Tag: ប្លែក

  • ដើម្បី​អាច​គេច​ផុត​ពី​រោគ​រាត​ត្បាត ជន​ជាតិ​អាមេរិកាំង​1ក្រុម បង្កើត​ “ជំរំស្វ័យ​ការ​ពារ”​ នៅ​តំបន់​ព្រៃ​ភ្នំ

    ដើម្បី​អាច​គេច​ផុត​ពី​រោគ​រាត​ត្បាត ជន​ជាតិ​អាមេរិកាំង​1ក្រុម បង្កើត​ “ជំរំស្វ័យ​ការ​ពារ”​ នៅ​តំបន់​ព្រៃ​ភ្នំ

    ផ្លូវ​លំតូច​មួយ​នៅ​ឯតំបន់ Virginia ខាង​លិច​ ក្បែរ​ជើង​ភ្នំ Appalachia នាំ​ទៅ​កាន់​ជំរំមួយ​ដែល​ស្ថិត​នៅ​ក្នុង​ព្រៃ​របស់​មនុស្ស​មួយ​ក្រុម​ដែលគេ​ចាត់​ទុក​ថា​ជា​អ្នក​កាន់ “លទ្ធិ​ការ​ពារ​ខ្លួន” (survivalism)​។

    ក្រុម​នេះ បាន​ចាប់​ផ្ដើម​ត្រៀម​​​តាំងពី​យូរ​មក​ហើយ សម្រាប់​ការ​ដួល​រលំនៃ​អរិយធម៌​របស់​មនុស្ស​ជាតិ មុន​ពេល​​​រោគ​រាត​ត្បាត​ COVID-19 បានមក​ដល់​។

    ជាមួយ​នឹង​សម្ភារ​ប្រើ​ប្រាស់ ស្បៀង​អាហារ​​ដែល​​មាន​សុពល​ភាព​ប្រើប្រាស់​​​ដល់​ទៅ​25​ឆ្នាំ រួម​នឹង​អង្ករ និង​ម្សៅ​មី​ជា​ដើម មនុស្ស​ទាំង​នេះ បាន​នាំ​គ្នា​គេច​ចេញ​ពី​តំបន់​ដែល​អាច​ឆ្លង​រោគ COVID-19 ទៅ​រស់​នៅ​ក្នុង​តំបន់​សុវត្ថិ​ភាព​ដែល​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ​។ ស្បៀង​អាហារ​របស់​ពួកគេ​ត្រូវ​បាន​តម្រៀប​យ៉ាង​មាន​របៀប​ នៅ​ក្នុង​ឃ្លាំង​​ក្រោម​ដី ដែល​ធ្វើ​អំពី​បេតុង​ និង​ដែក​យ៉ាង​រឹង​មាំ។

    ក្រុម​មនុស្ស​​កាន់ “​លទ្ធិ​ការ​ពារ​ខ្លួន”​ ដែល​គេ​ហៅក្រុម​ Fortitude Ranchនេះ សម្បូរ​ទៅ​ដោយ​សម្ភារ​ចាំបាច់​ដែល​កំពុង​ត្រូ​វ​បាន​គេ​តាម​ “ប្រមាញ់” នៅ​ទូទាំង​ពិភពលោក នោះគឺ​ ក្រដាស​អនាម័យ​ និង​ម៉ាស់​។

    Steve Rene ជា​អ្នក​គ្រប់​គ្រង​ជំរំលាក់​ខ្លួន​ដែល​មាន​ផ្ទៃ​ដី​ទំហំ 40ហិកតា​ បាន​ឱ្យ​ដឹង​ថា “ពេល​នេះ វា​ (ជំរំលាក់​ខ្លួន) មាន​តម្លៃ​ខ្លាំង​ណាស់​”។

