Tag: ប្រទេសថៃ

  • ក្រុម​បាល់​ទាត់​ U-22 ថៃ ប្រកាសថា មិន​ខ្លាច​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន VAR

    ក្រុម​បាល់​ទាត់​ U-22 ថៃ ប្រកាសថា មិន​ខ្លាច​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន VAR

    គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​បុរស​​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ថៃ បាន​អះអាងថា មិន​ព្រួយបារម្ភ​អំពី​ការងារ​របស់​ក្រុម​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន​ជំនួយ​ពី​បច្ចេកវិទ្យា VAR នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    ដើម្បី​ត្រៀមខ្លួន​ឱ្យ​បានល្អ​បំផុត​សម្រាប់​ការប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ កាលពី​ល្ងាច​ថ្ងៃទី 28 មេសា ក្រុម U-22 ថៃ បានធ្វើការ​ហ្វឹកហាត់​ថ្ងៃទី​ពីរ​នៅឯ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា (EDC) នៅ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Issara Sritaro ។

    នៅពេល​ត្រូវបាន​សួរ​អំពី​ការងារ​របស់​ក្រុម​អាជ្ញាកណ្ដាល​នៅ​ស៊ី​ហ្គេម​លើក​នេះ គ្រូបង្វឹក Sritaro ឱ្យដឹងថា លោក​មិនមាន​ការព្រួយបារម្ភ​ចំពោះ​អាជ្ញាកណ្ដាល បើ​ទោះ​បច្ចេកវិទ្យា VAR ដែល​ជួយ​ផ្ដល់​ភាព​សុក្រឹត​ដល់​ការ​កាត់​ក្ដី​របស់​អាជ្ញាកណ្ដាល មិន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ 2023។

    គ្រូបង្វឹក​របស់ U-22 ថៃ និយាយថា «នោះ​គឺជា​កត្តា​ខាងក្រៅ។ យើង​មិនអាច​គ្រប់គ្រង​បាន ដូច្នេះ U-22 ថៃ នឹងមិន​ផ្ដោតអារម្មណ៍​ច្រើន​ទៅលើ​អាជ្ញាកណ្ដាល»។ លោក Sritaro បន្ថែមថា «យើង​មិន​ខ្លាច ហើយ​យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព។ … កីឡាករ​របស់​យើង​ក៏ត្រូវ​បាន​រម្លឹក​អំពី​បញ្ហា​មួយចំនួន មានដូចជា ការបង្ក​កំហុស​នៅក្នុង​តំបន់​គ្រោះថ្នាក់ និង​អក​ហ្សឺ​ជាដើម»។

    កីឡដ្ឋាន​ EDC កាលពីឆ្នាំ 2018

    ទន្ទឹមនឹង​បញ្ហា​ខាងលើ គ្រូបង្វឹក​អាយុ 43 ឆ្នាំ​របស់ U-22 ថៃ ក៏បាន​ឱ្យដឹងថា លោក​មិន​ពេញចិត្ត​ចំពោះ​ទីលាន​ហ្វឹកហាត់ EDC ដែល​ម្ចាស់ផ្ទះ​កម្ពុជា​ផ្ដល់ឱ្យ U-22 ថៃ។ ក្រុម​គ្រូបង្វឹក​ថៃ​ក៏បាន​សម្រេចចិត្ត​ស្វែងរក​ទីលាន​ហ្វឹកហាត់​ថ្មី​ដើម្បី​មាន​លក្ខខណ្ឌ​ល្អ​បំផុត​សម្រាប់ U-22 ថៃ នៅ​ស៊ី​ហ្គេម។

    លោក Sritaro ពន្យល់ថា «ទីលាន​ហ្វឹកហាត់ EDC ដែល​ម្ចាស់ផ្ទះ​ផ្ដល់ជូន U-22 ថៃ ប្រើប្រាស់​ស្មៅ carpet ខុសពី​ស្មៅ bermuda នៅ​កីឡដ្ឋាន​ព្រី​នស៍…។ ផ្ទៃ​របស់​ទីលាន EDC រឹង​ខ្លាំងពេក ដូច្នេះ​ហានិភ័យ​រងរបួស​រប​ស់​កីឡាករ​ក៏មាន​កម្រិត​ខ្ពស់។ យើង​ពិតជា​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ»។

