Tag: ផែនការ

  • បង្រៀនកូនឱ្យមានវិន័យ ឱ្យឆ្លាតសមវ័យ ត្រូវចិញ្ចឹមកូនបែប EF

    បង្រៀនកូនឱ្យមានវិន័យ ឱ្យឆ្លាតសមវ័យ ត្រូវចិញ្ចឹមកូនបែប EF

    បង្រៀនកូនឱ្យមានវិន័យ​ ឪពុកម្ដាយអាចចាប់ផ្ដើមបានតាំងពីកូននៅតូចៗដោយប្រើវិធីការចិញ្ចឹមកូនបែប EF (Executive Function) ដែលមានន័យពីសមត្ថភាពកម្រិតខ្ពស់របស់ខួរក្បាលដែលប្រើប្រាស់ក្នុងការគិត អារម្មណ៍ និងទង្វើ។ ដើម្បីឱ្យទៅដល់គោលដៅ ដែលជាគោលដៅសម្រាប់កូន មិនមែនជារបស់ឪពុកម្ដាយ តាមស្ទីលរបស់លោកវេជ្ជបណ្ឌិតជំនាញផ្នែកអប់រំកុមារគឺជាអ្វី និងសំខាន់ចំពោះការចិញ្ចឹមកូនយ៉ាងណា យើងនាំគ្នាមកមើលទាំងអស់គ្នាដូចតទៅ។

    គោលការណ៍របស់ EF

    1 . មើលថែទាំខ្លួនឯងបាន

    គឺការឱ្យកុមារបានប្រើប្រាស់ខ្លួនឯងជាចំណុចកណ្ដាលដើម្បីអភិវឌ្ឍ និងហ្វឹកហាត់ខ្លួនឯងឱ្យអាចមើលថែទាំ ជួយខ្លួនឯងបាន ដោយមិនចាំបាច់មានអ្នកណាមកចាំប្រាប់។ មានគោលការណ៍ 4 យ៉ាងដូចតទៅ ៈ

    – ការមើលថែទាំរាងកាយរបស់ខ្លួនឯង ៈ ដូចជាការញ៉ាំបាយ ងូតទឹក ដុសធ្មេញ ស្លៀកពាក់ បន្ទោបង់ទាំងធំ និងតូចដោយខ្លួនឯងបាន ដែលឪពុកម្ដាយអាចបង្ហាត់កូនតូចបានតាំងពីអាយុ 2 – 3ឆ្នាំ។ សម្រាប់ការញ៉ាំបាយខ្លួនឯង នឹងជួយឱ្យក្មេងបានអភិវឌ្ឍគ្រប់យ៉ាងជារួម បើឪពុកម្ដាយនៅតែចាំបញ្ចុកបាយឱ្យកូនតូចញ៉ាំ ក៏នឹងធ្វើក្មេងមិនក្លាយជា EF

    – ការមើលថែទាំជុំវិញរាងកាយរបស់ខ្លួន ៈ អាចចាប់ផ្ដើមជាមួយកូនតូចដែលមានអាយុ 3 – 5ឆ្នាំ ដូចជាការប្រមូលទុកដាក់របស់លេងនៅពេលលេងរួច ការរៀបចំកន្លែងគេងឱ្យស្អាតរៀបរយបន្ទាប់ភ្ញាក់ពីគេង។

    – ការមើលថែទាំការងារផ្ទះ ៈ ឪពុកម្ដាយអាចចាប់ផ្ដើមបង្ហាត់កូនតូចតាំងពីអាយុ 6 – 7ឆ្នាំឡើងទៅ ដូចជាលាងចាន ហាលខោអាវ ប្រមូលសំរាម បោសផ្ទះ ជូតផ្ទះ ដែលមូលដ្ឋានគ្រឹះរបស់ការធ្វើការងារផ្ទះបែប EF នេះជាការធ្វើឱ្យក្មេងបានកម្រើកម្រាមដៃ កម្រើកខួរក្បាលខ្លាំងជាងការធ្វើឱ្យផ្ទះស្អាត។

