Tag: បាងកក

  • Tesla បើក Showroom លំដាប់​ប្រណិត​នៅ​រាជធានី​របស់​ប្រទេស​ថៃ

    Tesla បើក Showroom លំដាប់​ប្រណិត​នៅ​រាជធានី​របស់​ប្រទេស​ថៃ

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla នឹង​បើក​សាល​តាំង​បង្ហាញ (showroom) លំដាប់​ប្រណិត​នៅ​ប្រទេស​ថៃ នៅក្រោយ​ខែមិថុនា ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ភាគ​ខាងកើត​រាជធានី​បាងកក​ ដើម្បី​ជំរុញ​ការលក់​រថយន្ត​អគ្គិសនី​ដែល​កំពុង​កើនឡើង​យ៉ាង​រហ័ស​នៅ​ប្រទេស​ថៃ និង​ដើម្បី​តាម​ទាន់​គូប្រកួត​ចិន ក្នុងនោះ​មាន BYD ជាដើម។

    យោងតាម​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក ក្រុមហ៊ុន​ផលិត​រថយន្ត​អាម៉េរិក​មួយ​នេះ​កំពុងតែ​ជួសជុល និង​កែលំអ​ទីតាំង​ដែល​ធ្លាប់ជា​សាល​តាំង​បង្ហាញ​របស់ Toyota។ នៅ​ប្រទេស​ថៃ ក្រៅពី​សាល​តាំង​បង្ហាញ​នេះ Tesla ក៏​នឹងមាន​មជ្ឈមណ្ឌល​សេវាកម្ម ឃ្លាំង​គ្រឿងបន្លាស់ និង​ស្ថានីយ​បញ្ចូល​ថាមពល​រហ័ស​ផងដែរ។

    ទាក់ទង​នឹង​ដំណឹង​ខាងលើ តំណាង​មួយរូប​របស់ Tesla បានឱ្យដឹងថា ព័ត៌មាន​លម្អិត​នឹងត្រូវ​បានប្រកាសឆាប់ៗខាងមុខ។

    Tesla បានចាប់ផ្ដើម​លក់​អន​ឡាញ​នូវ​រថយន្ត​បែប​កីឡា​ពហុ​មុខងារ​ប្រភេទ​មធ្យម Model Y និងរថយន្ត​ Model 3 នៅ​ប្រទេស​ថៃ តាំងពី​ខែធ្នូ​ឆ្នាំមុន ក្នុងតម្លៃ​ចាប់ពី​ប្រហែល 1.96 លាន​បាត (56,500 ដុល្លារ​អាម៉េរិក) និង 1.76 លាន​បាត (50,700 ដុល្លារ​អាម៉េរិក)។ តួលេខ​នេះ​ខ្ពស់ជាង​បើ​ធៀប​នឹង​តម្លៃ 1 លាន​បាត់​របស់​បណ្ដា​រថយន្ត​ចិន​ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​នេះ។

    យោងតាម​របាយការណ៍​របស់ទំព័រ​ Autolife នៅ​ប្រទេស​ថៃ ចំនួន​រថយន្ត Model Y ក្នុង​ខែមីនា​បាន​កើនឡើង​ជិត​ទ្វេដង​ធៀប​នឹង​ខែកុម្ភៈ ដោយ​លក់បាន 1,034 គ្រឿង ជួយ​ឱ្យ​ម៉ូ​ដែល​រថយន្ត​នេះ​កាន់កាប់​ 17% នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ។ Model Y ក្លាយជា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​លំដាប់​ទី​ពីរ​នៅ​ប្រទេស​ថៃ បន្ទាប់ពី Atto 3 របស់ BYD និង​នៅ​ពីលើ SAIC Motor និង Great Wall Motor។

    Showroom របស់ Tesla ​នៅ​រាជធានី​របស់​ប្រទេស​ថៃ
    Showroom របស់ Tesla ​នៅ​រាជធានី​របស់​ប្រទេស​ថៃ
    រថយន្តអគ្គិសនី​ Tesla
  • នៅ​ស៊ី​ហ្គេម​លើក​ទី 33 ប្រទេស​ថៃ​នឹង​រឹត​បន្តឹង​ចំពោះ​ «​អត្ត​ព​លិ​ក​ចូលសញ្ជាតិ​» 