    នៅ​ស៊ី​ហ្គេម​លើក​ទី 32 U-22 ថៃ ស្ថិតក្នុង​ពូ​ល B ជាមួយនឹង​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ។ ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ (FAT) បានដាក់​គោលដៅ​ឱ្យ​ក្រុម U-22 ថៃ និង​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ប្រទេស​នេះ ត្រូវ​ដណ្ដើម​ឱ្យបាន​មេដាយមាសពី​​ស៊ី​ហ្គេម​នៅ​កម្ពុជា៕

  • កំពូល​មហាសេដ្ឋី​3​រូប​នៅ​ប្រទេស​ថៃ​៖ ម្ចាស់​ក្រុម​ហ៊ុន​ផលិត​ចំណី​សត្វ​​ និង​ចិញ្ចឹម​សត្វ​ CP Group ជា​មហា​សេដ្ឋី​ទី​1នៅ​ប្រទេស​នេះ​

    កំពូល​មហាសេដ្ឋី​3​រូប​នៅ​ប្រទេស​ថៃ​៖ ម្ចាស់​ក្រុម​ហ៊ុន​ផលិត​ចំណី​សត្វ​​ និង​ចិញ្ចឹម​សត្វ​ CP Group ជា​មហា​សេដ្ឋី​ទី​1នៅ​ប្រទេស​នេះ​

    4នាក់​បងប្អូន​​បាន​ក្លាយ​ជា​អ្នក​មាន​ដោយ​សារ​តែ​ក្រុម​ហ៊ុន​ Charoen Pokphand Group ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ចំណី​សត្វ​ និង​ចិញ្ចឹម​សត្វ​ធំជាង​គេ​បង្អស់មួយ​​នៅ​ក្នុង​ពិភពលោក​។​

    ឱពុក​របស់​ពួកគេ​ គឺ​លោក Chia Ek Chor ជាមួយ​នឹង​​បង​ប្អូន​ប្រុសម្នាក់​ទៀត​ គឺ​លោក Choncharoen Chiaravanont ​បាន​បើក​ហាង​លក់​គ្រាប់​ពូជ​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​ ទៅ​ឱ្យ​កសិករ​ថៃ​ក្នុង​ឆ្នាំ​1921​។

    ក្នុង​ចំណោម​បងប្អូន​4​នាក់​ក្នុង​គ្រួ​សារ​លោក Choncharoen Chiaravanont កូន​ពៅ​ឈ្មោះ​ Dhanin Chearavanont ​ (ក្នុង​រូប​ភាព​ខាងលើ) ធ្លាប់​ធ្វើ​ជា​ប្រធាន​ និង​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន CP អស់​រយៈ​ពេល​48​ឆ្នាំ រហូត​ដល់​គាត់​បាន​លាឈប់​កាល​ពី​ឆ្នាំ​2017​ ប៉ុន្តែ គាត់​នៅ​តែ​ជា​ប្រធាន​ជាន់​ខ្ពស់​ដដែល​។

    លោក Dhanin Chearavanont
    លោក Dhanin Chearavanont ម្ចាស់​ក្រុម​ហ៊ុន​ CP Group

    កូន​ប្រុស​ច្បង​របស់​លោក Dhanin Chearavanont គឺ​លោក​ Soopakij និង​កូន​ពៅ​ Suphachai បច្ចុប្បន្ន​គឺជា​ប្រធាន និង​ CEO របស់​ក្រុម​ហ៊ុន​ CP។ ក្នុង​ខែ​មីនា ឆ្នាំ2020​នេះ CP Group បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ដេញ​ថ្លៃ​ទិញ​សាខា​ក្រុម​ហ៊ុន​ Tesco នៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​ទំហំ​ទឹក​ប្រាក់​10.6​ពាន់​លាន​ដុល្លារ​អាមេរិក។

    បច្ចុប្បន្ន ម្ចាស់​ក្រុម​ហ៊ុន​ CP Group ត្រូវ​បាន​ទស្សនាវដ្ដី​ Forbes របស់​សហ​រដ្ឋ​អាមេរិក ចាត់​ទុក​ជា​មហា​សេដ្ឋី​លេខ​1​នៅ​ប្រទេស​ថៃ ដោយ​មាន​ទ្រព្យ​សរុប​ 27.3​ពាន់​លាន​ដុល្លារ​អាមេរិក​។

