Tag: បច្ចេកវិទ្យា

  • ក្រុមហ៊ុន Facebook ចេញផ្សាយរបាយការណ៍ស្តីអំពីការពង្រឹងស្តង់ដាសុវត្ថិភាព សហគមន៍

    ក្រុមហ៊ុន Facebook ចេញផ្សាយរបាយការណ៍ស្តីអំពីការពង្រឹងស្តង់ដាសុវត្ថិភាព សហគមន៍

    ក្រុមហ៊ុន Facebook បានចេញផ្សាយរបាយការណ៍ចុងក្រោយបំផុតរបស់ខ្លួន ស្តីពីការពង្រឹងស្តង់ដាសុវត្ថិភាពសហគមន៍ កាលពីថ្ងៃអង្គារ ដោយរៀបរាប់លម្អិតអំពីមធ្យោបាយដែលក្រុមហ៊ុនកំពុងប្រើប្រាស់ដើម្បីតាមដាន និងដោះស្រាយបញ្ហាមាតិកាដែលបានផ្សព្វផ្សាយមិនស្របតាមគោលការណ៍ស្តង់ដាសុវត្ថិភាពសហគមន៍របស់ក្រុមហ៊ុននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និង Instagram។

    របាយការណ៍ស្តីពីការពង្រឹងសុវត្ថិភាពស្តង់ដាសហគមន៍លើកទី5 នេះ មានរៀបរាប់អំពីវិធានការ ដែលក្រុមហ៊ុន Facebook បានប្រើដើម្បីពង្រឹងការអនុវត្តគោលការណ៍របស់ខ្លួន ពីចន្លោះខែតុលា ឆ្នាំ2019 ដល់ខែមីនា ឆ្នាំ2020 (ចាប់ពីត្រីមាសទី4 ឆ្នាំ2019 ដល់ត្រីមាសទី1 ឆ្នាំ2020)   ប៉ុន្តែ របាយការណ៍នេះ មិនបានបញ្ចូលទិន្នន័យក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគរកូវីដ-19 (COVID-19)ទេ។

    Facebook បានឱ្យដឹងថា ក្រុមហ៊ុនបានរកឃើញសារបង្ហោះដែលប្រើប្រាស់ភាសាបែបរើសអើង និងស្អប់ខ្ពើម ជិត 90ភាគរយ ហើយក្រុមហ៊ុនបានលុបវាចេញ មុនពេលដែលមានគេរាយការណ៍ទៅទៀត ហើយតួលេខនេះ បានកើនឡើង 24ភាគរយ បើធៀបនឹងតួលេខក្នុងរបាយការណ៍ដំបូងរបស់ក្រុមហ៊ុន ដែលបានចេញផ្សាយក្នុងឆ្នាំ2018។

    នៅលើបណ្តាញសង្គម Instagram ក្រុមហ៊ុន Facebook បានឱ្យដឹងថា ទោះបីមិនមានការរាយការណ៍ពីអ្នកប្រើប្រាស់ក៏ដោយ តែក៏ក្រុមហ៊ុនបានរកឃើញច្រើនជាងមុនចំនួន 89.7​ភាគរយ នូវ​ការបង្ហោះដែលពាក់ព័ន្ធនឹងការសម្លាប់ខ្លួន និងការបង្ករបួសស្នាមលើខ្លួនរបស់អ្នកបង្ហោះ ក្នុងត្រីមាសទី1 ពោលគឺល្អប្រសើរជាងមុនដល់ទៅ 12ពិន្ទុ បើគិតចាប់ពីរបាយការណ៍នាពេលមុនៗមក។ ជាលទ្ធផល ចំនួនមាតិកាដែលក្រុមហ៊ុន Facebook បានចេញវិធានការ បានកើនឡើង 40%។

    គោលការណ៍ត្រួតពិនិត្យមាតិកាផ្សព្វផ្សាយរបស់ក្រុមហ៊ុន Facebook រួមមាន ការរើសអើង និងស្អប់ខ្ពើម រូបភាពអាក្រាតរបស់មនុស្សពេញវ័យ និងសកម្មភាពផ្លូវភេទ មាតិកា និងរូបភាពហិង្សា ព្រមទាំងការសម្លុត និងការយាយីសម្រាប់ Instagram ក៏ដូចជាទិន្នន័យអំពីបណ្តឹងតវ៉ា និងការសម្រេចចិត្តដែលយើងបានបដិសេធ។

    ក្នុងរយៈពេល 3ខែដំបូងនៃឆ្នាំ2020 ក្រុមហ៊ុន Facebook បានលុបចោលការបង្ហោះមាតិកាផ្សព្វផ្សាយចំនួន 4.7លាន មាតិកា នៅតាមបណ្ដាញសង្គម Facebook ដែលទាក់ទងនឹងការប្រើប្រាសភាសារើសអើង និងស្អប់ខ្ពើម ពោលគឺកើនឡើងចំនួន 3លានមាតិកា បើប្រៀបធៀបទៅនឹងត្រីមាសមុន។

    លើសពីនេះទៀត ដោយមិនមានរបាយការណ៍ពីអ្នកប្រើប្រាស់ជាមុន ក៏ក្រុមហ៊ុនបានរកឃើញច្រើនជាងមុននូវការប្រើប្រាស់ភាសាបែបរើសអើង និងស្អប់ខ្ពើម ដែលមានលក្ខណៈគ្រោងទុកជាមុន ព្រមទាំងរកឃើញ និងបានដកចេញច្រើនជាងមុន នូវមាតិកាមិនសមរម្យ មុនពេលដែលមានគេរាយការណ៍មកក្រុមហ៊ុន Facebook ពោលគឺកើនឡើងពីចំនួន 89.6ភាគរយក្នុងត្រីមាសទី4 ក្នុងឆ្នាំ2019 មកនៅត្រឹមចំនួន 96.7ភាគរយ ក្នុងត្រីមាសទី1 ក្នុងឆ្នាំ2020។

    ក្រុមហ៊ុន Facebook ក៏បានធ្វើបច្ចុប្បន្នភាពលទ្ធផល នៃយុទ្ធនាការប្រឆាំងនឹងព័ត៌មានមិនពិតទាក់ទងនឹង វីរុសកូវីដ-19 (Covid-19) របស់ខ្លួន ដោយក្រុមហ៊ុនបានឱ្យដឹងថា នៅក្នុងខែមេសា ក្រុមហ៊ុនបានដាក់សញ្ញា ព្រមានដល់ការបង្ហោះមាតិកាផ្សព្វផ្សាយមិនពិត ទាក់ទងនឹងវីរុសកូវីដ-19 ចំនួនប្រហែល 50លានមាតិកា លើបណ្ដាញសង្គម Facebook ដោយផ្អែកលើអត្ថបទប្រហែល 7,500អត្ថបទ ដោយមានការត្រួតពិនិត្យពីដៃគូឯករាជ្យរបស់ខ្លួន។

