Tag: ផលិត

  • កូរ៉េខាងត្បូងត្រៀម​រួច​រាល់​ហើយ​សម្រាប់​ការ​បាញ់​បង្ហោះ​រ៉ុក្កែត​អវកាស​ Nuri លើក​ទីបី

    កូរ៉េខាងត្បូងត្រៀម​រួច​រាល់​ហើយ​សម្រាប់​ការ​បាញ់​បង្ហោះ​រ៉ុក្កែត​អវកាស​ Nuri លើក​ទីបី

    រ៉ុក្កែត Nuri ដែល​មាន​ប្រវែង​ 47.2 ម៉ែត្រ នឹង​នាំ​យក​ផ្កាយ​រណប​សរុប​ 8 គ្រឿង ឡើង​ទៅ​កាន់​គន្លង​តារាវិថី​​។

    កូរ៉េខាងត្បូងបាន​ត្រៀម​រួច​រាល់​​សម្រាប់​ការ​បាញ់​បង្ហោះ​រ៉ុក្កែត​អវកាស​ផលិត​ក្នុង​ស្រុក​ Nuri នៅក្នុង​ថ្ងៃនេះ​។ ក្រសួង​វិទ្យា​សាស្ត្រ​ និង​ព័ត៌មាន​វិទ្យា​ ក៏​ដូច​ជា​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អវកាស​កូរ៉េ​ខាង​ត្បូង​ (KARI) បាន​អះអាង​ថា​ ការ​ត្រួត​ពិនិត្យ​ចុង​ក្រោយ​បង្ហាញ​ថា បញ្ហា​បច្ចេក​ទេស​នានា​ត្រូវ​បាន​ធានា​ ហើយ​ការ​ព្យាករ​អំពី​អាកាស​ធាតុ​ក៏​មាន​អំណោយ​ផល​ល្អ​ដល់​ការ​បាញ់​បង្ហោះ​។

    រ៉ុក្កែត​អវកាស Nuri ឬ​ហៅ​ថា KSlV-II នឹង​នាំ​យក​ផ្កាយ​រណប​សរុប​ 8 គ្រឿង ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ ក្នុង​នោះ​ក៏​មាន​ផ្កាយ​រណប​បួន​គ្រឿង​ដែល​មាន​ឈ្មោះ​កូដ​ថា SNIPE ដែល​អភិវឌ្ឍ និង​ផលិត​ដោយ​វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ​អវកាស​ និង​តារា​សាស្ត្រ​កូរ៉េខាង​ត្បូង​។

    រ៉ុក្កែត Nuri មាន​ប្រវែង​ 47.2 ម៉ែត្រ មុខ​កាត់ 3.5 ម៉ែត្រ និង​ទម្ងន់ 17.5 តោន​។ ខុស​ពីរ​ការ​បាញ់​បង្ហោះ​លើក​ទី​មួយ និង​ទី​ពីរដែល​មាន​តែ​ផ្កាយ​រណប​ក្លែង​ក្លាយ ការ​បាញ់​បង្ហោះ​លើក​ទី​បី​នេះ​មាន​ផ្ទុក​ផ្កាយ​រណប​ដែល​អាច​បំពេញ​បេសកកម្ម​ដូច​ផ្កាយ​រណប​ដទៃ​។ ក្នុង​នោះ​មាន​ផ្កាយ​រណប​មួយគ្រឿង​​បំពាក់​ជាប់​​លើ​រ៉ុក្កែត Nuri ផងដែរ​។

    រ៉ុក្កែត Nuri ត្រូវ​បាន​ដំឡើង​ទៅ​ក្នុង​​ប្រព័ន្ធ​ទម្រ​នៅ​មជ្ឈមណ្ឌល​អវកាស Naro ក្នុង​តំបន់ Goheung នៃ​ខេត្ត​ Jeolla ខាង​ត្បូង ​កាល​ពី​ថ្ងៃទី 23 ឧសភា​។ តាម​ផែនការ រ៉ុក្កែត​នេះ​នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​នៅ​វេលា​ម៉ោង​ប្រហែល​ 18:24 (ម៉ោង​ក្នុង​ស្រុក) ក្នុង​ថ្ងៃទី​ 24 ឧសភា​នេះ​។

    មុន​នេះ កូរ៉េខាងត្បូង​បាន​បាញ់​បង្ហោះ​សាក​ល្បង​រ៉ុក្កែត​​ Nuri លើក​ទី​មួយ​កាល​ពី​ខែតុលា​ 2021 ប៉ុន្តែ​រ៉ុក្កែត​ហោះ​មិន​ដល់​គោលដៅ​។ ក្នុង​ការ​បាញ់​បង្ហោះ​​រ៉ុក្កែត​​ Nuri លើក​ទី​ពីរ​កាល​ពី​ខែ​មិថុនា 2022 បាន​ទទួល​ជោគ​ជ័យ​។

