តើត្រូវនិយាយជាមួយកូនយ៉ាងណាស្រួល? រឿងកិច្ចការផ្ទះ…
នៅក្នុងបន្ទប់ទទួលភ្ញៀវ ម្តាយដើរចូលទៅរកកូនដោយទឹកមុខញញឹមញញែម តែពេលឃើញកូនប្រុសធ្វើមុខស្លេកស្លាំងជាមួយនឹងគំនរសៀវភៅមេរៀន និងសៀវភៅកិច្ចការផ្ទះមុខវិជ្ជាគណិតវិទ្យានោះ អ្នកម្តាយក៏ហាក់ដូចជានឹកសង្ស័យ ក៏អើតមុខចូលទៅជិត ហើយឆ្លៀតឱកាសបើកសៀវភៅកិច្ចការផ្ទះរបស់កូនមើលភ្លាម…។ ក្នុងនោះអ្នកម្តាយឃើញមានសុទ្ធតែសញ្ញាខ្វែងដោយប៊ិចក្រហម ដែលជាសញ្ញាបញ្ជាក់ថា ខុស! ដែលជាកំណែរបស់អ្នកគ្រូពេញក្នុងសៀវភៅទាំងអស់ រួចហើយអ្នកម្តាយក៏កើតអាការទប់លែងជាប់ និងបញ្ចេញអារម្មណ៍ក្រេវក្រោធឡើងភ្លាមតែម្តង…។ សាកល្បងតាមដានមើលជាបន្តទៅមើល៍ថា បើជួបនឹងហេតុការណ៍បែបនេះ តើម្តាយនឹងប្រើពាក្យសម្តីជាមួយកូនថាយ៉ាងណាខ្លះ? កិច្ចការផ្ទះងាយៗប៉ុនហ្នឹង ក៏ធ្វើខុសដែរ ធំឡើងធ្វើស្អីកើតទៅ! ម៉ាក់បង្រៀនលេខប៉ុន្មានដងហើយ ហេតុអីបានមិនចេះចាំសោះអ៊ីចឹង?! គ្មានឃើញពិបាកអីត្រង់ណាសោះ! ម៉ាក់ប្រាប់ហើយថា កុំឱ្យធ្វើបែបហ្នឹង កុំឱ្យគិតបែបហ្នឹង ថ្ងៃក្រោយហាមធ្វើខុសទៀតដាច់ខាត យល់ទេ?! ហ៊ឺ…ធ្វើខុសទៀតហើយ ឃើញទេ? ហេតុអីបានជាខួរក្បាលដូចអាចម៍រណាម្ល៉េះហ្ន៎ កូនមួយនេះ?! ប្រាប់ប៉ុន្មានដងហើយថា កុំឱ្យគិតលេខបែបហ្នឹង កូនឯងក៏នៅតែធ្វើខុសដដែលៗអ៊ីចឹងរហូត ធុញទ្រាន់មែនទែន! ហេតុការណ៍ដូចគ្នានេះមួយទៀត នៅក្នុងបន្ទប់ទទួលភ្ញៀវ ឬនៅក្នុងកន្លែងណាមួយក្នុងផ្ទះ ដែលកូនតែងតែអង្គុយធ្វើកិច្ចការផ្ទះជាប្រចាំ។ ម្តាយដើរចូលទៅរកកូនប្រុសដោយទឹកមុខញញឹមញញែមដូចគ្នា តែពេលឃើញកូនធ្វើមុខស្លេកស្លាំង អ្នកម្តាយក៏បើកសៀវភៅកិច្ចការផ្ទះគណិតវិទ្យា ដោយសុំអនុញ្ញាតកូនជាមុនសិន មុននឹងបើក។ ពេលឃើញមានសុទ្ធតែសញ្ញាខុសពេញនោះទាំងអស់ ម្តាយក៏ភ្ញាក់ផ្អើលដូចគ្នាដែរ តែទប់អារម្មណ៍បាន រម្ងាប់អារម្មណ៍ក្រេវក្រោធក្តៅក្រហាយនោះទុកសិន ហើយនិយាយទៅកាន់កូនដោយអារម្មណ៍ត្រជាក់ស្ងប់ភ្លាមថា ៈ ធ្វើលេខខុសហើយ អាចធ្វើឡើងវិញបានតើ សាកល្បងគិតមើលឱ្យច្បាស់ៗបន្តិចទៅណា៎ កូន… ញញឹមបន្តិចមើល៍កូន … Read more