Tag: បុរស

  • ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 1)

    ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 1)

    ការសម្រេចចិត្តមានគភ៌(យកបុត្រ)គឺជារឿងមួយដែលស្រ្តីទាំងឡាយបានគិតគូរ ពិចារណា និងថែមទាំងបានពិភាក្សាជាមួយគូជីវិត(ស្វាមី)យ៉ាងល្អិតល្អន់ច្បាស់លាស់ហើយទៀតផង។ ដូច្នេះខាងក្រោមតទៅនេះគឺជាចំណេះដឹងល្អៗដែលស្រ្តីទាំងឡាយគួរតែបានដឹងទុកជាចំណេះដឹងដើម្បីដំណើរជីវិតឱ្យបានល្អក្នុងអំឡុងពេលតាំងគភ៌(រយៈពេល 9ខែ) ព្រោះថា នៅពេលស្រ្តីមានគភ៌មានសុខភាពល្អទាំងកាយ និងចិត្តនោះ កូនសម្លាញ់ដែលនៅក្នុងផ្ទៃក៏នឹងមានសុខភាពល្អដូចគ្នាដែរ។

    1 . ស្រ្តីធាត់ ប៉ះពាល់ផ្លូវចិត្តទារក

    ការតាមដានលទ្ធផលថយទៅក្រោយវិញនៅលើមនុស្សចំនួន 2,303នាក់ដែលមានអាយុជាមធ្យម 20ឆ្នាំ និងមានបុរសជិតពាក់កណ្ដាលនោះ បានរកឃើញថា បន្ទាប់ពីកាត់ឥទ្ធិពលរឿងអាយុរបស់ម្ដាយ ការសិក្សា និងប្រាក់ចំណូល សភាវជ្រៀតជ្រែកនៅពេលប្រសូតចេញហើយ ការដែលពួកគេមានម្ដាយធាត់ ឬមានទម្ងន់ខ្លួនលើសពីកំណត់កម្រិតមុនពេលតាំងគភ៌នោះ បានបង្កើនភាពប្រថុយប្រថានដល់កូនដែលអាចនឹងមានអាការគិត ឬធ្វើអ្វីផ្ដេសផ្ដាស់នៅពេលមានអាយុ 20ឆ្នាំឡើង រហូតដល់ទៅ 54%ឯណោះ។

    យន្តការដែលនៅពីក្រោយសម្ព័ន្ធភាពនេះនៅមិនទាន់ប្រាកដច្បាស់នៅឡើយ តែអាចនឹងពាក់ព័ន្ធនឹងការដែលពួកគេមានម្ដាយធាត់ហើយបង្កើនភាពប្រថុយប្រថានដល់សភាវជ្រៀតជ្រែកនៅពេលកើត ជំងឺពាក់ព័ន្ធនឹងមេតាបូលីហ្ស៊ឹម និងម៉ូលីគុលដែលពាក់ព័ន្ធជាមួយការក្លាយរលាក ជាដើម។ ដូច្នេះហើយទើបការត្រៀមខ្លួនធ្វើជាអ្នកម្ដាយ ត្រូវចាប់ផ្ដើមតាំងពីពេលមុនតាំងគភ៌ឯណោះ ហើយភោជនាហារក៏រាប់ថាជាបច្ច័យមួយដែលនឹងនាំឆ្ពោះទៅរកការតាំងគភ៌ដែលទទួលបានជោគជ័យដែរ។

    2 . តើអាយុមានផលប៉ះពាល់ដល់ការតាំងគភ៌មែនឬ?

    សំណួរ ៈ តើអាយុមានផលប៉ះពាល់ដល់ការតាំងគភ៌មែនឬ? តើអ្វីដែលគេតែងនិយាយថា បើមានកូនពេលអាយុច្រើន កូនប្រសូតចេញមកហើយអាចនឹងមានសតិបញ្ញាមិនសូវល្អ(មិនសូវគ្រប់ទឹក) តើមែនឬទេ? និងព្រោះអ្វី?

    ចម្លើយ ៈ តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ស្រ្តីដែលតាំងគភ៌ក្រោយអាយុ 35ឆ្នាំឡើងទៅ មានឱកាសកើតបញ្ហាក្នុងការតាំងគភ៌ទាំងលើម្ដាយ និងទារក ច្រើនជាងស្រ្តីដែលតាំងគភ៌ក្នុងអាយុតិចជាង 35ឆ្នាំ ហើយបញ្ហាមួយទៀតនោះក៏គឺ ភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងគភ៌ ដូចជាមានឱកាសក្នុងការកើតមកមានបញ្ហាខាងខួរក្បាល និងរាងកាយបាន ដូច្នេះបើស្រ្តីណាម្នាក់តាំងគភ៌ក្រោយអាយុ 35ឆ្នាំនោះ គ្រូពេទ្យនឹងធ្វើការពិនិត្យទឹកភ្លោះដើម្បីវិនិច្ឆ័យទារកក្នុងគភ៌ថា តើមានភាពខុសប្រក្រតីខាងក្រូម៉ូហ្សូមឬទេ?។

    3 . ចង់បានកូនភ្លោះ ប្រុស1 ស្រី1 តើអាចធ្វើបានទេ?

