Tag: ប្រកួត

  • Daihatsu ងាក​ទៅ​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ទាប

    Daihatsu ងាក​ទៅ​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ទាប

    ទំព័រ Automotive News ឱ្យ​ដឹង​ថា Daihatsu ដែល​ជា​អ្នក​រចនា និង​ផលិត​រថយន្ត​ខ្នាត​តូច​ឱ្យ​ Toyota ទើប​តែ​បាន​ប្រកាស​ថា នឹង​ងាក​ទៅ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​ធុន​តូច​។

    ប្រទេស​ជប៉ុន ដែល​ជា​ទីផ្សារ​ក្នុង​ស្រុក​របស់ Daihatsu មាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ការ​ប្រើ​ប្រាស់រថយន្ត​ធុន​តូច​សម្រាប់​ទីក្រុង​ ព្រោះ​តែ​វា​មាន​តម្លៃ​ទាប និង​ងាយ​ស្រួល​ចត​។

    ក៏ប៉ុន្តែ Daihatsu និង​ក្រុម​ហ៊ុន​មេ Toyota ទើប​តែ​បាន​ចាប់​ផ្ដើម​ចូល​ប្រកួត​ក្នុង​ទីផ្សារ​នេះ​ ខណៈ​ដែល​គូ​ប្រជែង​នានា មាន​ដូច​ជា Nissan, Mitsubishi និង Honda ជា​ដើម សុទ្ធ​តែ​កំពុងស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​ mini។

  • អាម៉េរិក​ព្រមាន​ថា ចិន​លក់​បង្ខូច​តម្លៃ​រថយន្ត​អគ្គិសនី​

    អាម៉េរិក​ព្រមាន​ថា ចិន​លក់​បង្ខូច​តម្លៃ​រថយន្ត​អគ្គិសនី​

    រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាម៉េរិក យល់​ថា ប្រទេស​ចិន​អាច​លក់​ផលិត​ផលអគ្គិសនី​​លើស​តម្រូវ​ការ​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អាម៉េរិក​។

    ក្នុង​ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាងមុខ លោកស្រី Yellen នឹង​ពិភាក្សា​បញ្ហា​ខាងលើ​ជាមួយ​នឹង​ក្រុមមន្ត្រី​ចិន​។ ប្រការ​នេះ​កើត​ឡើង​ក្នុង​គ្រា​ដែល​អាម៉េរិក​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ថាមពល​បៃតង​ ប៉ុន្តែ​នៅ​តែ​តាម​មិន​ទាន់​ប្រទេស​ចិន​។

    ភាព​តាន​តឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ និង​ចិន​ បន្ត​ជា​ឧបសគ្គ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​។ បើ​ទោះជា​ប្រធានាធិបតី​ បៃដិន បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​មេដឹក​នាំចិន​ លោក​ ស៊ី​ ជីនពីង កាល​ពី​ខែវិច្ឆិកា 2023 ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​ជាតិ​នា​ពេល​ថ្មី​ៗ​នេះ​ ដែល​ជាប់ទាក់​ទង​នឹង​រថយន្ត​អគ្គិសនី​ឆ្លាត​វៃ​ចិន បង្ហាញ​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​ឧបសគ្គ​នៅ​ឡើយ​។

    រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាម៉េរិក លោក​ស្រី Janet Yellen ជឿ​ថា ប្រទេស​ចិន​អាច​នាំ​ចេញ​​ផលិត​ផល​​ទាក់​ទង​នឹង​អគ្គិសនី​បៃតង​​ដែល​លើស​តម្រូវ​ការ​របស់​ខ្លួន ទៅកាន់​ប្រទេស​នានា​ ដោយ​លក់​​​ក្នុង​តម្លៃ​ទាបខ្លាំង។ ប្រការ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ ក៏​ដូច​ជា​បណ្ដា​ប្រទេសលើពិភពលោក ​ពិបាក​ប្រកួត​ប្រជែង​ ហើយ​ត្រូវ​ខាត​បង់​ផល​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​។

