Tag: បញ្ញាសិប្បនិម្មិត

  • ទីក្រុង​ឆ្លាតវៃ​តម្លៃដប់ពាន់​លាន​ដុល្លារ​របស់​ក្រុម​ហ៊ុន​តូយ៉ូតា

    ទីក្រុង​ឆ្លាតវៃ​តម្លៃដប់ពាន់​លាន​ដុល្លារ​របស់​ក្រុម​ហ៊ុន​តូយ៉ូតា

    (ជប៉ុន) – ទីក្រុង Woven City នៅ​ជើង​ភ្នំ​ហ្វ៊ូជី (Fuji) នឹង​ប្រើ​ប្រាស់​អគ្គិសនី​ព្រះ​អាទិត្យ​ ថ្ម​ឥន្ធនៈ​ឆ្លាត​វៃ​ និង​រថយន្ត​មិន​បំភាយ​ឧស្ម័ន​ពុល​។

    ត្រូវ​បាន​រចនា​ឡើងដោយ​ក្រុម​ហ៊ុន​តូយ៉ូតា (Toyota) ទីក្រុង Women City មាន​ចម្ងាយ​តែប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពី​ភ្នំ​ហ្វ៊ូជី នៃ​ប្រទេស​ជប៉ុន​ និង​ត្រូវ​បាន​កសាង​តាំង​ពី​ឆ្នាំ 2021​។ យោង​តាម​ទំព័រ Sun ទីក្រុង​អនាគត​នេះ​ ដើរ​តួនាទី​ដូច​ទៅ​នឹង «បន្ទប់​ពិសោធន៍» របស់​ក្រុម​ហ៊ុន​ ដើម្បី​ធ្វើ​តេស្ត​បណ្ដា​រថយន្ត​បើក​បរ​ស្វ័យ​ប្រវត្តសន្សំ​សំចៃ​ថាមពល​ ដែល​មាន​រហ័ស​នាម​ថា «E-palettes»។

    មនុស្ស​ 2​ពាន់​នាក់​ដំបូង​នឹង​រើ​មក​រស់​នៅ​ក្នុង​ទីក្រុង​ឆ្លាត​វៃ​នេះ​នៅ​ចុង​ឆ្នាំ 2024​ តាម​រយៈ​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​មាន​តម្លៃ​ជិត​ 10​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដើម្បី​ស្វែង​យល់​​អំពី​រូបមន្ត​ក្នុង​ឥរិយាបថ​នៃ​ការ​បើកបររថយន្ត និង​អ្នក​ថ្មើរជើង​។

    នៅ​ក្នុង​ទីក្រុង​ឆ្លាត​វៃ ពលរដ្ឋ​ទាំង​ឡាយ​នឹង​រស់​នៅក្នុង​ផ្ទះ​ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​ស្ទើរ​តែ​ទាំង​ស្រុង​ ធ្វើ​ឱ្យ​ទីក្រុង​នេះ​មាន​ភាព​ស្រស់​ស្រាយ​ខ្លាំង​។ គ្រប់​ផ្ទះ​សុទ្ធ​តែ​មាន​ផ្ទាំង​សូឡា​នៅ​លើ​ដំបូល​​ រួម​នឹង​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​តាម​ដាន​សុខភាព​អ្នក​នៅ​ខាងក្នុង​។

    យោង​តាម​ប្រធាន​ក្រុម​ហ៊ុន​តូយ៉ូតា​ Akio Toyoda រាល់មធ្យោបាយ​ធ្វើ​ដំណើរ និង​ផ្ទះ​ សុទ្ធ​តែ​ត្រូវ​បាន​តភ្ជាប់​តាម​រយៈប្រព័ន្ធ​​ទិន្នន័យ​ និង​សេនស៊ើរ។ នៅ​តាម​ផ្ទះដែល​​ត្រូវ​បាន​សង់​ពី​ឈើ​ នឹង​មាន​រ៉ូបូត​ជួយ​ធ្វើ​កិច្ច​ការ​ប្រចាំថ្ងៃ​ ជួយ​ឱ្យ​ម្ចាស់ផ្ទះ​មាន​ភាព​ឯករាជ្យជាង​មុន​។

