Tag: ផែនការ

  • ព្រះចន្ទ Europa ជា​គោលដៅ​ក្នុង​ឆ្នាំ​ 2024 របស់​យាន​រុក​រក​ភាវៈរស់​របស់​ណាសា

    ព្រះចន្ទ Europa ជា​គោលដៅ​ក្នុង​ឆ្នាំ​ 2024 របស់​យាន​រុក​រក​ភាវៈរស់​របស់​ណាសា

    យោង​តាម​អង្គការ​អវកាស​អាម៉េរិក (ណាសា) ឆ្នាំ 2024 គឺជា​ការ​ចាប់​ផ្ដើម​របស់​ភព​ក្នុងក្ដី​ស្រមៃ​មួយ​ ដែល​ត្រូវ​បាន​ណាសា​សម្ងំ​ដាក់​ផែនការ​តាំង​ពី​ច្រើន​ឆ្នាំ​មុន​ នោះ​គឺ​ «គម្រោង​​ទៅ​កាន់​ Europa»។

    ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ Europa គឺជា​ភព​រណប​ធំ​ទី 6 និង​ជា​ភព​រណប​តូច​បំផុត​ក្នុង​ក្រុម​ព្រះ​ចន្ទ Galilean របស់​ភព​ព្រហស្បតិ៍ (Jupiter)​។ ក្រុម​នេះ​ ក្រៅ​ពី Europa ក៏នៅ​មាន Ganymede, Calisto និង Io ផងដែរ​។ ព្រះ​ចន្ទ​ទាំង​បួន​ដួង​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ Galileo Galilei សង្កេត​ឃើញ​ជា​លើក​ដំបូង​កាល​ពី​ចុង​ឆ្នាំ 1609 ឬ​ដើម​ឆ្នាំ 1610​។

    ក្នុង​សម័យ​បច្ចុប្បន្ន ព្រះ​ចន្ទ​ទាំង​នេះ​ត្រូវ​បាន​ណាសា​ចាត់​ទុក​ថា​ជា​ «ព្រះ​ចន្ទ​រស់» ព្រោះ​​ព្រះ​ចន្ទ​នីមួយ​ៗសុទ្ធ​តែ​​មាន​ផ្ទុក​វត្ថុ​ធាតុ​មួយ​ចំនួន​ដែល​សម​ស្រប​នឹង​ជីវិត​។ ប៉ុន្តែ Europa ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ខ្ពស់​ជាង​គេ​។

    ដូច្នេះ​ហើយ ណាសា​មាន​ផែនការ​បាញ់​បញ្ជូន​យាន​អវកាស​ Europa Clipper ឬ​ហៅ​ថា Clipper ទៅ​កាន់​ព្រះ​ចន្ទ Europa របស់​ភព​ព្រហស្បតិ៍​ នៅ​ខែ​តុលា ឆ្នាំ 2024​។

    យាន​នេះ​គ្រោង​នឹង​ហោះ​ហើរ​ជុំ​វិញ​ Europa ក្នុង​រយៈ​ចម្ងាយ​ជិត​ដើម្បី​ប្រមូលទិន្នន័យ​ស្ដីពី​បរិយាកាស ផ្ទៃ​ និង​មហា​សមុទ្រ​ជា​ដើម ​របស់​វា សម្រាប់​បម្រើ​ដល់​គោល​ដៅ​រុក​រក​ភាវៈ​រស់​នៅ​ទី​នោះ​៕

    ព្រះចន្ទទាំងបួនដួងគឺ Europa ក៏នៅមាន Ganymede, Calisto និង Io ត្រូវបានអ្នកវិទ្យាសាស្ត្រ Galileo Galilei សង្កេតឃើញជាលើកដំបូងកាលពីចុងឆ្នាំ 1609 ឬដើមឆ្នាំ 1610។
    ព្រះ​ចន្ទ​ Europa អាច​មាន​លាក់​មហា​សមុទ្រ​ទឹករាវ​នៅ​ក្រោម​ស្រទាប់​ទឹក​កក
  • យានអវកាស​ឯកជនអាម៉េរិក ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​ព្រះ​ចន្ទ