    ក្រុមហ៊ុន Facebook និយាយថា 95ភាគរយនៃអ្នកដែលបានឃើញមាតិកាព័ត៌មាន ដែលមានស្លាកព្រមាននេះ​ មិនបានចុចចូលមើលមាតិកានោះទេ។

    ចាប់តាំងពីថ្ងៃទី1 ខែមីនាមក ក្រុមហ៊ុន Facebook បាននិយាយថា ខ្លួនបានលុបចោលមាតិកាទាំងឡាយដែលផ្សព្វផ្សាយលក់ ម៉ាស់ ទឹក​លាងដៃ​សម្លាប់​មេរោគ ក្រដាសជូតសម្លាប់មេរោគ និងឧបករណ៍ពិនិត្យរកវីរុសកូវីដ-19 ចំនួនជាង 2លាន 5សែនមាតិកា។

    ដើម្បីលុបមាតិកាទាំងនេះបាន ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាពិនិត្យមើលរបស់កុំព្យូទ័រ ដែលក្រុមហ៊ុនធ្លាប់បានប្រើកន្លងមកអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្វែងរក និងដកចេញមាតិកាដែលទាក់ទងនឹងការលក់អាវុធ និងគ្រឿងញៀន។

    ក្រុមហ៊ុន Facebook បានឱ្យដឹងទៀតថា ការដែលក្រុមហ៊ុនអាចត្រួតពិនិត្យ និងលុបចោលមាតិកាគ្រោះថ្នាក់ទាំងនេះបានល្អជាងមុននោះ គឺដោយសារតែបច្ចេកវិទ្យា AI របស់ក្រុមហ៊ុនបានអភិវឌ្ឍកាន់តែប្រសើរជាងមុនហ្នឹងឯង។ ការអភិវឌ្ឍនោះ រួមមានសមត្ថភាពកាន់តែខ្ពស់លើផ្នែកយល់ច្បាស់ នូវអត្ថន័យរបស់ភាសាផ្សេងៗគ្នា និងសមត្ថភាព យល់ដឹងពីខ្លឹមសារទាំងមូលនៃមាតិកា ជាជាងការដែលគ្រាន់តែយល់ន័យរបស់រូបភាព ឬអត្ថបទ៕

  • អាណាព្យាបាលគួរការពារកូនបែបណាពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាក្នុងពេលរៀនតាមអនឡាញ?

    អាណាព្យាបាលគួរការពារកូនបែបណាពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាក្នុងពេលរៀនតាមអនឡាញ?

    នៅក្នុងរយៈពេលនៃការរីករាលដាលជំងឺ Covid-19 នេះអង្គការ UNICEF បានបញ្ជាក់ថា កុមារ និងមនុស្សវ័យក្មេងជាង 320លាននាក់ បានរងផលប៉ះពាល់​ដោយសារតែការបិទសាលារៀននៅអាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក។

    ក្រៅពីផលប៉ះពាល់នៃ​ការមិនបានទៅរៀនសូត្រនៅក្នុងសាលាផ្ទាល់ អង្គការដែលធ្វើការងារដើម្បីកុមារខាងលើបានបញ្ជាក់ផងដែរថា ការសិក្សាតាមអនឡាញជារឿងល្អ តែក្នុងនោះបើអាណាព្យាបាលមិនបានយកចិត្តទុកដាក់ឱ្យបានល្អនោះទេ កុមារអាចនឹងរងគ្រោះថ្នាក់ដូចជាធ្វើឱ្យកុមារងាយរងគ្រោះដោយសារតែ​បញ្ហាកេងប្រវ័ញ្ចផ្លូវភេទ និងការល្បួងតាមប្រព័ន្ធអនឡាញ ដោយសារតែ​ជនខិលខូច​តែងតែព្យាយាមទាញយកប្រយោជន៍តាមបណ្តាញបច្ចេកវិទ្យា​នៅក្នុងពេលរាតត្បាតជាសកលនៃជំងឺ Covid-19 នេះ។

    ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ UNICEF ណែនាំឱ្យ អាណាព្យាបាល គួរនិយាយទៅកាន់កូនៗអំពីសុវត្ថិភាពអនឡាញដើម្បីធានាថាពួកគេបានយល់ពីវិធីសាស្រ្តក្នុងការ​បញ្ចៀសខ្លួនឯងកុំឱ្យ​ជនដែលមានបំណងមិនល្អដឹងពីទីតាំង ឬសកម្មភាពប្រចាំថ្ងៃ។ ចំណុចបន្ទាប់គឺគួរស្វែងយល់ពី​ឧបករណ៍​រក្សាសុវត្ថិភាពតាមអនឡាញ ដើម្បី​ការពារកូនៗឱ្យជៀសផុតពីការល្បួង ឬការបោកបញ្ឆោតតាមរយៈអនឡាញ។ បន្ថែមពីលើនេះអាណាព្យាបាលគួរស្វែងយល់ពីហានិភ័យ ដែលកុមារអាចជួបប្រទះនៅពេលប្រើប្រាស់អនឡាញ និងជួយតម្រង់ទិសក្នុងករណីដែលគេចូលទៅក្នុងតំបន់គ្រោះថ្នាក់ ឬមានសកម្មភាពណាដែលអាចប្រឈមនឹងគ្រោះថ្នាក់​ដោយសារតែបណ្តាញអនឡាញ។ ចុងក្រោយគឺអាណាព្យាបាល​ត្រូវតាមដានដើម្បីសម្គាល់ដឹងពីសញ្ញាពិបាកចិត្តដែលកើតឡើងពីការប្រើប្រាស់អនឡាញច្រើនហួសកម្រិត និងដឹងពីកន្លែងស្វែងរកជំនួយ​ដូចជា​ការប្រឹក្សាជាមួយសាលារៀន ឬគ្រូពេទ្យចិត្តសាស្ត្រជាដើម៕

  • ថៃ និងវៀតណាម អះអាងដូចគ្នាថា ទទួលបានជោគជ័យក្នុងការធ្វើតេស្ដគំរូបឋម វ៉ាក់សាំងកូវីដ-19

    ថៃ និងវៀតណាម អះអាងដូចគ្នាថា ទទួលបានជោគជ័យក្នុងការធ្វើតេស្ដគំរូបឋម វ៉ាក់សាំងកូវីដ-19

