រដ្ឋាភិបាលប៉ាគីស្ថាន បានសម្រេចចិត្តមិនជម្លៀសនិស្សិតរបស់ខ្លួនជាង1,000នាក់ ចេញពីតំបន់ Wuhan ដែលជាសម្បុកមេរោគកូរ៉ូណា ខណៈនិស្សិតជាច្រើនមានបំណងត្រឡប់មកស្រុកវិញ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉ាគីស្ថាន Zafar Mirza បានឱ្យដឹងនៅលើទំព័រ Twitter កាលពីថ្ងៃទី15កុម្ភៈថា រូបលោក និងក្រុមរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំមួយសម្រាប់អាណាព្យាបាលសិស្ស និស្សិតនៅ ទីក្រុង Islamabad នាថ្ងៃពុធ ហើយរដ្ឋាភិបាលក៏កំពុងធ្វើការជាមួយអាជ្ញាធរចិន ដើម្បីធានាសុវត្ថិភាពរបស់និស្សិតដែលកំពុងសិក្សានៅឯក្រុង Wuhan ប្រទេសចិន។
ក៏ប៉ុន្តែ និស្សិត និងគ្រួសាររបស់ពួកគេ បានសម្ដែងការខកចិត្តកាន់តែខ្លាំង ខណៈចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
“ដើម្បីផលប្រយោជន៍របស់យើង យើងស្នើរឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើកូនចៅរបស់យើងខ្ញុំ សូមមេត្តាស្ដាប់នូវការកើតទុក្ខមិនសុខចិត្តរបស់អ្នកម្ដាយមួយរូបដូចខ្ញុំ”។ នេះគឺជាសម្ដីរបស់បាតុករម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់អ្នកយកព័ត៌មាន។
បាតុករនាំគ្នាស្រែកខ្លាំងៗថា “នាំកូនយើងខ្ញុំត្រឡប់មកស្រុកវិញ” និងនាំគ្នាលើកបដាដែលមានសរសេរពាក្យដូចគ្នានេះ។
កាលពីដើមសប្ដាហ៍មុន មនុស្សរាប់រយនាក់នៅទីក្រុង Lahore នៃប្រទេសប៉ាគីស្ថាន ក៏បានធ្វើបាតុកម្មដូចគ្នានេះដែរ នៅខាងក្រៅស្ថានកុងស៊ុលចិន ដោយសារតែមាននិស្សិតជនជាតិប៉ាគីស្ថានជាច្រើននាក់ បានឆ្លងមេរោគកូរ៉ូណានៅប្រទេសចិន។ អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងថា និស្សិតប៉ាគីស្ថាន6នាក់ដែលបានឆ្លងមេរោគនេះ កំពុងទទួលការព្យាបាល និងកំពុងមានសុខភាពប្រសើរឡើងវិញខ្លះហើយ។
យ៉ាងនេះក្ដី ក្រុមនិស្សិតប៉ាគីស្ថានដែលកំពុងជាប់គាំងនៅឯប្រទេសចិន បានទាក់ទងមកកាន់ភ្នាក់ងារសារព័ត៌មាន Reuters ដោយប្រាប់ថា ពួកគេចង់ចាកចេញពីប្រទេសចិន៕
ប្រភព៖ សារព័ត៌មានបរទេស


សូមបញ្ជាក់ថា បុគ្គលិកពេទ្យរាប់ពាន់នាក់មកពីមន្ទីរពេទ្យរដ្ឋនានាក្នុងក្រុងហុងកុង បានផ្ដើមធ្វើកូដកម្មចាប់ពីថ្ងៃទី 3កុម្ភៈ ក្នុងបំណងដាក់សម្ពាធទៅលើអាជ្ញាធរហុងកុង ឱ្យបិទច្រកព្រំដែនទាំងអស់ជាមួយចិនដីគោក ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃមេរោគកូរ៉ូណា ដែលបច្ចុប្បន្ន មានមនុស្ស 28,296នាក់ បានឆ្លងមេរោគនេះ និង 565នាក់ផ្សេងទៀតបានបាត់បង់ជីវិត។
មេដឹកនាំក្រុងហុងកុង លោកស្រី Carrie Lam បានរិះគន់ទៅលើក្រុមបាតុករថា ៖ បានធ្វើឱ្យផ្នែកសុខាភិបាលក្រុងត្រូវថមថយកម្លាំងក្នុងគ្រាសំខាន់ ហើយបុគ្គលិកដែលនៅធ្វើការត្រូវរ៉ាប់រងការងារធ្ងន់ធ្ងរជាងមុន ដើម្បីជំនួសក្រុមការងារដែលអវត្តមាន” នេះបើតាមសារព័ត៌មាន CNN។
ក្រុងហុងកុង មកដល់ពេលនេះ បានបិទច្រកព្រំដែនចំនួន 10 ក្នុងចំណោមច្រកព្រំដែនទាំង13កន្លែងជាមួយចិនដីគោក។ អាជ្ញាធរក្រុងហុងកុងក៏បាននិយាយថា ចំនួនអ្នកដំណើរមកពីចិនដីគោក បានថយចុះយ៉ាងច្រើន។ មេដឹកនាំក្រុងហុងកុងកាលពីម្សិលមិញក៏បានប្រកាសថា នឹងចាត់វិធានការបន្ទាន់ថ្មីជាច្រើនទៀត ដើម្បីទប់ស្កាត់អាសន្នរោគ រួមមានដូចជា ការដាក់អ្នកដំណើរទាំងអស់ដែលមកពីចិនដីគោកចំនួន 14ថ្ងៃ ដោយរួមទាំងពលរដ្ឋក្រុងហុងកុងផងដែរ បន្ទាប់ពីមានករណីស្លាប់ដំបូងដោយសារឆ្លងមេរោគកូរ៉ូណា កាលពីថ្ងៃទី 4កុម្ភៈ៕