Tag: បន្លែ

  • អ្នកជំនាញ​កសិកម្ម​ចង់ឱ្យ​ពលរដ្ឋ​ដាំ​បន្លែ​តាម​ផ្ទះ​ដើម្បី​លើកកម្ពស់​សុខភាព​ខ្លួនឯង​

    អ្នកជំនាញ​កសិកម្ម​ចង់ឱ្យ​ពលរដ្ឋ​ដាំ​បន្លែ​តាម​ផ្ទះ​ដើម្បី​លើកកម្ពស់​សុខភាព​ខ្លួនឯង​

    ដោយ​ជាប់​បំពេញការងារ​នៅ​តាម​ការិយាល័យ​ ការងារ​ជួញដូរ​ ក៏ដូចជា​ការ​ធ្វើអាជីវកម្ម​ប្រកបរបរ​ចិញ្ចឹម​ជីវិ​តផ្សេង​ៗ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ឃ្លាត​ចេញពី​ការងារ​កសិកម្ម​កាន់តែ​ច្រើន​ឡើង​ៗពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ដោយ​មិនដឹង​ខ្លួន​ នេះ​បើ​តាម​ការ​លើកឡើង​របស់​ស្ថាបនិក​អង្គការ​សេដា​ក។

    លោក​ យ៉ង​ សាំង​កុមារ​ ទីប្រឹក្សា​កសិកម្ម​ និង​ជា​ស្ថាបនិក​អង្គការ​សេដា​កមានប្រសាសន៍​ថា​ និន្នាការ​នៃ​ការ​ចាកចេញ​ពី​ការងារ​កសិកម្ម​កាន់តែ​ច្រើន​នេះ​ មិនមែន​មានតែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នោះ​ទេ​ តែ​ជា​និន្នាការ​សកល​នៅ​ទូទាំង​ពិភពលោក​តែម្តង​ ដោយហេតុថា​ការងារ​កសិកម្ម​ កសិករ​មិនសូវ​រក​ប្រាក់កម្រៃ​បាន​ច្រើន​ ខណៈ​ដែល​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​ មនុស្ស​ចេះតែ​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ​ ទៅតាម​ការិយាល័យ​ ការងារ​សំណង់​ ក៍​ដូចជា​ការ​ប្រកបរបរ​ជួញ​ដូរ​ផ្សេង​ៗទៀត​។

    ទោះជា​មានការ​ងារ​ធ្វើ​ ទទួល​បាន​ប្រាក់កម្រៃ​ច្រើន​ក៏ដោយ​ ប៉ុន្តែ​ពលរដ្ឋ​គួរ​ចំណាយពេល​រៀបចំ​សួន​ដាំ​បន្លែ​នៅ​តាម​ផ្ទះ​ ឱ្យ​បាន​គ្រប់​គ្នា​ៗ បើសិនជា​មាន​ដី​សេសសល់​ឬអាច​រៀបចំ​សួន​ដាំ​លើដំបូល​ផ្ទះ​ក៏បាន​។ ការ​ដាំ​បន្លែ​នៅ​តាម​ផ្ទះ​ វា​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​គ្រួសារ​នី​មួយ​ៗ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​។ អត្ថ​ប្រយោជន៍​នៅ​ត្រង់ថា​ នៅពេល​គាត់​ឆ្លៀតពេល​មួយ​ម៉ោង​ ក្រោយ​ពេល​ចេញពី​ធ្វើការ​ឬមុន​ពេល​ទៅ​ធ្វើការ​ មក​រៀបចំ​សួន​នៅ​តាម​ផ្ទះ​សម្រាប់​ដាំ​បន្លែ​ គឺ​យើង​បាន​បញ្ចេញ​កម្លាំង​ពលកម្ម​ បញ្ចេញ​ញើស​បញ្ចេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ ប្រៀប​ដូច​ការ​ធ្វើលំ​ហាត់ប្រាណ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ផង​ដែរ​ ហើយ​ចំណាយពេល​មួយថ្ងៃ​កន្លះម៉ោង​ ឬមួយ​ម៉ោង​សម្រាប់​ធ្វើការ​ថែទាំ​ដាក់ជី​ស្រោចទឹក​រៀងរាល់ថ្ងៃ​ ភ្លេច​ៗខ្លួន​យើង​ទទួល​បាន​បន្លែ​ហូប​នៅផ្ទះ​ខ្លួនឯង​ មិនបាច់​ចំណាយ​លុយ​ទិញ​នៅ​ផ្សារ​ អស់​លុយ​ហើយ​ចង់​មិន​ចង់​ ទិញ​ចំ​បន្លែ​មិន​មាន​សុវត្ថិភាព​ ឬទិញ​មិនបាន​បន្លែ​សរីរាង្គ​មក​ទទួលទាន​ អស់​លុយ​ហើយ​បន្លែ​មិន​ឆ្ងាញ់​ ឬប៉ះ​ចំ​បន្លែ​គីមី​ប៉ះពាល់​សុខភាព​ទៀតផង​។