    ក្រសួងសាធារណៈសុខាភិបាលថៃ នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាជ្ញាធរសុខាភិបាលរបស់ខ្លួន បានបង្កើតភាពជឿនលឿន ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងមេរោគកូវីដ​-19 បន្ទាប់ពីការធ្វើតេស្ដគំរូបឋមក្នុងមន្ទីរពិសោធន៍ ដែលបានបង្ហាញលទ្ធផលជោគជ័យ។

    លោកវេជ្ជបណ្ឌិត Opas Karnkawinpong ជាអគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃក្រសួងសារធារណៈសុខាភិបាល របស់ប្រទេសថៃ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមអ្នកស្រាវជ្រាវថៃ បានចាក់គំរូវ៉ាក់សាំង DNA លើខ្លួនសត្វកណ្ដុរពិសោធន៍ជាច្រើនក្បាល ហើយបន្ទាប់មកបានធ្វើតេស្ដឈាមលើពួកវា ដើម្បីឱ្យដឹងថា តើកណ្ដុរទាំងនេះបានអភិវឌ្ឍអង្គបដិបក្ខប្រាណ ឬអង់ទីគ័រ ប្រឆាំងមេរោគដែរ ឬក៏យ៉ាងណា។

    វេជ្ជបណ្ឌិត Opas បានបន្ថែមទៀតថា ជាលទ្ធផល សត្វកណ្ដុរពិសោធន៍មានការអភិវឌ្ឍអង់ទីគ័រ ក្នុងកម្រិតមួយគួរជាទីគាប់ចិត្ត។

    ជំហានបន្ទាប់ គឺជាការធ្វើតេស្ដគំរូវ៉ាក់សាំងលើមនុស្ស ដើម្បីពិនិត្យមើលថា តើប្រព័ន្ធភាពសុំា មានប្រតិកម្ម ក្នុងកម្រិតដូចគ្នានឹងការធ្វើតេស្ដលើសត្វកណ្ដុរពិសោធន៍ដែរឬទេ?។ ម្យ៉ាងវិញទៀត បើទោះជាការអភិវឌ្ឍវ៉ាក់សាំងនៅក្នុងប្រទេសថៃ មិនមានភាពជឿនលឿនខ្លាំង ដូចនៅប្រទេសចិន សហរដ្ឋអាមេរិក និងនៅតាមបណ្ដាប្រទេសអឺរ៉ុបក៏ដោយ ក៏លោកនៅតែសង្ឃឹមដែរថា ក្រុមអ្នកវិទ្យាសាស្ត្រថៃ នឹងអភិវឌ្ឍវ៉ាក់សាំង COVID-19 មួយបាន ដែលនឹងមានភាពល្បីល្បាញគ្រប់ពេលវេលា។

    រី​ឯ​ វៀតណាម ​បាន​ប្រកាស​ថា ខ្លួនបាន​ធ្វើតេស្ត​វ៉ាក់សាំង​ប្រឆាំង​កូវីដ-19 នៅ​លើ​​សត្វចិញ្ចឹមប្រកប​ដោយ​ជោគជ័យ។ គម្រោង​បង្កើត​វ៉ាក់សាំង​នេះត្រូវបានបង្កើត​ឡើងរួមគ្នា រវាង​ក្រុមអ្នកវិទ្យាសាស្ត្រនៅក្រុមហ៊ុន​បង្កើត​វ៉ាក់សាំង ​វ៉ាប៊ីអូថិច (VABIOTECH) និងសហការី​មកពីសាកលវិទ្យាល័យ ប្រ៊ីស្តូល (Bristol) តាំងពី​ប្រទេសវៀតណាម បាន​រក​ឃើញ​ករណី​ឆ្លងជំងឺ​កូវីដ​-19 លើក​ដំបូង​មកម្ល៉េះ​។

    ក្រុមអ្នកវិទ្យាសាស្ត្រ​បានទទួលជោគជ័យ​ក្នុងការបង្កើត​សារធាតុ​អង់ទីគ័រ នៅក្នុងមន្ទីរ​ពិសោធន៍​ដែលត្រូវ​បានគេចាត់​ទុកថា ជាគ្រឿង​ផ្សំដ៏សំខាន់បំផុត​ក្នុងការផលិតបាននូវ​វ៉ាក់សាំងនេះ​។

    ​លោក Mac Van Trong អ្នកវិទ្យាសាស្ត្រ​នៅក្រុមហ៊ុន វ៉ាប៊ីអូថិក និង​នៅក្រសួងសុខាភិបាល វៀតណាម បាននិយាយថា ពួក​គេបានជោគជ័យ​ក្នុងការបង្កើត​សារធាតុមួយ​ចំនួនដែលឈាន​ដល់ការបង្កើត​វ៉ាក់សាំង​ដែលពួកគេបាន​ធ្វើតេស្តនៅលើខ្លួន​សត្វដោយជោគជ័យ​។

    មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា វ៉ាក់សាំងនេះ​ បាននិងកំពុង​ធ្វើតេស្តនៅលើសត្វ​កណ្ដុរ​ដើម្បីពិនិត្យ​ពីលទ្ធភាព​របស់វ៉ាក់សាំង​នេះក្នុងការបង្កើត​អង់ទីគ័រការពារវីរុសកូរ៉ូណាប្រភេទថ្មីនេះ ​ហើយ​គេត្រូវរង់​ចាំមើលលទ្ធផល​នេះរយៈពេល 2-3សប្ដាហ៍ទៀត​មុនពេលធ្វើតេស្តនៅ​លើខ្លួនមនុស្ស​៕

    ប្រភព៖ https://www.nationthailand.com/news/30387391

    https://e.vnexpress.net/news/news/vietnam-tests-covid-19-vaccine-on-mice-4093317.html

  • ក្រុមអ្នកជំនាញ ប្រាប់ពីវិធីសាស្ត្រ ធ្វើឱ្យលេខសម្ងាត់ ពិបាកស្មាន ដើម្បីការពារពីពួក Hacker

    ក្រុមអ្នកជំនាញ ប្រាប់ពីវិធីសាស្ត្រ ធ្វើឱ្យលេខសម្ងាត់ ពិបាកស្មាន ដើម្បីការពារពីពួក Hacker

    ដោយសារមានជនខិលខូចមួយចំនួន បាននិងកំពុងរិះរកល្បិចកលដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងលួចចូលក្នុងគណនីផ្សេងៗ ស្របពេលដែលមនុស្សទូទាំងពិភពលោក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងនឹងការរាតត្បាតរបស់ជំងឺ កូវីដ-19 នោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើ (រក្សាទុក) លេខសម្ងាត់ (Password) ក្នុងប្រព័ន្ធឌីជីថល។