  • Honda សហការជាមួយ Nissan ដើម្បីផលិតរថយន្តអគ្គិសនីតម្លៃទាប

    Honda សហការជាមួយ Nissan ដើម្បីផលិតរថយន្តអគ្គិសនីតម្លៃទាប

    Nissan ត្រូវ​បាន​គេ​ជឿ​ថា កំពុង​ពិចារណា​លើ​ការ​ចាប់​ដៃ​ជាមួយ​ Honda ដើម្បី​អាច​អភិវឌ្ឍ​ថ្នាល​បច្ចេកវិទ្យា​ EV រួម​។ នេះ​បើ​តាម Nikkei Asia ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​ Nissan។

    បច្ចុប្បន្ន Honda Motor មាន​រថយន្ត​អគ្គិសនី​ពីរ​ម៉ូដែល​ ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​សហរដ្ឋ​អាម៉េរិក នោះ​គឺ Honda Prologue និង Acura ZDX។ រថយន្ត​ទាំង​ពីរ​ម៉ូដែល​នេះ គឺជា​សមិទ្ធផល​នៃ​កិច្ច​សហការ​រវាងក្រុម​ហ៊ុន​ជប៉ុន Honda និង​ក្រុម​ហ៊ុន​អាម៉េរិក General Motors។

    ពេល​នេះ Honda អាច​សហការ​ជាមួយ​ដៃគូ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ដែល​កាន់​តែ​ធូរ​ថ្លៃ​ជាង​មុន​។ ក៏ប៉ុន្តែ Nikkei ចេញ​ផ្សាយ​ថា​ ការពិភាក្សា​ផ្ទៃ​ក្នុង​របស់​ Nissan កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​ ខណៈ​ដែល​ការ​យល់​ឃើញ​របស់​ Honda ទាក់​ទិន​នឹង​កិច្ច​សហការ​នេះ មិន​ទាន់​ច្បាស់​លាស់​។

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រភព​ព័ត៌មាន​របស់ Nikkei ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ Honda និង Nissan អាច​ចាប់​ដៃ​គ្នា​ដើម្បី​ប្រកួត​ប្រជែង​នឹង​ក្រុម​ហ៊ុន​ចិន BYD ដែល​កំពុង​ធ្វើ​ព្យុះ​ បង្ក​ភ្លៀង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​លើពិភពលោក​៕

  • រ៉ុក្កែត​ Space One របស់​ជប៉ុន ផ្ទុះ​ខ្ទេច​ ពេល​ទើប​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ

    រ៉ុក្កែត​ Space One របស់​ជប៉ុន ផ្ទុះ​ខ្ទេច​ ពេល​ទើប​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ

    ការ​បាញ់បង្ហោះ​រ៉ុក្កែត​ជាលើក​ដំបូង​របស់​ Space One ដែល​ជា​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​ទទួល​បរាជ័យ​ នៅ​ពេល​រ៉ុក្កែត​ផ្ទុះ​ ខណៈទើប​​ហោះ​ឡើង​ពី​ជើង​ទ្រ​។

    កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា ក្រុម​ហ៊ុន​អវកាស​ជប៉ុន បាន​បាញ់​បង្ហោះ​រ៉ុក្កែត​មួយ​គ្រឿង​ដែល​មាន​ឈ្មោះ​ថា KAIROS លេខ​ 1 ដើម្បី​នាំ​យក​ផ្កាយ​រណប​សិប្បនិម្មិត​ទៅ​កាន់​គន្លង​គោចរ​។

    បើ​សិន​បាន​ឆ្លង​ផុត​ឧបសគ្គ​នេះ Space One នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​ឯកជន​ដំបូង​គេ​របស់​ជប៉ុន ដែល​បាញ់បង្ហោះ​រ៉ុក្កែត​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ដោយ​ជោគ​ជ័យ​។

    នៅ​ក្នុង​​ដំណាក់​កាល​ត្រៀម​​ ក្រុម​ការ​ងារ​មិន​បាន​រកឃើញ​បញ្ហាណា​មួយ​ឡើយ​។ រ៉ុក្កែត​ដែល​មាន​ 4 ជាន់ ​ប្រវែង 18 ម៉ែត្រ និង​ទម្ងន់ 23 តោន របស់ Space One ក៏​ហោះ​ឡើង​ត្រូវ​ទៅ​តាម​ការ​គ្រោង​ទុក​ នៅ​វេលា​ម៉ោង 11:01 (ម៉ោង​នៅ​ប្រទេស​ជប៉ុន​)។