    បាវចនា​របស់​ក្រុម​ Fortitude Ranch គឺ​ “ត្រៀម​រួច​រាល់​សម្រាប់​ស្ថាន​ភាព​អាក្រក់​បំផុត​ និង​រីក​រាយ​នឹង​បច្ចុប្បន្ន​ភាព​!”។ ជា​រៀង​រាល់​ឆ្នាំ សមាជិក​ក្នុង​ក្រុម​នេះ មាន​ពេល​2សប្ដាហ៍​ដើម្បី​មក​លេង​ និង​សម្រាក​លម្ហែ​កាយ​ក្នុង​តំបន់​ដាច់​ស្រយាល​ និង​ពោរ​ពេញ​ដោយ​សម្រស់​ធម្មជាតិ​ ព្រម​ទាំង​អាច​​ដើរ​កម្សាន្ត​ ឬស្ទូច​ត្រី​ នៅ​ក្នុង​ទន្លេ​ដែល​មាន​ឈ្មោះ​ថា “Lost”។ ក្រុម​នេះ​ ក៏មាន​សាខា​មួយ​ផ្សេង​ទៀត​ នៅ​ក្នុង​រដ្ឋ Colorado ផងដែរ​។

    លោក​ Rene ដែល​សមាជិក​ម្នាក់​ក្នុង​ក្រុម​ “លទ្ធិ​ការ​ពារ​ខ្លួន”​ Fortitude Ranch បាន​ឱ្យ​ដឹង​ថា “នេះ​មិន​មែនជា​ក្រុម​មនុស្ស​ល្ងង់​ល្ងី​ល្ងើ​ ដែល​ចេះ​តែ​គិត​អំពី​ថ្ងៃ​អវសាន​នៃ​ពិភពលោក​នោះ​ទេ​។ យើង​មិន​បាន​រើស​អើង ហើយ​យើង​ក៏មិន​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ណាមួយ​នោះ​ដែរ​”។

    ប៉ុន្តែ នៅ​លើទី​តាំង​នៃ​​មុមទាំង​4​របស់​ជំរំនៃ​ក្រុម​ Fortitude Ranchនេះ សុទ្ធ​តែ​មាន​ប៉ម​យាម ហើយ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ក៏​មាន​កាំភ្លើង​កាណុង​វែង​1ដើមផង​ដែរ​ ដើម្បី​បង្ហាញ​ថា​ ក្រុម​នេះ ធ្វើ​សកម្ម​ភាព​យ៉ាងហ្មត់​ចត់។ Rene និយាយ​ថា “ក្រុម​មនុស្ស​ដែល​អស់​សង្ឃឹម គឺគេ​ធ្វើ​រឿង​អស់​សង្ឃឹម​”។

    ក្រុម​ Fortitude Ranch នេះ មិន​បាន​ចាត់ទុក​កម្លាំង​បរទេស ឬ​កម្លាំង​ពិភព​​ខាង​​ក្រៅ ​​ជា​ការ​គំរាម​កំហែង​លើ​ពួក​គេ​នោះទេ ប៉ុន្តែ ពួកគេ​បាន​ចាត់​ទុក​ជន​ជាតិ​អាមេរិកាំងខ្លួន​ឯង​ ​ដែល​មាន​ភាព​ច្របូក​ច្របល់​ អាច​មាន​សកម្ម​ភាព​​ប្លន់​ស្បៀង​អាហារ​របស់​ពួកគេ នៅ​ពេល​មាន​ការ​វាយ​ប្រហារ​ដោយ​អាវុធ​នុយ​ក្លេអែរ​ ឬ​អាវុធ​ជីវ​សាស្ត្រ​ ការ​បះ​បោរ​ផ្នែក​នយោបាយ​ និងមហា​រោគ​​រោគរាត​ត្បាត។ល។

    “ជាក់​ស្ដែង​បញ្ហា​ខាង​លើ​នេះ កម្រ​នឹង​កើត​ឡើង ប៉ុន្តែ វា​នៅ​តែ​មាន​លទ្ធ​ភាព​អាច​កើត​ឡើង។ បើ​សិន​អ្នក​មិន​បាន​ត្រៀម​ខ្លួន អ្នក​នឹង​មិន​ដឹង​ថា​ត្រូវ​ទៅ​ណា និង​ធ្វើ​អ្វី​នោះ​ទេ​។ ពេល​មាន​អាសន្ន​ធំ​កើត​ឡើង​ ភាព​ច្របូក​ប្របល់​​នឹង​ធ្វើ​ឱ្យ​មនុស្ស​អាច​ដណ្ដើម​គ្នា​រស់​ ហើយ​​និង​មាន​បញ្ហា​ជា​ច្រើន​ហួស​​ពី​សមត្ថភាពទប់​ទល់​​របស់​យើង​” លោក Rene​ រៀប​រាប់​។

