបានតាមអំឡុងវ័យ បន្ថែមគុណតម្លៃឱ្យអាហារមួយពេលនេះឆ្ងាញ់ឆ្អែត និងទទួលបានប្រយោជន៍៕

  • បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    ពិបាកចិត្តណាស់ កូនសម្លាញ់អត់ជុះច្រើនថ្ងៃមកហើយ តើកូនតូចកើតអីទៅ? តើមានវិធីណាធ្វើឱ្យកូនត្រឡប់មកបន្ទោបង់ដូចប្រក្រតីឡើងវិញខ្លះ សូមអ្នកម្ដាយថ្មោងថ្មីទាំងឡាយតាមដានដូចតទៅ។

    ទារកតាំងពីកើតដំបូង នឹងមានវិវឌ្ឍនាការ និងការរីកចម្រើនធំធាត់ក្នុងផ្នែកផ្សេងៗរបស់រាងកាយជារៀងរាល់ថ្ងៃ មិនថាតែប្រព័ន្ធខួរក្បាល និងសរសៃប្រសាទ ប្រព័ន្ធឆ្អឹង និងសាច់ដុំ រួមទាំងប្រព័ន្ធបន្ទោបង់ក៏មានការប្រែប្រួល និងភាពខុសប្លែកគ្នាទៅតាមអំឡុងវ័យនីមួយៗ រួមទៅដល់បច្ច័យផ្សេងៗ ដូចជាសារធាតុអាហារដែលបានទទួលក៏ហុចផលដល់ប្រព័ន្ធផ្សេងៗរបស់រាងកាយដូចគ្នា។ ឧទាហរណ៍ ដូចជា ទារកដែលបោះទឹកដោះម្ដាយនឹងជួយឱ្យបន្ទោបង់បានស្រួល ជុះញឹកញាប់ តែបើថ្ងៃណាដែលកូនតូចមិនបន្ទោបង់ដូចប្រក្រតីវិញនោះ លោកឪពុកអ្នកម្ដាយក៏មិនបាច់កង្វល់អ្វីដែរ ព្រោះការពិតទៅ ទាំងអស់នេះគឺជាធម្មជាតិរបស់ប្រព័ន្ធបន្ទោបង់នៅលើក្មេងទារកដែលមានលក្ខណៈដូចតទៅនេះ ៖

    ប្រព័ន្ធបន្ទោបង់របស់ទារក

    នៅលើទារកទើបប្រសូត តាំងពី 1 – 48 ម៉ោង នឹងមានការបន្ទោបង់ទឹកមូត្រ និងលាមកលើកដំបូងបំផុតរបស់ខ្លួនដែលហៅថា លាមកប្រផេះ មានលក្ខណៈពណ៌ខ្មៅលាយខៀវ ម៉ដ្ឋស្អិត ប្រកបដោយល្បាយផ្សេងៗដែលត្រូវរំលាយអំឡុងពេលនៅក្នុងផ្ទៃម្ដាយ ដូចជា កោសិកាជញ្ជាំងពោះវៀនតូច រោមខ្ចី ទឹករំអិល ទឹកភ្លោះ ទឹកប្រមាត់ និងទឹក។ តែបើទារកមិនទាន់ជុះលាមកប្រផេះនេះចេញមកក្នុងអំឡុង 48 ម៉ោងដំបូងនេះទេ គួរប្រញាប់យកទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការខុសប្រក្រតី ដូចជា ពោះវៀនណែនស្ទះជាដើម។