    គិត​ត្រឹម​បច្ចុប្បន្ន កូរ៉េខាងត្បូង​បាន​ក្លាយ​ជា​ប្រទេស​ទី 7 លើ​ពិភពលោក​ ដែល​បាន​អភិវឌ្ឍ​យាន​បាញ់​បង្ហោះ​ទៅ​កាន់​ទី​អវកាស​ដែល​អាច​នាំ​យក​ផ្កាយ​រណប​ទម្ងន់​ជាង​មួយ​តោន​ បន្ទាប់​ពី​រុស្ស៊ី អាម៉េរិក បារាំង ចិន ជប៉ុន និង​ឥណ្ឌា​៕

  • Bill Gates ថា «AI អាច​ជំនួស Google Search»

    Bill Gates ថា «AI អាច​ជំនួស Google Search»

    សហ​ស្ថាបនិក​របស់ Microsoft យល់ថា បញ្ញា​សិប្បនិម្មិត (AI) អាចបង្កើត​ជំនួយការ​និម្មិត និង​អាច​ផ្លាស់ប្ដូរ​ទម្លាប់របស់​​អ្នកប្រើប្រាស់​ឧបករណ៍​រុករក ដូចជា Google Search ជាដើម។

    «ជំហាន​ថ្មី​បន្ទាប់​នឹង​ជា​ជំនួយការ AI។ បច្ចេកវិទ្យា​នេះ​អាច​ផ្លាស់ប្ដូរ​ទាំងស្រុង​នូវ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​។ ពួកគេ​អាច​នឹង​លែង​ត្រូវការ​ដល់​បណ្ដា​ទំព័រ​ស្វែងរក មានដូចជា Google Search ឬ​ចូលទៅ​មើល​ហាង​ទំនិញ​អន​ឡាញ​ដូចជា Amazon» មហាសេដ្ឋី​អាម៉េរិក លោក Bill Gates ថ្លែង​ដូច្នេះ នៅក្នុង​ព្រឹត្តិការណ៍​ស្ដីពី AI កាលពី​ថ្ងៃទី 22 ឧសភា។

    យោងតាម​លោក Gates ជំនួយការ AI អាចយ​ល់ពី​តម្រូវការ និង​ទម្លាប់​របស់​អ្នកប្រើប្រាស់ ជួយ​ធ្វើ​ការឱ្យ​ពួកគេ​នៅក្នុង «ការ​ចូល​ប្រើ​​អ៊ី​ន​ធើ​ណិ​ត និង​អានអ្វីៗដែល​កន្លងមក​ធ្លាប់​​ត្រូវការ​ពេល​ច្រើន»។ បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ និង​ក្រុមហ៊ុនថ្មីៗ មានឱកាស​ស្មើគ្នា​ក្នុងការ​អភិវឌ្ឍ​ប្រភេទ AI អនាគត​នេះ។

    លោក Gates អះអាងថា នឹង​ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​អាច​នាំយក​ជំនួយការ AI មកប្រើប្រាស់​ទូលំទូលាយ ខណៈដែល​បណ្ដា​ក្រុមហ៊ុន​បន្ត​បំពាក់ Generative AI មានដូចជា ChatGPT ជាដើម ទៅក្នុង​ផលិតផល​របស់ខ្លួន។ នេះ​បើតាម​សារព័ត៌មាន CNBC។

    ទោះជា​យ៉ាងនេះ​ក៏ដោយ នៅក្នុង​ព្រឹត្តិការណ៍ Google I/O 2023 កាលពី​ថ្ងៃទី 10 ឧសភា Google ក៏បាន​ធ្វើ​បទ​បង្ហាញ​អំពី​របៀប​ដែល Google Search នឹង​ផ្លាស់ប្ដូរ​នៅពេល​បំពាក់ «កំពូល​បញ្ញា​សិប្បនិម្មិត»។ ដោយមាន​មុខងារ Converse ជំនួស​ឱ្យ​ការបង្ហាញ​លទ្ធផល​ជា​តំណ​ភ្ជាប់ (link) ជាច្រើន​ដូច Google Search បច្ចុប្បន្ន chatbot រុករក​បែប​ថ្មី​របស់ Google នឹង​ប្រមូលផ្ដុំ​ព័ត៌មាន ឧទាហរណ៍​ដូច​ជា​ ការវាយតម្លៃ​ចំពោះ​រថយន្ត​ថ្មី គម្រោង​ដំណើរ​កម្សាន្ត ការថែទាំ​សត្វ​ចិញ្ចឹម​ជាដើម តាមរយៈ​កម្មវិធី​ជជែក​គ្នា​ជាមួយ AI៕

