Tag: ផ្លូវ

  • 5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

    5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

    ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យ គឺជារឿងដែលឪពុកម្ដាយជាច្រើននឹកសង្ឃឹមទុក ព្រោះចង់ឱ្យកូនៗរបស់ខ្លួនធំធាត់ឡើងក្លាយជាមនុស្សម្នាក់ដែលទទួលបានជោគជ័យ អាចរស់នៅក្នុងពិភពដ៏ធំទូលាយនេះបានយ៉ាងល្អឥតខ្ចោះ និងមានសេចក្ដីសុខ។ ថ្ងៃនេះ អ្នកគ្រូ ឆវីសូមអញ្ជើញលោកឪពុកអ្នកម្ដាយ និងអាណាព្យាបាលទាំងអស់មកមើលពី 5 វិធីក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយអាចជួយឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សធំម្នាក់ដែលល្អឥតខ្ចោះ និងទទួលបានជោគជ័យក្នុងជីវិតនាពេលអនាគត។

    1 . ឱ្យកូនជួយធ្វើការងារផ្ទះបន្តិចបន្តួច

    លទ្ធផលនៃការស្រាវជ្រាវវិភាគមកពីក្រៅប្រទេស បានរកឃើញថា ការបង្ហាត់ក្មេងៗឱ្យចេះជួយធ្វើការងារផ្ទះត្រឹមតែបន្តិចបន្តួចនោះ នឹងជួយឱ្យពួកគេទទួលជោគជ័យក្នុងជីវិតបាន ដែលការងារនេះនឹងជួយក្នុងរឿងនៃការបណ្ដុះភាពទទួលខុសត្រូវ និងជួយឱ្យក្មេងៗចេះពឹងពាក់លើខ្លួនឯង។

    អ្នកជំនាញការម្នាក់មកពីមហាវិទ្យាល័យ ស្ទែនហ្វ៉ដ និងជាអ្នកនិពន្ធសៀវភៅ How to Raise an Adult បានរៀបរាប់ថា ការឱ្យក្មេងៗមានចំណែករួមក្នុងការធ្វើការងារផ្ទះ ដូចជា លាងចាន យកសំរាមទៅចោល ស្រោចទឹកផ្កា ឬបោកខោអាវរបស់ខ្លួនឯងជាដើមនោះ នឹងជួយឱ្យពួកគេស្គាល់ពីតួនាទីរបស់ខ្លួនឯងដែលគួរមានចំពោះសួនរួម។ ជាការបណ្ដុះភាពទទួលខុសត្រូវ និងជួយហ្វឹកហាត់ការពឹងពាក់លើខ្លួនឯងបាន។ នៅពេលក្មេងៗធំធាត់ឡើង ពួកគេនឹងក្លាយជាមនុស្សធំដ៏ល្អ មានជំនាញក្នុងការធ្វើការងាររួមជាមួយអ្នកដទៃ មានការយល់ចិត្តយល់ថ្លើម យល់ពីអារម្មណ៍អ្នកដទៃច្រើនឡើង ឧស្សាហ៍ព្យាយាម ស៊ូនឹងការងារ និងថែមទាំងអាចធ្វើការងារបានយ៉ាងសម្បូរបែបដោយប្រើពេលវេលារៀនយល់ដឹងតែបន្តិចទៀតផង។

    2 . ឱ្យកូនស្គាល់ពីការព្យាយាម និងហ៊ានប្រឈមនឹងការបរាជ័យ

    “ការបរាជ័យ គឺជាគ្រូដ៏ល្អរបស់ភាពជោគជ័យ” តែក្មេងៗប្រហែលជាមិនយល់អំពីប្រយោគនេះទេ។ បើលោកឪពុកអ្នកម្ដាយមិនធ្លាប់បង្រៀនឱ្យពួកគេស្គាល់ពីការបរាជ័យ ឬការខកបំណងទេនោះ តាមរយៈការវិភាគស្រាវជ្រាវបានរកឃើញថា ការដែលឪពុកម្ដាយឱ្យកូនបានរៀនយល់ដឹង និងហ៊ានប្រឈមជាមួយនឹងការបរាជ័យ នឹងហុចផលឱ្យគេមានការព្យាយាម និងចេះបត់បែនក្នុងការរស់នៅខ្លាំងឡើង។ ក្រៅពីនេះឪពុកម្ដាយគួរបង្រៀនឱ្យកូនចេះចាត់ការជាមួយអារម្មណ៍របស់ខ្លួនឯង ឱ្យគេចេះគ្រប់គ្រងសតិ និងអារម្មណ៍ មិនឱ្យភាពតានតឹងធុញថប់មួម៉ៅមកកាត់បន្ថយកម្លាំងចិត្តបានឡើយ បើទោះជាជួបតែក្ដីអស់សង្ឃឹម និងក្ដីបរាជ័យរហូតក៏ដោយ។