    ទារកនឹងជុះលាមកប្រផេះចេញមកអស់ក្នុងអំឡុងពេល 1 – 3 ថ្ងៃ តែទាំងអស់នេះអាស្រ័យលើការបានទទួលទឹកដោះក្នុងមួយថ្ងៃៗដែរ ដោយក្នុងអំឡុងពេល 1 សប្ដាហ៍ដំបូង ទារកនឹងជុះប្រមាណជា 5 – 12 ដងក្នុងមួយថ្ងៃ អាស្រ័យលើការឱ្យបៅ។ តែនៅពេលកូនអាយុ 1 ខែឡើងទៅ ពោះវៀនរបស់ទារកនឹងអភិវឌ្ឍ និងបឺតជញ្ជក់សារធាតុអាហារបានកាន់តែល្អឡើង និងអាចរំលាយទឹកដោះម្ដាយបានអស់ និងដោយសារតែទឹកដោះម្ដាយគ្មានរបស់សំណល់ និងកាកច្រើន ទើបមិននៅសល់កាកអាហារសម្រាប់បន្ទោបង់ ធ្វើឱ្យកូនលែងសូវជុះ ក្មេងខ្លះអាចយូរច្រើនថ្ងៃ ឬយូរដល់ 2 – 3 សប្ដាហ៍ក៏មាន ដែលអាចនិយាយបានថា ជាអាការប្រក្រតីរបស់ទារក។

    តែយ៉ាងណាក៏ដោយ ទារកដែលបៅដោះម្ដាយក៏មានសិទ្ធិទល់លាមកបានដែរ រួមទៅដល់ទារកដែលប្ដូរពីបៅទឹកដោះម្ដាយមកជាទឹកដោះគៅម្សៅភ្លាមៗ ក៏មានចំណែកធ្វើឱ្យប្រព័ន្ធបន្ទោបង់របស់កូនប្រែប្រួលបានដូចគ្នា។ នោះគឺដោយសារតែនៅក្នុងទឹកដោះគោម្សៅមានអត្រាចំណែករបស់កាបូហាយដ្រេត និងប្រូតេអ៊ីនខ្ពស់ជាងទឹកដោះម្ដាយ ធ្វើឱ្យពិបាករំលាយ និងហុចផលឱ្យកូនទល់លាមកបាន។

    ក្រៅពីនេះការឱ្យញ៉ាំអាហារបន្ថែមមួយចំនួនដែលមិនស័ក្តិសមជាមួយកូន ក៏អាចធ្វើឱ្យកូនទល់លាមកបានដូចគ្នា ទើបឪពុកម្ដាយគួរសង្កត់ធ្ងន់លើអាហារបន្ថែមណាដែលមានជាតិកាកសរសៃខ្ពស់ និងបញ្ចុកឱ្យញ៉ាំជាបណ្ដើរៗ ម្ដងបន្តិចៗដើម្បីឱ្យក្រពះរបស់កូនសម្របខ្លួន។ តែបើកូនតូចមានអាការទល់លាមកខ្លាំង ឬមានអាការទល់លាមកញឹកញាប់ និងលោកឪពុកអ្នកម្ដាយចង់ឱ្យកូនតូចត្រឡប់មកបន្ទោបង់ដូចប្រក្រតីវិញនោះ អាចជួយបានដោយវិធីដូចតទៅនេះ ៖

    វិធីជួយឱ្យកូនបន្ទោបង់ និងបំបាត់អាការទល់លាមក

    – ក្នុងករណីដែលទារកមានអាយុតិចជាង 6 ខែ នៅមិនទាន់អាចញ៉ាំបន្លែ និងផ្លែឈើបាន អ្នកម្ដាយត្រូវជាអ្នកញ៉ាំអាហារដែលមានប្រយោជន៍ ដូចជា បន្លែ និងផ្លែឈើដែលមានជាតិកាកសរសៃ និងជួយបញ្ចេញលាមក ជាពិសេស ល្ហុងទុំ ផ្លែអម្ពិលទុំ ក្រូច ទំពាំងបាយជូរ រួមទាំងញ៉ាំទឹកឱ្យបានច្រើនៗ ព្រោះអាហារទាំងអស់នេះអាចបញ្ជូនតាមរយៈទឹកដោះម្ដាយទៅដល់ទារកបាន ដែលនឹងជួយឱ្យកូនតូចបន្ទោបង់បានប្រក្រតី។

    – បើទារកមានអាយុលើស 6 ខែហើយ ចូរឱ្យញ៉ាំច្រើនៗ រួមទាំងឱ្យញ៉ាំបន្លែផ្លែឈើដែលស័ក្តិសម ដើម្បីជួយជំរុញការបន្ទោបង់។