  • រថយន្ត​អគ្គិសនី​កៅអី​បី​ជួរ​របស់ Ford ធ្វើដំណើរ​បាន 563 គីឡូម៉ែត្រ

    រថយន្ត​អគ្គិសនី​កៅអី​បី​ជួរ​របស់ Ford ធ្វើដំណើរ​បាន 563 គីឡូម៉ែត្រ

    នៅ​ដើមខែ​នេះ អគ្គនាយក​ប្រតិបត្តិ​របស់ Ford Motor Company លោក Jim Farley បានប្រកាសថា ក្រុមហ៊ុន​មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ SUV 7 កៅអី។

    លោក Jim Farley និយាយថា គំនិត​ស្ដីពី​រថយន្តអគ្គិសនី​​កៅអី​បី​ជួរ​នឹង​បង្កើតបាននូវ​​ភាពខុសប្លែក​សម្រាប់​រថ​យន្ត​អគ្គិសនី​របស់ Ford នៅ​ក្នុង​ទីផ្សារ​។

    បច្ចុប្បន្ន ព័ត៌មាន​ស្ដីពី​រថយន្ត​អគ្គិសនី 7 កៅអី​របស់ Ford ត្រូវបាន​បញ្ចេញខ្លះៗហើយ។ «ប្រធាន​ផ្នែក​បច្ចេកវិទ្យា និង​អភិវឌ្ឍ​ផលិតផល​របស់ Ford គឺ Doug Field បាន​ចែករំលែក​ព័ត៌មាន​ខ្លះ​អំពី Ford EV។ គាត់​ប្រាប់ថា រថយន្ត​ប្រភេទ SUV កៅអី​បី​ជួរ​នេះ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2025 ដែល​អាចធ្វើ​ដំណើរ​បាន 563 គីឡូម៉ែត្រ» អ្នកយកព័ត៌មាន​រប​ស់ទំ​ព័រ Autonews បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ដូច្នេះ។

    ចំណែក​ទំព័រ Electrek ក៏បាន​រាយការណ៍​ថា រថយន្ត​អគ្គិសនី​ប្រភេទ SUV កៅអី​បី​ជួរ​របស់ Ford អាច​បើកបរ​ក្នុង​ល្បឿន 120 គីឡូម៉ែត្រ/ម៉ោង។

    ដោយឡែក ក្រុមហ៊ុន Ford មកដល់ពេលនេះ​មិនទាន់​បញ្ចេញ​ព័ត៌មាន​លំអិត​ស្ដីពី​រថយន្ត​អគ្គិសនី​ប្រភេទ SUV កៅអី​បី​ជួរ​របស់ខ្លួន​នៅឡើយ៕

  • SpaceX ធ្វើតេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

    SpaceX ធ្វើតេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

    (សហរដ្ឋ​អាម៉េរិក) – SpaceX កំពុង​ពិសោធ​បច្ចេកវិទ្យា​ដែល​ជួយ​ពង្រឹង​ផ្ទៃ​​ខាង​ក្រោម​នៃ​ប្រព័ន្ធ​ទម្រ​ដើម្បី​អាច​ទ្រាំទ្រ​កម្លាំង​ដ៏​ខ្លាំង​របស់​ម៉ាស៊ីន​រុញច្រាន​រ៉ុក្កែត Starship នៅពេល​បាញ់​បង្ហោះម្ដងៗ។

    ប្រព័ន្ធ​ទម្រ​នៅ​មូលដ្ឋាន Starbase របស់ SpaceX ក្នុង​​តំបន់ Texas ខាងត្បូង បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ក្នុងការ​បាញ់​បង្ហោះ​សាកល្បង​ដំបូង​របស់​យាន Starship ដែលជា​រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត កាលពី​ថ្ងៃទី 20 មេសា 2023។ កម្លាំង​ដ៏​ខ្លាំង​របស់​ម៉ាស៊ីន Raptor ចំនួន 33 គ្រឿង​នៅ​ជាន់​ក្រោម​បង្អស់​របស់ Starship បាន​ទម្លុះ​ជា​រណ្ដៅ​នៅ​ខាងក្រោម​ជើង​របស់​​ប្រព័ន្ធ​ទម្រ ធ្វើឱ្យ​ផ្ទាំង​បេតុង​ត្រូវ​បែកបាក់ និង​ប៉ើង​ចេញ​ឆ្ងាយ​ពី​កន្លែង​ដើម។ មួយថ្ងៃ​ក្រោយ​ការបាញ់​បង្ហោះ​សាកល្បង​ខាងលើ SpaceX ក៏បាន​ឱ្យដឹងថា ពួកគេ​កំពុង​រក​វិធី​បង្កើត​ខែល​ទប់​ទល់នឹង​បញ្ហានេះ​។