    នៅ​ស៊ី​ហ្គេម​លើក​ទី 33 ប្រទេស​ថៃ​នឹង​រឹត​បន្តឹង​ចំពោះ​ «​អត្ត​ព​លិ​ក​ចូលសញ្ជាតិ​» 

    អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ថៃ បានឱ្យដឹងថា នឹងមាន​ការកាត់បន្ថយ​ចំនួន​អត្ត​ព​លិ​ក​ចូលសញ្ជាតិ​នៅ​ស៊ី​ហ្គេម​លើក​ទី 33 ដែល​ប្រទេស​នេះ​ធ្វើជា​ម្ចាស់ផ្ទះ។

    នៅក្នុង​ស៊ី​ហ្គេម​លើក​ទី 32 កន្លងទៅ មាន​ប្រទេស​ជាច្រើន​ប្រើប្រាស់​កីឡាករ​ចូលសញ្ជាតិ​ដើម្បី​អាច​ដណ្ដើមបាន​លទ្ធផល​ល្អ​នៅក្នុង​ការប្រកួត។ នៅក្នុង​ប្រកាស​ថ្មី​បំផុត អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ថៃ លោក Chaiyaphak Siriwat ឱ្យដឹងថា «ប្រទេសនីមួយៗនឹងមាន​គោលនយោបាយ​ផ្សេងគ្នា​សម្រាប់​អត្ត​ព​លិ​ក​ចូលសញ្ជាតិ។ យើង​ត្រូវតែ​គោរព​ចំពោះ​ប្រការនេះ។ ការបញ្ចូល​សញ្ជាតិ​ដើម្បី​ប្រកួត​នៅក្នុង​វិស័យ​កីឡា​ក៏​មិនមែនជា​រឿង​ថ្មី​នោះដែរ»។

    ក៏ប៉ុន្តែ លោក Chaiyaphak Siriwat បាន​សង្កត់ធ្ងន់ថា នៅ​ស៊ី​ហ្គេម​លើក​ទី 33 នឹង​មិនមាន​មេដាយមាស​ច្រើន​សម្រាប់​ប្រភេទ​កីឡា​ក្នុងស្រុក​ទៀតឡើយ។ «យើង​ចង់​ផ្ដោត​សំខាន់​លើ​ការជំរុញ​វិញ្ញាសា​កីឡា​ដូច​នៅ ASIAD ឬ Olympic» អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ថៃ បញ្ជាក់​ដូច្នេះ។

    យោងតាម​មន្ត្រី​ថៃ វិញ្ញាសា​កីឡា​ក្នុងស្រុក​នានា​នឹង​មានតែ 4 ប្រភេទ​ប៉ុណ្ណោះ ហើយ​មេដាយ​សម្រាប់​ប្រភេទ​កីឡា​នេះ​នឹង​មានតែ 8 ឈុត។

    ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 33 នឹងត្រូវ​បានរៀបចំ​ឡើង​នៅ​បាងកក ឈុន​បុរី (Chonburi) និង សុង​ក្លា (Songkhla) ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី 09 ដល់ 20 ធ្នូ ឆ្នាំ 2025។ នេះ​បើតាម ស្ថាប័ន​គ្រប់គ្រង​វិស័យ​កីឡា​របស់​ប្រទេស​ថៃ (SAT) ដែល​បានប្រកាស​កាលពី​ថ្ងៃទី 16 ឧសភា 2023៕

  • កម្ពុជា​មិនទាន់​បិទ​ព្រឹត្តិការណ៍​ផង ថៃ​​ប្រញាប់​​​ប្រកាស​​អំពី​គម្រោង​រៀបចំ​ស៊ី​ហ្គេម​លើក​ទី 33

    កម្ពុជា​មិនទាន់​បិទ​ព្រឹត្តិការណ៍​ផង ថៃ​​ប្រញាប់​​​ប្រកាស​​អំពី​គម្រោង​រៀបចំ​ស៊ី​ហ្គេម​លើក​ទី 33