    – ការមើលថែទាំនៅក្រៅផ្ទះ ៈ ឬការធ្វើតាមច្បាប់របស់សង្គម ដូចជាញ៉ាំបាយនៅក្នុងហាងលក់បាយ ការរត់លេងនៅក្នុងហាង និងការឈរតម្រង់ជួររង់ចាំទិញឥវ៉ាន់ ជាដើម។

    2 . ការចេះដោះខ្លួនរួចពីស្ថានការណ៍ប្រថុយនឹងគ្រោះថ្នាក់ផ្សេងៗ

    ដូចជា គោលដៅគឺ ចង់ជិះជ្រែម៉ូតូ ដូច្នេះ EF គឺការគិតឱ្យបានល្អិតល្អន់ថា តើត្រូវជិះម៉ូតូយ៉ាងណាឱ្យមានសុវត្ថិភាព ត្រូវគ្រប់គ្រងការគិត អារម្មណ៍ ទង្វើដែលល្អ ឬគោលដៅ គឺការចង់ធ្វើអ្វីមួយ តែត្រូវឆ្លងកាត់ការគិត អារម្មណ៍ និងទីបំផុត គឺការបង្ហាញទង្វើដែលល្អហ្នឹងឯង។

    3 . មានអនាគតដែលអាចសាងឡើងបានដោយខ្លួនឯង

    – សម្លឹងទៅខាងមុខ ការមានកម្លាំងជំរុញចិត្ត មានភាពមានះព្យាយាម ភាពស្រឡាញ់ឈ្លក់ក្នុងអំពើល្អ។

    – រៀបចំផែនការ

    – ចាប់ផ្ដើមធ្វើ

    – ទទួលខុសត្រូវ

    – បត់បែន កែសម្រួលគោលដៅ កែសម្រួលផែនការបានគ្រប់ពេលជានិច្ច មិនបន្ទោសខ្លួនឯង មិនបន្ទោសអ្នកដទៃ។

    ក្រៅពីនេះលោកវេជ្ជបណ្ឌិតនៅបានណែនាំពីកិច្ចការងាររបស់កូនតូចក្រោយពេលត្រឡប់មកពីសាលារៀនទៀតផង។ ដោយសារតែក្មេងភាគច្រើននឹងត្រឡប់មកដល់ផ្ទះវិញនៅម៉ាងប្រមាណ 17ៈ30(5ៈ30ល្ងាច) ធ្វើឱ្យកូនតូចមានពេលវេលាក្នុងការធ្វើកិច្ចការប្រចាំថ្ងៃឱ្យរួចស្រេច តាំងពីម៉ោង 18ៈ00 – 21ៈ00 សរុប 3 ម៉ោងតាមលំដាប់ដូចតទៅ។

    ការងារផ្ទះ ៈ ជាការងារដំបូងដែលឪពុកម្ដាយគួរប្រាប់ឱ្យកូនតូចបានធ្វើ ព្រោះការឱ្យកុមារតូចៗបានធ្វើការងារផ្ទះនេះ ជាការបណ្ដុះទម្លាប់ឱ្យក្មេងៗនឹកដល់ការងារសួនរួមខ្លាំងជាងបុគ្គលផ្ទាល់ខ្លួន។

    កិច្ចការផ្ទះ ៈ សម្រាប់ថ្ងៃណាដែលកូនតូចគ្មានកិច្ចការផ្ទះ ឪពុកម្ដាយអាចរកមេរៀនហ្វឹកហាត់បន្ថែមមកឱ្យកូនធ្វើក៏បាន។ រឿង 2 យ៉ាងនេះ ទាំងការងារផ្ទះ និងកិច្ចការផ្ទះ ត្រូវប្រាប់ឱ្យកូនធ្វើឱ្យរួចស្រេចមុនពេលចង់ចេញទៅលេង ដើម្បីជាការបង្វឹកភាពទទួលខុសត្រូវ ដោយសុខចិត្តលំបាកមុន សឹមសប្បាយជាក្រោយ។

