Tag: ផ្លែឈើ

  • ស្រ្តីមានគភ៌ ត្រូវត្រៀមខ្លួនឱ្យបានស្រេច 1ខែ មុនពេលប្រសូត…

    ស្រ្តីមានគភ៌ ត្រូវត្រៀមខ្លួនឱ្យបានស្រេច 1ខែ មុនពេលប្រសូត…

    នៅសល់ពេល 1ខែទៀតមុនឆ្លងទន្លេ គឺជាអំឡុងពេលនៃការទន្ទឹងរង់ចាំរបស់ស្រ្តីមានគភ៌គ្រប់រូប ដែលមានទាំងការរំភើបចិត្តផង ទាំងត្រេកអរផង ព្រោះជិតបានឃើញមុខកូនសម្លាញ់ តែខណៈពេលជាមួយគ្នាក៏មានអារម្មណ៍នឹកភ័យខ្លាចនឹង​ក្តីឈឺចាប់ដែលនឹងកើតមានឡើង ហើយនិងរឿងផ្សេងៗជាច្រើនទៀត។ តែអ្វីទាំងអស់នេះ គ្រូពេទ្យជំនាញខាងសម្ភពនឹងមកជម្រាបអនាគតអ្នកម្តាយថ្មោងថ្មី ដែលនៅមិនទាន់មានបទពិសោធក្នុងរឿងនេះថា តើត្រូវត្រៀមខ្លួនយ៉ាង​ណាខ្លះមុនពេលប្រសូតដូចខាងក្រោមនេះ៖

    ឈានចូលដល់ខែទី 9

    ក្នុងអំឡុងពេលនេះ គ្រូពេទ្យនឹងណាត់ឱ្យទៅពិនិត្យគភ៌កាន់តែញឹកញាប់ឡើងរៀងរាល់សប្តាហ៍ ដើម្បី​​​​ពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចរបស់ស្រ្តីមានគភ៌ និងអាការផ្សេងៗដែលកើតមានឡើងថា តើប្រក្រតី ឬក៏អត់?។ ក្នុងអំឡុងពេលនេះ ស្រ្តីមានគភ៌​នឹងមានអាការឈឺពោះរាងធ្ងន់ៗនៅម្តុំក្រោមផ្ចិតនៅពេលដើរ ជើងនឹងហើមឡើង មានអារម្មណ៍ឈឺផ្សាៗនៅត្រង់ចុងដង្ហើមដោយ​សារតែអាស៊ីតរំលាយអាហារហូរបញ្រ្ចាស់ឡើង ព្រោះទំហំក្បាលពោះដែលធំឡើង ធ្វើឱ្យក្រពះត្រូវបានរុញឡើងមកលើ អា​ហារមិនសូវរំលាយ ឆ្អល់ណែនពោះ និងជួនកាលអាចត្រូវភ្ញាក់ឡើងកណ្តាលយប់ ព្រោះតែប្រគ្រីវកាច់ជើង រហូតដល់ត្រូវដាស់លោកប្តីឱ្យជួយរឺតជើងឱ្យទៀតផង។

    ត្រៀមខ្លួនជាស្រេច មុនពេលប្រសូត

    ការត្រៀមរួចជាស្រេចទាំងរាងកាយ ផ្លូវចិត្ត និងរបស់របរប្រើប្រាស់ផ្សេងៗ នឹងជួយឱ្យស្រ្តីមានគភ៌ទៅប្រសូតបុត្របានយ៉ាងជឿជាក់ក្នុងចិត្ត និងមានអារម្មណ៍ធូរស្រាល ដូច្នេះ តើត្រូវត្រៀមរឿងអ្វីខ្លះនោះ សូមតាមដានជាបន្ត…ៈ

    1 .មន្ទីរពេទ្យ

    • ប្រឹក្សាជាមួយគ្រូពេទ្យជានិច្ច បើសិនមានបញ្ហាអ្វីគួរឱ្យសង្ស័យពាក់ព័ន្ធនឹងគភ៌របស់ខ្លួន។
    • អាចនឹងត្រូវសាកល្បងជិះរថយន្ត ដើម្បីប៉ាន់ស្មានរយ:ពេលធ្វើដំណើរពីផ្ទះទៅមន្ទីរពេទ្យ ឬរកមើលផ្លូវណាផ្សេងដែលងាយស្រួល និងលឿនជាងគេ ទុកបម្រុងនៅថ្ងៃឈឺពោះប្រសូតឱ្យរួចជាស្រេច។

    2 .ត្រៀមរាងកាយ

    • រឿងអាហារការហុបចុក គួរបរិភោគអាហារណាដែលមានប្រូតេអ៊ីនច្រើន ​ តែកាត់បន្ថយអាហារណាដែលមាន​រស​​ជាតិខ្លាំងៗ ដូចជា ប្រៃខ្លាំង ជូរខ្លាំង ជាពិសេស ហឹរ ព្រោះវានឹងធ្វើឱ្យស្រ្តីមានគភ៌ហើម។ គួរទទួលបន្លែផ្លែឈើរួមជាមួយ​ផង ដើម្បីកាត់បន្ថយអាការណែនឆ្អល់ពោះ។
    • គួរញ៉ាំថ្នាំបំប៉នតាមដែលគ្រូពេទ្យឱ្យមកឱ្យគ្រប់ ដូចជា ថ្នាំបំប៉នលោហិត វីតាមីនរួម និងកាល់​ស្យូម ជាដើម ព្រោះក្នុងអំឡុងពេលប្រសូត អ្នកម្តាយត្រូវបាត់បង់ឈាមច្រើន ហើយការញ៉ាំថ្នាំបំប៉ននឹងជួយធ្វើឱ្យអ្នកម្តាយឆាប់​ស្រួលខ្លួនឡើងវិញផង។
    • រកទិញរបស់របរប្រើប្រាស់ចាំបាច់ៗ ទាំងរបស់ម្តាយ និងរបស់កូនតូចទុកជាស្រេ​ច ព្រោះក្រោយពេលប្រសូតរួច ម្តាយមិនអាចមានពេលទៅដើររកទិញបានទេ។

    3 .ត្រៀមខ្លួនប្រសូត

    • ក្នុងករណីដែលស្ត្រីមានគភ៌មិនមានលក្ខណៈខុសប្រក្រតីខាងរាងកាយ ឬខាងវេជ្ជសាស្រ្តណាដែលតម្រូវឱ្យប្រសូតដោយការវះកាត់ទេនោះ ស្ត្រីមានគភ៌គួរតែប្រសូតតាមវិធីធម្មជាតិ។
    • កំណត់ផែនការក្រោយពេលប្រសូតទុកជាមុនថា តើត្រូវពន្យារកំណើត ឬលែងយកបុត្រទៀត ឬយ៉ាងណា? បើត្រូវពន្យារកំណើត(លែងយកបុត្រទៀត) គួរតែប្រាប់គ្រូពេទ្យឱ្យបានដឹងជាមុន ដើម្បីភាពងាយស្រួលក្នុងការត្រៀមខ្លួនរបស់គ្រូពេទ្យ ក្នុងការបំពេញតម្រូវការរបស់អ្នកប្រសូត។

    4 .ត្រៀមចិត្ត ត្រៀមថ្លើមទុកជាស្រេច

    • ស្រ្តីមានគភ៌(ពេលគ្រប់ខែ)ត្រូវត្រៀមខ្លួនទប់ទល់នឹងសភាវសោកសៅក្នុងចិត្តដែលអាចកើតឡើងក្រោយពេលប្រសូតរួច ដែលមានដូចជា អាចនឹងយំខ្សឹកខ្សួលពេញមួយថ្ងៃ ភ័យខ្លាចប្តីលែងស្រឡាញ់ និងត្រូវបោះបង់ចោល ខ្លាចខ្លួនលែងស្អាតដូច​កាលពីពេលមុន ជាដើម-ល និងកុំភ្លេចសួរពីវិធីកែបញ្ហានេះជាមួយគ្រូពេទ្យដើម្បីទុកប្រតិបត្តិតាមផង។

    អាការប្រាប់ឱ្យដឹងខ្លួន មុនពេលប្រសូតដែលស្រ្តីមានគភ៌ត្រូវតែដឹង…

    1. ឈឺពោះយ៉ាងខ្លាំងជាប់ជានិច្ច រៀងរាល់ 3នាទីម្ដង និងឈឺម្តងៗប្រហែលជា 40វិនាទី។
    2. មានឈាមចេញមកតាមរន្ធស្បូន (អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវទៅមន្ទីរពេទ្យដែរ)។
    3. មានទឹកភ្លោះហូរចេញមកតាមរន្ធស្បូន (អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវប្រញាប់ទៅមន្ទីរ​ពេទ្យដែរ) ព្រោះថង់ទឹកភ្លោះអាចបែកទៅហើយ បើទុកចោលយូរអាចនឹងធ្វើឱ្យឆ្លងមេរោគទៅដល់ទារកបាន។

    សភាវជ្រៀតជ្រែកមិនល្អដែលអាចកើតឡើង នៅពេលគ្រប់ខែ(មុនជិតដល់ពេលប្រសូត)…

    1. មានធ្លាក់ឈាម ជាសភាវដែលសុកធ្លាក់ចុះមកទាប ដោយសុកនឹងរំកឹលមកតោងនៅម្តុំមាត់​ស្បូន ឬផ្នែកក្រោមរបស់មាត់ស្បូន ធ្វើឱ្យមាត់ស្បូនដាច់រហែក ហើយមានឈាមហូរជ្រាបចេញមក។
    2. សម្ពាធឈាមឡើងខ្ពស់ ជាដើមហេតុរបស់សភាវគភ៌មានជាតិពុល នឹងធ្វើឱ្យអ្នកម្តាយហើមជើង ហើមមុខ អ្នកខ្លះមានឈឺក្បាលទៀតផង ដែលជាហេតុអាចបណ្ដាលឱ្យស្រ្តីមានគភ៌ប្រកាច់ ឬបែកសរសៃឈាមក្នុងខួរក្បាល។
    3. ទារកក្នុងគភ៌លែងសូវរើ ដែលអាចមានមូលហេតុមកពីសុកចាប់ផ្តើមធ្វើការខ្សោយ ឬខ្សែទងសុករុំ-កទារក ដែលជាសភាវគ្រោះថ្នាក់ចំពោះទារកខ្លាំងណាស់ ពេលជួបអាការដែលរៀបរាប់មកខាងលើនេះ ចូរប្រញាប់ទៅជួបគ្រូ​​ពេទ្យ​​ភ្លាមជាបន្ទាន់ ។

    នៅពេលត្រៀមរាងកាយរួចរាល់ ត្រៀមចិត្តរួចរាល់ហើយ…ពេលនេះអនាគតអ្នកម្ដាយថ្មោងថ្មីអាចទៅប្រសូតបុត្រដោយភាពជឿជាក់បានហើយ។ ក្តីឈឺចាប់ដែលកើតឡើងក្នុងពេលប្រសូត នឹងរលាយបាត់អស់ នៅពេលដែលអ្នកម្តាយថ្មោងថ្មីបានឃើញមុខកូន​សម្លាញ់ ហើយវានឹងក្លាយជាក្តីរំភើបសោមនស្សពេញក្នុងចិត្តវិញមិនខាន(អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្ត) និងខាងក្រោមនេះគឺ ការត្រៀមសម្ភារសម្រាប់ចូលមន្ទីសម្ភព…ៈ