    គណៈ​កម្ម​ការ​នៃ​ក្រុម​ខាង​លើ​នេះ មាន​សមាជិក​ចំនួន​5នាក់ ក្នុង​នោះ​មាន Rene ផងដែរ​។ ក្នុង​ករណី​បន្ទាន់​ Rene នឹង​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ប្រកាស​អាសន្ន​ដែរ​ ឬ​អត់។ ពេលនោះ សមាជិក​នៃ​គណៈ​កម្ម​ការ​ នឹង​ត្រូវ​បាន​អញ្ជើញ​មក​កាន់​ជំរំខាង​លើ។ អ្នក​ដែល​មាន​បំណង​ចូល​កាន់​ជំរំ​​របស់​ក្រុម Fortitude Ranch ​គឺ​ត្រូវ​តែ​ប្រើ​ប្រាស់​ពាក្យ​សម្ងាត់​​ដែល​ក្រុម​នេះ​បាន​កំណត់​។

    ករណី​មាន​មហា​រោគ​រាត​ត្បាត​កើត​ឡើង​ទូទាំង​ប្រទេស​ អ្នក​ចំណូល​ថ្មី​ដែល​ចូល​មក​កាន់​ជំរំនេះ​ នឹង​ត្រូវ​វាស់​កម្ដៅ​ខ្លួន មុន​ពេល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​តំបន់​​ដែល​មាន​ប្រព័ន្ធអេកូឡូស៊ី ដែល​អាច​ចិញ្ចឹមជីវិត​ដោយ​ខ្លួន​ឯង​បាន​។ នៅ​ក្នុង​ជំរំនេះ មាន​អណ្ដូង​ទឹក ប្រព័ន្ធ​ថាម​ពល​ព្រះអាទិត្យ វិទ្យុ ផ្ទះ​កញ្ចក់ សត្វ​ចិញ្ចឹម​ផ្សេង​ៗ​ ដូចជា​ មាន់ ពពែ គោ រួម​នឹង​កន្លែង​រំលាយ​សាក​សព​អ្នក​ជំងឺ​ដែល​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​។

    ស្ថាបនិក​របស់ Fortitude Ranch គឺ​ Drew Miller ដែល​ជា​អតីត​អ្នក​ជំនាញ​ផ្នែក​ចារ​កម្ម​យោធា ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ Harvard។

    ខុស​ពី​ប្រព័ន្ធ​បន្ទប់លាក់​ខ្លួន​នៅ​ក្រោម​ដី​​ដ៏​មាន​តម្លៃថ្លៃ ដែល​មហាសេដ្ឋី​នានា​បាន​សាងសង់ Fortitude Ranch របស់ Drew Miller ផ្ដោត​ទៅ​លើក្រុម​មនុស្ស​ដែល​មាន​ទ្រព្យ​​ធម្យម និង​ទាប។ អ្នក​ដែល​ចូល​មក​សម្រាក​នៅ​ទី​នេះ គ្រាន់​តែ​ចំណាយ​1,000​ដុល្លារ​អាមេរិក​ប៉ុណ្ណោះក្នុង​1ឆ្នាំ សម្រាប់​កញ្ចប់​ទាប​បំផុត​ដែល​មាន​គ្រែ​1​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​។

    ថ្មី​ៗ​នេះ Rene ទទួលបាន​ការ​ស្នើ​ និង​សាក​សួរ​ព័ត៌មាន​ជា​ច្រើន​តាម​រយៈ​អ៊ីម៉េល ខណៈ​ដែល​រោគ​រាត​ត្បាត COVID-19 កំពុង​បង្ក​ភាព​វឹក​វរ​នៅ​ពាស​ពេញ​សហ​រដ្ឋ​អាមេរិក៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • សូមទាយ​សាក​មើល តើ​រូប​មួយ​ណា​ជា​រូប​ពិត និង​រូប​មួយ​ណា​ជា​រូប​ដែល​បង្កើត​ឡើង​ដោយ​ AI?