    ការលេង ៈ ជារឿងដែលមិនអាចខ្វះបានឡើយក្នុងវ័យកុមារ ព្រោះគេនឹងបានមានអារម្មណ៍ដឹងពីភាពធូរស្រាលសប្បាយ។ ឪពុកម្ដាយអាចផ្ដល់ឱ្យនូវការលេងដែលកូនតូចចង់លេង ធ្វើជារង្វាន់ក្រោយពីគេយល់ព្រមខំទ្រាំធ្វើនូវអ្វីដែលគេមិនសប្បាយនោះចប់រួចរាល់ហើយ។

    អានរឿងនិទានមុនពេលគេង ៈ មុនពេលកូនចូលគេង ឪពុកម្ដាយអាចធ្វើកិច្ចការងារនេះ ជាការភ្ជាប់សម្ព័ន្ធភាពរវាងឪពុក ម្ដាយ និងកូនឱ្យកាន់តែស្អិតល្មួតឡើង និងថែមទាំងជាកិច្ចការងារដែលមិនសូវជារំភើបញាប់ញ័រប៉ុន្មានឡើយដើម្បីត្រៀមនាំកូនចូលគេង។

    បើឪពុកម្ដាយចង់ឱ្យកូនចេះគ្រប់គ្រងចាត់ចែងពេលវេលាធ្វើកិច្ចការងារប្រចាំថ្ងៃទាំងនេះដោយខ្លួនឯង ឪពុកម្ដាយត្រូវតែមិនចាំបាច់ប្រាប់ថា ពេលណាគួរធ្វើអ្វីនោះទេ បណ្ដោយឱ្យកូនបានចាត់ចែងពេលវេលាដោយខ្លួនឯង ដែលជាប្រក្រតីក្មេងៗច្រើនតែសម្រុកធ្វើការងារផ្ទះ និងកិច្ចការផ្ទះឱ្យរួចឆាប់ៗ ព្រោះដើម្បីឱ្យបានលេងយូរឡើង។ ជាធម្មតាក្មេងនឹងចាប់ផ្ដើមចេះគ្រប់គ្រងចាត់ចែងពេលវេលានៅពេលមានអាយុ 2 – 8 ឆ្នាំ៕

  • 5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

    5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

    ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យ គឺជារឿងដែលឪពុកម្ដាយជាច្រើននឹកសង្ឃឹមទុក ព្រោះចង់ឱ្យកូនៗរបស់ខ្លួនធំធាត់ឡើងក្លាយជាមនុស្សម្នាក់ដែលទទួលបានជោគជ័យ អាចរស់នៅក្នុងពិភពដ៏ធំទូលាយនេះបានយ៉ាងល្អឥតខ្ចោះ និងមានសេចក្ដីសុខ។ ថ្ងៃនេះ អ្នកគ្រូ ឆវីសូមអញ្ជើញលោកឪពុកអ្នកម្ដាយ និងអាណាព្យាបាលទាំងអស់មកមើលពី 5 វិធីក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយអាចជួយឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សធំម្នាក់ដែលល្អឥតខ្ចោះ និងទទួលបានជោគជ័យក្នុងជីវិតនាពេលអនាគត។

    1 . ឱ្យកូនជួយធ្វើការងារផ្ទះបន្តិចបន្តួច

    លទ្ធផលនៃការស្រាវជ្រាវវិភាគមកពីក្រៅប្រទេស បានរកឃើញថា ការបង្ហាត់ក្មេងៗឱ្យចេះជួយធ្វើការងារផ្ទះត្រឹមតែបន្តិចបន្តួចនោះ នឹងជួយឱ្យពួកគេទទួលជោគជ័យក្នុងជីវិតបាន ដែលការងារនេះនឹងជួយក្នុងរឿងនៃការបណ្ដុះភាពទទួលខុសត្រូវ និងជួយឱ្យក្មេងៗចេះពឹងពាក់លើខ្លួនឯង។