    .សម្រាប់អនាគអ្នកម្តាយ

    1. ប័ណ្ណពិនិត្យសុខភាពគភ៌ និងអត្តសញ្ញាណប័ណ្ណ
    2. សំឡីអនាម័យ និង អាវក្នុងសំពាក់បំបៅកូន
    3. សម្លៀកបំពាក់ម្តាយសម្រាប់ស្លៀកពេលចេញពីមន្ទីរពេទ្យ
    4. អាហារ និងភេស្ជជៈ (ព្រោះក្រោយពេលឆ្លងទន្លេរួច អ្នកម្តាយនឹងឃ្លានខ្លាំងណាស់)
    5. កូនកាបូបតូចមួយសម្រាប់ដាក់គ្រឿងសម្អាង
    6. កន្សែងជូតមុខ និងកន្សែងពោះគោសម្រាប់ជូតខ្លួន
    7. កាមេរ៉ាថតរូប ក្នុងករណីដែលខាងមន្ទីរពេទ្យអនុញ្ញាតឱ្យថតរូបបាន។

    .សម្រាប់ទារក

    1. ក្រណាត់កន្ទប
    2. ខោអាវកូនតូច (សម្រាប់ទារកទើបកើត)
    3. ទឹកសាប៊ូសម្រាប់បោកជម្រះផ្សេងៗ
    4. កូនខ្នើយសម្រាប់ទ្រាប់ក្បាលកូនពេលបីបំបៅដោះ
    5. ក្រណាត់ ឬកន្សែងសម្រាប់រុំខ្លួនកូនសម្លាញ់ពេលត្រឡប់ទៅផ្ទះវិញ៕
  • អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឱ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌

    អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឱ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌

    មានមិត្តភ័ក្តិរបស់នាងខ្ញុំ(អ្នកគ្រូ ឆវី)ម្នាក់តែងតែរអ៊ូឱ្យនាងខ្ញុំបានឮជាញឹកញាប់ថា គាត់ទើបតែចាប់ផ្តើមពពោះទេ តែហេតុអីបានជាចេះតែឈឺក្បាល ឈឺខ្នង ឈឺស្មា ឆ្អល់ពោះ អាហារមិនសូវរំលាយ លនិងល មិនឈប់ឈរសោះដូច្នេះ?។ ពេល​បានឮហើយ ធ្វើឱ្យនឹកអាណឹតអ្នកមានផ្ទៃពោះមែនទែន ព្រោះទម្រាំតែឆ្លងផុតរយៈពេល 9ខែនៃការពពោះជាទីស្រឡាញ់មួយនេះបាន អ្នក​ម្តាយគ្រប់រូបសុទ្ធតែត្រូវឆ្លងកាត់ឧបសគ្គដែលធ្វើឱ្យមានកង្វល់ និងរៀនយល់ដឹងពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលកើតឡើងនេះ​ឱ្យ​បានសឹងតែគ្រប់គ្នាទាំងអស់ ដូច្នេះមិនមែនត្រឹមតែជាការមើលថែទាំរាងកាយ និងសុខភាពឱ្យរឹងមាំប៉ុណ្ណោះទេ តែត្រូវមើលថែទាំផ្លូវចិត្តឱ្យរឹងប៉ឹង​ផង​ដែរ។

    លេខនេះ ទស្សនាវដ្តី ឡារ៉ែន នឹងជម្រាបស្ត្រីមានគភ៌ទាំងឡាយអំពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលធ្វើឱ្យមានកង្វល់ និងរំខានចិត្តដែលកើតឡើងក្នុងអំឡុងពេលមានគភ៌នេះ ដើម្បីឱ្យទាំងអស់គ្នាបានសប្បាយចិត្តក្នុងការពពោះរយ:​ពេល 40​សប្តាហ៍​​​​​ចាប់ពីពេលនេះទៅ ។

    អាការរំខានចិត្តរបស់ស្ត្រីមានផ្ទៃពោះ៖

    .អាការក្អួតចង្អោរ : អាចកើតឡើងដោយសារតែកម្រិតអ័រម៉ូនផ្សេងៗដែលកើនឡើងខ្ពស់ក្នុងអំឡុង​ពេល​​មាន​គភ៌ ដូចជា អ័រម៉ូន hCG, និងអ័រម៉ូន អេសត្រូជេន ជាដើម ដោយអ័រម៉ូនទាំងនេះមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទការដឹងក្លឹន ធ្វើឱ្យ​ស្រ្តីមានគភ៌ធំក្លិនអ្វីក៏មិនបាន ច្រើនតែមានអាការក្អួតចង្អោរ វឹលមុខក្នុងអំឡុងពេលពពោះដំបូងៗ។

    ការមើលថែទាំខ្លួនឯង : ស្រ្តីមានគភ៌គួរចៀសវាងពីអ្វីដែលជំរុញដល់ប្រព័ន្ធប្រសាទការដឹងក្លិន ដូចជាក្លិន​អា​ហារ ជាដើម ។ អ្នកជំនាញការខាងភោជនាហារបានរកឃើញថា ក្លិនរបស់ក្រូចឆ្មារ អាចជួយបន្ធូរបន្ថយអាការក្អួតចង្អោរ​នេះ​បានយ៉ាងឆាប់រហ័ស ដូច្នេះបើស្រ្តីមានគភ៌កើតអាការក្អួតចង្អោរនោះ មិនគួរទទួលទានថ្នាំផ្តេសផ្តាស់ដោយគ្មានការ​អនុញ្ញាតពីគ្រូពេទ្យ​ឡើយ ។

    .អាការថប់ៗដង្ហើម ដកដង្ហើមមិនស្រួល និងវិលមុខ : ស្រ្តីមានគភ៌តែងមានចង្វាក់នៃការដកដង្ហើមលឿន ហើយវែង ខណៈពេលជាមួយគ្នា ស្បូនដែលពង្រីកខ្លួនតាមការរីកចម្រើនធំធាត់របស់ទារកក៏នឹងខឹតចូលទៅបៀតសួត និងក្បាំងខ្យល់របស់អ្នកមានផ្ទៃពោះ ធ្វើឱ្យទីកន្លែងដែលទទួលផ្ទុកខ្យល់អុកស៊ីហ្ស៊ែននៅសល់តិច ធ្វើឱ្យពេលខ្លះអ្នកមានគភ៌មាន​អារម្មណ៍ថា ដកដង្ហើមមិនស្រួលបាន។

    ការមើលថែទាំខ្លួនឯង : នៅពេលមានអារម្មណ៍ថា ដកដង្ហើមមិនស្រួល ចូរអង្គុយសម្រាក ហើយដកដង្ហើមចេញចូលយឺតៗ មួយៗ។ បើមានអារម្មណ៍ថា រកកល់ងងឹតមុខ ហាក់ដូចជាចង់ខ្យល់គ ចូរអង្គុយចុះ ហើយ​ឱន​​​​ក្បាលចុះនៅត្រង់ចន្លោះក្បាលជង្គង់ទាំងសងខាង ដើម្បីជួយឱ្យឈាមហូរឡើងមកចិញ្ចឹមខួរក្បាលឱ្យបានកាន់តែលឿនឡើង នឹងធ្វើឱ្យស្រ្តីមានគភ៌មានអារម្មណ៍ស្រួលឡើងវិញ។ អាការនេះកើតឡើងដោយសារតែកម្រិតជាតិស្ករនៅក្នុងឈាមថយចុះ ដូច្នេះពេលមានផ្ទៃពោះចូរឧស្សាហ៍ទទួលទានអាហារបង្អែម ចម្អាបឱ្យបានញឹកញាប់ ដើម្បីរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។

    .អាការតឹងឆ្អល់ក្នុងពោះ : អ័រម៉ូនដែលរាងកាយបញ្ចេញមកក្នុងអំឡុងពេលមានគភ៌ ហុចផលឱ្យសាច់ដុំបន្ទះបង្រួញខ្លួន ធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការយឺត ជាហេតុធ្វើឱ្យស្រ្តីមានគភ៌ងាយនឹងកើតអាការឆ្អល់ណែន​ក្នុង​ពោះ រួមជាមួយមូលហេតុផ្សេងទៀតក្នុងការទទួលទានអាហារផងដែរ។

    ការមើលថែទាំខ្លួនឯង : អ្នកមានផ្ទៃពោះគួរទទួលទានអាហារដែលមានកាកសរសៃឱ្យបានច្រើន ដូចជា បន្លែ និងផ្លែឈើស្រស់ រួមទាំងគ្រាប់ធញ្ញជាតិផងដែរ។ ពិសាទឹកឱ្យបានច្រើន ហើយបើសិនជាអាការណែនឆ្អល់ពោះនោះមានកម្រិតខ្លាំង ស្ត្រីមានគភ៌គួរតែទៅប្រឹក្សានឹងគ្រូពេទ្យដែលពិនិត្យគភ៌ ព្រោះគ្រូពេទ្យនឹងផ្តល់នូវពាក្យណែនាំបានយ៉ាងត្រឹម​ត្រូវអំពីអាការនេះ ។

    .អាការប្រគ្រីវកាច់ជើង : អាចបណ្តាលមកពីការខ្វះជាតិកាល់ស្យូម និងបញ្ហានៃលំហូរវិលរបស់ឈាម។

    ការមើលថែទាំខ្លួនឯង : ក្នុងខណ:កើតអាការប្រគ្រីវកាច់នោះ ចូរចាប់ក្តោបចុងជើងឱ្យជាប់ ហើយ​ទាញវាមករកស្មងជើងឱ្យខ្លាំង ដើម្បីជួយយឹតសាច់ដុំបរិវេណកំភួនជើងឱ្យត្រង់ឡើងវិញ។ មិនគួរសណ្តូកជើង នៅពេលម្រាមជើងចង្អុលត្រង់​ទៅ​ខាងមុខឡើយ ព្រោះនឹងរឺតតែធ្វើឱ្យសាច់ដុំកំភួនជើងកើតអាការរឹងខ្លាំងឡើង និងកើតប្រគ្រីវកាច់កាន់តែខ្លាំងឡើងដែរ ហើយនៅពេលគេងពេលយប់អ្នកមានផ្ទៃពោះគួរតែពាក់ស្រោមជើង ដើម្បីឱ្យចុងជើងកក់ក្តៅ វាអាចជួយកាត់បន្ថយអាការប្រគ្រីវកាច់បាន។

    .អាការឈឺខ្នង : ស្រ្តីភាគច្រើនតែងតែមានអាការឈឺខ្នងកើតឡើងក្នុងអំឡុងពេលតាំងគភ៌។ ទាំងអស់នេះ​ មានមួយចំណែកបណ្តាលមកពីទំហំរបស់គភ៌ដែលចេះតែរីកធំឡើង និងទម្ងន់ខ្លួនរបស់ទារកនៅក្នុងគភ៌ដែលទៅបង្កើន​កម្លាំង​សង្កត់លើឆ្អឹងកងខ្នង ហុចផលឱ្យរាងកាយមិនកើតមានតុល្យភាពខាងទម្ងន់។

    ការមើលថែខ្លួនឯង : ដើម្បីឱ្យអ្នកមានផ្ទៃពោះមានអារម្មណ៍កាន់តែសប្បាយស្រួលខ្លួន រួចផុតពីការឈឺខ្នងនេះ ពេលអង្គុយ គួរតែមានខ្នើយមួយកល់នៅត្រង់ចង្កេះផ្នែកខាងក្រោម លើកជើងដាក់លើកូនកៅអីសំរាប់ទ្រជើង ជាដើម។ ពេលឈរ គួរដាក់​ជើងម្ខាងនៅលើកូនកៅអីទាបៗមួយ និងឧស្សាហ៍ផ្លាស់ជើង ម្តងខាងឆ្វេង ម្តងខាងស្តាំផង វានឹងជួយឱ្យអាការឈឺខ្នងបានធូរស្រាលឡើង៕

  • អ្នកម្ដាយដឹងទេ…មួយម៉ាត់ដំបូងរបស់កូន សំខាន់ខ្លាំងប៉ុនណា?