    មហាសេដ្ឋី​លំដាប់​ទី​2​នៅ​ប្រទេស​ថៃ គឺ​លោក Chalerm Yoovidhya
    មហាសេដ្ឋី​លំដាប់​ទី​2​នៅ​ប្រទេស​ថៃ គឺ​លោក Chalerm Yoovidhya

    មហាសេដ្ឋី​លំដាប់​ទី​2​នៅ​ប្រទេស​ថៃ គឺ​លោក Chalerm Yoovidhya អាយុ​69​ឆ្នាំ រកស៊ី​ក្នុង​វិស័យ​ផលិត​ភេសជ្ជ​ពៅ​កម្លាំង​។​​ លោក​ក៏ជា​​ម្ចាស់​1​រូប​របស់​ក្រុម​ហ៊ុន​ Red Bull Thailand ផងដែរ​។ មហាសេដ្ឋី​ Chalerm Yoovidhya ​​មាន​ទ្រព្យសរុប​​ 20.2​ពាន់​លាន​ដុល្លារ​អាមេរិក។

    មហាសេដ្ឋី​លំដាប់​លេខ​3​នៅ​ប្រទេស​ថៃ គឺ​លោក Charoen Sirivadhanabhakdi
    មហាសេដ្ឋី​លំដាប់​លេខ​3​នៅ​ប្រទេស​ថៃ គឺ​លោក Charoen Sirivadhanabhakdi

    មហាសេដ្ឋី​លំដាប់​លេខ​3​នៅ​ប្រទេស​ថៃ គឺ​លោក Charoen Sirivadhanabhakdi មាន​ទ្រព្យ​សរុប​10.8​ពាន់​លាន​ដុល្លារ​។ ក្រុម​ហ៊ុន​ដែល​គេ​ស្គាល់​ច្រើន​ជាង​គេ​របស់​លោក ​គឺ​ក្រុម​ហ៊ុន​ Thai Beverage ដែល​មាន​ស្រាបៀរ​ Chang beer នាំ​មុខ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • មូលហេតុដែលនាំឱ្យខ្មាន់កាំភ្លើងជាមន្ត្រីយោធា ហ៊ានបាញ់សម្លាប់មនុស្ស24នាក់…

    មូលហេតុដែលនាំឱ្យខ្មាន់កាំភ្លើងជាមន្ត្រីយោធា ហ៊ានបាញ់សម្លាប់មនុស្ស24នាក់…

    មន្ត្រីយោធាថៃម្នាក់ ដែលបានធ្វើការបាញ់រះទៅលើហ្វូងមនុស្ស បណ្ដាលឱ្យមានអ្នកស្លាប់ 24នាក់ នៅក្នុងតំបន់ពាណិជ្ជកម្មមួយនៅក្នុងខេត្ត Nakhon Ratchasima ភាគឦសានប្រទេសថៃនោះ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ បន្ទាប់ពីបានឡោមព័ទ្ធអស់់រយៈពេលប្រហែល 12ម៉ោងរួចមក។

    ការបាញ់ប្រហារដ៏សាហាវនេះ បានកើតឡើងកាលពីយប់ថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2020 ដោយខ្មាន់កាំភ្លើងជាទាហានម្នាក់បម្រើការនៅក្នុងជួរកងទ័ពថៃ។ មុនការបាញ់រះនៅឯទីសាធារណៈនោះ ខ្មាន់កាំភ្លើងម្នាក់នេះបានបាញ់សម្លាប់មនុស្ស 3នាក់រួចទៅហើយនៅក្នុងបន្ទាយទាហានមួយដែលជននេះកំពុងបម្រើការ ក្នុងនោះក៏មានមេបញ្ជាការរបស់ខ្លួនម្នាក់ផងដែរ។

    ប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យឈានទៅដល់ការបាញ់ប្រហារខាងលើនេះ អាចបណ្ដាលមកពីជម្លោះរវាងខ្មាន់កាំភ្លើង និងមេបញ្ជាការរបស់ខ្លួន។ មន្ត្រីយោធាម្នាក់ គឺលោក Thanya បានឱ្យដឹងថា ជនដៃដល់ Jakrapanth បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ ក ជាមួយមេបញ្ជាការម្នាក់របស់ខ្លួន គឺលោក Anantharot Krasnae ទាក់ទិននឹងជម្លោះដីធ្លី ហើយក៏បានដកកាំភ្លើងបាញ់សម្លាប់លោកមេបញ្ជាការម្នាក់នោះ រួចបានយកកាំភ្លើងពីជនរងគ្រោះ រត់ចេញទៅក្រៅ បាញ់សម្លាប់មិត្តរួមការងារ 2នាក់ថែមទៀត។