    អ្នកជំនាញការម្នាក់មកពីមហាវិទ្យាល័យ ស្ទែនហ្វ៉ដ និងជាអ្នកនិពន្ធសៀវភៅ How to Raise an Adult បានរៀបរាប់ថា ការឱ្យក្មេងៗមានចំណែករួមក្នុងការធ្វើការងារផ្ទះ ដូចជា លាងចាន យកសំរាមទៅចោល ស្រោចទឹកផ្កា ឬបោកខោអាវរបស់ខ្លួនឯងជាដើមនោះ នឹងជួយឱ្យពួកគេស្គាល់ពីតួនាទីរបស់ខ្លួនឯងដែលគួរមានចំពោះសួនរួម។ ជាការបណ្ដុះភាពទទួលខុសត្រូវ និងជួយហ្វឹកហាត់ការពឹងពាក់លើខ្លួនឯងបាន។ នៅពេលក្មេងៗធំធាត់ឡើង ពួកគេនឹងក្លាយជាមនុស្សធំដ៏ល្អ មានជំនាញក្នុងការធ្វើការងាររួមជាមួយអ្នកដទៃ មានការយល់ចិត្តយល់ថ្លើម យល់ពីអារម្មណ៍អ្នកដទៃច្រើនឡើង ឧស្សាហ៍ព្យាយាម ស៊ូនឹងការងារ និងថែមទាំងអាចធ្វើការងារបានយ៉ាងសម្បូរបែបដោយប្រើពេលវេលារៀនយល់ដឹងតែបន្តិចទៀតផង។

    2 . ឱ្យកូនស្គាល់ពីការព្យាយាម និងហ៊ានប្រឈមនឹងការបរាជ័យ

    “ការបរាជ័យ គឺជាគ្រូដ៏ល្អរបស់ភាពជោគជ័យ” តែក្មេងៗប្រហែលជាមិនយល់អំពីប្រយោគនេះទេ។ បើលោកឪពុកអ្នកម្ដាយមិនធ្លាប់បង្រៀនឱ្យពួកគេស្គាល់ពីការបរាជ័យ ឬការខកបំណងទេនោះ តាមរយៈការវិភាគស្រាវជ្រាវបានរកឃើញថា ការដែលឪពុកម្ដាយឱ្យកូនបានរៀនយល់ដឹង និងហ៊ានប្រឈមជាមួយនឹងការបរាជ័យ នឹងហុចផលឱ្យគេមានការព្យាយាម និងចេះបត់បែនក្នុងការរស់នៅខ្លាំងឡើង។ ក្រៅពីនេះឪពុកម្ដាយគួរបង្រៀនឱ្យកូនចេះចាត់ការជាមួយអារម្មណ៍របស់ខ្លួនឯង ឱ្យគេចេះគ្រប់គ្រងសតិ និងអារម្មណ៍ មិនឱ្យភាពតានតឹងធុញថប់មួម៉ៅមកកាត់បន្ថយកម្លាំងចិត្តបានឡើយ បើទោះជាជួបតែក្ដីអស់សង្ឃឹម និងក្ដីបរាជ័យរហូតក៏ដោយ។

    3 . ឱ្យកូនៗស្គាល់ពីការចូលសង្គម និងសាងសម្ព័ន្ធភាពល្អជាមួយអ្នកដទៃ

    បច្ចុប្បន្នជំនាញការចូលសង្គម អាចរាប់បានថា ជាផ្នែកមួយសំខាន់ដែលជួយអភិវឌ្ឍភាពឆ្លាតវៃដល់កូនៗ ដែលតាមរយៈការសិក្សាស្រាវជ្រាវរបស់បរទេសបានរកឃើញថា ក្មេងដែលមានជំនាញក្នុងការចូលសង្គមដែលល្អ មានសម្ព័ន្ធភាពដែលល្អជាមួយមិត្តភ័ក្តិបងប្អូន នឹងមានឱកាសទទួលបានជោគជ័យក្នុងជីវិតច្រើន ដោយសារតែក្មេងនឹងស្គាល់ពីការរស់នៅរួមជាមួយអ្នកដទៃ ស្គាល់ពីការធ្វើការងារជាក្រុម យល់ពីចិត្ត និងអារម្មណ៍របស់អ្នកដទៃ និងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងទៀតផង។