    ក្រុម​ហ៊ុន​តូយ៉ូតា​ឱ្យ​ដឹង​ថា ការ​កសាង​ទីក្រុង​ពេញ​លេញ​មួយ​ បើទោះ​ទោះ​ក្នុង​ទ្រង់​ទ្រាយ​តូច​ក៏​ពិត​មែន ប៉ុន្តែ​វា​គឺជា​ឱកាស​ពិសេស​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​។

    ក្រុម​មនុស្ស​ដែល​នឹង​​មក​រស់​នៅ​ក្នុង​ទីក្រុង Woven City រួម​មាន ចាប់​ពី​ក្រុម​គ្រួសារ គូស្វាមីភរិយា​ចូល​និវត្សរ៍ អ្នក​លក់​រាយ រហូត​ដល់​អ្នក​វិទ្យា​សាស្ត្រ​។

  • CEO រាប់ពាន់​នាក់​ព្យាករ​ថា បញ្ញាសិប្បនិម្មិត​នឹង​នាំ​ឱ្យ​មនុស្ស​បាត់​បង់​ការ​ងារ​ច្រើន​ក្នុង​ឆ្នាំ​នេះ​

    CEO រាប់ពាន់​នាក់​ព្យាករ​ថា បញ្ញាសិប្បនិម្មិត​នឹង​នាំ​ឱ្យ​មនុស្ស​បាត់​បង់​ការ​ងារ​ច្រើន​ក្នុង​ឆ្នាំ​នេះ​

    ​ការ​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​ប្រកាស​ដំណាល​គ្នា​នឹង​កិច្ច​ប្រ​ជុំ​របស់ក្រុម​​មេដឹក​នាំពិភពលោក និង​ក្រុម​ហ៊ុននានា​ ដែល​ធ្វើ​ឡើង​​នៅ Davos ប្រទេស​ស្វ៊ីស ឱ្យ​ដឹង​ថា មួយ​ភាគ​បី​នៃ​ក្រុម​នាយកប្រតិបត្តិ​ ឬ​ប្រធាន​ក្រុម​ហ៊ុន​នៅ​ទូទាំង​ពិភពលោក ​រំពឹង​ថា ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត​ទូទៅ​នឹង​ជួយ​កាត់បន្ថយចំនួន​បុគ្គលិក​យ៉ាង​តិច 5% នៅ​ក្នុង​ឆ្នាំ 2024​។

    យោង​តាម​ការ​ស្ទង់មតិ​ដែល​ធ្វើ​ឡើង​ដោយ​ PwC នៅ​មុន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក វិស័យ​ផ្សព្វផ្សាយ​ និង​កម្សាន្ត ធនាគារ ធានារ៉ាប់រង និង​ដឹក​ជញ្ជូន​ គឺជា​វិស័យ​នាំ​មុខ​គេ​នៃ​លទ្ធភាព​កាត់​បន្ថយបុគ្គលិក​ដោយ​សារ​តែ​ការ​ប្រើប្រាស់​ឧបករណ៍ ឬ​កម្មវិធី​​ AI ទំនើប​បំផុត​។ ចំណែក​បណ្ដា​ក្រុម​ហ៊ុន​បច្ចេកទេស និង​សំណង់​ ត្រូវ​បាន​ព្យាករ​ថា មាន​លទ្ធភាព​តិច​តួច​ក្នុង​ការ​កាត់បន្ថយ​បុគ្គលិក​ព្រោះ​តែ​បច្ចេកវិទ្យា​ស្វ័យប្រវត្ត។

    ការ​រកឃើញ​នេះ​គឺ​យោង​ទៅ​លើ​កិច្ច​សម្ភាស​ជាមួយ​នឹង​ប្រធាន​ក្រុម​ហ៊ុន​ជាង 4,700 នាក់​ នៅក្នុង​ប្រទេស​ជាង 100 លើ​ពិភពលោក​។ ពួក​គេក៏​បាន​បង្ហាញ​នូវ​ផល​ប៉ះពាល់​ធំធេង​ដែល​បច្ចេកវិទ្យា​ AI គ្រោង​នឹង​បង្ក​ឡើង​ចំពោះ​សេដ្ឋកិច្ច​ និង​សង្គម​៕