    – សាកល្បងប្ដូរទឹកដោះគោ ដោយ​យកទឹកដោះគោណាដែលមានរូបមន្តជួយក្នុងរឿងបន្ទោបង់ដល់កូនតូច។

    – ឡារ៉ែនមិនណែនាំឱ្យស៊ុលតាមរន្ធគូទដើម្បីឱ្យកូនតូចបន្ទោបង់នោះទេ ព្រោះការសុលរន្ធគូទជាការរំខានកម្មវិធីការធ្វើការរបស់ពោះវៀនធំឱ្យធ្វើការខុសប្រក្រតី។

    – បើលោកឪពុកអ្នកម្ដាយធ្វើគ្រប់វិធីហើយ តែកូនតូចនៅតែមិនទាន់បន្ទោបង់ចេញមកជាយូរថ្ងៃទៀតនោះ ឡារ៉ែនណែនាំឱ្យទៅប្រឹក្សាគ្រូពេទ្យដើម្បីរកមូលហេតុជាបន្ត។

    ការបន្ទោបង់របស់កូន ជាពិសេសក្នុងអំឡុងវ័យទារករហូតទៅដល់អំឡុងវ័យ 5 ឆ្នាំ ជារឿងដែលលោកឪពុកអ្នកម្ដាយត្រូវតែយកចិត្តទុកដាក់ ព្រោះការបន្ទោបង់អាចបញ្ជាក់ពីសុខភាពរបស់កូនបាន ​ដូច្នេះទើបចាំបាច់ត្រូវតែមើលថែទាំរឿងអាហារការហូបចុក និងសុខភាពរបស់កូនតូចឱ្យល្អជាប់ជានិច្ច តែបើសិនជាសង្កេតឃើញថា កូនមានបញ្ហារឿងការបន្ទោបង់យ៉ាងធ្ងន់ធ្ងរនោះ គួរប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យកុមារដើម្បីវិនិច្ឆ័យរកមូលហេតុយ៉ាងដិតដល់ និងកុំបណ្ដោយទុកយូរ៕

  • នៅពេលកូនតូចឈានចូលខែទី 9

    នៅពេលកូនតូចឈានចូលខែទី 9

    ខែទី 9

    លក្ខណៈរបស់កូនតូច

    កូនច្រើនតែគេងនៅពេលព្រឹក និងអំឡុងពេលរសៀល ក្នុងមួយពេលៗប្រមាណជា 1 – 2.5 ម៉ោង តែក្មេងខ្លះអាចមិនគេងនៅពេលព្រឹកក៏មាន។ ក្មេងដែលភ្ញាក់នៅពេលកណ្ដាលយប់ហើយ នឹងពិបាកគេងលក់ទៅវិញ ហើយក្មេងដែលកំពុងបៅទឹកដោះគោស្រាប់ហើយ លុះដល់វ័យនេះ មានតិចនាក់ណាស់ដែលនៅតែមឹមទឹកដោះគោនៅពេលយប់នោះ តែបើសិនជាភ្ញាក់យំរំខាននៅពេលកណ្ដាលយប់ ពេលឱ្យបៅទឹកដោះគោហើយ ក៏នឹងគេងលក់ទៅវិញយ៉ាងងាយស្រួល ដូច្នេះអ្នកម្ដាយអាចឱ្យមឹមទឹកដោះគោពេលយប់តទៅទៀតខ្លះៗក៏បាន។