    4 . តាំងគោលដៅរឿងការរៀនសូត្ររបស់កូន

    ឪពុកម្ដាយដែលផ្ដល់ចំណាប់អារម្មណ៍លើរឿងការសិក្សារៀនសូត្ររបស់កូន នឹងជួយបើកផ្លូវ និងរុញច្រានឱ្យកូនឈានឆ្ពោះទៅរកភាពជោគជ័យបាននាពេលអនាគត។ លើកឧទាហរណ៍ដូចជា បើសិនឪពុកម្ដាយនឹកសង្ឃឹមឱ្យកូនបានទទួលការសិក្សារៀនសូត្ររហូតដល់កម្រិតបរិញ្ញាបត្រ ពួកគេក៏នឹងមានសញ្ញាថានឹងរៀនបានចប់មហាវិទ្យាល័យ ដោយឪពុកម្ដាយជាអ្នកចាត់ការ និងរៀបផែនការអនាគតឱ្យទៅកូនៗតាំងពីនៅតូចៗ ហើយពួកគេក៏នឹងដឹងពីតួនាទីរបស់ខ្លួនថា ពេលនេះគួរធ្វើអ្វី និងធ្វើដើម្បីអ្វី។ ជាការសាងកម្លាំងដឹកនាំចិត្តដល់កូន ឱ្យគេមានអារម្មណ៍សប្បាយរីករាយ មានកម្លាំងជំរុញចិត្ត និងយកចិត្តទុកដាក់លើការរៀនសូត្រកាន់តែខ្លាំងឡើង ដើម្បីរូបគេខ្លួនឯងនាពេលអនាគត។

    5 . ឪពុកម្ដាយគួរធ្វើជាគំរូដ៏ល្អដល់កូនៗ

    ការដែលចង់ឱ្យកូនទទួលបានភាពជោគជ័យ ឪពុកម្ដាយក៏គួរធ្វើឱ្យកូនមើលឃើញជាគំរូថា ទម្រាំតែឪពុកម្ដាយរបស់គេទទួលបានភាពជោគជ័យក្នុងជីវិតនោះ ត្រូវឆ្លងកាត់ឧបសគ្គអ្វីមកខ្លះ ត្រូវមានភាពស៊ូទ្រាំអត់ធន់ មានក្ដីព្យាយាម និងមានតួនាទីក្នុងសង្គមយ៉ាងណា?។ នៅពេលគេបានឃើញពីអ្វីដែលឪពុកម្ដាយបានធ្វើជាប្រចាំរាល់ថ្ងៃហើយនោះ ក្មេងៗក៏នឹងកើតការជ្រួតជ្រាប និងធ្វើតាម កើតជាទង្វើការរៀនយល់ដឹងដែលនាំឆ្ពោះទៅរកការអភិវឌ្ឍខ្លួនឯង និងជាចំណុចចាប់ផ្ដើមឆ្ពោះទៅរកភាពជោគជ័យក្នុងពេលអនាគត។

    ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យក្នុងជីវិតនេះ មិនមែនជារឿងងាយឡើង តែក៏មិនមែនជារឿងដែលពិបាកហួសនឹងធ្វើបានដែរ គ្រាន់តែលោកឪពុកអ្នកម្ដាយត្រូវមានពេលវេលាយកចិត្តទុកដាក់ចំពោះកូនឱ្យបានច្រើនឡើង មានការអប់រំផ្គុំនិស្ស័យដ៏ល្អ រួមទាំងធ្វើជាគំរូដ៏ល្អដល់កូនៗប៉ុណ្ណោះ តែលោកឪពុកអ្នកម្ដាយក៏មិនគួរតឹងរ៉ឹងម៉ឺងម៉ាត់ជាមួយកូនជ្រុលពេកដែរ បង្ហាត់ប្ងរៀនជាបណ្ដើរៗ កែសម្រួលទង្វើរបស់កូនម្ដងបន្តិចៗជាបណ្ដើរៗ និងដែលសំខាន់បំផុតនោះគឺ កុំភ្លេចផ្ដល់សេចក្ដីស្រឡាញ់ និងភាពកក់ក្ដៅក្នុងគ្រួសារផង៕