  • រថយន្ត​អគ្គិសនី Concept LF-Z របស់ Lexus ធ្វើ​ដំណើរ​បាន​ 1,000 គីឡូម៉ែត្រ

    រថយន្ត​អគ្គិសនី Concept LF-Z របស់ Lexus ធ្វើ​ដំណើរ​បាន​ 1,000 គីឡូម៉ែត្រ

    ក្រុម​ហ៊ុន Toyota បាន​បង្ហើប​ឱ្យ​ដឹង​អំពី concept Lexus ដែល​អាច​បរ​បាន​រហូត​ដល់ 1,000 គីឡូម៉ែត្រ នា​ថ្ងៃ​នេះ ក្នុង​បំណង​វាយ​លុក​ទីផ្សារ​ចាប់​ពី​ឆ្នាំ 2026​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ក្រុម​ហ៊ុន​នេះ​ ក្នុង​ការ​ងាក​ទៅ​រក​រថយន្ត​អគ្គិសនី​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្ម​ផ្ទុក​ថាមពល​ទំនើប​។

    គំរូ​រថយន្ត Lexus LF-ZC ដែលបង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ពិព័រណ៍​ចល័ត​ជប៉ុន ប្រើ​ប្រាស់​ថ្ម​ផ្ទុក​ថាមពល​រាង​ប្រអប់​ មាន​ថាម​ពល​ខ្ពស់​ ជួយ​ឱ្យ​ធ្វើ​ដំណើរ​បានចម្ងាយ​ប្រហែល 1,000 គីឡូម៉ែត្រ ​ឆ្ងាយ​ជាង​ទ្វេដង​បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​ធម្មតា​។

    Lexus LF-ZC មាន​កន្លែង​អង្គុយ​ទាប កន្លែង​បើក​បរ​ធំទូលាយ​ និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត (AI) ទំនើប​ ដែល​ Toyota ហៅ​ថា Butler។

    ក្រុម​ហ៊ុន Toyota បាន​សន្យា​ថា នឹងលក់​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ 100% នៅ​ទូទាំង​សកល​លោក​ សម្រាប់​យីហោ​ Lexus ចាប់​ពី​ឆ្នាំ 2035​៕

  • ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​​អំពី​ការ​​ចាប់ផ្ដើម​ដំណើរ​ការ​ឧបករណ៍​ AI

    ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​​អំពី​ការ​​ចាប់ផ្ដើម​ដំណើរ​ការ​ឧបករណ៍​ AI

    ក្រុម​ហ៊ុន Meta បំពាក់​បច្ចេកវិទ្យា​បញ្ហា​សិប្បនិម្មិត (AI) ទៅ​ក្នុង​បណ្ដាផលិតផល​របស់​ខ្លួន​ដើម្បី​ប្រើ​ប្រាស់​ឃ្លាំង​ទិន្នន័យ​ដែល​ប្រមូលបាន​នា​ពេល​កន្លង​ ក្នុង​បំណង​បង្កើត​ខ្លឹមសារ​ច្នៃ​ប្រឌិត​ថ្មី​ មាន​ដូចជា​អត្ថបទ​ សិល្បៈ និង​កូដ​កម្មវិធី​​កុំព្យូទ័រ​ជា​ដើម​។

    កាល​ពី​ថ្ងៃទី 04 តុលា 2023 ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​ថា បាន​ចាប់​ផ្ដើម​ដាក់​ដំណើរ​ការ​បណ្ដា​ឧបករណ៍​បញ្ញាសិប្បនិម្មិត​ច្នៃ​ប្រឌិត​ដែល​អាច​បង្កើត​ខ្លឹម​សារ​ មាន​ជាអាទិ៍ រូប​ភាព និង​បណ្ដា​ទម្រង់​អត្ថបទ​ សម្រាប់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​។

    Meta បាន​ចាប់ផ្ដើម​ដំណើរ​ការ​សាកល្បង​ឧបករណ៍​ទាំង​នេះ​តាំង​ពីខែ​ឧសភា 2023 និង​ផ្ដល់​សិទ្ធិ​ចូល​ប្រើ​ប្រាស់​ដល់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន​​នៅក្នុងដំណាក់​កាល​សាកល្បង​នេះ​។

    ឧបករណ៍​ AI ទាំង​នេះ​នឹង​មាន​វត្តមាន​លើ​ទំព័រ​គ្រប់​គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​របស់ Meta ហើយ​ការ​បំពាក់​ឧបករណ៍​នេះ​នឹង​ធ្វើឡើង​រួច​រាល់​នៅ​ឆ្នាំ 2024​។