    យានអវកាស​ឯកជនអាម៉េរិក ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​ព្រះ​ចន្ទ

    យាន Odysseus របស់​ក្រុម​ហ៊ុន Intuitive Machines ត្រូវ​បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់​ពី​​​បាន​ក្លាយ​ជា​យាន​អវកាស​ឯក​ជន​ដំបូង​គេ​ដែល​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ កាល​ពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 23 កុម្ភៈ ឆ្នាំ​ 2024​ ម៉ោង​នៅ​កម្ពុជា​។

    នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ទីអវកាស​។ កន្លង​មកពុំ​ដែល​មាន​យាន​អវកាស​ឯកជន​ណាមួយ​​ធ្លាប់បាន​​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ និង​មិន​ទាន់​មាន​យាន​អវកាស​ណា​មួយ​របស់​អាម៉េរិក​ ចុះ​ចត​លើ​ផ្ទៃ​ឋាន​រណប​នេះនៅ​ឡើយ​ រាប់​ចាប់​ពី​ក្រោយ​ការ​ចុះ​ចត​របស់​យាន​មាន​មនុស្ស​ Apollo 17 កាលពី​ខែ​ធ្នូ ឆ្នាំ 1972​។

    ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (ណាសា) មាន​ផែនការ​កសាង​មូលដ្ឋាន​មាន​មនុស្ស​សម្រាប់​កម្មវិធី​ Artemis នៅ​តំបន់​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​ផ្ទុក​ទឹក​កក​យ៉ាង​ច្រើន​។ ក៏ប៉ុន្តែ មុន​នឹង​នាំ​មនុស្ស​ឡើង​ទៅ​កាន់​ទី​នោះ ណាសា​ចង់​ប្រមូល​ទិន្នន័យ​បន្ថែម​ទៀត​ ទាក់​ទង​នឹង​តំបន់​ដែល​មិន​សូវ​មាន​ការ​ស្រាវ​ជ្រាវ​ច្រើន​មួយ​នេះ ក្នុង​នោះ​រួម​មាន​ទាំង​ប្រភព​ទឹកជា​ដើម​។

    ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ខាងលើ ណាសា​ក៏​បាន​បង្កើត​កម្មវិធី​ដោយ​ឡែក​មួយ​ដែលមាន​ឈ្មោះ​ថា CLPS (Commercial Lunar Payload Services) អនុញ្ញាត​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​អាម៉េរិក​ អភិវឌ្ឍ​យាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​បែប​ស្វ័យ​ប្រវត្តិ ​ដើម្បី​ដឹក​ឧបករណ៍​វិទ្យាសាស្ត្រ​ ហើយ​យាន Odysseus របស់​ក្រុម​ហ៊ុន Intuitive Machines ក៏​ស្ថិត​ក្នុង​កម្មវិធី​នេះ​ផងដែរ​៕

  • BYD បង្ហាញ​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​​ជាង​មុន​ ដើម្បី​ប្រជែង​នឹង​រថយន្ត​សាំង

    BYD បង្ហាញ​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​​ជាង​មុន​ ដើម្បី​ប្រជែង​នឹង​រថយន្ត​សាំង

    ក្រុម​ហ៊ុន​ចិន​ BYD កំពុង​ចាប់​ផ្ដើម​ «សង្គ្រាមតម្លៃ» ជាមួយ​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង​ (ICE) នៅពេល​បណ្ដា​រថយន្ត​អគ្គិសនី​ថ្មី​ដែល​មាន​តម្លៃ​ទាប​ជាង​មុន​ ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​។ បន្ទាប់ពី​បង្ហាញ​វត្តមាន​ Qin Plus EV Honor Edition ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​ហ៊ុន BYD ក៏​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នូវ​​យុគ​សម័យ​ថ្មី​ស្ដី​ពី​អគ្គិសនី​តម្លៃ​ទាប​ជាង​ប្រេង​ឥន្ធនៈ។