    ថ្វីបើគេហទំព័រ និងកម្មវិធីភាគច្រើនសព្វថ្ងៃនេះផ្តល់នូវការការពារសុវត្ថិភាពបន្ថែមក៏ដោយ ក៏ជនខិលខូចនៅតែព្យាយាមវាយសាកល្បងលេខសម្ងាត់របស់អ្នក ឬរំលងប្រព័ន្ធសុវត្ថិភាពនៅក្នុងគេហទំព័រ ដើម្បីពួកគេអាចចូលទៅផ្លាស់ប្តូរទិន្នន័យក្នុងគណនីរបស់អ្នកបញ្ជាទិញទំនិញ ខ្ចីលុយ ឬពួកគេនឹងរក្សាទុកទិន្នន័យរបស់អ្នកដើម្បីប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតណាមួយ។

    ខាងក្រោមនេះ គឺជាវិធីសាស្ត្រដែលធ្វើឱ្យលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីរបស់លោកអ្នក ៖

    1- លេខសម្ងាត់ត្រូវមានយ៉ាងតិច 10ខ្ទង់ (at least 10 digits)

    2- មានបញ្ចូលជា តួអក្សរ តូច-ធំ ជាលេខ និងជាសញ្ញាលាយគ្នា ex: p@$$GOand$ — “Pass Go and $” ។

    3- កុំប្រើព័ត៌មានផ្ទាល់ខ្លួន មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខផ្ទះ លេខទូរស័ព្ទ ជាលេខសម្ងាត់ ជាដើម។

    4- សម្រាប់អ្នកមានគណនីច្រើន សូមចៀសវាងប្រើលេខសម្ងាត់ដូចៗគ្នា។

    5- ប្រសិនបើលោកអ្នកឱ្យហាងទូរស័ព្ទបង្កើតលេខសម្ងាត់ឱ្យ លោកអ្នកត្រូវប្ដូរ លេខសម្ងាត់ចាស់ចោលឱ្យបានឆាប់បំផុត។

    6- សូមកុំរក្សាទុក (Save) លេខសម្ងាត់ក្នុងកំព្យូទ័រ ឬទូរស័ព្ទ

    7- សូមកុំចុចលើតំណភ្ជាប់ (ឬវាយបញ្ចូលលេខសម្ងាត់) ដែលលោកអ្នកបានទទួលតាមរយៈ អ៊ីមែល ឬសារ ដោយពុំបានស្នើសុំ៕

     

    ប្រភព៖ ​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    https://www.facebook.com/anti.cyber.crime.department/photos/a.1380644988671773/2818461194890138/?type=3&theater

  • Hacker បង្កប់មេរោគលើកម្មវិធីទាំងនេះ ដើម្បីលួចយក Password កម្មវិធីធនាគារក្នុងទូរស័ព្ទ

    Hacker បង្កប់មេរោគលើកម្មវិធីទាំងនេះ ដើម្បីលួចយក Password កម្មវិធីធនាគារក្នុងទូរស័ព្ទ

    កម្មវិធី​ដែល​ជា​មុខ​សញ្ញា​ មាន​ដូច​ជា PayPal Business, Revolut, Barclays, UniCredit, CapitalOne UK, HSBC UK, Santander UK, TransferWise, Coinbase និង paysafecard ត្រូវ​បាន​ក្រុម​សុវត្ថិភាព​លើ​អ៊ីនធើណិត​​ Cybereason Noctornus ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​លើ EventBot ដែល​ជា​មេរោគ​​ប្រភេទ​ថ្មី​មួយ​លើ​ស្មាតហ្វូន​ Android ដែលបាន​លេច​មុខក្នុង​អំឡុង​ខែ​មីនា ​ឆ្នាំ2020 នេះ​។

    EventBot គឺ​ជា​មេរោគ Mobile Banking (ធនាគារ​លើ​ទូរសព្ទ​ដៃ) និង​ជា​អ្នក​លួច​យក​ព័ត៌មាន​ ដែល​អាច​លួច​យក​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ពី​កម្មវិធី​ហិរញ្ញវត្ថុ អាច​ចូល​អាន​សារ​ SMS របស់​អ្នក​ប្រើ​ប្រាស់ និង​លួច​យក​សារ SMS ដែល​អាច​ឱ្យ​វា​ទម្លុះ​ប្រព័ន្ធ​សុវត្ថិភាព Two-Factor Authentication ចូលបាន។

    ​​​​EventBot នេះ​គួរ​ឱ្យ​​ចាប់​អារម្មណ៍​ ដោយ​សារ​វា​ទើប​តែ​មាន​ថ្មីថ្មោង។ EventBot នេះ​ដាក់​គោលដៅ​វាយ​ប្រហារ​កម្មវិធី​ហិរញ្ញវត្ថុ​ជាង 200ប្រភេទ​ខុសៗ​គ្នា រួម​មាន​កម្មវិធី​ធនាគារ, កម្មវិធី​ផ្ទេរ​ប្រាក់ និង​កម្មវិធី​រូបិយប័ណ្ណ​អេឡិចត្រូនិក (Crypto-Currency) ។ មេរោគ​ថ្មី​នេះ​ដែរ ​គឺ​មាន​សក្ដានុពល​អាច​ក្លាយ​ជា​មេរោគ​ទូរស័ព្ទ​ដ៏​ធំ​មួយ ដោយ​សារ​តែ​វា​មាន​ការ​អភិវឌ្ឍ​ឱ្យ​ល្អ​ប្រសើរឡើង​យ៉ាង​ទៀង​ទាត់។

    សូមជម្រាប​ជូន​ដែរ​ថា ប្រភព​ពី​វេបសាយ​ជំនាញ​ Cybereason Noctornus ​ក៏​បាន​ណែនាំ​ 6ចំណុច​ដើម្បី​អាចចៀស​ផុត​ពី​មេរោគ​ថ្មី​នេះ​បាន៖

    -ត្រូវ​អាប់​ឌែត​ទូរស័ព្ទ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​នៃ​​ប្រព័ន្ធ​ប្រតិបត្តិការ ត្រូវ​ដំណើរ​ការ​មុខងារ​ Google Play Protect ជាប់ជានិច្ច។

    -មិន​ត្រូវ​ទាញ​យក​កម្មវិធី​ពី​ប្រភព​ដែល​មិន​ច្បាស់​លាស់ និងមិនមាន​ការ​ទទួល​ស្គាល់​ផ្លូវ​ការ។