    បន្ទាប់មក ខ្មាន់កាំភ្លើងក៏បានចូលទៅក្នុងឃ្លាំងអាវុធ រួចប្រមូលយកអាវុធជាច្រើនបន្ថែមទៀត ព្រមទាំងបានលួចយករថយន្តពាសដែក 1គ្រឿង និងបានបើកចេញពីបន្ទាយ មុននឹងធ្វើការបាញ់រះទៅលើហ្វូងមនុស្ស និងរថយន្តនគរបាល ពេលមកដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 ក្នុងខេត្តខាងលើ។

    មុនពេលចូលដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 ខ្មាន់កាំភ្លើងឈ្មោះ Jakrapanth នេះ បានបាញ់ទៅលើធុងខ្យល់ជាច្រើនធុង បណ្ដាលឱ្យមានការផ្ទុះឆេះនៅខាងក្រៅផ្សារទំនើប។ នៅក្នុងការបាញ់រះដ៏សាហាវនេះ ជនម្នាក់នេះថែមទាំងបានផ្សាយផ្ទាល់ (live video) នៅលើបណ្ដាញសង្គម និងថតសែលហ្វ៊ីជាមួយកាំភ្លើង 2ដើមដែលខ្លួនកំពុងកាន់ រួមទាំងកន្សែងយ័ន្តការពារខ្លួនដែលចងជាប់នឹងកាំភ្លើង ហើយប្រកាសថា ខ្លួនកំពុង “សងសឹក”។

    “ធ្វើមានធ្វើបាន ដោយសារអំពើពុករលួយ និងកេងប្រវ័ញ្ចអ្នកដទៃ ពួកគេគិតថានឹងអាចយកលុយតាមខ្លួនទៅកាន់ស្ថាននរកមែនទេ!?”។ នេះជាសំណេររបស់ខ្មាន់កាំភ្លើងនៅលើបណ្ដាញសង្គម ដែលមិនដឹងថា សំដៅលើអ្នកណាឡើយ។

    សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងផ្សារទំនើបនោះបណ្ដើរ បាញ់រះបណ្ដើរ បណ្ដាលឱ្យមនុស្សម្នាភ័យស្លន់ស្លោ រត់ចែកជើងគ្នាប្រសាច។

    អ្នកនាំពាក្យនៃក្រសួងការពារប្រទេសថៃ លោក ឃុងឈីប តាន់ត្រាវ៉ានិតនិយាយថា តុល្យការបណ្ដោះអាសន្ននៃការបាញ់ប្រហារនោះ គឺមានអ្នកស្លាប់ប្រមាណជា 24នាក់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជម្រើស3ប្រទេសសម្រាប់ថ្ងៃឈប់សម្រាក

    ជម្រើស3ប្រទេសសម្រាប់ថ្ងៃឈប់សម្រាក

    ឡារ៉ែន សូមណែនាំកន្លែងដើរកម្សាន្តល្បីៗនៅក្នុងប្រទេសជិតខាងរបស់យើងដូចជា ប្រទេស​ថៃ ប្រទេសវៀតណាម និងឡាវជាដើម។

    1. ប្រទេសថៃ

    បើមិត្តអ្នកអានចង់ទៅលេងនៅប្រទេសថៃ កុំភ្លេចទៅងូតទឹកសមុទ្រនៅហួហ៊ីន (Hua Hin) ព្រោះទីនោះគឺជាទឹកដីដ៏ស្រស់សោភារបស់ប្រទេស ថៃ ហើយក៏ជាឋានសួគ៌សម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិដែរ។ ហួហ៊ីន ជាតំបន់ទេសចរណ៍បែបធម្មជាតិ ដែលស្ថិតនៅក្នុងខេត្ត ប្រាក់ជួបគីរីខាន (Prachap Khiri Khan) នៅទីនោះអ្នកអាចរកឃើញនូវភាពរីករាយថ្មីៗ ដែលអ្នកមិនធ្លាប់ជួបពីមុនមកដូចជា Resort ដ៏ស្រស់សោភាអណ្តែតពីលើផ្ទៃទឹកសមុទ្រអាកាសធាតុដ៏ល្អ និងខ្យល់បរិសុទ្ធពីសមុទ្រធំល្វឹងល្វើយ រីករាយជាមួយនឹងការជិះសេះលេងតាមឆ្នេរសមុទ្រ បង្ហោះខ្លែង ជិះម៉ូតូទឹក ជិះស្គីលើទឹក ជិះទូកវែង និងការភ្លក់រសជាតិអាហារប្លែកៗជាដើម។ ក្រៅពីនេះ អ្នកអាចបង្ហួសទៅលេងព្រះបរមរាជវាំង ប្រាសាទចំណាស់ៗ ស្ថានីយរថភ្លើង ជិះដំរី និងសួនសត្វជាដើម តាមរយៈការជួលរថយន្តតាក់ស៊ី ឡានក្រុង ទូក រថភ្លើង ឬយន្តហោះក៏បាន។