    3 . ឱ្យកូនៗស្គាល់ពីការចូលសង្គម និងសាងសម្ព័ន្ធភាពល្អជាមួយអ្នកដទៃ

    បច្ចុប្បន្នជំនាញការចូលសង្គម អាចរាប់បានថា ជាផ្នែកមួយសំខាន់ដែលជួយអភិវឌ្ឍភាពឆ្លាតវៃដល់កូនៗ ដែលតាមរយៈការសិក្សាស្រាវជ្រាវរបស់បរទេសបានរកឃើញថា ក្មេងដែលមានជំនាញក្នុងការចូលសង្គមដែលល្អ មានសម្ព័ន្ធភាពដែលល្អជាមួយមិត្តភ័ក្តិបងប្អូន នឹងមានឱកាសទទួលបានជោគជ័យក្នុងជីវិតច្រើន ដោយសារតែក្មេងនឹងស្គាល់ពីការរស់នៅរួមជាមួយអ្នកដទៃ ស្គាល់ពីការធ្វើការងារជាក្រុម យល់ពីចិត្ត និងអារម្មណ៍របស់អ្នកដទៃ និងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងទៀតផង។

    4 . តាំងគោលដៅរឿងការរៀនសូត្ររបស់កូន

    ឪពុកម្ដាយដែលផ្ដល់ចំណាប់អារម្មណ៍លើរឿងការសិក្សារៀនសូត្ររបស់កូន នឹងជួយបើកផ្លូវ និងរុញច្រានឱ្យកូនឈានឆ្ពោះទៅរកភាពជោគជ័យបាននាពេលអនាគត។ លើកឧទាហរណ៍ដូចជា បើសិនឪពុកម្ដាយនឹកសង្ឃឹមឱ្យកូនបានទទួលការសិក្សារៀនសូត្ររហូតដល់កម្រិតបរិញ្ញាបត្រ ពួកគេក៏នឹងមានសញ្ញាថានឹងរៀនបានចប់មហាវិទ្យាល័យ ដោយឪពុកម្ដាយជាអ្នកចាត់ការ និងរៀបផែនការអនាគតឱ្យទៅកូនៗតាំងពីនៅតូចៗ ហើយពួកគេក៏នឹងដឹងពីតួនាទីរបស់ខ្លួនថា ពេលនេះគួរធ្វើអ្វី និងធ្វើដើម្បីអ្វី។ ជាការសាងកម្លាំងដឹកនាំចិត្តដល់កូន ឱ្យគេមានអារម្មណ៍សប្បាយរីករាយ មានកម្លាំងជំរុញចិត្ត និងយកចិត្តទុកដាក់លើការរៀនសូត្រកាន់តែខ្លាំងឡើង ដើម្បីរូបគេខ្លួនឯងនាពេលអនាគត។

    5 . ឪពុកម្ដាយគួរធ្វើជាគំរូដ៏ល្អដល់កូនៗ

    ការដែលចង់ឱ្យកូនទទួលបានភាពជោគជ័យ ឪពុកម្ដាយក៏គួរធ្វើឱ្យកូនមើលឃើញជាគំរូថា ទម្រាំតែឪពុកម្ដាយរបស់គេទទួលបានភាពជោគជ័យក្នុងជីវិតនោះ ត្រូវឆ្លងកាត់ឧបសគ្គអ្វីមកខ្លះ ត្រូវមានភាពស៊ូទ្រាំអត់ធន់ មានក្ដីព្យាយាម និងមានតួនាទីក្នុងសង្គមយ៉ាងណា?។ នៅពេលគេបានឃើញពីអ្វីដែលឪពុកម្ដាយបានធ្វើជាប្រចាំរាល់ថ្ងៃហើយនោះ ក្មេងៗក៏នឹងកើតការជ្រួតជ្រាប និងធ្វើតាម កើតជាទង្វើការរៀនយល់ដឹងដែលនាំឆ្ពោះទៅរកការអភិវឌ្ឍខ្លួនឯង និងជាចំណុចចាប់ផ្ដើមឆ្ពោះទៅរកភាពជោគជ័យក្នុងពេលអនាគត។

    ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យក្នុងជីវិតនេះ មិនមែនជារឿងងាយឡើង តែក៏មិនមែនជារឿងដែលពិបាកហួសនឹងធ្វើបានដែរ គ្រាន់តែលោកឪពុកអ្នកម្ដាយត្រូវមានពេលវេលាយកចិត្តទុកដាក់ចំពោះកូនឱ្យបានច្រើនឡើង មានការអប់រំផ្គុំនិស្ស័យដ៏ល្អ រួមទាំងធ្វើជាគំរូដ៏ល្អដល់កូនៗប៉ុណ្ណោះ តែលោកឪពុកអ្នកម្ដាយក៏មិនគួរតឹងរ៉ឹងម៉ឺងម៉ាត់ជាមួយកូនជ្រុលពេកដែរ បង្ហាត់ប្ងរៀនជាបណ្ដើរៗ កែសម្រួលទង្វើរបស់កូនម្ដងបន្តិចៗជាបណ្ដើរៗ និងដែលសំខាន់បំផុតនោះគឺ កុំភ្លេចផ្ដល់សេចក្ដីស្រឡាញ់ និងភាពកក់ក្ដៅក្នុងគ្រួសារផង៕

  • “វាក់អ៊ើ!” ការលេងដែលសាងវិវឌ្ឍនាការរបស់កូនតូចដែលឪពុកម្ដាយនឹកស្មានមិនដល់

    “វាក់អ៊ើ!” ការលេងដែលសាងវិវឌ្ឍនាការរបស់កូនតូចដែលឪពុកម្ដាយនឹកស្មានមិនដល់

    វាក់អ៊ើ! គឺជាការលេងដ៏សែនមហាងាយ នរណាៗក៏លេងបាន មានពេលតិចតួចក៏លេងបាន ថែមទាំងលេងបានមិនកំណត់ទីកន្លែង និងពេលវេលាទៀតផង។ គ្រាន់តែមានឧបករណ៍តម្លៃ 0 រៀល តែមានគុណតម្លៃខាងផ្លូវចិត្តខ្ពស់បំផុត នោះគឺ មនុស្សជាឪពុកម្ដាយហ្នឹងឯង។ លទ្ធផលដែលបានពីការលេង វាក់អ៊ើ មិនមែនត្រឹមតែភាពសប្បាយរីករាយប៉ុណ្ណោះទេ តែនៅហុចផលល្អដល់វិវឌ្ឍនាការរបស់កូនយ៉ាងច្រើនទៀតផង។

    – វាក់អ៊ើ! បង្ហាត់ពីរឿងការមានស្ថិតស្ថេរនៃរបស់វត្ថុផ្សេងៗ

    អ្នកសិក្សាស្រាវជ្រាវផ្នែកខួរក្បាល និងវិវឌ្ឍនាការបានឱ្យដឹងថា ការលេងយកដៃបិទមុខ ហើយបើកវិញមក វាក់-អ៊ើ! នេះនឹងជួយឱ្យក្មេងក្នុងវ័យ 2 ខួបដំបូងបានរៀនយល់ដឹងពីការមានស្ថិតស្ថេរនៃរបស់ និងវត្ថុផ្សេងៗ(Object permanence) ដូចជា នៅពេលអ្នកម្ដាយយកដៃបិទមុខ ឬទៅលបពួន ហើយមួយភ្លែតក្រោយមកក៏បើកមុខឡើង ឬបង្ហាញខ្លួនមកវាក់អ៊ើជាមួយកូនជាដើម។ រូបបែបនៃការលេងបែបនេះនឹងធ្វើឱ្យកូនបានរៀនយល់ដឹងបន្តិចម្ដងៗថា ម៉ាក់នឹងបាត់ចេញពីខ្សែភ្នែកត្រឹមតែមួយភ្លែតប៉ុណ្ណោះទេ រួចហើយបន្តិចទៀតម៉ាក់នឹងត្រឡប់មកវិញមិនខាន។