    អ្នកម្ដាយដឹងទេ…មួយម៉ាត់ដំបូងរបស់កូន សំខាន់ខ្លាំងប៉ុនណា?

    មួយម៉ាត់ដំបូងរបស់កូន គឺជាអ្វីដែលម្ដាយៗផ្ដល់ភាពសំខាន់ និងហាក់ដូចជាពិបាកចិត្ត ដោយបញ្ហាដែលជួបប្រទះញឹកញាប់ក៏គឺ ម្ដាយថ្មោងថ្មីជាច្រើនមិនបានដឹងថា តើនឹងចាប់ផ្ដើមពេលបំបៅទឹកដោះលើកដំបូងយ៉ាងណា? ដូចគ្នានឹងការមិនដឹងថា តើគួរចាប់ផ្ដើមអាហារបន្ថែមដល់កូនតូចនៅពេលណាល្អ?

    ជាធម្មជាតិ ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធបន្ទោបង់របស់ទារកនឹងត្រៀមរួចជាស្រេចសម្រាប់ការញ៉ាំអាហារប្រភេទផ្សេងទៀតក្រៅពីទឹកដោះ។ អ្នកម្ដាយអាចចាប់ផ្ដើម មួយម៉ាត់ដំបូងរបស់កូនបាន នៅពេលកូនតូចអាយុឈានចូលខែទី6 ឬរាងកាយបញ្ជូនសញ្ញាឡើងថា ត្រៀមរួចរាល់ហើយ ដូចតទៅនេះ៖

    -បញ្ឈរបំពង់កឡើងត្រង់បាន ៈ ការដែលកូនតូចសម្លាញ់មានសាច់ដុំករឹងមាំ អាចដកកបញ្ឈរត្រង់បានដោយខ្លួនឯង ជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការស្លាក់អាហារដែលមានភាពរឹងជាងទឹកដោះបានច្រើនជាងក្មេងតូចដែលសាច់ដុំកនៅមិនទាន់រឹងមាំ។

    -បង្ហាញអាការថា ចង់ម៉ាំៗអាហាររបស់ប៉ាម៉ាក់ ៈ ពេលខ្លះកូនអាចនឹងធ្វើមាត់ចឹបៗ ជញ្ជក់អណ្ដាតជុបៗ ពេលឃើញមនុស្សធំញ៉ាំអាហារ។ ចូរសាកល្បងយកកូនស្លាបព្រាតូចៗដួសអាហាររាវ ឬមានសាច់ទន់ៗផុយៗបញ្ចុកឱ្យញ៉ាំ ហើយគ្នាការរុញអាហារចេញមកវិញ។

    -ទម្ងន់ខ្លួនកើនឡើង 2ដងនៃទម្ងន់ខ្លួនពេលកើតដំបូង និងមានអាការឃ្លានម៉ាំញឹកញាប់ ស្រែកទារបៅទឹកដោះញឹកញាប់ឡើង នោះបង្ហាញថា រាងកាយត្រូវការអាហារច្រើនឡើងហើយ។

    មួយម៉ាត់ដំបូងរបស់កូន កំណត់សុខភាពពេញមួយជីវិត

    តើអ្នកម្ដាយទាំងឡាយដឹងទេថា អាហារដែលក្មេងៗញ៉ាំក្នុងអំឡុងរាងកាយកំពុងចម្រើនធំធាត់ ហុចផលដល់សុខភាពទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង មិនថាតែរឿងរបស់គ្រោងសាងរាងកាយ ការតភ្ជាប់គ្រោងបណ្ដាញសរសៃប្រសាទ និងខួរក្បាល រហូតដល់ការបណ្ដុះចរិតនិស្ស័យខាងសុខភាពល្អៗក្នុងការញ៉ាំ ដែលនឹងនៅដិតជាប់ខ្លួនរហូតដល់ធំ។ ដូច្នេះការជ្រើសរើសអាហារពេលដំបូងឱ្យកូនសម្លាញ់ ម្ដាយៗគួរផ្ដល់ភាពសំខាន់ជាមួយសារធាតុអាហារដែលរាងកាយកូនក្នុងវ័យ 6ខែឡើងទៅត្រូវការ ដែលមានដូចជា ប្រូតេអ៊ីន អូមេហ្គា(3 និង6) កាល់ស្យូម សារធាតុដែក កាកសរសៃអាហារ វីតាមីនA និងវីតាមីន C មុនគេបង្អស់ ដោយមានតិចនិកការចាប់ផ្ដើមអាហារបន្ថែមដូចខាងក្រោម ៈ

    1. ចាប់ផ្ដើមម្ដងបន្តិច ៈ ឱ្យកូនតូចញ៉ាំម្ដងបន្តិច ពី 1ស្លាបព្រាកាហ្វេ 1ស្លាបព្រាបាយ 1ថ្ងៃ1ពេល គួបផ្សំនឹងការបៅទឹកដោះម្ដាយ។
    2. ម៉ាំៗម្ដងមួយយ៉ាង ៈ ចាប់ផ្ដើមពីបន្លែ ឬផ្លែឈើ ដើម្បីឱ្យកូនស៊ាំធ្លាប់ជាមួយរសជាតិរបស់បន្លែផ្លែឈើតាំងពីក្មេង និងចាំសង្កេតមើលថា តើកូនមានប្រតិកម្មចាញ់អាហារប្រភេទនោះដែរឬទេ? មុននឹងប្ដូរសន្សឹមៗទៅជាអាហារប្រភេទផ្សេងៗតទៅទៀត។
    3. ចៀសវាងការបន្ថែមរសជាតិ ៈ ដើម្បីការពារកុំឱ្យកូនញៀនរសជាតិផ្អែម ប្រៃ ខ្លាញ់ពីការបន្ថែមរសជាតិ។
    4. ថ្មី ស្អាត មានសុវត្ថិភាព ៈ ព្រោះក្មេងៗនៅទន់ខ្សោយចំពោះការប៉ះពាល់មេរោគបាត់តេរីផ្សេងៗ។ បើជាទឹក ឬសាច់របស់បន្លែផ្លែឈើស្រស់ គួរឱ្យកូនម៉ាំក្នុងរយៈពេល 15នាទី ចំណែកអាហារដែលត្រូវឆ្លងកាត់កម្ដៅ គួរកម្ដៅឱ្យក្ដៅសិនមុននឹងបញ្ចុកគ្រប់ពេល។

    ព្រោះម្ដាយដឹងថា ធម្មជាតិ គឺ អាហារដែលល្អបំផុត

    សារធាតុអាហារពីធម្មជាតិ ជាពិសេស បន្លែ ផ្លែឈើ និងធញ្ញជាតិ ជាសារធាតុអាហារដែលមានភាពបរិសុទ្ធ រឹតតែជារុក្ខជាតិដែលដាំបែបគ្មានសារធាតុពុលផងនោះ រឹតតែល្អចំពោះសុខភាពក្នុងរយៈពេលវែង ព្រោះមានសុវត្ថិភាពពីសារធាតុគីមីផ្សេងៗ ក្រៅពីនេះសារធាតុអាហារពីរុក្ខជាតិនៅមានកាកសរសៃខ្ពស់ដែលល្អចំពោះប្រព័ន្ធបន្ទោបង់របស់កូនតូច ថែមទាំងគ្មានកូលេស្តេរ៉ូល មានសារធាតុអ៊ែនទីអុកស៊ីឌែនត៍ខ្ពស់ និងមានជាតិខ្លាញ់បង្កកខ្លួនទាប។ សារធាតុអាហារដែលគ្រប់គ្រឿងទាំងនេះ នឹងជួយបង្កើនភាពរឹងមាំរបស់រាងកាយ អភិវឌ្ឍប្រព័ន្ធប្រសាទ និងខួរក្បាល៕

  • សាងទារកយ៉ាងណាឱ្យក្លាយជាក្មេងអច្ឆរិយៈ?

    សាងទារកយ៉ាងណាឱ្យក្លាយជាក្មេងអច្ឆរិយៈ?

    ឪពុកម្ដាយគ្រប់រូបតែងប្រាថ្នាចង់ឱ្យកូនជាទីស្រឡាញ់របស់ខ្លួនក្លាយជាក្មេងអច្ឆរិយៈ មានភាពឆ្លាតវាងវៃ រហ័សរហួន អារម្មណ៍ល្អ អាចរៀនយល់ដឹងបានឆាប់រហ័ស និងអាចសម្របសម្រួលខ្លួនចូលក្នុងសង្គមមនុស្សបាន តែ តើយើងនឹងធ្វើឱ្យទារកដែលប្រសូតចេញមកក្លាយជាក្មេងអច្ឆរិយៈយ៉ាងម៉េចបានទៅ?

    ដោយតិចណូឡូជីខាងវេជ្ជសាស្រ្តក្នុងពេលច្ចុប្បន្ននេះ ធ្វើឱ្យយើងដឹងថា មានបច្ច័យចម្បង 3យ៉ាងដែលបើសិនជាយើងអាចត្រៀមឱ្យរួចជាស្រេចមុននឹងចាប់តាំងគភ៌នោះ ទារកដែលប្រសូតចេញមកក៏នឹងមានគុណភាពល្អ និងមានឱកាសក្លាយជាក្មេងពូកែអច្ឆរិយៈដូចដែលឪពុកម្ដាយរំពឹងប្រាថ្នាបានមិនខាន។

    1 . ពូជកំណើតពីឪពុក និងម្ដាយ

    ទារកកើតចេញពីការរួមបញ្ចូលគ្នារវាងកោសិការបស់ខាងឪពុក និងម្ដាយ ដោយកោសិកាប្រកបទៅដោយ ក្រូម៉ូហ្សូម(Chromozome) ដែលមានលក្ខណៈជាសរសៃ 2ខ្សែដែលតម្រៀបគ្នាជាគូៗ តោងគ្នាជាប់ណែនដូចជាជណ្ដើរវិល និងនៅលើសរសៃក្រូម៉ូហ្សូមនឹងមានហ្ស៊ែន ដែលហ្ស៊ែននេះបានមកពីការផ្សំចូលគ្នារវាងខាងឪពុក និងខាងម្ដាយម្នាក់ពាក់កណ្ដាល។ ហ្ស៊ែនជាអង្គភាពគ្រប់គ្រងគុណភាព និងលក្ខណៈផ្សេងៗរបស់មនុស្ស មិនថាតែមុខមាត់ រូបរាង កម្ពស់ ពណ៌សម្បុរ ភាពឆ្លាត-ល-ហើយដែលហ្ស៊ែននៅក្នុងផ្នែករបស់អវយវៈខួរក្បាលនេះឯងដែលបានទទួលមកពីហ្ស៊ែនរបស់ឪពុក និងម្ដាយម្នាក់ពាក់កណ្ដាល ដែលមានផលធ្វើឱ្យទារកនៅពេលធំធាត់ឡើងនឹងមានលក្ខណៈស្រដៀងនឹងឪពុក និងម្ដាយ។