    2. ប្រទេសវៀតណាម

    ដាឡាត់គឺជាទីក្រុងដ៏រ៉ូមែនទិក និងពោរពេញដោយសន្តិភាព ស្ថិតនៅក្នុងតំបន់ ឡាងប៊ែង (Langbiang) ប្រទេសវៀតណាម។ នៅទឹកដី ដាឡាត់មានកន្លែងទេសចរណ៍ដ៏ទាក់ទាញជាច្រើនដូចជា ស្ថានីយ៍រថភ្លើង ផ្ទះសំណាក់ហាងង៉ា (Hang Nga) និងកន្លែងកម្សាន្ត Crazy house ដែលភាគច្រើនជាស្នាដៃតាមបែបបារាំង។ ទីក្រុងដាឡាត់ក៏អាចហៅថាជាទីក្រុងផ្កាផងដែរ ព្រោះវាជាទីកន្លែងដ៏ល្អបំផុតក្នុងការដាំផ្កា ហើយទីក្រុងនេះក៏ជាកន្លែងប្រជុំទៅដោយផ្កាចម្រុះពណ៌ ចម្រុះប្រភេទ និងជាកន្លែងប្រកួតសម្រស់ផ្កាជារៀងរាល់៤ឆ្នាំម្តងថែមទៀតផង។ ដាឡាត់ក៏នៅមានទីតាំងស្រស់ស្អាតជាច្រើនទៀតដូចជា បឹងសួនហ្វង (Xuan Houng) បឹងទុក្ខព្រួយ ជ្រលងស្នេហ៍ ភ្នំឡាងប៊ែង (Lang Biang) ទឹកធ្លាក់ប្រេន (Prenn) និងទឹកធ្លាក់ផុងហ្គ័រ (Pongour) ដែលជាទឹកធ្លាក់ធំជាងគេនៅក្នុងប្រទេសវៀតណាម។

    3. ប្រទេសឡាវ

    តំបន់ដែលអ្នកអាចចាត់ទុកថាជាទឹកដីស្រស់បំព្រង សម្បូរទៅដោយធនធានធម្មជាតិ ប្រវត្តិសាស្ត្រ និងវប្បធម៌ ស្ថិតនៅក្នុងទីក្រុង ហ្លួងប្រាបាង (Luang prabang) ប្រទេសឡាវ។ បើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តធម្មជាតិ ធានាថាទីក្រុងមួយនេះពិតជាទីកន្លែងកម្សាន្ត ដែលត្រូវចិត្តអ្នកបំផុត។ ទីក្រុងហ្លួងប្រាបាង មិនមានអគារទំនើបៗទេ គឺមានតែផ្ទះដែលសង់តាមស្ថាបត្យកម្មបារាំង និងឥណ្ឌូចិន រួមជាមួយដងផ្លូវ ដែលមានភាពស្ងប់ស្ងាត់អមទៅដោយហាងកាហ្វេតាមដងផ្លូវជាច្រើន។ អ្នកទៅទស្សនានៅទីនោះមិនដែលរំលងទឹកជ្រោះ កួងស៊ី (Kuang Si) នោះទេ ព្រោះវាជាទីតាំងដ៏ទាក់ទាញបំផុតនៅក្នុងទឹកដី ហ្លួងប្រាបាង នេះ។ ទឹកជ្រោះដ៏ត្រជាក់ស្រេប អមជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រង និងស្នាមញញឹមយ៉ាងផ្អែមល្ហែមរបស់ប្រជាជននៅកួងស៊ី ធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែមានន័យថែមទៀត៕