    ចំណែករឿងការបន្ទោបង់របស់កូនវិញនោះ នៅពេលកូនបានទទួលអាហារបន្ថែមច្រើនឡើង លាមកនឹងមានក្លិនកាន់តែស្អុយឡើង ឯពណ៌ក៏ប្រែប្រួលដែរ។ កូននឹងជុះមួយថ្ងៃ 1 – 2ដង ឬ2ថ្ងៃមួយដង សម្រាប់នោមវិញ នៅតែនោមប្រមាណមួយថ្ងៃ 10 ដងដដែល។ ចំនួនដងដែលនោមនៅពេលកណ្ដាលយប់នឹងខុសប្លែកពីគ្នា ក្មេងដែលញ៉ាំតិច នឹងនោមតិចដែរ ក្មេងខ្លះថែមទាំងមិននោមផងរហូតដល់ព្រឹក។ ក្មេងដែលញ៉ាំទឹកដោះគោ 1ដបមុនគេង ច្រើនតែនោមនៅពេលកណ្ដាលយប់ប្រហែល 1 – 2ដង និងក្មេងណាដែលគេងសើមខ្លួន នឹងភ្ញាក់ឡើងយំរំខាន តែពេលផ្លាស់ខោអាវ ឬកន្ទបឱ្យហើយ ក៏នៅតែមិនព្រមគេងលក់ទៅវិញនោះ អ្នកម្ដាយអាចបង្ខិតពេលឱ្យបៅទឹកដោះគោឱ្យឆាប់ជាងមុនបន្តិចក៏បាន និងមុនពេលដែលអ្នកម្ដាយចូលគេង គួរចាប់លើកកូនមកឱ្យនោមចេញបានម្ដង ក៏ជួយកាត់បន្ថយការភ្ញាក់យំរំខាននៅពេលកណ្ដាលយប់បានដែរ។

    ល្មមឱ្យឈប់បៀបបាយបានហើយ

    កាលពីអាយុមិនលើស 8ខែ កូននឹងចាប់ផ្ដើមលែងចូលចិត្តអាហារម៉ដ្ឋៗខ្ទេចៗហើយ ច្រើនតែចូលចិត្តញ៉ាំរបស់ដែលត្រូវទំពាដូចជា ផ្លែឈើត្រូវហាន់ចែកជាបំណែកតូចៗ ដូចជា ផ្លែត្របែក ជម្ពូ ប៉ោម ស្វាយ និងឱ្យកាន់ខាំញ៉ាំខ្លួនឯង។ វ័យនេះមិនសូវនៅស្ងៀមទេ បើឱ្យអង្គុយនៅលើកម្រាលឥដ្ឋ ប្រហែលជាត្រូវរត់ដេញតាមបញ្ចុកអាហារហើយ ដូច្នេះគួរឱ្យអង្គុយនៅក្នុងតុបាយសម្រាប់កុមារ ឬក្នុងកៅអីហាត់ដើរ ចំណែកការបញ្ចុកឱ្យញ៉ាំបាយវិញ អាស្រ័យលើទម្លាប់ និងនិស្ស័យរបស់ក្មេង ក្មេងខ្លះចូលចិត្តញ៉ាំយឺតៗ ក្មេងខ្លះញ៉ាំលឿន តែបើសិនជាញ៉ាំយឺតជ្រុលពេក ដូចជាទម្រាំតែញ៉ាំអស់បបរមួយកូនចាន ត្រូវខាតពេលបញ្ចុកដល់ទៅជិតមួយម៉ោងនោះ បញ្ជាក់ថា កូនតូចមិនចូលចិត្តអាហារនោះទេ នឹងបៀមក្នុងមាត់មិនព្រមលេប ព្រោះតែមានអារម្មណ៍ថាមិនឆ្ងាញ់ ដូច្នេះអ្នកម្ដាយមិនចាំបាច់ខាតពេលបញ្ចុកទៀតទេ គួរឱ្យកូនញ៉ាំអ្វីផ្សេងវិញប្រសើរជាង។