    ផលិតផល​ AI របស់ Meta រួម​មាន​ រូបមន្ត​ភាសា «Llama 2» និង​ chatbot AI ដែល​មាន​ឈ្មោះ​ថា Meta AI ដែល​អាច​បង្កើតសំណេរ​ជា​​ឃ្លា​ ល្បះសម្រាប់​ឆ្លើយតប និង​រូប​ភាព​​ប្រកប​ដោយ​ភាព​រស់​រវើក​៕

  • អ្នក​វិទ្យាសាស្ត្រ​ប្រើ​ប្រាស់​បញ្ញាសិប្បនិម្មិត (AI) ដើម្បី​អភិវឌ្ឍ​ថ្នាំ​ព្យាបាល​ទឹក​នោមផ្អែម

    អ្នក​វិទ្យាសាស្ត្រ​ប្រើ​ប្រាស់​បញ្ញាសិប្បនិម្មិត (AI) ដើម្បី​អភិវឌ្ឍ​ថ្នាំ​ព្យាបាល​ទឹក​នោមផ្អែម

    ដោយមាន​ជំនួយ​ពី​បញ្ហាសិប្បនិម្មិត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន​បានបង្កើត​ឱសថ​​បញ្ចុះ​ទម្ងន់​ថ្មី​មួយ​ប្រភេទ។ ថ្នាំ​នេះ​ក៏​អាច​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ​ផងដែរ​។

    យោង​តាម​សារព័ត៌មាន​ SCMP ឱសថ​ថ្មី​ដែល​​ត្រូវ​បាន​ស្រាវជ្រាវ​ អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ឱសថ MindRank ដោយ​មាន​ជំនួយ​ពី​បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត​ (AI) នេះ បាន​ឈាន​ដល់​ការ​​ពិសោធន៍​​លើ​មនុស្ស​ដំណាក់​កាល​ទីពីរ​។ ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា ឱសថ​នេះ​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទី​ផ្សារ​លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ថ្នាំ​ធម្មតា​។

    ត្រូវ​បាន​ដាក់​ឈ្មោះ​ថា MDR-001 ឱសថ​នេះ​ដំណើរ​ការ​តាម​រយៈ​ការ​តភ្ជាប់​ peptide-1 ដូច​ glucaon (GLP-1-R) ដែល​ជួយ​ឱ្យ​វា​ជំរុញ​ការ​បញ្ចេញ​អាំងស៊ុយលីនពី​លំពែង​ ដើម្បី​កាត់​បន្ថយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​បញ្ចុះទម្ងន់​រាង​កាយ​។

    MDR-001 ទទួល​បាន​ជោគ​ជ័យក្នុង​ការ​​ពិសោធ​​លើ​មនុស្ស​ដំណាក់​កាល​ដំបូង​ ហើយ​កាល​ពី​ដើម​ខែ​កញ្ញា 2023 ក្រុម​ស្រាវ​ជ្រាវ​បាន​ប្រើ​ប្រាស់​ថ្នាំ​នេះ​ក្នុងការ​ពិសោធ​ដំណាក់​កាលទីពីរ​។

    MDR-001 គឺជា​ឱសថ​ដំបូងរបស់​ក្រុម​ហ៊ុន​ចិន MindRank ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​មាន​ជំនួយ​ពី​ AI។ ការ​ប្រើប្រាស់ AI កំពុង​តែ​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃការ​អភិវឌ្ឍ កាត់​បន្ថយ​ការ​ចំណាយ​ ប៉ុន្តែ​នៅ​តែ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​៕

  • មន្ទីរ​ពេទ្យ​មួយ​នៅ​វៀតណាមវះកាត់​ខួរក្បាល​ដោយ​​ប្រើ​​រ៉ូបូត​ AI​៖ អ្នក​ជំងឺ​ច្រៀង​ក្នុង​ពេល​វះកាត់

    មន្ទីរ​ពេទ្យ​មួយ​នៅ​វៀតណាមវះកាត់​ខួរក្បាល​ដោយ​​ប្រើ​​រ៉ូបូត​ AI​៖ អ្នក​ជំងឺ​ច្រៀង​ក្នុង​ពេល​វះកាត់