    ស្ថាប័ន​គ្រប់គ្រង​វិស័យ​កីឡា​របស់​ប្រទេស​ថៃ (SAT) ថ្មីៗនេះ​បានប្រកាស​អំពី​ផែនការ​រៀបចំ​មហា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 33។

    កាលពី​ថ្ងៃទី 16 ឧសភា ការប្រកួត​ដែល​នៅសល់​របស់​ស៊ី​ហ្គេម​លើក​ទី 32 បានបញ្ចប់​ជា​ស្ថាពរ។ ក្រុមកីឡា​ម្ចាស់ផ្ទះ​កម្ពុជា ដណ្ដើមបាន​មេដាយ​សរុប​ចំនួន 282 គ្រឿង ក្នុងនោះ​មាន​មេដាយមាស​ចំនួន 81 គ្រឿង ត្រូវ​ជាប់​លេខ​បួន។ ចំណែក​ក្រុម​ជាប់​លេខ​មួយ​គឺ​វៀតណាម ដោយ​ដណ្ដើម​មេដាយមាស​បាន 136 គ្រឿង ខណៈ​ថៃ​រកបាន​មេដាយមាស 108 គ្រឿង ត្រូវ​ជាប់​លេខ​ពីរ និង​ឥណ្ឌូណេស៊ី​ជាប់​លេខ​បី ដោយ​ដណ្ដើម​មេដាយមាស​បាន 87 គ្រឿង។

    កាលពី​ថ្ងៃទី 16 ឧសភា ស្ថាប័ន​គ្រប់គ្រង​វិស័យ​កីឡា​របស់​ប្រទេស​ថៃ (SAT) បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅមុន​ពិធី​បិទ​ស៊ី​ហ្គេម​នៅ​កម្ពុជា ដើម្បី​ប្រកាស​អំពី​គម្រោង​សម្រាប់​ស៊ី​ហ្គេម​បន្ទាប់​នាពេលខាងមុខ។ ស៊ី​ហ្កេ​ម​លើក​ទី 33 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 09 ដល់ 20 ធ្នូ 2025 នៅ​បាងកក ឈុន​បុរី (Chonburi) និង សុង​ក្លា (Songkhla)។ នៅក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ថ្ងៃទី 17 ឧសភា​នេះ ម្ចាស់ផ្ទះ​កម្ពុជា​នឹង​ប្រគល់​ទង់​ស៊ី​ហ្គេម​ដល់​ម្ចាស់ផ្ទះ​បន្ទាប់។ ​ស៊ី​ហ្គេម​លើក​ទី 33 ​នឹង​ជា​ព្រឹត្តិការណ៍​ស៊ីហ្គេម​​ដំបូង​ដែល​ថៃ​រៀបចំ រាប់​ចាប់ពី​ឆ្នាំ 2007។

    ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 កាលពីថ្ងៃទី 05 ឧសភា 2023 នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

    ស៊ីហ្គេម​លើក​ទី 32 នៅ​កម្ពុជា ត្រូវ​បាន​វាយ​តម្លៃ​ថា​ ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​។ ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ត្រៀម​យ៉ាង​ហ្មត់​ចត់​នៅ​គ្រប់​បេសកកម្ម​ តាំង​ពី​ការ​រៀប​ចំ ការ​ដឹក​ជញ្ជូន​ សន្តិសុខ​ និង​ការ​ស្នាក់​នៅ​ ហូប​ចុក​របស់​សមាជិក​ប្រតិភូ​កីឡា​នៃ​បណ្ដា​ប្រទេស​ដែល​បាន​ចូល​រួម​។

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ នៃ​គណៈ​កម្មាធិការជាតិ​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី 32 (CAMSOC)