    សំណួរ ៈ នាងខ្ញុំចង់បានកូនភ្លោះបែបប្រុស1 ស្រី1 តើសម័យនេះអាចធ្វើបានឬទេ?

    ចម្លើយ ៈ ការមានកូនភ្លោះ ជាការតាំងគភ៌ដែលមិនប្រក្រតីតាមធម្មជាតិ ដែលនឹងមានបញ្ហាកើតឡើងជាច្រើនក្នុងអំឡុងការមើលថែទាំគភ៌ ដូច្នេះប្រហែលជាពិបាកខ្លាំងណាស់ដែលនឹងមានលោកគ្រូពេទ្យណាម្នាក់ធ្វើបានតាមស្តង់ដារខាងវេជ្ជសាស្រ្តអាចផ្ដល់សេវាកម្មដល់អ្នកស្រីបានតាមតម្រូវការនេះ។ តែបើតាមទ្រឹស្ដីវិញ គឺអាចធ្វើបានដោយការធ្វើបដិសន្ធិខាងក្រៅរាងកាយ ដែលគេហៅថាទារកបំពង់កែវ និងពិនិត្យមើលក្រូម៉ូហ្សូមភេទពេលដែលនៅជាតួកំណើត មុននឹងដាក់ចូលទៅវិញ។ យ៉ាងណាក៏ដោយ ទោះជាដាក់ចូលទៅវិញមែន តែប្រភេទប្រុស1 ស្រី1នេះក៏មិនបានមានន័យថា ទាំងពីរនឹងចម្រើនធំធាត់ប៉ុនៗគ្នាដែរ អាចនឹងស្វិតមួយ ឬស្វិតទាំងពីរក៏មាន(ពិបាកថែទាំ) ហើយថ្លៃចាយវាយដ៏សែនថ្លៃកប់ពពកនោះក៏នឹងក្លាយជាអាសាឥតការទៅដែរ។

    4 . ផ្សែង និងក្លិនបារីបង្កគ្រោះថ្នាក់ដល់ទារកក្នុងគភ៌

    ក្នុងអំឡុងពេលតាំងគភ៌ ស្រ្តីមានគភ៌មិនគួរនៅជិតអ្នកជក់បារីជាដាច់ខាត ដើម្បីភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងផ្ទៃ ព្រោះសារធាតុផ្សេងៗពីផ្សែងបារិដែលអ្នកបានស្រូបចូលទៅដោយមិនបានជក់ដោយខ្លួនឯងនោះ មានផលប៉ះពាល់ខ្លាំងជាងសេពដោយខ្លួនឯងទៅទៀត ព្រោះវានឹងមានផលប៉ះពាល់ទាំងលើការចម្រើនធំធាត់ និងវិវឌ្ឍនាការរបស់ទារកក្នុងគភ៌យ៉ាងពិតប្រាកដ គ្រាន់តែថាតិច ឬច្រើនតែប៉ុណ្ណឹងឯង។ ក្រៅពីនេះនៅមានការសិក្សាស្រាវជ្រាវនៅលើសត្វពិសោធន៍ដែលបានរកឃើញថា បើសិនទទួលបានសារធាតុពុលពីផ្សែងបារី នឹងធ្វើឱ្យងាយនឹងកើតសភាវរលូតបុត្រខ្លាំងឡើង មានឱកាសប្រសូតបុត្រដែលមិនសមប្រកបមុនពេលកំណត់ឬទារកក្នុងគភ៌អាចនឹងកើតមកពិការតាំងពីកំណើតក៏មាន។ វិធីដែលល្អ អ្នកគួរឱ្យស្វាមីរបស់អ្នកចេញទៅជក់បារីនៅខាងក្រៅផ្ទះ ក្នុងកន្លែងដែលស្រឡះ និងហាមជក់បារីនៅក្នុងផ្ទះជាដាច់ខាត រួមទាំងនៅក្នុងរថយន្តដែលអ្នកជិះជាមួយទៀតផង។

    5 . ស្រ្តីមានគភ៌គេងលក់ស្រួល នឹងធ្វើឱ្យទារកក្នុងគភ៌គេងលក់ស្រួលដែរឬទេ?