    ប្រាកដ​ណាស់​ បើសិនជា​ទិញ​បន្លែ​តាម​ផ្សារ​ខាង​ក្រៅ​នានា​ ក្នុង​ក្រុងភ្នំពេញ​ ភាគច្រើន​ជា​បន្លែ​មាន​សារធាតុគីមី​ បន្លែ​មិន​មាន​សុវត្ថិភាព​ នាំចូល​មក​ពីទី​ផ្សារ​ក្រៅប្រទេស​ ជាពិសេស​នាំចូល​ពី​ប្រទេសជិតខាង​ ដូចជា​ប្រទេស​ថៃ​ និង​វៀតណាម​ជាដើម​ ឬជា​បន្លែ​ផលិត​ក្នុង​ស្រុក​ដែល​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​កសិកម្ម​។ បន្លែ​សុវត្ថិភាព​ឬបន្លែ​សរីរាង្គ​ ត្រូវ​គេ​រក​ទិញ​បាន​នៅ​តាមតែ​ផ្សារ​បន្លែ​សរីរាង្គ​ ឬផ្សារ​ទំនើប​មួយចំនួន​ប៉ុណ្ណោះ​នៅក្នុង​ក្រុងភ្នំពេញ​។ លោក​ថា​ដើម្បី​ចៀសវាង​ការ​ចំណាយ​ប្រាក់​ទិញ​បន្លែ​នៅ​ខាងក្រៅ​ ប្រជាពលរដ្ឋ​គួរ​លៃលក​ដី​នៅសល់​ក្បែរ​ផ្ទះ​ រៀបចំ​សួន​បន្លែ​ ហើយ​រក​ល្បាយ​ដី​ពីជ​នប​ទមក​ដាំ​នៅ​លើដំបូល​ផ្ទះ​ដោយខ្លួនឯង​ក៏បាន​ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​គ្រួសារ​ ទទួល​បានផល​ចំណេញ​ច្រើន​នឹកស្មាន​មិនដល់​។ អត្ថ​ប្រយោជន៍​គ្រួសារ​ដូចជា​ មិន​ចំណាយ​ប្រាក់​ទិញ​ បន្លែ​នៅ​ផ្សារ​ ហើយ​ទទួល​បាន​បន្លែ​ឆ្ងាញ់​បន្លែ​ធម្មជាតិ​ពិ​តៗ​ ជួយ​ឱ្យ​សុខភាព​យើង​ល្អ​ប្រសើរ​ឡើង​ទៀតផង​។

    ដោយ​មើលឃើញ​តម្រូវការ​បន្លែ​ធម្មជាតិ​ ទទួលទាន​សម្រាប់​សុខភាព​ល្អ​ ស្ថាបនិក​អង្គការ​សេដា​កខាងលើ​ បាន​រៀបចំ​ដី​កសិកម្ម​ចំនួន45ហិ​កតា​ នៅ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ដើម្បី​ពុះ​ឡូត៍​លក់​ទៅ​ឱ្យ​អតិថិជន​ នៅក្នុង​ក្រុងភ្នំពេញ​។ ពុះ​ឡូត៍​នោះ​មិនមែន​សម្រាប់​សាងសង់​ផ្ទះ​រស់នៅ​ដូច​ដី​ឡូត៍​ នៅ​ជាយក្រុង​នោះ​ទេ​ ការ​ពុះ​ឡូត៍​នោះ​មាន​ទំហំ​ 20×40ម៉ែត្រ​ បង់​រំលស់​មួយ​ខែ120ទៅដល់150ដុល្លារ​ សម្រាប់​រៀបចំ​សួន​ដាំ​បន្លែ​ ដោយមាន​អ្នកថែទាំ​នៅ​ទីនោះ​ស្រាប់​។គ្រាន់តែ​ទិញ​ដី​ពុះ​ឡូត៍​នោះ​ អតិថិជន​ចំណាយ​ប្រាក់​បង់​ប្រចាំខែ​ប្រហែល​មួយឆ្នាំ​ប៉ុណ្ណោះ​ នឹង​បានផល​ជា​បន្លែ​ត្រឡប់មកវិញ​ ពោល​គឺ​បន្ទាប់ពី​មួយឆ្នាំ​ក្រោយ​មក​ បន្លែ​នឹង​ចាប់ផ្តើម​ឱ្យ​ផល​ អាច​បេះ​យក​មក​ទទួលទាន​គ្រួសារ​ផ្ទាល់ខ្លួន​ផង​ ប្រមូល​ផល​យក​មក​លក់​បន្ត​ឱ្យ​អ្នកជិតខាង​យើង​បាន​ផង​។