  • ចិន​​ “ត្រៀម​ខ្លួន​សម្រាប់​សេនារីយោ​អាក្រក់​បំផុត​” ដែល​ប្រទេស​ជាតិ​​អាច​​ជួប​ប្រទះនា​ពេល​ខាងមុខ

    ចិន​​ “ត្រៀម​ខ្លួន​សម្រាប់​សេនារីយោ​អាក្រក់​បំផុត​” ដែល​ប្រទេស​ជាតិ​​អាច​​ជួប​ប្រទះនា​ពេល​ខាងមុខ

    រដ្ឋាភិបាល​​​ចិន​ដែល​កំពុង​រៀប​ចំ​យុទ្ធ​សាស្ត្រ​ដើម្បី​ផ្លាស់​ប្ដូរ​​ការ​ផ្ដោត​លើ​ការ​នាំ​ចេញទៅ​កាន់​ទីផ្សារ​បរទេស​​ ហើយ​ងាក​មក​ផ្ដោត​លើ​ទីផ្សារ​ក្នុង​​ស្រុក​ជា​ចម្បង​ បាន​បង្ហាញ​ថា លោក​ស៊ី ជីន​ភីង​កំពុង​ត្រៀម​​ខ្លួន​សម្រាប់​ទប់​ទល់​នឹង​សេនារីយោ​អាក្រក់​បំផុតនា​ពេល​អនាគត​។ ​​​នេះ​បើ​តាមការ​យល់​ឃើញ​របស់​​​សេដ្ឋ​វិទូនានា។

    នៅ​ចំពោះ​មុខ​ទីប្រឹក្សា​​កំពូល​ៗ​រាប់សិប​នាក់​នា​​ទីក្រុង​ប៉េកាំង​កាល​ពីថ្ងៃទី​23​ឧសភា​កន្លង​ទៅ​ ប្រធានាធិបតី​ចិន​ លោក​ស៊ី​ ជីនភីង​ មាន​ប្រសាសន៍​ថា ប្រទេស​ចិន​កំពុង​តែ​តាម​ចាប់​គម្រោង​អភិវឌ្ឍន៍​ថ្មី ក្នុង​នោះ​ “ចរាចរណ៍​(ទីផ្សារ​) ក្នុង​ស្រុក​ នឹងដើរ​តួនាទី​សំខាន់​បំផុត​”។

    លោក ស៊ី​ ជីនភីង​ បន្ត​ថា “អនាគត យើង​ត្រូវ​តែ​ចាត់​ទុក​តម្រូវ​ការ​នៃ​ទីផ្សារ​ក្នុង​ស្រុក​ជា​ចំណុច​ចាប់​ផ្ដើម​ និង​ជា​គ្រឹះ​ដ៏រឹងមាំ​នៅ​ពេល​យើង​ពន្លឿន​ការ​កសាង​ប្រព័ន្ធ​តម្រូវ​ការ​ក្នុង​ស្រុក​ និង​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យា​ និង​វិស័យ​ផ្សេង​ៗ​ទៀត​”។

    សុន្ទរកថា​របស់​លោក​ស៊ី ជីន​ភីង​ បាន​បង្ហាញ​ថា ទីក្រុង​ប៉េកាំង​កំពុង​តែ​បោះ​បង់​យុទ្ធ​សាស្ត្រ​ “វាយ​លុក​ទីផ្សារ​បរទេស​​”​ ដែល​ត្រូវ​បាន​អនុវត្ត​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​1990​ ដែល​ធ្លាប់​​បាន​ជួយ​លើក​ស្ទួយ​កំណើន​សេដ្ឋ​កិច្ច​ និង​នាំ​ឱ្យចិន​ក្លាយ​ជា​ខឿន​សេដ្ឋ​កិច្ច​ធំ​ទី​2​ក្នុង​ពិភពលោកអំឡុង​ប៉ុន្មាន​​​ឆ្នាំ​ចុង​ក្រោយ​នេះ​។