    ដូច្នេះហើយទើបពូជកំណើតពីឪពុក និងម្ដាយគឺជាផ្នែកមួយដែលមានភាពសំខាន់ចំពោះគុណភាពរបស់ទារក ព្រោះថា ទារកនឹងឆ្លាតវាងវៃប៉ុនណា ហ្ស៊ែនដែលបានទទួលពីឪពុក និងម្ដាយនោះមានចំណែកពាក់ព័ន្ធគ្នាយ៉ាងខ្លាំង។ ក្រៅពីហ្ស៊ែនដែលបានទទួលពីឪពុក និងម្ដាយហើយ នៅមានបច្ច័យផ្សេងទៀតក៏មានផលចំពោះទារកដែរ។

    2 . អាហារការហូបចុក

    ចំណីអាហារដែលយើងញ៉ាំចូលទៅក្នុងមួយថ្ងៃៗនឹងត្រូវបំប្លែងឱ្យក្លាយជាសារធាតុអាហារ ដែលក្នុងពេលបច្ចុប្បន្នពិភពវេជ្ជសាស្រ្តបានផ្ដល់នូវការទទួលស្គាល់ហើយថា បើទារកតាំងពីនៅក្នុងគភ៌បានទទួលសារធាតុអាហារដែលល្អ និងសមរម្យនោះ នឹងជួយឱ្យរាងកាយរបស់ទារកអាចអភិវឌ្ឍ និងធំធាត់ឡើងក្លាយជាក្មេងអច្ឆរិយៈបានដូចគ្នា ព្រោះសារធាតុអាហារជាច្រើនប្រភេទមានផលល្អក្នុងការកសាងរាងកាយរបស់ទារកតាំងពីនៅក្នុងគភ៌ ដូចជា ប្រូតេអ៊ីនជាសារធាតុអាហារដែលរាងកាយត្រូវប្រើដើម្បីបង្កើនទំហំ និងគុណភាពរបស់ខួរក្បាល។ បើទារកបានទទួលសារធាតុអាហារដែលគ្រប់គ្រាន់ រាងកាយរបស់ទារកក៏នឹងអាចអភិវឌ្ឍខួរក្បាលបានយ៉ាងល្អពេញលេញ។ នៅពេលខួរក្បាលល្អពេញលេញ ការធ្វើការងាររបស់ខួរក្បាលក៏នឹងដំណើរការទៅបានយ៉ាងពេញលេញល្អដូចគ្នា។

    ខួរក្បាលជាអវយវៈដែលសំខាន់ខ្លាំងណាស់ ហើយខួរក្បាលក៏ប្រកបទៅដោយកោសិកាក្នុងចំនួនដ៏ច្រើនដូចគ្នា។ បើស្រ្តីមានគភ៌បានទទួលសារធាតុអាហារជាប្រូតេអ៊ីនតិចជ្រុលពេក កោសិកាខួរក្បាលរបស់កូនក្នុងផ្ទៃក៏នឹងមានទំហំតូច និងធ្វើឱ្យទារកដែលប្រសូតចេញមកមានកម្រិតសតិបញ្ញាទាបជាងក្មេងដទៃទៀត។ ក្រៅពីប្រូតេអ៊ីនហើយ នៅមានសារធាតុអាហារផ្សេងៗទៀត ដូចជា ក្រុមវីតាមីនប្រភេទខ្លះក៏មានផលល្អដល់ប្រព័ន្ធប្រសាទរបស់ទារកដែរ ដូច្នេះហើយទើបអាហារដែលស្រ្តីមានគភ៌បានទទួលចូលទៅនោះ មានផលល្អយ៉ាងខ្លាំងដល់ទារកក្នុងគភ៌។

    3 . សភាពបរិស្ថាន

    សភាពបរិស្ថាននៅក្នុងទីនេះនឹងមានផលប៉ះពាល់តាំងពីស្រ្តីចាប់ផ្ដើមតាំងគភ៌ម្ល៉េះ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវខាងវេជ្ជសាស្រ្តបានបញ្ជាក់ថា បើស្រ្តីដែលមានគភ៌ត្រូវទ្រាំទ្រនៅជាមួយសភាពបរិស្ថានដែលមិនល្អ ទាំងរឿងសំឡេងដែលឮខ្លាំងហួសហេតុ មានក្លិនដែលមិនគួរឱ្យប៉ងប្រាថ្នា ឬធ្វើឱ្យស្រ្តីមានគភ៌មានអារម្មណ៍មួម៉ៅ ឬធុញថប់នោះ ទារកក៏នឹងបានទទួលផលប៉ះពាល់ពីសភាពបរិស្ថានទាំងនោះដូចគ្នា ដូចជា នៅពេលប្រសូតចេញមកហើយ ទម្ងន់ខ្លួននឹងតិចជាងប្រក្រតី ឬត្រូវប្រសូតចេញមកមុនកំណត់ ទារកងាយភ្ញាក់ផ្អើល ពិបាកចិញ្ចឹម ឬប៉ឹនយំ ជាដើម។

    បើចង់ឱ្យប្រសូតទារកចេញមកក្លាយជាក្មេងអច្ឆរិយៈ តើត្រូវធ្វើយ៉ាងណា?

    យើងមើលឃើញថា ពូជកំណើតពីឪពុក និងម្ដាយគ្រាន់តែជាចំណែក 1ភាគ3 នៃបច្ច័យប៉ុណ្ណោះ ដែលនឹងធ្វើឱ្យកូនក្លាយជាក្មេងដែលមានគុណភាព ជាក្មេងអច្ឆរិយៈ និងបច្ច័យ 2ផ្នែកទៀត គឺរឿងអាហារការហូបចុក និងសភាពបរិស្ថានក៏ជារឿងដែលឪពុកម្ដាយគ្រប់រូបអាចកំណត់ និងកែខៃបានដែរ ដូច្នេះមិនចាំបាច់ទៅនឹកកង្វល់ថា ពូជកំណើតរបស់យើងមិនល្អគ្រប់គ្រាន់ទេដឹងនោះឡើយ។

    គោលការណ៍ក្នុងការប្រតិបត្តិខ្លួនរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌យ៉ាងងាយៗនោះគឺ ទទួលទានអាហារឱ្យបានគ្រប់ប្រភេទក្រុមនៃអាហារ សង្កត់ធ្ងន់លើអាហារដែលមានប្រូតេអ៊ីនឱ្យច្រើនបន្តិច អាចនឹងញ៉ាំទឹកដោះគោក្នុងមួយថ្ងៃ 3-4កែវ ស៊ុតមាន់ 1គ្រាប់ ទទួលទានត្រីឱ្យបានច្រើន បន្លែផ្លែឈើ រួមទាំងថ្នាំបំប៉នដែលបានទទួលពីគ្រូពេទ្យដែលពិនិត្យគភ៌ រួមទាំងគួររស់នៅក្នុងទីកន្លែងដែលគ្មានសំឡេងខ្លាំងៗរំខាន មានខ្យល់អាកាសចេញចូលល្អ និងថែរក្សាអារម្មណ៍របស់ខ្លួនឱ្យស្រស់ថ្លាជាប់ជានិច្ច…តែប៉ុណ្ណឹង ទារកនៅក្នុងផ្ទៃក៏នឹងល្អឥតខ្ចោះ រឹងមាំទាំងរាងកាយ និងចិត្តគំនិត និងត្រៀមជាស្រេចក្នុងការធំធាត់ឡើងក្លាយជាក្មេងដែលឆ្លាតវាងវៃ អច្ឆរិយៈបានបាត់ទៅហើយ៕

  • តែ 3 ចំណុចគត់! រឿងសំខាន់ដើម្បីចិញ្ចឹមកូនប្រុសឱ្យក្លាយជា “ក្មេងមិនសូវចេះខឹង”

    តែ 3 ចំណុចគត់! រឿងសំខាន់ដើម្បីចិញ្ចឹមកូនប្រុសឱ្យក្លាយជា “ក្មេងមិនសូវចេះខឹង”

    ពេលចិញ្ចឹមកូនប្រុស មានអ្នកម្ដាយជាច្រើននាក់គិតតែពី “កង្វល់រឿងអនាគតរបស់កូន…” ដោយមិនបាននឹកទៅដល់ភាពច្រងេងច្រងាង ឬអំពើហិង្សា ឬពេលធ្វើការងារអ្វីមួយជាក្រុម ដែលយើងប្រហែលជាមិនចង់ឱ្យកូនប្រុសក្លាយជា “ក្មេងឆេវឆាវ” ពេលមានអ្វីមួយមិនត្រូវចិត្ត ក៏ប្រើកម្លាំងបាយទៅលើមិត្តភក្តិ ឬស្រែកឡូឡានោះឡើយ។ ដូច្នេះតើត្រូវធ្វើយ៉ាងណាដើម្បីចិញ្ចឹមកូនឱ្យក្លាយជា “ក្មេងដែលមិនងាយខឹង”? ថ្ងៃនេះ ឡារ៉ែននឹងបង្ហាញជូននូវរឿងសំខាន់ 3ចំណុចក្នុងការចិញ្ចឹមកូនប្រុសឱ្យក្លាយជា “ក្មេងមិនងាយខឹង” នាពេលអនាគត។

    ចំណុចទី1 ៈ ឱ្យនិយាយឱ្យបានច្រើន

    ពេលមានរឿងដែលមិនត្រូវចិត្ត ឬមិនដូចនឹងអ្វីដែលខ្លួនឯងគិត ក៏ទ្រគោះបោះបោក ឬគប់គ្រវែងវត្ថុរបស់របរ ស្រែកឡូឡាផងក៏មាន។ ដូចយើងដឹងហើយថា ទង្វើ “ខឹងក្រេវក្រោធ” ជាប្រភពកំណើតនៃការខ្វះភាពខាំមាត់អត់ទ្រាំសង្កត់ចិត្ត។ អាចនិយាយបានថា ក្មេងៗជាមនុស្សដែលមិនមានភាពខាំមាត់អត់ទ្រាំ ហើយពិសេសក្មេងប្រុសច្រើនតែច្រងេងច្រងាង ឬប្រើអំពើហិង្សាជាធម្មតា ដូច្នេះចាប់តាំងពីអាយុបាន 2ឆ្នាំឡើងទៅ គេនឹងយល់ដឹងពីភាសា និងចាប់ផ្ដើមចេះនិយាយបានហើយ អ្នកម្ដាយគួរហ្វឹកហាត់ឱ្យកូនតូចចេះគ្រប់គ្រងសតិស្មារតីរបស់ខ្លួនឯងឱ្យបាន ដែលកូនសោក្នុងការបណ្ដុះភាពខាំមាត់អត់ទ្រាំនេះ ការពិតទៅក៏គឺ “ពាក្យសំដី” ហ្នឹងឯង។

    មនុស្សយើងអាចបញ្ចេញពីតម្រូវការរបស់ខ្លួនបានមួយខណៈពេល តាមរយៈការនិយាយនូវអ្វីដែលខ្លួនឯងគិត។ បើបាននិយាយអ្វីដែលខ្លួនឯងកង្វល់ ឬដក់ជាប់ក្នុងចិត្តប្រាប់ទៅនរណាម្នាក់ហើយ ផ្លូវចិត្តក៏នឹងភ្លឺស្រឡះឡើង ក្មេងៗក៏ដូចគ្នាដែរ។ បើកូនចេះនិយាយបានហើយ ចូរឱ្យគេនិយាយឱ្យបានច្រើន ឱ្យហាត់និយាយប្រាប់ពីអារម្មណ៍របស់ខ្លួនឯងចេញមក។ ជាទូទៅក្មេងស្រីនឹងឆាប់ចេះនិយាយជាងក្មេងប្រុស និងពូកែនិយាយ(និយាយច្រើន) ដែលអាចនិយាយបានថា ការដែលក្មេងស្រីមានភាពអត់ទ្រាំខ្លាំងជាងក្មេងប្រុសនោះ គឺដោយសារតែការ “និយាយច្រើន” ហ្នឹងឯង។