    អ្នក​ជំងឺ​វ័យ 58 ឆ្នាំម្នាក់ត្រូវ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ជាង​ 24 ម៉ោង​ និង​មាន​អាការៈភ្លេចភ្លាំង​ស្មារតី​ មិន​អាច​កម្រើក​បាន​ ដូច្នេះ បើ​សិន​វះកាត់​តាម​ធម្មតា​ នឹង​មាន​ហានិភ័យ​កើត​ជំងឺ​ស្លាប់​អវយវៈ​ណា​មួយ​ ប៉ុន្តែ​បើ​វះកាត់​យក​កំណក​ឈាម​ក្នុង​ខួរ​ក្បាល​ដោយ​មិន​ចាក់​ថ្នាំ​សន្លប់​ និងប្រើ​ប្រាស់​បច្ចេក​វិទ្យា​​រ៉ូបូត​ AI (បញ្ញាសិប្បនិម្មិត) អ្នក​ជំងឺ​អាច​ «ច្រៀង​» ជា​មួយ​ក្រុមវេជ្ជបណ្ឌិត​បាន​ក្នុង​គ្រា​កំពុង​វះកាត់​។

    កាលពី​ថ្ងៃ​ទី 10 សីហា អ្នក​ជំងឺ​ខាងលើ​ (នៅ​ក្រុង​ព្រៃនគរ) ត្រូវ​បាន​គ្រួសារ​នាំ​​មក​កាន់​មន្ទីរ​ពេទ្យ​ពហុព្យាបាលតាមអាញ់​ទីក្រុង​ហូជីមិញ (Tam Anh Hospital) ក្នុង​ស្ថានភាព​រង្វេងរង្វាន់ ដៃជើង​កម្រើន​ស្ទើរ​មិន​​បាន​។ លទ្ធផល​នៃ​ការ​ថត MRI 3 Tesla បញ្ជាក់​ថា អ្នក​ជំងឺ​នេះ​មាន​ដុំ​ឈាម​កក​ក្នុង​ខួរ​ក្បាល​ទំហំ 4 សង់ទីម៉ែត្រ​។ បើ​មិន​វះកាត់​បន្ទាន់​ អ្នក​ជំងឺ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ស្លាប់​មួយ​ចំហៀង​ខ្លួន​ ពិបាក​ក្នុង​ការ​និយាយ​ ស្រវាំង​ភ្នែក ឬ​អាច​បាត់​បង់​ជីវិត​។

    ក្រុម​វេជ្ជបណ្ឌិត​បាន​ជ្រើស​យក​វិធី​វះកាត់​ខួរក្បាល​បែប​ថ្មី​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​នៅ​ដឹង​ខ្លួន​ ដោយ​ចាក់តែ​ថ្នាំ​ស្ពឹក​ និង​ប្រើ​ប្រាស់​រ៉ូបូត AI Modus V Synaptive រួម​នឹង​​ប្រព័ន្ធ​កំណត់​ទិស Neuro-Navigation AI ជំនាន់​ថ្មី​បំផុត​។

    ការ​វះកាត់​បែប​ថ្មី​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ជំងឺ​គេច​ផុត​ពី​គ្រោះ​ថ្នាក់​បាន​លឿន​ ការ​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​ការ​វះកាត់​មាន​ភាព​រលូន​ ដោយ​សារ​តែ​អ្នក​ជំងឺ​អាច​កម្រើក​ និង​​ឆ្លើយ​ឆ្លង​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​។ ក៏ប៉ុន្តែ វិធី​វះកាត់​ថ្មី​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ច្រើន​ និង​គ្រោះ​ថ្នាក់​ជាង ​ធៀប​នឹង​ការ​វះកាត់​ដោយ​ចាក់​ថ្នាំ​សន្លប់​។ ក៏ប៉ុន្តែ បើ​ចាក់​ថ្នាំ​សន្លប់ វេជ្ជបណ្ឌិត​នឹង​មិន​អាច​វាយ​តម្លៃ​ផ្ទាល់​ដោយ​ការ​​សួរ​អ្នក​ជំងឺ​ក្នុង​ពេល​វះកាត់​។

    ក្នុង​ពេល​វះកាត់ វេជ្ជបណ្ឌិត​វៀតណាម និយាយ​ជាមួយ​អ្នក​ជំងឺ​ថា «ខ្ញុំ​កំពុង​យក​កំណក​ឈាមចេញ​ពី​​ខួរ​ក្បាល​ លោក​មាន​អារម្មណ៍​ស្រួល​ខ្លួន​ជាង​មុន​ទេ?»។ អ្នក​ជំងឺ​ឆ្លើយថា​ «ធូរ​ស្រាល​ជាង​មុន​ឆ្ងាយ​ណាស់​ អរគុណ​គ្រូពេទ្យ»។