    ការប្រឹងប្រែង​រក​វិធី​ទប់ទល់​ក៏បាន​ចាប់ផ្ដើម​តាំងពី​បី​ខែ​មុន។ ប្រព័ន្ធ​ខែល​នេះ​មិនទាន់​បាន​ត្រៀមខ្លួន​រួចរាល់​នៅឡើយ​សម្រាប់​ការបាញ់​បង្ហោះ​កាលពី​ថ្ងៃទី 20 មេសា ប៉ុន្តែ SpaceX នៅតែ​សម្រេចចិត្ត​ធ្វើតេស្ត ព្រោះ​យល់ថា ស្រទាប់​បេតុង​ខាងក្រោមប្រព័ន្ធ​​ជើង​ទម្រ Starship អាច​ទ្រាំទ្រ​ការបាញ់​បង្ហោះ​បាន​ពីរលើក។ ក៏ប៉ុន្តែ បញ្ហា​នៅតែ​កើតឡើង ដូច្នេះ SpaceX ក៏​បង្កើន​សកម្មភាព​ដើម្បី​បង្ហើយ​កិច្ចការ​បង្កើត​ខែល​ការពារ​ដែល​ធ្វើ​ពី​ដែកថែប។

    ថ្មីៗនេះ SpaceX បាន​ពិសោធ​កម្លាំង​របស់​ខែល​ទប់ទល់​កំណែ​ដំបូង ដោយ​ការប្រើប្រាស់​កម្លាំង​របស់​ម៉ាស៊ីន Raptor មួយគ្រឿង។ នៅក្នុង​វីដេអូ 20 វិនាទី ដែល SpaceX បាន​ចែករំលែក​កាលពី​ថ្ងៃទី 19 ឧសភា គេ​ឃើញ​ថា​ នៅពេល​​ចំហាយ​ទឹកបាន​រសាត់​អស់ ​នៅ​ខាងចុង​វីដេអូ ខែល​នេះ​ហាក់​នៅ​រក្សាបាន​ទម្រង់​ដើម។

    ការ​បាញ់​បង្ហោះ​រ៉ុក្កែត

    SpaceX កំពុងតែ​អភិវឌ្ឍ​យាន Starship ដើម្បី​ដឹក​អ្នក​អវកាស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ និង​ភព​អង្គារ។ ណា​សា​ក៏​ជ្រើសរើស Starship ធ្វើជា​ស្ថានីយ​ចុះចត​ដំបូង​ដែល​នាំ​មនុស្ស​ទៅ​ជាន់​ដី​របស់​ឋាន​ព្រះ​ចន្ទ​នៅក្នុង​កម្មវិធី Artemis។

    ការ​​ធ្វើ​តេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

    បច្ចុប្បន្ន SpaceX កំពុង​ដុតដៃដុតជើង​នៅក្នុង​ការផលិត​យាន Starship ជាច្រើន​​គ្រឿង​នៅឯ​មូលដ្ឋាន Starbase ហើយ​គ្រោង​នឹង​បាញ់​បង្ហោះ​កំណែ​បន្ទាប់​នៅប្រហែល​​ពីរ​ខែ​ទៀត បើសិន​ប្រព័ន្ធ​ខែល​ដែក​ការ​ពារ​ផ្ទៃ​ជើង​ទម្រ​​បាន​ត្រៀមខ្លួន​រួចរាល់ និងបន្ទាប់​ពី​ទទួលបាន​ការ​អនុញ្ញាត​ពី​​រដ្ឋបាល​អាកាសចរណ៍​អាម៉េរិក​៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី HongGuang Mini EV

    ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី HongGuang Mini EV

    (ប្រទេស​ចិន) – នៅ​ថ្ងៃទី 22 ឧសភា​នេះ ក្រុមហ៊ុន​ចិន Wuling Motors បាន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​មួយ​នៅលើ​ពិភពលោក​របស់ខ្លួន មក​នៅ​ទាប​បំផុត​គឺ​ត្រឹម 29,800 យន់ (4,300 ដុល្លារ​អាម៉េរិក)។