    ចំណុចទី2 ៈ “ដាក់សំណួរ” មិនស្ដីបន្ទោសដោយមិនសួរពីហេតុផល

    នៅពេលកូនឆេវឆាវមួម៉ៅប្រើកម្លាំងបាយ សូមកុំអាលជេរស្ដីបន្ទោសដោយមិនសួរពីហេតុផលឱ្យសោះ សូមឱ្យអង្គុយចុះបែរមុខរកគ្នា ហើយសួរកូនថា “ហេតុអីបានជាអម្បាញ់មិញនេះកូនគប់របស់របរអ៊ីចឹង?” និងឱ្យគេហ្វឹកហាត់និយាយពីអ្វីដែលគេកំពុងគិតនៅក្នុងចិត្ត និងគិតថា នឹងមានរឿងដែលកូនចង់និយាយចេញមកច្រើន ដូចជា “មិនចូលចិត្តត្រូវគេដណ្ដើមរបស់លេង” ឬ “ចង់ញ៉ាំទឹកផ្លែឈើទៀត” ជាដើម។

    មុនដំបូង ចូរទទួលស្ដាប់ពាក្យសំដីរបស់កូនសិន ហើយណែនាំថា “លើកក្រោយ សាកល្បងប្រាប់ម៉ាក់សិនមក មុននឹងគប់គ្រវែងរបស់របរ ល្អទេកូន?” បើបង្ហាត់របៀបនេះយ៉ាងជាប់លាប់ជារឿយៗ កូនតូចនឹងមានភាពខាំមាត់អត់ទ្រាំសង្កត់ចិត្តបានច្រើនឡើងមិនខាន។

    ចំណុចទី3 ៈ ឪពុកម្ដាយត្រូវធ្វើជា “មនុស្សចាស់ដែលមិនងាយខឹង”

    កូនៗច្រើនតែមើលពីឥរិយាបថរបស់ឪពុកម្ដាយ។ បើចង់ឱ្យកូនក្លាយជាក្មេងដែលមិនឆាប់ខឹងឆេវឆាវ លោកឪពុកអ្នកម្ដាយខ្លួនឯងត្រូវតែធ្វើជា “មនុស្សចាស់ដែលមិនងាយខឹង”។ ការចិញ្ចឹមកូនប្រុស តាមរយៈការរពឹសរបស់គេ ពេលខ្លះអាណាព្យាបាលអាចនឹងខឹងតូងឡើងក៏មាន តែសូមឱ្យរម្ងាប់អារម្មណ៍នោះឱ្យបាន។ មុននឹងស្រែកជេរស្ដីបន្ទោសកូនដោយសំឡេងខ្លាំងៗ ចូរដកដង្ហើមចូលវែងៗឱ្យបានមួយដង ហើយព្យាយាមនិយាយយ៉ាងចិត្តត្រជាក់។

    កូនប្រុសច្រើនតែចង់ធ្វើតាមអាកប្បកិរិយារបស់ឪពុកខ្លាំងជាងរបស់ម្ដាយ ដូច្នេះហើយទើបចង់សុំអង្វរលោកឪពុកទាំងឡាយសូមព្យាយាមកុំស្រែកស្ដីបន្ទោសកូនដោយមិនសួរពីហេតុផលមុនឱ្យសោះ។ ការដែលក្មេងប្រុសនិយាយគំរោះគំរើយ ប្រើហិង្សា មួយចំណែកក៏មកពីសញ្ជាតិញាណដែរ ទើបវាជារឿងមួយដែលមិនអាចជួយបាន តែភាពខាំមាត់សង្កត់ចិត្តអត់ទ្រាំ យើងអាចបង្ហាត់បង្រៀន និងបណ្ដុះបណ្ដាលបាន អាស្រ័យលើវិធីការប្រតិបត្តិរបស់ឪពុកម្ដាយ ព្រោះការអប់រំប្រៀនប្រដៅត្រូវប្រើពេលវេលា ត្រូវប្រតិបត្តិយូរជាបន្តបន្ទាប់ ដូច្នេះទើបចង់ឱ្យលោកឪពុកអ្នកម្ដាយព្យាយាមធ្វើចិត្តឱ្យត្រជាក់ៗ និងប្រើពេលវេលា មិនមែនចិត្តក្ដៅចង់ឃើញលទ្ធផលភ្លាមៗនោះទេ៕

  • ស្រ្តីមានផ្ទៃពោះឃ្លានញឹកញាប់ គួរញ៉ាំអ្វីក្រៅពីពេលបាយ?

    ស្រ្តីមានផ្ទៃពោះឃ្លានញឹកញាប់ គួរញ៉ាំអ្វីក្រៅពីពេលបាយ?

    អាហារក្រៅពីពេលបាយសម្រាប់ស្រ្តីមានផ្ទៃពោះ តើគួរទទួលទានអ្វីល្អដើម្បីជួយបំប៉នរាងកាយរបស់ខ្លួនឯង និងកូនក្នុងផ្ទៃ? ខាងក្រោមនេះគឺ អាហារ 5យ៉ាងដែលស្រ្តីមានផ្ទៃពោះគួរទទួលទាន…។

    1 . នំឃុកគី ឬនំខ្រេកគើរ : សម្រាប់ស្រ្តីមានផ្ទៃពោះ នំឃុកគីដែលចង់ណែនាំគឺ នំពពួកស្រូវអូក ឬនំឃុកគីដែលលាយជាមួយធញ្ញជាតិផ្សេងៗ ដូចជា អាល់ម៉ុន ឬគ្រាប់ស្វាយចន្ទី ព្រោះស្រ្តីមានផ្ទៃពោះនឹងបានទទួលគុណប្រយោជន៍ខាងអាហារពីម្សៅនៅក្នុងអង្ករស្រូវអូក រួមទាំងប្រូតេអ៊ីនពីគ្រាប់សណ្ដែក ឬធញ្ញជាតិប្រភេទផ្សេងៗទៀតផង។

    2 . អាហារប្រភេទស៊ីរៀល : ស៊ីរៀលជាអាហារដែលផ្ដល់កម្លាំងថាមពល និងហ្វូលេតខ្ពស់ មានវីតាមីន និងសារធាតុរ៉ែដែលចាំបាច់សម្រាប់ស្រ្តីមានគភ៌ ជាពិសេសក្នុងអំឡុងពេលចាញ់កូន ញ៉ាំអ្វីមិនសូវបាន។

    3 . យ៉ាអួ : ស្រ្តីមានគភ៌អាចជ្រើសរើសទទួលទានទឹកដោះគោជូរ ឬយ៉ាអួក្រៅពីពេលអាហារចម្បងៗបានពេលមានអារម្មណ៍ថាខ្លួនឯងឃ្លាន ដោយសារតែនៅក្នុងយ៉ាអួមានកាល់ស្យូមដែលជាផ្នែកសំខាន់ក្នុងការសាងឆ្អឹង និងធ្មេញឱ្យរឹងមាំទាំងសម្រាប់កូនតូចក្នុងផ្ទៃ និងអ្នកម្ដាយខ្លួនឯង។

    4 . បន្លែ និងផ្លែឈើ : បន្លែ និងផ្លែឈើ គឺជាអ្វីដែលស្រ្តីមានផ្ទៃពោះគួរទទួលទានយ៉ាងមិនអាចចៀសវាងបាន ជាពិសេសបំផុតផ្លែលម៉ើ ស្រកានាគ ផ្លែល្ហុងទុំ ផ្លែប៉ោម ម្នាស់ បន្លែពណ៌បៃតងចាស់ ប៉េងប៉ោះ-ល- ដើម្បីឱ្យរាងកាយបានទទួលវីតាមីន និងសារធាតុរ៉ែយ៉ាងគ្រប់គ្រាន់ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធប្រឆាំងជំងឺឱ្យរឹងមាំឡើង៕

  • អាហារបង្កើនទម្ងន់កូន និងតិចនិកល្អៗដែលអ្នកម្ដាយមិនគួរខកខាន

    អាហារបង្កើនទម្ងន់កូន និងតិចនិកល្អៗដែលអ្នកម្ដាយមិនគួរខកខាន

    ក្មេងដែលមានទម្ងន់ខ្លួនទាបជាងប្រក្រតី ច្រើនតែមានមូលហេតុមកពីការចិញ្ចឹមថែទាំ កូនញ៉ាំតិច និងមិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវតាមក្បួនភោជនាហារ ទាំងក្នុងរឿងបរិមាណ និងជីវជាតិ បណ្ដោយតាមចិត្តកូនជ្រុលពេក ជាហេតុធ្វើឱ្យឪពុកម្ដាយកង្វល់ចិត្ត ខ្លាចកូនស្គមមានទម្ងន់ខ្លួនខុសប្រក្រតី ដូច្នេះទើបអាហារបន្ថែមទម្ងន់កូនក្លាយជារឿងសំខាន់ដែលឪពុកម្ដាយគួរតែយកចិត្តទុកដាក់ឱ្យបានច្រើនឡើង។

    កូនមានទម្ងន់ខ្លួនតិចជាងប្រក្រតី(ស្គម)ច្រើនតែមានមូលហេតុមកពី ៈ

    – ការចិញ្ចឹមថែទាំ ៈ ក្មេងញ៉ាំតិច មិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវទាំងបរិមាណ និងជីវជាតិអាហារដោយសារតែការមិនដឹង ឬបណ្ដោយតាមចិត្តក្មេង។

    – សភាវឈឺថ្កាត់របស់រាងកាយ ៈ អាចមានជំងឺរ៉ាំរ៉ៃ ឬបញ្ហារបស់ភាពពិការតាំងពីកំណើត ធ្វើឱ្យមានការចម្រើនធំធាត់យឺត ដូចជាជំងឺបេះដូង ជាដើម។ល។

    – ការគេងសម្រាក ៈ គេងលក់សម្រាកមិនបានគ្រប់គ្រាន់ ឬចូលគេងយប់ជ្រៅជាប្រចាំ។

    វិធីជួយបង្កើនទម្ងន់ខ្លួនកូន

    កូនមានទម្ងន់ខ្លួនតិច(ស្គម)ជារឿងលំបាកចិត្តរបស់អ្នកម្ដាយ ដូច្នេះយើងនាំគ្នាមកមើលពីតិចនិក 4យ៉ាងដែលនឹងជួយអ្នកម្ដាយក្នុងការបង្កើនទម្ងន់ខ្លួនកូនថា តើមានអ្វីខ្លះ?