    ពិធីបិទ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី 32 ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ម៉ោង 19:00 ថ្ងៃទី 17 ឧសភា​ នៅ​ឯ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ​នឹង​មាន​មនុស្ស​ចូល​រួមទស្សនា​​ប្រហែល 2,000 នាក់​។ យោង​តាម​ប្រសាសន៍​របស់​ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ នៃ​គណៈ​កម្មាធិការជាតិ​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី 32 (CAMSOC) ពិធី​បិទក៏​​នឹង​មាន​សិល្បករ សិល្បការិនី​ប្រមាណ​​ 2,000 នាក់​ចូលរួម​សំដែង​ផងដែរ​។ ពិធី​នេះ​ក៏​នឹង​មាន​ភាព​អស្ចារ្យ​មិន​ចាញ់​ពិធី​បើក​ព្រឹត្តិការណ៍​​កាល​ពី​ថ្ងៃទី 05 ឧសភា​ប៉ុន្មាន​ឡើយ​៕

  • មួយថ្ងៃ ដើរលេងក្នុងក្រុង ឈុនប៊ុរី

    មួយថ្ងៃ ដើរលេងក្នុងក្រុង ឈុនប៊ុរី

    ត្រឡប់មកវិញសាជាថ្មីម្ដងទៀតជាមួយដំណើរកម្សាន្ដនៅក្នុងប្រទេសថៃ ( យើងទៅមិនឆ្ងាយទេ និងចំណាយពេលត្រឹមមួយថ្ងៃ ងាយស្រួលសម្រាប់អ្នកដែលសម្រាកពីការងារនាថ្ងៃចុងសបា្ដហ៍ )។ យកពេលសម្រាកមួយថ្ងៃ ដើរកម្សាន្ដនៅជិតៗទីក្រុង បាងកក។ ថ្ងៃនេះ យើងសូមនាំដំណើរលោកអ្នកទៅកាន់ទៅក្រុង ឈុនប៊ុរី ត្រឹមរយៈពេលមួយថ្ងៃ តែហាក់បីដូចបានដើរកម្សាន្ដនៅប្រទេសជប៉ុន និងចិនដូច្នោះដែរ។

    បើយើងធ្វើដំណើរចេញពីទីក្រុងបាងកក នៅវេលាម៉ោង 7ព្រឹកនោះ យើងនឹងដល់ទៅក្រុងឈុនប៊ុរី ដោយប្រើពេលវេលាត្រឹមតែ 1ម៉ោងកន្លះប៉ុណ្ណោះនឹងមកដល់ផ្លូវធំដំបូងគេគឺ ក្រេនខេនយ៉ន ស៊ិរិ ឈុនប៊ុរី ( แกรนด์แคนยอน คีรี ชลบุรี ) ដែលត្រូវចំណាយថ្លៃរថយន្ដឈ្នួលអស់ 20បាត(អូហូ ពិតជាអស់តិចមែន ប្រហែលជា 2,500រៀល)។ ចេញដំណើរពីចំណតឡាន 100ម៉ែត្រ លោកអ្នកនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាល ដែលអាចឈរមើលពីលើស្ពានបាននោះ លោកអ្នកនឹងឃើញអាងទឹកថ្មដែលមានទំហំធំដល់ទៅ 100រ៉ៃ និងមានជម្រៅទឹក 30ម៉ែត្រ។ លោកអ្នកច្បាស់ជាជាប់ចិត្តនឹងទេសភាពនេះមិនខាន(ដូចរូបខាងក្រោម)។

    យើងសូមណែនាំកន្លែងឈប់សម្រាកពេលព្រឹកនៅទីក្រុងឈុនប៊ុរី ដោយធ្វើដំណើរបន្ដប្រមាណជា 10គីឡូម៉ែត្រទៀត​ពីចំណតឡានក្រុង នោះយើងមកដល់ហាងកាហ្វេមួយដែលមានការរៀបចំស្ទីលបែបហាងនៅប្រទេសអង់គ្លេស មានឈ្មោះថា We coffee & cuisine។ នៅហាងនេះ មានការតុងតែងគ្រឿងម៉ាស៊ីនឆុងកាហ្វេទាំងសម័យទំនើប និងបុរាណ ក៏ដូចជាមានគ្រឿងសម្ភារផ្ទះបាយបុរាណរបស់ជនជាតិអង់គ្លេសផងដែរ។ ទាំងកាហ្វេ នំ និងអាហារនៅក្នុងហាងនេះ យើងអាចឱ្យពិន្ទុ 10/10 ពេញតែម្ដង ព្រោះពិតជាមានរសជាតិឆ្ងាញ់ពិសា ហើយភ្ញៀវដែលមកកាន់ហាងនេះ តែងតែនិយមភ្លក្សនូវរសជាតិ Latte /Matcha Latte ក្ដៅ + Strawberry Shortcake…។