    ក៏ប៉ុន្តែ រ៉ុក្កែត​បាន​ផ្ទុះ​ បន្ទាប់ពី​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ​បាន​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ បំណែក​ខ្លះ​របស់​វា​បាន​ធ្លាក់​ទៅ​លើ​ភ្នំ​នៅ​ក្បែរ​នោះ ចំណែក​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​សមុទ្រ​។

    នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​បរាជ័យ​ដ៏ធំ​មួយ​សម្រាប់​ការ​ប្រឹង​ប្រែង​របស់​ជប៉ុន ដើម្បី​ចូល​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​បាញ់​បង្ហោះ​ផ្កាយ​រណប ​ដែល​មាន​សក្តានុពល​ក្នុង​ការ​រក​ផល​ចំណេញ​។

     

  • BYD កំពុង «​រំដោះ​ទីផ្សារ» ​ពី​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង

    BYD កំពុង «​រំដោះ​ទីផ្សារ» ​ពី​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង

    របាយការណ៍​ថ្មី​មួ​យ​បាន​ប្រកាស​ថា ថ្នាល​បច្ចេកវិទ្យា​ EV ថ្មី​ របស់​ក្រុម​ហ៊ុន​ចិន​ BYD នឹង​កាត់បន្ថយ​ការ​ចំណាយ​បន្ថែម​ទៀត នៅ​ពេល​ក្រុម​ហ៊ុន​នេះ​ចាប់​ផ្ដើម​ «សង្គ្រាម​រំដោះ» ប្រឆាំង​នឹង​រថយន្ត​ប្រើ​សាំង​។

    ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​ Tesla ដើម្បី​ក្លាយ​ជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ធំ​ជាង​គេ​លើ​ពិភពលោក​នៅ​ក្នុង​រយៈ​ពេល​ 3 ខែ​ចុង​ឆ្នាំ 2023 ក្រុម​ហ៊ុន​ BYD ក៏​​ប្រកាស​ថា Tesla មិន​មែនជា​គូប្រជែង​។

    BYD បាន​បង្កើត​សង្គ្រាម​តម្លៃ​ជាមួយ​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង (ICE) កាល​ពី​ខែ​កន្លង​ ដោយ​បង្ហាញ​វត្តមាន​រថយន្ត​អគ្គិសនី​ Qin Plus EV និង PHEV ថ្មី​។ ចាប់​ផ្ដើម​ពី​តម្លៃ 15,200 ដុល្លារ​អាម៉េរិក រថយន្ត​អគ្គិសនី​ថ្មី​របស់​ BYD បើក​ទំព័រ​ថ្មី​សម្រាប់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​ជាងរថយន្ត ICE។

    ជាង​នេះ កំណែ​ DM-I (PHEV) ថែម​ទាំង​មាន​តម្លៃ​ទាប​ជាង​ ពោល​គឺ​ចាប់​ពី​ប្រហែល​ 11,000 ដុល្លារ​ ដោយ​ប្រើ​ប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​ដែល​អាច​ឱ្យ​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ 120 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ​។

    Qin Plus ដែល​ដំណើរ​ការ​ដោយ​អគ្គិសនីពី​ថ្ម​ 48 kWh ឬ​ 57.6 kWh អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​រហូត​ដល់ 420 គីឡូម៉ែត្រ និង 510 គីឡូម៉ែត្រ​។

    យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់ 36kr ក្រុម​ហ៊ុន​ BYD នឹង​ប្រើប្រាស់​រាល់​ចំណុច​ខ្លាំងផ្នែក​បច្ចេកវិទ្យា​​របស់​ខ្លួន​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​រថយន្ត​សាំង​ នៅ​ 3 ឆ្នាំ​ខាង​មុខ​។

    ប្រព័ន្ធ DM-I ជំនាន់​បន្ទាប់​របស់ BYD នឹង​អនុញ្ញាត​ឱ្យរថយន្ត​ប្រភេទ​ PHEV ធ្វើដំណើរ​បាន​រយៈ​ចម្ងាយ​ជាង 2,000 គីឡូម៉ែត្រ។ ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​រថយន្ត​សាំង​ពិបាក​ប្រកួត​ប្រជែង​។

