Tag: ប្រទេសចិន

  • ប្រាក់ដុល្លារ​អាម៉េរិក​បន្ត​បង្ហាញ​ភាព​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​អន្តរជាតិ

    ប្រាក់ដុល្លារ​អាម៉េរិក​បន្ត​បង្ហាញ​ភាព​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​អន្តរជាតិ

    កាល​ពី​​ថ្ងៃ​ចន្ទ​ (18 កញ្ញា) រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក​បាន​​ប្រែប្រួល​ជិត​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​អំឡុង​ 6​ ខែ​ គ្រាដែល​អ្នក​ជំនួញ​កំពុង​រង់​ចាំ​ការ​សម្រេច​នានា​ដែល​ទាក់​ទិន​នឹង​ការ​ប្រាក់​ពី​ធនាគារ​កណ្ដាល​អាម៉េរិក,​ ធនាគារ​អង់គ្លេស និង​ធនាគារ​ជប៉ុន​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សប្ដាហ៍​នេះ។

    ប្រាក់​អឺរ៉ូ​របស់​សហភាព​អឺរ៉ុប​ ហាក់​មិន​មាន​ការ​ប្រែ​ប្រួល​បើធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក​ ដោយ​ 1 អឺរ៉ូ​ ប្ដូរ​បាន​ 1.0658 ដុល្លារ​អាម៉េរិក​។ ចំណែក​រូបិយប័ណ្ណ​យ៉េន​របស់​ជប៉ុន ក៏​មាន​ការ​ប្រែ​ប្រួល​តិច​តួច ដោយ​ 1 ដុល្លារ​អាម៉េរិក ប្ដូរ​បាន​ 147.69 យ៉េន ព្រោះ​តែ​អ្នក​ជំនួញ​នៅ​ប្រទេស​នេះ​ឈប់​សម្រាក​។

    ប្រការ​ខាងលើ​នេះ​បាន​នាំ​ឱ្យ​សន្ទស្សន៍​ប្រាក់​ដុល្លារ​អាម៉េរិក (U.S. Dollar Index) ដែល​តាម​ដាន​ការ​ប្រែ​ប្រួល​របស់​រូបិយប័ណ្ណ​នេះ​ធៀប​នឹង​រូបិយប័ណ្ណ​ចំនួន​ 6 ផ្សេង​ទៀត​ រួម​មាន​ប្រាក់​អឺរ៉ូ និង​ប្រាក់​យ៉េន​ជា​ដើម មាន​ការ​កើន​ឡើង​តិច​តួច​ (105.32)។​

    សន្ទស្សន៍​ U.S. Dollar Index បាន​កើន​ឡើង​ជាបន្ត​បន្ទាប់​ក្នុង​ 9 សប្ដាហ៍​កន្លង​ ​​​នៅ​ពេល​សេដ្ឋកិច្ច​អាម៉េរិក​បន្ត​បង្ហាញ​​ភាព​ខ្លាំង​ក្លា​។ វា​បាន​ឡើង​ដល់​ចំណុច​កំពូល​ 104.53 កាល​ពី​ថ្ងៃ​ទី 14 កញ្ញា​ ជា​កម្រិត​ខ្ពស់​បំផុត​រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មីនា 2023​។

    អត្រាប្តូរប្រាក់បរទេសនៅថ្ងៃនេះ

    Alvin Tan ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ប្ដូរប្រាក់បរទេសអាស៊ី​នៅ​ RBC Capital Markets ឱ្យ​ដឹង​ថា «ជារួម យើង​ជឿ​ជាក់​លើ​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក។ សេដ្ឋកិច្ច​សហរដ្ឋ​អាម៉េរិក​កំពុង​ដំណើរ​ការ​ល្អ​ជាង​អឺរ៉ុប និង​អាស៊ី​ ពិសេស​គឺ​ប្រទេស​ចិន​»។

    អ្នក​ជំនួញ​ កាលពី​ថ្ងៃទី 18 កញ្ញា កំពុង​តែរង់​ចាំ​ការ​សម្រេច​មួយ​ចំនួន​របស់​ធនាគារ​កណ្ដាល​​នានា​នៅ​ចុង​សប្ដាហ៍ ​ដែល​អាច​ធ្វើ​ឱ្យ​កក្រើក​ទីផ្សារ​រូបិយប័ណ្ណ​។ អ្នក​វិនិយោគ​រំពឹង​ថា ធនាគារ​កណ្ដាល​អាម៉េរិក​នឹង​រក្សា​ការ​ប្រាក់​ត្រឹម 5.25% ដល់ 5.5% ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី 20 កញ្ញា 2023​។

  • រថយន្ត​អគ្គិសនី​អាច​នឹង​ក្ដោប​ក្ដាប់​ 2/3 នៃ​ទីផ្សារ​​រថយន្ត​នៅ​ឆ្នាំ​ 2030

    រថយន្ត​អគ្គិសនី​អាច​នឹង​ក្ដោប​ក្ដាប់​ 2/3 នៃ​ទីផ្សារ​​រថយន្ត​នៅ​ឆ្នាំ​ 2030

    ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​របស់​ទីផ្សារ​អឺរ៉ុប និង​ចិន​ នឹង​ជួយ​ឱ្យ​ការ​ជួញដូរ​រថយន្ត​អគ្គិសនី​មាន​កំណើន​ខ្ពស់​ខ្លាំង​នៅ​ចុង​ទសវត្សរ៍​នេះ​។

    លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​វិទ្យាស្ថាន​ Rocky Mountain Institute (RMI) បាន​បង្ហាញ​ថា ដោយ​សារ​តែ​តម្លៃ​ថ្ម​ផ្ទុក​ថាមពល​ថយ​ចុះ រថយន្ត​អគ្គិសនី​អាច​នឹង​មាន​តម្លៃ​ស្មើ​នឹង​រថយន្ត​​ប្រេង​សាំង​នៅ​ទ្វីប​អឺរ៉ុប​ចាប់​ពី​ឆ្នាំ 2024​ និង​ទីផ្សារ​អាម៉េរិកចាប់​ពី​ឆ្នាំ 2026​ ហើយនឹង​​ក្ដោប​ក្ដាប់​ 2/3 នៃ​ចំនួន​រថយន្ត​សរុប​ដែល​បាន​លក់​ចេញ​នៅ​ឆ្នាំ 2030​។

    របាយការណ៍​របស់ RMI បាន​ព្យាករ​ថា តម្លៃ​ថ្ម​ផ្ទុក​ថាមពល​នឹង​ថយ​ចុះ​ពាក់​កណ្ដាល​នៅ​ទសវត្សរ៍​នេះ​ ដោយ​ធ្លាប់​ពី​​ 151 ដុល្លារ​/គីឡូវ៉ាត់​ម៉ោង​នៅ​ឆ្នាំ 2022 ចុះ​មក​នៅ​ត្រឹម​ប្រហែល 60 – 90 ដុល្លារ​/គីឡូវ៉ាត់​ម៉ោង​ ដែល​នឹង​ជួយ​ឱ្យ​​រថយន្ត​អគ្គិសនី​​ធ្លាក់​ថ្លៃ​មក​​ស្មើ​នឹង​រថយន្តប្រើ​ប្រាស់​​ប្រេង​សាំង​​នៅ​គ្រប់​ទីផ្សារ​ចាប់​ពី​ឆ្នាំ 2030​។

    តាម​ធម្មតា ថ្ម​ផ្ទុក​ថាមពល​តែង​តែ​កាន់​កាប់​ប្រហែល​ 40% នៃ​តម្លៃ​សរុប​របស់​រថយន្ត​អគ្គិសនី​មួយ​គ្រឿង​។ RMI ឱ្យ​ដឹង​ថា តម្លៃ​នេះ​កំពុង​ថយចុះ​បន្តិច​ម្ដង​ៗ​នៅ​ពេល​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​នាំគ្នា​វិនិយោគ​ទៅ​លើ​គីមី វត្ថុធាតុ​ និង​សបវ៉ែរ​របស់​ថ្ម​ផ្ទុក​ថាមពល​ប្រភេទ​​ថ្មី​ ដើម្បី​បង្កើតបាន​រថយន្ត​អគ្គិសនី​ដែល​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់​។

    លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​គម្រោង​សេដ្ឋសាស្ត្រ​របស់​សាកល​វិទ្យាល័យ​ Exeter University បង្ហាញ​ថា បរិមាណ​រថយន្ត​អគ្គិសនី​ដែល​លក់​ចេញ​នឹង​កើន​ទៅ​តាម​លេខ​គុណ​។ យោង​តាម​ការ​ស្រាវ​ជ្រាវ​នេះ​ រថយន្ត​អគ្គិសនី​​នឹង​មាន​តម្លៃ​ស្មើ​នឹង​រថយន្ត​ដំណើរ​ការ​ដោយ​ឥន្ធនៈ​នៅ​ឆ្នាំ 2024 នៅ​អឺរ៉ុប, ឆ្នាំ 2025 នៅ​ប្រទេស​ចិន​, ​2026 នៅ​សហរដ្ឋ​អាម៉េរិក​ និង​ 2027 នៅ​ប្រទេស​ឥណ្ឌា​ ចំពោះ​រថយន្ត​ខ្នាត​មធ្យម និង​​ឆាប់​ជាង​នេះ​ចំពោះ​រថយន្ត​ខ្នាត​តូច​៕

  • ចិន-វៀតណាម​ចាប់​ផ្ដើម​អនុវត្ត​គម្រោង «​ច្រក​ព្រំ​ដែន​ឆ្លាតវៃ» គ្មាន​មនុស្ស​ប្រចាំ​ការ

    ចិន-វៀតណាម​ចាប់​ផ្ដើម​អនុវត្ត​គម្រោង «​ច្រក​ព្រំ​ដែន​ឆ្លាតវៃ» គ្មាន​មនុស្ស​ប្រចាំ​ការ

    គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) ដែល​​ប្រើ​ប្រាស់​​​ប្រព័ន្ធ​កំណត់​ទិស​ពី​ផ្កាយ​រណប និង​បច្ចេកវិទ្យា 5G អនុញ្ញាត​ឱ្យ​ទំនិញ​ឆ្លង​កាត់​ដោយ​ស្វ័យ​ប្រវត្ត​ មិន​មាន​មនុស្ស​ប្រចាំ​ការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​កាល​ពី​ថ្ងៃទី 15 កញ្ញា​។

    ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជំរុញ​ការ​ស្ថាបនា​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​សាកល្បង​ចិន – វៀតណាម ភាគី​រដ្ឋបាល​តំបន់​ស្វយ័ត​ជនជាតិ​ Zhuang Guangxi នៅ​ប្រទេស​ចិន និង​ភាគី​ខេត្ត​ Lang Son ប្រទេស​វៀតណាម បាន​ឯកភាព​គ្នា​លើ​ការ​ជំរុញ​គម្រោង​សាកល្បង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​នៅ​លើ​កំណាត់​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​​នៃ​ច្រក​ព្រំ​ដែន​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម)។

    គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) ដែល​អនុវត្ត​ដោយ​រដ្ឋបាល​តំបន់​ស្វយ័ត​ជន​ជាតិ​ Zhuang Guangxi និង​​យោង​​​ទៅ​លើ​ប្រព័ន្ធ​កំណត់​ទិស​ពី​ផ្កាយ​រណប និង​បច្ចេកវិទ្យា 5G​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​កាល​ពី​ថ្ងៃទី 15 កញ្ញា​ 2023​ នៅ​លើ​ទឹក​ដី​ចិន ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​មន្ត្រី​ប្រទេស​ចិន និង​វៀតណាម​។

    គម្រោង​នេះ​ប្រើប្រាស់​យាន​យន្ត​ស្វ័យ​ប្រវត្ត​ដឹក​ជញ្ជូន​កុងតឺន័រ​គ្មាន​មនុស្ស​បើក​បរ​ AGV, ឧបករណ៍​ដងស្ទូច​ស្វ័យប្រវត្ត​, ប្រព័ន្ធ​គ្រប់គ្រង​ផែនទី​ឆ្លាត​វៃ និង​អាច​ផ្លាស់ប្ដូរ​ព័ត៌មាន​ស្ដី​ពី​ការ​ដឹក​ជញ្ជូន​ឆ្លង​ព្រំ​ដែន​រវាង​ចិន និង​វៀតណាម ដែល​អនុញ្ញាត​ឱ្យ​ទំនិញ​ឆ្លងកាត់​ស្វ័យ​ប្រវត្ត​មិន​មាន​មនុស្ស​ប្រចាំការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​។

    យោង​តាម​មន្ត្រី​ពាក់​ព័ន្ធ គម្រោង​​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) នេះ នឹងលើក​កម្ពស់​​​កិច្ច​ការ​គយ​រវាង​ច្រក​ព្រំ​ដែន​​របស់​ប្រទេស​ទាំង​ពីរ​ថែម​មួយ​កម្រិត​ទៀត។ ការដឹក​ទំនិញ​ឆ្លង​កាត់​ព្រម​ដែន​នៅ​ទី​នេះ​នឹង​មិន​ត្រូវ​រង់ចាំ​។

    បច្ចុប្បន្ន​ គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan របស់​ប្រទេស​​ចិន បាន​ចាប់​ផ្ដើម​ការ​សាងសង់ ខណៈ​គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​​ Huu Nghi របស់​វៀតណាម កំពុង​ឆ្លង​​យោបល់​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​ប្រទេស​នេះ មុនពេល​ដាក់​សំណើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​។

    នៅ​ក្នុង​ពិធីសម្ពោធបើក​ការដ្ឋាន​សាងសង់​ច្រក​ព្រំដែន​ឆ្លាតវៃ​ខាងលើ ភាគី​ប្រទេស​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ថា នឹង​បន្ត​លើក​កម្ពស់​កិច្ច​សហការ​ដើម្បី​សម្រេច​បាន​ច្រក​ព្រំដែន​ឆ្លាត​វៃ​ប្រកបដោយ​ភាព​រលូន និង​ឆាប់​រហ័ស​ផងដែរ​៕

  • ក្រុម​ហ៊ុន​ចិន GAC Aion នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​

    ក្រុម​ហ៊ុន​ចិន GAC Aion នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​

    GAC Aion ​​ជា​​យីហោ​រថយន្ត​អគ្គិសនី​របស់​សាជីវកម្ម​រថយន្ត​ក្វាងចូវ (Guangzhou Automobile Corporation – GAC) ដែល​ជា​អ្នក​ផ្គត់​ផ្គង់​រថយន្ត​អគ្គិសនី​ធំជាងគេ​លំដាប់​ទីពីរ​របស់​ប្រទេស​ចិន​ មាន​គម្រោង​ចាប់ផ្ដើម​ដំឡើង​រថយន្ត​អគ្គិសនី​ដំបូង​ៗ​របស់​ខ្លួន​​នៅ​ខែ​មិថុនា​ 2024​។ ការ​ផលិត​រថយន្ត​អគ្គិសនី​នេះ​នឹង​ធ្វើ​ឡើង​នៅ​រោង​ចក្រ​របស់ GAC Aion ក្នុង​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត​ (EEC) របស់​ប្រទេស​ថៃ​។