    -កម្មវិធី​ Android ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់​ ភាគ​ច្រើន​គឺ​មាន​តែ​នៅ​លើ Google Play Store ប៉ុណ្ណោះ។ ត្រូវ​ធ្វើ​ការ​គិតគូរ​ឱ្យ​ច្បាស់​លាស់ នៅ​ពេល​ផ្ដល់​សិទ្ធិ​ដល់​កម្មវិធី​ណា​មួយ។

    -នៅ​ពេល​កើត​មាន​ការ​សង្ស័យ​ លោកអ្នក​អាច​ឆែក​មើល​​មេរោគ​នៃ File APK តាម​រយៈ​វេបសាយ​ដូច​ជា VirusTotal មុន​ការ​ដំឡើង​វា​លើ​ទូរស័ព្ទ។

    -ប្រើ​ប្រាស់​កម្មវិធី​​ការពារ​ការ​វាយ​ប្រហារ​លើ​ទូរស័ព្ទ ដើម្បី​ពង្រឹង​សុវត្ថិភាព​ឱ្យ​កាន់​តែ​ខ្ពស់ឡើង៕

     

    ប្រភព៖ https://www.news18.com/news/tech/eventbot-malware-can-steal-banking-data-from-your-android-phone-how-to-stay-safe-2600821.html

    https://www.cybereason.com/blog/eventbot-a-new-mobile-banking-trojan-is-born

  • វិធីវាយប្រហារ 8 ពី Hacker ចំណាំបន្លំបោកបញ្ជោត ឬក្លែងបន្លំអំឡុងពេលផ្ទុះកូវីដ-19

    វិធីវាយប្រហារ 8 ពី Hacker ចំណាំបន្លំបោកបញ្ជោត ឬក្លែងបន្លំអំឡុងពេលផ្ទុះកូវីដ-19

    ក្នុងពេលដែលមានការឆ្លងរាលដាលនៃមេរោគCOVID-19 គេសង្កេតឃើញថា មានការកើនឡើងនៃការវាយប្រហារបែប Phishing។ ផ្នែកមួយនៃការបង្ការ Phishing Attack គឺការសិក្សារយល់ដឹងពីប្រភេទ ឬតិចនិកនៃការធ្វើ Phishing Attack :

    1. Spear Phishing ខុសពី Phishing ធម្មតាត្រង់ថា ការវាយប្រហារសំដៅទៅបុគ្គលណាម្នាក់ ឬគោលដៅណាមួយចំៗ។ ឧក្រិដ្ឋជននឹងសិក្សាលម្អិតទុកជាមុន អំពីគោលដៅរងគ្រោះ ដើម្បីបង្កើនភាពជោគជ័យនៃការវាយប្រហាររបស់ពួកគេ។
    1. Email/Spam គឺជាប្រភេទដែលត្រូវបាននិយមប្រើជាងគេ។ ជនដែលមាន បំណងអាក្រក់ នឹងធ្វើការផ្ញើសារអេឡិចត្រូនិកឧទាហរណ៍ (email )ជាច្រើនសារ ទៅមនុស្សច្រើនផ្សេងៗគ្នា ហើយបន្លំខ្លឹមសារអត្ថន័យឱ្យមានសភាពបន្ទាន់ ទាមទារឱ្យជនរងគ្រោះត្រូវតែបំពេញឯកសារផ្តល់នូវព័ត៌មានសំខាន់ផ្សេងៗ។
    2. Web Based Delivery ប្រភេទនេះនិយមកើតឡើងជាទម្រង់ (man-in-the-middle) ដែលបានន័យថា ជនខិលខូចបានដើរតួជាជនកណ្តាល ដែលនៅចន្លោះរវាងគេហទំព័រពិត និងអ្នកប្រើប្រាស់គេហទំព័រនោះ ដោយជនខិលខូចនោះអាចលួចទាញយកព័ត៌មាន ឬទិន្នន័យសំខាន់ផ្សេងៗ ដែលអ្នកប្រើប្រាស់ប្រើសម្រាប់ទាក់ទងទៅវិញទៅមក ជាមួយគេហទំព័រពិត ដោយមិនឱ្យអ្នកប្រើប្រាស់ដឹងខ្លួនឡើយ។
    3. Vishing (Voice Phishing) ការបោកបញ្ឆោតយកពត៌មានសំខាន់តាមរយ:ការ Call តាមទូរស័ព្ទ។
    4. Smishing (SMS Phishing) ជាការក្លែងបន្លំសារតាមទូរស័ព្ទ ដែលបញ្ឆោត ឱ្យម្ចាស់ទូរសព្ទ័ ចុចលើ link ដែលចូលទៅកាន់គេហទំព័រក្លែងបន្លំ ហើយផ្តល់ព័ត៌មានសំខាន់ផ្សេងៗ៕
    5. Link Manipulation ហេគឃ័រនឹងផ្ញើ link ដែលនាំឆ្ពោះទៅកាន់គេហទំព័រក្លែងក្លាយ (malicious website) ទៅអ្នកប្រើ។ ពេលដែលអ្នកទទួលបាន link បន្លំនេះហើយចុចវានោះ វានឹងបង្ហាញគេហទំព័រក្លែងក្លាយនោះដល់ជនរងគ្រោះ។
    6. Malvertising គឺជាការប្រើផ្ទាំងផូស្តផ្សាយពាណិជ្ជកម្ម (malicious advertising pop-up) ដែលនឹងទៅទាញយកកម្មវិធីមេរោគ (malware) នៅពេលត្រូវបានចុច ហើយអនុញ្ញាតឱ្យឧក្រិដ្ឋជន អាចអនុវត្តវិធីជាបន្តបន្ទាប់ ដើម្បីលួចយកទិន្នន័យសម្ងាត់ផ្សេងៗ។
    7. Phishing through Search Engines ការធ្វើឱ្យគេហទំព័រក្លែងបន្លំ បង្ហាញជាខ្លួន ជាលទ្ធផលនៃការស្វែងរក(search) នៅលើ search engine ដូចជា Google Search Engine ឬ Yahoo Search Engine។ ដែលគេហទំព័រទាំងនេះប្រើការបញ្ចុះតម្លៃផលិតផល ឬការផ្តល់កម្ចីសម្រាប់ទិញទំនិញ online ក្នុងការប្រាក់ទាប ជាដើម។

    ឧក្រិដ្ឋជននឹងចាប់យកទិន្ន័យ credit card ឬទិន្នន័យផ្សេងៗ ពេលជនរងគ្រោះចាញ់បោក ហើយប្រើប្រាស់សេវាកម្មផ្សព្វផ្សាយទាំងនោះ។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច!!!៕