    1. សង្កេតរឿងអាហារ ៈ ក្រុមអាហារដែលកូនញ៉ាំនោះ មានប្រយោជន៍ដល់រាងកាយច្រើនប៉ុនណា ដូចជា សាច់ ទឹកដោះ ស៊ុត មិនគ្រប់គ្រាន់ ក៏ធ្វើឱ្យកូនស្គមបានដែរ រួមទាំងបរិមាណអាហារក៏ត្រូវតែសមល្មមនឹងការប្រើកម្លាំងថាមពលដែរ។
    2. កែសម្រួលវិធីចម្អិន ៈ សម្រាប់ក្មេងដែលមានទម្ងន់ខ្លួនតិច អ្នកម្ដាយអាចប្ដូរពីអាហារស្ងោរ មកជាអាហារឆា ឬចៀនឱ្យបានញឹកញាប់ឡើង តែអ្នកម្ដាយត្រូវប្រយ័ត្នរឿងប្រព័ន្ធរំលាយអាហាររបស់កូនផង។
    3. បន្ថែមគ្រឿងផ្សំ ៈ ការបន្ថែមចំណែកផ្សំរបស់អាហារដែលនឹងធ្វើឱ្យកូនញ៉ាំបាន ដូចជា ទឹកដោះ ប៊័រ ម្សៅ ឬស្ករខ្លះៗ ក៏នឹងជួយបង្កើនទម្ងន់ខ្លួនកូនបានដែរ។
    4. រៀបចំអាហារញ៉ាំបន្ថែមពេលទំនេរ ៈ ការរៀបចំអាហារញ៉ាំពេលទំនេរ ដូចជា នំសាំងវិច ជាមួយទឹកដោះគោ ឬទឹកផ្លែឈើក្រឡុកដែលផ្សំដោយទឹកដោះគោ ឬទឹកស្ករ ក៏ជាការបំពេញកម្លាំងថាមពលដែលបាត់បង់ទៅក្នុងចន្លោះពេលបាយចម្បងៗដល់កូនបានដែរ។

    វត្ថុធាតុដើម 6យ៉ាងក្នុងការផ្សំម្ហូបអាហារបង្កើនទម្ងន់កូន

    ក្រៅពីវិធីការចម្អិនអាហារហើយ ការជ្រើសរើសវត្ថុធាតុដើមមកធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារ ក៏មានភាពសំខាន់ចំពោះទម្ងន់ខ្លួនរបស់កូនដូចគ្នាដើម្បីឱ្យអ្នកម្ដាយបានបង្កើនទម្ងន់ខ្លួនកូនពីសារធាតុអាហារប្រភេទម្សៅ និងខ្លាញ់ដែលល្អចំពោះសុខភាព។

    1. ទឹកដោះគោឆៅ ឬទឹកដោះគោដែលកូនញ៉ាំជាប្រចាំ ព្រោះជាទឹកដោះដែលមានជាតិខ្លាញ់អាចយកមកផ្សំធ្វើជាម្ហូបអាហារបាន។
    2. ត្រីដែលមានជាតិខ្លាញ់ច្រើន ដូចជាត្រីសណ្ដាយ ត្រីអណ្ដែង ដែលនឹងជួយក្នុងការសាងជាតិខ្លាញ់បានល្អ។
    3. សណ្ដែកផ្សេងៗ ជាពិសេស សណ្ដែកដី មានប្រយោជន៍ជួយបង្កើនកម្លាំងថាមពល តែមិនគួរញ៉ាំច្រើនជ្រុលពេកដែរ ព្រោះវានឹងធ្វើឱ្យហើមពោះ។
    4. ស៊ុត ជាអាហារពហុប្រយោជន៍ដែលបន្ថែមកម្លាំងថាមពលដល់កូន។
    5. បន្លែដែលមានជាតិម្សៅច្រើន និងផ្ដល់ថាមពលខ្ពស់ ដូចជាពោត ល្ពៅ មានជាតិម្សៅច្រើន និងផ្ដល់ថាមពលខ្ពស់។
    6. ផ្លែឈើស្រស់ផ្សេងៗ ក្រៅពីមុខម្ហូបអាហារចម្បងៗហើយនោះ ផ្លែឈើក៏អាចធ្វើជាអាហារញ៉ាំពេលទំនេរដើម្បីបង្កើនថាមពលក្នុងចន្លោះពេលថ្ងៃបានដែរ ថែមទាំងមានប្រយោជន៍ច្រើនទៀតផង។

    អាហារបន្ថែមទម្ងន់កូនវ័យ 6 – 12ឆ្នាំ

    ឱ្យកូនបានញ៉ាំអាហារឱ្យគ្រប់ 5ប្រភេទក្រុមក្នុងមួយពេលៗដែលប្រកបដោយ ៈ

    • បាយ 2 – 3វែក។
    • សាច់សត្វ 2ស្លាបព្រាបាយ ឬស៊ុត(ស៊ុតជាប្រូតេអ៊ីនគុណភាព ក្មេងមានទម្ងន់ខ្លួនតិចគួរឱ្យញ៉ាំមួយថ្ងៃ 1គ្រាប់)។
    • ឆាបន្លែ 1វែក។
    • ផ្លែឈើ ដូចជាក្រូច 1ផ្លែ ឬចេក 1ផ្លែ ឬល្ហុងទុំ 4 – 5ចំណិត ឬផ្លែឈើផ្សេងៗទៀត។
    • ទឹកដោះគោ 1កែវ។

    បើកូនញ៉ាំអាហារបានតិច ចូរបែងចែកពេលញ៉ាំអាហារចម្បងៗទៅជាពេលតូចៗ អាចបបួលកូនឱ្យមានចំណែករួមក្នុងការត្រៀមរៀបចំអាហារ ឱ្យសាកភ្លក្ស និងអង្គុយញ៉ាំដំណាលគ្នាជាមួយប៉ាម៉ាក់យ៉ាងរីករាយ។ នាំកូនទៅហាត់ប្រាណ រត់លេង ព្រោះនៅពេលកូនបានបញ្ចេញកម្លាំងថាមពលហើយ នឹងធ្វើឱ្យកូនឃ្លាន និងញ៉ាំបានច្រើន។ មិនគួរឱ្យកូនញ៉ាំនំ បៀមស្ករគ្រាប់ ឬទឹកដោះគោមុនពេលបាយឡើយ ព្រោះនឹងធ្វើឱ្យកូនឆាប់ឆ្អែត និងញ៉ាំបាយបានតិច។

    ការមើលថែទាំកូនឱ្យគេងលក់សម្រាកឱ្យគ្រប់គ្រាន់ ហាត់ប្រាណជាប់ជានិច្ច ជាផ្នែកសំខាន់ក្នុងការបង្កើនទម្ងន់ខ្លួន និងកម្ពស់ដល់កូនៗដំណាលគ្នានឹងភាពរឹងមាំរបស់រាងកាយ និងដែលសំខាន់គឺ សេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់អំពីឪពុកម្ដាយ ជាវិធីដែលនឹងធ្វើឱ្យកូនមានសុខភាពរាងកាយដែលរឹងមាំ និងមានទម្ងន់ខ្លួនតាមស្តង់ដារបានល្អបំផុត៕

  • 14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម

    14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម

    ខណៈតាំងគភ៌ ជាពិសេសតាំងគភ៌លើកដំបូង ស្រ្តីមានគភ៌អាចនៅមិនទាន់ដឹង ឬដឹងមិនអស់សេចក្ដីពាក់ព័ន្ធនឹងទង្វើដែលមិនស័ក្តិសម ឬចំណុចហាមឃាត់ផ្សេងៗដែលគ្រូពេទ្យជំនាញបានហាម ឬអនុញ្ញាតឱ្យធ្វើដែរ តែត្រូវធ្វើឱ្យតិចបំផុតដើម្បីសុខភាពរបស់ទាំងម្ដាយ និងកូនក្នុងគភ៌។ ចំណុចហាមឃាត់ទាំងនោះមានហេតុផលត្រឹមត្រូវច្បាស់លាស់ខាងវិទ្យាសាស្រ្ត មិនមែនជាជំនឿតៗគ្នានោះឡើយ។

    1 . ហាមមួម៉ៅ ធុញថប់ តានតឹងអារម្មណ៍

    ខណៈដែលរាងកាយមានភាពធុញថប់តានតឹង ខួរក្បាលនឹងបញ្ជាទៅក្រពេញ អាឌ្រីណាលីន ដែលស្ថិតនៅខាងលើក្រលៀនឱ្យបញ្ចេញអ័រម៉ូននៃភាពធុញថប់តានតឹងអារម្មណ៍មួយប្រភេទចេញមក ហុចផលឱ្យរាងកាយមានអារម្មណ៍ចង់ញ៉ាំអាហារ ធ្វើឱ្យស្រ្តីមានគភ៌ត្រូវតែញ៉ាំអាហារចូលទៅច្រើន។ ធុញថប់តានតឹងច្រើន ញ៉ាំច្រើន ធាត់ច្រើន ធ្វើឱ្យស្រ្តីមានគភ៌ឡើងទម្ងន់ព្រឹបៗដែលជារឿងមិនល្អឡើយសម្រាប់ស្រ្តីមានគភ៌ និងក្រៅពីនោះ ស្រ្តីមានគភ៌ដែលមានអារម្មណ៍មួម៉ៅធុញថប់តានតឹងច្រើន ទារកក្នុងផ្ទៃក៏នឹងទទួលផលប៉ះពាល់ដូចគ្នា ដែលក្រោយពេលប្រសូតចេញមក ទារកច្រើនតែមានទង្វើពិបាកចិញ្ចឹម និងយំរករឿងច្រើន។

     

    2 . ហាមហាត់ប្រាណបង្ខំ និងហាត់ខ្លាំង

    គ្រប់ត្រីមាសរបស់ការតាំងគភ៌ គួរហាត់ប្រាណតែល្មមសមរម្យបានហើយ។ ក្នុងត្រីមាសដំបូង បើប្រឹងហាត់ប្រាណខ្លាំង និងហក់លោតពេក នឹងកើតកម្លាំងញ័ររញ្ជួយខ្លាំង មានផលប៉ះពាល់តួកំណើត អាចបណ្ដាលឱ្យរលូតបាន។ សម្រាប់ត្រីមាសទី2 និងទី3 វិញ បើសិនហាត់ប្រាណខ្លាំងក្លាពេក រាងកាយនឹងប្ដូរផ្លាស់ហ្គាសអុកស៊ីហ្ស៊ែនមិនទាន់ ធ្វើឱ្យទារកកើតមានសភាវខ្វះអុកស៊ីហ្ស៊ែនបាន។

    3 . ហាមពាក់ស្បែកជើងកែងចោត

    ស្រ្តីមានគភ៌ច្រើនតែមកជួបគ្រូពេទ្យដោយអាការឈឺខ្នងជាញឹកញាប់ តើនរណាទៅនឹកឃើញថា មូលហេតុគឺមកពីស្បែកជើង?។ ការដែលស្រ្តីមានគភ៌ពាក់ស្បែកជើងកែងចោតខ្ពស់ៗ ធ្វើឱ្យសាច់ដុំនៅម្ដុំកំភួនជើង ភ្លៅ ចង្កេះ និងខ្នង កើតភាពតានតឹង និងអាការឈឺចាប់តាមមក។ ក្រៅពីនេះនៅជួបប្រទះទៀតថា ស្បែកជើងកែងចោតបានធ្វើឱ្យចំណុចរួមនៃទម្ងន់ខ្លួនរបស់ស្រ្តីមានគភ៌បាត់បង់តុល្យភាព អាចធ្វើឱ្យដួល និងបណ្ដាលឱ្យរលូតបុត្របាន។

    4 . ហាមញ៉ាំថ្នាំផ្ដេសផ្ដាស់

    ចំណុចនេះសំខាន់ខ្លាំងណាស់ ជាពិសេស 12សប្ដាហ៍ដំបូង ព្រោះជាអំឡុងពេលកកំណើត សាងអវយវៈដែលសំខាន់ៗរបស់តួកំណើត។ បើញ៉ាំថ្នាំដែលបង្កអន្តរាយ នឹងមានភាពប៉ះពាល់បណ្ដាលឱ្យមានពិការភាពដល់ទារកក្នុងគភ៌បាន ដូចជា ពិការដៃជើង ឆែបមាត់ ជាដើម ជាពិសេសពពួកថ្នាំបំបាត់មុន និងនៅឱ្យឆ្ងាយពីសារធាតុគីមីផ្សេងៗ ដូចជា ថ្នាំបាញ់មូស។ល។ បើមានអាការជំងឺធ្ងន់ធ្ងរគួរទៅជួបគ្រូពេទ្យជំនាញ។