    នាយក​ប្រតិបត្តិ​របស់ GAC Aion លោក​ Gu Huinan ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​គ្រោង​នឹង​ផលិត​ Aion Y Plus ជា​រថយន្ត​អគ្គិសនី​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​បាងកក​កាល​ពី​ថ្ងៃទី 09 កញ្ញា 2023​។ លោក Guinan និយាយ​ថា ក្រុម​ហ៊ុន​បាន​ស្វែង​យល់​អំពី EEC និង​ជិត​ជ្រើស​រើស​ខេត្ត​ដើម្បី​សាងសង់រោង​ចក្រ​របស់​ខ្លួន​។

    យោង​តាម​ Bangkok Post ថៃ​គឺជា​ប្រទេស​ដំបូង​ដែល​​ក្រុម​ហ៊ុន​ចិន​ GAC Aion ជ្រើស​រើសជា​​​ទីតាំង​ដើម្បី​វាយ​លុក​ទីផ្សារ​បរទេស​។ លោក Huinan ដកស្រង់​កត្តា​សំខាន់​បី​ដែល​ជា​មូលហេតុ​នៅ​ពី​ក្រោយ​ការ​សម្រេច​នេះ​៖ រោង​ចក្រ​ផលិត​រថយន្ត​សំខាន់​របស់​អាស៊ាន ទីផ្សារ​រថយន្ត​អគ្គិសនី​កំពុង​រីកចម្រើន​ និង​ការ​ជំរុញ​វិស័យ​រថយន្ត​អគ្គិសនី​របស់​រាជ​រដ្ឋាភិបាល​៕

  • ប្រទេស​ចិន​ក្លាយ​ជា​អ្នក​នាំ​ចេញ​រថយន្ត​ធំជាង​គេ​លើ​ពិភពលោក

    ប្រទេស​ចិន​ក្លាយ​ជា​អ្នក​នាំ​ចេញ​រថយន្ត​ធំជាង​គេ​លើ​ពិភពលោក

    ក្នុង​ 6 ខែ​ដើម​ឆ្នាំ​នេះ ប្រទេស​ចិន​បាន​នាំ​ចេញ​រថយន្ត​ជាង 2.3 លាន​គ្រឿង​ ច្រើន​ជាង​ជប៉ុន និង​ក្លាយ​ជា​ប្រទេស​​​ដែល​នាំ​ចេញ​រថយន្ត​​ច្រើន​ជាង​គេ​បង្អស់​លើពិភពលោក​។

    ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​នាំ​ចេញ​រថយន្ត​ សមាគម​នៃ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​រថយន្ត​នៅ​ប្រទេស​ចិន​ បាន​ដក​ស្រង់​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​របស់​​ប្រទេស​នេះ​ ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល 6 ខែ​ដើម​ឆ្នាំ 2023 ប្រទេស​ចិន​បាន​នាំ​ចេញ​រថយន្ត​ចំនួន 2.34 លាន​គ្រឿង​ កើន​ 76.9% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    ដោយ​ឡែក យោង​តាម​ទិន្នន័យ​ដែល​បាន​ប្រកាស​ដោយ​សមាគម​នៃ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​រថយន្ត​ជប៉ុន​ តួលេខ​រថយន្ត​ដែល​បាន​នាំ​ចេញ​​របស់​ប្រទេស​នេះ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ 2023 មាន​ 2.02 លាន​គ្រឿង​ កើន​ 17% បើ​ធៀប​នឹង​ឆមាស​ទី​មួយ​ឆ្នាំ​ 2022​។

    នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​​តួលេខ​នៃការ​នាំ​ចេញ​រថយន្ត​ក្នុង 6 ខែ​ដើម​ឆ្នាំ 2023 របស់​ប្រទេស​ចិន​ មាន​ចំនួន​ច្រើន​ជាង​ជប៉ុន និង​ឈរ​លំដាប់​ទី​មួយ​លើ​ពិភពលោក​។

    ទិន្នន័យ​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា មាន​មូលហេតុ​សំខាន់​ពីរ​ដែល​ធ្វើ​ឱ្យ​ការ​នាំចេញ​រថយន្ត​របស់​ប្រទេស​ចិន​កើន​ឡើងខ្ពស់​ខ្លាំង​ក្នុង​ឆ្នាំ​នេះ នោះគឺ​ចំនួន​រថយន្ត​ដំណើរ​ការ​ដោយ​ប្រេង​សាំង​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេសរុស្ស៊ី​បាន​កើន​ឡើង​គួរឱ្យ​ចាប់អារម្មណ៍​។ ទន្ទឹម​នឹង​នេះ រថយន្ត​អគ្គិសនី​ក៏​ត្រូវ​បាន​នាំ​ចេញ​​​​ទៅ​កាន់​​​​ទីផ្សារ​អឺរ៉ុប​ និង​ទី​ផ្សារ​អាស៊ី​អាគ្នេយ៍​ កាន់​តែ​ច្រើន​៕

  • អ្នក​វិទ្យា​សាស្ត្រ​ចិន​ចិញ្ចឹម​តម្រង​នោម​មនុស្ស​ក្នុង​អំប៊្រីយ៉ុងជ្រូក​បាន​ជោគ​ជ័យ​

    អ្នក​វិទ្យា​សាស្ត្រ​ចិន​ចិញ្ចឹម​តម្រង​នោម​មនុស្ស​ក្នុង​អំប៊្រីយ៉ុងជ្រូក​បាន​ជោគ​ជ័យ​