    – វាក់អ៊ើ! បង្ហាត់ឱ្យចេះទន្ទឹងរង់ចាំ

    នៅពេលដែលកូនបានរៀនយល់ដឹងបន្តិចម្ដងៗថា ប៉ាម៉ាក់គឺពិតជាមានប្រាកដមែន ប៉ាម៉ាក់អាចបាត់ពីខ្សែភ្នែកខ្លះហើយ តែបន្តិចទៀតនឹងត្រឡប់មកវិញមិនខាន។ កូននឹងចាប់ផ្ដើមមានភាពជឿជាក់លើមនុស្សជាឪពុកម្ដាយ ខណៈពេលជាមួយគ្នាក៏ចាប់ផ្ដើមរៀនយល់ដឹងពីការរស់នៅដោយខ្លួនឯង(Independence)។ ដូច្នេះហើយទើបការលេងវាក់អ៊ើជាការជំរុញឱ្យកូនតូចចេះអត់ទ្រាំរង់ចាំ ចាប់ផ្ដើមពីម្ដាយលើកដៃបិទមុខ ឬពួននៅពីផ្ទាំងក្រណាត់ កូនក៏ត្រូវរង់ចាំថា តើពេលណាម៉ាក់នឹងបើកមុខ ឬចេញមកវិញ ដែលរឿងនេះវានឹងអភិវឌ្ឍឆ្ពោះទៅរកការអត់ទ្រាំរង់ចាំក្នុងរឿងផ្សេងៗដែលមានភាពលំបាក និងស្មុគស្មាញជាងនៅពេលក្រោយ ដូចជា ម៉ាក់ទៅចូលបន្ទប់ទឹក ទៅធ្វើម្ហូប ឬចេញទៅធ្វើការក្រៅផ្ទះ ជាដើមហ្នឹងឯង។

    – វាក់អ៊ើ! បង្ហាត់ពីការចងចាំ

    ខួរក្បាលរបស់ក្មេងតូចៗត្រៀមជាស្រេចក្នុងការរៀនយល់ដឹង និងធំធាត់គ្រប់ពេលវេលា ហើយនឹងរឹតតែអភិវឌ្ឍបានល្អឡើងតាមរយៈការលេងគ្រប់អំឡុងពេលដែលឪពុកម្ដាយលេងវាក់អ៊ើជាមួយកូន ដែលនឹងបង្ហាត់ខួរក្បាលរបស់កូនផ្នែកការចងចាំ។ សេចក្ដីសប្បាយនឹងកើតចេញពីការចងចាំថា ប៉ា និងម៉ាក់ធ្លាប់អើតមុខមកវិញនៅខាងណា? ពេលណា? ហើយនឹកស្មានទុកជាមុនថា លើកក្រោយប៉ា និងម៉ាក់នឹងបង្ហាញមុខចេញមកនៅខាងដដែលឬក៏អត់ហ្ន៎? ជាដើម។

    – វាក់អ៊ើ! ជួយអភិវឌ្ឍផ្នែកការទំនាក់ទំនង

    គ្រប់ស្នាមញញឹម និងសំឡេងសើចរបស់កូន មិនមែនជារឿងចៃដន្យដែលកើតឡើងមួយភ្លែតៗ និងកន្លងផុតទៅដោយគ្មានអត្ថន័យនោះទេ តែវាបង្ហាញអំពីវិវឌ្ឍនាការផ្នែកការទំនាក់ទំនងរបស់កូន។ សម្រាប់ក្មេងតូចក្នុងអំឡុងវ័យ 1 – 2 ឆ្នាំដំបូង ការទំនាក់ទំនងជាមួយពិភពខាងក្រៅនឹងត្រូវបញ្ជូនចេញមកតាមរយៈការញញឹម សើច យំ សម្លឹងមុខ ឬសូម្បីតែការកម្រើកដៃជើង ដូចគ្នានឹងបដិសម្ព័ន្ធដែលកើតឡើងខណៈដែលកូនលេងវាក់អ៊ើជាមួយឪពុកម្ដាយដែរ។ ស្នាមញញឹម និងសំឡេងសើចដែលកើតឡើងបង្ហាញឱ្យឃើញថា ការទំនាក់ទំនងរវាងគ្នានឹងគ្នាទទួលបានភាពជោគជ័យហើយណា៎។ ដូច្នេះហើយទើបការលេងវាក់អ៊ើ គឺជាការជំរុញវិវឌ្ឍនាការខាងការទំនាក់ទំនងរបស់កូនបានយ៉ាងល្អ។

    – វាក់អ៊ើ! សាងសម្ព័ន្ធភាព

    ការលេងវ៉ាក់អ៊ើ គឺជាអំឡុងពេលដែលមានកូនជាចំណុចកណ្ដាល ជាការលេងដែលសាងស្នាមញញឹម និងសំឡេងសើចដល់ក្រុមគ្រួសារតាមរយៈការមើលមុខ ធ្វើសំឡេងទាបខ្ពស់ឱ្យរំភើបចិត្ត។ ជាអំឡុងពេលនែសេចក្ដីសុខដែលជួយគ្នាត្បាញថ្ពក់ខ្សែសម្ព័ន្ធភាពរវាងក្រុមគ្រួសារឱ្យរឹងមាំ ហើយនឹងផ្ដិតចេញជាសម្ព័ន្ធភាពដ៏ស៊ីជម្រៅដែលដក់ជាប់នៅក្នុងបេះដូងរបស់កូនយូរអង្វែងតទៅទៀត។