    ក្រុម​វេជ្ជបណ្ឌិត​សួរនាំ និងស្នើ​ឱ្យ​អ្នក​ជំងឺ​លើក​ដៃ​ជើង​ជា​បន្ត​បន្ទាប់​ ដើម្បី​ប្រាកដ​ថា សរសៃ​ប្រសាទ​នានា​ត្រូវ​បាន​ការ​ពារ​ក្នុង​កម្រិត​ខ្ពស់​បំផុត​។

    ដោយ​សារ​ការ​ត្រេកអរ​ខ្លាំង​បន្ទាប់​ពី​កំណក​ឈាម​ត្រូវ​បាន​យក​ចេញ​ពី​ខួរ​ក្បាល និង​មាន​អារម្មណ៍​ធូរ​ស្រាល​ ទាំង​វេជ្ជបណ្ឌិត ទាំង​អ្នក​ជំងឺ ​នាំ​គ្នា​ច្រៀង​រអ៊ូៗ​ គ្រា​ដែល​ក្រុម​ជំនួយ​ការ​បន្ត​ដាក់​ភ្ជាប់​លលាដ៍​ក្បាល និង​ដេរ​ស្បែក​ក្បាល​​។

    ក្រោយ​រយៈ​ពេល​ជាង 30 នាទី​នៃ​ការ​វះកាត់​ ក្រុម​វេជ្ជបណ្ឌិត​ដ៏​នាំ​គ្នា​ហ៊ោ​ក្នុង​ភាព​ត្រេក​អរ​ នៅ​ពេលប្រធាន​ក្រុម​​វេជ្ជបណ្ឌិត​​ប្រកាស​ថា «ការ​វះកាត់​បាន​ទទួល​ជោគ​ជ័យ អបអរ​សាទរ​លោក​ហៃ និង​អរគុណ​គ្រប់​គ្នា»។

    30 នាទី​បន្ទាប់​មក​ទៀត អ្នក​ជំងឺ​ក៏​បាន​ជួប​សាច់​ញាតិ និង​ហៅ​ទូរស័ព្ទ​ទៅ​កាន់​អ្នក​ផ្ទះ​។ កន្លះ​ថ្ងៃ​ក្រោយ​មក លទ្ធផល​នៃ​ការ​ថត​ CT 768 បង្ហាញ​ថា លែង​មាន​កំណក​ឈាម​ក្នុង​ខួរ​ក្បាល​ ហើយ​អ្នក​ជំងឺ​ក៏​មាន​សភាព​ដូច​ធម្មតា​ទាំង​ស្រុង​៕

    ប្រព័ន្ធ​​រ៉ូបូត AI Modus V Synaptive ដែល​មាន​តែ​មួយ​គត់​នៅ​ប្រទេស​វៀតណាម
  • ក្រុម​ហ៊ុន​​​នៅ​អឺរ៉ុប​ ប្រើ​​ ChatGPT ជំនួស​បុគ្គលិក 250 នាក់​ នាំ​ឱ្យ​មាន​ការ​​បារម្ភ​អំពី​អាជីព​ផ្ទាល់​ខ្លួន​

    ក្រុម​ហ៊ុន​​​នៅ​អឺរ៉ុប​ ប្រើ​​ ChatGPT ជំនួស​បុគ្គលិក 250 នាក់​ នាំ​ឱ្យ​មាន​ការ​​បារម្ភ​អំពី​អាជីព​ផ្ទាល់​ខ្លួន​

    ក្រុម​ហ៊ុន​អង់គ្លេស Octopus Energy បាន​ឱ្យ​ដឹង​ថា កម្មវិធី ChatGPT កំពុង​ធ្វើ​ការ​ជំនួស​បុគ្គលិក​ 205 នាក់​ នៅ​ក្នុង​ការ​ឆ្លើយ​តប​សារ​អេឡិច​ត្រូនិច និង​ត្រូវ​បាន​វាយ​តម្លៃ​ថា ល្អ​ជាង​អ្នក​ជំនាញ​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពេញ​លេញ​ទៅ​ទៀត​។

    លោក Greg Jackson ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ថាមពល​ Octopus Energy នៅ​ប្រទេស​អង់គ្លេស បាន​ឱ្យ​ដឹង​ថា តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​កន្លង លោក​បាន​ចាប់​ផ្ដើម​​សាកល្បង​ប្រើ​ប្រាស់​កម្មវិធី ChatGPT នៅ​ក្នុង​ប្រព័ន្ធ​របស់​ក្រុម​ហ៊ុន​។