    ជា​លើក​ដំបូង​ហើយ​ដែល​អ្នក​វិទ្យា​សាស្ត្រ​មួយ​ក្រុម​នៅ​ប្រទេស​ចិន​ ចិញ្ចឹម​តម្រង​នោម​មាន​កោសិកា​មនុស្ស​ក្នុង​អំប៊្រីយ៉ុង​សត្វ​ជ្រូក​ ដែល​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ក្លាយ​ជា​វិធី​សាស្ត្រជំនួស​នៅ​ក្នុង​ការ​វះកាត់​ប្ដូរ​សរីរាង្គ​របស់​មនុស្ស​។

    លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ និង​សុខភាព​ក្វាងចូវ នៃ​បណ្ឌិត្យ​សភា​វិទ្យា​សាស្ត្រ​ចិន​ ប្រកាស​នៅ​លើ​ទស្សនាវដ្ដី​ Cell Stem Cell កាល​ពី​ថ្ងៃទី 07​ កញ្ញា​ 2023​ បាន​បង្ហាញ​អំពី​សក្ដានុពល​នៃ​ការ​ចិញ្ចឹម​សរីរាង្គ​ដើម្បី​ផ្លាស់​ប្ដូរ​ និង​សិក្សា​ស្រាវជ្រាវ​នៅ​លើ​សត្វ​ជ្រូក​។ យោង​តាម​ China Science Net នេះ​គឺជា​លើក​ដំបូង​ដែល​សរីរាង្គ​របស់​មនុស្ស​រីក​ចម្រើន​នៅ​ខាង​ក្នុង​រាង​កាយ​សត្វ​ដទៃ។

    ក្នុង​ចំណោម​អំប៊្រីយ៉ុង​ជា 1,800 នៅ​ក្នុ​ងការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ មាន​អំប៊្រីយ៉ុង​ចំនួន​ 5 បាន​រីក​ចម្រើន​ប្រកប​ដោយ​ជោគ​ជ័យ​។ អំប៊្រីយ៉ុង​ទាំង​នេះ​ចិញ្ចឹម​តម្រង​នោម​ដែល​មាន​ផ្ទុក​កោសិកា​មនុស្ស​ពី 50 ទៅ 60​%​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​​ប្រើ​ប្រាស់​ឧបករណ៍​កែសម្រួល​ហ្សែន​ CRISPR ដើម្បី​ចាត់​ចែង​ហ្សែន​ចំនួន​ពីរ​ដែល​មាន​តួនាទី​គ្រប់​គ្រង​ការ​វិវត្ត​​របស់​តម្រង​នោម និង​កាត់ប​ន្ថយ​ការ​រីក​ចម្រើន​របស់​កោសិកា​ជ្រូក​។

    តម្រង​នោម​គឺជា​មួយ​ក្នុង​ចំណោម​សរីរាង្គ​ដែល​ត្រូវ​បាន​ប្ដូរ​ច្រើន​ជាង​គេ​នៅ​លើ​មនុស្ស​ ប៉ុន្តែ​កង្វះ​តម្រង​នោម​ល្អ​ដែល​បាន​ពី​ការ​បរិច្ចាគ​​កំពុង​ក្លាយ​ជា​រឿង​លំបាក​។ ការ​ចិញ្ចឹម​សរីរាង្គ​មនុស្ស​ក្នុង​អំប៊្រីយ៉ុង​សត្វ​មាន​ដោះ​ធំ​នឹង​ជា​ដំណោះ​ស្រាយ​ល្អ​សម្រាប់​បញ្ហា​នេះ​។

  • BYD បង្ហាញរថយន្តអគ្គិសនី Seal DM-i តម្លៃចាប់ពីជាង 20,000 ដុល្លារអាម៉េរិក

    BYD បង្ហាញរថយន្តអគ្គិសនី Seal DM-i តម្លៃចាប់ពីជាង 20,000 ដុល្លារអាម៉េរិក

    BYD បាន​បង្ហាញ​​ជា​ផ្លូវ​ការ​នូវ​រថយន្ត​អគ្គិសនី Seal DM-i តម្លៃ​ចាប់​ពី​​ 22,800 ដល់ 32,400 ដុល្លារ​អាម៉េរិក នៅ​ទីផ្សារ​ប្រទេស​ចិន​។

    រថយន្ត​អគ្គិសនី Seal DM-i គឺជា​សមាជិក​ថ្មី​ក្នុង​ត្រកូល​ Seal ហើយ​កំណែ​ plug-in hybrid នេះ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃទី 18 មេសា ជា​ថ្ងៃ​ដំបូង​នៃ​ពិព័រណ៍​រថយន្ត​សៀងហៃ​ ប៉ុន្តែ​ពេល​នោះ​វា​ត្រូវ​បាន​ហៅ​ថា Chaser 07។

    BYD បាន​ប្ដូរ​ឈ្មោះ Chaser 07 ទៅ​ជា Seal DM-i កាល​ពី​ថ្ងៃទី 14 កក្កដា ក្នុង​បំណង​ប្រើប្រាស់​ការ​ពេញ​និយម​របស់​Seal។

    BYD Seal ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គូប្រជែង​សំខាន់​របស់ Tesla Model 3 នៅ​ប្រទេស​ចិន​ នៅ​ពេល​បង្ហាញ​ខ្លួន​ក្នុង​ទី​ផ្សារ​នេះ​កាល​ពី​ថ្ងៃទី 29 កក្កដា​ 2022​។

