ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី 16 នឹង​ធ្វើ​ឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ 2023

(ភ្នំពេញ) – ក្រសួងពាណិជ្ជកម្ម គ្រោងនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី 16 កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និ​បាតកោះពេជ្រ ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2023។ យោងតាមសេចក្តីប្រកាសពត៌មានរបស់​ក្រសួង​ពាណិជ្ជកម្ម ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើនេះ ក្រសួង​​ក៏នឹងរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនផងដែរ ដែល​មាន​ដូចជា កម្មវិធីសិក្ខាសាលាស្តីពី ការជំរុញសកម្មភាព​ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធី ចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រ និងអភិវឌ្ឍវិស័យឯកជន។ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវា ឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះ​បើ​តាមប្រកាស​របស់​ ​ក្រសួង​ពាណិជ្ជកម្ម ចុះថ្ងៃ​ទី 05 ខែ​ឧសភា ឆ្នាំ 2023​៕

ក្រសួងត្រៀមរៀបចំពិព័រណ៌ពាណិជ្ជកម្មដើម្បីគាំទ្រ និងលើកកម្ពស់ផលិតផលខ្មែរ

ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ក្រសួងពាណិជ្ជកម្មត្រៀមរៀបចំពិព័រណ៌ពាណិជ្ជកម្មខ្មែរសម្រាប់រដូវកាលទី2 ដោយមានការចូលរួមតាំងបង្ហាញផលិតផលពីអាជីវករ ផលិតករ កសិករ សិប្បករ និងសាធារណជនគ្រប់បណ្តាខេត្តនានានៅទូទាំងកម្ពុជា។ កម្មវិធីតាំងពិព័រណ៌នេះ នឹងធ្វើឡើងនៅបរិវេណវាលបែកចានក្នុងទីលានបាល់ទាត់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី 25 ដល់ថ្ងៃទី 28 ខែឧសភា ឆ្នាំ2017 ក្នុងយុទ្ធនាការទិញ “ផលិតផលខ្មែរ”។ នៅក្នុងឱកាសនោះដែរ ក៏មានការរៀបចំសិក្ខាសាលា និងតន្រ្តីយុទ្ធនាការ “ទិញផលិតផលខ្មែរ” ដែលមានតារាចម្រៀង និងក្រុមកំប្លែងល្បីៗមកសម្តែងជូនទស្សនាផងដែរ។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នេះជាឱកាសសម្រាប់បងប្អូនពាណិជ្ជករ អាជីវករ ផលិតករ និងសាធារណជនទាំងអស់ចូលរួមបង្ហាញផលិតផលរបស់ខ្លួនដែលនឹងមានការចូលរួមគាំទ្រពីសាធារណជនយ៉ាងច្រើនកុះករ ដើម្បីរួមចំណែកជួយបំផុសឱ្យពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់ផលិតផលខ្មែរ ក៏ដូចជាជួយពង្រឹងរោងចក្រ សហគ្រាស និងរោងសិប្បកម្មទាំងឡាយនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែរ។ មន្រ្តីទទួលបន្ទុកផ្នែកតាំងពិព័រណ៌បានមានប្រសាសន៍ថា មកទល់ពេលនេះ អាជីវករ កសិករ ផលិតករក៍ដូចជាម្ចាស់សហគ្រាសនានាផងដែរបានដាក់ពាក្យស្នើសុំមកក្រសួងដើម្បីចូលរួមក្នុងការតាំងពិព័រណ៌នេះបានចំនួន 120 ស្តង់ហើយ ដោយមានផលិតផលស្នាដៃខ្មែរគ្រប់ប្រភេទនឹងត្រៀមដាក់តាំងបង្ហាញលក់នៅទីនោះ៕