    ជាក្មេងដែលរើសច្រើន

    កូនក្នុងវ័យនេះ អ្នកម្ដាយនឹងមើលឃើញបានកាន់តែច្បាស់ឡើងហើយថា កូនចូលចិត្តញ៉ាំអ្វី? ក្មេងខ្លះមិនចូលចិត្តញ៉ាំបន្លែ អ្នកម្ដាយក៏គួរឱ្យញ៉ាំរួមជាមួយរបស់ដទៃទៀត ដូចជា ចិញ្ច្រាំបន្លែដាក់លាយនៅក្នុងបបរ ដាក់លាយនៅក្នុងស៊ុតក្រឡុកចៀន ជាដើម ឬបើមិនចូលចិត្តញ៉ាំបន្លែប្រភេទណាមួយ ក៏ប្ដូរទៅញ៉ាំបន្លែប្រភេទផ្សេងទៀត។ បើមិនចូលចិត្តញ៉ាំបន្លែសោះ ក៏ឱ្យញ៉ាំផ្លែឈើជំនួសវិញក៏បាន បើកូនតូចនៅតែញ៉ាំបបរ នំប៉័ង ឬទឹកដោះគោបានដដែលនោះ។ ទោះជាមិនសូវញ៉ាំ និងរើសច្រើនក្ដី ក៏មិនធ្វើឱ្យកូនខ្វះសារធាតុអាហារដែរ បើកូនមិនចូលចិត្តញ៉ាំស៊ុត ក៏ឱ្យញ៉ាំសាច់មាន់ជំនួសវិញ បើមិនចូលចិត្តញ៉ាំទាំងស៊ុត និងសាច់មាន់ ក៏ឱ្យញ៉ាំសាច់ត្រីជំនួសវិញ។ កូនដែលរើសអាហារ ច្រើនតែឆាប់ដឹងរសជាតិ បើប្រាកដក្នុងចិត្តថា កូនមិនបានញ៉ាំបានតិចរហូតដល់ថ្នាក់ខ្វះសារធាតុអាហារទេនោះ ក៏មិនគួរបង្ខំខ្លាំងពេកដែរ។

    អាការដែលអាចកើតឡើង

    – ប្រយ័ត្នហើមសួត

    នៅពេលកូនមានអាការគ្រុនក្ដៅខ្លាំង នឹងពិបាកដកដង្ហើម ពេលក្អកច្រើនតែឈឺចាប់ តែបច្ចុប្បន្នកុមារលែងមានគ្រោះថ្នាក់ដោយសារជំងឺនេះហើយ បើបណ្ដាលមកពីមេរោគវីរុសនឹងច្រើនតែជាទៅវិញដោយឯកឯង ហើយគ្រូពេទ្យនឹងឱ្យញ៉ាំថ្នាំបដិបក្ខប្រាណ(Antibiotic)។ បើកូននៅញ៉ាំអាហារបាន ក៏ឱ្យញ៉ាំអាហារបន្ថែមតទៅទៀត ញ៉ាំទឹកផ្លែឈើស្រស់ឱ្យបានច្រើន បើក្អក ចូរលើកពឱ្យទ្រោបលើស្មា ហើយទះអង្អែលខ្នងថ្នមៗ នឹងជួយឱ្យស្លេស្មធ្លាក់ចេញមកស្រួលជាងដាក់ឱ្យគេងរាមនៅលើគ្រែ។ តែបើសិនជាកើតអាការគ្រុនក្ដៅខ្លាំងយូរថ្ងៃ និងហើមសួតដែលបណ្ដាលមកពីឆ្លងមេរោគផ្ដាសាយពីមនុស្សធំ ត្រូវតែនាំទៅមន្ទីរពេទ្យ។

    វិវឌ្ឍនាការរបស់កូន

    . រាងកាយ

    . ក្មេងខ្លះអាចវារឡើងកាំជណ្ដើរបានហើយ។

    . ពេលវារ ដៃម្ខាងអាចកាន់របស់លេងបានទៀតផង។

    . ក្មេងខ្លះអាចអង្គុយចុះពីឥរិយាបថឈរដោយខ្លួនឯងបានហើយ។

    . ចេះអង្គុយមួយកន្លែងបានយូរហើយ។

    . ចូលចិត្តទះដៃ យករបស់លេងគោះគ្នា និងបោះរបស់លេងទៅលើឥដ្ឋជាដើម។

    . ចូលចិត្តយកម្រាមដៃលូកចូលរន្ធផ្សេងៗ(ចំណុចនេះ ឪពុកម្ដាយត្រូវប្រយ័ត្ន ព្រោះកូនតូចអាចលូកចូលរន្ធព្រីភ្លើង)។

    សង្គមជុំវិញខ្លួន

    . ក្មេងខ្លះចេះនិយាយពាក្យដែលមានអត្ថន័យបានហើយ ដូចជា ម៉ស់ ញ៉ាំៗ និងចូលចិត្តនិយាយដដែល។