    BYD កំពុង​ផ្គត់​ផ្គង់​រថយន្ត​ Seal DM-i ចំនួន​6 ម៉ូដែល​​។ Seal DM-i គឺជា​ម៉ូដែល​ sedan B+ ដែល​មាន​បណ្ដោយ​ ទទឹង​ និង​កម្ពស់ប្រវែង​​ជា​បន្ត​បន្ទាប់​គឺ​ 4,980 មម, 1,890 មម និង 1,495 មម ខណៈ​ប្រវែង​បណ្ដោយ​ជា​មូលដ្ឋាន​គឺ 2,900 មម។

    ម៉ាស៊ីន​របស់​រថយន្ត​ទាំង​នេះ​រួម​មាន​ពីរ​ជម្រើស​គឺ 1.5L និង 1.7T ដែល​ផ្ដល់​ថាមពល​ខ្លាំង​ជា​បន្ត​បន្ទាប់​គឺ 81 គីឡូវ៉ាត់ និង 102 គីឡូវ៉ាត់ រួមនឹង​កម្លាំង​រមួល​កង់​ 135 Nm និង 231 Nm។

    រថយន្ត​ទាំង​នេះ​ក៏​មាន​ម៉ូទ័រ​អគ្គិសនី​ពីរ​ជម្រើស​គឺកម្លាំង 145 សេះ និង 160 សេះ​។ ទាំង​ពីរ​ជម្រើស​នេះ​សុទ្ធ​តែ​មាន​កម្លាំង​រមួល​កង់​325 Nm។

  • ទួរប៊ីនខ្យល់​លើសមុទ្រ​ធំបំផុត​លើ​ពិភពលោក​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ការ​ផលិត​អគ្គិសនី

    ទួរប៊ីនខ្យល់​លើសមុទ្រ​ធំបំផុត​លើ​ពិភពលោក​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ការ​ផលិត​អគ្គិសនី

    ប្រព័ន្ធ​កង្ហារ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​លើ​សមុទ្រ​ដែល​មាន​ថាមពល 16 MW និង​​ជា​ផលិត​ផល​ក្នុងស្រុក​របស់​ប្រទេស​ចិន​ ដំណើរ​ការ​នៅ​លើ​សមុទ្រ​ខេត្ត Fujian បង្កើត​បាន​កំណត់ត្រា​ថ្មី​ស្ដី​ពី​ការ​ផលិត​អគ្គិសនី​ក្នុង​មួយ​ថ្ងៃ​ កាល​ពី​ថ្ងៃទី 01 កញ្ញា​ 2023​។

    យោង​តាម​ក្រុម​ហ៊ុនចិន CTGC ​ដែល​​គ្រប់​គ្រង​​​ទួរប៊ីន​ខាងលើ​ ប្រព័ន្ធ​កង្ហារ​លើសមុទ្រ​នេះ​ដំណើរ​ការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ផលិត​អគ្គិសនី​ក្នុងមួយ​ថ្ងៃ​បាន​រហូត​ដល់ 384,000 គីឡូវ៉ាតម៉ោង​ ស្មើ​នឹង​បរិមាណ​អគ្គិសនី​ដែល​​ប្រើ​ប្រាស់​​ក្នុង​មួយ​ថ្ងៃ​របស់​មនុស្ស​ជិត 170,000​ នាក់​។

    សូម​បញ្ជាក់​ថា បន្ទាប់​ពី​ត្រូវ​បាន​ដំឡើង​កាល​ពី​ចុង​ខែ​មិថុនា 2023 ទួរប៊ីនខ្យល់​ខាងលើ​ត្រូវ​បាន​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​អគ្គិសនី​ និង​ចាប់​ផ្ដើម​ផលិត​អគ្គិសនី​ពី​ថ្ងៃទី 19 កក្កដា​។

    តាម​ផែនការ​ ទួរប៊ីន​ខ្យល់​នេះ​នឹង​ផលិត​អគ្គិសនី​បាន​ជាង 66 លាន​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ឆ្នាំ​ ដែលនេះ​គឺ​​គ្រប់​គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​តម្រូវ​ការ​របស់​មនុស្ស​នៅ​ក្នុង​ 36,000 គ្រួ​សារ​ដែលក្នុង​មួយ​គ្រួសារ​​មាន​សមាជិក​បី​នាក់​។ ប្រព័ន្ធ​កង្ហារ​ផលិត​អគ្គិសនី​នេះ​មាន​ស្លាប​ចក្រ​ដែល​វិល​ក្នុង​ផ្ទៃ​ក្រឡា​ប្រហែល 50,000 ម៉ែត្រ​ការ៉េ ស្មើ​នឹង​ទីលាន​បាល់​ទាត់​ស្ដង់ដាចំនួន​ 7 បូក​ចូល​គ្នា​។