    “នោះ​គឺជា​ការ​ត្រៀម​សម្រាប់​សេនារីយោ​អាក្រក់​បំផុត​ ដែល​រួម​ទាំង​ការ​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​អាមេរិកាំង​ ឬ​ជាមួយ​ពិភព​អឺរ៉ុប​ទាំង​មូល​” នេះ​បើ​តាម​ Hu Xingdou ដែល​ជា​អ្នក​ឯកទេស​ផ្នែក​សេដ្ឋកិច្ចឯក​រាជ្យ​មក​ពី​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​​ប៉េកាំង​។

    លោក​ Hu ថ្លែង​ថា ប្រទេស​ចិន​មិន​មាន​ជម្រើស​ណា​ក្រៅ​ពី​ការ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​នោះ​ទេ​ ប៉ុន្តែ លោក Hu បាន​ព្រមាន​ថា​ ប្រទេស​ចិន​មិន​អាច​បំផ្លាញ​កំណែ​ទម្រង់​ទីផ្សារ​ ឬ​វិល​ត្រឡប់​ទៅ​កាន់​ធាតុ​ដើម​​ដែល​ប្រកប​ដោយ​ការ​បិទ​បាំង​ផ្នែក​​ទីផ្សារ​​ ដែល​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​រដ្ឋ​អំណាច​នោះ​ដែរ​។​ លោក Hu យល់​ថា​ ប្រទេស​ចិន​គួរ​តែ​ប្រឹង​ប្រែង​​បញ្ចុះ​បញ្ចូល​​ផ្នែក​ដែល​នៅ​សល់​របស់​ពិភពលោក​​ ដោយ​បញ្ជាក់​ថា​ ប្រទេស​ចិន​នឹង​មិន​មាន​គម្រោង​កសាង​រូប​មន្ត​សេដ្ឋកិច្ច​ផ្ទុយ​ពី​ប្រព័ន្ធ​ទី​ផ្សារ​សេរី​ដូច​បច្ចុប្បន្ន​នោះ​ឡើយ។

    លោក​ ស៊ី ជីន​ភីង​ មាន​ប្រសាសន៍​ថា ចិន​នឹង​មិន​វិល​ត្រឡប់​ទៅ​រក​ទីផ្សារ​ផែន​ការ​ដែល​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​រដ្ឋាភិបាល​នោះ​ទេ

    យោង​តាម​យុទ្ធ​សាស្ត្រ​កំណត់​ទិស​ដៅ​ក្នុងការ​នាំ​ចេញ​កន្លង​មក​ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចិន​ត្រូវ​បាន​បក​ប្រែ​តាម​ភាសា​ចិន​ថា “ចូល​ធំ ចេញ​ធំ” ដោយ​ប្រទេស​ចិន​កំណត់​គោល​ដៅ​ទីផ្សារ​ទូទាំង​ពិភពលោក​ និង​អនុវត្ត​ផែន​ការ​របស់​ខ្លួន​ ដោយ​ការ​នាំ​ចូល​គ្រឿង​បន្លាស់ ហើយ​ក្រោយ​មក​ដំឡើង​ជា​ផលិត​ផល​សម្រេច​ រួច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​វិញ។