    យោង​តាម Electrek គោល​ដៅ​ចម្បង​របស់ BYD គឺ​ការ​ដណ្ដើម​យក​ចំណែក​ទីផ្សារ​ពី​រថយន្ត​ដំណើរ​ការ​ដោយ​ប្រេង​សាំង​ ក្នុង​រង្វង់​ 3 ឆ្នាំ​ខាង​មុខ​៕

  • TikTok ជិត​បង្ហាញវត្តមាន TikTok Photos ដែល​ជា​អែប​ចែក​រំលែក​រូប​ថត​ដាច់​ដោយ​ឡែក

    TikTok ជិត​បង្ហាញវត្តមាន TikTok Photos ដែល​ជា​អែប​ចែក​រំលែក​រូប​ថត​ដាច់​ដោយ​ឡែក

    ថ្មី​ៗ​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​ម្នាក់​ដែល​មាន​គណនី​ X ឈ្មោះ @AssembleDebug បាន​រក​ឃើញ​កូដ​អាថ៌កំបាំង​ ដែល​ណែនាំ​អំពី​កម្មវិធី​ថ្មី​មួយ​មាន​ឈ្មោះ​ថា «TikTok Photos» គ្រា​ដែល​កំពុង​បក​ស្រាយ​​កូដ​កំណែ​បន្ទាន់​សម័យ​ TikTok ថ្មី​បំផុត​។ ប្រការ​នេះ​បង្ហាញ​ថា TikTok ទំនង​ជា​កំពុង​ត្រៀម​បង្ហាញ​វត្តមាន​ អែប​ចែក​រំលែក​រូបថត​ដាច់ដោយ​ឡែក​។

    ព័ត៌មាន​លម្អិត​អំពី​ការ​បង្ហាញ​វត្តមាន​ និង​ប្រសិទ្ធភាព​របស់​ អែប​ អាថ៌កំបាំង​នេះ​ ត្រូវ​បាន​ TikTok រក្សា​ការ​សម្ងាត់​។ ក៏ប៉ុន្តែ ការ​វិភាគ​ទៅ​លើ​ហ្វាល APK បង្ហាញ​ថា បណ្ដា​កូដ​ដែល​មាន​ដូច​ជា «បើក​ TikTok Photos» ឬ «ចែក​រំលែក​ទៅ​កាន់​ TikTok Photos» ជា​ដើម បាន​បញ្ជាក់​ថា អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​សមកាលកម្ម​បណ្ដា​អត្ថបទ​ រូបថត​​ដែល​បាន​បង្ហោះ​បច្ចុប្បន្ន​ពី​ TikTok ជាមួយ​នឹង​ TikTok Photos ក្នុង​​ក្របខណ្ឌ​មាន​ជម្រើស​។

    បច្ចុប្បន្ន​ TikTok គឺជា​បណ្ដាញ​សង្គម​ចែក​រំលែក​វីដេអូ​ដ៏​ធំមួយ​ ហើយ​វា​ក៏អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​រូប​ថត​បែប​វីដេអូ​ ឬ​រូប​ដែល​បញ្ចូល​ចម្រៀង​ផងដែរ​។

    ការ​បង្ហាញ​វត្តមាន​របស់ TikTok Photos បង្ហាញ​ថា បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​ចិន Bytedance កំពុង​ឆ្ពោះ​ទៅ រក​ការ​​ប្រកួត​ប្រជែង​ជាមួយ​នឹង​ Instagram របស់​ក្រុម​ហ៊ុន​អាម៉េរិក​ Meta។

  • ក្រសួងពាណិជ្ជកម្ម៖ ​មន្ត្រីជំនាញរាប់​សិប​នាក់​នឹង​ចាំ​​ឆ្លើយ​សំណួរ​​របស់​​សាធារណជន​​តាម​ទូរស័ព្ទ

    ក្រសួងពាណិជ្ជកម្ម៖ ​មន្ត្រីជំនាញរាប់​សិប​នាក់​នឹង​ចាំ​​ឆ្លើយ​សំណួរ​​របស់​​សាធារណជន​​តាម​ទូរស័ព្ទ

    ក្រសួងពាណិជ្ជកម្ម នឹងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធទទួលទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ 1266 ដោយ​មាន​មន្ត្រី​ជំនាញ​ចំនួន 60 នាក់ ដើម្បីឆ្លើយតបនឹង​ចម្ងល់ ឬបញ្ហានានា ក្នុងពេលឆាប់ៗខាងមុខ។