    យោង​តាម​លោក Greg ក្រុម​ហ៊ុន​ Octopus Energy ទុក​ឱ្យ​ AI (បញ្ញាសិប្បនិម្មិត) ឆ្លើយ​តប​អ៊ីមេល​ពី​អតិថិជន​ក្រោម​ការ​តាម​ដាន​របស់​ក្រុម​អ្នក​ជំនាញ​។ អ៊ីមេល​ដែល chatbot នេះ​សរសេរ​ ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​អតិថិ​ជន​រហូត​ដល់ 80%​ ខ្ពស់​ជាង​កម្រិត 65% នៃ​អ៊ីមេល​ដែល​ឆ្លើយ​តប​ដោយ​បុគ្គលិក​​មាន​ឯកទេស​ទៅ​ទៀត​។

    ក្រោយ​ពី​បាន​ធ្វើតេស្ត​រួច​រាល់ ចាប់​ពី​ដើម​ខែ​នេះ ក្រុម​ហ៊ុន Octopus Energy សម្រេច​ចិត្ត​ប្រើ​ប្រាស់​ AI នៅ​ក្នុង​ការ​ឆ្លើយ​តប​សារ​អេឡិច​ត្រូនិច​​​ចំនួន 34%​ ក្នុង​ចំណោម​អ៊ីមេល​សរុប​ដែល​ក្រុម​ហ៊ុន​នេះ​បាន​ទទួល​ពី​អតិថិ​ជន​។

    កាល​ពី​មិន​ទាន់​មាន​ ChatGPT ក្រុម​ហ៊ុន​ខាងលើ​ត្រូវ​ការ​បុគ្គលិក 250 នាក់​ ដើម្បី​បំពេញ​ការ​ងារ​ឆ្លើយ​តប​សារ​របស់​អតិថិជន​​។ «ដោយ​សារ​ AI សេវា​បម្រើ​អតិថិជន​ត្រូវ​បាន​កែ​សម្រួល​ ការ​ឆ្លើយ​តប​តាម​ទូរស័ព្ទ​ក៏​ថយ​ចុះ​ ខណៈ​​ភាព​​ពេញ​ចិត្ត​របស់​អតិថិជន​ក៏​កើន​ឡើង» លោក Greg បញ្ជាក់​ដូច្នេះ​។

    លោក Greg Jackson អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនថាមពល Octopus Energy នៅប្រទេសអង់គ្លេស

    ChatGPT (Chat Generative Pre-Training Transformer) គឺជា​កម្មវិធី​ chatbot មួយ​ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុម​ហ៊ុន OpenAI​។ កម្មវិធី​ AI នេះ​ ប្រើ​ប្រាស់​ «ឃ្លាំង» ចំណេះ​ដឹង​ដែល​វា​ «រៀន​សូត្រ» បាន​ពី​គ្រប់​ទិស​ទី​។ វា​អាច​ឆ្លើយ​នឹង​សំណួរ​គ្រប់​យ៉ាង​ដែល​អ្នក​ប្រើ​ប្រាស់​ចង់​ដឹង​។ ChatGPT ថែម​ទាំង​អាច​និពន្ធ​កំណាព្យ​ សរសេរ​បទ​ចម្រៀង​ សរសេរ​សំបុត្រ​ ឬ​ឌីហ្សាញ​ជា​ដើម​។ល។​​

    ទោះជា​យ៉ាង​ណា​ក៏​ដោយ យោង​តាម​លោក Greg និង​អ្នក​ជំនាញ​នានា ប្រការ​ខាងលើ​នេះ​គឺ​ស្មើ​នឹង​ការ​បញ្ឈប់​ការ​ងារ​បុគ្គលិក​ទ្រង់​ទ្រាយ​ធំ​ និង​កើត​ឡើង​ឆាប់​រហ័ស​ជាង​ធម្មតា​។ បញ្ហា​នេះ​កំពុង​តែ​នាំ​ឱ្យ​មានការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ពី​ក្រុម​និយោជិត ក៏​ដូច​ជា​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​សកលលោក​៕

  • សូមទាយ​សាក​មើល តើ​រូប​មួយ​ណា​ជា​រូប​ពិត និង​រូប​មួយ​ណា​ជា​រូប​ដែល​បង្កើត​ឡើង​ដោយ​ AI?