    សូមទាយ​សាក​មើល តើ​រូប​មួយ​ណា​ជា​រូប​ពិត និង​រូប​មួយ​ណា​ជា​រូប​ដែល​បង្កើត​ឡើង​ដោយ​ AI?

    ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៅ​មហា​វិទ្យា​ល័យ Washington បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​ដើម្បី​ឱ្យ​អ្នក​មើល​ធ្វើ​ការ​ទស្សន៍​ទាយ​ ថាតើ​មួយ​ណា​ជា​រូប​ពិត​ និង​មួយ​ណា​ជា​រូប​ក្លែង​ក្លាយ​ដែល​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្បនិម្មិត​។

    Jevin West និង Carl Bergstrom ដែលជា​ម្ចាស់​គេហ​ទំព័រ Which Face Is Real បាន​ប្រាប់​ BuzzFeed ថា ពួក​គេ​ចង់​ឱ្យ​អ្នក​រាល់គ្នា​ឃើញ​ថា បច្ចេក​វិទ្យា​បង្កើត​រូប​ភាព​បាន​ឈានដល់​កម្រិត​ណា​ហើយ និង​ដើម្បី​ជួយ​ឱ្យ​អ្នកគ្រប់​គ្នា​អាច​ស្វែង​យល់​អំពី​វិធី​ពិនិត្យ​មើល​ឱ្យ​ដឹង​ថា រូប​ណា​ជា​រូប​ក្លែង​ក្លាយ​ នៅ​ពេល​បាន​ឃើញ​វា​នៅ​លើ​បណ្ដាញ​សង្គម​។ កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​2019 ក្រុម​ហ៊ុន​ Facebook បាន​ឱ្យ​ដឹង​ថា ខ្លួនបាន​លុបចោល​​គណនី​ក្លែង​ក្លាយ​ចំនួន​ដល់​ទៅ​5,4​លាន​​គណនី​នៅ​លើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​។

    មិន​មាន​រូប​មន្ត​រួម​ដើម្បី​អាច​ឱ្យ​យើង​គណនា​ដឹង​​ថា​រូប​ណា​មួយ​ពិត​ ឬ​ក្លែង​ក្លាយ​នោះ​ទេ ប៉ុន្តែ លោក​អ្នក​គួរ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ចំណុច​ដែល​បញ្ញាសិប្ប​និម្មិត​ពិបាក​បង្កើត​បាន​នៅ​លើ​រូបភាព​ ដូច​ជា​ វ៉ែនតា ក្រវិល ធ្មេញ និង​ទិដ្ឋភាព​ខាង​ក្រោយ​​ជាដើម។ ក៏ប៉ុន្តែ បើ​តាម West និង Bergstrom ឧបករណ៍​បញ្ញា​សិប្បនិម្មិត​កាន់​តែ​ជឿន​លឿន និង​ឆ្លាត​វៃ​​ជាង​មុន ហើយ​​អាច​បង្កើត​រូប​ភាព​បាន​ល្អ​ជាង​មុន ស្ដែងជាង​មុន​ ដូច្នេះ បទពិសោធ​នៃ​ការ​សម្គាល់​ថា រូប​ណា​ពិត ឬ​ក្លែង​ក្លាយ​នា​បច្ចុប្បន្ន​នឹង​អាច​ហួស​សម័យនា​ពេល​ដ៏ខ្លី​ខាង​មុខ​។

    សូម​ពិនិត្យ​មើល​រូប​ខាង​ក្រោម ហើយ​សាក​ទាយ​មើល​ថា តើ​មួយ​ណា​ជារូប​ពិត រវាង​រូប​ខាង​ស្ដាំ និង​រូប​ខាង​ឆ្វេង៖