    ឥឡូវជឿហើយឬនៅថា វាក់អ៊ើ នេះពិតជាល្អចំពោះវិវឌ្ឍនាការរបស់កូនតូចខ្លាំងណាស់ និងជាគំរូនៃការសាងពេលវេលាគុណភាពក្នុងគ្រួសារដែលបានពិសោធរួចហើយថា មិនមែនជារឿងលំបាក មិនអស់លុយកាក់ និងពេលវេលានោះឡើយ។ ជារឿងតូចមួយដែលអ្នកគ្រូឆវីគិតថា លោកឪពុកអ្នកម្ដាយគ្រប់រូបអាចធ្វើបានទាំងអស់គ្នា៕

  • គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    ចាប់ផ្ដើមពីវ័យកើតដំបូង រហូតចូលដល់បឋមវ័យ(6 ឆ្នាំដំបូង) កូនរបស់យើងនឹងមានវិវឌ្ឍនាការទាំងផ្នែករាងកាយ និងចិត្តគំនិតឆាប់រហ័សខ្លាំងណាស់ បើយើងអាចជួយបន្ថែមឱ្យកូនមានវិវឌ្ឍនាការដែលត្រឹមត្រូវ ស័ក្តិសមតាមវ័យរបស់គេបានទៀតផងនោះ នឹងរឹតតែធ្វើឱ្យកូនរបស់យើងក្លាយជាក្មេងដែលមានអាកប្បកិរិយា និងទង្វើដែលល្អ មានភាពឆ្លាតវៃខាងផ្នែកអារម្មណ៍ខ្ពស់ជាមិនខាន។

    យើងអាចជួយបន្ថែមវិវឌ្ឍនាការផ្សេងៗរបស់កូនបានតាមវិធី 4 យ៉ាងតទៅនេះ ៈ

    1 . ឱ្យកូនបានឃើញនូវអ្វីដែលល្អ

    កូនរបស់យើង(ទោះជាទើបនឹងកើតក្ដី)អាចរៀនយល់ដឹងនូវអ្វីដែលខ្លួនឯងមើលឃើញបាន។ ការមើលឃើញនេះ មានន័យរួមទាំងទង្វើមួយចំនួនរបស់ឪពុកម្ដាយ ឬអ្នកចិញ្ចឹមដែលធ្វើចំពោះកូនរបស់យើងផងដែរ ដោយទង្វើផ្សេងៗដែលក្មេងមើលឃើញនោះ គេនៅមិនទាន់អាចញែកបំបែកបានថា រឿងនោះជារឿងត្រឹមត្រូវ ឬស័ក្តិសមនោះទេ តែក្មេងនឹងជ្រួតជ្រាបនូវអ្វីដែលបានឃើញទាំងអស់ ហើយចុងក្រោយក៏នឹងក្លាយជាទង្វើរបស់កូនខ្លួនឯងតែម្ដង ដូចជា ក្មេងដែលមើលឃើញឪពុកម្ដាយចូលចិត្តច្រៀង មានអារម្មណ៍ល្អ ឬលេងតន្រ្តី នៅពេលកូនធំឡើង កូនក៏នឹងមានសេចក្ដីស្រឡាញ់ក្នុងផ្នែកតន្រ្តី មានផ្លូវចិត្តទន់ភ្លន់ ឬករណីដែលឪពុកម្ដាយ ឬអ្នកចិញ្ចឹមមិនចូលចិត្តញ៉ាំបន្លែ នៅពេលកូនធំឡើងក៏ច្រើនតែមិនញ៉ាំបន្លែដែរ។