    ម៉ូ​ដែល​រថយន្ត​មួយចំនួន​ផ្សេងទៀត​របស់ Wuling ក៏​ត្រូវបាន​បញ្ចុះតម្លៃរ​ហូត​ដល់ 13,000 យន់ (1,850 ដុល្លារ​អាម៉េរិក)។ នេះ​បើតាម​ប្រកាស​របស់ Wuling Motors។

    Wuling HongGuang Mini EV គឺជា​រថយន្ត​បួន​កៅអី មាន​បណ្ដោយ 2.9 ម៉ែត្រ និង​កម្ពស់ 1.5 ម៉ែត្រ។ រថយន្ត​អគ្គិសនី​នេះ​មាន​ល្បឿន​អតិបរមា 100 គីឡូម៉ែត្រ/ម៉ោង និង​អាច​បើកបរ​បាន​ចម្ងាយ 170 គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​អគ្គិសនី​មួយ​ពេញ។

    រថយន្ត​ម៉ូ​ដែល​នេះ​មានការ​ពេញនិយម​ខ្លាំង​នៅ​ប្រទេស​ចិន ដោយមាន​ជាង 119,000 គ្រឿង​ត្រូវបាន​លក់​ក្នុង​ឆ្នាំ 2020 និង​បាន​ក្លាយជា​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​លំដាប់​ទី​បី​នៅ​ទូទាំង​សកលលោក​ក្នុង​ឆ្នាំ​នោះ៕

  • ពិព័រណ៍​បច្ចេកវិទ្យាយានយន្ត​សាំង និង​យានយន្ត​អគ្គិសនី ឆ្នាំ 2023 នៅ​វៀតណាម ទាក់ទាញ​ក្រុមហ៊ុន​បាន​រាប់រយស្ថាប័ន​

    ពិព័រណ៍​បច្ចេកវិទ្យាយានយន្ត​សាំង និង​យានយន្ត​អគ្គិសនី ឆ្នាំ 2023 នៅ​វៀតណាម ទាក់ទាញ​ក្រុមហ៊ុន​បាន​រាប់រយស្ថាប័ន​

    ក្រុមហ៊ុន​ជាង 200 ស្ថាប័ន​នៅ​វៀតណាម និង​បរទេស បាន​ចូលរួម​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​ក្នុង​បញ្ជរ​ជិត 300 នៅក្នុងពិព័រណ៍​បច្ចេកវិទ្យាយានយន្ត​សាំង និង​យានយន្ត​អគ្គិសនី ឆ្នាំ 2023។

    កាលពី​ថ្ងៃទី 18 ឧសភា ពិព័រណ៍​អន្តរជាតិ​លើក​ទី 19 ស្ដីពី​បច្ចេកវិទ្យា​រថយន្ត ម៉ូតូ រថយន្ត​អគ្គិសនី និង​ឧស្សាហកម្ម​គ្រឿងបន្លាស់ (Autotech & Accessories 2023) ឆ្នាំ 2023 ត្រូវបាន​ធ្វើឡើង​នៅឯ​សាល​ពិព័រណ៍​សៃ​ហ្គ​ន (SECC) ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។

    ពិព័រណ៍ Autotech & Accessories 2023 ទាក់​បាន​ក្រុមហ៊ុន​ជាង 200 ស្ថាប័ន​នៅ​វៀតណាម និង​បរទេស​ចូលរួម​តាំង​បង្ហាញ​ផលិតផល​នៅក្នុង​បញ្ជរ​ជិត 300 របស់​ពួកគេ។ ពិព័រណ៍​នេះ​ផ្ដល់ឱកាស​ក្នុង​ការតភ្ជាប់​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច​រវាង​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស។

    ក្នុង​បញ្ជរ​តាំង​បង្ហាញ គេ​ឃើញ​មាន​តាំងពី​រថយន្ត​គ្រូ​សារ រថយន្ត​ដឹកទំនិញ រថយន្ត​អគ្គិសនី ម៉ូតូ រហូតដល់​ផលិតផល​គ្រឿងបន្លាស់​សម្រាប់​យានយន្ត និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​យានយន្ត។ល។ ពិព័រណ៍​នេះ​ក៏មាន​វត្តមាន​របស់​យីហោល្បីៗ មានដូចជា Blueone, Jaan –E, Daichi, Minamoto ជាដើម​ផងដែរ។

    ពិព័រណ៍​ប្រចាំឆ្នាំ Autotech & Accessories ត្រូវបាន​ធ្វើឡើង​នៅ​វៀតណាម តាំងពី​ឆ្នាំ 2006 រហូតដល់​បច្ចុប្បន្ន​។ Autotech & Accessories 2023 ត្រូវបាន​រៀបចំ និង​តាំង​បង្ហាញ​ចាប់ពី​ថ្ងៃទី 18 ដល់ 21 ឧសភា ឆ្នាំ 2023៕

  • ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» បន្ត​រកបាន​ប្រាក់ចំណូល​លើសពី​ការរំពឹងទុក

    ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» បន្ត​រកបាន​ប្រាក់ចំណូល​លើសពី​ការរំពឹងទុក

    ការថយចុះ​នៃ​ប្រាក់ចំណូល​បាន​ពី​ការលក់​សំបុត្រ​កាលពី​ចុង​សប្ដាហ៍​ទី​ពីរ របស់​ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» (ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី) ស្ថិតក្នុង​កម្រិត​ល្អ​ជាង បើ​ធៀប​នឹង​រាល់​ភាពយន្ត​របស់​Marvel រាប់​ចាប់ពី​ឆ្នាំ 2018។

    នៅពេល​ដំណើរ​ផ្សងព្រេង​ទី​បី ហើយក៏​ជា​លើកចុងក្រោយ​របស់​អ្នក​ដឹក​រឿង James Gunn ជាមួយនឹង Star-Lord, Gamora, Rocket Raccoon រួម​នឹង​អ្នកដទៃ ត្រូវបាន​ចាប់​បញ្ចាំង​កាលពី​ចុង​សប្ដាហ៍​កន្លង «ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី» រកចំណូលបាន 118.4 លាន​ដុល្លារ​អាម៉េរិក​ក្នុង​រយៈពេល​បី​ថ្ងៃ​​ដំបូង​ នៅ​អាម៉េរិក​ខាងជើង និង 289 លាន​ដុល្លារ​នៅ​ទូទាំង​សកលលោក។

    នោះ​គឺជា​តួលេខ​មួយ​ដែល​មិន​អន់​ប៉ុន្មាន​ឡើយ ប៉ុន្តែ​នៅ​ទាប​ជាង​ធៀប​នឹង 146.5 លាន​ដុល្លារ​របស់ «Guardians of the Galaxy Vol. 2» កាលពី​ឆ្នាំ 2017 ហើយ​អាចធ្វើឱ្យ​ផលិតករ​ភាពយន្ត Disney/Marvel ព្រួយបារម្ភ។ ក៏ប៉ុន្តែ ពេលនេះ​ពួកគេ​អាច​ធូរស្រាល​ក្នុង​ចិត្ត​ នៅពេល​ដឹងថា «Guardians of the Galaxy Vol. 3»កំពុងតែ​បញ្ជាក់ថា អាច​រកបាន​ប្រាក់ចំណូលក្នុង​កម្រិត​ល្អ​សម្រាប់​រយៈ​ពេល​​យូរអង្វែង​ នៅ​ពេល​បន្ត​នាំមុខគេ​នៅ​សប្ដាហ៍​ទី​ពីរ ដោយមាន​អត្រា​ធ្លាក់ចុះ​កម្រិត​ទាប​ជាង​គេ។

    ជាក់ស្ដែង គិត​មកដល់​បច្ចុប្បន្ន «Guardians of the Galaxy Vol. 3» រកចំណូលបាន 216.6 លាន​ដុល្លារ​អាម៉េរិក​នៅ​ទីផ្សារ​អាម៉េរិក​ខាងជើង និង 530.9 លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក។ តួលេខ​នេះ​ក៏​មានន័យថា «Guardians of the Galaxy Vol. 3» បាន​យកឈ្នះ​លើ​ភាពយន្ត Marvel រឿង “Ant-Man and the Wasp: Quantumania” (ដែល​រកបាន 475.8 លាន​ដុល្លារ​ពី​រាល់​ការ​បញ្ចាំង​នៅ​រោងកុន ចាប់​តាំង​ពី​ដើម​ឆ្នាំនេះ) ក្រោយពី​បញ្ចាំង​ជា​ផ្លូវការ​បាន​ជាង​មួយ​សប្ដាហ៍។