    5 . ហាមចូលគេងយប់ជ្រៅ

    ស្រ្តីមានគភ៌ត្រូវគេងលក់សម្រាកឱ្យបានគ្រប់គ្រាន់យ៉ាងតិច 8ម៉ោងក្នុងមួយយប់។ បើគេងពេលយប់មិនគ្រប់គ្រាន់ ក្នុងអំឡុងពេលថ្ងៃចូរស្រ្តីមានគភ៌គេងលក់សម្រាកមួយស្រឡេត ជាពិសេសបំផុតក្នុងរយៈពេល 14សប្ដាហ៍ដំបូងនៃការតាំងគភ៌។ មានការសិក្សាស្រាវជ្រាវនៅប្រទេសសហរដ្ឋអាមេរិកមួយបានរកឃើញថា ស្រ្តីមានគភ៌ដែលគេងបានតិចជាងមួយយប់ 5ម៉ោង នឹងប្រថុយនឹងការត្រូវជំងឺផ្សេងៗយាយីរហូតពេលមួយរយៈកាលនៃការតាំងគភ៌ ដែលអាចបង្កគ្រោះថ្នាក់ទៅដល់ទារកក្នុងគភ៌នៅទីបំផុត។

    6 . ហាមអត់អាហារ និងសម្រកទម្ងន់

    បើស្រីមានគភ៌គ្មានចំណុចកម្រិតខាងវេជ្ជសាស្រ្តថា ត្រូវកម្រិតអាហារទេនោះ គួរទទួលទាមអាហារឱ្យគ្រប់ និងសមល្មមទៅតាមតម្រូវការរបស់រាងកាយ ព្រោះការសិក្សាស្រាវជ្រាវដដែលនោះបានរកឃើញថា ស្រ្តីមានគភ៌ដែលតម ឬអត់អាហារ ធ្វើឱ្យទារកមានអត្រាក្នុងការប្រសូតមុនកាលកំណត់ខ្ពស់ និងអាចពិការខួរក្បាល ដោយសារតែនៅក្នុងអាហារទាំង 5ប្រភេទក្រុមមានសារធាតុអាហារដែលសំខាន់ដល់ការបំប៉នខួរក្បាលទារក ដូចជា សារធាតុហ្វូលេតដែលបានពីបន្លែផ្លែឈើ និងវីតាមីនផ្សេងៗដែលជួយក្នុងការសាងអវយវៈសំខាន់ៗ។ សម្រាប់ស្រ្តីមានគភ៌ដែលបារម្ភខ្លាចធាត់នោះ ក្រោយពេលប្រសូត ឡារ៉ែន សូមណែនាំ ឱ្យចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងតែម្យ៉ាងគត់ នោះធានាថា ទម្ងន់នឹងស្រកចុះយ៉ាងឆាប់រហ័សមិនខាន។

    7 . ហាមរំលង ឬខកខានការណាត់ពិនិត្យគភ៌

    ស្រ្តីមានគភ៌ត្រូវតែដឹងខ្លួនជាប់ជានិច្ចអំពីភាពសំខាន់នៃការពិនិត្យគភ៌ ព្រោះរាងកាយរបស់ម្ដាយ និងកូនក្នុងផ្ទៃមានការប្រែប្រួលគ្រប់ពេលវេលា បើរកឃើញភាពខុសប្រក្រតីណាមួយរបស់ម្ដាយ ឬទារកក្នុងគភ៌ គ្រូពេទ្យនឹងបានផ្ដល់ការជួយសង្រ្គោះទាន់ពេលវេលា តែបើសិនជាខកខាន ឬរំលងការណាត់ពិនិត្យគភ៌នៅថ្ងៃនោះ គួរតែទៅជួបគ្រូពេទ្យនៅថ្ងៃបន្ទាប់កុំរំលងឱ្យសោះ។

    (នៅមានត)

  • នៅពេលកូនតូចឈានចូលខែទី 12 (អាយុ 1ឆ្នាំ)

    នៅពេលកូនតូចឈានចូលខែទី 12 (អាយុ 1ឆ្នាំ)

    ខែទី 12

    លក្ខណៈរបស់កូនតូច

    នៅពេលកូនអាយុជិតគ្រប់ 1ឆ្នាំ ភាពរពឹសរបស់កូនក៏រឹតតែខ្លាំងក្លាទ្វេគុណឡើងដែរ ទោះជាក្មេងខ្លះនៅមិនទាន់អាចដើរបានក៏ដោយ តែក៏អាចវារបានលឿនរហូតឪពុកម្ដាយដេញតាមចាប់មិនទាន់ក៏មាន។ កាលនៅជាក្មេងតូច ការចិញ្ចឹមមើលថែក្មេងប្រុស និងក្មេងស្រីមិនទាន់មានភាពខុសប្លែកពីគ្នាប៉ុន្មានឡើយ តែពេលមកដល់វ័យនេះ នឹងហាក់ដូចជាមើលឃើញច្បាស់លាស់ហើយ ដូចជា ក្មេងប្រុសនឹងមានសញ្ញារពឹសចេញឱ្យឃើញយ៉ាងច្បាស់តែម្ដង ធ្វើចលនារហ័សរហួន ចំណែកក្មេងស្រីនឹងហាក់ដូចជារាងនឹងធឹងបន្តិច ខ្លាំងទៅខាងបញ្ចេញសំឡេង ចង់និយាយស្ដីច្រើនជាង ដែលទាំងអស់នេះជាវិវឌ្ឍនាការប្រក្រតីរបស់ក្មេង។

    វ័យនេះ ក្ដីចង់ដឹងចង់ឃើញកើនឡើងកាន់តែច្រើន ដូច្នេះអ្នកម្ដាយហាមភ្លេចខ្លួនជាដាច់ខាត មិនថាតែតោងឡើងជណ្ដើរ មួលបើកចង្រ្កានហ្គាស ទាញឌុយភ្លើង បើកគម្របដបលេង សុទ្ធតែជារឿងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់កូនតូចទាំងអស់។

    ដល់វ័យត្រូវប្ដូរទឹកដោះឱ្យហើយ

    អ្នកម្ដាយគួរចាប់ផ្ដើមប្ដូរពីទឹកដោះគោម្សៅទៅជាទឹកដោះគោប្រអប់បានហើយ ដោយឱ្យបឺតពីប្រអប់ដោយបំពង់បឺតតែម្ដង ឬចាក់ដាក់កែវញ៉ាំក៏បាន ព្រមទាំងចាប់ផ្ដើម(ឱ្យផ្ដាច់)ឱ្យឈប់រវល់ជាមួយដបទឹកដោះគោបានហើយ។ នៅពេលកូនធ្វើបានសម្រេច ក៏កុំភ្លេចសរសើរ និងបញ្ចេញកាយវិការត្រេកអរឱ្យកូនបានឃើញផង កូននឹងមានមោទនភាព។ វិធីផ្ដាច់ដបទឹកដោះគោគឺ ដំបូងៗអ្នកម្ដាយគួរគេងជាមួយកូន និយាយរឿងនិទានឱ្យកូនស្ដាប់ ឬបំពេរកូនរហូតដល់គេងលក់ ព្រោះបើមានអ្នកម្ដាយនៅគេងជាមួយ កូនច្រើនតែមិននឹកឃើញដបទឹកដោះគោទេ។ នៅពេលធ្វើដូច្នេះបានមួយរយៈពេលហើយ ចូរយកដបទឹកដោះគោទៅលាក់ទុកកុំឱ្យកូនឃើញរហូតតែម្ដង។

    នៅពេលកូនមិនព្រមញ៉ាំបាយ

    ប្រយោជន៍ដែលបានមកពីបាយគឺ ម្សៅ និងជាតិស្ករ និងប្រូតេអ៊ីន ឬញ៉ាំនំប៉័ង និងគុយទាវក៏ទទួលបានម្សៅ និងជាតិស្ករដូចគ្នា ចំណែកត្រី ស៊ុត និងសាច់សត្វវិញផ្ដល់ប្រូតេអ៊ីនច្រើនជាងបាយ ដូច្នេះទោះជាកូនមិនព្រមញ៉ាំបាយមែន តែបើបានអាហារផ្សេងគ្រប់គ្រាន់ក៏មិនមានបញ្ហាអ្វីដែរ តែបើមិនព្រមញ៉ាំបាយ ហើយញ៉ាំតែនំពេញមួយថ្ងៃដែលមានតែម្សៅ និងស្ករក្នុងបរិមាណច្រើន នឹងធ្វើឱ្យកូនឆ្អែត មិនចង់ញ៉ាំបាយ ធ្វើឱ្យខ្វះសារធាតុអាហារ។ បើកូនមានទម្លាប់បែបនេះ ចូរបបួលកូនវារ ឬរត់លេង ឬលេងបិទពួនដេញចាប់ឱ្យបានច្រើន នោះកូនក៏នឹងញ៉ាំបាយបានច្រើនឡើងដោយឯកឯង ដោយអ្នកម្ដាយមិនចាំបាច់បង្ខំឡើយ ព្រោះការដែលកូនបានរត់លេងច្រើននេះ វាប្រៀបដូចជាការហាត់ប្រាណម្យ៉ាងដែរ។ ឯក្មេងដែលឪពុក ម្ដាយ តា យាយតឹងរ៉ឹងខ្លាំង មិនសូវបណ្ដោយឱ្យចេញទៅរត់លេងក្រៅផ្ទះ ច្រើនតែជាក្មេងដែលស្ពឹកស្រពន់ មិនសូវញ៉ាំ មិនសូវមានកម្លាំង និងឈឺញឹកញាប់។ តែយ៉ាងណាក៏ដោយ អ្នកម្ដាយត្រូវចេះសង្កេតមើលថា តើកូនមិនព្រមញ៉ាំបាយដោយសារអ្វី ទើបអាចកែបញ្ហាបានត្រូវ។

    អាការដែលអាចកើតឡើង

    . ធ្មេញកូននៅមិនទាន់ដុះឡើង

    ទោះជាដឹងថា ក្មេងខ្លះឆាប់ដុះធ្មេញ និងក្មេងខ្លះក្រដុះធ្មេញក៏ដោយ តែបើកូនអាយុមួយខួបហើយនៅមិនទាន់ឃើញមានធ្មេញផុសឡើងមួយគ្រាប់ណាសោះនោះ ឪពុកម្ដាយប្រហែលជានឹកកង្វល់ចិត្តមិនតិចឡើយ។ ការពិតទៅ កូនមានធ្មេញនៅក្រោមអញ្ចាញរួចរាល់ហើយ គ្រាន់តែក្រផុសឡើងមកលើសាច់អញ្ចាញប៉ុណ្ណោះ ដូច្នេះអ្នកម្ដាយមិនគួរនឹកកង្វល់ច្រើនពេកឡើយ គួររង់ចាំពេលវេលាបន្តិចទៀត។ មិនគួរទិញថ្នាំវីតាមីនបន្ថែមមកឱ្យកូនញ៉ាំដោយមិនបានប្រយ័ត្នប្រយែងនោះឡើយ ព្រោះនឹងធ្វើឱ្យកូនបានទទួលវីតាមីនច្រើនជ្រុល រហូតកើតអាការធុញទ្រាន់ទឹកដោះគោ ចង់ញ៉ាំតែទឹក ទឹកផ្លែឈើ និងអាចមានអាការជ្រៀតជ្រែកផ្សេងទៀតដូចជា ក្អួតចង្អោរ ហើមពោះ នោមច្រើន និងញឹកញាប់ ទាល់តែឈប់ឱ្យញ៉ាំវីតាមីនទើបបាត់ជាដើម ហើយការឱ្យកូនញ៉ាំកាល់ស្យូម ក៏មិនបានជួយឱ្យធ្មេញឆាប់ដុះឡើងដែរ។