    ចម្លើយដែល​ត្រឹម​ត្រូវ​៖
    រូប​ទី​1-ឆ្វេង។ រូប​ទី2-ឆ្វេង។ រូប​ទី3-ស្ដាំ។ រូប​ទី4-ស្ដាំ។ រូប​ទី5-ស្ដាំ។ រូប​ទី6-ស្ដាំ។ រូប​ទី7-ស្ដាំ។ រូប​ទី8-ឆ្វេង។
    រូប​ទី9-ស្ដាំ៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • បង្ហាញជីវិតស្ត្រីដែលមានប្ដី 5នាក់ និងវប្បធម៌ដែលមនុស្សជាច្រើនមិនដែលដឹងថា ពិតជាមានមែន…

    បង្ហាញជីវិតស្ត្រីដែលមានប្ដី 5នាក់ និងវប្បធម៌ដែលមនុស្សជាច្រើនមិនដែលដឹងថា ពិតជាមានមែន…

    រ៉ាចូ វើរម៉ា គឺជាភរិយារបស់ស្វាមី 5នាក់ដែលជាបងប្អូនបង្កើតនឹងគ្នា ដោយពួកគេរស់នៅដូចជាក្រុមគ្រួសារដ៏ធំមួយនៅក្នុងតំបន់តូចមួយភាគខាងជើងរបស់ប្រទេសឥណ្ឌា។ ពួកគេចិញ្ចឹមថែទាំកូនប្រុសម្នាក់ដែលមិនដឹងច្បាស់ថា កើតចេញពីឪពុកមួយណា។

    នេះគឺជាគំរូមួយរបស់គ្រួសារបែបមានប្ដីច្រើននាក់ ដែលមិនមែនស្ថិតក្នុងសម័យអតីតកាលច្រើនរយឆ្នាំមុននោះទេ តែក្នុងសម័យបច្ចុប្បន្នកាលដែលកើតឡើងពិតៗ ដែលវប្បធម៌ប្រពៃណីបែបនេះនៅមាននៅឡើយនៅក្នុង ចិន និងឥណ្ឌា…ថ្ងៃនេះឡារ៉ែនសូមបើកបង្ហាញនូវអាថ៌កំបាំងរបស់គ្រួសារបែបមានស្វាមីច្រើននាក់ ដែលមនុស្សជាច្រើនមិនដែលធ្លាប់ដឹងទាល់តែសោះ។

    1-នរណាមានតួនាទីជាមេគ្រួសារ?

    លោកអ្នកអាចនឹងធ្លាប់បានឮរឿងរ៉ាវនៃការមានភរិយាច្រើននាក់ខ្លះៗមកហើយ តែមានធ្លាប់នឹកសង្ស័យដែរទេថា ចុះបើវាបញ្ច្រាស់គ្នាវិញ?។ មានស្ត្រីជាភរិយាម្នាក់ រៀបការជាមួយបុរសច្រើននាក់ និងស្វាមីទាំងអស់ដែលជាបងប្អូនបង្កើតនឹងគ្នានោះ ស្វាមីដែលមានអាយុច្រើនជាងគេ នឹងក្លាយជាមេគ្រួសារ ដោយខ្លួនគេនឹងធ្វើជាអ្នកជ្រើសរើសប្ដីផ្សេងទៀតឱ្យប្រពន្ធរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណឹងទេ មេគ្រួសារថែមទាំងអាចជ្រើសរើសប្រពន្ធទី2 ឬទី3 ឱ្យខ្លួនឯងបានទៀតផង ហើយរូបគេនឹងបានទទួលឈ្មោះថា ជាឪពុករបស់ក្មេងទាំងអស់ដែលកើតនៅក្នុងគ្រួសារ ចំណែកប្ដីផ្សេងទៀត នឹងត្រូវបានហៅថា “ពូ” ទោះជាម្នាក់ណាជាឪពុកបង្កើតរបស់ក្មេងក៏ដោយ។

    2-អ្នកណាជាអ្នកចាប់ផ្ដើមវប្បធម៌គ្រួសារបែបមានប្ដីច្រើននាក់?