  • ព្រៃបុរាណ​ក្នុង​រណ្ដៅ​​ធម្មជាតិ​ខ្នាត​យក្ស​ជម្រៅ​រាប់​រយ​ម៉ែត្រ​នៅ​ប្រទេស​ចិន​

    ព្រៃបុរាណ​ក្នុង​រណ្ដៅ​​ធម្មជាតិ​ខ្នាត​យក្ស​ជម្រៅ​រាប់​រយ​ម៉ែត្រ​នៅ​ប្រទេស​ចិន​

    ព្រៃ​បុរាណ​​ដ៏ធំ​មួយ​ត្រូវ​បាន​រកឃើញ​​​​ក្នុង​រណ្ដៅ​ជម្រៅ​ជិត 200 ម៉ែត្រ​ ស្ថិត​ក្នុង​ឧស្យានភូមិ​សាស្ត្រ​សកល​​ Leye Fengshan របស់​ប្រទេស​ចិន​។

    ​ទំព័រ Mail កាល​ពី​ថ្ងៃទី 21 សីហា 2023 បាន​រាយការណ៍​ថា អ្នក​​ស្រាវជ្រាវ​មួយ​ក្រុម​បាន​ប្រទះ​ឃើញ​​ព្រៃ​បុរាណ​មួយក្នុង​ឧទ្យាន Leye Fengshan កាល​ពី​ខែ​ឧសភា​ 2022​។ ឧស្យានភូមិ​សាស្ត្រ​សកល Leye Fengshan​ (Leye Fengshan Global Geopark) ជា​ទី​ដែល​មាន​រណ្ដៅ​ធម្មជាតិ​​បុរាណ​ខាងលើ​​ ស្ថិត​ក្នុង​តំបន់​ស្វយ័ត​ជនជាតិ​ Zhuang Guangxi នៅ​​ភាគ​អាគ្នេយ៍​ប្រទេស​ចិន​។

    ការ​រកឃើញ​ខាងលើ​នេះ ធ្វើ​ឱ្យ​ចំនួន​រណ្ដៅ​ធម្មជាតិ​ខ្នាត​យក្ស​របស់​តំបន់​ ឧទ្យាន Leye Fengshan កើន​ឡើង​ដល់​ 30​។

    Zhang Yuanhai ដែល​ជា​វិស្វករ​នៅ​វិទ្យាស្ថាន​ភូគព្ភ​សាស្ត្រ​ថ្ម​កំបោរ​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ភូមិ​សាស្ត្រ​ចិន​ ឱ្យ​ដឹង​ថា តំបន់​ព្រៃ​ក្នុង​រណ្ដៅ​ធម្មជាតិ​ដែល​ទើប​ត្រូវ​បាន​រកឃើញ​នេះ ​ត្រូវ​បាន​ការ​ពារ​ទាំង​ស្រុង និង​មាន​រូង​​ភ្នំ​ចំនួន​បី​នៅ​ត្រង់​ជញ្ជាំង​រណ្ដៅ​។ រណ្ដៅ​ធម្មជាតិ​នេះ​មានបណ្ដោយ​​ប្រវែង 306 ម៉ែត្រ, ទទឹង 150 ម៉ែត្រ និង​ជម្រៅ 192 ម៉ែត្រ​។ ​រណ្ដៅ​នេះ​មាន​ចំណុះ​ឡើង​ដល់​ជាង 5 លាន​ម៉ែត្រគុប​ ស្ថិត​ក្នុង​ក្រុម​រណ្ដៅ​ធម្មជាតិ​ខ្នាត​យក្ស​។

    សមាជិក​ក្រុម​ស្រាវ​ជ្រាវ​ខាងលើ​ឱ្យ​ដឹង​ថា រុក្ខជាតិ​ដុះ​ដេរដាស​ខាង​ក្នុង​រណ្ដៅ​ និង​ដើម​ឈើ​បុរាណ​ដុះ​នៅ​បាត​រណ្ដៅ​មាន​កម្ពស់​ដល់​ជិត 40 ម៉ែត្រ​។ ដើម្បី​​ស្រាវ​ជ្រាវ​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ត្រូវ​ចុះ​ទៅ​កាន់​ជម្រៅ​ជាង 100 ម៉ែត្រ​ និង​ដើរ​ច្រើន​ម៉ោង​​មុន​នឹង​ទៅ​ដល់​មាត់​រណ្ដៅ​​។

    ទម្រង់​រូប​រាង​របស់​មាត់​រណ្ដៅ​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​ពន្លឺ​ព្រះ​អាទិត្យ​ចាំង​ចូល​ទៅ​ខាង​ក្នុង​ ជួយ​ឱ្យ​រុក្ខជាតិ​លូត​លាស់​បាន​ល្អ

    ឧទ្យាន​ភូមិសាស្ត្រ​កើត​ឡើង​ពី​ថ្ម​កំបោរ ក្នុង​នោះ​ រណ្ដៅ​កើត​ឡើង​ដោយ​សារ​ស្រទាប់​ថ្មខាងលើ​ត្រូវ​ទឹក​ក្រោម​ដី​បំផ្លាញ​។ ​ទម្រង់​រូប​រាង​របស់​មាត់​រណ្ដៅ​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​ពន្លឺ​ព្រះ​អាទិត្យ​ចាំង​ចូល​ទៅ​ខាង​ក្នុង​ ហើយ​តំបន់​ព្រៃ​ក្នុង​រណ្ដៅ​នេះ​អាច​​រីក​ចម្រើន​បន្ត​ទៀត​៕

  • ចម្លែក! នារី​ក្នុង​កុលសម្ព័ន្ធ​ស្បែ​កស​ស្រស់​ស្អាត​នៅ​ប្រទេស​ចិន មិន​រៀបការ​ជាមួយ​ជនជាតិ​ដទៃ តើ​ហេតុអ្វី?