    ក្នុង​បរិមាណ​ដី​ទំហំ20ម៉ែត្រ​គុណ​នឹង40ម៉ែត្រ​នោះ​ អតិថិជន​អាច​ជ្រើសរើស​បន្លែ​ដែល​ខ្លួន​ពេញចិត្ត​សម្រាប់​ដាំ​ តិច​បំផុត​ឱ្យ​បាន​ចាប់ពី10មុខ​ឡើង​ទៅ​ ដោយ​នៅ​តាម​រង​សងខាង​ភាគច្រើន​គេ​ដាំ​ស្តៅ​ និង​ម្រុំ​ ល្ហុង​ ចេក​ ស្រកានាគ​ ត្រសក់​ សណ្តែក​កួរ​ ដើម​ពោត​បារាំង​ឬហៅ​ថា​ដើម​អូ​ក្រា​ ស្លឹកគ្រៃ​ រំដេង​ រមៀត​ ខ្ញី​ ខ្ទឹម​ជាដើម​។ល។ ក្រោយពី​ដំណាំ​ទាំងនេះ​ទទួល​បានផល​ហើយ​ លោក​បាន​រៀបចំ​រថយន្ត​ដឹក​យក​មក​ដាក់​ ទុក​នៅ​ផ្សារ​សេដា​ក ក្នុង​ខណ្ឌទួលគោក​ក្រុងភ្នំពេញ​ជា​រៀងរាល់​សប្តាហ៍​ ដើម្បី​ឱ្យ​ម្ចាស់​សួន​បន្លែ​នី​មួយ​ៗទៅ​យក​មក​ទទួលទាន​ ឬសម្រាប់​លក់​បន្ត​ទៅ​ឱ្យ​អ្នកជិតខាង​ ឬលក់​នៅ​តាម​ផ្សារ​បន្លែ​សរីរាង្គ​ផ្សេង​ៗក៏បាន​។

    ហើយ​លើស​ពីនេះ​ លោក​តែង​រៀបចំ​ដំណើរ​កម្សាន្ត​កសិ​ទេសចរណ៍​ ជាមួយ​សមាជិក​សហគមន៍​ជា​រៀងរាល់​ខែ​ ដោយ​ជួល​រថយន្តក្រុង​ ដឹក​សមាជិក​ទាំងអស់​ទៅលេង​ចម្ការ​ បេះ​បន្លែ​ផ្លែឈើ​ ស្ទូចត្រី​ធ្វើម្ហូប​អាហារ​ទទួលទាន​លក្ខណៈ​ជា​ក្រុម​ ជា​រៀងរាល់​ខែ​ទៀតផង​។ ព្រោះថា​បរិមាណ​ដី​ទំ​ហុំ45​ហិ​កតា​នេះ​ លោក​កាត់​យក​ពាក់កណ្តាល​ប៉ុណ្ណោះ​សម្រាប់​ពុះ​ឡូត៍​ លក់​ជូន​អតិថិជន​សម្រាប់​ធ្វើ​ដំណាំ​កសិកម្ម​នេះ​ នៅសល់​ពាក់កណ្តាល​ លោក​ទុក​សម្រាប់​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ មាន​ទាំង​ត្រី​ធម្មជាតិ​ មាន​ទាំង​ត្រី​ផ្តល់​ចំណី​ធម្មជាតិ​ថែមទៀត​ ដែល​សមាជិក​អាច​ទៅ​ស្ទូច​យក​មក​ធ្វើម្ហូប​បាន​ ដោយ​មិន​គិតលុយ​ ហើយ​សម្រាប់​អ្នក​មិនមែន​ជាស​មា​ជិ​កក៏​ទៅ​ស្ទូច​បាន​ដែរ​ តែ​ត្រូវ​បង់លុយ​ខ្លះ​ឱ្យ​ថ្លៃ​ពលកម្ម​អ្នក​ថែទាំ​ទីនោះ​។ នៅសល់​ពី​ការ​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី​ លោក​ទុក​ដី​ដាំ​ព្រៃឈើ​បន្ថែម​ពី​ព្រៃ​ធម្មជាតិ​ ធ្វើ​ផ្លូវកាត់​ព្រៃ​នី​មួយ​ៗឱ្យ​ស្អាត​ សម្រាប់​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ព្រៃ​ ដោយ​ដាំ​ដើមឈើ​អម​សងខាង​ផ្លូវ​ ផ្លូវ​ខ្លះ​ដាំ​ដើម​ក្ងោក​សុទ្ធ​ ផ្លូវ​ខ្លះ​ដាំ​ដើម​អង្គា​បុស្ស​សុទ្ឋ​ ដើម​រំដួល​ដើម​លឿង​រាជ​ ដើមក​កោះ​ បេង​ ក្រញូង​ និង​ដើម​ឈើ​រផ្សេង​ៗទៀត​។