    កាល​ពី​រសៀល​ថ្ងៃទី 04 ខែ​មីនា ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ថា ប្រព័ន្ធទូរស័ព្ទសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ1266 នឹងក្លាយទៅជាភ្នាក់ងារ Call Center ក្នុងការឆ្លើយតបរាល់ចម្ងល់ ឬបញ្ហានានា ដោយបងប្អូនគ្រាន់តែចុចលេខ 1266  ភ្នាក់ងារស្វ័យប្រវត្តនឹងទទួលការ​ហៅ​ចូលដោយឥតគិតថ្លៃ និងស្នើជ្រើសរើសភាសា ក្នុង​នោះ លេខ 1 គឺជា​ភាសាខ្មែរ និង​លេខ 2 គឺ​ជា​ភាសាអង់គ្លេស។

    បន្ទាប់ពីនេះ ភ្នាក់ងារស្វ័យប្រវត្តិនឹងណែនាំបញ្ជីព័ត៌មាន និងលេខបណ្ដាញតភ្ជាប់ ដែលសាធារណៈជនអាចភ្ជាប់ និងធ្វើការសន្ទនាជាមួយភ្នាក់ងារទទួលព័ត៌មានរបស់​ក្រសួង​ដោយ​ផ្ទាល់។ បណ្ដាញតភ្ជាប់ទៅកាន់ព័ត៌មានសំខាន់ៗ មានដូចខាងក្រោម៖

    – លេខ (1) សម្រាប់ព័ត៌មានទូទៅ

    – លេខ (2) សម្រាប់ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម

    – លេខ (3) សម្រាប់ព័ត៌មានអំពីការចុះបញ្ជីម៉ាក

    – លេខ (4) សម្រាប់ព័ត៌មានអំពីការនាំចេញ-នាំចូលទំនិញ ឬ CO

    – លេខ (5) សម្រាប់ព័ត៌មានអំពីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)

    – លេខ (6) សម្រាប់ព័ត៌មានអំពីសេវាពាណិជ្ជកម្មផ្សេងៗរបស់ក្រសួងពាណិជ្ជកម្ម ដូចជាប្រតិបត្តិការដែលមានកិច្ចធានា និងព័ត៌មានអំពីការតាំងពិព័រណ៌។

    មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតប នៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង 8 ព្រឹក ដល់ម៉ោង 5 រសៀល។

  • ថៃ​ត្រៀម​ខ្លួន​ទទួល​ក្រុម​ហ៊ុន Tesla មក​បង្កើត​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​

    ថៃ​ត្រៀម​ខ្លួន​ទទួល​ក្រុម​ហ៊ុន Tesla មក​បង្កើត​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​

    Tesla ត្រូវ​បាន​គេ​ជឿ​ថា កំពុង​មាន​គម្រោង​ប្រកាស​ទីតាំង​បង្កើត​រោង​ចក្រ​ថ្មី​នៅ​ចុង​ឆ្នាំ​ 2024 ស្រប​ពេល​ដែល​មន្ត្រី​រាជ​រដ្ឋាភិបាលថៃ​​ឱ្យ​ដឹង​ថា Tesla កំពុង​កំពុង​ចរចា​ជាមួយ​អាជ្ញាធរ​ថៃ​ ដើម្បី​បង្កើត​រោង​ចក្រ​មួយ​នៅ​ប្រទេស​នេះ​។

    កាល​ពី​សប្ដាហ៍​កន្លង អាជ្ញាធរអ៊ីតាលី​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​ចរចា​ជាមួយ​ Tesla អំពី​គម្រោង​បង្កើត​រោង​ចក្រ​មួយ​ដែល​មាន​សក្ដានុពល​។ ប៉ុន្តែ​ពេល​នេះ ថៃ​បាន​វិល​ត្រលប់ចូលមក​​ប្រកួត​ប្រជែង​ ដណ្ដើម​ចំណាប់​អារម្មណ៍​ពី​អ៊ីតាលី។ Reuters រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ថៃកំពុង​ធ្វើរបាយការណ៍​ស្ដី​ពី​កិច្ច​ចរចា​ជាមួយ​ Tesla ក្នុង​នោះ​រួម​មាន​ទាំង​ការ​ពិនិត្យ​ទីតាំង​របស់​ក្រុម​ហ៊ុន​នេះ​នៅ​ក្នុង​តំបន់​ផងដែរ​។