    . ចេះធ្វើតាមបញ្ជាស្រួលៗបានហើយ ដូចជា ឱ្យទៅយករបស់លេង ជាដើម។

    . ខ្លាចមនុស្សដែលមិនធ្លាប់ស្គាល់មុខ និងពេលឃើញក្មេងដទៃយំ អាចនឹងយំតាម។

    . ចេះរើសរបស់លេងដែលខ្លួនឯងចូលចិត្តបានហើយ។

    . ចំណាំហ្គេមដែលខ្លួនឯងធ្លាប់លេងបានហើយ។

    ឧស្សាហ៍លេងជាមួយកូនផង

    . បង្ហាត់ឱ្យកូនឈរ ៈ ការបង្ហាត់ឱ្យចេះឈរ ឬឈានជើងដើរនេះ កូនអាចយកដៃចាប់ដៃម្ដាយ ឬម្ដាយជួយចាប់លើកឱ្យកូនឈានជើងដើរទៅខាងមុខ ក្នុងមួយថ្ងៃឱ្យបានមួយដង ឬ2ដង ម្ដងៗមិនគួរមិនលើស 5 នាទី។ ពេលបង្ហាត់គួរបង្ហាត់នៅខាងក្រៅផ្ទះក្នុងអំឡុងពេលដែលធាតុអាកាសល្អត្រជាក់ស្រួល។ ឪពុកម្ដាយគួរតែសប្បាយរីករាយជាមួយនឹងការបង្ហាត់នេះ បើកូនល្មមអាចឈរដោយខ្លួនឯងបាន ចូរស្រែកលើកទឹកចិត្តកូនថា “ឈានជើងដើរកូន! ឈានជើងដើរកូន!” កូននឹងបានសប្បាយ មានកម្លាំងចិត្ត ដែលទោះជាដួល ក៏នឹងព្យាយាមក្រោកឡើងវិញបានដែរ៕

  • វិធីសាស្ត្រថែរក្សាសក់មុន និងក្រោយពេលលាបសក់ពណ៌

    វិធីសាស្ត្រថែរក្សាសក់មុន និងក្រោយពេលលាបសក់ពណ៌

    នៅក្នុងទំព័រនេះ ឡារ៉ែន សូមចូលរួមធ្វើការចែករំលែកនូវបទពិសោធមួយចំនួនជូនទៅដល់ប្រិយមិត្តទាំងឡាយ ដែលនិយមប្តូរពណ៌សក់ ដូច្នេះប្រសិនបើអ្នកចង់ជ្រាបថា មុនពេលប្តូរពណ៌សក់អ្នកគួរតែធ្វើអ្វី ហើយក៏ដូចជាចង់ថែរក្សាសក់ពណ៌របស់អ្នកឱ្យបានល្អ ក្រោយពេលលាបពណ៌សក់រួចនោះ សូមរីករាយជាមួយនឹងអត្ថបទនេះដូចតទៅ៖

    ស្វែងរកអ្នកជំនាញ
    សាកសួរព័ត៌មានតាមរយៈមិត្តភក្តិ ឬស្វែងរកតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗក៏បាន ដើម្បីឱ្យកាន់តែប្រាកដក្នុងចិត្តថា អ្នកជំនាញ ឬហាងមួយនោះគឺពិតជាអាចជួយអ្នកបានយ៉ាងពិតប្រាកដក្នុងការលាបពណ៌ដ៏ស្រស់ស្អាតបំផុតឱ្យដល់សក់របស់អ្នក។

    នាំយករូបភាពនៃពណ៌សក់ដែលអ្នកចង់បានទៅជាមួយ
    ជាងលាបពណ៌សក់អាចនឹងមានការយល់ច្រលំជាមួយនឹងពណ៌ដែលអ្នកចង់បានពិតប្រាកដក៏អាចថាបាន ដូច្នេះវាជាការប្រសើរណាស់ប្រសិនបើអ្នកអាចយកគំរូនៃពណ៌ពិតប្រាកដដែលអ្នកចង់បានទៅជាមួយ ដើម្បីឱ្យគេបានឃើញផ្ទាល់ភ្នែកតែម្តង។ រឿងល្អមួយទៀតដែលអ្នកអាចនឹងទទួលបានពីការយកគំរូពណ៌ទៅតាមនោះគឺ អ្នកជំនាញអាចនឹងផ្តល់ការណែនាំផ្សេងៗ ក្នុងករណីពណ៌ដែលអ្នកចង់បានមិនអាចចេញមកក្រោយពេលលាបលើកដំបូង។