    គួរ​បញ្ជាក់​ថា​ សម្រាប់​គម្រោង​នេះ​បាន​ចាប់ផ្តើម​ប្រមាណ​ជា2ទៅ3ខែ​ប៉ុណ្ណោះ​ មាន​អតិថិជន​គ្រាំ​ទ្រ​ទិញ​អស់​ប្រមាណ​ជា​ 100ឡូត៍​រួច​ទៅ​ហើយ​ ហើយ​នៅសល់​ប្រមាណ​ជា50ឡូត៍​ទៀត​ប៉ុណ្ណោះ​។ ដើម្បី​ឱ្យ​គ្រួសារ​មាន​សុខភាព​ល្អ​ ពលរដ្ឋ​គួរ​ទិញ​សួន​បន្លែ​នេះ​ ទុក​ដាំដំណាំ​ ព្រោះថា​យើង​ចំណាយ​ប្រាក់​តែមួយ​ឆ្នាំ​ដំបូង​ប៉ុណ្ណោះ​ ចាប់ពី​ឆ្នាំទី2យើង​ អាច​បាន​បន្លែ​ទទួលទាន​ខ្លួនឯង​ ហើយ​លក់​បាន​ប្រាក់កម្រៃ​ សម្រាប់​បង់ថ្លៃ​ដី​ប្រចាំខែ​វិញ​ហើយ​៕

  • កម្ពុជាត្រូវការបន្លែប្រមាណ200 ទៅ400តោនក្នុងមួយថ្ងៃ

    កម្ពុជាត្រូវការបន្លែប្រមាណ200 ទៅ400តោនក្នុងមួយថ្ងៃ

    ប្រទេសកម្ពុជាយើងសព្វថ្ងៃមានតម្រូវការនាំចូលបន្លែប្រមាណ200 ទៅ400តោនក្នុងមួយ​ថ្ងៃហើយក្នុងមួយឆ្នាំត្រូវចំណាយទឹកប្រាក់ប្រមាណពី150លាន ទៅ400លានដុល្លារលើការនាំ​​​ចូលបន្លែពីបរទេស។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​​ ប្រមាញ់និងនេសាទនៅក្នុងពិធីសម្ពោធបើកផ្សារណាត់បន្លែសុវត្ថិភាព និងផលិត​ផលធម្មជាតិនៅក្រុងកំពង់ចាម។

    ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា ដោយសារកំណើនរបស់ប្រជាពលរដ្ឋ ធ្វើឱ្យតម្រូវការបន្លែបង្ការមានកំណើនខ្ពស់ឡើងដែលត្រូវនាំចូលពីបរទេស ព្រោះផលិតផលក្នុងស្រុកមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅឡើយ។

    ឯកឧត្ដមបានបញ្ជាក់ថា រដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច សន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ជំរុញការលើកកម្ពស់ផលិតផលកសិកម្ម ពាណិជ្ជកម្ម ការអភិវឌ្ឍតាមបែបវិបុលកម្ម បែបប្រពលវប្បកម្ម និងកសិ-ពាណិជ្ជកម្មតាមរយៈការដាំដុះដោយប្រើប្រាស់បច្ចេកទេសទំនើបដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារប្រកបដោយបរិមាណគុណភាព សុវត្ថិភាព និងស្តង់ដារ គឺជាកត្តាចម្បង។

    ហេតុដូច្នេះហើយទើបមានការរៀបចំផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពដើម្បីបង្កើនការយល់ដឹងអំពីបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពជាសកម្មភាពមួយជំរុញផលិតកម្មស្បៀងបង្កើនការយល់ដឹងអំពីសុវត្ថិភាពក្នុងចំណោមមហាជនអ្នកលក់-អ្នកទិញ និងអ្នកបរិភោគបន្លែទូទៅនិងជួយផ្សារភ្ជាប់ទំនាក់ទំនងទីផ្សាររវាងអ្នកផលិត និងខ្សែចង្វាក់អ្នកផលិត និងព័ត៌មានទីផ្សារនៃបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព។