    ក្រោយ​ពី​ដណ្ដើម​បាន​តំណែង​ជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាង​គេ​លើ​ពិភពលោក​នៅក្នុង​ត្រី​មាស​ទីបួន​នៃ​ឆ្នាំ 2023 ពី Tesla របស់​អាម៉េរិក បច្ចុប្បន្ន​ក្រុម​ហ៊ុន​ចិន BYD កំពុង​ជំរុញ​ផែនការ​រក្សា​ល្បឿន​នៃការ​រីក​ចម្រើន​នេះសម្រាប់​ឆ្នាំ 2024​។

    កាល​ពី​ថ្ងៃទី 20 កុម្ភៈ 2024 BYD បាន​បង្ហាញ​កំណែ​ថ្មី​របស់​រថយន្ត​អគ្គិសនី​ប្រភេទ​សេដាន​របស់​ខ្លួន​ ដើម្បី​បន្ត​ដណ្ដើម​យក​ចំណែកទីផ្សារ​ពី​រថយន្ត​សាំង​។ កំណែ​ Qin Plus EV របស់ BYD មាន​តម្លៃ​ចាប់​ពី 15,200 ដុល្លារ ដល់ 19,400 ដុល្លារ​អាម៉េរិក​។

    កំណែ​ដំណើរ​ការ​ដោយអគ្គិសនី​ រួមមាន ម៉ូទ័រ​អគ្គិសនី​មួយ​គ្រឿង​ដែល​មាន​អានុភាព​រហូត​ដល់ 134 កម្លាំង​សេះ​ (100 kW) និង​កម្លាំង​រមួល​កង់ 132 lb-ft (180 Nm)។ វា​នឹង​ត្រូវ​បាន​ផ្គត់​ផ្គង់​អគ្គិសនី​ពី​ថ្ម​ផ្ទុក​ថាមពល​ 48 kWh ឬ 57.6 kWh សម្រាប់​រង្វង់​ប្រតិបត្តិការ CLTC ឡើង​ដល់ 420 គីឡូម៉ែត្រ និង 510 គីឡូម៉ែត្រ​។

    កាល​ពី​ឆ្នាំ​មុន BYD បាន​បញ្ចេញ​ Qin Plus Champion Edition ដែល​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​រថយន្ត​សាំង​ (14,000 ដុល្លារ) ដែល​ «លុប​បំបាត់​កម្លាំង​ទាក់​ទាញ​របស់​រថយន្ត​ ICE ដោយ​ផ្ទាល់​»។

    ពេល​នេះ BYD បាន​បង្ហាញ​ស៊េរី​ថ្មី​របស់​​ម៉ូដែល​រថយន្ត​ហាយព្រីត​ BYD Seal DM-i ដែល​ត្រូវ​បាន​ហៅ​ថា Glory Edition ​មាន​តម្លៃ​ចាប់ពីជាង 11,000 ដុល្លារ និង​កំណែ​អគ្គិសនី​សុទ្ធ​ (EV) មាន​តម្លៃ​ចាប់​ពី 15,200 ដុល្លារ​។

    យោង​តាម CnEVPost ក្រុម​ហ៊ុន BYD ក៏​កំពុង​បង្ហាញ​វត្តមាន​កំណែ Champion Edition Dolphin EV ថ្មី ដែល​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​ជាង​ និង​មាន​តម្លៃ​ទាប​ជាងស៊េរី​មុន​​។ Dolphin បច្ចុប្បន្ន​មាន​តម្លៃ​ចាប់​ពី 14,500 ដុល្លារ​អាម៉េរិក​៕