    Tesla ទើប​តែ​ចាប់​ផ្ដើម​សកម្មភាព​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ​ ដោយ​ការ​បើក​ឱ្យ​បញ្ជា​ទិញ​​រថយន្ត​អគ្គិសនី​ចាប់​ពី​ចុង​ឆ្នាំ​ 2022​ និង​ចាប់​ផ្ដើម​ប្រគល់​ទំនិញ​កាល​ពី​ឆ្នាំ​កន្លង​។

    យោង​តាម Electrek កន្លង​មក Tesla ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ស្វែង​រក​ដី​ទំហំ​ 320 ហិកតា ដើម្បី​ធ្វើ​ជា​ទីតាំង​ផលិត​រថយន្ត​អគ្គិសនី​៕

  • ក្រុម​ហ៊ុន​ Kawasaki បង្ហាញ​ម៉ូតូ​អគ្គិសនីទំនើប​​មួយ​គូ

    ក្រុម​ហ៊ុន​ Kawasaki បង្ហាញ​ម៉ូតូ​អគ្គិសនីទំនើប​​មួយ​គូ

    Kawasaki Ninja E-1 និង Z E-1 2024 សុទ្ធ​តែ​ត្រូវ​បាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ប្រភេទ​សន្សំ​សំចៃ​ថាមពល​ និង​មាន​អានុភាព​ខ្លាំង​ក្លា​ ជួយ​ឱ្យ​យាន​ជំនិះ​ឆ្លើយ​តប​បាន​លឿន​ ក៏ដូច​ជា​មាន​ភាព​បត់​បែប​ខ្ពស់​នៅ​ក្នុង​ការ​ធ្វើដំណើរ​ក្នុង​ទីក្រុង​។

    ការ​បញ្ចូល​ថាមពល​ថ្ម​ក៏​មាន​ភាព​ងាយស្រួល​ជាង​ពេល​ណា​ទាំង​អស់ ក្នុង​នោះ​ការ​សាក​ថ្ម​ និង​ការ​ដោះ​ថ្ម​ពី​ម៉ូតូ​ ក៏​ស៊ី​ពេល​តិច​។ ដោយ​មាន​មុខ​ងារ​ហ្វ្រាំង​បង្កើត​ថាមពល​ឆ្លាត​វៃ នៅ​ពេល​បន្ថយ​ល្បឿន​ម្ដង​ៗ​គឺ​សុទ្ធ​តែ​ជា​ឱកាស​សម្រាប់​ការ​បង្កើត​ថាមពល​សម្រាប់​ថ្ម​ ជួយ​បង្កើន​រយៈ​ចម្ងាយ​នៃ​ការ​ធ្វើ​ដំណើរ​ និង​សន្សំ​សំចៃ​ថាមពល​។

    ម៉ូតូ​អគ្គិសនី Kawasaki Ninja E-1 និង Z E-1 2024 ក៏សុទ្ធតែ​បំពាក់​អេក្រង់​ TFT 4.3 អ៊ិញ និង​មាន​ Bluetooth ជួយ​ឱ្យ​ម្ចាស់​ និង​ម៉ូតូ​ភ្ជាប់​ទំនាក់​ទំនង​នឹង​គ្នា​ ដើម្បី​ប្រើ​ប្រាស់​បណ្ដាមុខ​ងារ​ទំនើប​នៅលើ​យាន​ជំនិះ​នេះ​។

    Kawasaki Ninja E-1 និង Z E-1 2024 ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ថា មាន​តម្លៃ​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង​ខ្ពស់​ បើ​ទោះ​មិន​ទាន់​ឱ្យ​ដឹង​តួលេខ​ច្បាស់​លាស់​៕

  • យុទ្ធសាស្ត្រ «​​លើកលែង​ទិដ្ឋាការ» របស់​​ថៃ និង​សិង្ហបុរី ​អូស​ទាញភ្ញៀវ​ចិន​បាន​ច្រើន​ជាង​មុន

    យុទ្ធសាស្ត្រ «​​លើកលែង​ទិដ្ឋាការ» របស់​​ថៃ និង​សិង្ហបុរី ​អូស​ទាញភ្ញៀវ​ចិន​បាន​ច្រើន​ជាង​មុន