    2 . ឱ្យកូនបានឮនូវអ្វីដែលល្អ

    ពាក្យសម្ដីល្អៗ សំឡេងពីរោះៗទន់ភ្លន់ ទារកទើបនឹងកើតក៏អាចដឹងបានដែរ ជាពិសេសក្មេងក្នុងអំឡុងបឋមវ័យ(កើតដំបូង-6ឆ្នាំ) ក្មេងនឹងតាំងចិត្តស្ដាប់ និងមានអារម្មណ៍ឆាប់ចាំបានចំពោះសំឡេងផ្សេងៗ។ បើអ្នកណាដែលធ្លាប់ចិញ្ចឹមកូន នៅពេលកូនតូចអាយុបានប្រមាណ 3 – 4 ខែនឹងបានឃើញថា ពេលដែលយើងពកូនហើយនិយាយជាមួយកូន កូននឹងធ្វើមាត់ជីបអូចៗ កែវភ្នែកនឹងសម្លឹងចំមុខឪពុក ឬម្ដាយដែលកំពុងពគេ។ គេនឹងតាំងចិត្តស្ដាប់សំឡេងផ្សេងៗដែលបន្លឺមករកគេ ដូច្នេះ សំឡេង ឬពាក្យសម្ដីផ្សេងៗដែលមិនល្អ ជាពិសេសពាក្យលាន់មាត់ ពាក្យជេរបញ្ចោរដែលច្រើនតែជាពាក្យខ្លីៗ(1 – 2 ម៉ាត់)នឹងក្លាយជាពាក្យដែលក្មេងបឋមវ័យអាចចងចាំបានយ៉ាងងាយ ដូច្នេះបើមិនចង់ឱ្យកូននិយាយស្ដីអាក្រក់ស្ដាប់ ឪពុកម្ដាយ និងអាណាព្យាបាលត្រូវតែប្រយ័ត្នប្រយែង កុំប្រើពាក្យសម្ដីណាដែលមិនល្អឱ្យក្មេងបានឮ។ កុំគិតថា កូននៅតូច នៅមិនទាន់ស្ដាប់យល់ឱ្យសោះ ព្រោះក្មេងអាចចងចាំលក្ខណៈការបញ្ចេញសំឡេងខ្លីៗទាំងនោះ និងអាចនិយាយចេញមកដោយមិនដឹងពីអត្ថន័យបាន ដែលទម្រាំឪពុកម្ដាយដឹងថា កូនរបស់ខ្លួនធ្លាប់មាត់នឹងពាក្យសម្ដីអាក្រក់ ជេរបញ្ចោរទាំងនោះ អាចនឹងពិបាកកែកុនក៏ថាបានដែរ។

    3 . ឱ្យកូនលេង និងធ្វើកិច្ចការងារល្អៗ

    ក្មេងក្នុងបឋមវ័យច្រើនតែចូលចិត្តលេងដែលជាធម្មជាតិរបស់កុមារ។ ឪពុកម្ដាយដែលយល់ដឹងពីវិវឌ្ឍនាការរបស់កូនក៏អាចនឹងរកមើលកិច្ចការងារណា ឬការលេងណាដែលស៊ីគ្នាជាមួយនឹងអំឡុងអាយុរបស់កូនបានដែរ។ ក្រៅពីនោះ ការលេងរបស់កុមារនេះនឹងក្លាយជាការរៀនយល់ដឹងដែលជំរុញប្រព័ន្ធប្រសាទទាំង 5 របស់គេបានយ៉ាងល្អ។

    4 . ផ្ដល់ការអប់រំបង្ហាត់បង្រៀនកូនតាំងពីនៅក្មេង

    ក្មេងក្នុងអំឡុងបឋមវ័យ មានភាពចង់ដឹងចង់ឃើញគ្រប់ពេលវេលា គេនឹងមានភាពក្លៀវក្លាស្វាហាប់ក្នុងការរៀនយល់ដឹងគ្រប់អ្វីៗដែលនៅជុំវិញខ្លួន ដូច្នេះការអប់រំបង្ហាត់បង្រៀនគឺជារឿងចាំបាច់ណាស់ ដោយការបង្ហាត់បង្រៀននោះគួរជាការបង្ហាត់បង្រៀនក្នុងលក្ខណៈអធិប្បាយ មិនមែនជាការបញ្ជា ឬហាមនោះទេ។ ទោះជាក្មេងក្នុងវ័យនេះនៅមិនទាន់អាចយល់នូវអ្វីដែលឪពុកម្ដាយអធិប្បាយបានទាំងអស់ក៏ដោយ តែការអធិប្បាយឱ្យកូនបានស្ដាប់តាំងពីតូច ឬបណ្ដោយឱ្យគេបានសាកល្បងធ្វើដោយខ្លួនឯង(ជាកិច្ចការងារដែលមិនបង្កគ្រោះថ្នាក់) ហើយឪពុកម្ដាយនៅចាំណែនាំចង្អុលបង្ហាញថា ហេតុអ្វីបានក្លាយជាបែបហ្នឹង នឹងថ្វើឱ្យកុមារអាចរៀនយល់ដឹង និងយល់ច្បាស់បានយ៉ាងឆាប់រហ័សជាងការបង្ហាត់បង្រៀនបែបប្រើពាក្យសម្ដីតែម្យ៉ាង ដូចជា ការបង្ហាត់កូនឱ្យចេះដុសធ្មេញ ដោយប្រើសម្ភារប្រដូច ដូចជាធ្មេញក្លែងក្លាយជាដើម។ ឱ្យកូនបានហាត់កាន់ច្រាសដុសធ្មេញដោយខ្លួនឯង និងឪពុកម្ដាយចង្អុលបង្ហាញថា ហេតុអីបានត្រូវដុសធ្មេញ ហេតុអីបានត្រូវកាន់ច្រាសដុសធ្មេញបែបហ្នឹង និងដុសរបៀបម៉េច ជាដើម៕