  • ចំណូលពន្ធពីវិស័យយានយន្ត រួមចំណែកប្រមាណ 31% នៃចំណូលពន្ធសរុប​ក្នុង​ឆ្នាំ 2023

    ចំណូលពន្ធពីវិស័យយានយន្ត រួមចំណែកប្រមាណ 31% នៃចំណូលពន្ធសរុប​ក្នុង​ឆ្នាំ 2023

    របាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញ​ថា ចំណូលដែល​ប្រមូលបានក្នុងឆ្នាំ2023 បើ​គិត​ជា​ប្រាក់​ដុល្លារ​អាម៉េរិក គឺ​ស្មើនឹងប្រមាណ 2,288.27 លានដុល្លារ ថយចុះប្រមាណ 15.7% បើ​ធៀបនឹងចំណូលសរុប​ក្នុងឆ្នាំ 2022។

    យោង​តាម​របាយការណ៍ដដែល លទ្ធផល​ខាងលើ​នេះសម្រេចបាន 82.4% នៃផែនការដែលបាន​កំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2023។

    បើគិតតាមប្រភេទពន្ធនិងអាករវិញ ឃើញថា អាករលើតម្លៃបន្ថែម (VAT) រួម​ចំណែក​ 41.2%, អាករពិសេស (Special tax) រួម​ចំណែក​ 30.3%, ពន្ធគយរួម​ចំណែក​ 21%, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈ​រួម​ចំណែក​ 4.3% និងអាករនាំចេញនិងកម្រៃផ្សេងៗ រួម​ចំណែក​ 1.8% នៃចំណូលសរុប។

    សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដក​ស្រង់​របាយការណ៍​របស់​​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យ​ដឹង​ថា ចំណូលតាមក្រុមទំនិញវិញ ឃើញថា ក្រុមទំនិញចម្រុះមាន 35.3%, យានយន្តនិងគ្រឿងចក្ររួម​ចំណែក​ 31.1%, ប្រេងឥន្ធនៈនិងថាមពលរួម​ចំណែក 26.6% និងសម្ភារសំណង់និងកម្រៃផ្សេងៗ រួម​ចំណែក​ 7% នៃចំណូលសរុប៕

  • គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

    គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

    (ភ្នំពេញ) – នាព្រឹកថ្ងៃទី 12 កុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទាន ត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។

    យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

    កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​អនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី 15-19 ខែធ្នូ ឆ្នាំ 2023 កន្លងទៅ។ ផែនការ​រៀប​ចំ​សម្រាប់​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​កម្ពុជា​-ជប៉ុន​ គឺជា​ការ​​ត្រៀម​ខ្លួន​ដើម្បី​​ទាក់​ទាញ​វិនិយោគិនជប៉ុន មក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​៕

  • កម្ពុជា​ទទួល​បាន​ទុនវិនិយោគជិតបួនពាន់លានដុល្លារ​អាម៉េរិក​ រាប់​ចាប់​ពី​ខែ​សីហាឆ្នាំ 2023 ដល់​បច្ចុប្បន្ន

    កម្ពុជា​ទទួល​បាន​ទុនវិនិយោគជិតបួនពាន់លានដុល្លារ​អាម៉េរិក​ រាប់​ចាប់​ពី​ខែ​សីហាឆ្នាំ 2023 ដល់​បច្ចុប្បន្ន

    ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ចាប់តាំងពីសម្តេចបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីពោលគឺ ចាប់ពីខែសីហា ឆ្នាំ 2023 មកដល់បច្ចុប្បន្ន កម្ពុជា​​ទាក់ទាញបាន​ការ​វិនិយោគប្រមាណ 172​គម្រោង ដែល​មាន​ទុន​សរុប​​ជិត​ 4 ពាន់លានដុល្លារ និងអាចបង្កើតការងារបាន​ជាង 19 ម៉ឺនកន្លែង។

    ការអះអាងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីដូច​ខាងលើនេះ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុងពិធី «​បិទ​សន្និបាត​បូក​សរុបការងារឆ្នាំ 2023 និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ 2024 របស់ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់ឱ្យអនុវត្តន៍ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម» នារសៀលថ្ងៃទី 08 ខែកុម្ភៈឆ្នាំ 2024  នៅសណ្ឋាគារសុខាភ្នំពេញ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជូនប្រជាពលរដ្ឋ។

    យោង​តាម​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា កន្លងមក កំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺមានប្រមាណ 7% រាប់​ចាប់​​តាំងពីពេលដែលកម្ពុជា​ទទួលបានសន្តិភាព រហូតមកទល់ពេលផ្ទុះជំងឺកូវីដ-19៕

  • ប្រទេស​ចិន​នឹង​បាញ់​បង្ហោះ​​ផ្កាយ​រណប​ពិសោធ​ន៍​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​នេះ

    ប្រទេស​ចិន​នឹង​បាញ់​បង្ហោះ​​ផ្កាយ​រណប​ពិសោធ​ន៍​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​នេះ

    ប្រទេស​ចិន​មាន​ផែនការ​បាញ់​បញ្ជូន​ផ្កាយ​រណប​ពិសោធន៍​ចំនួន​ពីរ​គ្រឿង​ទៅ​កាន់​គន្លង​តារា​វិថី​ព្រះ​ចន្ទ​ ដើម្បី​បង្កើត​បណ្ដាញ​ទំនាក់​ទំនង​រវាង​ឋាន​រណប​នេះ​ និង​ផែនដី​។ នេះ​បើ​តាម​សារព័ត៌មាន Xinhua ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 04 កុម្ភៈ​។

    សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី 03 កុម្ភៈ របស់​​បន្ទប់​ពិសោធន៍​ស្រាវ​ជ្រាវ​អវកាស​ជ្រៅ​របស់​ប្រទេស​ចិន​ បាន​ឱ្យ​​ដឹង​ថា ផ្កាយ​រណប​ដូច​គ្នា​ចំនួន​ពីរ​គ្រឿង​ ដែល​មាន​ទម្ងន់​ 61 និង 15 គីឡូក្រាម​ នឹង​ហោះ​​ក្នុង​​គន្លង​តារាវិធី​ព្រះ​ចន្ទ​។

    ផ្កាយ​រណប​ទាំង​នេះ​នឹង​ធ្វើ​ការ​ពិសោធ​ វាយ​តម្លៃ​លើ​លទ្ធភាព​នៃ​ការ​​ប្រើ​ប្រាស់​ និង​ប្រសិទ្ធភាព​របស់​បច្ចេក​វិទ្យា​ថ្មី​នានា​ មាន​ដូច​ជា បច្ចេកវិទ្យា​បញ្ជូន​រលកសញ្ញា​ និង​បច្ចេកវិទ្យា​វាស់​វែង​ដែល​មាន​សុក្រឹតភាព​កម្រិត​ខ្ពស់​ជា​ដើម​។

    ប្រទេស​ចិន​គ្រោង​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​ទាំង​ពីរ​គ្រឿង​ខាងលើ​នៅ​ពាក់​កណ្ដាល​ដើម​ឆ្នាំ 2024​ ជាមួយ​នឹង​ផ្កាយ​រណប​អន្តរកម្ម​ Queqiao-2។ Queqiao-2 នឹង​ផ្ដល់​សេវា​ទំនាក់​ទំនង​សម្រាប់​បេសក​កម្ម​ព្រះ​ចន្ទ​ Chang’e 4, 6, 7 និង​ 8​ របស់​ចិន​។