    «ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី» គឺជា​ខ្សែភាពយន្ត​ស្ដីពី​កំពូល​អ្នកក្លាហាន​អាម៉េរិក ដែល​ផលិត​ឡើង​ទៅ​​តាម​សាច់​រឿង​ «ក្រុម​កំពូល​អ្នកក្លាហាន​ការពារ​កាឡាក់ស៊ី​មី​ល​គី​វ៉េ» របស់ Marvel Comics។ «Guardians of the Galaxy Vol. 3» ​ត្រូវបាន​ផលិត​ដោយ Marvel Studios និង​ចាក់​បញ្ចាំង​ដោយ Walt Disney Studios Motion Pictures។ នៅក្នុង​វគ្គ​បី​នេះ ក្រុម​ពិសេស​ដែល​យើង​ធ្លាប់បាន​ស្គាល់ មានការ​ផ្លាស់ប្ដូរ​មួយចំនួន។ Peter Quill នៅតែមាន​ការឈឺចាប់​ព្រោះតែ​បាត់បង់ Gamora ប៉ុន្តែ​នៅតែ​បំពេញកាតព្វកិច្ច​​ជា​អ្នកប្រមូល​កម្លាំង​របស់​​​ក្រុម​ដើម្បី​ការពារ​ចក្រវាល​ទាំងមូល។ ពួកគេ​ត្រូវ​រ៉ាប់រង​ភារកិច្ច​ដ៏​លំបាក ហើយ​បើសិនជា​បរាជ័យ បេសកកម្ម​របស់​ពួកគេ​អាច​នឹងត្រូវ​បានបញ្ចប់៕

  • Volkswagen ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី​ទិញ​សប​វ៉ែ​រ​សម្រាប់​រថយន្ត​អគ្គិសនី

    Volkswagen ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី​ទិញ​សប​វ៉ែ​រ​សម្រាប់​រថយន្ត​អគ្គិសនី

    Volkswagen បាន​ចរចា​ដើម្បី​ទិញ​សប​វ៉ែ​រ​ផ្នែក​រថយន្ត​អគ្គិសនី​ពី​ក្រុមហ៊ុន Huawei ដោយ​សង្ឃឹមថា នឹង​ដណ្ដើមបាន​ចំណែក​ទីផ្សារ​ធំ​ជាង​មុន ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ចិន។

    យោងតាម​របាយការណ៍​របស់ Financial Times ដែល​បាន​ចុះផ្សាយ​នា​ថ្ងៃនេះ ក្រុមហ៊ុន​អន្តរជាតិ​អាល្លឺម៉ង់ Volkswagen បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន Huawei ដើម្បី​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុម​នេះ​នៅក្នុង​រថយន្ត​របស់ខ្លួន។ ប្រភពព័ត៌មាន​ខ្លះ​ថា VW ក៏បាន និង​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន​ដទៃ ទាក់ទង​នឹង​រឿង​ទិញដូរ​នេះដែរ។

    Volkswagen គឺជា​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នៅ​ប្រទេស​ចិន ប៉ុន្តែ​បែរជា​អន់ថយ​នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី បើ​ធៀប​នឹង​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ចិន ពិសេស​គឺ BYD។ ប៉ុន្តែ បច្ចុប្បន្ន VW ត្រូវបាន​គេ​មើលឃើញ កំពុង​សកម្ម​ខ្លាំង​នៅក្នុង​ការ​ងាក​ទៅរក​ទីផ្សារ​រថយន្ត​អគ្គិសនី៕

  • រថយន្តអគ្គិសនី​ Cybertruck គំរូ​ដើម​ថ្មី​​របស់ Tesla នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ

    រថយន្តអគ្គិសនី​ Cybertruck គំរូ​ដើម​ថ្មី​​របស់ Tesla នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla កំពុង​តាំង​បង្ហាញ​រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង Cybertruck នៅក្នុង​ព្រឹត្តិការណ៍​ជួបជុំ​ម្ចាស់​ភាគហ៊ុន​ប្រចាំឆ្នាំ ហើយ​វា​កំពុង​នាំមក​នូវ​រូបភាព​ផ្ទាល់​ស្ដីពី​រថយន្ត​គំរូ​ដើម​ថ្មី​បំផុត​របស់ Cybertruck។

    Cybertruck ទំនងជា​នឹងត្រូវ​បាន​ផលិត​ចាប់ពី​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ហើយ Tesla ក៏ត្រូវ​បាន​គេ​រកឃើញថា កំពុង​សាកល្បង​ប្រព័ន្ធ​នានា​របស់​​រថយន្ត​គំរូ​​នេះ មុន​នឹង​​ឈានដល់​ដំណាក់កាល​ផលិត​ជា​ផ្លូវ​ការ​។

    កាលពី​ថ្ងៃទី 16 ឧសភា Tesla ប្រារព្ធ​ពិធី​ជួបជុំ​ភាគ​ហ៊ុ​និក​ប្រចាំឆ្នាំ​នៅ Giga Texas និង​បាន​នាំមក​នូវ​រថយន្ត​គំរូ​ដើម Cybertruck ដែល​ត្រូវ​បានបង្ហាញ និង​ដាក់ឱ្យ​បញ្ជា​ទិញ​កាលពីពេល​កន្លង។