    វិវឌ្ឍនាការរបស់កូន

    – រាងកាយ

    . ឡើងចុះជណ្ដើរកាន់តែពូកែឡើង។

    . ចេះរុញរបស់ផ្សេងៗចេញឆ្ងាយពីខ្លួនបាន។

    . ក្មេងខ្លះអាចដោះខោខ្លួនឯងបានហើយ។

    . ចេះប្រើដៃចាប់នេះ ចាប់នោះបានកាន់តែពូកែឡើង។

    . អាចកាន់វត្ថុ2 នៅក្នុងដៃតែម្ខាងបាន។

    . ចេះចាប់ស្លាបព្រាដើម្បីដួសអាហារដាក់ចូលមាត់បានខ្លះហើយ។

    . ព្យយាមចាប់របស់របរបង្វិលលេង និងចូលចិត្តមើលរបស់ដែលវិលបាន។

    – សង្គមជុំវិញខ្លួន

    . ចេះធ្វើត្រាប់តាមអាកប្បកិរិយាមនុស្សធំបានច្រើនឡើង។

    . ចេះនិយាយមួយម៉ាត់ៗបានច្រើនឡើង តែក្មេងស្រីនឹងឆាប់ចេះនិយាយជាងក្មេងប្រុស។

    . ដឹងពីអារម្មណ៍របស់អ្នកដទៃបានច្រើនឡើង។

    . ខ្លាចមនុស្សមិនដែលស្គាល់(ប្លែកមុខ) និងទីកន្លែងថ្មីៗ ប្លែកៗដែលមិនធ្លាប់ស្គាល់។

    . យល់ដឹងពីហ្គេមដែលកំពុងលេងច្រើនជាងមុន និងចេះលេងហ្គេមបានច្រើនមុខហើយ។

    . កាន់តែចេះបដិសេធការញ៉ាំខ្លាំងជាងមុន និងចាប់ផ្ដើមហួងហែងរបស់លេងខ្លះៗហើយ។

    – លេងជាមួយកូនឱ្យបានញឹកញាប់

    . គួរឱ្យកូនហាត់ដើរដោយខ្លួនឯង ដោយរៀបចំបរិវេណជុំវិញទីនោះឱ្យមានសុវត្ថិភាព កុំឱ្យកូនមានគ្រោះថ្នាក់នៅពេលដួល។ របស់ជ្រុងៗ ស្រួចៗត្រូវប្រមូលទុកឱ្យអស់។ ពេលរៀបចំទីកន្លែងរួចហើយ មិនចាំបាច់ដើរតាមកូនគ្រប់ពេលនោះទេ កូនដួលខ្លះ អីខ្លះគឺជារឿងធម្មតាបើមានកម្រាលព្រំពីក្រោម តែដែលត្រូវប្រយ័ត្នគឺ កម្រាលឥដ្ឋ ឬក្ដារឈើ។

    . អ្នកម្ដាយគួរឧស្សាហ៍និយាយឈ្មោះអវយវៈផ្សេងៗឱ្យកូនបានស្ដាប់ ព្រមទាំងចង្អុលបង្ហាញផង ដើម្បីកូនបានរៀនយល់ដឹងអំពីរាងកាយរបស់ខ្លួនឯងច្រើនឡើង។

    . កុំនិយាយពាក្យថា “កុំ” ជាមួយកូនតូចគ្រប់តែរឿងពេកបើជារឿងដែលមិនមានគ្រោះថ្នាក់ ឧស្សាហ៍ឱ្យកូនបានធ្វើដោយខ្លួនឯង ដើម្បីឱ្យកូនបានរៀនយល់ដឹង៕

  • សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    ម៉ឺនុយអាហាររបស់កូនតូចក្នុងមួយថ្ងៃៗ តាំងពីវ័យ 6ខែឡើងទៅ គួរបានទទួលសារធាតុអាហារដែលសម្បូរបែប។ អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំ ហើយមានឈ្មោះថាបន្លែផ្លែឈើ គឺពិតជាមានប្រយោជន៍ដល់រាងកាយខ្លាំងណាស់ តែបន្លែប្រភេទនីមួយៗ ពណ៌នីមួយៗសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អៗផ្សេងៗពីគ្នា។ តើកូនតូចរបស់យើងញ៉ាំបន្លែដែលមានពណ៌ផ្សេងៗគ្នានោះហើយនឹងបានទទួលសារធាតុសំខាន់អ្វីខ្លះ? ថ្ងៃនេះ ឡារ៉ែននឹងញែកពណ៌របស់បន្លែផ្លែឈើជា 5ក្រុមពណ៌ ដើម្បីឱ្យអ្នកម្ដាយដឹងថា ក្នុងពណ៌នីមួយៗនោះផ្ដល់នូវសារធាតុអាហារល្អៗខុសប្លែកគ្នាយ៉ាងណាខ្លះ?

    1 . បន្លែផ្លែឈើពណ៌បៃតង ៈ បន្លែ និងផ្លែឈើពណ៌បៃតងដែលអ្នកម្ដាយគួរនាំយកមកផ្សំធ្វើជាអាហារឱ្យកូន និងស័ក្តិសមសម្រាប់កូនមានដូចជា ប្រូខូលី ស្លឹកបាស ខាត់ណា ផ្ទី ផ្លែត្របែក ផ្លែទំពាំងបាយជូរបៃតង ផ្លែប៉ោមពណ៌បៃតង។ល។ សារធាតុពណ៌បៃតងនៅក្នុងបន្លែ និងផ្លែឈើទាំងនេះគឺ ខ្លូរ៉ូហ្វីល( Chlorophyll)មានគុណសម្បត្តិក្នុងការតតាំងការកើតមហារីកបានយ៉ាងល្អ។ បន្លែផ្លែឈើពណ៌បៃតងមានសារធាតុកាកសរសៃខ្ពស់ ជួយក្នុងរឿងបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយបន្ថយអាការប្រតិកម្មចាញ់ផ្សេងៗទៀតផង។ ពេលណាដែលកូនពិបាកក្នុងការបន្ទោបង់ ត្រូវរៀបចំមុខម្ហូបក្រុមនេះឱ្យញ៉ាំ។

    2 . បន្លែផ្លែឈើពណ៌ក្រហម ៈ បន្លែ និងផ្លែឈើពណ៌ក្រហមដែលអ្នកម្ដាយយកមកផ្សំជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងៗមានដូចជា ផ្លែស្រ្តបឺរី ប៉េងប៉ោះ ឃែនបឺរី ផ្លែទទឹម ឪឡឹក ល្ហុងទុំ។ល។ បន្លែផ្លែឈើពណ៌ក្រហមមានសារធាតុ ឡៃខូពីន( Lycopene)និងបេតាសៃស៊ីន( Betacycin) ដោយសារធាតុទាំង 2ប្រភេទនេះមានចំណែកសំខាន់ក្នុងការមើលឃើញរបស់ក្មេងតូចៗ ជួយតតាំងជំងឺមហារីកផ្សេងបានយ៉ាងល្អ និងសំខាន់គឺ មានគុណសម្បត្តិក្នុងការប្រឆាំងរ៉ាឌីកាល់សេរី។

    3 . បន្លែផ្លែឈើពណ៌លឿង និងពណ៌លឿងទុំ ៈ ក្រុមពណ៌លឿង និងពណ៌លឿងទុំដែលអ្នកម្ដាយយកមកផ្សំជាម្ហូបអាហារឱ្យកូនញ៉ាំជាញឹកញាប់មានដូចជា មើមការ៉ុត ផ្លែល្ពៅ ផ្លែពោត មានសារធាតុសំខាន់ៗដូចជា លូធីន( Lutein)ជួយការពារភាពចុះខ្សោយរបស់ប្រសាទកញ្ចក់ប្រស្រីភ្នែក ជួយឱ្យមើលឃើញច្បាស់នៅពេលយប់ និងមានសារធាតុ បេតាឃែរ៉ូធីន( Betacarotene)ជួយបន្ថយកម្រិតលូលេស្តេរ៉ូល ជួយឱ្យសាច់ស្បែកភ្លឺរលោង បន្ថយភាពចុះខ្សោយរបស់កោសិកាដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។

    4 . បន្លែផ្លែឈើពណ៌ស្វាយ ៈ បន្លែ និងផ្លែឈើពណ៌ស្វាយដែលអ្នកម្ដាយតែងនាំយកមកធ្វើជាម្ហូបអាហារឱ្យកូនញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ប្ល៊ែកបឺរី ប្លូ៊បឺរី ស្ពៃក្ដោបពណ៌ស្វាយ ផ្លែទំពាំងបាយជូរពណ៌ស្វាយ មានសារធាតុ អ៊ែនថូសៃយ៉ានីន( Anthocyanin) មានគុណសម្បត្តិបំផ្លាញសារធាតុដែលបង្កឱ្យកើតមហារីក ជួយពង្រីកសរសៃឈាម ជួយបំប៉នសរសៃសក់ឱ្យខ្មៅក្រិបទៀតផង។

    5 . បន្លែផ្លែឈើពណ៌ស ៈ បន្លែ និងផ្លែឈើពណ៌សដែលអ្នកម្ដាយយកមកធ្វើជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ស្ពៃបូកគោ មើមឆៃថាវ ផ្កាស្ពៃ មើមខ្ទឹមស ផ្សិតម្ជុល គ្រាប់ល្ងស។ល។ បន្លែពណ៌សនេះនឹងផ្ដល់នូវសារធាតុកាកសរសៃខ្ពស់ និងមានជារួមគឺ ប្រឆាំងរ៉ាឌីកាល់សេរី បង្កើនបរិមាណវីតាមីន E ក្នុងរាងកាយ ជាពិសេសក្រុមគ្រាប់ធញ្ញជាតិផ្ដល់នូវវីតាមីន និងប្រូតេអ៊ីនខ្ពស់ ល្អខ្លាំងណាស់សម្រាប់ក្មេងតូចៗ។

    បន្លែ និងផ្លែឈើ ជាអាហារដែលល្អចំពោះក្មេងតូចៗខ្លាំងណាស់ តែក្នុងអំឡុងអាយុតិចជាង 12ខែ អ្នកម្ដាយត្រូវសង្កត់លើការចម្អិនឱ្យឆ្អិន ដោយសារតែប្រព័ន្ធតតាំងជំងឺផ្សេងៗរបស់រាងកាយកូននៅមិនទាន់ល្អគ្រប់គ្រាន់ បើឱ្យញ៉ាំបន្លែស្រស់ៗ អាចនឹងមានការប្រឡាក់ប្រឡូសដោយសត្វល្អិត មេរោគបាក់តេរី សារធាតុពុលពីជីផ្សេងៗ ឬថ្នាំសម្លាប់សត្វល្អិតជាដើម ធ្វើឱ្យកើតបញ្ហាដល់ប្រព័ន្ធសុខភាពរបស់កូនតូចបាន។ គោលការណ៍បរិភោគរបស់កូនក្នុងគ្រប់អំឡុងវ័យ គឺគួរតែបានញ៉ាំអាហារដែលសម្បូរបែប និងគ្រប់ 5ប្រភេទក្រុមរៀងរាល់ថ្ងៃ៕