    បច្ចុប្បន្ន ប្រទេស​ចិន​កំពុង​ជំរុញ​កម្មវិធី​ស្រាវ​ជ្រាវ​ព្រះ​ចន្ទ​ ក្នុង​នោះ​ ប្រទេស​នេះ​ក៏​មាន​ផែនការ​នាំ​មនុស្ស​ឡើង​ទៅ​កាន់​ភពរណប​នេះ​នៅ​មុន​ឆ្នាំ 2030​ ផងដែរ​៕

  • យន្តហោះ​អវកាស​អាម៉េរិកលេច​មុខ​មុន​ជើង​ហោះ​ហើរ​ដំបូង

    យន្តហោះ​អវកាស​អាម៉េរិកលេច​មុខ​មុន​ជើង​ហោះ​ហើរ​ដំបូង

    យន្តហោះ​អវកាស​ Dream Chaser ដែល​អាច​ប្រើ​ប្រាស់ឡើងវិញ​បាន​ច្រើន​ដង​ និង​អាច​ផ្ទុក​ទំនិញ​បាន​ 5,215​ គីឡូក្រាម​ ត្រូវ​បាន​បង្ហាញ​នៅ​មុន​បេសក​កម្ម​ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) ជា​លើក​ដំបូង​ នៅ​ចុង​ឆ្នាំ​នេះ​។

    ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (ណាសា) និង​ក្រុម​ហ៊ុន Sierra Space នៅ​ Colorado កាល​ពី​ថ្ងៃទី 01 កុម្ភៈ 2024 បាន​អញ្ជើញ​ក្រុម​អ្នក​យក​ព័ត៌មាន​ទៅ​ទស្សនា​ Dream Chaser ដោយ​ផ្ទាល់​។​ នេះ​បើ​តាមទំព័រ​សារព័ត៌មាន​ Space​។

    ព្រឹត្តិការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​មូលដ្ឋាន​ធ្វើ​តេស្ត​ Neil Armstrong របស់​ណាសា នៅ​ Sandusky។ យន្តហោះ​អវកាស Dream Chaser និង​ម៉ូឌុល​ដឹក​ទំនិញ​ដែល​មាន​រហ័ស​នាម​ថា «Tenacity» និង «Shooting Star» ត្រូវ​បាន​ដំឡើង​បញ្ឈរ​ត្រង់​ដូច​ពេល​ត្រៀម​បាញ់បង្ហោះ​។ យាន​មួយ​គូ​នេះ​មាន​កម្ពស់​ 16.8 ម៉ែត្រ​ ដែល​ប្រហាក់​ប្រហែល​នឹង​រថយន្ត​ដឹក​សិស្ស​សាលា​ខ្នាត​ធំ​។

    ជើង​ហោះ​ហើរ​ដំបូង​របស់ Tenacity នឹង​ដឹក​ទំនិញ​​របស់​ណាសា ឡើង​ទៅ​កាន់​ ISS​។ ក៏ប៉ុន្តែ មុន​ពេល​ហោះ​ហើរ​ជើង​ដំបូង Tenacity និង Shooting Star នឹង​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ជា​ច្រើន​ទៀត​នៅ Sandusky។

    តាម​ផែនការ Shooting Star នឹង​ឆេះ​ខ្ទេច​នៅ​ក្នុង​បរិយាកាស​ផែនដី បន្ទាប់​ពី​បាន​បំពេញ​ភារកិច្ច​តែ​មួយ​លើក​គត់​។ ចំណែក Tenacity នឹង​ចុះ​ចតលើ​ផែនដី ហើយ​ត្រៀម​សម្រាប់​បេសកកម្ម​បន្ទាប់​។ យន្ត​ហោះ​អវកាស​ Tenacity ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​អាច​ហោះ​ហើរ​បាន​ 15 ជើង​។ យាន​នេះ​នឹង​ដឹក​ទំនិញ​ជាង 3,540 គីឡូក្រាម​ នៅ​ក្នុង​ជើង​ហោះ​ហើរ​ដំបូង​ បើ​ទោះ​ជា​វា​អាច​ដឹក​បាន​រហូត​ដល់ 5,215 គីឡូក្រាម​។ សំរាម​ជាង 3,950 គីឡូក្រាម​ អាច​នឹង​ត្រូវ​បាន​ទម្លាក់​ចោល​ពី​ម៉ូឌុល​ដឹក​ទំនិញ​របស់វា នៅក្នុង​ពេល​ហោះ​ត្រឡប់មក​កាន់​ផែនដី​។