    ធ្វើដំណើរប្រមាណ 20គីឡូម៉ែត្រទៀតក៏មកដល់ស្ថានីយរថភ្លើង ដែលយើងនឹងនាំអារម្មណ៍លោកអ្នកទៅទស្សនាទឹកជ្រោះមួយកន្លែងដែលមានទាំងត្រីហែលប្រឡែងលេងជាមួយមនុស្ស និងសត្វព្រៃផងដែរ ទីនោះមានឈ្មោះថា «ណាមតុក ឆាន់តាថេន ( น้ำตกชันตาเถร)ឬហៅជាភាសាខ្មែរយើងថា ទឹកធ្លាក់ ឆាន់តាថេន »។ លោកអ្នកត្រូវចំណាយប្រាក់ទិញសំបុត្រចូលកម្សាន្ដអស់ 100បាត តែសម្រាប់ជនជាតិថៃអស់ 20បាត  ហើយធ្វើដំណើរពីច្រកចូលទៅកាន់ទឹកជ្រោះក្នុងរយៈចម្ងាយ 300ម៉ែត្រ។ ទឹកជ្រោះនៅទីនេះមាន 6ដំណាក់ ហើយដំណាក់នីមួយៗត្រូវធ្វើដំណើរឡើងទៅប្រមាណ 1 គីឡូម៉ែត្រ។

    ក្រោយកម្សាន្ដទឹកយ៉ាងសប្បាយរីករាយហើយ យើងសូមណែនាំលោកអ្នកពីកន្លែងកម្សាន្ដ ញ៉ាំអាហារ និងទិញអីវ៉ាន់ នៅក្នុងផ្សារ «J-Park ស្រ៊ីរ៉ាឆា ศรีราชา » ដែលមើលទៅប្លែកអារម្មណ៍ ហាក់បីដូចជាអ្នកកំពុងស្ថិតនៅក្នុងប្រទេសជប៉ុនអីចឹងដែរ។ នៅទីនេះ មានអាហារឆ្ងាញ់ៗតម្លៃសមរម្យ និងជាពិសេសមានកន្លែងថតរូបស្អាតៗ ដែលរំលេចនូវទេសភាពដូចប្រទេសជប៉ុនគួរឱ្យប្លែកអារម្មណ៍មែនទែន។ ផ្សារនេះមានទីតាំងស្ថិតនៅជិតម្ដុំផ្លូវធំ Motor Way ដែលជាផ្លូវបំបែកទៅកាន់ទីក្រុងឆ្នេរសមុទ្រ ប៉ាតាយ៉ា។

    អ្នកណាថាខេត្តឈុនប៊ុរី មិនមានឆ្នេរសមុទ្រ?  ឥឡូវតោះ ទៅលេងឆ្នេរសមុទ្រ «បាងសែន (บางแสน) » ដែលធ្វើដំណើរមិនឆ្ងាយពីផ្សារនេះប៉ុន្មានទេ ប្រមាណជា 15នាទីតែប៉ុណ្ណោះ។ ឆ្នេរខ្សាច់ បាងសែន មានសម្បុរពណ៌ក្រម៉ៅដូចខ្សាច់ទន្លេ ឬរីឯសមុទ្រវិញក៏មិនសូវជាពណ៌ខៀវប៉ុន្មានដែរ តែខ្យល់ជំនោរមាត់សមុទ្រវិញ ពិតជាបរិសុទ្ធ និងស្រស់ស្រាយអារម្មណ៍ខ្លាំងមែនទែន។ លោកអ្នកអាចជួបជុំគ្រួសារញ៉ាំអាហារសមុទ្រនៅទីនេះយ៉ាងសប្បាយរីករាយនាពេលរាត្រី ឬអង្គុយមើលថ្ងៃលិច ហើយសឹមត្រឡប់មកកាន់ទីក្រុងបាងកកវិញក៏បានផងដែរ៕