    ចម្លែក! នារី​ក្នុង​កុលសម្ព័ន្ធ​ស្បែ​កស​ស្រស់​ស្អាត​នៅ​ប្រទេស​ចិន មិន​រៀបការ​ជាមួយ​ជនជាតិ​ដទៃ តើ​ហេតុអ្វី?

    នៅពេល​និយាយ​ដល់​ជនជាតិ​ស្បែ​កស យើង​តែ​នឹកឃើញ​ដល់​ជនជាតិ​អាម៉េរិក ឬ​អឺរ៉ុប។ល។ ប៉ុន្តែ រឿង​ដែល​ចម្លែក​គឺថា នៅ​ប្រទេស​ចិន ជា​ដែនដី​មួយ​ក្នុង​​ទ្វីបអាស៊ី​បែរជា​មាន​កុលសម្ព័ន្ធ​ស្បែ​កស​មួយ​ដែល​បង្ហាញ​វត្តមាន​រាប់ពាន់​ឆ្នាំ​មកហើយ។ នារីៗនៅក្នុង​កុលសម្ព័ន្ធ​នេះ មាន​សម្រស់​ស្រស់ស្អាត​ជាង​ជនជាតិ​ដទៃ​មួយ​ចំនួន​។

    ជនជាតិ​ស្បែ​កស​ខាងលើនេះ​មានឈ្មោះ​ថា Tajik រស់​នៅលើ​ជួរ​ភ្នំ Pamirs ជាទី​ដែល​ត្រូវបាន​ចាត់ទុកថាជាដំបូលផ្ទះ​ពិភពលោក។ យោងតាម​ស្ថិតិ​ពី​រដ្ឋាភិបាល​ចិន ជនជាតិ Tajik នេះ ​មាន​​ប្រហែល​ជាង 50,000 នាក់​ប៉ុណ្ណោះ។

    ក្រៅ​ពីលើ​ភ្នំ Pamirs ជនជាតិ Tajik ក៏​រស់នៅ​ប្រមូល​ផ្ដុំគ្នា​នៅ​ស្រុក​ស្វយ័ត​ជនជាតិ Tajik Tashkurgan, Kashgar (ឬ Kashi), តំបន់​ស្វយ័ត Xinjiang។

    ជនជាតិ Tajik បរិភោគ​គ្រាប់​ធញ្ញជាតិ​ច្រើន​ប្រភេទ រួម​នឹង​សាច់​អាំង នំ​ផេ​ន​ខេ​ក និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ បន្លែ។ល។ ហើយ​ពួកគេ​ក៏​ចូលចិត្ត​ផឹក​តែ​ផងដែរ។

    សម្រស់​របស់​ជនជាតិ​ស្បែ​កស Tajik នៅ​ប្រទេស​ចិន មាន​ចំណុច​ពិសេស​របស់​ជនជាតិ​អឺរ៉ុប ដោយមាន​ថ្កាស​ខ្ពស់ ស្បែក​ពណ៌​អូ​លីវ (លឿង​ច្រើនជាង​ក្រហម) ភ្នែក​ធំ ក្រហូង​ភ្នែក​ជ្រៅ និង​ក្ដោង​ច្រមុះ​ដ៏​ទាក់ទាញ។

    អំពី​ទំនៀមទម្លាប់​ក្នុង​គ្រួសារ​ជនជាតិ Tajik

    ឪពុកម្ដាយចាស់ៗមាន​ទំនោរ​លើកស្ទួយ​កូនប្រុស​ជាង​កូនស្រី។ ដូច្នេះ ដើម្បី​អាចបន្ត​វត្តមាន និង​រីកចម្រើន នារី​ជនជាតិ Tajik ត្រូវឆ្លង​កាត់​ឧបសគ្គ និង​​សម្ពាធយ៉ាង​ច្រើន។

    នារី​ជនជាតិ​ស្បែ​កស Tajik មាន​សម្រស់​ប្រហាក់ប្រហែល​នឹង​ជនជាតិ​អឺរ៉ុប ដូច្នេះ​ពួកគេ​តែង​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​សាធារណជន។ ក៏ប៉ុន្តែ ជនជាតិ​នេះ​​មានច្បាប់​បុរាណ​ដែល​មិនបាន​ចារ​លើ​ក្រដាស​មួយ​ដ៏​សំខាន់ សម្រាប់​ការ​អនុវត្ត​ចំពោះ​នារី​ភេទ នោះ​គឺ​កូនក្រមុំ​ជនជាតិ​នេះ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​រៀបការ​នឹង​ជនជាតិ​ដទៃ។

    មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ច្បាប់​បុរាណ​ខាងលើ​ នោះ​គឺ​ថា ជនជាតិ Tajik ចង់​រក្សា​ឈាមជ័រ ពូជសាសន៍​របស់​ខ្លួន​​ឱ្យនៅ «បរិសុទ្ធ» ដោយ​មិន​ត្រូវបាន​លាយឡំ​នឹង​ពូជសាសន៍​ដទៃ៕