    ប្រភព៖ https://us.norton.com/internetsecurity-online-scams-coronavirus-phishing-scams.html

  • សហរដ្ឋ​អាមេរិក ចេញច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ មិន​ឱ្យ​ប្រើ​ប្រាស់​ឧបករណ៍​បច្ចេក​វិទ្យា​របស់ក្រុម​ហ៊ុន​ចិន Huawei

    សហរដ្ឋ​អាមេរិក ចេញច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ មិន​ឱ្យ​ប្រើ​ប្រាស់​ឧបករណ៍​បច្ចេក​វិទ្យា​របស់ក្រុម​ហ៊ុន​ចិន Huawei

    ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក លោក Donald Trump កាល​ពី​ម្សិល​មិញ បាន​ចេញ​ច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ក្នុង​ប្រទេសនេះ ​មិន​ឱ្យ​យក​​ប្រាក់​ជំនួយ​របស់​រដ្ឋា​ភិបាល​ ទៅ​ទិញ​ឧបករណ៍​បច្ចេក​វិទ្យា​ពី​ក្រុម​ហ៊ុនចិន​ Huawei។

    ទន្ទឹម​នឹង​ Huawei ច្បាប់​នេះ​ក៏​ហាម​ក្រុម​ហ៊ុន​ទូរគមនាគមន៍​នៅ​សហ​រដ្ឋ​អាមេរិក​ ទិញ​ឧបករណ៍​ពី​បណ្ដា​ក្រុម​ហ៊ុន​ផ្សេង​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា​ជា “ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ​ជាតិ​”។

    ច្បាប់​នេះ​ក៏បាន​ស្នើ​ឱ្យ​គណៈ​កម្មការ​​ទូរគមនាគមន៍​សហ​រដ្ឋ FCC (Federal Communications Commission) បង្កើត​កម្ម​វិធី​ជំនួយ​ដល់​បណ្ដា​ក្រុមហ៊ុន​អ៊ីនធើណិត​តូច​ៗផងដែរ​។ ក្រុម​ហ៊ុន​តូច​ទាំង​នោះ នឹង​ទទួល​បាន​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​ បើសិន​ពួកគេ​យល់​ព្រម​បោះ​បង់​ឧបករណ៍​ ឬ​សេវា​កម្ម​របស់​ចិន​ ​ដែល​ត្រូវ​បាន​ហាមដោយ​អាមេរិក​​ ចេញ​ពី​ប្រព័ន្ធ​ទូរគមនា​គមន៍​។

    កាល​ពី​ថ្ងៃទី​27មីនា សភាជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ បាន​បោះ​ឆ្នោត​យល់​ព្រមទម្លាក់​កញ្ចប់​ថវិកាជំនួយ​ ចំនួន​1ពាន់​លាន​ដុល្លារ​ សម្រាប់​ក្រុម​ហ៊ុន​ទូរគមនា​គមន៍​ណា​ដែលមិន​ប្រើ​ប្រាស់​ឧបករណ៍​ដែល​ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុន ចិន Huawei និង ZTE។ កញ្ចប់​ជំនួយ​នេះ នឹង​ប្រើ​ប្រាស់​ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​អ៊ីនធើណិត​តូច​ៗ ដែល​កំពុង​ធ្វើ​សកម្ម​ភាព​នៅ​តាម​តំបន់​ជនបទ​ នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន SCMP។

    សមាគម​ទូរគមនា​គមន៍​មិន​ប្រើ​ខ្សែនៅ​ជនបទ​​របស់សហរដ្ឋ​​អាមេរិក​ RWA (Rural Wireless Association) បាន​សរសើរ​អំពី​កាយ​វិការ​នេះរបស់​សភាជាន់​ខ្ពស់​ ប៉ុន្តែ សមាគមនេះ​យល់​ថា 1ពាន់​លាន​ដុល្លារ​ គឺ​វា​ “មិន​សម​ស្រប​” នោះ​ទេ​។ នេះ​បើ​តាម​សារ​ព័ត៌មាន Reuters។

    បច្ចុប្បន្ន ក្រុមហ៊ុន​ទូរគមនា​គមន៍​ជា​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក បាន​បំពាក់​ឧបករណ៍​ផ្សេង​ៗ​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន Huawei និង​ ZTE ដោយ​សារ​តែវា​មាន​តម្លៃ​ទាប។ ប៉ុន្តែ ឧបករណ៍​ទាំង​នោះ​ ភាគ​ច្រើន ត្រូវ​បានបំពាក់​តាំង​ពី​ប៉ុន្មាន​ឆ្នាំមុន​​មក​ហើយ​។

    សេត​វិមាន​ ធ្លាប់​បាន​លើក​ឡើង​ និង​សង្ស័យ​ថា Huawei បាន​ប្រើ​ប្រាស់​បណ្ដាញ​ទូរគមនា​គមន៍​ដើម្បី​បើក​ដៃ​ឱ្យ​រដ្ឋា​ភិបាល​ចិន​ ធ្វើ​សកម្ម​ភាព​ចារ​កិច្ច​។ រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ក៏មាន​ការព្រួយ​បារម្ភ ​ខ្លាច​ក្រុម​ហ៊ុន​ចិន​នឹង​ “បង្កការ​​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​” បើ​សិន​ជា​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យដំឡើង​ប្រព័ន្ធ​ 5G នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក។ ប៉ុន្តែ ក្រុមហ៊ុន​ Huawei តែង​តែ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • Facebook ប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​(AI) ដើម្បី​កែប្រែ​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D

    Facebook ប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​(AI) ដើម្បី​កែប្រែ​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D

    Facebook បាន​ឱ្យ​ដឹង​ថា អ្នក​លេង​​បណ្ដាញ​សង្គម​ដែល​ប្រើ​ស្មាត​ហ្វូន​កាមេរ៉ា​តែ​មួយ​គ្រាប់​ ក៏អាច​បង្ហោះ​រូប​ថត​ 3D នៅ​លើ​បណ្ដាញ​សង្គម​នេះ​បាន​ដែរ​។

    ក្រុម​ហ៊ុន Facebook បាន​បន្ថែម​មុខ​ងារ​ 3D Photo តាំង​ពី​ឆ្នាំ​2019 ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​ភ្លោះ ចែក​រំលែក​រូប​ថត​​ដែល​អាច​មើល​ឃើញ​​ជម្រៅ​បរិយា​កាស​ក្នុង​រូប​ថត​ ដោយ​យោង​ទៅ​លើ​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ ដែល​គេ​ហៅ​ថា AI។ កាល​ពី​ចុងខែ​កុម្ភៈ នៅ​លើ​ blog របស់​ខ្លួន​ Facebook បាន​អះអាង​ថា នឹង​អនុញ្ញាត​ឱ្យ​អ្នក​លេង​ Facebook ដែល​ប្រើ​ស្មាតហ្វូន​កាមេរ៉ា​តែ​មួយគ្រាប់ អាច​ប្រើ​ប្រាស់​កម្ម​វិធី​ 3D Photo នេះ​បាន​។