    ការគេងលក់របស់មាតា ក្រៅពីនឹងជួយមិនឱ្យនឿយល្វើយអស់កម្លាំងហើយ ក្នុងអំឡុងពេលសម្រាកគេងលក់នោះនៅធ្វើឱ្យឱ្យការហូរវិលរបស់លោហិតក្នុងរាងកាយឆ្ពោះទៅរកស្បូនដំណើរការបានល្អផងដែរ ធ្វើឱ្យទារកក្នុងគភ៌បានទទួលសារធាតុអាហារ និងអុកស៊ីហ្ស៊ែនក្នុងបរិមាណដែលគ្រប់គ្រាន់នឹងតម្រូវការក្នុងការចម្រើនធំធាត់ឡើងនៅក្នុងគភ៌។ ខណៈពេលជាមួយគ្នា នៅពេលដែលស្រ្តីមានគភ៌គេងលក់ស្រួល រាងកាយក៏នឹងសម្រាក ផ្លូវចិត្តក៏នឹងធូរស្រាលដូចគ្នា ទារកពិតជានឹងបានដឹងតាំងពីនៅក្នុងគភ៌អំពីសេចក្ដីសុខរបស់មាតាដែលកំពុងពពោះ ទារកក៏នឹងមានសេចក្ដីសុខសប្បាយទៅជាមួយដែរ ធ្វើឱ្យមានវិវឌ្ឍនាការខួរក្បាលល្អ។ ដូច្នេះហើយទើបកុមារដែលកើតចេញពីម្ដាយដែលមានសេចក្ដីសុខកាយសប្បាយចិត្ត មិនធុញថប់តានតឹងខឹងច្រើន និងគេងសម្រាកបានគ្រប់គ្រាន់គឺជាកុមារដែលងាយស្រួលចិញ្ចឹម និងមានសុខភាពរឹងមាំល្អហ្នឹងឯង៕

    (នៅមានត)

  • ទោះអាយុច្រើន ក៏មានគភ៌ដោយសុវត្ថិភាពបានដែរ…

    ទោះអាយុច្រើន ក៏មានគភ៌ដោយសុវត្ថិភាពបានដែរ…

    ដោយឡៃហ្វ៍ស្តាយល៍របស់ស្រ្តីសម័យថ្មីដែលនៅមានអារម្មណ៍សប្បាយ និងចង់សាកល្បងជាមួយជីវិតការធ្វើការងារឱ្យបានយូរ ឬអ្នកខ្លះទៀតជានាងក្រមុំរើសច្រើនដែលនៅមិនទាន់ជួបបុរសត្រូវចិត្តនោះ ធ្វើឱ្យការសាងក្រុមគ្រួសារ និងការរៀបការក្រកើតឡើង ឱកាសក្នុងការនឹងមានបញ្ហាពាក់ព័ន្ធជាមួយការតាំងគភ៌ និងបញ្ហាផ្នែកសុខភាពរបស់ទារកពិតជាមានភាពអាចទៅរួចខ្ពស់។

    វេជ្ជបណ្ឌិតជំនាញផ្នែកស្រ្តី និងសម្ភពបានឱ្យដឹងថា ស្រ្តីដែលតាំងគភ៌នៅពេលខ្លួនអាយុច្រើន មានភាពប្រថុយប្រថានខ្ពស់ដោយសារកូននឹងកើតភាពខុសប្រក្រតីរបស់ចំនួនក្រូម៉ូហ្សូមដែលនឹងនាំឆ្ពោះទៅរកក្រុមអាការរលូតបាន ដោយសារតែការធ្វើការរបស់សម្បុកស៊ុតញីនឹងចុះខ្សោយនៅពេលស្រ្តីមានអាយុច្រើនឡើង ជាពិសេសក្នុងអំឡុងអាយុ 35ឆ្នាំឡើងទៅ ដោយពេទ្យនឹងផ្ដល់ការណែនាំ ដើម្បីជោះយកទឹកភ្លោះមកពិនិត្យរកមើលភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូមក្នុងអំឡុងអាយុគភ៌ប្រមាណ 17 – 22សប្ដាហ៍។ ស្រ្តីមានគភ៌គួរប្រាប់ និងប្រឹក្សាសុំការណែនាំពីគ្រូពេទ្យដើម្បីបានទទួលព័ត៌មានអំពីការតាំងគភ៌របស់ខ្លួនឱ្យបានច្រើនបំផុត និងពិភាក្សារួមគ្នាអំពីភាពប្រថុយប្រថានដែលអាចនឹងកើតឡើងចំពោះទារក និងការថែទាំរក្សាដែលត្រឹមត្រូវជាបន្ត។