    សូមទាយ​សាក​មើល តើ​រូប​មួយ​ណា​ជា​រូប​ពិត និង​រូប​មួយ​ណា​ជា​រូប​ដែល​បង្កើត​ឡើង​ដោយ​ AI?

    ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៅ​មហា​វិទ្យា​ល័យ Washington បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​ដើម្បី​ឱ្យ​អ្នក​មើល​ធ្វើ​ការ​ទស្សន៍​ទាយ​ ថាតើ​មួយ​ណា​ជា​រូប​ពិត​ និង​មួយ​ណា​ជា​រូប​ក្លែង​ក្លាយ​ដែល​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្បនិម្មិត​។

    Jevin West និង Carl Bergstrom ដែលជា​ម្ចាស់​គេហ​ទំព័រ Which Face Is Real បាន​ប្រាប់​ BuzzFeed ថា ពួក​គេ​ចង់​ឱ្យ​អ្នក​រាល់គ្នា​ឃើញ​ថា បច្ចេក​វិទ្យា​បង្កើត​រូប​ភាព​បាន​ឈានដល់​កម្រិត​ណា​ហើយ និង​ដើម្បី​ជួយ​ឱ្យ​អ្នកគ្រប់​គ្នា​អាច​ស្វែង​យល់​អំពី​វិធី​ពិនិត្យ​មើល​ឱ្យ​ដឹង​ថា រូប​ណា​ជា​រូប​ក្លែង​ក្លាយ​ នៅ​ពេល​បាន​ឃើញ​វា​នៅ​លើ​បណ្ដាញ​សង្គម​។ កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​2019 ក្រុម​ហ៊ុន​ Facebook បាន​ឱ្យ​ដឹង​ថា ខ្លួនបាន​លុបចោល​​គណនី​ក្លែង​ក្លាយ​ចំនួន​ដល់​ទៅ​5,4​លាន​​គណនី​នៅ​លើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​។

    មិន​មាន​រូប​មន្ត​រួម​ដើម្បី​អាច​ឱ្យ​យើង​គណនា​ដឹង​​ថា​រូប​ណា​មួយ​ពិត​ ឬ​ក្លែង​ក្លាយ​នោះ​ទេ ប៉ុន្តែ លោក​អ្នក​គួរ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ចំណុច​ដែល​បញ្ញាសិប្ប​និម្មិត​ពិបាក​បង្កើត​បាន​នៅ​លើ​រូបភាព​ ដូច​ជា​ វ៉ែនតា ក្រវិល ធ្មេញ និង​ទិដ្ឋភាព​ខាង​ក្រោយ​​ជាដើម។ ក៏ប៉ុន្តែ បើ​តាម West និង Bergstrom ឧបករណ៍​បញ្ញា​សិប្បនិម្មិត​កាន់​តែ​ជឿន​លឿន និង​ឆ្លាត​វៃ​​ជាង​មុន ហើយ​​អាច​បង្កើត​រូប​ភាព​បាន​ល្អ​ជាង​មុន ស្ដែងជាង​មុន​ ដូច្នេះ បទពិសោធ​នៃ​ការ​សម្គាល់​ថា រូប​ណា​ពិត ឬ​ក្លែង​ក្លាយ​នា​បច្ចុប្បន្ន​នឹង​អាច​ហួស​សម័យនា​ពេល​ដ៏ខ្លី​ខាង​មុខ​។

    សូម​ពិនិត្យ​មើល​រូប​ខាង​ក្រោម ហើយ​សាក​ទាយ​មើល​ថា តើ​មួយ​ណា​ជារូប​ពិត រវាង​រូប​ខាង​ស្ដាំ និង​រូប​ខាង​ឆ្វេង៖

    ចម្លើយដែល​ត្រឹម​ត្រូវ​៖
    រូប​ទី​1-ឆ្វេង។ រូប​ទី2-ឆ្វេង។ រូប​ទី3-ស្ដាំ។ រូប​ទី4-ស្ដាំ។ រូប​ទី5-ស្ដាំ។ រូប​ទី6-ស្ដាំ។ រូប​ទី7-ស្ដាំ។ រូប​ទី8-ឆ្វេង។
    រូប​ទី9-ស្ដាំ៕

    ប្រភព៖ សារ​ព័ត៌មានបរទេស