    ដោយ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​លើក​លែង​ទិដ្ឋាការ (visa) ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​តែ​ក្លាយ​ជា​ជម្រើស​ដំបូង​របស់​ទេសចរ​ចិន​។

    នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិនឆ្នាំ​នេះ ទេសចរ​ចិន​ត្រូវ​គិត​គូរ​ដល់​កត្តា​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ភូមិសាស្ត្រ គោលនយោបាយ​ និង​ការ​ចំណាយ​ផ្សេង​ៗ​​។ ចំពោះ​បញ្ហា​ទាំង​នេះ តំបន់​ទេសចរណ៍​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា​អូស្ត្រាលី​ជា​ដើម មិន​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​នឹង​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ទេសចរណ៍ និង​ទិន្នន័យ​របស់​ Reuters។

    អូស្ត្រាលី​ធ្លាប់​ជា «ដែក​ឆក់» ចំពោះ​ភ្ញៀវ​ពី​ប្រទេស​ចិន​។ ក៏ប៉ុន្តែ លក្ខខណ្ឌ​នៃ​ទិដ្ឋាការ​បាន​កាត់​បន្ថយ​ភាព​ទាក់​ទាញ​របស់​ប្រទេស​នេះ​។ ផ្ទុយ​ទៅវិញ ប្រទេស​មួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍ ដូច​ជា​ សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ ជា​ដើម បាន​ប្រើ​ប្រាស់​កត្តា​តម្លៃ​ទាប​ជាង ក៏ដូច​ជា​គោលនយោបាយ​បន្ធូរ​បន្ថយ​ទិដ្ឋាការ​ ដើម្បី​អូស​ទាញ​ភ្ញៀវ​ពី​ប្រទេស​ចិន​។

    លោក John Nee ប្រធាន​ក្រុម​ហ៊ុន​ទេសចរណ៍​ Easy Going នៅ​តំបន់​ Perth ភាគ​ខាង​លិច​របស់​អូស្ត្រាលី បាន​ទទួលស្គាល់​អំពី​បរាជ័យ​របស់​អូស្ត្រាលី​នៅ​ចំពោះមុខ​អាស៊ី​អាគ្នេយ៍។ លោក​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​កន្លង ក្រុម​ហ៊ុន​របស់​លោក​បាន​ងើប​ឡើង​វិញ​ត្រឹម​តែ​ 40% ប៉ុណ្ណោះ​ បើ​ធៀប​នឹង​ដំណាក់​កាល​មុន​កូវីដ-19​។ ផ្ទុយ​ទៅវិញ សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ បាន​ឃើញ​កំណើន​ភ្ញៀវ​បរទេស និង​ការ​ចំណាយ​ច្រើន​ជាង​ បើ​ធៀប​នឹង​ដំណាក់​កាល​មុន​វិបត្តិ​សុខភាព​សកល​ទៅ​ទៀត​។

    «គោលនយោបាយ​លើក​លែង​ទិដ្ឋាការ​របស់​ប្រទេស​ថៃ និង​សិង្ហបុរី​ ទាក់​ទាញ​ភ្ញៀវ​បាន​ច្រើន​ ហើយ​ខ្ញុំ​គិត​ថា ប្រការ​នោះ​បាន​ជួយ​អូស​ទាញ​ភ្ញៀវ​ចិន​ឱ្យ​ចេញ​ផុត​ពី​ប្រទេស​អូស្ត្រាលី» លោក John Nee អះអាង​ដូច្នេះ​។

    នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ ភ្ញៀវ​ចិន​រួមចំណែក​ 26% ធៀប​នឹង​ភ្ញៀវ​បរទេស​សរុប​ដែល​មក​លេង​ប្រទេស​អូស្ត្រាលី​។ តួលេខ​នេះ​ទាប​ខ្លាំង បើ​ធៀប​នឹង​ជាង 50% កាល​ពី​ដំណាក់​កាល​មុន​កូវីដ-19 ឆ្នាំ 2019​។

    បណ្ដា​ក្រុម​ហ៊ុន​ទេសចរណ៍​ក្នុង​ប្រទេស​អូស្ត្រាលី រក​បាន​​ប្រាក់​ចំណូល​ទាប​ជាង​ 50% បើ​ធៀប​នឹង​ឆ្នាំ 2019​៕