    ក្រៅពីនេះ ការតាំងគភ៌នៅពេលអាយុច្រើន នៅធ្វើឱ្យកើតបញ្ហាទងសុកធ្លាក់ចុះទាប ទងសុករបកមុនពេលប្រសូត អ្នកខ្លះអាចកើតភាពខុសប្រក្រតីរបស់សរសៃឈាមដែលហូរទៅចិញ្ចឹមនៅទងសុក និងខ្លួនទារក ដែលជាហេតុធ្វើឱ្យទារកមានខ្លួនតូច និងមានសភាវក្រធំ ឬធំយឺតនៅក្នុងគភ៌ពិតជាអាចកើតឡើងខ្ពស់ ឬស្រ្តីខ្លះទៀតកើតរោគទឹកនោមផ្អែមខណៈមានគភ៌ដែលនឹងរកឃើញថា ទារកនឹងមានខ្លួនធំ និងពិបាកប្រសូតធ្វើឱ្យធ្លាក់ឈាមច្រើនក្រោយពេលប្រសូតបាន។

    ការពិនិត្យសុខភាពមុនពេលតាំងគភ៌មានភាពចាំបាច់ និងជួយកាត់បន្ថយក្ដីកង្វល់បានច្រើន ដោយសារតែដល់ពេលអាយុច្រើនឡើង ក៏នឹងមានជំងឺលើសឈាម ឬទឹកនោមផ្អែមខណៈពេលមានគភ៌កើតឡើងដែរ ហើយបើមានគភ៌នៅពេលអាយុច្រើនជាង 25ឆ្នាំផងនោះ នឹងកើតជំងឺទឹកនោមផ្អែម និងលើសឈាមខ្លាំងជាងមនុស្សទូទៅដល់ទៅ 2ដង ដូច្នេះការឃុំគ្រងការពារជំងឺមុនការតាំងគភ៌នឹងជួយកាត់បន្ថយជំងឺជ្រៀតជ្រែកទាំងនោះបាន៕

  • ហេតុអ្វី​បុរសៗ​ត្រូវ​គិតពី​ការថែរក្សា​សម្រស់?

    ហេតុអ្វី​បុរសៗ​ត្រូវ​គិតពី​ការថែរក្សា​សម្រស់?

    ពេលខ្លះ​មនុស្ស​មួយចំនួន ក៏ដូចជាបុរសៗផ្ទាល់​បានគិត​ថា វា​ហាក់ដូចជា​រឿង​ចម្លែក​ដែលបុរសៗត្រូវ​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់​ស្បែក។ ទោះយ៉ាងណា​សូម​ចាំ​ថា គំនិត​មួយ​ដែលថា​ត្រូវតែ​រក្សា​ភាពស្រស់ស្អាត​នោះ​មិនមែន​សម្រាប់តែស្រីៗនោះទេ តែ​បុរស​ក៏ត្រូវ​ការ​ស្បែក​ដែល​ស្រស់ស្អាត​ដូចគ្នា​ដែរ។ មានអី​ទៅ​ពិបាក​គ្រាន់តែ​អនុវត្តតាម​វិធីងាយៗមួយចំនួន នោះ​អ្នក​ពិតជា​មាន​អារម្មណ៍​ដឹងថា ស្បែក​ដែល​ធ្លាប់តែ​ព្រលែង​ចោល និង​ស្បែក​ដែល​មានតែ​ការយកចិត្ត​ថែទាំ​មាន​ភាពខុសគ្នា​យ៉ាងណា​ជាមិនខាន។

    ថែរក្សា​ស្បែក​ជា​រឿង​សំខាន់ : ជាធម្មតា​រន្ធ​ញើស​បុរស​គឺ​ធំ​ជាង​នារី នោះ​មានន័យថា ខ្លាញ់ និង​ការ​ស្រូបយក​ក្អែល​គឺ​កាន់តែ​ងាយ​ជាង។ នេះ​ជា​មូល​ហេតុដែល​តម្រូវឱ្យបុរសៗទាំងឡាយ​សម្អាត​ស្បែក​របស់ខ្លួន​ជា​រៀងរាល់ថ្ងៃ។ នៅពេលដែល​អ្នក​ជ្រើសរើស​ផលិតផល ដើម្បី​ប្រើប្រាស់អ្នក​គួរតែ​យកបែប​ធម្មជាតិ និង​គ្មាន​ក្លិនក្រអូបដូច្នេះ​អ្នក​មិនចាំបាច់​ភ័យ​ថា​នឹង​បំ​ភាយ​ក្លិនក្រអូប​ដូច​មនុស្ស​ស្រី​នោះទេ។