    នេះជាឱកាសដែលកសិករអ្នកផលិតជួបជុំជជែកគ្នាពីតម្រូវការការផ្គត់ផ្គង់នៃផលិតផលដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នាទាំងសេដ្ឋកិច្ច និងសុខភាពក្នុងក្របខ័ណ្ឌធានាទីផ្សាររយៈពេលវែងប្រយោជន៍សម្រាប់កសិករលើកទឹកចិត្តក្នុងការផលិតលើកស្ទួយផលិតផលកសិកម្មរបស់ជាតិពិសេសការចូលរួមការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងតាមរយៈគោលការណ៍ទីផ្សារនៃបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលយើង។

    លោក ហ៊ាន វណ្ណហន ​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទធ្លាប់មាន​ប្រសាសន៍ថា​ កង្វះ​បន្លែ​ផ្គត់ផ្គង់​ក្នុង​ស្រុក​តម្រូវ​ឱ្យ​រដ្ឋាភិបាល ​និង​ប្រជាកសិករ​ខ្មែរ​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​បង្កើន​ផល​ដាំដុះ​ដើម្បី​ទប់​លំហូរ​ចូល​នៃ​បន្លែ​ពី​ប្រទេស​ក្បែរ​ខាង។

    រីឯលោក ចន្ទ សុផល បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់លោកថា បន្លែសម្រាប់ការ​ផ្គត់ផ្គង់​ក្នុង​ស្រុកនាពេលបច្ចុប្បន្នប្រជាកសិករបានបង្កើន​ការដាំដុះច្រើនជាងមុន។

  • សារធាតុអាហារល្អៗសម្រាប់កូនតូច ដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    សារធាតុអាហារល្អៗសម្រាប់កូនតូច ដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    ម៉ឺនុយអាហាររបស់កូនតូច ក្នុងមួយថ្ងៃៗតាំងពីវ័យ6ខែឡើងទៅ គួរបានទទួលសារធាតុអាហារ ដែលសម្បូរបែប។ អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំហើយមានឈ្មោះថាបន្លែផ្លែឈើ គឺពិតជាមានប្រយោជន៍ដល់រាងកាយខ្លាំងណាស់ តែបន្លែប្រភេទនីមួយៗ ពណ៌នីមួយៗសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អផ្សេងៗពីគ្នា។ តើកូនតូចរបស់អ្នកញ៉ាំបន្លែដែលមានពណ៌ផ្សេងៗគ្នានោះហើយនឹងបានទទួលសារធាតុសំខាន់អ្វីខ្លះ? ថ្ងៃនេះ ឡារ៉ែន នឹងញែកពណ៌របស់បន្លែផ្លែឈើជា 5ក្រុមពណ៌ ដើម្បីឱ្យអ្នកម្ដាយដឹងថា ក្នុងពណ៌នីមួយៗនោះផ្ដល់នូវសារធាតុអាហារល្អៗខុសប្លែកគ្នាយ៉ាងណាខ្លះ?

    1. បន្លែផ្លែឈើពណ៌បៃតង
    បន្លែ និងផ្លែឈើពណ៌បៃតងដែលអ្នកម្ដាយគួរនាំយកមកផ្សំធ្វើជាអាហារឱ្យកូន និងស័ក្តិសម សម្រាប់កូនមានដូចជា ប្រូខូលី ស្លឹកបាស ខាត់ណា ផ្ទី ផ្លែត្របែក ផ្លែទំពាំងបាយជូរបៃតង និងផ្លែប៉ោមពណ៌បៃតង។ល។ សារធាតុពណ៌ បៃតងនៅក្នុងបន្លែ និងផ្លែឈើទាំងនេះគឺខ្លូរ៉ូ ហ្វីល (Chlorophyll) មានគុណសម្បត្តិក្នុងការតតាំងការកើតមហារីកបានយ៉ាងល្អ។ បន្លែផ្លែឈើពណ៌បៃតងមានសារធាតុកាកសរសៃខ្ពស់ ជួយក្នុងរឿងបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយបន្ថយអាការប្រតិកម្មចាញ់ផ្សេងៗទៀតផង។ ពេលណាដែលកូនពិបាកក្នុងការបន្ទោបង់ ត្រូវរៀបចំមុខម្ហូបក្រុមនេះឱ្យញ៉ាំ។

    2. បន្លែផ្លែឈើពណ៌ក្រហម
    បន្លែ និងផ្លែឈើពណ៌ក្រហម ដែលអ្នកម្ដាយយកមកផ្សំជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងៗមានដូចជា ផ្លែស្រ្តបឺរី ប៉េងប៉ោះឃែនបឺរី ផ្លែទទឹម ឪឡឹក ល្ហុងទុំ។ល។ បន្លែផ្លែឈើពណ៌ក្រហមមានសារធាតុឡៃខូពីន (Lycopene) និងបេតាសៃស៊ីន (Betacycin) ដោយសារធាតុទាំង2ប្រភេទនេះមានចំណែកសំខាន់ក្នុងការ មើលឃើញរបស់ក្មេងតូចៗ ជួយតតាំងជំងឺមហារីកផ្សេងៗបានយ៉ាងល្អ និងសំខាន់គឺ មានគុណសម្បត្តិក្នុងការប្រឆាំងរ៉ាឌីកាល់សេរី។

    3. បន្លែផ្លែឈើពណ៌លឿង និងពណ៌លឿងទុំ
    ក្រុមពណ៌លឿង និងពណ៌លឿងទុំដែលអ្នកម្ដាយយកមកផ្សំជាម្ហូបអាហារឱ្យកូនញ៉ាំជាញឹកញាប់មានដូចជា មើមការ៉ុត ផ្លែល្ពៅ ផ្លែពោតមានសារធាតុសំខាន់ៗដូចជា លូធីន (Lutein) ជួយការពារភាពចុះខ្សោយរបស់ប្រសាទកញ្ចក់ប្រស្រីភ្នែក ជួយឱ្យមើលឃើញច្បាស់នៅពេល យប់ និងមានសារធាតុ បេតាឃែរ៉ូធីន (Betacarotene) ជួយបន្ថយកម្រិតលូលេស្តេរ៉ូល ជួយឱ្យសាច់ស្បែកភ្លឺរលោង បន្ថយភាពចុះខ្សោយរបស់កោសិកាដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។

    4. បន្លែផ្លែឈើពណ៌ស្វាយ
    បន្លែ និងផ្លែឈើពណ៌ស្វាយដែលអ្នកម្ដាយតែងនាំយកមកធ្វើជាម្ហូបអាហារឱ្យកូនញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ប្ល៊ែកបឺរី ប្ល៊ូបឺរី ស្ពៃក្ដោបពណ៌ស្វាយ ផ្លែទំពាំងបាយជូរពណ៌ស្វាយ មានសារធាតុ អ៊ែនថូសៃយ៉ានីន(Anthocyanin) មានគុណសម្បត្តិបំផ្លាញសារធាតុដែលបង្កឱ្យកើតមហារីក ជួយពង្រីកសរសៃឈាម ជួយបំប៉នសរសៃសក់ឱ្យខ្មៅក្រិបទៀតផង។

    5. បន្លែផ្លែឈើពណ៌ ស
    បន្លែ និងផ្លែឈើពណ៌សដែលអ្នកម្ដាយយកមកធ្វើជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ស្ពៃបូកគោ មើមឆៃថាវ ផ្កាស្ពៃ មើមខ្ទឹមស ផ្សិតម្ជុល និងគ្រាប់ល្ងស។ល។ បន្លែពណ៌សនេះនឹងផ្ដល់នូវសារធាតុ កាកសរសៃខ្ពស់ និងមានជារួមគឺ ប្រឆាំងរ៉ាឌីកាល់សេរី បង្កើនបរិមាណវីតាមីន E ក្នុងរាងកាយជាពិសេសក្រុមគ្រាប់ធញ្ញជាតិផ្ដល់នូវវីតាមីន និងប្រូតេអីុនខ្ពស់ល្អខ្លាំងណាស់សម្រាប់ក្មេង តូចៗ។

    បន្លែ និងផ្លែឈើ ជាអាហារដែលល្អចំពោះក្មេងតូចៗខ្លាំងណាស់ តែក្នុងអំឡុងអាយុតិចជាង12ខែ អ្នកម្ដាយត្រូវសង្កត់លើការចម្អិនឱ្យឆ្អិនដោយសារតែប្រព័ន្ធតតាំងជំងឺផ្សេងៗរបស់រាងកាយកូននៅមិនទាន់ល្អគ្រប់គ្រាន់ បើឱ្យញ៉ាំបន្លែស្រស់ៗ អាចនឹងមានការប្រឡាក់ប្រឡូសដោយសត្វល្អិត មេរោគបាក់តេរី សារធាតុពុលពីជីផ្សេងៗ ឬថ្នាំសម្លាប់សត្វល្អិតជាដើម ធ្វើឱ្យកើតបញ្ហាដល់ប្រព័ន្ធសុខភាពរបស់កូនតូចបាន។ គោលការណ៍បរិភោគរបស់កូនក្នុងគ្រប់អំឡុងវ័យ គឺគួរតែបានញ៉ាំអាហារដែលសម្បូរបែប និងគ្រប់5ប្រភេទក្រុមរៀងរាល់ថ្ងៃ៕

  • លាង​សម្អាត​បន្លែ ផ្លែឈើ​តាមរបៀប​នេះ នឹង​កាត់បន្ថយ​ជាតិគីមី​បាន​រហូតដល់ 92%​

    លាង​សម្អាត​បន្លែ ផ្លែឈើ​តាមរបៀប​នេះ នឹង​កាត់បន្ថយ​ជាតិគីមី​បាន​រហូតដល់ 92%​

    ក្រុម​អ្នកជំនាញ​ខាង​អនាម័យ​ចំណីអាហារ​អន្តរជាតិ បានធ្វើ​ការណែនាំ​ឱ្យធ្វើ​កា​រលាង​សម្អាត​បន្លែ ផ្លែឈើ​មុននឹង​នាំយកទៅ​ធ្វើជា​ម្ហូបអាហារ​ដោយ​វិធី​បែបងាយៗ និង​សន្សំសំចៃ​គឺ ត្រាំ​ទឹក​ទុកចោល 10 – 15 នាទី រួចហើយ​លាង​សម្អាត​ដោយ​ទឹក​ហូរ (បើកទឹក​ពី​ក្បាល​ចំពួយ​ដើម្បី​លាង) រយៈពេល 2 នាទី នឹង​ជួយ​កាត់បន្ថយ​សារធាតុ​គីមី ដែល​នៅជាប់​សេសសល់​លើ​បន្លែ​ផ្លែឈើ​ទាំង​នោះបាន​ច្រើន​ដល់​ទៅ 92 % ឯណោះ។

    ចំណុច​ណែនាំ​ក្នុងការ​ជ្រើសរើស​ទិញ​បន្លែស្រស់​ដែល​ស្អាត និង​សុវត្ថិភាព មាន​ដូចតទៅ…

    1 . ជ្រើសរើស​ទិញ​បន្លែស្រស់​ដែល​ស្អាត គ្មាន​ជាប់​ស្នាម​កំណ​កដី ឬ​ស្នាម-សៗរបស់​សារធាតុ​ថ្នាំ​កម្ចាត់​សត្វល្អិត ឬ​ក្លិនឈួល​ខុស​ប្រក្រតី និង​ជ្រើស​រើសយក​បន្លែស្រស់​ណា​ដែលមាន​ស្នាម​ខាំ​ស៊ី​របស់​ដង្កូវ និង​សត្វល្អិត។

    2 . ជ្រើសរើស​ញ៉ាំ​បន្លែ ផ្លែឈើ​តាម​រដូវ​កាល ដោយសារតែ​បន្លែ​ផ្លែឈើ​ដែល​ដាំ​បាន​តាម​រដូវ​កាល​មានឱកាស​រីកលូតលាស់​បានល្អ​ជាង​ក្រៅ​រដូវ​កាល ដែល​ធ្វើឱ្យ​មិនសូវមាន​ការប្រើ​សារធាតុ​គីមី និង​ជី​ប៉ុន្មាន​ឡើយ។

    3 . ជ្រើសរើស​បរិភោគ​បន្លែ​ដែល​ដាំ​ក្នុងភូមិ ដូចជា ម្ជុល​ភ្នំ ស្លឹក​ព្រិច ស្លឹករ​ងាង ត្រួយ​រាំង ត្រួយ​បន្លែ​ផ្អែម ស្លឹក​ញ ត្រួយ​ក​ន្ទុំ​ទេស ត្រួយ​អង្គារ​ដី ឬ​បន្លែ​ដែល​អាច​ដាំ​បាន​ដោយ​ខ្លួនឯងងាយ។

    4 . មិន​បរិភោគ​តែ​បន្លែ​ប្រភេទ​ណាមួយ​ជាប្រចាំ តែ​គួរ​បរិភោគ​ឱ្យបាន​ច្រើនយ៉ាង​ផ្លាស់ប្តូរ​គ្នា ដើម្បី​ទទួលបាន​ប្រយោជន៍​គ្រប់​ខាង​ផ្នែក​ភោជនាហារ និង​ចៀសវាង​ការទទួល​សារធាតុពុល។

    ទាំងអស់នេះ បើ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា បន្លែស្រស់ និង​ផ្លែឈើ​ដែល​ទិញ​មក​បរិភោគ​នោះ​មាន​សុវត្ថិភាព​ពីសារ​ធាតុគីមី​ឬក៏​អត់​នោះ? វិធី​លាង​សម្អាត​យ៉ាង​ត្រឹមត្រូវ​បែបងាយៗ និង​មាន​ប្រសិទ្ធភាព​នោះ គឺ​ការដាក់​ត្រាំ​ទឹក​ទុកចោល 10 – 15 នាទី រួចហើយ​លាង​ដោយ​ទឹក​ហូរ​រយៈពេល 2 នាទី​ទៀត។ វិធី​នេះ​ទទួលបាន​ការអះអាង​ដោយ​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកជំនាញ​ខាង​សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម​ថា អាច​លាងជម្រះ​សារធាតុ​គីមី និង​ជាតិ​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​នៅ​សេ​សល់​ជាប់​នឹង​បន្លែ ផ្លែឈើ​ស្រស់​ទាំង​នោះបាន​ច្រើន​ដល់​ទៅ 92 % ឯណោះ៕

  • រដ្ឋាភិបាលបញ្ចេញប្រាក់ 20លានដុល្លារ ជួយលើវិស័យបន្លែ ដើម្បីកាត់បន្ថយការនាំចូល

    រដ្ឋាភិបាលបញ្ចេញប្រាក់ 20លានដុល្លារ ជួយលើវិស័យបន្លែ ដើម្បីកាត់បន្ថយការនាំចូល

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម បានបញ្ចេញទឹកប្រាក់ 20លានដុល្លារ លើគម្រោងដាំដុះបន្លែក្នុងស្រុកគ្មានជាតិគីមី ដើម្បីកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។

    លោក គៀន សុភា អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី7 មិថុនានេះថា បច្ចុប្បន្នបញ្ហាបន្លែ និងផ្លែឈើ ដែលប្រជាពលរដ្ឋបានធ្វើការដាំដុះយកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមានការខ្វះខាតជាច្រើន។ ជាមូលដ្ឋាន គឺដោយសារការដាំដុះបន្លែរបស់ប្រជាពលរដ្ឋមានបច្ចេកទេសអន់ថយ ពោលគឺដោយសារការដាំដុះរបស់ពួកគាត់បច្ចុប្បន្នធ្វើទៅតាមទម្លាប់ ដូចជាការរែកទឹកស្រោចជាដើម។ ប្រជាពលរដ្ឋជាង 2ពាន់នាក់នៅក្នុងខេត្តគោលដៅចំនួន 8 នឹងក្លាយជាកសិករគំរូក្នុងការអនុវត្តកសិកម្មល្អ លើទិសដៅជំរុញផលិតកម្មបន្លែឲ្យបាន 160តោនក្នុងមួយថ្ងៃ ដើម្បីធ្វើការផ្គត់ផ្គង់នៅតាមទីផ្សារ។

    លោកបន្តថា រាជរដ្ឋាភិបាលបានផ្តល់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលគម្រោងអនុវត្តន៍ដោយផ្ទាល់នូវទឹកប្រាក់ 20 លានដុល្លារ សម្រាប់ការជំរុញការផលិតបន្លែសុវត្ថិភាពជំនួសការនាំចូល និងគម្រោងផលិតពូជស្រូវក្រអូប ដែលជាពូជស្រូវសុទ្ធសម្រាប់ការនាំចេញផងដែរ។

    ក្នុងនោះសម្រាប់គម្រោងដាំបន្លែវិញ ក្រសួងបានជ្រើសយកខេត្តគោលដៅចំនួន8 គឺខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប ដោយមានប្រជាកសិករចូលរួមចំនួន 2,060 នាក់ ដែលបច្ចុប្បន្នប្រជាកសិករទាំងនោះ កំពុងទទួលបានការបណ្តុះបណ្តាលនៅក្នុងជំនាញដាំដុះ ដើម្បីក្លាយជាកសិករគំរូ ក្នុងការអនុវត្តកសិកម្មល្អ លើទិសដៅជំរុញការផ្គត់ផ្គង់ឲ្យបាន 160 តោនក្នុងមួយថ្ងៃ ខណៈដែលទីផ្សារសព្វថ្ងៃកំពុងខ្វះខាតបន្លែ ។

    លោក គៀន សុភា បានថ្លែងឲ្យដឹងទៀតថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងរៀបចំផែនការថ្មីមួយទៀតផងដែរ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពជាប្រព័ន្ធប្រឡាយសម្រាប់ធ្វើការដាំដុះបន្លែ ដើម្បីជំរុញការផ្គត់ផ្គង់បន្លែ និងផ្លែឈើសុវត្ថិភាព ឲ្យបានគ្រប់គ្រាន់នាពេលខាងមុខ ដើម្បីបម្រើទីផ្សារក្នុងស្រុកផងដែរ៕