    យន្ត​ការ​ ឬ​យុទ្ធ​សាស្ត្រ​ខាង​លើ​នេះ បាន​បង្ហាញ​ប្រសិទ្ធ​ភាព​​បន្ទាប់​ពី​ប្រទេស​ចិន​បានក្លាយ​ជា​សមាជិក​នៃ​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​(WTO)កាល​ពី​ឆ្នាំ​2001 ហើយវា​ក៏​​បាន​ជួយ​ប្រទេស​នេះ​ក្លាយ​ជា​ “រោងចក្រ” របស់​ពិភពលោក​។ ប៉ុន្តែ រូប​មន្ត​នេះ​ កាន់​តែ​បាត់​បង់​ឥទ្ធិពល​​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ នៅ​ពេល​ចិន​ត្រូវ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក្លា​ពី​បណ្ដា​ប្រទេស​ រួម​នឹង​សង្គ្រាម​ពាណិជ្ជ​កម្ម​​ជាមួយ​អាមេរិកាំង​។ល។ ទាំង​នេះ កំពុង​ជំរុញ​ឱ្យ​ប្រទេស​ចិន​មាន​គោលបំណង​ពង្រីក​ និង​ពង្រឹង​ភាព​ម្ចាស់​ការ​នា​ពេល​ខាង​មុខ​។

    លោក​ ស៊ី ជីន​ភីង​ បាន​ថ្លែង​ថា “ពេល​នេះ​ យើង​ត្រូវ​ជំរុញ​ឱ្យ​មាន​ការ​រីកចម្រើន​នៅក្នុង​ពិភព​មួយ​ដែល​ពោរពេញ​ដោយ​អស្ថិរភាព​ និង​ប្ដូរ​ផ្លាស់​ជា​ប្រចាំ​”។

    លោក ស៊ី ក៏​បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​ចិន​ខ្លួន​ឯង​ មាន​ម្ចាស់​ការ​ជាង​នេះ ទៅ​លើ​បច្ចេក​វិទ្យា​ និង​ទីផ្សារ​ ពិសេស​លោក​បាន​លើក​ឡើង​អំពី​វិស័យ​សេដ្ឋ​កិច្ច​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា​ឌីជីថល ផលិត​កម្ម​ឆ្លាតវៃ វិទ្យា​សាស្ត្រសុខាភិបាល​ និង​វត្ថុ​ធាតុ​ថ្មី​ ​ជា​បណ្ដា​វិស័យ​ដែល​ប្រទេស​ចិន​ត្រូវ​ការ​លើក​ស្ទួយ​ជា​អាទិភាព។ លោក ស៊ី ជីន​ភីង​ ថា ប្រទេសចិន​នឹង​ឈរ​នៅ​ខាង​​ “ភាព​ត្រឹម​ត្រូវ​របស់​ប្រវត្តិ​សាស្ត្រ” ដើម្បី​បញ្ជាក់​អំពី​លទ្ធិ​ពហុ​ភាគី​និយម​ និង​មិន​បិទ​ទ្វារ​បង្ខាំង​ខ្លួន​ពី​ពិភពលោក​ខាង​ក្រៅ​។ ជំនួស​មក​វិញ ប្រទេស​ចិន​នឹង​នៅ​តែ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​របស់​ពិភពលោក​ទៅ​តាម​រូបម​ន្ត “បើក​ទូលាយជើង​មេឃ”។

    Raymond Yeung សេដ្ឋវិទូ​ចិន​មក​ពី​ធនាគារ ANZ បាន​ឱ្យ​ដឹង​ថា​ ការ​ប្ដូរ​ផ្លាស់​យុទ្ធ​សាស្ត្រ​របស់​ចិន​ កើត​ចេញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​របស់​​ទីផ្សារ​ខាងក្រៅ​ប្រទេស​ដែល​នឹង​មិន​អាច​ងើប​​ឡើងវិញ​បាន​ក្នុង​រយៈ​ពេល​ពី​2​ ឬ​3​ឆ្នាំ​ខាង​មុខ​។

    លោក Raymond Yeung ថ្លែង​ថា “​នេះ​គឺជា​ទិស​ដៅ​នៃ​ការ​ប្ដូរ​ផ្លាស់​សេដ្ឋកិច្ច​។ សំណួរ​សួរ​ថា តើ​ពួក​គេ​នឹង​ត្រូវ​ធ្វើ​បែប​ណា​?”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​