    តាម​គម្រោង​ Tenacity និង Shooting Star នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ពាក់​កណ្ដាល​ដើម​ឆ្នាំ​នេះ។ ក្រោយពី​បេសក​កម្ម​នេះ​បាន​បញ្ចប់ សំណើ​សុំ​អាជ្ញាបណ្ណ​សម្រាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​នេះ​ក៏​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ផងដែរ​៕

  • យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ជប៉ុន ថត​យក​រូប​ភាព​ចុង​ក្រោយ​

    យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ជប៉ុន ថត​យក​រូប​ភាព​ចុង​ក្រោយ​

    យាន​អវកាស​ SLIM នឹង​ឆ្លង​កាត់​រាត្រី​ត្រជាក់​ដ៏វែង​នៅ​លើឋាន​ព្រះ​ចន្ទ​​ ដោយ​ការ​ស្ថិត​នៅស្ងៀម​​​​មួយ​កន្លែង​ ហើយ​ប្រហែល​ជា​មិន​អាច​ដំណើរ​ការ​ឡើង​វិញ​បាន​​ នា​ពេល​ខាង​មុខ​។

    យាន​ចុះ​ចត​ SLIM របស់​ប្រទេស​ជប៉ុន​ បាន​អស់​ថាមពល​មុន​ពេល​រាត្រី​ត្រជាក់​លើឋាន​ព្រះ​ចន្ទ​ចូលមក​បញ្ចប់​បេសក​កម្ម​ ប៉ុន្តែ​វា​នៅ​តែអាច​បញ្ជូន​រូប​​ថត​​ចុង​ក្រោយ​​មួយ​ចំនួន​ រួម​នឹង​ទិន្នន័យ​វិទ្យាសាស្ត្រ​ មក​កាន់​ផែនដី​ដល់​ពេល​។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 01 កុម្ភៈ 2024​។

    SLIM (Smart Lander for Investigating Moon) បាន​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​នៅ​លើ​ឋាន​ព្រះ​ចន្ទ​កាលពី​ថ្ងៃទី 19 មករា 2024​ បើ​ទោះ​ផ្ទាំង​សូឡា​ជួប​បញ្ហា​ ធ្វើ​ឱ្យ​យាន​នេះ​ត្រូវ​ផ្អាក​សកម្មភាព​លើ​ឋាន​ព្រះ​ចន្ទ​​ជា​បណ្ដោះ​អាសន្ន​។ ប៉ុន្តែ SLIM បាន​ដំណើរ​ការ​ឡើង​វិញ បន្ទាប់​ពី​ការ​ចុះ​ចត​បាន​ជិត​ដប់​ថ្ងៃ​ នៅ​ពេល​​ព្រះ​អាទិត្យ​បាន​ជះ​ពន្លឺ​មក​លើ​ផ្ទាំង​សូឡា​របស់​វា​។