    ដោយ​ប្រើ​បច្ចេក​វិទ្យា​ Machine Learning និង​ AI ក្រុម​ហ៊ុន Facebook ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ម៉ាស៊ីន​របស់ខ្លួន​មាន​សមត្ថ​ភាព​បង្កើត​​រចនា​សម្ព័ន្ធ​​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D​ បាន​ដោយ​ងាយ​។

    “ការ​ពង្រីក​មុខ​ងារ​នេះ អនុញ្ញាត​​ឱ្យ​បច្ចេក​វិទ្យា​រូប​ភាព​ 3D ក្លាយ​ជា​មុខ​ងារពេញ​និយម​មួយដែល​មនុស្ស​រាប់​លាន​នាក់​​កំពុង​ប្រើ​ស្មាតហ្វូន​ និង​ថេប្លេត​កាមេរ៉ា​តែ​មួយ​គ្រាប់ អាច​ប្រើ​ប្រាស់​បាន​គ្រប់​គ្នា​។ វា​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ ទស្សនា​រូប​ភាព​ចាស់​ៗ កាល​ពី​ជំនាន់​ដើម ទៅ​តាម​របៀប​មើល​ថ្មី​” នេះ​ជា​ការ​លើក​ឡើង​របស់​ Facebook។

    កន្លង​មក ស្មាតហ្វូន​ Google Pixel ឬ​កម្ម​វិធី LucidPix (ត្រូវ​បង់​ថ្លៃ​សេវា​កម្ម) ក៏​អាច​ប្រែក្លាយ​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D បាន​ដែរ​។ ប៉ុន្តែ​ប្រការ​ដែល​ខុស​គ្នា​នោះ​គឺថា Facebook គឺជា​បណ្ដាញសង្គមមួយ​​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ចំនួន​ 2,7​ពាន់​លាន​នាក់​ ដូច្នេះ​ វា​មាន​ន័យថា បច្ចេក​វិទ្យា​ 3D Photo នេះ​ នឹង​មាន​គេ​ប្រើ​ច្រើន​ជាង​មុន​ ហើយ​មិន​បាច់​បង់​ថ្លៃ​ទៀត​ផង។

    ​ទោះ​ជា​មិន​ទាន់​បាន​ល្អ​ដូច​ចិត្ត ប៉ុន្តែ បើ​តាម​ Petapixel លទ្ធ​ផល​នៃ​ការ​ប្ដូរ​រូប​របស់​ 3D Photo នៅលើ​ Facebook គឺ “ពិត​ជា​គួរឱ្យ​ជឿ​ជាក់​ណាស់​”។ មុខ​ងារ​នេះ​នឹង​ត្រូវ​ Facebook ដាក់​ឱ្យ​ប្រើ​ប្រាស់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ សម្រាប់​អ្នក​ដែល​ប្រើ​ Facebook នៅ​លើ​ស្មាត​ហ្វូន​ iOS ចាប់​ពី​ iPhone 7 ឡើង​ទៅ​ ឬ​ស្មាតហ្វូន​ Android ចាប់​ពី​ប្រភេទ​មធ្យម​ឡើង​ទៅ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • បុគ្គលិក​ក្រុម​ហ៊ុន Google មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19

    បុគ្គលិក​ក្រុម​ហ៊ុន Google មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19

    បុគ្គលិក​ម្នាក់​របស់​ក្រុម​ហ៊ុន​ Google នៅ​ទីក្រុង Zurich ត្រូវ​បាន​គេ​រកឃើញ​ថា មា​ន​ផ្ទុក​វីរុស​កូរ៉ូណា​ Covid-19 ប៉ុន្តែ​ការិយា​ល័យ​​របស់​ក្រុម​ហ៊ុន​នេះ​មិន​បាន​បិទ​ទ្វារ​នោះទេ​។

    “យើង​ទទួល​ស្គាល់​ថា បុគ្គលិក​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថាមាន​ផ្ទុក​មេរោគ​កូរ៉ូណា​។ បុគ្គលិក​ម្នាក់​នេះ​​ ធ្លាប់​ធ្វើ​ការ​នៅ​ឯការិយាល័យរបស់​ Google ក្នុង​ទី​ក្រុង​ Zurich មួយ​រយៈ​ពេល​ខ្លី​ មុន​ពេល​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​។ យើង​កំពុង​ និង​បន្ត​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ទៅ​តាម​ការ​ណែនាំ​របស់​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខា​ភិបាល​ ក៏ដូចជា​ផ្ដល់អាទិភាព​ចំពោះ​សុវត្ថិ​ភាព​ និង​សុខ​ភាព​របស់​អ្នក​រាល់​គ្នា​” នេះ​គឺជា​ការ​ឆ្លើយ​តប​របស់​អ្នក​នាំពាក្យ​នៃ​ក្រុម​ហ៊ុន​ Google ចំពោះ​សំណួរ​របស់​​ភ្នាក់​ងារ​សារ​ព័ត៌មាន​ CNBC។

    ការិយាល័យ​ Google នៅ​ឯ​ទីក្រុង zurich ប្រទេស​ស្វីសដែល​មាន​បុគ្គលិក​ជាង​2,000​នាក់ នៅ​តែ​បន្ត​ធ្វើ​ការ​ដូច​ធម្មតា ហើយ​ករណី​បុគ្គលិក​ឆ្លង​មេរោគ​កូរ៉ូណា​នេះ ត្រូវ​បានក្រុម​ហ៊ុន​ជូន​ដំណឹង​ទៅ​កាន់​បុគ្គលិក​ទាំង​អស់​របស់​ Google តាម​រយៈ​ការ​ផ្ញើ​សារ​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​យក្សមួយ​នេះ​ក៏​កំពុង​តែ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​ដែល​កំពុងត្រូវ​​រាត​ត្បាត​ដោយ​អាសន្ន​រោគ​ Covid-19 មាន​ដូចជា​ប្រទេស​អ៊ីរ៉ង់ អ៊ីតាលី កូរ៉េខាង​ត្បូង និង​ជប៉ុន​ជា​ដើម​។ មុន​នេះ​ Google ក៏បាន​ហាម​មិន​ឱ្យ​បុគ្គលិក​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន លើក​លែង​តែ​អ្នក​ដែល​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​។