    សម្រប​ខ្លួន​ប្រើ​ម៉ាស​បិទមុខ : ចង់បាន​មុខស្រស់​ស្រាយ ប៉ុន្តែ​ដូចជា​មិន​ដាច់ចិត្ត​ដើរទៅ​ទិញ ព្រោះ​ខ្មាសអ្នកលក់ផង​ខ្មាសស្រីៗ​ដែល​នៅ​ទីនោះ​ផងហើយក៏​ដូចជា​ពិបាក​រក​ម៉ាស​សម្រាប់បុរសៗទៀត​មែន​ទេ? កុំ​បារម្ភ អ្នក​មិនទាន់​អស់​ផ្លូវ​ទេនៅមាន​ជម្រើស​ដ៏​ឆ្លាត​វៃ​មួយទៀត​គឺ​ម៉ាស់​បិទមុខ​បែប​ធម្មជាតិ។ ងាយ​ណាស់​មិនចាំបាច់​ទៅ​ទិញ​មិនចាំបាច់​ទៅ​ហាង​នាំ​តែមាន​អ្នកឃើញ​នោះទេ ធ្វើ​ខ្លួនឯង​ក្នុង​បន្ទប់ មើល​ទូរទស្សន៍​បណ្តើរ ស្តាប់​ចម្រៀង​បណ្តើរ​ក៏បាន ឬ​គេង​លក់​តែម្តង​ក៏​មិន​អី​ដែរ។ ឡា​រ៉ែ​ន ធ្លាប់បាន​ជម្រាប​ច្រើន​មកហើយ​ពី​របៀប​ធ្វើ​ម៉ាស​បិទមុខ តែបើ​ចង់​សាកល្បង ទឹកឃ្មុំ ម្សៅ​តែ​ជប៉ុន និង​ទឹក​យកមក​លាយ​ចូលគ្នា​យកមក​បិទមុខ​ម្តង​មើល​ក៏​បាន​ដែរ។ ទុកចោល15នាទី រួច​លាង​សម្អាត​ចេញ​នោះ ធូលី​ដី និង​ជាតិ​កខ្វក់ផ្សេងៗក៏​នឹង​ត្រូវបាន​សម្អាត​ចេញពី​ផ្ទៃមុខ​របស់​អ្នក​យ៉ាង​​មាន​ប្រសិទ្ធភាព​ជាមិនខាន។

    ខាត់​ស្បែក​ជា​រឿង​ដែល​ត្រូវធ្វើ​បន្ទាប់ : ស្បែកបុរស​ត្រូវការ​ការសម្អាត​ជាខ្លាំង ហើយ​ការ​ដុសខាត់​ស្បែកថ្នមៗ នឹង​ជួយ​សម្អាត​ស្បែក និង​កម្ចាត់​កោសិកាចាស់ៗចេញ​យ៉ាង​ល្អ។ ស្ករត្នោតជាមួយនឹង​ប្រេងល្ង2-3តំណក់ យកមក​ដុស​លើ​ស្បែកថ្នមៗ រួច​លាង​សម្អាត​ចេញ​នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា​ស្បែ​កមាន​សំណើម​ជាង​មុន។

    កោរ​រោម​ជា​រឿង​គេច​មិន​ផុត : ការ​កោរ​រោម​គឺជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​ស្បែក​រមាស់ ដូច្នេះ​បន្ទាប់ពី​កោរ​រោម​មុខ​រួច អ្នក​គួរ​ផ្តល់​ជំនួយ​ឱ្យ​ស្បែ​កមុខ​ ដោយ​ប្រទាល​កន្ទុយក្រពើ ព្រោះ​វា​អាចជួយ​បង្រួម​រន្ធ​ញើស​ជាង​ការប្រើ​ផលិតផល​ដែល​ផ្សំ​ដោយ​ជាតិ​អាល់កុល​ដែល​អាចធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្ងួត និង​ងាយ​ដាច់​រលាត់។

    ហាត់ប្រាណ : មនុស្ស​ឆ្លាត​គេ​មិនដែល​បោះបង់ចោល​ការហាត់​ប្រាណ​នោះទេ ព្រោះ​គេ​ដឹង​ច្បាស់​ថា វា​មាន​ប្រយោជន៍​យ៉ាង​ច្រើន ទាំង​ផ្នែក​សម្រស់ និង​សុខភាព៕