    មិនច្បាស់ក្នុងចិត្ត
    ប្រសិនបើអ្នកចង់ប្តូរពណ៌សក់ ប៉ុន្តែអ្នកបែរជាមិនច្បាស់ក្នុងចិត្តថា ចង់បានពណ៌អ្វីពិតប្រាកដនោះ យើងជឿជាក់ថា ទាំងអ្នក និងអ្នកជំនាញគឺអាចនឹងពិបាកបន្តិចហើយក្នុងការពិភាក្សារកឱ្យឃើញនូវពណ៌មួយដែលត្រូវនឹងអ្នក ប៉ុន្តែបើដូច្នេះមែននោះអ្នកក៏គួរតែសម្រួលការលំបាកនោះឱ្យវាមកនៅតិចជាងមុន ដោយវិធីងាយៗមួយគឺ យករូបភាពនៃពណ៌សក់ដែលអ្នកមិនចូលចិត្តប្រាប់អ្នកជំនាញឱ្យបានដឹង។ ដូច្នេះទោះលទ្ធផលនៃពណ៌សក់ដែលអ្នកត្រូវលាបនៅមិនទាន់ដឹងថាជាពណ៌អ្វី តែយ៉ាងហោចណាស់ក៏មិនមែនជាពណ៌ដែលអ្នកស្អប់នោះដែរ។

    បន្ទាប់ពីលាបពណ៌សក់រួច អ្នកគួរតែប្តូរសាប៊ូ និងក្រែមបន្ទន់សក់
    បើវាជាការប្តូរសក់លើកដំបូងទៀតនោះការប្តូរសាប៊ូ និងក្រែមបន្ទន់សក់ឱត្រូវទៅតាមពណ៌សក់របស់អ្នកគឺកាន់តែសំខាន់។ សាប៊ូកក់សក់ និងក្រែមបន្ទន់សក់សម្រាប់សក់ពណ៌ត្រូវបានផលិតឡើង ដើម្បីថែរក្សាសភាពនៃសក់ពណ៌ឱ្យនៅស្រស់ស្អាតបានយូរ ដូច្នេះអ្នកមិនត្រូវមើលរំលងចំណុចនេះឡើយ។

    ការការពារសក់ពណ៌គឺជារឿងដាច់ខាត
    កម្តៅថ្ងៃមិនត្រឹមតែបំផ្លាញស្បែកនោះទេ តែវាក៏អាចបំផ្លាញសក់ពណ៌សំណព្វចិត្តរបស់អ្នកបានដែរ។ មួក កន្សែង ស្ព្រៃយ៍បាញ់ការពារកម្តៅ UV ឬអ្វីៗផ្សេងទៀតក៏កុំខ្វល់ សំខាន់ឱ្យតែអាចការពារសក់របស់អ្នកបាន នោះអ្នកគួរតែធ្វើ។

    អ្នកក៏ត្រូវការពារសក់ពីទឹកសមុទ្រ និងជាតិក្លរនៅក្នុងទឹកអាងហែលទឹក
    សូមប្រយ័ត្នចំពោះទឹកដែលមានជាតិប្រៃ និងជាតិក្លរដែលមាននៅក្នុងអាងហែលទឹក ព្រោះវាអាចបំផ្លាញសក់របស់អ្នកបាន។  បើទោះជាវាមានផលប៉ះពាល់ខ្លះក្តី ប៉ុន្តែវាក៏មិនមានន័យថា អ្នកត្រូវលះបង់ភាពរីករាយតាមរយៈការហែលទឹកលេងចោលនោះដែរ ព្រោះថាយើងបានរកឃើញថា ការត្រាំសក់អ្នកជាមួយទឹកធម្មតាមួយសន្ទុះមុនពេលអ្នកចុះទៅហែលទឹកសមុទ្រ ឬទឹកក្នុងអាង អាចជួយការពារសក់របស់អ្នកបានខ្លះដែរ៕