  • (វីដេអូ)​ ចិន​​កំពុង​បង្ហើយ​ផ្លូវល្បឿន​លឿន​ឆ្លង​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ពិភលោក​

    (វីដេអូ)​ ចិន​​កំពុង​បង្ហើយ​ផ្លូវល្បឿន​លឿន​ឆ្លង​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ពិភលោក​

    បុគ្គលិក​​កម្មករ​ត្រូវ​ការ​បង្ហើយ​កំណាត់​ផ្លូវ​ប្រវែង​40​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ​​នឹង​បាន​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ​​នូវ​ផ្លូវ​ល្បឿន​លឿនមួយ​ខ្សែ​​ប្រវែង​330​គីឡូម៉ែត្រ​ដែល​​ឆ្លង​កាត់​សមុទ្រ​ខ្សាច់​ Taklimakan តភ្ជាប់​ស្រុក​ Qiemo ជាមួយ​នឹង​ស្រុក​ Yuli មាន​ទី​តាំង​នៅ​ក្នុង​​តំបន់​ស៊ីនជាំង​ (Xinjiang) ប្រទេស​ចិន​។

    បេសកកម្មសាងសង់ផ្លូវល្បឿនលឿនទី3 ឆ្លងកាត់សមុទ្រខ្សាច់ធំបំផុតនៅប្រទេសចិន Taklimakan បានឈានចូលដល់ដំណាក់កាលចុងក្រោយ។

    (វីដេអូ)​ ចិន​​កំពុង​បង្ហើយ​ផ្លូវល្បឿន​លឿន​ឆ្លង​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ពិភលោក​។

    នៅសល់ត្រឹមតែជាង40គីឡូម៉ែត្រទៀតប៉ុណ្ណោះនៅក្នុងប្រវែងសរុប330គីឡូម៉ែត្រនៃផ្លូវល្បឿនលឿន Yuli-Qiemo នឹងត្រូវបានសាងសង់រួចរាល់នាពេលដ៏ខ្លីខាងមុខ។

    កម្មករកំពុងតែញាប់ដៃញាប់ជើងក្នុងការឈូស​ឆាយ​ដំបូកខ្សាច់ធំបំផុតដែលមានកម្ពស់ដល់ទៅ70ម៉ែត្រនៅក្នុងគម្រោងសាងសង់ផ្លូវថ្នល់ Yuli-Qiemo នេះ។

    ពួកគេត្រូវធ្វើការឈូសឆាយខ្សាច់ចំនួន​1.2លានម៉ែត្រគីបទៀត​ចេញ​ពី​គម្រោង​ផ្លូវ​ថ្លល់​ និងត្រូវ​ចាក់វត្ថុធាតុសំណង់ចំនួន100,000ម៉ែត្រគីបទៀតផងដែរ​ ទើបរួចរាល់ជា​ស្ថាពរ។

    ផ្លូវល្បឿនលឿន Yuli-Qiemo ឆ្លងកាត់សមុទ្រខ្សាច់ហូរធំបំផុតលំដាប់ទី2ក្នុងពិភពលោក។ ផ្លូវនេះតភ្ជាប់ស្រុក Qiemo ដែលនៅភាគខាងត្បូងតំបន់ Taklimakan ទៅកាន់​​ស្រុក Yuli ដែលនៅភាគខាងជើង។

    Taklimakan ​គឺជា​សមុទ្រ​ខ្សាច់​ធំជាង​គេ​បង្អស់​លំដាប់​ទី​16​ក្នុង​ពិភពលោក​ និង​ជា​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​2​ បន្ទាប់​ពី​ Antarctica​។​ តាមគម្រោង ផ្លូវល្បឿនលឿនលើសមុទ្រខ្សាច់នេះនឹងត្រូវដាក់ឱ្យប្រើប្រាស់ចាប់ពីឆ្នាំ2021ខាងមុខ៕

    ប្រភព​៖ Xinhua

  • Bill Gates ចង្អុលបង្ហាញផ្លូវដល់យុវជនដែលទើបនឹងបញ្ចប់ការសិក្សា…

    Bill Gates ចង្អុលបង្ហាញផ្លូវដល់យុវជនដែលទើបនឹងបញ្ចប់ការសិក្សា…

    គេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក បានចេញអត្ថបទមួយស្តីពីគំនិតរបស់មហាសេដ្ឋីពិភពលោកផ្នែកបច្ចេកវិទ្យា លោក Bill Gates ដែលបានបានផ្ញើសារដោយសំដៅទៅលើសិស្សនិស្សតរាប់ពាន់នាក់ដែលទើបបញ្ចប់ការសិក្សាថ្មីនៅក្នុងសហរដ្ឋអាមេរិក អំពីការងារ និងការអប់រំជីវិត ហើយវាក៏មានប្រយោជន៍ផងដែរសម្រាប់យុវជននៅកម្ពុជាយើង។

    នៅក្នុងចំណោមសារដែលលោក Bill Gates សរសេរនៅលើបណ្តាញ Twiter ចំនួន ១៤ជាប់ៗគ្នានោះ មហាសេដ្ឋីខាងលើចង្អុលបង្ហាញពីចំណុចសំខាន់ៗចំនួន ៣ ដែលអាចជួយឱ្យយុវជនមានជោគជ័យក្នុងការងារ និងជីវិត នោះគឺ ឥទ្ធិពល (Impact) សុភមង្គល (Happiness) និង វិវឌ្ឍន៍(Progress)។ នៅក្នុងចំណោមរឿងទាំង ៣ ខាងលើនេះ មិនមានចំណែកណាមួយដែលគាត់និយាយអំពីលុយនោះទេ ព្រោះគាត់ផ្តោតសំខាន់លើកត្តារបស់មនុស្សខ្លួនឯងខ្លាំងជាងកត្តាខាងក្រៅ។ លោក Bill Gates ក៏បានបង្ហាញផងដែរអំពី អាជីពការងារដែលនិស្សិតទើបនឹងបានបញ្ចប់ការសិក្សាគួរស្វែងរកនាពេលបច្ចុប្បន្ន។

    មហាសេដ្ឋីពិភពលោកខាងលើបានសរសេរថា៖ «ការងារច្នៃប្រឌិត ការងារផ្នែកថាមពល និងជីវសាស្រ្ត ជាមុខវិជ្ជាដែលធ្វើឱ្យអ្នកគ្រប់គ្នាទទួលបាននូវផលប្រយោជន៍ និងឥទ្ធិពលយ៉ាងធំ ដែលសិស្សនិស្សិតគួរជ្រើសរើសធ្វើជាអាជីពការងារ»។ ស្រដៀងគ្នានេះដែរ លោកក៏បានបង្ហាញអំពីវិស័យថាមពលនៅពេលដែលគាត់ធ្វើបទបង្ហាញនៅសាកលវិទ្យាល័យ Columbia University ថា៖«នាពេលបច្ចុប្បន្ននេះ ពិភពលោកត្រូវការធនធានយ៉ាងច្រើនដើម្បីធ្វើការអភិវឌ្ឍលើវិស័យថាមពលឱ្យកាន់តែមានគុណភាពល្អ ថោក និងស្អាត។ ហើយវិស័យបច្ចេកវិទ្យាជីវសាស្ត្រ ក៏កំពុងមានតម្រូវការខ្លាំងផងដែរ ព្រោះពិភពលោកកំពុងប្រឈមជាមួយបញ្ហាមួយចំនួនដែលត្រូវការសមិទ្ធផលថ្មីៗរបស់ពួកគេដូចជា ការដោះស្រាយបញ្ហាជំងឺមហារីក និងជំងឺធាត់ជ្រុលដែលកើតឡើងពីចំណីអាហារជាដើម»។

    ចំណុចដែល Bill Gates ផ្តោតខ្លាំងលើសិស្សនិស្សិតនៅលើពិភពលោកគឺ ត្រូវធ្វើការងារទាំងឡាយណាដែលអាចដោះស្រាយបញ្ហាមនុស្សបាន ហើយចាប់ផ្តើមពីពួកគេ នោះពិភពលោកនឹងកាន់តែមានលក្ខណៈប្រសើរឡើងមិនខាន៕