    គ្មានអ្នកណាដឹងពីប្រវត្តិចាប់ផ្ដើមរបស់វប្បធម៌នេះឡើយ តែអ្នកវិទ្យាសាស្ត្រជឿថា មានហេតុផលក្នុងរឿងនេះ ព្រោះការសាងគ្រួសារតែមួយ នឹងធ្វើឱ្យបងប្អូនមិនចាំបាច់ត្រូវដណ្ដើមកេរមរតក(ដីធ្លី)គ្នា ដែលនេះគឺជារឿងសំខាន់បំផុតសម្រាប់អ្នករស់នៅក្នុងតំបន់ទីបេត៍ និងតំបន់លើភ្នំហិមាល័យ ដោយសារតែដីធ្លីរបស់ពួកគេគឺជាវត្ថុស័ក្តិសិទ្ធិ រួមទាំងជនជាតិឥណ្ឌាដែលកំពុងជួបនឹងបញ្ហាប្រជាជនពេញហៀរប្រទេសរហូតគ្មានកន្លែងស្នាក់នៅផងដែរ។

    3-យើងនឹកឆ្ងល់ថា តើវាខុសច្បាប់ដែរឬទេ?

    ទោះជាសម្ព័ន្ធភាពបែបនេះ នឹងងាយស្រួលសម្រាប់ក្រុមគ្រួសារជាច្រើនមែន តែការរៀបការបែបមានស្វាមីច្រើននាក់ ក៏ជារឿងខុសច្បាប់នៅក្នុងប្រទេសជាច្រើនទៀតដែរ ក៏ប៉ុន្តែពួកគេមិនត្រូវបានរងទោសទណ្ឌអ្វីទាំងអស់ ដោយសារតែភាគច្រើនរស់នៅក្នុងតំបន់ឆ្ងាយដាច់ស្រយាលខ្លាំង។

    4-ប្រពន្ធ1 ប្ដី 5នាក់ ជារឿងដែលទទួលយកបានក្នុងគ្រួសារ1

    វប្បធម៌ស្វាមីច្រើននាក់ មានជាច្រើនសតវត្សរ៍មកហើយ វាមានន័យថា ពួកគេឆ្លងកាត់វិថីជីវិតបែបនេះមកតាំងពីជំនាន់តាទួតយាយទួត រហូតមកដល់ជំនាន់បច្ចុប្បន្ន និងក៏នៅតែបន្តកេរដំណែលនេះរហូតតទៅ ទៀត​។ មនុស្សស្រីតែងតែមានស្វាមី តាំងពី2 រហូតដល់ 5នាក់ និងទាំងអស់ត្រូវតែមានអាយុមិនតិចជាង18ឆ្នាំ។

    បើបងប្អូនក្នុងត្រកូលនោះ អាយុមិនទាន់ដល់ 18ឆ្នាំ នៅពេលដែលពួកគេមានអាយុដល់កំណត់ភ្លាម ពួកគេនឹងបានរៀបការជាមួយប្រពន្ធរបស់បងប្រុសខ្លួនឯងភ្លាមតែម្ដង។ ភាគច្រើន គ្រប់គ្នានៅក្នុងគ្រួសារនឹងរស់​នៅក្នុងបន្ទប់ជាមួយគ្នា ហើយភូមិករជាច្រើននៅក្នុងតំបន់ទីបេត៍ នឹងគ្មានគ្រែសម្រាប់គេងទេ ពួកគេគ្រាន់​តែក្រាលក្រណាត់ និងគេងនៅលើដីប៉ុណ្ណោះ។

    ក្នុងខណៈដែលមនុស្សជាច្រើនអាចនឹងយល់ថា មនុស្សគួរមានគូត្រឹមតែម្នាក់ ដើម្បីការពារមិនឱ្យកើតបញ្ហានោះ នៅក្នុងវប្បធម៌ និងទំនៀមទម្លាប់ខ្លះ ស្វាមី ឬភរិយាដែលមានគូស្នេហ៍ច្រើនជាងម្នាក់ ក៏អាចរួមរស់នៅជាមួយគ្នាបានយ៉ាងសុខសាន្តប្រក្រតីដែរ។ សរុបទៅ តើអ្នកគិតយ៉ាងណាដែរចំពោះរឿងនេះ?

    ប្រភព៖ សារ​ព័ត៌មាន​បរទេស