    បណ្ដា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​អន្តរ​ជាតិធំ​ៗ​​ជា​ច្រើន​ដែល​មាន​បុគ្គលិក​រាប់​ម៉ឺន​នាក់នៅ​ទូទាំង​ពិភពលោក កំពុងមាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​ នៅ​ពេល​ដែល​អាសន្នរោគ​បាន​ឆ្លង​រាល​ដាល​ដល់​​ប្រទេស​ជាង​50​ក្នុង​ពិភព​លោក។ ក្រុម​ហ៊ុន Google បច្ចុប្បន្ន មាន​បុគ្គលិក​សរុប​ 120,000​នាក់​នៅ​ពាសពេញ​ពិភពលោក​។ ចំណែក​ក្រុម​ហ៊ុន Amazon ដែ​លមាន​បុគ្គលិក 800,000​​នាក់ ក៏បាន​កាត់​បន្ថយ​បុគ្គលិក​ដែល​ធ្វើ​ដំណើរ​ទៅ​អាមេរិក បើ​សិន​មិន​មាន​ការ​ចាំបាច់ខ្លាំង​ ហើយ​ក៏​បាន​ហាម​បុគ្គលិក​របស់​ខ្លួន មិន​ឱ្យ​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ​ រហូត​ដល់​មាន​ការ​ប្រកាស​ជូន​ដំណឹង​ថ្មី​។

    រីឯក្រុម​ហ៊ុន​បណ្ដាញ​សង្គម​យក្ស Facebook ក៏បាន​លុប​ចោល​គម្រោង​ព្រឹត្តិការ​ណ៍ធំបំផុតប្រចាំ​ឆ្នាំសម្រាប់​ក្រុម​អ្នក​អភិវឌ្ឍ​​របស់​ខ្លួន ដែល​តែង​តែ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​ឧសភា​ ដោយ​សារ​តែ​មាន​ការ​ភ័យ​ខ្លាច​អំពី​អាសន្ន​រោគ​ Covid-19។ ចំណែក​ Goolge ក៏បាន​ផ្អាក​ព្រឹត្តិការ​ណ៍ Global News Initiative ដែល​ជា​សិក្ខា​សាលា​ដ៏​ធំ​មួយ​របស់​ខ្លួន​នៅ​ចុង​ខែ​មេសា​ខាង​មុខ​។ មុន​នេះ ពិព័រណ៍​ទូរស័ព្ទ​ចល័ត​លំដាប់​ពិភពលោក(MWC) ក៏​មិន​អាច​កើត​មាន​ឡើង​នៅ​ចុង​ខែ​កុម្ភៈ​ដូច​សព្វ​មួយ​ដង​ ដោយ​សារ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ជា​ច្រើន​មិន​អាច​ចូល​រួម​បាន​ ព្រោះ​តែ​អាសន្នរោគ​កូរ៉ូណា Covid-19៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចិន​ប្រើ​ប្រាស់​មួក​សុវត្ថិ​ភាព​ឆ្លាតវៃ (AI helmets) ដើម្បី​ទប់​ស្កាត់​អាសន្ន​រោគ​ Covid-19

    ចិន​ប្រើ​ប្រាស់​មួក​សុវត្ថិ​ភាព​ឆ្លាតវៃ (AI helmets) ដើម្បី​ទប់​ស្កាត់​អាសន្ន​រោគ​ Covid-19

    ប្រទេស​ចិន៖ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ បាន​ស្រាវជ្រាវ​ និង​បង្កើត​មួយ​សុវត្ថិ​ភាព​ឆ្លាតវៃ​​ដែល​អាចជួយ​សមត្ថ​កិច្ច​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ Covid-19។ នេះ​បើ​តាម​ Tech Times។

    ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ Kuang-Chi នៅ​ក្នុង​តំបន់​ Shenzhen បាន​ឧទ្ទេស​នាម​មួក​សុវត្ថិ​ភាព​ឆ្លាត​វៃ​មួយ​ប្រភេទ​ ដែល​អនុញ្ញាត​ឱ្យស្កេនរហ័សដើម្បី​​​ស្វែង​រក​​​អ្នក​ដែល​មាន​កម្ដៅ​ខ្លួន​ខ្ពស់​នៅ​ក្នុង​ហ្វូង​មនុស្ស​ ដែល​នេះ​ជួយ​ឱ្យ​សមត្ថ​កិច្ច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​របស់​មេរោគ​​កូរ៉ូណា​។ ក្រៅ​ពី​នេះ មួក​សុវត្ថិ​ភាព​ឆ្លាត​វៃ​ AI helmets
    នេះក៏​អាច​ស្កេន​ QR កូដ និង​ស្គាល់ ឬ​ចំណាំ​ផ្ទៃ​មុខ​មនុស្ស​ក្នុង​រយៈ​ចម្ងាយ​5ម៉ែត្រ​ផងដែរ។ មួក​នេះ​ក៏​មាន​បំពាក់​បច្ចេក​វិទ្យា​ 5G Wi-Fi និង Bluethooth ព្រម​ទាំងមាន​​ភ្ជាប់​វ៉ែនតា​ VR(virtual reality)​ ទៀត​ផង។

    ផលិត​ផល​របស់ Kuang-Chi បាន​បង្ហាញ​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​2019 ប៉ុន្តែ វា​ទើប​តែ​​ត្រូវ​បាន​ប្រើ​ប្រាស់​​ច្រើន​នៅ​ក្នុង​តំបន់​សៀង​ហៃ និង​បណ្ដា​ទីក្រុង​មួយ​ចំនួន​ទៀត​របស់​ចិន​។ នេះ​គឺជា​ផលិត​ផល​​មួយ​ក្នុង​ចំណោម​ផលិត​ផល​ដែល​ទទួល​បាន​ជំនួយ​ពី​រដ្ឋា​ភិបាល​ចិន​។

    ក្រុម​ហ៊ុន​មួយ​ចំនួន​ផ្សេង​ទៀត​របស់​ចិន ក៏​កំពុង​តែស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​ផលិត​ផល​ដែល​អាច​ស្កេន​កម្ដៅ​ខ្លួន​ដោយ​ប្រើ​ពេល​ខ្លី​បំផុត​។ ប្រព័ន្ធ​ស្វែង​រក​អ្នក​ដែល​មាន​កម្ដៅ​ខ្លួន​ខ្ពស់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ Baidu និង Megvii នេះ កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​តាម​ស្ថានីយ​រថ​ភ្លើង​ក្រោម​ដី​ក្នុង​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស