Tag: បញ្ហា

  • 5 មូលហេតុនៃការរលូតបុត្រដែលស្រ្តីមានគភ៌ត្រូវដឹង

    5 មូលហេតុនៃការរលូតបុត្រដែលស្រ្តីមានគភ៌ត្រូវដឹង

    និយាយអំពីរឿងរបស់សភាវរលូតបុត្របន្ទាប់ពីការតាំងគភ៌ មិនថាបណ្ដាលមកពីមូលហេតុអ្វីក៏ដោយ គឺសុទ្ធតែជារឿងដ៏គួរឱ្យសោកសៅ និងអាណិតចំពោះស្រ្តីមានផ្ទៃពោះជាខ្លាំង។ អ្នកខ្លះដែលតាំងសេចក្ដីសង្ឃឹមខ្លាំង ក៏អាចនឹងខូចចិត្តសោកស្ដាយដល់ថ្នាក់ញ៉ាំមិនបានគេងមិនលក់ លំបាកដល់ក្រុមគ្រួសារត្រូវនៅចាំមើលថែទាំយ៉ាងជិតដិត ទាំងដែលខាងផ្នែកវេជ្ជសាស្រ្តវិញ សភាវរលូតបុត្រអាចកើតឡើងបានដោយឯកឯង មិនពាក់ព័ន្ធនឹងឧប្បត្តិហេតុ ឬភាពភ្លាំងភ្លាត់របស់ស្រ្តីមានគភ៌ឡើយ ហើយខាងក្រោមនេះគឺជាមូលហេតុនៃការរលូតបុត្រដែលគេអាចជួបប្រទះញឹកញាប់បំផុតក្នុងពេលបច្ចុប្បន្ន។

    1 . ឆ្លងមេរោគបាក់តេរី និងមេរោគវីរុស

    ជាប្រក្រតី នៅពេលទៅពិនិត្យគភ៌លើកដំបូង ពេទ្យតែងតែពិនិត្យរកមើលជំងឺកាមរោគ ឬជំងឺដែលឆ្លងតាមរយៈការមានភេទសម្ព័ន្ធមុនគេបង្អស់ ជាពិសេសមេរោគនៃជំងឺស្វាយ មេរោគវីរុសរលាកថ្លើមប្រភេទ B និងC ដែលអាចហុចផលឱ្យកើតគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃបាន ដូចជាធ្វើឱ្យសាច់ភ្នាសក្នុងស្បូនមានបញ្ហារហូតតួកំណើតមិនអាចចម្រើនធំធាត់តទៅទៀតបាន ឬបើតួកំណើតចម្រើនធំធាត់បាន តែក៏មានផលប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធប្រសាទរបស់ទារក ធ្វើឱ្យពេទ្យត្រូវតែសម្រេចចិត្តបញ្ឈប់ការតាំងគភ៌នៅពេលក្រោយ។

    2 . ភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូម

    សម្រាប់មូលហេតុនៃការរលូតបុត្រក្នុងចំណុចនេះ អាចរាប់បានថា គួរឱ្យអាណិតជាទីបំផុត ព្រោះគ្មានអ្នកណាអាចដឹងមុនបានឡើយថា តើក្រូម៉ូហ្សូមមួយគូណាដែលនឹងកើតមានភាពខុសប្រក្រតីនោះទេ? និងនៅពេលដឹងហើយក៏មិនអាចកែខៃអ្វីបានទាំងអស់។ សម្រាប់សភាវរលូតបុត្រវិញ ច្រើនបណ្ដាលមកពីការដែលក្រូម៉ូហ្សូមមិនអាចតម្រៀបខ្លួនតគ្នាបាន តែបើសិនក្រូម៉ូហ្សូមគូខ្លះមានបញ្ហាខ្វះ ឬលើស ក៏នឹងហុចផលឱ្យកើតភាពខុសប្រក្រតីដែលក៏ជាមូលហេតុឱ្យពេទ្យត្រូវបញ្ឈប់ការតាំងគភ៌ដូចគ្នាដែរ។

    3 . ជក់បារី ញ៉ាំភេសជ្ជៈជាតិអាល់កុល និងសេពគ្រឿងញៀន

    ជារឿងដែលទាំងអស់គ្នាបានដឹងច្បាស់ហើយថា ទង្វើទាំងនេះមានភាពប្រថុយប្រថានក្នុងការធ្វើឱ្យស្រ្តីមានផ្ទៃពោះកើតសភាវរលូតបុត្របានខ្ពស់ណាស់ ជាពិសេសក្នុងអំឡុងពេល 3ខែដំបូង។ ការពិតទៅ មិនចាំបាច់ថា ត្រូវតែសេពចូលទៅដោយផ្ទាល់ប៉ុណ្ណោះទេ ព្រោះមានស្រ្តីមានផ្ទៃពោះជាច្រើនដែលធ្វើការនៅក្នុងបន្ទប់ប្រតិបត្តិការផ្សេងៗដែលមានសារធាតុពុលមួយចំនួនដែលស្រដៀងនឹងថ្នាំញៀន រួមទាំងជាតិអាល់កុលប្រភេទខ្លះផងជាប់រហូត ក៏បណ្ដាលឱ្យកើតសភាវរលូតបុត្រអស់ជាច្រើននាក់រួចមកហើយដែរ ។

    4 . ស្បូនខុសប្រក្រតី

    បញ្ហាស្បូន និងមាត់ស្បូនរបស់ស្រ្តីមានផ្ទៃពោះដែលខុសប្រក្រតីមកពីកំណើត ឬខុសប្រក្រតីដោយសារសភាវមួយចំនួន ក៏ធ្វើឱ្យកើតសភាវរលូតបុត្របានដែរ ដោយសារតែតួកំណើតមិនអាចបង្កប់ខ្លួន ឬចម្រើនធំធាត់បានយ៉ាងល្អហ្នឹងឯង។

    5 . រោគប្រចាំកាយរបស់ស្រ្តីមានផ្ទៃពោះ

    រោគមួយចំនួន ដូចជារោគទឹកនោមផ្អែម រោគក្រពេញថៃរ៉យដ៍មានជាតិពុល អាចធ្វើឱ្យកើតសភាវរលូតបុត្របាន បើមិនបានទទួលការព្យាបាលឱ្យជាដាច់មុនពេលតាំងគភ៌ទេនោះ។

    នៅពេលដឹងថា ចាប់ផ្ដើមតាំងគភ៌ ហើយមិនចង់ប្រថុយប្រថាននឹងសភាវរលូតបុត្រដែលអាចកើតឡើងបានគ្រប់ពេលនោះ ក៏គួរតែប្រញាប់ទៅពិនិត្យគភ៌ជាមួយគ្រូពេទ្យជំនាញឱ្យបានលឿនបំផុត ដើម្បីនឹងបានពិនិត្យរកមើលភាពខុសប្រក្រតីណាមួយ និងការពារសភាវរលូតបុត្របានទាន់ពេលវេលា៕

  • ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

    ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

    ឪពុកម្ដាយ ជាមនុស្សដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការអប់រំបណ្ដុះគំនិតនិស្ស័យ និងបុគ្គលិកលក្ខណៈដល់កូន ជាពិសេសក្នុងអំឡុងបឋមវ័យដែលក្មេងនឹងជ្រួតជ្រាបយកអ្វីៗគ្រប់យ៉ាង ទាំងពាក្យសម្ដី ទង្វើ រួមទាំងអ្វីៗដែលឪពុក និងម្ដាយ ឬអ្នកចិញ្ចឹមថែទាំបានធ្វើចំពោះរូបគេ។ នៅពេលកូនធំធាត់ឡើង បទពិសោធក្នុងវ័យកុមារ ក៏នឹងហុចផលដល់ទស្សនគតិ និងទង្វើរបស់គេនៅពេលធំឡើង ដូច្នេះហើយទើបយើងត្រូវដឹងថា តើយើងគួរស្រឡាញ់កូន និងនៅរង់ចាំជួយគេដោយរបៀបយ៉ាងណានោះ។

    ការចិញ្ចឹមកូន និងស្រឡាញ់កូនដែលត្រឹមត្រូវនេះ ត្រូវចាប់ផ្ដើមពីចិត្តគំនិតរបស់ឪពុកម្ដាយជាមុន។ ឪពុកម្ដាយដែលល្អគួរធ្វើខ្លួនឱ្យដូចជាមិត្តភ័ក្ដិដ៏ល្អរបស់កូន ស្ថិតនៅក្បែររូបគេជានិច្ច។ ឪពុកម្ដាយជាច្រើនស្រឡាញ់កូនខ្លាំង រហូតពេលខ្លះខ្លាចកូនលំបាក ខ្លាចកូនហត់ ខ្លាចកូនឈឺ រហូតដល់គិត ឬធ្វើជំនួសកូនគ្រប់សព្វបែបយ៉ាង ក្លាយជាថា នៅពេលកូនធំឡើងកូនក៏ក្លាយជាក្មេងដែលអាត្មានិយម ប្រើតែអារម្មណ៍(មិនចេះគិត) ឬជាក្មេងដែលឌឺរឹង ដែលអ្វីទាំងអស់នេះមិនមែនជារឿងល្អប៉ុន្មានឡើយ។ ឪពុកម្ដាយគួរតែដឹងពីតម្រូវការរបស់កូនថា ក្នុងអំឡុងវ័យនីមួយៗរបស់កូនហ្នឹង ធម្មជាតិរបស់ក្មេងនឹងត្រូវការអ្វីខ្លះ?។

    ខាងក្រោមនេះគឺជាតម្រូវការរបស់ក្មេងតាមអំឡុងវ័យ

    អំឡុងអាយុ និងអ្វីដែលកូនត្រូវការ និងអ្វីខ្លះដែលឪពុកម្ដាយគួរតែប្រតិបត្តិចំពោះកូន ៈ

    វ័យទើបកើតដំបូង ៈ កូនត្រូវការការមើលថែទាំយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់ថ្នាក់ថ្នម ក្ដីបារម្ភ ដូច្នេះហើយទើបឪពុកម្ដាយគួរតែចេះនិយាយ ឬលេងជាមួយកូនដើម្បីឱ្យកូនមានអារម្មណ៍ថា មានសុវត្ថិភាព និងបានទទួលសេចក្ដីស្រឡាញ់។

    អំឡុងវ័យចេះលូនវារ ៈ កូនកំពុងហ្វឹកហាត់អភិវឌ្ឍរាងកាយ អាចនឹងមានរពឹសនៅមិនស្ងៀមខ្លះដែរ(ដូចជា ចូលចិត្តវារទៅនេះទៅនោះ)។ ឪពុកម្ដាយគួរឱ្យកូនសាកល្បងធ្វើ សាកល្បងលូនវារ និងផ្ដល់ពេលវេលាឱ្យកូន លេងជាមួយកូន ផ្ដល់កម្លាំងចិត្តដល់កូនក្នុងការអភិវឌ្ឍរាងកាយ។

    អំឡុងវ័យហាត់ឈរ ៈ ក្នុងវ័យនេះ កូនត្រូវការចង់ហាត់ក្រោកឈរដោយខ្លួនឯង ចូលចិត្តតោងរបស់នេះរបស់នោះដើម្បីលើកខ្លួនឯងឡើង(ព្យាយាមឈរឱ្យបាន)។ ឪពុកម្ដាយគួរយកចិត្តទុកដាក់ថែទាំ និងនៅចាំជួយជិតៗឱ្យកូនបានហាត់ឈរ និងអភិវឌ្ឍសាច់ដុំផ្សេងៗ។

    អំឡុងពេលចាប់ផ្ដើមដើរ ៈ នៅពេលកូនអាចដើរដោយខ្លួនឯងបាន ឪពុកម្ដាយគួរឱ្យកូនហាត់ដើរដោយខ្លួនឯង អាចនឹងដឹកដៃកូនដើរលេងនៅលើវាលស្មៅខាងមុខផ្ទះ ឬតាមសួនច្បារសាធារណៈ។ កុំសូវបី ឬពកូនទៀត តែឱបថើបកូនឱ្យច្រើនឡើង។

    ពេលចាប់ផ្ដើមចូលរៀនសាលាមត្តេយ្យ ៈ កូននឹងចាប់ផ្ដើមចង់ធ្វើអ្វីៗដោយខ្លួនឯង ដូចជាដួសបាយញ៉ាំខ្លួនឯង ញ៉ាំទឹកខ្លួនឯង ជាដើម។ល។ ឪពុកម្ដាយគួរបណ្ដោយឱ្យកូនបានហាត់ធ្វើដោយខ្លួនឯង ទោះជាប្រឡាក់ប្រឡូសខ្លះ ក៏ត្រូវតែបណ្ដោយដែរ និងបង្ហាត់បង្រៀនជាបណ្ដើរៗថា តើត្រូវធ្វើយ៉ាងណាខ្លះ។ មិនគួរប្រញាប់បង្ខំឱ្យកូនត្រូវតែទៅរៀនយល់ដឹងរឿងនេះរឿងនោះតាមដែលឪពុកម្ដាយចង់ឱ្យកូនចេះនោះឡើយ។

    នៅពេលកូនចូលរៀនបឋមសិក្សា ៈ កូននឹងចូលចិត្តលេង មានកិច្ចការងារជាមួយពួកម៉ាកមិត្តភ័ក្តិជាច្រើន។ ឪពុកម្ដាយគួរបណ្ដោយឱ្យកូនលេង និងផ្ដល់កម្លាំងចិត្តក្នុងកិច្ចការងារផ្សេងៗដែលគេមានចំណែករួម។ ឪពុកម្ដាយគួរធ្វើខ្លួនឱ្យដូចពួកម៉ាក បើកូនត្រូវការឱ្យឪពុកម្ដាយចូលរួមក្នុងកិច្ចការងារណាមួយផងដែរនោះ។

    នៅពេលកូនចូលអនុវិទ្យាល័យ ៈ សាកល្បងបណ្ដោយឱ្យកូនមានឥស្សរភាពខាងការគិត បង្ហាត់ឱ្យកូនសាកល្បងពិចារណាពីហេតុផល និងឪពុកម្ដាយត្រូវទទួលស្ដាប់នូវអ្វីដែលកូននិយាយ និងរឿងដែលកូនគិតឱ្យបានច្រើន កុំយកគំនិតរបស់ខ្លួនឯងជាគោល។ បើកូនត្រូវការធ្វើកិច្ចការងារ ឬធ្វើអ្វីមួយ បើជារឿងដែលមិនបង្កគ្រោះថ្នាក់ ឪពុកម្ដាយគួរផ្ដល់កម្លាំងចិត្ត និងនៅចាំធ្វើជាទីប្រឹក្សាដល់កូន។

    នៅពេលកូនឡើងវិទ្យាល័យ ៈ កូននឹងមានគំនិតជារបស់ខ្លួនឯង ចង់រួមក្រុមជាមួយមិត្តភ័ក្តិ ឬទៅណាមកណាជាមួយមិត្តភ័ក្តិកាន់តែច្រើនឡើង។ បើឪពុកម្ដាយមើលថែទាំកូន ធ្វើខ្លួនជាមិត្តដ៏ល្អរបស់កូនមកតាំងពីដំបូង កូននឹងមិនស្រឡាញ់មិត្តភ័ក្តិរហូតដល់ភ្លេចឪពុកម្ដាយនោះទេ ដូច្នេះឪពុកម្ដាយគួរតែនៅតែធ្វើខ្លួនជាមិត្តល្អ ជាទីប្រឹក្សា នៅចាំគាំទ្រ និងលើកទឹកចិត្តកូនជានិច្ច។ កុំធ្វើខ្លួនជាអ្នកកំណត់ជោគជតាជីវិតរបស់កូន ឬហាមធ្វើរឿងនេះ ហាមធ្វើរឿងនោះ។ ការចិញ្ចឹមមើលថែកូនក្នុងវ័យនេះ ត្រូវប្រើការនិយាយស្ដីដោយហេតុ និងផល កុំប្រើអារម្មណ៍មួម៉ៅខឹងសម្បាឱ្យសោះ។

    នៅពេលកូនចូលរបងមហាវិទ្យាល័យ ៈ កូននឹងបានជួបសង្គមដែលកាន់តែធំឡើង បញ្ហាផ្សេងៗក៏នឹងមានច្រើនឡើងដែរ។ ឪពុកម្ដាយគួរខ្លួនធ្វើជាទីប្រឹក្សា ជជែកនិយាយពិភាក្សាគ្រប់រឿងជាមួយកូន។ នៅធ្វើជាកម្លាំងចិត្តដល់កូន កុំឱ្យកូនមានអារម្មណ៍ថា ត្រូវរងសម្ពាធពីសេចក្ដីសង្ឃឹមរបស់ឪពុកម្ដាយ តែគួរធ្វើឱ្យកូនបានដឹងថា ប៉ាម៉ាក់នៅចាំធ្វើជាកម្លាំងចិត្តដល់កូនជានិច្ច។

    នៅពេលឪពុកម្ដាយបានដឹងពីតម្រូវការគោលៗរបស់កូនក្នុងវ័យនីមួយៗហើយ ឪពុកម្ដាយក៏អាចត្រៀមខ្លួនឯងឱ្យព្រមរួចជាស្រេចបានយ៉ាងត្រឹមត្រូវដែរ ហើយកូនរបស់យើងក៏នឹងធំធាត់ឡើងក្លាយជាមនុស្សល្អ មានសភាវអារម្មណ៍ និងចិត្តគំនិតដែលល្អ ដែលទាំងអស់នោះប្រហែលជាអ្វីដែលឪពុកម្ដាយគ្រប់រូបរំពឹងសង្ឃឹមចង់ឱ្យកូនរបស់ខ្លួនក្លាយជាបែបហ្នឹងដូចគ្នា៕

  • អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    បន្ទាប់ពីសភាវប្រសូតបុត្រកន្លងផុតទៅយ៉ាងល្អប្រសើរហើយនោះ បញ្ហាដែលអ្នកម្ដាយច្រើនតែកង្វល់ចិត្តជាពិសេសប្រហែលៗនឹងការចិញ្ចឹមកូនដែរនោះ គឺរឿងរូបរាងរបស់ខ្លួន រឹតតែបើអ្នកម្ដាយណាពូកែញ៉ាំក្នុងអំឡុងពេលតាំងគភ៌ផងនោះ គឺរឹតតែមានឱកាសក្នុងការកើតដុំខ្លាញ់នៅតាមផ្នែកផ្សេងៗរបស់រាងកាយដែលនៅសេសសល់ក្រោយពីការប្រសូតបុត្រ ដែលនាំឱ្យមិនគួរចង់មើលទាល់តែសោះ តែក៏មិនដឹងថានឹងសម្រកទម្ងន់ក្រោយពេលប្រសូតនេះយ៉ាងណាដែរ។ ញ៉ាំថ្នាំសម្រកទម្ងន់ តើល្អដែរទេ? តើញ៉ាំហើយនឹងហុចផលយ៉ាងណាខ្លះទៅ?។ ថ្ងៃនេះ ឡារ៉ែនសូមលើកយករឿងរ៉ាវរបស់ការបញ្ចុះទម្ងន់ក្រោយពេលប្រសូតដែលទទួលបានផលល្អបំផុត និងមិនមានគ្រោះថ្នាក់ មកជម្រាបជូនដូចតទៅ។

    ហេតុអ្វីបានមិនគួរញ៉ាំថ្នាំបញ្ចុះទម្ងន់ក្រោយពេលប្រសូត?

    ត្រូវនាំគ្នាទទួលស្គាល់បែបពិតប្រាកដឱ្យបានជាមុនសិនថា អ្នកម្ដាយថ្មោងថ្មី(មានកូនដំបូង)ប្រហែលជាមានអារម្មណ៍មិនចូលចិត្តរូបរាងរបស់ខ្លួនក្រោយពេលប្រសូតបុត្រហើយប៉ុន្មានទេ។ អ្នកខ្លះក៏ខ្លាចថា ប្ដីនឹងលែងស្រឡាញ់ ហើយលួចទៅមានស្រីថ្មី(អ័រម៉ូនកង្វល់នៅតែប្រែប្រួលឥតឈប់ឈរ) ទើបជាហេតុធ្វើឱ្យលបលួចទៅទិញថ្នាំបញ្ចុះទម្ងន់សម្រករាងមកទទួលទាន ដើម្បីឱ្យមានរូបរាងស្វែលស្អាតដូចកាលពីមុនពេលមានគភ៌ជាថ្មីម្ដងទៀត។ តែពេលញ៉ាំចូលទៅហើយ ភាគច្រើននឹងមានអារម្មណ៍ថា ញ័រដើមទ្រូង វិលមុខ គេងមិនលក់ អ្នកខ្លះអាចដល់ថ្នាក់គាំងបាត់ស្មារតីតែម្ដងក៏មាន។ បើសិនមានការបំបៅដោះកូនដោយខ្លួនឯងផងនោះ ក៏មានឱកាសដែលឥទ្ធិពលថ្នាំប្រភេទខ្លះនឹងទៅប៉ះពាល់ដល់ទារកដូចគ្នា និងអាចហុចផលឱ្យកើតមានភាពខុសប្រក្រតីនៅលើកូនតូចបានទៀតផង។ ដូច្នេះទើបមិនគួរទិញថ្នាំសម្រករាង ឬថ្នាំបញ្ចុះទម្ងន់មកទទួលទានដោយខ្លួនឯងជាដាច់ខាត មិនថាមានសេចក្ដីត្រូវការក្នុងការបញ្ចុះទម្ងន់ក្រោយពេលប្រសូតខ្លាំងប៉ុនណាក៏ដោយ។

    វិធីបញ្ចុះទម្ងន់ក្រោយពេលប្រសូតយ៉ាងមានសុវត្ថិភាព និងទទួលបានលទ្ធផលល្អ

    1 . បំបៅដោះកូន ៈ គឺជាវិធីដែលងាយបំផុត និងល្អបំផុតទាំងចំពោះខ្លួនអ្នកម្ដាយ និងកូនតូច។ ហេតុដែលការបំបៅដោះកូនអាចបញ្ចុះទម្ងន់បាននោះ គឺដោយសារតែក្នុងដំណាក់កាលការសាងទឹកដោះនឹងមានការទាញយកជាតិខ្លាញ់ក្នុងផ្នែកផ្សេងៗរបស់រាងកាយម្ដាយមកប្រើធ្វើជាចំណែកផ្សំចម្បង ទើបធ្វើឱ្យទម្ងន់ខ្លួនរបស់ម្ដាយអាចស្រកចុះបានយ៉ាងមើលឃើញច្បាស់តែម្ដង។ ចំណែកឯកូនតូចវិញក៏នឹងបានទទួលប្រយោជន៍ក្នុងរឿងរបស់សារធាតុអាហារ និងភាពប្រឆាំងជំងឺរបស់រាងកាយផងដែរ។

    2 . ហាត់ប្រាណ ៈ គ្មានវិធីណាដែលនឹងជួយបញ្ចុះទម្ងន់បានល្អស្មើនឹងការហាត់ប្រាណទៀតទេ។ ទោះជាទើបតែប្រសូតបុត្រ និងរាងកាយនៅមិនទាន់សូវស្រួលបួលប៉ុន្មានក៏ដោយ ក៏អាចចាប់ផ្ដើមដោយការហាត់ប្រាណតិចៗ ស្រាលៗសិនបាន ដូចជា ធ្វើការងារផ្ទះ ការដើរហាត់ប្រាណ និងហ្វឹកយ៉ូហ្កា ជាដើម។

    3 . ចៀសវាងអាហារដែលមានខ្លាញ់ និងអាហារដែលគ្មានប្រយោជន៍ ៈ អ្នកម្ដាយមួយចំនួន នៅពេលប្រសូតបុត្រហើយ ក៏ប្រញាប់ទទួលទានអាហារច្រើនៗប្រភេទដែលខ្លួនចង់ញ៉ាំដោយមិនបានចាប់អារម្មណ៍ពីបរិមាណជាតិខ្លាញ់ និងកាឡូរីដែលខ្លួនបានទទួលឡើយ ទើបមិនមែនជារឿងប្លែកឡើយដែលទម្ងន់ខ្លួនមិនព្រមស្រកចុះនោះ។

    អ្នកម្ដាយថ្មោងថ្មីដែលកំពុងស្វែងរកវិធីបញ្ចុះទម្ងន់ខ្លួនក្រោយពេលប្រសូតបុត្ររួច ក៏អាចនាំយកវិធីផ្សេងៗដែលឡារ៉ែនបានណែនាំខាងលើទៅប្រើបានភ្លាមតែម្ដង។ ហាមទិញថ្នាំបញ្ចុះទម្ងន់(ភាពធាត់)មកទទួលទានដោយខ្លួនឯងជាដាច់ខាត ព្រោះអាចហុចផលឱ្យកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងអ្នកម្ដាយខ្លួនឯង និងកូនតូចបាន៕

  • …ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

    …ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

    តើលោកឪពុកអ្នកម្ដាយធ្លាប់បានឮពាក្យសម្ដីប្រហាក់ប្រហែលនេះចេញពីមាត់កូនៗដែរទេ?

    “អត់ទេ”

    “កូនធ្វើអត់បានទេ”

    “វាពិបាកធ្វើណាស់”

    “កូនមិនដឹងថា វាត្រូវធ្វើយ៉ាងម៉េចទេ”

    “ម៉ាក់ជួយធ្វើឱ្យកូនបន្តិចបានទេ”

    ពេលខ្លះកូននឹងមានពាក្យសម្ដីបែបនេះក្នុងពេលដែលត្រូវធ្វើរឿងអ្វីថ្មីៗ ក្មេងមានអារម្មណ៍ថាវាពិបាក ខ្លាចថាធ្វើមិនបាន ដែលទោះជាមនុស្សចាស់ជួយលើកទឹកចិត្តឱ្យសាកល្បងធ្វើលមើលយ៉ាងណា តែជួនកាលក្មេងក៏នៅតែរួញរាមិនចង់ធ្វើដដែល និងញឹកញាប់ណាស់ដែលមនុស្សចាស់កាត់ក្ដីរំខានចិត្តដោយការធ្វើជំនួសឱ្យតែម្ដង។

    ក្មេងៗជាច្រើនមានសមត្ថភាព សតិបញ្ញាល្អ តែខ្វះក្ដីព្យាយាមបន្តិច។ ក្ដីព្យយាម គឺជារឿងសំខាន់ រឹតតែក្នុងយុគសម័យដែលអ្វីៗក៏ងាយស្រួលសប្បាយនោះ ក្មេងៗភាគច្រើនពេលជួបការងារដែលពិបាក ក៏នឹងរួញរា និងមិនចង់ធ្វើ។ សេចក្ដីព្យាយាម គឺជារឿងដែលយើងត្រូវប្រើរហូតមួយជីវិត ដូចជាពេលរៀន ដែលនៅពេលថ្នាក់កាន់តែខ្ពស់ឡើង មុខវិជ្ជាក៏កាន់តែពិបាកឡើងជារឿយៗ ឬពេលធំក្លាយជាមនុស្សធំហើយជួបនឹងបញ្ហា បើសិនជាខ្វះក្ដីពុះពារព្យាយាម ជីវិតប្រហែលជាកាន់តែលំបាកខ្លាំងឡើងមិនខាន។

    នៅក្នុងជីវិតពិត គឺជារឿងមិនអាចទៅរួចឡើយដែលនឹងមានមនុស្សជាឪពុកម្ដាយនៅតាមមើលថែ និងតាមជួយរហូតតទៅនោះ ដូច្នេះហើយទើបសុភាសិតដែលថា “ខ្លួនទីពឹងខ្លួន” គឺជារឿងចាំបាច់។ ឪពុកម្ដាយត្រូវមានចិត្តរឹងប៉ឹងគួរសម កុំជួយកូនគ្រប់តែរឿង ចូរឱ្យកូនសាកល្បងធ្វើដោយខ្លួនឯង និងដែលសំខាន់ គឺឪពុកម្ដាយត្រូវធ្វើជាគំរូ ដោយត្រូវមានក្ដីព្យាយាមក្នុងការធ្វើអ្វីក៏ដោយ ដែលទោះជាវាពិបាកប៉ុនណាក៏ត្រូវតែសម្ដែងចេញមកថា ខ្លួនមានការតាំងចិត្ត និងព្យាយាមដែរ និងទោះជាធ្វើហើយ មិនទទួលបានជោគជ័យ ក៏ត្រូវតែកោតសរសើរកូនចំពោះការព្យាយាម មិនមែនសម្លឹងតម្រង់ទៅរកតែលទ្ធផលដែលចេញមកនោះទេ។

    សាកល្បងឱ្យកូនៗបានធ្វើអ្វីដោយខ្លួនឯង ដូចជាការចេះជួយខ្លួនឯងដែលគេអាចធ្វើបានទៅតាមវ័យ ឱ្យកូនៗបានរៀនយល់ដឹងខ្លះ តែក៏កុំភ្លេចថា បើកូនខំព្យាយាមហើយ នៅតែធ្វើមិនបានទៀតនោះ កម្លាំងចិត្តពីឪពុកម្ដាយគឺជារឿងដែលកូនៗត្រូវការបំផុត ប្រៀបដូចជាស្បៀងដែលធ្វើឱ្យកូនមានភាពរឹងមាំខាងផ្លូវចិត្តតទៅទៀតនៅពេលធំឡើង។ ព្រោះថា បើកូនជាក្មេងឆ្លាត តែបើគេខ្វះការព្យាយាម អ្វីៗក៏គង់ពិបាកមិនខាន។

    ព្រោះក្នុងជីវិតពិត មានបទសាកល្បងជាច្រើនដែលមិនអាចឆ្លងឱ្យផុតបានដោយភាពឆ្លាតវៃតែម្យ៉ាងនោះទេ តែត្រូវមានក្ដីក្លាហាន ក្ដីព្យាយាម និងភាពរឹងប៉ឹងខាងផ្លូវចិត្តជាមូលដ្ឋានផងដែរ៕

  • បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    ពិបាកចិត្តណាស់ កូនសម្លាញ់អត់ជុះច្រើនថ្ងៃមកហើយ តើកូនតូចកើតអីទៅ? តើមានវិធីណាធ្វើឱ្យកូនត្រឡប់មកបន្ទោបង់ដូចប្រក្រតីឡើងវិញខ្លះ សូមអ្នកម្ដាយថ្មោងថ្មីទាំងឡាយតាមដានដូចតទៅ។

    ទារកតាំងពីកើតដំបូង នឹងមានវិវឌ្ឍនាការ និងការរីកចម្រើនធំធាត់ក្នុងផ្នែកផ្សេងៗរបស់រាងកាយជារៀងរាល់ថ្ងៃ មិនថាតែប្រព័ន្ធខួរក្បាល និងសរសៃប្រសាទ ប្រព័ន្ធឆ្អឹង និងសាច់ដុំ រួមទាំងប្រព័ន្ធបន្ទោបង់ក៏មានការប្រែប្រួល និងភាពខុសប្លែកគ្នាទៅតាមអំឡុងវ័យនីមួយៗ រួមទៅដល់បច្ច័យផ្សេងៗ ដូចជាសារធាតុអាហារដែលបានទទួលក៏ហុចផលដល់ប្រព័ន្ធផ្សេងៗរបស់រាងកាយដូចគ្នា។ ឧទាហរណ៍ ដូចជា ទារកដែលបោះទឹកដោះម្ដាយនឹងជួយឱ្យបន្ទោបង់បានស្រួល ជុះញឹកញាប់ តែបើថ្ងៃណាដែលកូនតូចមិនបន្ទោបង់ដូចប្រក្រតីវិញនោះ លោកឪពុកអ្នកម្ដាយក៏មិនបាច់កង្វល់អ្វីដែរ ព្រោះការពិតទៅ ទាំងអស់នេះគឺជាធម្មជាតិរបស់ប្រព័ន្ធបន្ទោបង់នៅលើក្មេងទារកដែលមានលក្ខណៈដូចតទៅនេះ ៖

    ប្រព័ន្ធបន្ទោបង់របស់ទារក

    នៅលើទារកទើបប្រសូត តាំងពី 1 – 48 ម៉ោង នឹងមានការបន្ទោបង់ទឹកមូត្រ និងលាមកលើកដំបូងបំផុតរបស់ខ្លួនដែលហៅថា លាមកប្រផេះ មានលក្ខណៈពណ៌ខ្មៅលាយខៀវ ម៉ដ្ឋស្អិត ប្រកបដោយល្បាយផ្សេងៗដែលត្រូវរំលាយអំឡុងពេលនៅក្នុងផ្ទៃម្ដាយ ដូចជា កោសិកាជញ្ជាំងពោះវៀនតូច រោមខ្ចី ទឹករំអិល ទឹកភ្លោះ ទឹកប្រមាត់ និងទឹក។ តែបើទារកមិនទាន់ជុះលាមកប្រផេះនេះចេញមកក្នុងអំឡុង 48 ម៉ោងដំបូងនេះទេ គួរប្រញាប់យកទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការខុសប្រក្រតី ដូចជា ពោះវៀនណែនស្ទះជាដើម។

    ទារកនឹងជុះលាមកប្រផេះចេញមកអស់ក្នុងអំឡុងពេល 1 – 3 ថ្ងៃ តែទាំងអស់នេះអាស្រ័យលើការបានទទួលទឹកដោះក្នុងមួយថ្ងៃៗដែរ ដោយក្នុងអំឡុងពេល 1 សប្ដាហ៍ដំបូង ទារកនឹងជុះប្រមាណជា 5 – 12 ដងក្នុងមួយថ្ងៃ អាស្រ័យលើការឱ្យបៅ។ តែនៅពេលកូនអាយុ 1 ខែឡើងទៅ ពោះវៀនរបស់ទារកនឹងអភិវឌ្ឍ និងបឺតជញ្ជក់សារធាតុអាហារបានកាន់តែល្អឡើង និងអាចរំលាយទឹកដោះម្ដាយបានអស់ និងដោយសារតែទឹកដោះម្ដាយគ្មានរបស់សំណល់ និងកាកច្រើន ទើបមិននៅសល់កាកអាហារសម្រាប់បន្ទោបង់ ធ្វើឱ្យកូនលែងសូវជុះ ក្មេងខ្លះអាចយូរច្រើនថ្ងៃ ឬយូរដល់ 2 – 3 សប្ដាហ៍ក៏មាន ដែលអាចនិយាយបានថា ជាអាការប្រក្រតីរបស់ទារក។

    តែយ៉ាងណាក៏ដោយ ទារកដែលបៅដោះម្ដាយក៏មានសិទ្ធិទល់លាមកបានដែរ រួមទៅដល់ទារកដែលប្ដូរពីបៅទឹកដោះម្ដាយមកជាទឹកដោះគៅម្សៅភ្លាមៗ ក៏មានចំណែកធ្វើឱ្យប្រព័ន្ធបន្ទោបង់របស់កូនប្រែប្រួលបានដូចគ្នា។ នោះគឺដោយសារតែនៅក្នុងទឹកដោះគោម្សៅមានអត្រាចំណែករបស់កាបូហាយដ្រេត និងប្រូតេអ៊ីនខ្ពស់ជាងទឹកដោះម្ដាយ ធ្វើឱ្យពិបាករំលាយ និងហុចផលឱ្យកូនទល់លាមកបាន។

    ក្រៅពីនេះការឱ្យញ៉ាំអាហារបន្ថែមមួយចំនួនដែលមិនស័ក្តិសមជាមួយកូន ក៏អាចធ្វើឱ្យកូនទល់លាមកបានដូចគ្នា ទើបឪពុកម្ដាយគួរសង្កត់ធ្ងន់លើអាហារបន្ថែមណាដែលមានជាតិកាកសរសៃខ្ពស់ និងបញ្ចុកឱ្យញ៉ាំជាបណ្ដើរៗ ម្ដងបន្តិចៗដើម្បីឱ្យក្រពះរបស់កូនសម្របខ្លួន។ តែបើកូនតូចមានអាការទល់លាមកខ្លាំង ឬមានអាការទល់លាមកញឹកញាប់ និងលោកឪពុកអ្នកម្ដាយចង់ឱ្យកូនតូចត្រឡប់មកបន្ទោបង់ដូចប្រក្រតីវិញនោះ អាចជួយបានដោយវិធីដូចតទៅនេះ ៖

    វិធីជួយឱ្យកូនបន្ទោបង់ និងបំបាត់អាការទល់លាមក

    – ក្នុងករណីដែលទារកមានអាយុតិចជាង 6 ខែ នៅមិនទាន់អាចញ៉ាំបន្លែ និងផ្លែឈើបាន អ្នកម្ដាយត្រូវជាអ្នកញ៉ាំអាហារដែលមានប្រយោជន៍ ដូចជា បន្លែ និងផ្លែឈើដែលមានជាតិកាកសរសៃ និងជួយបញ្ចេញលាមក ជាពិសេស ល្ហុងទុំ ផ្លែអម្ពិលទុំ ក្រូច ទំពាំងបាយជូរ រួមទាំងញ៉ាំទឹកឱ្យបានច្រើនៗ ព្រោះអាហារទាំងអស់នេះអាចបញ្ជូនតាមរយៈទឹកដោះម្ដាយទៅដល់ទារកបាន ដែលនឹងជួយឱ្យកូនតូចបន្ទោបង់បានប្រក្រតី។

    – បើទារកមានអាយុលើស 6 ខែហើយ ចូរឱ្យញ៉ាំច្រើនៗ រួមទាំងឱ្យញ៉ាំបន្លែផ្លែឈើដែលស័ក្តិសម ដើម្បីជួយជំរុញការបន្ទោបង់។

    – សាកល្បងប្ដូរទឹកដោះគោ ដោយ​យកទឹកដោះគោណាដែលមានរូបមន្តជួយក្នុងរឿងបន្ទោបង់ដល់កូនតូច។

    – ឡារ៉ែនមិនណែនាំឱ្យស៊ុលតាមរន្ធគូទដើម្បីឱ្យកូនតូចបន្ទោបង់នោះទេ ព្រោះការសុលរន្ធគូទជាការរំខានកម្មវិធីការធ្វើការរបស់ពោះវៀនធំឱ្យធ្វើការខុសប្រក្រតី។

    – បើលោកឪពុកអ្នកម្ដាយធ្វើគ្រប់វិធីហើយ តែកូនតូចនៅតែមិនទាន់បន្ទោបង់ចេញមកជាយូរថ្ងៃទៀតនោះ ឡារ៉ែនណែនាំឱ្យទៅប្រឹក្សាគ្រូពេទ្យដើម្បីរកមូលហេតុជាបន្ត។

    ការបន្ទោបង់របស់កូន ជាពិសេសក្នុងអំឡុងវ័យទារករហូតទៅដល់អំឡុងវ័យ 5 ឆ្នាំ ជារឿងដែលលោកឪពុកអ្នកម្ដាយត្រូវតែយកចិត្តទុកដាក់ ព្រោះការបន្ទោបង់អាចបញ្ជាក់ពីសុខភាពរបស់កូនបាន ​ដូច្នេះទើបចាំបាច់ត្រូវតែមើលថែទាំរឿងអាហារការហូបចុក និងសុខភាពរបស់កូនតូចឱ្យល្អជាប់ជានិច្ច តែបើសិនជាសង្កេតឃើញថា កូនមានបញ្ហារឿងការបន្ទោបង់យ៉ាងធ្ងន់ធ្ងរនោះ គួរប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យកុមារដើម្បីវិនិច្ឆ័យរកមូលហេតុយ៉ាងដិតដល់ និងកុំបណ្ដោយទុកយូរ៕

  • វិធី​ការពារ​បញ្ហា​ជ្រុះ​សក់​តាមបែប​ធម្មជាតិ

    វិធី​ការពារ​បញ្ហា​ជ្រុះ​សក់​តាមបែប​ធម្មជាតិ

    មនុស្ស​ភាគច្រើន​គិតទៅ​ដល់​ការ​ការពារ​សក់​ជ្រុះ​ នៅពេល​ដែល​ពួកគេ​បាន​ប្រឈម​នឹង​បញ្ហា​ជ្រុះសក់​រួច​ទៅ​ហើយ​ ប៉ុន្តែ​ប្រសិនបើ​អ្នកចាប់​ផ្តើម​ថែរក្សា​ និង​ការពារ​បាន​ឆាប់​ជាង​នេះនោះ​ ធានា​ថា​អ្វី​ៗគ្រប់យ៉ាង​នឹង​កាន់តែ​មាន​ភាព​ងាយស្រួល​ឡើង​។ អនុវត្ត​តាមបែបបទ​នៃ​ជីវិត​ដែល​ពេញដោយ​ផាសុកភាព​ មើលថែ​សក់​ ចៀសវាង​សកម្មភាព​ ឬប្រើ​ផលិតផល​អ្វី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សក់​ និង​សម្រប​ខ្លួន​ជាមួយនឹង​ការ​ថែរក្សា​សក់​តាម​បែប​ធម្មជាតិ​ គឺជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ឱ្យ​សក់​របស់​អ្នក​ស្គាល់​តែ​ភាពរឹងមាំ​ មិន​ជ្រុះ​ដោយ​ងាយ​ឡើយ​។ សូម​អនុវត្ត​តាមបែបបទ​នៃ​ជីវិត​ដែល​ពេញដោយ​ផាសុកភាព​ នោះ​ធានា​ថា​ សក់​របស់​អ្នក​នឹង​មិន​ជ្រុះ​ឡើយ​។

    សក់​ក៏​មិន​ខុស​អី​ពី​ស្បែក​ និង​ក្រចក​ដែរ​ គឺ​វា​ត្រូវការ​ការ​ថែរក្សា​ដែល​ប្រកបដោយ​ផាសុកភាព​។ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ​បរិបូរ​នោះ​ សក់​របស់​អ្នក​ក៏​មើលទៅ​ស្រស់​ស្អាត​ដែរ​។ បើ​សក់​ជ្រុះ​អាច​ជា​បញ្ហា​ដែល​បណ្តាល​មក​ពី​សុខភាព​របស់​អ្នក​។ ដូច្នេះ​សូម​ចាំ​ថា​ សក់​មាន​សុខភាព​ល្អ​ មិន​ជ្រុះចេញ​ទៅណា​បានទេ​ បើ​សុខភាព​រាងកាយ​ទាំងមូល​របស់​អ្នកដំណើរ​ការ​ទៅ​យ៉ាង​ល្អ​បំផុត​នោះ​។ វីតាមីន​ B ជាតិ​ដែក​ កាល់ស្យូម​ ស័ង្កសី​ ប្រូ​តេ​អីុន​ និង​ទឹក​ គឺជា​ជំនួយការ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​សក់​មាន​សុខភាព​ល្អ​។

    របៀប​មើលថែ​សក់​
    សក់ក​ខ្វក់​ គ្មាន​អនាម័យ​ ជាផ្នែក​មួយ​ដែល​នាំ​ឱ្យ​សក់​ជ្រុះ​ ដូច្នេះ​រឿង​មួយទៀត​ដែល​អ្នក​ត្រូវ​ចាំ​នោះ​គឺ​ រក្សា​ភាព​ស្អាត​ឱ្យ​សក់​ជាប់​ជានិច្ច​។ ប្រើ​សាប៊ូកក់​សក់​ និង​ផលិតផល​ថែរក្សា​សក់​ដែល​មានគុណ​ភាពល្អ​។ កាត់តម្រឹម​សក់​ក៏​ជាផ្នែក​ដែល​នាំ​ឱ្យ​សក់​មើលទៅ​មាន​ផាសុកភាព​ និង​កាត់បន្ថយ​សភាព​បែក​ចុង​ដែរ​។

    ចៀសវាង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សក់​
    វា​ជា​រឿង​ដែល​អ្ន​កណាៗ​ក៏​ដឹង​ រហូតដល់​ថ្នាក់​មិន​ចាំបាច់​ត្រូវ​ប្រាប់​ ប៉ុន្តែ​យ៉ាងណា​ក៏​វា​នៅតែ​ជា​ចំណុច​ដែល​អ្នក​ត្រូវតែ​សង្កត់ធ្ងន់​ ព្រោះថា​សម័យ​នេះ​ស្ត្រី​ភាគច្រើន​តែងតែ​ភ្លេចខ្លួន​តាមរយៈ​ការ​អនុវត្ត​វិធី​ខុសឆ្គង​មួយចំនួន​ដូចជា​ ទាញ​ ឬចងសក់​តឹង​ពេក​ អ៊ុត​ត្រង់​ មូរ​រួញ​ និង​ការ​សិតសក់​ទាំង​វា​នៅ​សើម​ជាដើម​។

    សម្រប​ខ្លួន​ជាមួយនឹង​ការ​ថែរក្សា​សក់​តាម​បែប​ធម្មជាតិ​
    សំដៅ​ដល់​ការ​ថែរក្សា​សក់​តាមវិធី​ធម្មជាតិ​ ដូចជា​ ការ​ជំនួយ​ដោយ​ប្រេង​ពី​ធម្មជាតិ​ និង​ម៉ាស​អប់​សក់​ធម្មជាតិ​ជាដើម​។“ការពារ​ប្រសើរ​ជាង​ព្យាបាល​” សូម​ចាំ​ឱ្យ​ច្បាស់​ប្រយោគ​មួយ​នេះ​ ព្រោះ​វា​ជា​កម្លាំងចិត្ត​ក្នុង​ការ​ជួយ​ឱ្យ​អ្នក​ឆាប់​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ក្នុង​ការ​ការពារ​បញ្ហា​សក់​ជ្រុះ​៕