    អង្គការ​ស្រាវជ្រាវ​អវកាស​ជប៉ុន (JAXA) បាន​ចែក​រំលែក​រូប​ថត​ចុងក្រោយ​ដែល​បាន​ពី​យាន​ SLIM កាល​ពី​ថ្ងៃទី 31 មករា​។ ពួក​គេ​ក៏​បាន​បញ្ជាក់​ថា យាន​នេះ​បាន​ឈាន​ដល់​ស្ថាន​ភាព​ដេក​ស្ងៀម​ដូច​ការ​គ្រោង​ទុក​។ JAXA នឹង​ត្រូវ​​រង់​ចាំមួយ​​រាត្រី​​នៅ​លើ​ឋាន​ព្រះ​ចន្ទ ដែល​ប្រហែល​នឹង​ 14.5 ថ្ងៃ​នៅ​លើ​ផែនដី​ រួម​នឹង​លក្ខខណ្ឌ​កម្ដៅ​ព្រះ​អាទិត្យ​នៅ​ថ្ងៃ​បន្ទាប់​ ដែល​ចាប់​ផ្ដើម​​ពី​ថ្ងៃទី 15 កុម្ភៈ​ មុន​ពេល SLIM អាច​ភ្ញាក់​ខ្លួន​ជា​ថ្មី​។ សីតុណ្ហភាព​ពេល​យប់​នៅ​លើ​ឋានព្រះ​ចន្ទ​គឺ​ប្រហែល -130 អង្សាសេ​។

    រូបភាពដែល SLIM បានថតពេលចុះចត (ឆ្វេង) និងពេលដំណើរការឡើងវិញ

    ក៏ប៉ុន្តែ បើ​ទោះ​ SLIM អាច​ ឬ​មិន​អាច​ដឹងខ្លួន​ជា​ថ្មី​ យាន​នេះ​ក៏បាន​​បំពេញ​ភារកិច្ច​​ទាំង​ស្រុង​ដោយ​ជោគជ័យ​រួច​ហើយ ក្នុង​នោះមាន​ដូច​ជា ការ​ចុះ​ចត​ត្រូវ​តាម​ផែនការ​ ការ​ដាក់​ពង្រាយ​រ៉ូបូត​ខ្នាត​តូច​ចំនួន​ពីរ​គ្រឿង​ និង​ប្រមូល​បាន​ទិន្នន័យ​ផ្នែក​វិទ្យាសាស្ត្រ​ជា​ច្រើន​​ជា​ដើម​៕

  • ក្រសួង​សាធារណការ សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់

    ក្រសួង​សាធារណការ សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់

    កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា​នេះ ឯកឧត្ដម​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជុន ​បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន (Khmer Cold Chain) ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះ​បើ​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។

    យោង​តាម​ក្រសួង​ខាងលើ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះ ត្រូវ​បាន​សាងសង់​​ឡើងក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដោយក្រុមហ៊ុន InfraCo Asia សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ និង USAID ក្រោមជំនួយឧបត្ថម្ភពី ប្រទេសអង់គ្លេស អូស្ត្រាលី ស្វីស និងហូឡង់។

    ឃ្លាំងនេះមានសមត្ថភាពស្តុកទំនិញបាន 5,827 ម៉ែត្រគូប ជាមួយនឹងកម្រិតសីតុណ្ហភាពចាប់ពី -22 អង្សាសេ ដល់ 15 អង្សាសេ​។

    ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ឃ្លាំងត្រជាក់មួយខ្នងនេះ នឹងជួយបំពេញបន្ថែមនូវមុខងាររបស់ចំណតផែកុងតឺន័រ LM17 ដែលនឹងធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញទទួលបាននូវកំណើនបរិមាណកុងតឺន័រឆ្លងកាត់ ដោយឃ្លាំងនេះ នឹងផ្តល់នូវតម្លៃសេវាបន្ថែម ជាពិសេស សេវាស្តុកទំនិញត្រជាក់ ស្របតាមស្តង់ដារអន្តរជាតិ។

    ជាងនេះទៅទៀត ឃ្លាំងនេះនឹងចូលរួមគាំទ្រផែនការអាទិភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា រួមទាំងការធ្វើកំណែទម្រង់ធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីកកាន់តែមានភាពប្រកួតប្រជែង និងការផ្តល់សេវាកាន់តែមានភាពឆាប់រហ័ស្ថ តម្លាភាព និងប្រសិទ្ធភាព៕