    ព័ត៌មាន​ថ្មី​បំផុត​ដែល​ប្រកាស​ដោយ Tesla បង្ហាញថា ការចាប់ផ្ដើម​ផលិត​រថយន្ត Cybertruck នៅ​រដូវក្ដៅ​ឆ្នាំនេះ នឹងត្រូវ​ប្រគល់ជូន​អតិថិជនដំបូងៗនៅ​ចុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ 2023។

    ខាងក្រោម​នេះ​គឺជា​វីដេអូ​ និង​រូប​ភាព​ ស្ដីពី​រថយន្ត​ប្រភេទ​ទ្រុង​ដើរ​ដោយ​ថាមពល​អគ្គិសនី Cybertruck របស់​ក្រុម​ហ៊ុន Tesla ដែល​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​៖

  • ស្រឡាង​មាន​​ទ្រុង​ដាក់​យានយន្ត​​បង្វែរ​ដោយ​ដៃ​តែមួយគត់​លើ​ពិភពលោក

    ស្រឡាង​មាន​​ទ្រុង​ដាក់​យានយន្ត​​បង្វែរ​ដោយ​ដៃ​តែមួយគត់​លើ​ពិភពលោក

    (ស្កុ​តឡែ​ន) – ស្រឡាង MV Glenachulish ត្រូវបាន​រចនា​ឡើង​តាមបែប​តុ​បង្វិល​ដោយ​ដៃ ដែល​មនុស្ស​ម្នាក់​ក៏​អាច​បង្វែរ​ទិស​របស់​ទ្រុង​ដាក់​រថយន្ត 6 គ្រឿង​ បាន​ដោយ​ងាយ។

    ស្រឡាង​នេះ​ធ្វើដំណើរ​ទៅមក​រវាង Glenelg នៃ​តំបន់ Maninald ប្រទេស​ស្កុ​តឡែ​ន និង Kylerhea នៅលើ​កោះ Skye។ នេះ​គឺ​ស្រឡាង​បែប​តុ​បង្វិល​តែមួយគត់​ដែល​នៅសល់​ក្នុង​ពិភពលោក។ ពុំមាន​យន្ត​ការដែល​ប្រើ​កម្លាំង​ទឹក ពុំមាន​ម៉ាស៊ីន​ស្មុគស្មាញអ្វី​​ទាំងអស់ មានតែ​ភាពសាមញ្ញ​ដ៏​ល្អប្រសើរ។ នេះ​បើតាម​អ្នកស្រី Jo Crawford ដែលជា​អ្នកគ្រប់គ្រង​ស្រឡាង​ MV Glenachulish​។

    ស្រឡាង​​នេះ ដំបូង​ឡើយ​ត្រូវបាន​ផលិតឡើង​ដើម្បី​ប្រើប្រាស់​នៅ Ballachulish មុនពេល​តំបន់​នេះ​មាន​ស្ពាន។ នោះ​គឺជា​បេតិកភណ្ឌ​រស់​នៅ​ក្នុង​​វិស័យ​នាវាចរណ៍ និង​ប្រវត្តិសាស្ត្រ​ស្កុ​តឡែ​ន។

    ស្រឡាង​ MV Glenachulish ​ត្រូវបាន​ផលិតឡើង​ដោយ​យោងតាម​ប្រព័ន្ធ​បង្វិល​ក្នុង​វិស័យ​ផ្លូវដែក ហើយ​វា​មាន​លំនឹង​រហូតដល់​ថ្នាក់​ ​មនុស្ស​ម្នាក់​ក៏​អាច​បង្វិល​ទ្រុង​ដាក់​រថយន្ត 6 គ្រឿង​បាន​ដោយ​ងាយ។ គ្រប់គ្នា​ក៏​មិនចាំ​បាច់​​បត់​ក្បាល​រថយន្ត​នៅ​ពេល​ឡើង​ចុះ​ពី​ស្រឡាង​នេះ។

    MV Glenachulish ​​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​បាន​គ្រប់ពេល មិន​ថា​ទឹកជោរ ឬ​នាច។ វា​ក៏​អាច​ចត​នៅ​បាតសមុទ្រ បើសិនជា​ត្រូវការ​ចាំបាច់។ ដូច្នេះ បើទោះជា​ត្រូវ​ជាប់គាំង វា​ក៏​មិនមាន​បញ្ហា​អ្វី​​ធំដុំ​ដែរ។

    ស្រឡាង​នេះ​ធ្វើ​សកម្មភាព​នៅ Glenelg តាំងពី​ឆ្នាំ 1982 ប៉ុន្តែ​ទីនេះ​មាន​ស្រឡាង​ទៅមក​រាប់រយឆ្នាំ​មកហើយ។